ទំព័រដើម > គួរយល់ដឹង, ចែករំលែក​បន្តគ្នា​, ចំណេះ​​ទូទៅ, ចំណេះដឹង, ផ្ទាល់ខ្លួន, ព័ត៌មាន, វប្បធម៌ទូទៅ, សង្គម, អំពីយុវវ័យ > មហា​គ្រោះ ព្រោះ​ខ្មែរ​មួយចំនួន​កំពុង​បំបាត់​អត្ត​សញ្ញាណ​ជាតិ​ដោយ​មិន​ដឹង​ខ្លួន

មហា​គ្រោះ ព្រោះ​ខ្មែរ​មួយចំនួន​កំពុង​បំបាត់​អត្ត​សញ្ញាណ​ជាតិ​ដោយ​មិន​ដឹង​ខ្លួន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 បញ្ចេញមតិ Go to comments

អក្សរ​សាស្រ្ត​ខ្មែរ ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរ ។ វប្បធម៌​រលត់​ជាតិ​រលាយ ម្នាក់​ៗ​សុទ្ធ​តែ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​វា​បែប​នេះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​សម្លឹង​មើល​មក​បច្ចុប្បន្ន​ មាន​យុវជន​មួយ​ចំ​នួន​ធំ​បាន​កំពុង​តែ​បំភ្លេច​ខ្លួន​​ឯង​ថា​ជា​នរណា ភ្លេច​គិត​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្លួន មើល​ទៅ​ហាក់​បី​ដូច​ជា​ខ្លួន​​ឯង​កំពុង​តែ​សម្លាប់​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ដោយ​មិន​ដឹង ។ តាម​ប្រវត្តិ​សាស្រ្ត បារាំង​បាន​ដាក់​នឹម​អាណា​និគម​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៨៦៣ ដល់​ឆ្នាំ ១៩៥៣ ។ បារាំង​បាន​ព្យាយាម​បំបាត់​អក្សរ​សាស្រ្ត​ខ្មែរ​ ពោល​គឺ​បំបាត់​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ ប៉ុន្តែ​បារាំង​ពុំ​អាច​ធ្វើ​ទៅ​រួច​ទេ ព្រោះ​ខ្មែរ​ទាំង​អស់​រួប​រួម​គ្នាការ​ពារ​ជ្រក​ម្លប់​នៃ​ទី​វត្ត​អារាម​នានា ទើប​ធ្វើ​ឱ្យ​កូន​ខ្មែរ​សព្វ​ថ្ងៃ​បាន​បន្ត​មាន​ និង​បន្ត​ប្រើប្រាស់​អត្តសញ្ញាណ​ជាតិ​ខ្លួន ។ កូន​ខ្មែរ​ក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ បាន​កំពុង​តែ​ប្រើប្រាស់​អក្សរ​សាស្រ្ត​ខុស​ក្បូន​ច្បាប់ និង​ខុស​អក្ខរា​វិរុទ្ធ​ស្ទើរ​ទាំង​ស្រុង រីឯ​កូន​ខ្មែរ​ជា​អាណិក​ជន​វិញ ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ បាន​ត្រឹម​តែ​អាចនិយាយ ឬ​អ្នក​ខ្លះ​បាន​ត្រឹម​តែ​យល់​ដឹង តែ​មិន​អាច​និយាយ​ សរសេរ ឬ​អាន​បាន​ឡើយ ។ ប្រជា​ជន​មួយ​ចំនួន​តូច​ដែល​បាន​ប្រើប្រាស់​អក្សរ​សាស្រ្ត​ខ្មែរ​ធ្វើ​ជា​ស្លាក​យី​ហោ​ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ខ្លួន ក៏​ពុំ​បាន​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ តើ​ពាក្យ​នេះ​ត្រូវ​អក្ខរា​វិរុទ្ធ​ឬ​ទេ? ត្រូវ​ក្បួន​ច្បាប់​នៃ​ការ​ប្រើប្រាស់​ពាក្យ​ដែរ​ឬទេ? ត្រូវ​វេយ្យា​ករណ៍​ដែរ​ទេ? ដោយ​នៅ​តែ​បន្ត​ខុស​ទាំង​ដឹង​និង​មិន​ដឹង​ខ្លួន? តើ​នេះ​អាច​ជា​មហា​គ្រោះ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ដែរ​ឬ​ទេ? បើ​ពិត​ដូច្នោះ​អនាគត​ទៅ​ជាតិ​ខ្មែរ​នឹង​ក្លាយ​ជា​ជាតិសាសន៍​មួយ​ដែល​មាន​ត្រឹម​តែ​សម្បក​ខ្លួន​តែ​ប៉ុណ្ណោះ ។

