បណ្ណសារ

Archive for the ‘សង្គម’ Category

ទិន្ន័យ​ជនជាតិវៀតណាម​ដែល​រស់​នៅក្នុង​ប្រទេស​កម្ពុជា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2021 បញ្ចេញមតិ

Vietnamese people living in Cambodia

បើយោងតាមសារព័ត៌មាន The New Humanitarian ក្នុងចំណោមប្រជាជនកម្ពុជា១៥លាននាក់ មានប្រមាណជា ៥%ជាជនជាតិវៀតណាម (៧៥ម៉ឺននាក់) (ទិន្នន័យកាលពីឆ្នាំ២០១៣)។ ជាទូទៅ ជនជាតិវៀតណាមដែលកំពុងរស់នៅប្រទេសកម្ពុជាមានទីតាំងច្រើនបំផុតនៅតាមបណ្តោយខេត្តដែលជាប់ព្រំប្រទល់កម្ពុជា-វៀតណាម និងផ្ទះបណ្តែតទឹកនៅតាមដងទន្លេមេគង្គ និងទន្លេសាប (ដូចមានបង្ហាញក្នុងផែនទី)។

បើយើងធ្វើការបូកចំនួនប្រជាជននៅក្នុងខេត្តរបស់កម្ពុជាចំនួន៦បញ្ចូលគ្នា (ខេត្តកោះកុង មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន កែប និងស្ទឹងត្រែង)(យោងតាមទិន្នន័យជំរឿនប្រជាជននៅឆ្នាំ ២០១៩)―យើងឃើញថាចំននួនជនជាតិវៀតនៅកម្ពុជាកាលពីឆ្នាំ២០១៣ មានចំនួនច្រើនជាងផលបូកនៃចំនួនប្រជាជនសរុបនៅក្នុងខេត្តទាំង៦ខាងលើនៅឆ្នាំ២០១៩ ទៅទៀត។ អាន​បន្ថែម…

ប្រទេស​ក្រី​ក្រ​ជាង​គេ​ក្នុង​ពិភព​លោក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2013 មតិ 7

ដោយ​​យោង​​តាម​​ការ​​ប៉ាន់​​ប្រមាណ​​មួយ​​របស់​​អង្គ​ការ​​សហ​​ប្រជា​ជាតិ​​បាន​​បញ្ជាក់​​ថា​​មនុស្ស​​ប្រហែល ២៥,០០០នាក់​ បាន​​ស្លាប់​​ដោយ​​សារ​​ការ​​អត់​​ឃ្លាន​​ជា​​រៀង​​រាល់​​ថ្ងៃ! មនុស្ស​ប្រហែល​ ១​ពាន់​​លាន​​នាក់​ កំពុង​​រស់​​នៅ​​ក្នុង​​ចំណូល​​ក្រោម​ ១​ដុល្លា​​ក្នុង​មួយ​​ថ្ងៃ និង​២ពាន់​លាន​​នាក់​​ផ្សេង​​ទៀត​​រស់​​នៅ​​ដោយ​​មាន​​ចំណូល​​ត្រឹម​​តែ ២​ដុល្លា​​ក្នុង​​មួយ​​ថ្ងៃ​​ប៉ុណ្ណោះ ។ ដូច្នេះ​​ហើយ​​គឺ​​មាន​​ប្រជា​ជន​​ចំនួន​​ប្រមាណ​​ពាក់​​កណ្តាល​នៃ​​ប្រជា​ជន​​សរុប​​របស់​​ពិភព​​លោក​ ដែល​​កំពុង​​រស់​​នៅ​​ក្នុង​​សភាព​​ក្រី​ក្រ ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​រៀប​រាប់​អំពី​បណ្តា​ប្រទេស​ដែល​មាន​ភាព​ក្រីក្រ​ជាង​គេ​ក្នុង​ពិភពលោក៖

១. សាធារណ​រដ្ឋប្រជាធិបតេយ្យ​កុង​ហ្គូ (Democratic Republic of Congo)

សាធារណៈ​រដ្ឋ​កុង​ហ្គូ

ចំនួន​ប្រជា​ជន: 71.7 លាននាក់
ជីឌីភី: 25 ពាន់លាន​ដុល្លារ
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 348 ដុល្លា

សង្រ្គាម​​កុង​​ហ្គូ​​លើក​​ទី​​២​​បាន​​ចាប់​​ផ្តើម​​នៅ​​ក្នុង​​ឆ្នាំ​១៩៩៨ បាន​​បង្ហិន​​បង្ហោច​​ប្រទេស​​មួយ​​នេះ​​យ៉ាង​​ដំណំ​​និង​​បាន​​អូស​ទាញ​ប្រទេស​នេះ​ឲ្យ​​ធ្លាក់​​ចូល​​ទៅ​​ក្នុង​​សង្គ្រាម​​នៅ​​អាហ្វ្រិក​​ផង​​ដែរ ​ព្រោះ​​មាន​​ការ​​ចូល​​រួម​​ពី​​ប្រទេស​​ចំនួន​៩​នៃ​​តំបន់​​អាហ្វ្រិក និង​​មាន​​ក្រុម​​ទាហាន​​ចំនួន​២០​ក្រុម​​វាយ​​ប្រយុទ្ធ​​គ្នា ។ បើ​​ទោះ​​បី​​ជា​​មាន​​ការ​​ចុះ​​សន្ធិ​​សញ្ញា​​សន្តិ​ភាព​​នៅ​​ក្នុង​​ឆ្នាំ​២០០៣ ក៏​​ដោយ ក៏​​ប្រទេស​​មួយ​​នេះ​​នៅ​​តែ​​មាន​​ការ​​វាយ​ប្រយុទ្ធ​​គ្នា​​នៅ​​ភាគ​​ខាង​​កើត​​ប្រទេស ។ ​ភាគ​​ខាង​​កើត​​នៃ​​សាធាណ​រដ្ឋ​​កុង​ហ្គូ ការ​​សាយ​​ភាយ​​នៃ​​បទ​​រំលោភ​​សេព​​សន្ថវៈហើយ​​និង​​អំពើ​​ហឹង្សា​​ផ្លូវ​​ភេទ​​គឺ​​ជា​​បញ្ហា​​ដ៏​​អាក្រក់​មួយ​​ក្នុង​​លោក ។

