វិភាគ​រឿង​ស្នេហា​រវាង​ទុំ​នឹង​ទាវ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​មីនា ឆ្នាំ 2013 បញ្ចេញមតិ Go to comments

ទុំ​ទាវ

រឿង​ទុំ​ទាវ​ជា​រឿង​ដែល​ខ្មែរ​គ្រប់​រូប​ចេះ​ចាំ​ស្ទាត់​ហើយយក​មក​និយាយ​តៗ​គ្នាឥត​មាន​ដាច់​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។ បើ​តាម​អ្នក​ស្រាវ​ជ្រាវ​អក្សរ​សាស្រ្ត​រឿង​នេះ​គឺ​ជា​រឿង​ពិត​ដែល​កើត​មាន​ឡើង​នៅ​សម័យ​លង្វែក​គឺ​នៅ​សតវត្ស​ទី១៦ ទោះ​បី​រឿង​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​យក​មក​និយាយ​នៅ​ខេត្ត​ត្បូង​ឃ្មុំតាំង​ពីសម័យ​នោះ​មក​ក្តី ក៏​នៅ​ឆ្នាំ១៩១៥ គឺ​នៅ​ក្នុង​រាជ ហ្លួង​ ស៊ីសុវត្ថិ លោក​គ្រូ​ព្រះបទុមត្ថេរសោម ចៅ​អធិ​ការ​​​វត្ត​កំព្រៅ​ ស្រុក​​ស៊ី​ធរ​​កណ្តាល​ ខេត្ត​ព្រៃ​វែង បាន​យក​មក​រៀប​រៀង​ទុក​ជា​កេរ្តិ៍​ដំណែល​ដែរ គឺ​ជាវន្ត​កម្ម​អក្សរ​សិល្ប៍​មួយ​ដ៏​ល្អ​ប្រណីត​​សរសេរ​ជា​កាព្យ​ពាក្យ​ប្រាំ​ពីរ​ពី​ដើម​ដល់​ចប់។ នៅ​ឆ្នាំ​១៩៤២ ក្នុង​រាជព្រះ​បាទ​ នរោត្តម សីហនុ កវី​ នូកន បាន​យក​​សរសេរ​ម្តង​ទៀត ប៉ុន្តែ​បាន​ប្រែ​​ឈ្មោះ​ថារឿង​ ទាវឯក​ ដូច្នេះ​វិញ តាក់​តែង​ជា​កាព្យ​ពាក្យ​ប្រាំ​បី ​​រឿង​ទាវឯករបស់​ឧកញ៉ា វិបុលរាជសេនា​ នូកន ក៏​មាន​គេ​ស្គាល់​ច្រើន​​ណាស់​ដែរព្រោះ​មាន​ពន្លឺ​ថ្មី​ៗ​ជា​ច្រើន​ទៀត​។

បើ​តាម​លោក​ លី​ ថៀម​តេង​ កវី​សន្ធរ​ម៉ុក​ក៏បាន​និពន្ធ​រឿង​នេះ​ដែរ​ប៉ុន្តែ​ច្បាប់​ដើម​រក​ពុំ​ឃើញ​គឺ​គ្រាន់​តែ​ឃើញ​សំណៅ​​ខ្លះៗ​​រប៉ាត់​រប៉ាយ​​ហើយ​មិន​គ្រប់​គ្រាន់​។ ចំណែក​ឯ​បណ្ឌិត​ ឃីង ហុក​ឌី​ វិញ​នៅ​ក្នុង​មាលិបទ​អក្សរ​សិល្ប៍​ខ្មែរ​សតវត្ស​ទី១៩ របស់​លោក​នៅ​ត្រង់​ទំព័រ​២០០ លោក​គ្រាន់​តែ​បញ្ជាក់​ថា​នៅ​ឆ្នាំ​១៩៦០​ សាស្រ្តា​ចារ្យ​មួយ​ក្រុម​បាន​បោះ​ផ្សាយ​​រឿង​ទុំ​ទាវ​មួយ​ដែល​គេ​សន្និដ្ឋាន​ថា​​ជា​ស្នា​ដៃ​សន្ធរ​ម៉ុក​ ហើយ​ដែល​លោក ហង់​ ធន់ហាក់ បាន​សរសេរ​អំពី​ប្រវត្តិ​របស់​កវី​រូប​នេះ​នៅ​ក្នុង​ទំព័រ​ខាង​មុខ​។ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​ដំណើរ​រឿង​មិន​ខុស​ពី​គ្នា​ដែរ​ រី​ឯ​ការ​បក​ស្រាយ​សារៈ​នៃ​រឿង​ក៏​ប្រហាក់​ប្រហែល​គ្នា​ដែរ ​ទោះ​បីពុំ​ទាន់​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ប្រមាណ​​ក្តីមក​ទល់​សព្វ​ថ្ងៃ​នេះ។