my facebook status

បើ​យើង​សង្កេត​មើល​ទៅ​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សព្វ​ថ្ងៃ​នេះ​វិញ គឺ​គេ​បាន​បញ្ចូល​អក្សរ​ខ្មែរ​ទៅ​លើ​បច្ចេកវិទ្យា​ទំនើប​ៗដូច​ជា កុំព្យូទ័រ​ ទូរស័ព្ទ​ និង​ថេម​ភ្លែត ដើម្បី​អាច​សរសេរ​និង​មើល​អក្សរ​ខ្មែរ​នៅ​លើ​ឧបករណ៍​ទាំង​អស់នោះ​បាន ប៉ុន្តែ​ចុះ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​មួយ​ចំនួន​មិន​ព្រម​សរសេរ​អក្សរ​ខ្មែរ បែរ​ទៅ​ជា​សរសេរ​អក្សរ​អង់​គ្លេស​ឬ​ភាសា​ផ្សេង​ជំនួស​វិញ តើ​វា​ពិបាក​សរសេរ​អក្សរ​ខ្មែរ​ណាស់​មែន​ទេ? ឬ​ក៏​មិ​នចង់​សរសេរ​ ព្រោះ​ខ្លាចគេ​ថា​យើង​ចេះ​តែ​ខ្មែរ តែ​អត់​ចេះភាសា​​អង់​គ្លេស​? ជា​ពិសេស​បង​ប្អូន​ខ្មែរ ដែល​គាត់​បង្តើត​ប្លក់ ឬ​ក៏​គេហទំព័រ​ផ្ទាល់​ខ្លួន​តែ​ម្តង គាត់​ភាគ​ច្រើន​មួយ​ចំនួន​ធំ​ និយម​សរសេរ​ជាភាសា​អង់​គ្លេស ឬ​ភាសា​បារាំង តើ​គាត់​សរសេរ​មក​នេះ​មាន​បំណង​ចង់​ចែក​រំលែក​ដល់​អ្នក​អាន​ដែល​ជា​ជន​ជាតិ​ខ្មែរ​ឬ​ក៏​បរទេស? បើ​គាត់​មាន​បំណង​ចង់​ចែក​រំលែក​ដល់​អ្នក​អាន​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​មែន​​នោះ គួរ​តែ​ងាក​មក​សរសេរ​អក្សរ​ខ្មែរ​វិញ​ទៅ​ល្អ​ជាង កុំ​និយម​តែ​ភា​សា​បរទេស​ខ្លាំង​ពេក ។ សូមងាក​មក​មើល​ប្រទេស​ក្បែរ​ខាង​យើង​វិញ ដូច​ជា​ថៃ យួន និង​ឡាវ ជា​ដើម ពួក​គេ​បានខិត​ខំ​​បក​ប្រែ​ទៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេង​ៗ គេហទំព័រ​ធំៗ​របស់​បរទេស និង​កម្មវិធី​កុំព្យូទ័រ​ កម្មវិធី​ទូរស័ព្ទ​ផ្សេង​ៗ​ជា​ច្រើន ដើម្បីឲ្យ​អក្សរ​និង​ភាសា​របស់​គេ​មាន​នៅ​លើ​របស់​អស់​ទាំង​នោះ​ ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​ដែល​មិន​ចេះ​ភាសាបរទេស (អង់គ្លេស) អាច​ប្រើប្រាស់​បាន​យ៉ាង​រលូន​ជា​មួយ​ភាសា​ជាតិ​របស់​ខ្លួន​ឯង​ផ្ទាល់ ។ និង​ជា​ពិសេស​គេ​ខិតខំ​បក​ប្រែ​អត្ថ​បទ​ផ្សេង​ៗ​ពី​ភាសា​បរទេស​មក​ជា​ភាសា​​ជាតិ​របស់​ខ្លួន ដើម្បី​ចែក​រំលែក​ដល់​អ្នក​អាន​​ឱ្យ​បាន​ដឹង​អំពី​ចំណេះ​ដឹង​ផ្សេង​ៗ​របស់​បរទេស ណាស់​តែ​ខ្មែរខំ​តែ​សរសេរ​ជា​ភាសា​បរទេស​ឱ្យ​តែ​បរទេស​អាន ចែក​រំលែក​តែ​បរទេស ចុះ​ខ្មែរ​គ្នា​ឯងដែល​មិន​អាច​អាន​ភាសា​អង់គ្លេស​បាន​នោះ​ បាន​ទទួល​អ្វី​ពី​ចំណេះ​ដែល​អ្នក​ឯង​បាន​ចែក​រំលែក​នោះ?