២. ប្រទេសឡៃ​បៀររៀរ (Liberia)

កុមារ​ក្នុង​ប្រទេស​ឡៃ​បៀរ​រៀរ

ចំនួន​ប្រជាជន: 3.8 លាននាក់
ជីឌីភី: 1.7 ពាន់​លានដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 456 ដុល្លា

ប្រទេស​នេះ​បាន​ធ្វើ​ទំនើប​កម្ម​នៅ​ក្នុង​ឆ្នាំ ១៩៤០ ដោយ​រៀប​ចំ​តាម​ការបណ្ដាក់ទុន​របស់​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី២ ហើយ​សេដ្ឋកិច្ចប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​សេរីភាវូបនីយកម្ម​របស់​ប្រធានា​ធិបតី ​William Tubman ។ ប្រទេស​ ឡៃ​បៀរ​រៀរ ត្រូវ​បាន​បង្កើត​ឡើងដោយ​សមាជិក​អង្គការ​សហប្រជាជាតិ ហើយ​និងអង្គការ​ឯកភាពជាតិ​អាហ្វ្រិក ។ រដ្ឋប្រហារយោធាផ្តួលរំលំសម្ព័ន​ភាព​អាមេរិក​និង​ឡៃ​បៀររៀរ​ក្នុង​ឆ្នាំ ១៩៨០ ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​នយោបាយ និង​សេដ្ឋ​កិច្ច​ប្រទេស​មួយ​នេះអស្ថិរភាព ហើយនិង​សង្រ្គាម​ស៊ីវីល​​ពីរដែល​បន្សល់​ទុក​ប្រជាជន​ប្រមាណ​ជាង​ ២៥០,០០០នាក់ស្លាប់​បាត់​បង់​ជីវិត និង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ខ្ទេចខ្ទី​ងើប​ទៅ​មុខ​លែង​រួច ។ កិច្ច​ព្រម​ព្រៀង​សន្តិភាពមួយ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ឆ្នាំ ២០០៣ ហើយ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​មួយនៅ​ក្នុង​ឆ្នាំ ២០០៥ ។ សព្វ​ថ្ងៃ​ប្រទេស​ឡៃបៀររៀរ​បាន​បញ្ចប់​​នូវ​ឥទ្ធិពល​សង្រ្គាម​ស៊ីវីល​ដែល​បាន​អូសបន្លាយពេល​យ៉ាង​យូរ និងបានស្តារ​ឡើង​វិញ​នូវ​​ស្ថាន​ភាព​សេដ្ឋកិច្ច​ដ៏​យ៉ាប់យឺនរបស់​ខ្លួន ហើយ​ប្រជាជន​ក្នុង​ប្រទេស​នេះ​ប្រមាណ​ជាង ៨៥ភាគរយ​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ​នៅ​ឡើយ ។ អាន​បន្ថែម…

មហា​គ្រោះ ព្រោះ​ខ្មែរ​មួយចំនួន​កំពុង​បំបាត់​អត្ត​សញ្ញាណ​ជាតិ​ដោយ​មិន​ដឹង​ខ្លួន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 មតិ 10