ជា​ទូ​ទៅ​គេ​យល់​ថា​រឿង​ទុំ​ទាវ​នេះ​ជា​រឿង​ស្នេហា​ដ៏​ល្អ​បរិសុទ្ធ​រវាង​ទុំ​នឹង​ទាវ​ ព្រោះ​នៅ​ពេល​ដែល​ទុំ​ត្រូវ​ពួកអរជួន​​ ម៉ឺន​ងួន​យក​ទៅ​សម្លាប់​ចោល​ នាង​ទាវ​ក៏​សម្លាប់​​ខ្លួន​ទៅ​ជា​មួយ​ដែរ ដូច្នេះ​ឃើញ​ថា​សេចក្តី​ស្មោះ​ត្រង់​របស់​នាង​ទាវចំពោះ​ទុំ​ជា​ការ​មួយ​ដែល​គេ​ពុំ​អាច​ប្រកែក​បាន​។ រី​​ឯ​​បញ្ហា​ដែល​គេ​ចោទ​សួរ​គឺ​ថា តើ​នារី​ម្នាក់​ដែល​មាន​សេចក្តី​ស្នេហា​ដ៏​ធំធេង​ចំពោះ​បុរស​ម្នាក់​​អាច​រក្សា​បាន​ស្មារតី​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ចិត្ត​ម្តាយ​ហើយ​បោះ​បង់​បុរស​ជា​ទី​ស្នេហា​របស់​គេ​បាន​ទេ​?​ ជា​​ទូទៅ​សេចក្តី​ស្នេហា​គឺ​គ្រប់​ដណ្តប់​ទៅ​លើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្តែ​នៅ​ក្នុង​អរិយធម៌​ខ្មែរ​​​ទោះ​ស្នេហា​នោះ​មាន​ទំហំ​ធំ​ប៉ុណ្ណា​ក៏​ដោយ​ក៏​គេ​មិន​អាច​ឬ​មិន​ហ៊ាន​ប្រឆាំង​និងឪពុក​ម្តាយ​បាន​ដែរ។ ជា​ការ​ពិត​ហើយ​ដែល​ថា​សេចក្តី​ស្នេហា​​ទាវ​ចំពោះ​ទុំ​ជា​សេចក្តី​​ស្នេហា​ដ៏​ធំ​ ព្រោះ​នាង​ទាវ​ហ៊ាន​រួម​រ័ក្ស​ជា​មួយ​ទុំ​ដោយ​មិន​ឲ្យ​ម្តាយ​ដឹង​ ហើយ​នៅ​ពេល​នោះ​ទុំ​ទើប​នឹង​​ចាក់​សិក្ខា​​​បទ​​ដោយ​ចិត្ត​ឯង​ទៀត​ផង តាម​ការ​ពិត​ចំណុច​សំខាន់​ដែល​គេ​ពុំ​បាន​កត់​សម្គាល់​គឺ​ថា​នៅ​ពេល​នោះ​ឯង​​ជា​ពិសេស​នៅ​ពេល​ដែល​នាង​ទាវ​បាន​ឃើញ​ទុំ​ជា​លើក​ដំបូង​បង្អស់​ សេចក្តី​ស្នេហា​រវាង​អ្នក​ទាំង​ពីរ​ពិត​ជា​មាន​លក្ខណៈ​ខ្លាំង​អស្ចារ្យមែន​គឺ​លែង​គិត​ពី​អ្វី​ទៀត​ទាំង​អស់​ ប៉ុន្តែ​​​ក្រោយ​មក​គឺ​ក្រោយ​ពេលអ្ន​កទាំង​ពីរ​បាន​ត្រូវ​​ព្រះរាជា​រៀប​ការឲ្យ​ សេចក្តី​ស្នេហា​នោះ​ក៏បាន​បាត់ឥទ្ធិពល​បន្តិចម្តង​ៗ ដោយ​មិន​ដឹង​ខ្លួន​ដែរ។

នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិភាគ​មួយ​​តាម​លក្ខណៈ​វិទ្យា​សាស្រ្ត​​ហើយ​ដែល​យោង​ជា​និច្ច​ទៅ​តាម​អត្ថ​បទ​គេ​សង្កេត​ឃើញ​ថា​នៅ​ពេល​ជួប​​នាង​ទាវ​ម្តង​ទៀត​​នៅ​រាជ​វាំង​ នាង​ទាវ​មាន​ការ​ប្រែ​ប្រួល​ចិត្ត​បន្ថិច​ហើយ​ទុំ​ក៏​ទំនង​ជា​ច្រៀង​ដាក់​ផ្លែ​ផ្កា​​ឲ្យ​បន្ថិច​​ផង​ ចំ​ណែក​ឯ​ព្រះ​រាជា​​វិញព្រះ​អង្គ​ក៏​ពុំ​អាច​ដាក់​ខ្លួន​​ធ្វើ​ជា​គូរ​ប្រជែង​របស់​ទុំ​បាន​ដែរ។ ប៉ុន្តែ​នៅ​ទី​បំផុត​នាង​ទាវ​ក៏​សុខ​ចិត្តតម្រូវ​​តាម​ចិត្ត​ម្តាយ​ដោយ​រៀប​ការ​​ជា​មួយ​ ម៉ឺន​ងួន​ ពោល​គឺ​បោះ​បង់​ទុំ​ចោល​តែ​ម្តង​ ទាវ​នៅ​តែ​​ស្រឡាញ់​ទុំ​​ក៏ជា​ការ​ពិត​​ព្រោះ​ជា​បុរស​​ដែល​នាង​ស្គាល់​មុន​គេ​ហើយ​​ជា​បុរស​ដែល​នាង​បាន​ជ្រើស​រើស​ទៀត​ផង​ ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​ត្រូវ​យល់​ផង​ដែរដើម្បី​ជៀស​វាង​ការ​ភ័ន្ត​ច្រឡំ​​ទៅ​ថ្ងៃ​មុខ​អំពី​បញ្ហា​​អស់​ទាំង​នេះ​គឺ​ថា​សេចក្តី​ស្នេហា​របស់​នាង​ទាវ​ចំពោះ​ទុំ​​ក៏​បាន​ឈាន​មក​ដល់​ដំណាក់​កាល​ថ្មី​មួយ​ទៀត​ដែរ​ នៅ​ពេល​ដែល​ទាវ​ជួប​ទុំ​សារ​ជា​ថ្មី​ទៀត​នៅ​ក្នុង​វាំង។ រី​ឯ​បញ្ហា​ដែល​គេ​ត្រូវ​ចោទ​សួរ​បន្ទាប់​ពី​នេះ​​គឺ​ថា​ហេតុ​ដូចម្តេច​បាន​ជា​នាង​ទាវ​សុខ​ចិត្ត​ផ្តាច់​ខ្លួន​ចេញ​ពី​ទុំ​ផង​ ពី​ព្រះ​រាជា​ផង​ដូច្នេះ​ ពី​ព្រោះ​ថា​​ទាវ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​​ឲ្យ​ព្រះ​រាជា​ជួយ​ រី​ឯ​ទុំ​វិញនៅពេល​​ជួប​នាង​ទាវ​​​ពេល​ដែល​នាង​កំពុង​រៀប​មង្គល​ការ​​ជា​មួយ​ ម៉ឺន​ងួន ក៏​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ដែរ​ដើម្បី​ស្តារ​ស្ថាន​ការណ៍​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​សូម្បី​តែ​ព្រះ​រាជ​​សង្ហារ​ក៏​ទុំ​​មិន​ខ្ចី​ប្រើ​ថែម​ទៀត​ តើ​នៅ​ផ្ទះ​ អរជួន ម៉ឺន​ងួន ទុំ​បាន​សង្កេត​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ឥរិយាបថ​របស់​នាង​ទាវ​នៅ​ពេល​នោះ​បាន​ជា​ទុំ​​លែង​រវល់​អ្វី​ទៀត​ទាំង​អស់​ដូច្នេះ?​ គឺ​រហូត​ដល់​បណ្តោយ​ឲ្យ​​គេ​យក​ទៅ​សម្លាប់​ចោល​​ទៀត​ផង​ នេះ​ជា​សំណួរ​ដែល​អ្នក​សិក្សា​រឿង​ទុំ​ទាវ​គួរ​យក​ទៅ​​ពិចារណា​ថែម​ទៀត​ដើម្បី​ទុក​ជា​ពន្លឺ​​សម្រាប់​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត។
.
.
.