ឈ្មោះ​ថា​ជា​កូន​ខ្មែរដែរ តែ​និយាយ​ភាសា​ និង​សរសេរ​អក្សរ​ខ្មែរ​មិន​កើត​ ពេល​ខ្លះ​អាច​យល់​ន័យ​ថា​វា​អ៊ីចឹង តែ​មិន​ដឹង​និយាយថា​ម៉េច នេះ​សម​ជា​កូន​ខ្មែរ​ដែល​ខំ​អួត​ប្រាប់​គេ​ដែរឬ​ទេ? ខ្មែរ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​អក្សរ​សាស្រ្ត​ខ្លួន អាច​ប្រើប្រាស់​អក្សរ​ខុសពី​ក្បួន​ខ្នាត​ដើម ឬ​អាច​វិវត្ត​ផ្នែក​អក្សរ​ទៅ​ទម្រង់​ណា​មួយ​ផ្សេង​ទៀត​ក៏​មិន​ដឹង ។ យើង​ដឹង​ថា​ ទម្រង់​អក្សរ​ដែល​ខ្មែរ​កំពុង​តែ​ប្រើប្រាស់​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​វិវត្ត​ចំនួន ១០ ដង​រួច​មក​ហើយ ។ យើង​ពិបាក​នឹង​ដោះ​ស្រាយ​ណាស់ បើ​សិនជាកូន​ខ្មែរមិន​ចង់​អភិរក្ស​ និង​អភិវឌ្ឍ​អក្សរ​ខ្លួន​នោះ ។