អក្សរ​សាស្រ្ត​ខ្មែរ ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរ ។ វប្បធម៌​រលត់​ជាតិ​រលាយ ម្នាក់​ៗ​សុទ្ធ​តែ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​វា​បែប​នេះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​សម្លឹង​មើល​មក​បច្ចុប្បន្ន​ មាន​យុវជន​មួយ​ចំ​នួន​ធំ​បាន​កំពុង​តែ​បំភ្លេច​ខ្លួន​​ឯង​ថា​ជា​នរណា ភ្លេច​គិត​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្លួន មើល​ទៅ​ហាក់​បី​ដូច​ជា​ខ្លួន​​ឯង​កំពុង​តែ​សម្លាប់​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ដោយ​មិន​ដឹង ។ តាម​ប្រវត្តិ​សាស្រ្ត បារាំង​បាន​ដាក់​នឹម​អាណា​និគម​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៨៦៣ ដល់​ឆ្នាំ ១៩៥៣ ។ បារាំង​បាន​ព្យាយាម​បំបាត់​អក្សរ​សាស្រ្ត​ខ្មែរ​ ពោល​គឺ​បំបាត់​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ ប៉ុន្តែ​បារាំង​ពុំ​អាច​ធ្វើ​ទៅ​រួច​ទេ ព្រោះ​ខ្មែរ​ទាំង​អស់​រួប​រួម​គ្នាការ​ពារ​ជ្រក​ម្លប់​នៃ​ទី​វត្ត​អារាម​នានា ទើប​ធ្វើ​ឱ្យ​កូន​ខ្មែរ​សព្វ​ថ្ងៃ​បាន​បន្ត​មាន​ និង​បន្ត​ប្រើប្រាស់​អត្តសញ្ញាណ​ជាតិ​ខ្លួន ។ កូន​ខ្មែរ​ក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ បាន​កំពុង​តែ​ប្រើប្រាស់​អក្សរ​សាស្រ្ត​ខុស​ក្បូន​ច្បាប់ និង​ខុស​អក្ខរា​វិរុទ្ធ​ស្ទើរ​ទាំង​ស្រុង រីឯ​កូន​ខ្មែរ​ជា​អាណិក​ជន​វិញ ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ បាន​ត្រឹម​តែ​អាចនិយាយ ឬ​អ្នក​ខ្លះ​បាន​ត្រឹម​តែ​យល់​ដឹង តែ​មិន​អាច​និយាយ​ សរសេរ ឬ​អាន​បាន​ឡើយ ។ ប្រជា​ជន​មួយ​ចំនួន​តូច​ដែល​បាន​ប្រើប្រាស់​អក្សរ​សាស្រ្ត​ខ្មែរ​ធ្វើ​ជា​ស្លាក​យី​ហោ​ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ខ្លួន ក៏​ពុំ​បាន​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ តើ​ពាក្យ​នេះ​ត្រូវ​អក្ខរា​វិរុទ្ធ​ឬ​ទេ? ត្រូវ​ក្បួន​ច្បាប់​នៃ​ការ​ប្រើប្រាស់​ពាក្យ​ដែរ​ឬទេ? ត្រូវ​វេយ្យា​ករណ៍​ដែរ​ទេ? ដោយ​នៅ​តែ​បន្ត​ខុស​ទាំង​ដឹង​និង​មិន​ដឹង​ខ្លួន? តើ​នេះ​អាច​ជា​មហា​គ្រោះ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ដែរ​ឬ​ទេ? បើ​ពិត​ដូច្នោះ​អនាគត​ទៅ​ជាតិ​ខ្មែរ​នឹង​ក្លាយ​ជា​ជាតិសាសន៍​មួយ​ដែល​មាន​ត្រឹម​តែ​សម្បក​ខ្លួន​តែ​ប៉ុណ្ណោះ ។

my facebook status

បើ​យើង​សង្កេត​មើល​ទៅ​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សព្វ​ថ្ងៃ​នេះ​វិញ គឺ​គេ​បាន​បញ្ចូល​អក្សរ​ខ្មែរ​ទៅ​លើ​បច្ចេកវិទ្យា​ទំនើប​ៗដូច​ជា កុំព្យូទ័រ​ ទូរស័ព្ទ​ និង​ថេម​ភ្លែត ដើម្បី​អាច​សរសេរ​និង​មើល​អក្សរ​ខ្មែរ​នៅ​លើ​ឧបករណ៍​ទាំង​អស់នោះ​បាន ប៉ុន្តែ​ចុះ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​មួយ​ចំនួន​មិន​ព្រម​សរសេរ​អក្សរ​ខ្មែរ បែរ​ទៅ​ជា​សរសេរ​អក្សរ​អង់​គ្លេស​ឬ​ភាសា​ផ្សេង​ជំនួស​វិញ តើ​វា​ពិបាក​សរសេរ​អក្សរ​ខ្មែរ​ណាស់​មែន​ទេ? ឬ​ក៏​មិ​នចង់​សរសេរ​ ព្រោះ​ខ្លាចគេ​ថា​យើង​ចេះ​តែ​ខ្មែរ តែ​អត់​ចេះភាសា​​អង់​គ្លេស​? ជា​ពិសេស​បង​ប្អូន​ខ្មែរ ដែល​គាត់​បង្តើត​ប្លក់ ឬ​ក៏​គេហទំព័រ​ផ្ទាល់​ខ្លួន​តែ​ម្តង គាត់​ភាគ​ច្រើន​មួយ​ចំនួន​ធំ​ និយម​សរសេរ​ជាភាសា​អង់​គ្លេស ឬ​ភាសា​បារាំង តើ​គាត់​សរសេរ​មក​នេះ​មាន​បំណង​ចង់​ចែក​រំលែក​ដល់​អ្នក​អាន​ដែល​ជា​ជន​ជាតិ​ខ្មែរ​ឬ​ក៏​បរទេស? បើ​គាត់​មាន​បំណង​ចង់​ចែក​រំលែក​ដល់​អ្នក​អាន​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​មែន​​នោះ គួរ​តែ​ងាក​មក​សរសេរ​អក្សរ​ខ្មែរ​វិញ​ទៅ​ល្អ​ជាង កុំ​និយម​តែ​ភា​សា​បរទេស​ខ្លាំង​ពេក ។ សូមងាក​មក​មើល​ប្រទេស​ក្បែរ​ខាង​យើង​វិញ ដូច​ជា​ថៃ យួន និង​ឡាវ ជា​ដើម ពួក​គេ​បានខិត​ខំ​​បក​ប្រែ​ទៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេង​ៗ គេហទំព័រ​ធំៗ​របស់​បរទេស និង​កម្មវិធី​កុំព្យូទ័រ​ កម្មវិធី​ទូរស័ព្ទ​ផ្សេង​ៗ​ជា​ច្រើន ដើម្បីឲ្យ​អក្សរ​និង​ភាសា​របស់​គេ​មាន​នៅ​លើ​របស់​អស់​ទាំង​នោះ​ ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​ដែល​មិន​ចេះ​ភាសាបរទេស (អង់គ្លេស) អាច​ប្រើប្រាស់​បាន​យ៉ាង​រលូន​ជា​មួយ​ភាសា​ជាតិ​របស់​ខ្លួន​ឯង​ផ្ទាល់ ។ និង​ជា​ពិសេស​គេ​ខិតខំ​បក​ប្រែ​អត្ថ​បទ​ផ្សេង​ៗ​ពី​ភាសា​បរទេស​មក​ជា​ភាសា​​ជាតិ​របស់​ខ្លួន ដើម្បី​ចែក​រំលែក​ដល់​អ្នក​អាន​​ឱ្យ​បាន​ដឹង​អំពី​ចំណេះ​ដឹង​ផ្សេង​ៗ​របស់​បរទេស ណាស់​តែ​ខ្មែរខំ​តែ​សរសេរ​ជា​ភាសា​បរទេស​ឱ្យ​តែ​បរទេស​អាន ចែក​រំលែក​តែ​បរទេស ចុះ​ខ្មែរ​គ្នា​ឯងដែល​មិន​អាច​អាន​ភាសា​អង់គ្លេស​បាន​នោះ​ បាន​ទទួល​អ្វី​ពី​ចំណេះ​ដែល​អ្នក​ឯង​បាន​ចែក​រំលែក​នោះ?