ការ​រៀប​រាប​​ខាង​លើ​នេះ​បាន​​លើក​ឡើង​នូវ​ចំណុច​ខ្លះៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​គិត​ឃើញ​ថា​​សេចក្តី​ស្នេហា​របស់​នាង​ទាវ​ចំពោះ​ទុំ​មាន​​​ការ​ប្រែប្រួល​ជា​បន្ត​បន្ទាប់​ ទុំ​ក៏បាន​​ដឹង​​អំពី​​ការ​ប្រែប្រួលនេះ​របស់​ទាវដែរ​ គឺ​នៅ​ពេល​ទុំ​ជួប​ទាវ​នៅ​ក្នុង​វាំង​​ហើយ​បន្ទាប់​មក​នៅ​ពេល​ជួប​ទាវ​នៅ​ផ្ទះ​អរជួន ម៉ឺន​ងួន​។ ជា​ការ​ពិត​ហើយ​ដែល​ថា​ព្រះ​រាជា​​បាន​រៀប​ការ​ទុំ​ជា​មួយ​ទាវ​ ប៉ុន្តែ​តាម​ការ​ពិត​គឺ​ជា​ជីវិត​ប្តី​ប្រពន្ធ​មួយ​ដែល​គ្មាន​រស្មី​​ដូច​កាល​ពី​ពេល​លើក​ដំបូង​នោះ​ទេ​ ព្រះ​រាជា​ក៏​ពុំ​អាច​បំភ្លេច​នាង​ទាវ​បាន ​ហើយ​​​ទុំ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ជឿ​ទៅ​លើ​ខ្លួន​ឯង​ទៀតផង​​។ នៅ​ពេល​ជួប​ទាវ​ម្តង​ទៀត​នៅ​ផ្ទះ​ អរជួន​ ទុំ​មិន​គិត​រក​មធ្យោបាយ​ដើម្បី​រំដោះ​នាង​ទាវ​ទាល់​តែ​សោះ​​គឺ​បែរ​ជា​អស់​សង្ឃឹម​ផឹក​ស្រា​ស្រវឹង​​លែង​គិត​អ្វី​ទៀត​​ទាំង​អស់​សូម្បី​តែ​ព្រះ​រាជ​សង្ហា​​ក៏​ទុំ​មិន​ប្រើ​ទៅ​ទៀត​ហើយ​​ថែម​ទាំង​បង្កើត​រឿង​ឲ្យ​គេ​យក​ទៅ​សម្លាប់​​ចោល​ទៀត​ផង​។ រី​​ឯ​នាង​ទាវ​វិញ​​ទាល់​តែ​ទុំ​ត្រូវ​ពួក​អរជួន​ ម៉ឺន​ងួន សម្លាប់​ចោល​បាត់​​ទៅ​ហើយ​ទើប​ដឹង​ថា​នាង​មិន​អាច​រស់​នៅ​​ជា​មួយ​​ ម៉ឺន ងួន​ បាន​ឡើយ​។