Snapshot_20121205_2

តើ​យើង​មាន​អារម្មណ៍​បែប​ណាដែរ? ជន​ជាតិ​យួន ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​សព្វ​ថ្ងៃ ទោះ​បី​ជា​គេ​ប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​ទំនាក់​ទំនង​ ក៏​គេ​មិនចោល​ភាសា​ជាតិ​របស់​គេ​ដែរ ជនជាតិ​ចិន​និយាយ​ជា​ប្រចាំ ហើយ​គេ​តែង​តែ​ណែនាំ​កូន​ចៅគេឱ្យ​និយាយា​ភាសា​របស់​ជាតិ​សាសន៍​គេ លើស​ពី​នេះ​ទៅ​ទៀត​ចិន និង​យួន ថែម​ទាំង​មាន​ជា​សមាគមន៍​របស់​ខ្លួន​ក្នុង​ទឹក​ដី​ខ្មែរ​ទៀត​ផង ជនជាតិ​ចាម ឬ​ខ្មែរ​អ៊ីសស្លាម​ជា​ដើម សុទ្ធ​តែ​ជា​ជន​ជាតិ​មួយ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​គេ​មិន​ដែល​ចោល​ភាសា​ជាតិ​របស់​គេ​ទាល់​តែ​សោះ ។ គួរ​តែ​ភ្ញាក់​ខ្លួន​ខ្លះៗ​ហើយ​សម្រាប់​អ្នក​ដែល​និយម​ភាសា​បរទេស ក្រឡេក​មក​យល់​ឱ្យ​ច្បាស់​ពី​ភាសាជាតិ​ខ្លួន​វិញ​ម្តង ព្រោះ​យើង​ជា​ជន​ជាតិ​ខ្មែរ មាន​ឈាម​ជ័រ​ជាខ្មែរ មិន​មែន​ឈាម​បរទេស​ទេ ឬ​មួយ​ក៏​គិត​ថា មាន​មោទនភាព​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ខ្លួន​អាច​យល់ សរសេរ និង​និយាយ​ភាសា​បរទេស​បាន​ល្អ ឯភាសា​ខ្មែរ​បាន​ត្រឹម​តែ​យល់ តែ​រក​នឹក​និយាយ​មិន​ចេញ​នោះ ។

បើ​សិន​ជា​យើង​នៅ​តែ​ធ្វើ​សកម្មភាព​ដូច​សព្វ​ថ្ងៃ​នេះ នោះ​អនាគត​ទៅ​ ប្រាកដ​ជា​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​នូវ​ភាសា​ជាតិ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ហើយ​សព្វ​ថ្ងៃ​នេះ​ខ្មែរ​ក៏​កំពុង​តែ​ប្រើប្រាស់​ភាសា​ជាតិ​ខ្លួន​បែប​អាណា​ធិបតេយ្យ​ផង​ដែរ ។

ដំណោះ​ស្រាយ​មាន ២ ធំៗគឺ
ទី១- កត្តា​ខ្លួន​ឯង​ផ្ទាល់
– ត្រូវអប់​រំ​ខ្លួន​ឯង​ គោរព និង​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ជា​របស់​ជាតិ​ខ្លួន​ឯង​ មាន​ស្មារតី​ជាតិ​និយម​ តែ​កុំជ្រុល​ពេក ។

ទី២- កត្តា​សង្គម
– រដ្ឋ​ត្រូវ​អប់​រំ​ចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ឧត្តម​ ឱ្យ​កូន​ខ្មែរ​ប្រាកដ​ខ្លូន​ឯង​ថា អាច​ប្រើប្រាស់​អក្សរ​សាស្ត្រ​ដោយ​មិន​ខុស​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត ចំពោះ​គ្រូ ក៏​ត្រូវ​ប្រាកដ​ថា​ ជា​ជន​ជាតិ​ខ្មែរ​ មាន​សញ្ញា​ប័ត្រ​គ្រប់​គ្រាន ដើម្បី​បង្រៀន​កូន​ខ្មែរ អំពី​អក្សរ​សាស្រ្ត​ខ្មែរ ជា​ពិសេស​ទៅ​ទៀតនោះ​ ត្រូវ​តែ​បណ្តុះកូន​ខ្មែរ​​ឱ្យ​មាន​គំនិត​ជាតិ​និយម ។

– រដ្ឋ​គួរ​តែបង្កើត​កម្មវិធី​បង្ហាញ និង​កែ​តម្រូវ នូវវ​អក្ខរា​វិរុទ្ធ​និង​អក្សរ​សាស្រ្ត​ខ្មែរ នៅ​តាម​បណ្តា​ទូរទស្សន៍​ជាតិ​នានា​ឱ្យ​បាន​ទូលំទូលាយ​បំផុត ជាជាង​ផ្សព្វ​ផ្សាយ​នូវ​ផលិត​ផល​ស្រា​ជា​ដើម​នោះ ។