ឈ្មោះ​ថា​ជា​កូន​ខ្មែរដែរ តែ​និយាយ​ភាសា​ និង​សរសេរ​អក្សរ​ខ្មែរ​មិន​កើត​ ពេល​ខ្លះ​អាច​យល់​ន័យ​ថា​វា​អ៊ីចឹង តែ​មិន​ដឹង​និយាយថា​ម៉េច នេះ​សម​ជា​កូន​ខ្មែរ​ដែល​ខំ​អួត​ប្រាប់​គេ​ដែរឬ​ទេ? ខ្មែរ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​អក្សរ​សាស្រ្ត​ខ្លួន អាច​ប្រើប្រាស់​អក្សរ​ខុសពី​ក្បួន​ខ្នាត​ដើម ឬ​អាច​វិវត្ត​ផ្នែក​អក្សរ​ទៅ​ទម្រង់​ណា​មួយ​ផ្សេង​ទៀត​ក៏​មិន​ដឹង ។ យើង​ដឹង​ថា​ ទម្រង់​អក្សរ​ដែល​ខ្មែរ​កំពុង​តែ​ប្រើប្រាស់​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​វិវត្ត​ចំនួន ១០ ដង​រួច​មក​ហើយ ។ យើង​ពិបាក​នឹង​ដោះ​ស្រាយ​ណាស់ បើ​សិនជាកូន​ខ្មែរមិន​ចង់​អភិរក្ស​ និង​អភិវឌ្ឍ​អក្សរ​ខ្លួន​នោះ ។

Snapshot_20121205_2

តើ​យើង​មាន​អារម្មណ៍​បែប​ណាដែរ? ជន​ជាតិ​យួន ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​សព្វ​ថ្ងៃ ទោះ​បី​ជា​គេ​ប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​ទំនាក់​ទំនង​ ក៏​គេ​មិនចោល​ភាសា​ជាតិ​របស់​គេ​ដែរ ជនជាតិ​ចិន​និយាយ​ជា​ប្រចាំ ហើយ​គេ​តែង​តែ​ណែនាំ​កូន​ចៅគេឱ្យ​និយាយា​ភាសា​របស់​ជាតិ​សាសន៍​គេ លើស​ពី​នេះ​ទៅ​ទៀត​ចិន និង​យួន ថែម​ទាំង​មាន​ជា​សមាគមន៍​របស់​ខ្លួន​ក្នុង​ទឹក​ដី​ខ្មែរ​ទៀត​ផង ជនជាតិ​ចាម ឬ​ខ្មែរ​អ៊ីសស្លាម​ជា​ដើម សុទ្ធ​តែ​ជា​ជន​ជាតិ​មួយ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​គេ​មិន​ដែល​ចោល​ភាសា​ជាតិ​របស់​គេ​ទាល់​តែ​សោះ ។ គួរ​តែ​ភ្ញាក់​ខ្លួន​ខ្លះៗ​ហើយ​សម្រាប់​អ្នក​ដែល​និយម​ភាសា​បរទេស ក្រឡេក​មក​យល់​ឱ្យ​ច្បាស់​ពី​ភាសាជាតិ​ខ្លួន​វិញ​ម្តង ព្រោះ​យើង​ជា​ជន​ជាតិ​ខ្មែរ មាន​ឈាម​ជ័រ​ជាខ្មែរ មិន​មែន​ឈាម​បរទេស​ទេ ឬ​មួយ​ក៏​គិត​ថា មាន​មោទនភាព​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ខ្លួន​អាច​យល់ សរសេរ និង​និយាយ​ភាសា​បរទេស​បាន​ល្អ ឯភាសា​ខ្មែរ​បាន​ត្រឹម​តែ​យល់ តែ​រក​នឹក​និយាយ​មិន​ចេញ​នោះ ។

បើ​សិន​ជា​យើង​នៅ​តែ​ធ្វើ​សកម្មភាព​ដូច​សព្វ​ថ្ងៃ​នេះ នោះ​អនាគត​ទៅ​ ប្រាកដ​ជា​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​នូវ​ភាសា​ជាតិ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ហើយ​សព្វ​ថ្ងៃ​នេះ​ខ្មែរ​ក៏​កំពុង​តែ​ប្រើប្រាស់​ភាសា​ជាតិ​ខ្លួន​បែប​អាណា​ធិបតេយ្យ​ផង​ដែរ ។