បើ​យោង​ទៅ​តាម​ការ​សង្កេត​ទាំង​ឡាយ​នេះ​​គេ​អាច​និយាយ​បាន​ថា ទាល់​តែ​ស្លាប់​បាត់​ទៅ​ហើយ​ទើប​ទុំ​ បាន​យក​សេច​ក្តី​​ស្នេហា​របស់​ទាវ​បាន​មក​វិញ​ទាំង​មូល​។ រីឯ​រឿង​ដែល​ថា​ទាវ​សុខ​ចិត្ត​បោះ​បង់​​ទុំ​ចោល​ដើម្បីសម្រប​​​​ទៅ​តាម​ម្តាយ​គឺ​គ្រាន់​តែ​​ជា​រឿង​បន្ទាប់​បន្សំ​​តែ​ប៉ុណ្ណោះ​ ទោះបី​អ្នក​និពន្ធ​​ហាក់​បី​ដូច​ជា​ចង់​ទម្លាក់ទោស​ទៅ​លើ​ម្តាយ​ទាវ​ទាំង​ស្រុង​ក្តី។​ តាម​ការ​ពិត​ទាវ​បាន​យក​ឡេះ​នេះ​​ដើម្បី​រត់​ចោល​ទាំង​ទុំ​ទាំង​ព្រះ​រាជា​តែ​ម្តង​ ព្រោះ​នៅ​ក្នុង​វាំង​នាង​ពុំ​ដឹង​​ជា​ធ្វើ​ដូចម្តេច​ទេ​ ណា​មួយ​ត្រូវ​ស្មោះ​នឹង​ទុំ​មួយរយ​ភាគ​រយ​ ហើយ​ណា​មួយ​នាង​ពិបាក​ទប់​ចិត្ត​ឬ​​ទប់​ទល់​នឹង​ព្រះ​រាជា​ទៀត​ផង​ សម្រេច​​សម្រួច​ទៅ​គឺ​ជា​ជីវិត​មួយ​ដ៏​អភ័ព្ទ​បំផុត។