– ក្រសួង​ព័ត៌​មាន​គួរ​តែ​គ្រប់​គ្រង​ទៅ​លើ​អក្ខ​រាវិរុទ្ធ​ខ្មែរ​ដែល​បាន​ផ្សាយ​ចេញ​តាម​បណ្តា​ទូរទស្សន៍​នាន​ដើម្បី​ជៀស​វាង​ការ​ផ្សាយ​ទៅ​ខុស ។ បើ​ផ្សាយ​របស់​គេ​ខុស​វាមិន​អី​ទេ តែ​បើ​ផ្សាយ​របស់​ខ្លួន​ឯង​ខុស​វិញ​នោះ​មិន​ដឹង​ជា​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា​នោះ​ទេ ។

– បណ្តា​វិទ្យុ​ក្នុង​ស្រុក​នានា គួរតែ​ជ្រើស​រើស​បុគ្គលិក​ណា​ដែល​ចេះ​អក្សរ​ខ្មែរ​ច្បាស់​លាស់ ទាំង​ការ​សរសេរ និង​ការ​ប្រើប្រាស់​ពិសេស​គឺ​ការ​និយា​យ​ស្តី​ ច្បាស់​ៗ និង​ត្រូវ​តាម​ក្បួន​ខ្នាត​នៃ​អក្សរ​សាស្រ្ត​ខ្មែរ ព្រម​ទាំង​ជា​បុគ្គល​ដែល​មាន​សីលធម៌​ក្នុង​ខ្លួនផង​ដែរ ។ ដោយ​មិន​លើ​តែ​សម្លេង​ពីរោះ​នោះ​ទេ ព្រោះ​បុគ្គល​ទាំង​នេះ​គឺ​ជា​អ្នក​អប់​រំ​ដោយ​ប្រយោល ទៅ​ទូទាំង​ផ្ទៃ​ប្រទេស​ចុះ​បើ​គាត់​ផ្សាយ​ទៅ​សុទ្ធ​តែ​ខុស នោះ​មិន​មាន​ន័យ​ថា យើង​អប់​រំ​ឱ្យ​គេ​ខុស​ទៅ​ហើយ​ទេ? ដូចគ្នា​នឹង​បណ្តា​ទូរទស្សន៍​ក្នុង​ស្រុក​នានា​ផង​ដែរ គួរ​តែ​ជ្រើស​រើស​បុគ្គលិក​ដែល​ចេះ​អក្សរ​ខ្មែរ​ច្បាស់​លាល់ ពិសេស​ការ​បញ្ចេញ​សូរសម្លេង និយាយ​ឱ្យ​បាន​ច្បាស់​កុំ​គិត​ថា ឱ្យ​តែ​ស្អាត​បាន​ធ្វើ​ពិធី​ករ ទោះ​បី​ជា​មិន​ទាន់​រៀន​ចប់​ថ្នាក់​អនុវិទ្យាល័យ​ក្តី និយាយ​ខុស​ក៏​មិន​អី​ដែរ​ឱ្យ​តែ​ស្អាត និយាយ​យូរ​ទៅ​នឹងល្អ​ហើយ នោះ​គឺ​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​កិត្តិយស​ជាតិ និង​ស្ថាប័ន​ដែល​ខ្លួន​បម្រើ​ការ​ងារ​ផង ។