ដំណោះ​ស្រាយ​មាន ២ ធំៗគឺ
ទី១- កត្តា​ខ្លួន​ឯង​ផ្ទាល់
– ត្រូវអប់​រំ​ខ្លួន​ឯង​ គោរព និង​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ជា​របស់​ជាតិ​ខ្លួន​ឯង​ មាន​ស្មារតី​ជាតិ​និយម​ តែ​កុំជ្រុល​ពេក ។

ទី២- កត្តា​សង្គម
– រដ្ឋ​ត្រូវ​អប់​រំ​ចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ឧត្តម​ ឱ្យ​កូន​ខ្មែរ​ប្រាកដ​ខ្លូន​ឯង​ថា អាច​ប្រើប្រាស់​អក្សរ​សាស្ត្រ​ដោយ​មិន​ខុស​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត ចំពោះ​គ្រូ ក៏​ត្រូវ​ប្រាកដ​ថា​ ជា​ជន​ជាតិ​ខ្មែរ​ មាន​សញ្ញា​ប័ត្រ​គ្រប់​គ្រាន ដើម្បី​បង្រៀន​កូន​ខ្មែរ អំពី​អក្សរ​សាស្រ្ត​ខ្មែរ ជា​ពិសេស​ទៅ​ទៀតនោះ​ ត្រូវ​តែ​បណ្តុះកូន​ខ្មែរ​​ឱ្យ​មាន​គំនិត​ជាតិ​និយម ។

– រដ្ឋ​គួរ​តែបង្កើត​កម្មវិធី​បង្ហាញ និង​កែ​តម្រូវ នូវវ​អក្ខរា​វិរុទ្ធ​និង​អក្សរ​សាស្រ្ត​ខ្មែរ នៅ​តាម​បណ្តា​ទូរទស្សន៍​ជាតិ​នានា​ឱ្យ​បាន​ទូលំទូលាយ​បំផុត ជាជាង​ផ្សព្វ​ផ្សាយ​នូវ​ផលិត​ផល​ស្រា​ជា​ដើម​នោះ ។

– ក្រសួង​ព័ត៌​មាន​គួរ​តែ​គ្រប់​គ្រង​ទៅ​លើ​អក្ខ​រាវិរុទ្ធ​ខ្មែរ​ដែល​បាន​ផ្សាយ​ចេញ​តាម​បណ្តា​ទូរទស្សន៍​នាន​ដើម្បី​ជៀស​វាង​ការ​ផ្សាយ​ទៅ​ខុស ។ បើ​ផ្សាយ​របស់​គេ​ខុស​វាមិន​អី​ទេ តែ​បើ​ផ្សាយ​របស់​ខ្លួន​ឯង​ខុស​វិញ​នោះ​មិន​ដឹង​ជា​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា​នោះ​ទេ ។

– បណ្តា​វិទ្យុ​ក្នុង​ស្រុក​នានា គួរតែ​ជ្រើស​រើស​បុគ្គលិក​ណា​ដែល​ចេះ​អក្សរ​ខ្មែរ​ច្បាស់​លាស់ ទាំង​ការ​សរសេរ និង​ការ​ប្រើប្រាស់​ពិសេស​គឺ​ការ​និយា​យ​ស្តី​ ច្បាស់​ៗ និង​ត្រូវ​តាម​ក្បួន​ខ្នាត​នៃ​អក្សរ​សាស្រ្ត​ខ្មែរ ព្រម​ទាំង​ជា​បុគ្គល​ដែល​មាន​សីលធម៌​ក្នុង​ខ្លួនផង​ដែរ ។ ដោយ​មិន​លើ​តែ​សម្លេង​ពីរោះ​នោះ​ទេ ព្រោះ​បុគ្គល​ទាំង​នេះ​គឺ​ជា​អ្នក​អប់​រំ​ដោយ​ប្រយោល ទៅ​ទូទាំង​ផ្ទៃ​ប្រទេស​ចុះ​បើ​គាត់​ផ្សាយ​ទៅ​សុទ្ធ​តែ​ខុស នោះ​មិន​មាន​ន័យ​ថា យើង​អប់​រំ​ឱ្យ​គេ​ខុស​ទៅ​ហើយ​ទេ? ដូចគ្នា​នឹង​បណ្តា​ទូរទស្សន៍​ក្នុង​ស្រុក​នានា​ផង​ដែរ គួរ​តែ​ជ្រើស​រើស​បុគ្គលិក​ដែល​ចេះ​អក្សរ​ខ្មែរ​ច្បាស់​លាល់ ពិសេស​ការ​បញ្ចេញ​សូរសម្លេង និយាយ​ឱ្យ​បាន​ច្បាស់​កុំ​គិត​ថា ឱ្យ​តែ​ស្អាត​បាន​ធ្វើ​ពិធី​ករ ទោះ​បី​ជា​មិន​ទាន់​រៀន​ចប់​ថ្នាក់​អនុវិទ្យាល័យ​ក្តី និយាយ​ខុស​ក៏​មិន​អី​ដែរ​ឱ្យ​តែ​ស្អាត និយាយ​យូរ​ទៅ​នឹងល្អ​ហើយ នោះ​គឺ​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​កិត្តិយស​ជាតិ និង​ស្ថាប័ន​ដែល​ខ្លួន​បម្រើ​ការ​ងារ​ផង ។