ប្រការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​ ប៉ុន្តែ​ចំណុច​សំខាន់​ជាង​គេ​​គឺ​ចិត្ត​សាស្រ្ត​របស់​ទុំ​និង​ចិត្ត​សាស្រ្ត​របស់​ទាវ​ ដោយ​សេចក្តី​ស្នេហា​របស់​ទុំ​ចំពោះ​ទាវ​​មាន​លក្ខណៈ​ធំសម្បើម​អស្ចារ្យ​ ទុំ​សុខ​ចិត្ត​ចាក​សិក្ខា​បទ​ដោយ​ខ្លួន​ឯង​គឺ​ប្រឆាំង​នឹង​គ្រូ​ព្រម​ទាំង​ធម៌​ទាំង​ឡាយ​ដែល​គេ​បាន​​សិក្សា​កន្លង​មក​ទៀត។ រីឯ​នាង​ទាវ​វិញ​នាង​រក្សា​​ភាព​ភ្លឺ​ស្វាង​បាន​ច្រើន​ជាង​គឺ​នៅ​យល់​ដឹងបាន​យ៉ាង​​ច្បាស់​​អំពី​ការ​វិវត្តន៍​​មិន​ល្អ​នៃ​សេច​ក្តី​ស្នេហា​ជា​មួយ​ទុំ​ នាង​ដាច់​ចិត្ត​មក​ធ្វើ​តាម​ម្តាយ​វិញ​​ក៏​មក​ពី​ការ​ដែល​នាង​យល់​​យ៉ាង​ច្បាស់​អំពី​ភាព​ទាល់​ច្រក់​របស់​ទុំ​ដែរ​​ ជា​ពិសេស​ទី​តាំង​របស់​ទុំ​នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​ពេល​នោះគឺ​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ស្តេច​រហូត​​ដល់​ថ្ងៃ​ណា​មួយ​ស្តេច​​អាច​នឹង​​ទាម​​ទារ​អ្វី​ពី​ទុំ​​ក៏​បាន​ដែរ​។ នៅ​ក្នុង​បរិបទ​​អរិយធម៌​ខ្មែរតួ​អង្គទុំ​​ជា​និមិត្ត​រូប​នៃ​អ្នកចេះ​ដឹង​ អ្នកមាន​តម្រិះវិជ្ជា​ខ្ពង់​ខ្ពស់​គឺ​ប្រៀប​បាន​ទៅ​នឹង​បញ្ញាវ័ន្ត​សព្វ​ថ្ងៃ​នេះ​អ៊ីចឹង​ដែរ​​ គឺ​ដូចទាំង​ការ​ចេះ​ដឹង​ដូចទាំង​ស្ថាន​ភាព​នៅ​ក្នុង​សង្គម​ បើ​ទុំ​ពឹង​ផ្អែក​តែ​ទៅ​លើ​ស្តេច​​ទុំ​ក៏​អាច​បាត់​បង់​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ចំពោះ​គេ​ដែរ​​ នៅ​ពេល​មួយ​ជា​កំណត់​។ យ៉ាង​ណា​មិញ​​​បញ្ញា​វ័ន្ត​ក៏​អាច​បាត់​បង់​លក្ខណៈ​ជា​សក្ការៈ​​របស់​គេ​ដែរ​​ ប្រសិន​ណា​គេ​ពុំ​ព្រម​រំដោះ​ខ្លួនឲ្យ​ទាន់​ពេល​វេលា​ទេនោះ​។

រឿង​ទុំ​ទាវ​ជា​រឿង​​ស្នេហា​មួយ​ដែល​គូរស្នេហ៍​មិន​អាច​​រក្សា​បាន​ គឺ​ជា​រឿង​របស់​យុវភាព​មួយ​ដែល​ពុំ​មាន​លក្ខណៈ​​អ្វី​ខុស​ប្លែក​ពី​រឿងយុវភាព​​នានា​ឯ​ទៀត​ឡើយ​ គឺ​សេចក្តី​ស្នេហា​មួយ​ដែល​កើត​ឡើង​​ហើយ​ដែល​ឈាន​ទៅ​រក​ទី​បញ្ចប់​។ សេចក្តី​ស្នេហា​ជា​ការ​ប្រមូល​ផ្តុំ​​នៃ​កត្តា​ជា​ច្រើន​ បើ​បាត់​កត្តា​ណា​មួយ​ឬ​បើ​ប្រទាក់​ក្រឡា​​ជា​មួយ​រឿង​ផ្សេង​ៗ​ទៀត​​ ជា​ការ​ប្រែប្រួលដែល​គេច​ពុំ​ផុត​​ ៕

សូមមើល​ផង​ដែរ៖

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែ​ឧសភា ឆ្នាំ 2016 ម៉ោង 7:32 នាទី (ព្រឹក)

    good

  1. No trackbacks yet.

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.