បើ​យើង​ក្រឡេក​បែរ​មើល​ប្រវត្តិ​អក្សរ​សាស្រ្ត​ខ្មែរ ពី​ជំ​នាន់​សម្តេច​ជួន​ណាត រហូត​មក​ដល់​ថ្ងៃ​ ១៧ មេសា ១៩៧៥ អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ឡាយ​ជំនាន់​នោះ​ធ្វើ​ការ​រួម​គ្នា ស្រាក់​ដៃ​ទាំង​ក្រុម​ៗ​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​ការ​អភិរក្ស និង​អភិវឌ្ឍន៍​អក្សរ​សាស្រ្ត​ជាតិ​ខ្មែរ​ណាស់ មិន​ថា​គោល​ជំហរ​នយោបាយ​របស់​ប្រទេស​ខ្មែរ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ណា​ឡើយ ចុះ​ហេតុ​អ្វី​ក៏​សម័យ​នេះ​ កូន​ខ្មែរ​បែរ​ជា​បង្វែរ​ទិស១៨០ដឺក្រេ ទៅ​រក​ការ​បំភ្លេច​នូវ​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ឯង​ទៅ​វិញ ៕

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 ម៉ោង 1:23 នាទី (ល្ងាច)

    ជា​ទស្សនៈខ្ញុំផ្ទាល់ គឺ​មិនចូល​ចិត្ត​សោះចំពោះ​ខ្មែរ​យើង​​មួយ​ភាគ​ធំ ដែល​និយម​​យក​អក្សរឡាតាំង មក​សរសេរ​ជា​សំនៀង​ភាសា​ខ្មែរ… ហើយ​ខ្ញុំ​តែង​ចាត់​ទុក​អ្នក​ទាំង​នោះថា ជា​ពួក​វង្វេង​អក្សរ​សាស្រ្ត​ជាតិ…។

    អត្ថបទ​នេះ​​ផ្តល់​ជា​គតិ​ល្អ​ណាស់…។ អរគុណ…

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 ម៉ោង 8:44 នាទី (ល្ងាច)

      អ្នកដែល​និយម​យក​អក្សរ​ឡាតាំង​មក​សរសេរ​ជា​សំនៀង​ភាសា​ខ្មែរ​បែប​នេះ បើ​តាម​ខ្ញុំ​សង្កេត​ឃើញ​គឺ​ជា​យុវវ័យ​ ដែល​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​វ័យ​ងាយ​ទទួល​បាន​នូវ​វប្បធម៌​បរទេស ហើយ​មិន​ទាន់យល់​ច្បាស់​អ្វី​ដែល​ជា​អត្ត​សញ្ញាណ​ជាតិ​របស់​ខ្លួន ។ ភាគ​ច្រើន​គេ​និយម​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក និង​ការ​ផ្តល់​មតិ​ឆ្លើយ​ធ្លង​គ្នា​តាម​បណ្តា​គេហទំ័រ​បណ្តាញ​សង្គម​ផ្សេងៗ ពួក​គេ​មិន​មែន​ជា​អ្នក​វង្វេង​អក្សរ​សាស្រ្ត​ជាតិ​នោះ​ទេ តែ​ពួក​គេ​ពុំ​ទាន់​យល់ និង​មិន​ទាន់​ត្រូវ​បាន​បណ្តុះ​មនៈ​សិកាឱ្យ​ស្រឡាញ់​​នូវ​អត្តសញ្ញាណជាតិ​របស់​ខ្លួន​ឯង ។

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2012 ម៉ោង 7:22 នាទី (ព្រឹក)

        ទំរាំ​តែ​នាំ​គ្នា​​យល់ និង​មាន​មនសិការ ពួក​គេ​អាច​នឹង​វង្វេង​ហើយ… ម្យ៉ាង​ទៀត បើ​ទោះ​ជា​​ថ្ងៃ​​ក្រោយ​ទៅ ​ពួក​គេ​មាន​មនសិការ​ស្រឡាញ់​នូវ​អក្សរ​សាស្រ្ត​ជាតិ​បែប​ងប់​ងុល​​ក៏​ដោយ ក៏​ពួក​គេ​ទាំង​នោះ សរសេរ​ភាសា​ជាតិ​លែង​ដឹង​ក្បាល​កន្ទុយ​អី​ដែរ… ព្រោះ ដោយ​សារ​តែ​មិន​យក​ចិត្ត​ទុក​ដាក់ និយម​សរសេរ​អក្សរ​សាស្រ្ត​ជាតិ​​នេះ…