បើ​យើង​ក្រឡេក​បែរ​មើល​ប្រវត្តិ​អក្សរ​សាស្រ្ត​ខ្មែរ ពី​ជំ​នាន់​សម្តេច​ជួន​ណាត រហូត​មក​ដល់​ថ្ងៃ​ ១៧ មេសា ១៩៧៥ អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ឡាយ​ជំនាន់​នោះ​ធ្វើ​ការ​រួម​គ្នា ស្រាក់​ដៃ​ទាំង​ក្រុម​ៗ​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​ការ​អភិរក្ស និង​អភិវឌ្ឍន៍​អក្សរ​សាស្រ្ត​ជាតិ​ខ្មែរ​ណាស់ មិន​ថា​គោល​ជំហរ​នយោបាយ​របស់​ប្រទេស​ខ្មែរ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ណា​ឡើយ ចុះ​ហេតុ​អ្វី​ក៏​សម័យ​នេះ​ កូន​ខ្មែរ​បែរ​ជា​បង្វែរ​ទិស១៨០ដឺក្រេ ទៅ​រក​ការ​បំភ្លេច​នូវ​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ឯង​ទៅ​វិញ ៕

គួរ​តែ​កុំ​ប្រចាំ​​តួនាទី​គ្នា​ទើប​ល្អ!!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2012 បញ្ចេញមតិ

វេលាថ្ងៃ​មួយ​មាន​ការ​បើក​វេទិកា​ប្រជុំ​មួយ​ស្ដី​ពី​ការ​ជ្រើស​រើស​អ្នក​ដឹក​នាំ នៅ​ក្នុង​ខ្លួន​មនុស្ស ។ ក្នុង​នោះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ធំ​ៗ​ដូច​ជា​ ជើង ដៃ មាត់ ធ្មេញ អណ្ដាត បំពង់​ក ក្រពះ និង​លោក ពោះ​វៀន ផង​ដែរ ។

ជើង ពេល​ដែល​លោក​ធំ​ៗ មក​ជួប​ជុំ​គ្នា​អស់​ហើយ​ លោក​ជើង​បាន​បញ្ចេញ​មតិ​មុន​គេ ជើង​លើក​ឡើង​ថា និយាយ​ឲ្យ​ត្រង់​ទៅ​ចុះ ​ខ្ញុំ​ជា​អ្នក​ដែល​ពិបាក​ជាង​គេ ដើរ​ទៅ​ដើរ​មក ដើម្បី​រក​ចំណី​អាហារ រត់​លូន គេច​វេស លោត ហក់ ពិបាក​ណាស់​មួយ​ថ្ងៃ ៗ ​ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​សក្តិសម​នឹង​មុខ​តំណែង​នេះ​ណាស់ បើ​គ្មាន​ខ្ញុំ​អ្នក​ទាំង​អស់​គ្នា​មិន​អាច​ផ្លាស់​ប្តូរ​ទីក​ន្លែង​បាន​ទេ ។

ដៃ គ្រាន់​តែ​ឮ​លោក​ជើង​ថា​ដូច្នេះ ក៏​ទះ​តុ​ផាំង​ៗ ដោយ​កំហឹង​យ៉ាង​ខ្លាំង ហើយ​បាន​និយាយ​ថា លោក​ជើង​ឯង​នេះ​និយាយ​បាន​ល្អ​ណាស់ ​លោក​ឯង​មាន​ដែល​គិត​ទេ​ថា ខ្ញុំ​ជា​អ្នក​កាន់​រើស និង​ធ្វើ​ការ​ងារ​គ្រប់​បែប​យ៉ាង អាច​ចង្អុល​បញ្ជា ឲ្យ​គេ​ធ្វើ​នេះ ធ្វើ​នោះ បាន​ទៀត​ផង ហើយ​អ្វី​ដែល​សំខាន់​គឺ​ចាប់​កាន់​អាហារ ចូល​ទៅ​ក្នុង​មាត់​ដើម្បី​ចិញ្ជឹម​ជីវិត​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ ដូច្នេះ ខ្ញុំ​ទើប​សក្តិ​សម​ជាង​គេ ។

មាត់ ដែល​ជា​អ្នក​មាន​សុជីវ​ធម៌​ជាង​គេ​បាន​លើក​ឡើង​ថា លោក​ដៃ និង​លោក​ជើង សុទ្ធ​តែ​មាន​គុណ​សម្បត្តិ​ល្អ​ៗ ប្រហាក់​ប្រហែល​គ្នា ​ប៉ុន្តែ​លោក​ទាំង​ពីរ​គិត​មក​វិញ​ថា ខ្ញុំ​ជា​អ្នក​និយាយ​ពាំ​នាំ ពាក្យ​សម្ដី ហើយ​ក៏​ជា​អ្នក​មាន​តួនាទី បើក​មាត់​រង់​ចាំ​ទទួល​យក​ចំណី​អាហារ បើ​គ្មាន​ខ្ញុំ ​តើ​ចំណី​អាហារ​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​ណា​បាន​? ហើយ​ម្យ៉ាង​វិញ​ទៀត អ្នក​ដឹក​នាំ​គេ គឺ​ត្រូវ​ការ​អ្នក​មាន​សមត្ថ​ភាព ក្នុង​ការ​ដែល​មាន​មាត់​និយាយ​មែន​ទេ ​អស់​លោក​ទាំង​អស់​គ្នា ។ ដូច្នេះ​ខ្ញុំ​គឺ​សក្តិ​សម​ជាង​គេ ។

ធ្មេញ សើច​ហាស​ៗ​ៗ​ៗ​ៗ​ ហើយ​និយាយ​ទាំង​អស់​សំណើច​ថា លោក​មាត់ លោក​ឯង​អាង​តែ​មាន​មាត់​ចេះ​តែ​និយាយ​ទៅ​កើត​ដែរ ​ដោយ​មិន​បាន​គិត​ពិចារណា​សោះ លោក​មាន​ដែល​គិត​ទេ​ថា នៅ​ពេល​ចំណី​ចូល​ទៅ​ក្នុង​មាត់​ហើយ តើ​អ្នក​ណា​ជា​អ្នក​ទំពារ​ចំណី​អាហារ ឲ្យ​វា​ខ្ទិច​ខ្ទី​នោះ ​ដើម្បី​ឲ្យ​រាង​កាយ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក សារ​ធាតុ​ចិញ្ជឹម​បាន​ងាយ​ស្រួល បើ​គ្មាន​ខ្ញុំ ម្លេះ​រូបរាង​កាយ​ទាំង​មូល​មិន​អាច​ទទួល​យក សារ​ធាតុ​ចិញ្ជឹម ​និង​រស​ជាតិ​បាន​ទេ សូម​អស់​លោក​ទាំង​អស់​គ្នា​គិត​មើល​ទៅ​ថា តើ​គួរ​ជ្រើស​រើស​យក​ខ្ញុំ​ឬ​ក៏​អត់​?

បំពង់​ក គ្រ​វី​ក្បាល ហើយ​បាន​និយាយ​យ៉ាង​អឿ​ថា មិន​អាច​ជ្រើស​រើស​យក​លោក​ធ្មេញ​បាន​ទេ ព្រោះ​លោក​នៅ​ខ្វះ​ចំណុច​ដឹក​នាំ​ច្រើន​ណាស់ ​ខ្ញុំ​នេះ​ឯង​ទើប​សក្តិ​សម ជា​មេ​ដឹក​នាំ​ពិត​ប្រា​កដ ព្រោះ​ខ្ញុំ​ជា​អ្នក​នាំ​អាហារ ចូល​ក្នុង​ក្រពះ មែន​ទេអស់​លោក​ទាំង​អស់​គ្នា​?

ក្រពះ និយាយ​កាត់​ភ្លាម​ថា ឃើញ​ទេ​អស់​លោក​ទាំង​អស់​គ្នា សូម្បី​តែលោក​បំពង់​ក ក៏​ដឹង​ពី​តួនាទី​របស់​ខ្ញុំ​ដែរ មាន​ន័យ​ថា​ខ្ញុំ​ជា​អ្នក​ដែល​សកម្ម ​មាន​តួនាទី​ក្នុង​ការ​រំលាយ​អាហារ ដើម្បី​ទទួល​បាន​សារ​ធាតុ​ចិញ្ជឹម ទៅ​ទ្រទ្រង់​រាង​កាយ​របស់​មនុស្ស ។

ពោះ​រៀន ខ្ញុំ​ថ្លង់​អស់​លោក​ទាំង​អស់​គ្នា​ណាស់ និយាយ​យក​តែ​ល្អ​រៀង​ៗ​ខ្លួន តើ​មាន​ដែល​គិត​ទេ​ថា បើ​គ្មាន​រូប​ខ្ញុំ ​តើ​បាន​អ្នក​ណា​គេ​ដឹក​ជញ្ជូន​កាក​សំណល់​ចាស់​ៗ​ទៅ​ច្រោះ​ចោល បើ​គ្មាន​ខ្ញុំ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​វេទ​នាមិន​ខាន ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ដឹក​នាំ​អ្នក​ទាំង​អស់​គ្នា ។

និយាយ​ចុះ​និយាយ​ឡើង មិន​ត្រូវ​រ៉ូវ​គ្នា​ មិន​ចុះ​សម្រុង​នឹង​គ្នា​ក៏​ឈាន​ទៅ​ការ​ឈ្លោះ​ប្រកែក​គ្នា ឡើង​សរសៃ​ក៏​ដាក់​គ្នា ​បង្កើត​បាន​ជា​វេទិកា​ដណ្ដើម​តំណែង​គ្នា ពេល​ដោះ​ស្រាយ​មិន​ចេញ ថា​តើ​អ្នក​ណា​សក្តិសម​ជា​មេ​ដឹក​នាំ ក៏​ម្នាក់​ៗ ប្ដេជ្ញា​ឈប់​ធ្វើ​សកម្មភាព​ទាំង​អស់​គ្នា មើល​ថា តើ​លទ្ធផល​វា​យ៉ាង​ម៉េច​ទៅ​វិញ​?

ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ ក៏​គ្មាន​បាន​អាហារ​ហូប​ចុក ក៏​បាន​ស្លាប់​ទាំង​អស់​គ្នា ។

នេះ​ជា​លទ្ធផល​នៃ​ការ​មើល​បំណាំ​គ្នា​ ដោយ​សារភាព​ចង់​ធ្វើ​ជា​ធំ និង​ការ​លោភ​លន់ ចង់​កាន់​អំណា​ចរៀង​ៗ​ខ្លួន ។ ការ​ចេះ​ចែក​រំលែក​ផល​ប្រយោជន៍​ ដែល​ទទួល​បាន​តាម​តួនាទី​របស់​ខ្លួន​នោះ គឺ​ជា​មាគ៌ា​ដែល​នាំ​ទៅ​រក សេចក្ដី​សុខ​ក្នុង​ក្រុម សហគមន៍ ឬ​សង្គម​ជាតិ​ទាំង​មូល​បាន ៕

អ្នក​​ស្អប់​​ជីវិត​​របស់​​អ្នក ខណៈពេល​ដែល​មនុស្ស​ខ្លះត្រូវ​ការ​ជីវិត​ដើម្បី​រស់

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2012 បញ្ចេញមតិ

ជីវិត​​គឺ​​ពិបាក​​ណាស់ ប៉ុន្តែ​​យ៉ាង​​ហោច​​ណាស់​​យើង​​មាន​​ចំណី​​អាហារ​​សម្រាប់​​ញ៉ាំ​​គ្រប់​​គ្រាន់​ តើ​​ត្រូវ​​ទេ? មាន​​ចំណី​​អាហារ​​ល្អ​​ៗ ហើយ​​មាន​​ច្រើន​​ទៀត​​ផង ។ យើង​​មាន​​ផ្ទះ​​សម្រាប់​​ស្នាក់​​អាស្រ័យ​​ តើ​​ត្រូវ​​ទេ​? មាន​​គ្រែ​​ដ៏​​កក់​​ក្តៅ​ មាន​​ភួយ​ និង​​ពួក​​សម្រាប់​​ដេក​​យ៉ាង​​សុខ​​ស្រួល ។ យើង​​មាន​​សម្លៀក​​បំពាក់​​សម្រាប់​​ការ​​ស្លៀក​​ពាក់​​ប្រចាំ​​ថ្ងៃ តើ​​ត្រូវ​​ទេ? សម្លៀក​​បំពាក់​​ជា​​ច្រើន​​កំផ្លេ​សម្រាប់​ផ្លាស់​ប្តូរ​ ។ យើង​​​មាន​​​ឪពុក​​ម្តាយ​ បង​ប្អូន​​ មនុស្ស​​ដែល​​ជា​​ទី​​ស្រឡាញ់​​របស់​​យើង​ ការ​ពារ​​យើង​ ថែរក្សា​យើង តើ​ត្រូវ​ទេ?

ប្រសិន​​បើ​​ចំណី​​អាហារ​​នៅ​​ក្នុង​​ទូរ​ទឹក​កក​របស់​​អ្នក សម្លៀក​បំពាក់​នៅ​លើ​តួរ​ខ្លួន​របស់​អ្នក ដំបូល​ផ្ទះ​នៅ​ពី​លើ​ក្បាល​របស់​អ្នក​ ហើយ​និង​មាន​កន្លែង​សម្រាប់​ដេក​ ។ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ទ្រព្យ​ច្រើន​ជាងមនុស្ស​ ៧៥ភាគរយ នៅ​លើ​លោក​នេះ​ហើយ ។

ប្រសិន​បើ​អ្នក​មាន​លុយ​ក្នុង​ធានា​គា ក្នុង​ការបូប​ដាក់​លុយ ហើយ​មាន​របស់​សម្រាប់​បម្រុង​ទុក​ដើម្បី​ផ្លាស់​ប្តូរ អ្នក​គឺ​នៅ​ក្នុង​ចំណោម​នៃ​អ្នក​ដែល​មានស្តុក​ស្តម្ភ​ជាង​គេ​លើ​ពិភព​លោក ៨ភាគរយ​​ឯណោះ ។

ប្រសិន​បើ​អ្នក​ក្រោក​ឡើង​នៅ​ពេល​ព្រឹក​នេះ​ជា​មួយ​និង​ភាព​មាន​សុខភាព​បរិបូរ​ណ៍ ដែល​អាច​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​បាន អ្នក​គឺ​មាន​បុណ្យ​វាសនា​ច្រើន​ជាងមនុស្ស​រាប់​សិប​លាន​អ្នក​ទៀត​ដែល​មិន​អាច​រស់​នៅ​បន្ត​ទៀត​សម្រាប់​អាទិត្យ​នេះ ។

ប្រសិន​បើ​អ្នក​មិន​ដែល​មាន​បទ​ពិសោធន៍​ជួប​នូវ​គ្រោះ​ថ្នាក់​ក្នុង​សង្រ្គាម​, ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នៃ​ការ​ឃុំ​ឃាំង​ ឬ​ការ​ធ្វើ​​ទារុណ​​កម្ម ឬ​​ក៏​​ភាព​​នៃ​​សេចក្តី​​អត់​​ឃ្លាន​​ហួស​​ប្រមាណ​​នោះ​​ទេ អ្នក​​គឺ​ជា​មនុស្ស​ដែល​មាន​​សំណាង​​ល្អ​​ជា​ង​មនុស្ស​​ ៥០០​​លាន​​នាក់​​ទៀត​​ដែល​​នៅ​រស់​​ជា​​មួយ​​ការ​​ឈឺ​​ចាប់​​ទាំង​​អស់​​នេះ ។

ប្រសិន​បើ​អ្នក​អាច​អាន​អត្ថបទ​នេះ​បាន អ្នក​គឺ​ជា​ម​នុស្ស​ដែល​មាន​ភព្វ​សំណាង​ខ្លាំង​ណាស់​ គឺ​សំណាង​ជាងមនុស្ស​ជាង ៣ពាន់​លាន​អ្នក​ទៀត​នៅ​ក្នុង​ពិភព​លោក​នេះ​ដែល​មិន​ចេះ​អក្សរ​ សូម្បី​តែ​មួយ​តួរ​អក្សរ​ក៏​ពួក​គេ​មិន​អាច​អាន​បាន​ដែរ ។

យើង​គួរតែ​ដឹង​​គុណ​សម្រាប់​អ្វី​ដែល​យើង​មាន​ និង​កំពុង​តែ​មាន​សព្វ​ថ្ងៃ​នេះ ហើយ​យើង​ត្រូវ​តែ​ចែក​រំលែក​អ្វី​ដែល​យើង​មាន​នោះ​ ឬ​ក៏​ផ្តល់​ជូន​ជា​ចាំ​បាច់​ទៅ​មនុស្ស​ជាតិ​ទាំង​ឡាយ​ដទៃ​ទៀត​ ៕