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 ម៉ោង 1:49 នាទី (ល្ងាច)

    អ្នកមួយចំនួននិយាយថា សរសេរខ្មែរយឺតពេក មិនស្ទាត់ ពិបាកសរសេរ…

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 ម៉ោង 8:47 នាទី (ល្ងាច)

      អ្វី​ទាំង​អស់​គឺ​ផ្តើម​ចេញ​ពី​ការ​ព្យាយាម ? បើ​ពួក​គេ​ព្យាយាម​មិន​យូរ​មិន​ឆាប់​គេអាច​សរសេរ​បាន​យ៉ាង​ស្ទាត់​ ដូចគ្នា​នៅ​ពេល​ដែល​ពួក​គេ​រៀន​សរសេរ​អក្សរ​អង់គ្លេសដំបូង​អ៊ីចឹង​ដែរ ។ ពិបាក​ប៉ុណ្ណា​ទៅ ត្រឹម​តែ​ប៉ុណ្នឹងនោះ រៀន​ខ្មែរ​អស់​១២​ឆ្នាំ​ហើយ គ្រាន់​តែ​វាយ​អក្សរ​ខ្មែរ សោះ​ថា​ពិបាក​​ដែរ!!?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2012 ម៉ោង 7:28 នាទី (ព្រឹក)

      បើ​អីចឹង​ទេ ម៉េច​ក៏​មិន​សសរសេរ​ជា​​ន័យ​ភាសា​អង់គ្លេស​តែ​ម្តង​ទៅ… វា​អាច​កើន​ចំណេះ​ខាង​ភាសា​ហ្នុង​ផង…។ និយាយ​តាម​ត្រង់​ចុះ ពេល​ខ្ញុំ​ជួប​អ្នក​សរសេរ​ពាក្យ​ខ្មែរ​ជាអក្សរ​​ឡាតាំង នាំ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ពិបាក​អាន… រួច​ហើយ​ខ្ញុំ​ដើរ​ចេញ ខ្ជិល​អា​ន​តែ​ម្តង…😀 ​

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 ម៉ោង 5:09 នាទី (ល្ងាច)

    អ្នក​ខ្លះ​គេ​ចូលចិត្ត​សរសេរ​ជា​ឡាតាំង​ ឬ សរសេរ​ជា​អង់គ្លេស​ មក​ពី​អក្សរ​ខ្មែរ​មិន​ទាន់​មាន​ភាពប្រាកដប្រជា..​ព្រោះ ភាគ​ច្រើន​គេ​ចូលចិត្ត​អាន​តាម​ទូរស័ព្ទ ខ្លះ​អាន​កើត​ខ្លះ​មិន​កើត។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 ម៉ោង 9:06 នាទី (ល្ងាច)

      ដោយ​សារ​បច្ចេក​វិទ្យា​រីក​ចម្រើន ជា​ពិសេស​ទូរសព្ទ​ដៃ​ក៏​ដូច្នោះ​ដែរ សព្វ​ថ្ងៃ​នេះ​គេ​និយម​ណាស់ ទាំង​យុវវ័យ ទាំង​មនុស្ស​វ័យ​កណ្តាល​ ដែល​មាន​ថវិកា​ និង​មាន​ជីវភាព​គ្រាន់​បើ សុទ្ធ​តែ​មាន​ទូរស័ព្ទ​ប្រើ​ប្រាស់​គ្រប់​គ្នា ។ ភាគ​ច្រើន​គេ​ចូល​ចិត្ត​អាន​តាម​ទូរស័ព្ទ​មែន តែ​ទូរស័ព្ទ​ដែល​គេ​ប្រើប្រាស់​នោះ​គឺ​ជា​ទូរស័ព្ទ​ទំនើប​ៗ ដែល​អាច​ប្រើប្រាស់​អ៊ីនធ័រ​ណិត​ អាច​បើកវែបសាយ​មើល​ពត៌​មាន​បាន ដូច្នេះ​ហើយប្រហែល​ជា​មាន​អក្សរ​ខ្មែរ​ផង​ដែរ ជា​ពិសេស​ទូរស័ព្ទ​ អាយហ្វូន និង​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ អេនដ្រយ សុទ្ធ​តែ​អាច​មើល​អក្សរ​ខ្មែរ​បាន ។ សួរ​ថា​តើ​អក្សរ​ខ្មែរ​មិនទាន់​មាន​ភាព​ប្រាកដ​ប្រជាដែល​ប្រើ​នៅ​លើ​ទូរស័ព្ទ​ដៃ​មែនទេ​? បើ​យើង​នាំ​គ្នា​បណ្តុះ​គំនិត​ស្រឡាញ់​អក្សរ​ខ្មែរ ប្រើប្រាស់​ទូរស័ព្ទ​ណា​ដែល​គាំ​ទ្រ​អក្សរ​ខ្មែរ នោះ​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​មួយ​ចំនួន​នឹង​ដាក់​បញ្ចូល​អក្សរ​ខ្មែរ ឱ្យ​មាន​នៅ​លើ​ទូរស័ព្ទ​ដៃ​ទាំង​អស់​នោះ​ហើយ ដូចជា​ក្រុម​ហ៊ុន​ LG ដែល​បានគាំ​ទ្រ​ខ្មែរ​យូនីកូដ​នៅ​លើ​ទូរស័ព្ទ​របស់​ខ្លួន! តែ​បើ​យើង​មិន​គាំ​ទ្រ ហើយ​គិត​ថា​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​នេះ​មើល​ទៅ​ដូចជា​មិន​ស្រួល​ដូច​ភាសា​អង់គ្លេស​នោះ នោះ​ក្រុម​ហ៊ុន​ក៏​នឹង​ឈប់​គាំ​ទ្រ​អក្សរ​ខ្មែរ​ឱ្យ​មាន​លើ​ទូរស័ព្ទ​របស់​ខ្លួន​ទៀត​ជា​ពុំ​ខាន​ឡើយ ។ បើ​អ្នក​ដែល​​សរសេរ​ប្លក ឬ​ក៏គេហទំព័រ​ផ្ទាល់​ខ្លួន​នោះ​​គេ​ពិត​ជា​ស្រឡាញ់​អក្សរ​ខ្មែរ​ ឬ​ចង់​សរសេរ​ខ្មែរ​មែន គួរ​តែ​សរសេរជា​ពីរ​ភាសា​ក៏​បាន ។ នេះ​គ្រាន់​តែ​មតិ​បន្តិច​បន្តួច​របស់​ខ្ញុំ​ ។

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 ម៉ោង 9:40 នាទី (ល្ងាច)

        អ្នក​បច្ចេកទេស​ខំ​ជាង​ហ្នឹងបន្តិច​ទៅ ចាំ​មក​បន្ទោស​គេ ព្រោះ​សូម្បី​តែ​ខ្ញុំ​ចេះ​ដឹង​រឿង​បច្ចេកទេស​ហ្នឹង​បន្តិច​បន្តួច​ដែរ​នៅ​យ៉ាប់ ធ្វើ​ឲ្យ​អក្សរខ្មែរ​អាន​នៅ​លើ​ទូរស័ព្ទ​មិន​ទាន់​ចេញ​ផង កុំ​ថា​ឡើយ​ដល់​ទៅ​សរសេរ ។

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមករា ឆ្នាំ 2013 ម៉ោង 9:06 នាទី (ល្ងាច)

    ថែមទាំងធ្វើអោយបទចម្រៀងខ្មែរត៌ឡូវ បាត់បង់ចំណងជើងអស់ ។
    ព្រោះតែនាំគ្នាសរសេរឡាតាំងពេក ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: