បណ្ណសារ

Archive for the ‘អំពីយុវវ័យ’ Category

វិភាគ​រឿង​ស្នេហា​រវាង​ទុំ​នឹង​ទាវ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​មីនា ឆ្នាំ 2013 មតិ ១

ទុំ​ទាវ

រឿង​ទុំ​ទាវ​ជា​រឿង​ដែល​ខ្មែរ​គ្រប់​រូប​ចេះ​ចាំ​ស្ទាត់​ហើយយក​មក​និយាយ​តៗ​គ្នាឥត​មាន​ដាច់​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។ បើ​តាម​អ្នក​ស្រាវ​ជ្រាវ​អក្សរ​សាស្រ្ត​រឿង​នេះ​គឺ​ជា​រឿង​ពិត​ដែល​កើត​មាន​ឡើង​នៅ​សម័យ​លង្វែក​គឺ​នៅ​សតវត្ស​ទី១៦ ទោះ​បី​រឿង​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​យក​មក​និយាយ​នៅ​ខេត្ត​ត្បូង​ឃ្មុំតាំង​ពីសម័យ​នោះ​មក​ក្តី ក៏​នៅ​ឆ្នាំ១៩១៥ គឺ​នៅ​ក្នុង​រាជ ហ្លួង​ ស៊ីសុវត្ថិ លោក​គ្រូ​ព្រះបទុមត្ថេរសោម ចៅ​អធិ​ការ​​​វត្ត​កំព្រៅ​ ស្រុក​​ស៊ី​ធរ​​កណ្តាល​ ខេត្ត​ព្រៃ​វែង បាន​យក​មក​រៀប​រៀង​ទុក​ជា​កេរ្តិ៍​ដំណែល​ដែរ គឺ​ជាវន្ត​កម្ម​អក្សរ​សិល្ប៍​មួយ​ដ៏​ល្អ​ប្រណីត​​សរសេរ​ជា​កាព្យ​ពាក្យ​ប្រាំ​ពីរ​ពី​ដើម​ដល់​ចប់។ នៅ​ឆ្នាំ​១៩៤២ ក្នុង​រាជព្រះ​បាទ​ នរោត្តម សីហនុ កវី​ នូកន បាន​យក​​សរសេរ​ម្តង​ទៀត ប៉ុន្តែ​បាន​ប្រែ​​ឈ្មោះ​ថារឿង​ ទាវឯក​ ដូច្នេះ​វិញ តាក់​តែង​ជា​កាព្យ​ពាក្យ​ប្រាំ​បី ​​រឿង​ទាវឯករបស់​ឧកញ៉ា វិបុលរាជសេនា​ នូកន ក៏​មាន​គេ​ស្គាល់​ច្រើន​​ណាស់​ដែរព្រោះ​មាន​ពន្លឺ​ថ្មី​ៗ​ជា​ច្រើន​ទៀត​។

បើ​តាម​លោក​ លី​ ថៀម​តេង​ កវី​សន្ធរ​ម៉ុក​ក៏បាន​និពន្ធ​រឿង​នេះ​ដែរ​ប៉ុន្តែ​ច្បាប់​ដើម​រក​ពុំ​ឃើញ​គឺ​គ្រាន់​តែ​ឃើញ​សំណៅ​​ខ្លះៗ​​រប៉ាត់​រប៉ាយ​​ហើយ​មិន​គ្រប់​គ្រាន់​។ ចំណែក​ឯ​បណ្ឌិត​ ឃីង ហុក​ឌី​ វិញ​នៅ​ក្នុង​មាលិបទ​អក្សរ​សិល្ប៍​ខ្មែរ​សតវត្ស​ទី១៩ របស់​លោក​នៅ​ត្រង់​ទំព័រ​២០០ លោក​គ្រាន់​តែ​បញ្ជាក់​ថា​នៅ​ឆ្នាំ​១៩៦០​ សាស្រ្តា​ចារ្យ​មួយ​ក្រុម​បាន​បោះ​ផ្សាយ​​រឿង​ទុំ​ទាវ​មួយ​ដែល​គេ​សន្និដ្ឋាន​ថា​​ជា​ស្នា​ដៃ​សន្ធរ​ម៉ុក​ ហើយ​ដែល​លោក ហង់​ ធន់ហាក់ បាន​សរសេរ​អំពី​ប្រវត្តិ​របស់​កវី​រូប​នេះ​នៅ​ក្នុង​ទំព័រ​ខាង​មុខ​។ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​ដំណើរ​រឿង​មិន​ខុស​ពី​គ្នា​ដែរ​ រី​ឯ​ការ​បក​ស្រាយ​សារៈ​នៃ​រឿង​ក៏​ប្រហាក់​ប្រហែល​គ្នា​ដែរ ​ទោះ​បីពុំ​ទាន់​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ប្រមាណ​​ក្តីមក​ទល់​សព្វ​ថ្ងៃ​នេះ។

ជា​ទូ​ទៅ​គេ​យល់​ថា​រឿង​ទុំ​ទាវ​នេះ​ជា​រឿង​ស្នេហា​ដ៏​ល្អ​បរិសុទ្ធ​រវាង​ទុំ​នឹង​ទាវ​ ព្រោះ​នៅ​ពេល​ដែល​ទុំ​ត្រូវ​ពួកអរជួន​​ ម៉ឺន​ងួន​យក​ទៅ​សម្លាប់​ចោល​ នាង​ទាវ​ក៏​សម្លាប់​​ខ្លួន​ទៅ​ជា​មួយ​ដែរ ដូច្នេះ​ឃើញ​ថា​សេចក្តី​ស្មោះ​ត្រង់​របស់​នាង​ទាវចំពោះ​ទុំ​ជា​ការ​មួយ​ដែល​គេ​ពុំ​អាច​ប្រកែក​បាន​។ រី​​ឯ​​បញ្ហា​ដែល​គេ​ចោទ​សួរ​គឺ​ថា តើ​នារី​ម្នាក់​ដែល​មាន​សេចក្តី​ស្នេហា​ដ៏​ធំធេង​ចំពោះ​បុរស​ម្នាក់​​អាច​រក្សា​បាន​ស្មារតី​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ចិត្ត​ម្តាយ​ហើយ​បោះ​បង់​បុរស​ជា​ទី​ស្នេហា​របស់​គេ​បាន​ទេ​?​ ជា​​ទូទៅ​សេចក្តី​ស្នេហា​គឺ​គ្រប់​ដណ្តប់​ទៅ​លើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្តែ​នៅ​ក្នុង​អរិយធម៌​ខ្មែរ​​​ទោះ​ស្នេហា​នោះ​មាន​ទំហំ​ធំ​ប៉ុណ្ណា​ក៏​ដោយ​ក៏​គេ​មិន​អាច​ឬ​មិន​ហ៊ាន​ប្រឆាំង​និងឪពុក​ម្តាយ​បាន​ដែរ។ ជា​ការ​ពិត​ហើយ​ដែល​ថា​សេចក្តី​ស្នេហា​​ទាវ​ចំពោះ​ទុំ​ជា​សេចក្តី​​ស្នេហា​ដ៏​ធំ​ ព្រោះ​នាង​ទាវ​ហ៊ាន​រួម​រ័ក្ស​ជា​មួយ​ទុំ​ដោយ​មិន​ឲ្យ​ម្តាយ​ដឹង​ ហើយ​នៅ​ពេល​នោះ​ទុំ​ទើប​នឹង​​ចាក់​សិក្ខា​​​បទ​​ដោយ​ចិត្ត​ឯង​ទៀត​ផង តាម​ការ​ពិត​ចំណុច​សំខាន់​ដែល​គេ​ពុំ​បាន​កត់​សម្គាល់​គឺ​ថា​នៅ​ពេល​នោះ​ឯង​​ជា​ពិសេស​នៅ​ពេល​ដែល​នាង​ទាវ​បាន​ឃើញ​ទុំ​ជា​លើក​ដំបូង​បង្អស់​ សេចក្តី​ស្នេហា​រវាង​អ្នក​ទាំង​ពីរ​ពិត​ជា​មាន​លក្ខណៈ​ខ្លាំង​អស្ចារ្យមែន​គឺ​លែង​គិត​ពី​អ្វី​ទៀត​ទាំង​អស់​ ប៉ុន្តែ​​​ក្រោយ​មក​គឺ​ក្រោយ​ពេលអ្ន​កទាំង​ពីរ​បាន​ត្រូវ​​ព្រះរាជា​រៀប​ការឲ្យ​ សេចក្តី​ស្នេហា​នោះ​ក៏បាន​បាត់ឥទ្ធិពល​បន្តិចម្តង​ៗ ដោយ​មិន​ដឹង​ខ្លួន​ដែរ។ អាន​បន្ថែម…

មហា​គ្រោះ ព្រោះ​ខ្មែរ​មួយចំនួន​កំពុង​បំបាត់​អត្ត​សញ្ញាណ​ជាតិ​ដោយ​មិន​ដឹង​ខ្លួន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2012 មតិ 10

អក្សរ​សាស្រ្ត​ខ្មែរ ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរ ។ វប្បធម៌​រលត់​ជាតិ​រលាយ ម្នាក់​ៗ​សុទ្ធ​តែ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​វា​បែប​នេះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​សម្លឹង​មើល​មក​បច្ចុប្បន្ន​ មាន​យុវជន​មួយ​ចំ​នួន​ធំ​បាន​កំពុង​តែ​បំភ្លេច​ខ្លួន​​ឯង​ថា​ជា​នរណា ភ្លេច​គិត​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្លួន មើល​ទៅ​ហាក់​បី​ដូច​ជា​ខ្លួន​​ឯង​កំពុង​តែ​សម្លាប់​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ដោយ​មិន​ដឹង ។ តាម​ប្រវត្តិ​សាស្រ្ត បារាំង​បាន​ដាក់​នឹម​អាណា​និគម​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៨៦៣ ដល់​ឆ្នាំ ១៩៥៣ ។ បារាំង​បាន​ព្យាយាម​បំបាត់​អក្សរ​សាស្រ្ត​ខ្មែរ​ ពោល​គឺ​បំបាត់​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ ប៉ុន្តែ​បារាំង​ពុំ​អាច​ធ្វើ​ទៅ​រួច​ទេ ព្រោះ​ខ្មែរ​ទាំង​អស់​រួប​រួម​គ្នាការ​ពារ​ជ្រក​ម្លប់​នៃ​ទី​វត្ត​អារាម​នានា ទើប​ធ្វើ​ឱ្យ​កូន​ខ្មែរ​សព្វ​ថ្ងៃ​បាន​បន្ត​មាន​ និង​បន្ត​ប្រើប្រាស់​អត្តសញ្ញាណ​ជាតិ​ខ្លួន ។ កូន​ខ្មែរ​ក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ បាន​កំពុង​តែ​ប្រើប្រាស់​អក្សរ​សាស្រ្ត​ខុស​ក្បូន​ច្បាប់ និង​ខុស​អក្ខរា​វិរុទ្ធ​ស្ទើរ​ទាំង​ស្រុង រីឯ​កូន​ខ្មែរ​ជា​អាណិក​ជន​វិញ ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ បាន​ត្រឹម​តែ​អាចនិយាយ ឬ​អ្នក​ខ្លះ​បាន​ត្រឹម​តែ​យល់​ដឹង តែ​មិន​អាច​និយាយ​ សរសេរ ឬ​អាន​បាន​ឡើយ ។ ប្រជា​ជន​មួយ​ចំនួន​តូច​ដែល​បាន​ប្រើប្រាស់​អក្សរ​សាស្រ្ត​ខ្មែរ​ធ្វើ​ជា​ស្លាក​យី​ហោ​ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ខ្លួន ក៏​ពុំ​បាន​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ តើ​ពាក្យ​នេះ​ត្រូវ​អក្ខរា​វិរុទ្ធ​ឬ​ទេ? ត្រូវ​ក្បួន​ច្បាប់​នៃ​ការ​ប្រើប្រាស់​ពាក្យ​ដែរ​ឬទេ? ត្រូវ​វេយ្យា​ករណ៍​ដែរ​ទេ? ដោយ​នៅ​តែ​បន្ត​ខុស​ទាំង​ដឹង​និង​មិន​ដឹង​ខ្លួន? តើ​នេះ​អាច​ជា​មហា​គ្រោះ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ដែរ​ឬ​ទេ? បើ​ពិត​ដូច្នោះ​អនាគត​ទៅ​ជាតិ​ខ្មែរ​នឹង​ក្លាយ​ជា​ជាតិសាសន៍​មួយ​ដែល​មាន​ត្រឹម​តែ​សម្បក​ខ្លួន​តែ​ប៉ុណ្ណោះ ។

my facebook status

បើ​យើង​សង្កេត​មើល​ទៅ​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សព្វ​ថ្ងៃ​នេះ​វិញ គឺ​គេ​បាន​បញ្ចូល​អក្សរ​ខ្មែរ​ទៅ​លើ​បច្ចេកវិទ្យា​ទំនើប​ៗដូច​ជា កុំព្យូទ័រ​ ទូរស័ព្ទ​ និង​ថេម​ភ្លែត ដើម្បី​អាច​សរសេរ​និង​មើល​អក្សរ​ខ្មែរ​នៅ​លើ​ឧបករណ៍​ទាំង​អស់នោះ​បាន ប៉ុន្តែ​ចុះ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​មួយ​ចំនួន​មិន​ព្រម​សរសេរ​អក្សរ​ខ្មែរ បែរ​ទៅ​ជា​សរសេរ​អក្សរ​អង់​គ្លេស​ឬ​ភាសា​ផ្សេង​ជំនួស​វិញ តើ​វា​ពិបាក​សរសេរ​អក្សរ​ខ្មែរ​ណាស់​មែន​ទេ? ឬ​ក៏​មិ​នចង់​សរសេរ​ ព្រោះ​ខ្លាចគេ​ថា​យើង​ចេះ​តែ​ខ្មែរ តែ​អត់​ចេះភាសា​​អង់​គ្លេស​? ជា​ពិសេស​បង​ប្អូន​ខ្មែរ ដែល​គាត់​បង្តើត​ប្លក់ ឬ​ក៏​គេហទំព័រ​ផ្ទាល់​ខ្លួន​តែ​ម្តង គាត់​ភាគ​ច្រើន​មួយ​ចំនួន​ធំ​ និយម​សរសេរ​ជាភាសា​អង់​គ្លេស ឬ​ភាសា​បារាំង តើ​គាត់​សរសេរ​មក​នេះ​មាន​បំណង​ចង់​ចែក​រំលែក​ដល់​អ្នក​អាន​ដែល​ជា​ជន​ជាតិ​ខ្មែរ​ឬ​ក៏​បរទេស? បើ​គាត់​មាន​បំណង​ចង់​ចែក​រំលែក​ដល់​អ្នក​អាន​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​មែន​​នោះ គួរ​តែ​ងាក​មក​សរសេរ​អក្សរ​ខ្មែរ​វិញ​ទៅ​ល្អ​ជាង កុំ​និយម​តែ​ភា​សា​បរទេស​ខ្លាំង​ពេក ។ សូមងាក​មក​មើល​ប្រទេស​ក្បែរ​ខាង​យើង​វិញ ដូច​ជា​ថៃ យួន និង​ឡាវ ជា​ដើម ពួក​គេ​បានខិត​ខំ​​បក​ប្រែ​ទៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេង​ៗ គេហទំព័រ​ធំៗ​របស់​បរទេស និង​កម្មវិធី​កុំព្យូទ័រ​ កម្មវិធី​ទូរស័ព្ទ​ផ្សេង​ៗ​ជា​ច្រើន ដើម្បីឲ្យ​អក្សរ​និង​ភាសា​របស់​គេ​មាន​នៅ​លើ​របស់​អស់​ទាំង​នោះ​ ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​ដែល​មិន​ចេះ​ភាសាបរទេស (អង់គ្លេស) អាច​ប្រើប្រាស់​បាន​យ៉ាង​រលូន​ជា​មួយ​ភាសា​ជាតិ​របស់​ខ្លួន​ឯង​ផ្ទាល់ ។ និង​ជា​ពិសេស​គេ​ខិតខំ​បក​ប្រែ​អត្ថ​បទ​ផ្សេង​ៗ​ពី​ភាសា​បរទេស​មក​ជា​ភាសា​​ជាតិ​របស់​ខ្លួន ដើម្បី​ចែក​រំលែក​ដល់​អ្នក​អាន​​ឱ្យ​បាន​ដឹង​អំពី​ចំណេះ​ដឹង​ផ្សេង​ៗ​របស់​បរទេស ណាស់​តែ​ខ្មែរខំ​តែ​សរសេរ​ជា​ភាសា​បរទេស​ឱ្យ​តែ​បរទេស​អាន ចែក​រំលែក​តែ​បរទេស ចុះ​ខ្មែរ​គ្នា​ឯងដែល​មិន​អាច​អាន​ភាសា​អង់គ្លេស​បាន​នោះ​ បាន​ទទួល​អ្វី​ពី​ចំណេះ​ដែល​អ្នក​ឯង​បាន​ចែក​រំលែក​នោះ?

ឈ្មោះ​ថា​ជា​កូន​ខ្មែរដែរ តែ​និយាយ​ភាសា​ និង​សរសេរ​អក្សរ​ខ្មែរ​មិន​កើត​ ពេល​ខ្លះ​អាច​យល់​ន័យ​ថា​វា​អ៊ីចឹង តែ​មិន​ដឹង​និយាយថា​ម៉េច នេះ​សម​ជា​កូន​ខ្មែរ​ដែល​ខំ​អួត​ប្រាប់​គេ​ដែរឬ​ទេ? ខ្មែរ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​អក្សរ​សាស្រ្ត​ខ្លួន អាច​ប្រើប្រាស់​អក្សរ​ខុសពី​ក្បួន​ខ្នាត​ដើម ឬ​អាច​វិវត្ត​ផ្នែក​អក្សរ​ទៅ​ទម្រង់​ណា​មួយ​ផ្សេង​ទៀត​ក៏​មិន​ដឹង ។ យើង​ដឹង​ថា​ ទម្រង់​អក្សរ​ដែល​ខ្មែរ​កំពុង​តែ​ប្រើប្រាស់​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​វិវត្ត​ចំនួន ១០ ដង​រួច​មក​ហើយ ។ យើង​ពិបាក​នឹង​ដោះ​ស្រាយ​ណាស់ បើ​សិនជាកូន​ខ្មែរមិន​ចង់​អភិរក្ស​ និង​អភិវឌ្ឍ​អក្សរ​ខ្លួន​នោះ ។

Snapshot_20121205_2

តើ​យើង​មាន​អារម្មណ៍​បែប​ណាដែរ? ជន​ជាតិ​យួន ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​សព្វ​ថ្ងៃ ទោះ​បី​ជា​គេ​ប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​ទំនាក់​ទំនង​ ក៏​គេ​មិនចោល​ភាសា​ជាតិ​របស់​គេ​ដែរ ជនជាតិ​ចិន​និយាយ​ជា​ប្រចាំ ហើយ​គេ​តែង​តែ​ណែនាំ​កូន​ចៅគេឱ្យ​និយាយា​ភាសា​របស់​ជាតិ​សាសន៍​គេ លើស​ពី​នេះ​ទៅ​ទៀត​ចិន និង​យួន ថែម​ទាំង​មាន​ជា​សមាគមន៍​របស់​ខ្លួន​ក្នុង​ទឹក​ដី​ខ្មែរ​ទៀត​ផង ជនជាតិ​ចាម ឬ​ខ្មែរ​អ៊ីសស្លាម​ជា​ដើម សុទ្ធ​តែ​ជា​ជន​ជាតិ​មួយ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​គេ​មិន​ដែល​ចោល​ភាសា​ជាតិ​របស់​គេ​ទាល់​តែ​សោះ ។ គួរ​តែ​ភ្ញាក់​ខ្លួន​ខ្លះៗ​ហើយ​សម្រាប់​អ្នក​ដែល​និយម​ភាសា​បរទេស ក្រឡេក​មក​យល់​ឱ្យ​ច្បាស់​ពី​ភាសាជាតិ​ខ្លួន​វិញ​ម្តង ព្រោះ​យើង​ជា​ជន​ជាតិ​ខ្មែរ មាន​ឈាម​ជ័រ​ជាខ្មែរ មិន​មែន​ឈាម​បរទេស​ទេ ឬ​មួយ​ក៏​គិត​ថា មាន​មោទនភាព​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ខ្លួន​អាច​យល់ សរសេរ និង​និយាយ​ភាសា​បរទេស​បាន​ល្អ ឯភាសា​ខ្មែរ​បាន​ត្រឹម​តែ​យល់ តែ​រក​នឹក​និយាយ​មិន​ចេញ​នោះ ។

បើ​សិន​ជា​យើង​នៅ​តែ​ធ្វើ​សកម្មភាព​ដូច​សព្វ​ថ្ងៃ​នេះ នោះ​អនាគត​ទៅ​ ប្រាកដ​ជា​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​នូវ​ភាសា​ជាតិ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ហើយ​សព្វ​ថ្ងៃ​នេះ​ខ្មែរ​ក៏​កំពុង​តែ​ប្រើប្រាស់​ភាសា​ជាតិ​ខ្លួន​បែប​អាណា​ធិបតេយ្យ​ផង​ដែរ ។

ដំណោះ​ស្រាយ​មាន ២ ធំៗគឺ
ទី១- កត្តា​ខ្លួន​ឯង​ផ្ទាល់
– ត្រូវអប់​រំ​ខ្លួន​ឯង​ គោរព និង​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ជា​របស់​ជាតិ​ខ្លួន​ឯង​ មាន​ស្មារតី​ជាតិ​និយម​ តែ​កុំជ្រុល​ពេក ។

ទី២- កត្តា​សង្គម
– រដ្ឋ​ត្រូវ​អប់​រំ​ចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ឧត្តម​ ឱ្យ​កូន​ខ្មែរ​ប្រាកដ​ខ្លូន​ឯង​ថា អាច​ប្រើប្រាស់​អក្សរ​សាស្ត្រ​ដោយ​មិន​ខុស​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត ចំពោះ​គ្រូ ក៏​ត្រូវ​ប្រាកដ​ថា​ ជា​ជន​ជាតិ​ខ្មែរ​ មាន​សញ្ញា​ប័ត្រ​គ្រប់​គ្រាន ដើម្បី​បង្រៀន​កូន​ខ្មែរ អំពី​អក្សរ​សាស្រ្ត​ខ្មែរ ជា​ពិសេស​ទៅ​ទៀតនោះ​ ត្រូវ​តែ​បណ្តុះកូន​ខ្មែរ​​ឱ្យ​មាន​គំនិត​ជាតិ​និយម ។

– រដ្ឋ​គួរ​តែបង្កើត​កម្មវិធី​បង្ហាញ និង​កែ​តម្រូវ នូវវ​អក្ខរា​វិរុទ្ធ​និង​អក្សរ​សាស្រ្ត​ខ្មែរ នៅ​តាម​បណ្តា​ទូរទស្សន៍​ជាតិ​នានា​ឱ្យ​បាន​ទូលំទូលាយ​បំផុត ជាជាង​ផ្សព្វ​ផ្សាយ​នូវ​ផលិត​ផល​ស្រា​ជា​ដើម​នោះ ។

– ក្រសួង​ព័ត៌​មាន​គួរ​តែ​គ្រប់​គ្រង​ទៅ​លើ​អក្ខ​រាវិរុទ្ធ​ខ្មែរ​ដែល​បាន​ផ្សាយ​ចេញ​តាម​បណ្តា​ទូរទស្សន៍​នាន​ដើម្បី​ជៀស​វាង​ការ​ផ្សាយ​ទៅ​ខុស ។ បើ​ផ្សាយ​របស់​គេ​ខុស​វាមិន​អី​ទេ តែ​បើ​ផ្សាយ​របស់​ខ្លួន​ឯង​ខុស​វិញ​នោះ​មិន​ដឹង​ជា​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា​នោះ​ទេ ។

– បណ្តា​វិទ្យុ​ក្នុង​ស្រុក​នានា គួរតែ​ជ្រើស​រើស​បុគ្គលិក​ណា​ដែល​ចេះ​អក្សរ​ខ្មែរ​ច្បាស់​លាស់ ទាំង​ការ​សរសេរ និង​ការ​ប្រើប្រាស់​ពិសេស​គឺ​ការ​និយា​យ​ស្តី​ ច្បាស់​ៗ និង​ត្រូវ​តាម​ក្បួន​ខ្នាត​នៃ​អក្សរ​សាស្រ្ត​ខ្មែរ ព្រម​ទាំង​ជា​បុគ្គល​ដែល​មាន​សីលធម៌​ក្នុង​ខ្លួនផង​ដែរ ។ ដោយ​មិន​លើ​តែ​សម្លេង​ពីរោះ​នោះ​ទេ ព្រោះ​បុគ្គល​ទាំង​នេះ​គឺ​ជា​អ្នក​អប់​រំ​ដោយ​ប្រយោល ទៅ​ទូទាំង​ផ្ទៃ​ប្រទេស​ចុះ​បើ​គាត់​ផ្សាយ​ទៅ​សុទ្ធ​តែ​ខុស នោះ​មិន​មាន​ន័យ​ថា យើង​អប់​រំ​ឱ្យ​គេ​ខុស​ទៅ​ហើយ​ទេ? ដូចគ្នា​នឹង​បណ្តា​ទូរទស្សន៍​ក្នុង​ស្រុក​នានា​ផង​ដែរ គួរ​តែ​ជ្រើស​រើស​បុគ្គលិក​ដែល​ចេះ​អក្សរ​ខ្មែរ​ច្បាស់​លាល់ ពិសេស​ការ​បញ្ចេញ​សូរសម្លេង និយាយ​ឱ្យ​បាន​ច្បាស់​កុំ​គិត​ថា ឱ្យ​តែ​ស្អាត​បាន​ធ្វើ​ពិធី​ករ ទោះ​បី​ជា​មិន​ទាន់​រៀន​ចប់​ថ្នាក់​អនុវិទ្យាល័យ​ក្តី និយាយ​ខុស​ក៏​មិន​អី​ដែរ​ឱ្យ​តែ​ស្អាត និយាយ​យូរ​ទៅ​នឹងល្អ​ហើយ នោះ​គឺ​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​កិត្តិយស​ជាតិ និង​ស្ថាប័ន​ដែល​ខ្លួន​បម្រើ​ការ​ងារ​ផង ។

បើ​យើង​ក្រឡេក​បែរ​មើល​ប្រវត្តិ​អក្សរ​សាស្រ្ត​ខ្មែរ ពី​ជំ​នាន់​សម្តេច​ជួន​ណាត រហូត​មក​ដល់​ថ្ងៃ​ ១៧ មេសា ១៩៧៥ អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ឡាយ​ជំនាន់​នោះ​ធ្វើ​ការ​រួម​គ្នា ស្រាក់​ដៃ​ទាំង​ក្រុម​ៗ​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​ការ​អភិរក្ស និង​អភិវឌ្ឍន៍​អក្សរ​សាស្រ្ត​ជាតិ​ខ្មែរ​ណាស់ មិន​ថា​គោល​ជំហរ​នយោបាយ​របស់​ប្រទេស​ខ្មែរ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ណា​ឡើយ ចុះ​ហេតុ​អ្វី​ក៏​សម័យ​នេះ​ កូន​ខ្មែរ​បែរ​ជា​បង្វែរ​ទិស១៨០ដឺក្រេ ទៅ​រក​ការ​បំភ្លេច​នូវ​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​ឯង​ទៅ​វិញ ៕

អត្ថន័យ​ស្នេហានៅ​ក្នុងអក្សរសិល្ប៍​បុរាណ និងសម័យ​ទំនើប

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2012 មតិ ១

នៅ​ក្នុង​រឿង​រាម​កេរ្តិ៍ រឿង​សាស្រ្តា​​ល្បែង​នានា​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រលោម​លោក​សម័យ​ទំនើប​បញ្ហា​ស្នេហា​ជា​បញ្ហា​មួយ​ដ៏​សំខាន់​មិន​អាច​ប្រកែក​បាន ។ នៅ​ក្នុង​រឿង​រាម​កេរ្តិ៍ ព្រះ​រាម​និង​បរិវារ​ធ្វើ​សង្រ្គាម​ជាមួយ​យក្ស​ទសមុខ​ព្រោះ​តែ​រឿង​នាង​សេដា រីឯ​នៅ​ក្នុង​រឿង​ពុទ្ធិ​សែន ឬ​រឿង​នាង​ពីរ​ដណ្តប់ នាង​កង្រី​ឈឺ​ដល់​ស្លាប់​ក៏ព្រោះតែ​បាត់​បុរស​ជា​ទី​ស្នេហា​ រឿង​ផ្កា​ស្រពោន របស់​លោក​នូ ហាច ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ។ នៅ​ក្នុង​រឿង​បីសាច​ស្នេហា របស់​លោ​កញ៉ុក ថែម នាង​សារុន កើត​ចិត្ត​សង​សឹក​ចង់​សម្លាប់​នាង​សារី​ជា​បង​ ក៏​ព្រោះ​តែ​ចៅ​ក្រម​រ៉ប ជ្រើស​រើស​នាង​សារី ហើយ​នៅ​ទី​បំផុត​ក៏​សម្លាប់​ខ្លួន​តែ​ម្តង ។ ចំពោះ​រឿង​ទំទាវ ទោះ​បី​នាង​ទាវ​បាន​បោះ​បង់​ទុំ​ចោល ហើយ​ទៅ​រៀប​ការ​ជាមួយ​ម៉ឹន​ ឃួន វិញ​ក្តី​ក៏​សម្រេច​​សម្រួច​ទៅ​សុខ​ចិត្ត​ស្លាប់​ទៅ​តាម​ទុំដដែល​ជា​ដដែល បើ​និយាយ​ពី​រឿង​កាកី​វិញ ដែល​ជា​រឿង​កើត​មាន​ឡើងនៅ​ក្នុង​មជ្ឈដ្ឋាន​អភិជន សេចក្តី​ស្នេហា​មាន​លក្ខណៈ​ប្រាដក​និយម​បំផុត​គឺ​ប្រៀប​បាន​ទៅ​នឹង​ទស្សនៈ រាមច្ចនៈ​មហាបណ្ឌិត ឬ​របស់​លោកនាគ​ ប្រទិព្វ អ្នក​ដែល​បាន​ចង​ក្រង​រឿង​ ស្រី​ហិតោ​បរទេស ដូច្នេះ​ដែរ ។

តាម​ការ​ពិត​ទៅ​រឿង​ស្នេហា​ដែល​អ្នក​និពន្ធ​ទាំង​នោះ​បាន​លើក​ឡើង​សុទ្ធ​តែ​មាន​លក្ខណៈ​ខុស​គ្នា​ទាំង​អស់ ទោះ​ជា​យ៉ាង​ណា​ក្តី​គេ​សង្កេត​ឃើញ​​ថា​សេចក្តី​ស្នេហា​ដែល​មាន​ថាម​​ពល​ដ៏ខ្លាំង​ក្លា​ច្រើន​ជា​សេចក្តី​ស្នេហា​ដែល​ជួប​នឹង​ឧបសគ្គ ជួន​កាល​ទៅ​ជា​ឧបសគ្គ​សង្គម ឧបសគ្គ​គ្រួសារ ឧបសគ្គ​នយោបាយ ប៉ុន្តែ​បញ្ហា​ស្នេហា​ត្រី​កោណមិន​សូវ​បាន​ត្រូវ​អ្នក​និពន្ធ​ខ្មែរ​លើក​​យក​មក​លាត​ត្រដាង​ឲ្យ​បាន​ពិស្តារ​ប៉ុន្មាន​ទេ ។

តើ​ស្នេហា​ជា​អ្វីទៅ បាន​ជា​បង្កើត​រឿង​ច្រើន​បែប​នេះ?

នៅ​ក្នុង​រឿង​រាមកេរ្តិ៍ សេចក្តី​ស្នេហា​កើត​ចេញ​ពី​សម្ផស្ស​ដ៏​អស្ចារ្យ​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​របស់​នាង​សេដា គឺ​ជា​កម្មវត្ថុ​នៃ​ការ​ប៉ង​ប្រាថ្នា​របស់​អ្នក​មាន​រិទ្ធិ​អំណាច គ្មាន​អ្នក​មាន​រិទ្ធិ​អំណាច​ណា​ម្នាក់​អាច​បាត់​បង់​នាង​បាន​នោះ​ឡើយ ព្រោះ​សម្ផស្ស​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នេះ​ក៏​ជា​និមិត្ត​រូប​នៃ​អំណាច​ដូច្នេះ​ដែរ គឺ​អំណាច​គ្រប់​គ្រង​ទៅ​លើ​មនោ​សញ្ចេតនារបស់​ស្ត្រី​ភេទ ទន្ទឹម​នឹង​អំណាច​អាណា​ចក្រ​ទាំង​មូល ។ សេចក្តី​ស្នេហា​រវាង​ទុំ​និង​ទាវ​ជា​ស្នេហា​ដែល​កើត​ចេញ​ពី​ការ​រំភើប​ទៅ​វិញ​ទៅ​មក គឺ​ស្នេហា​​ម្យ៉ា​ង​ដែល​​ពុំ​អាច​ឋិត​ថេរ​បាន​ឡើយ​កាល​ណា​រស់​នៅ​ផ្អួម​ជូរ​ជា​មួយ​គ្នា​យូរ​ពេក ។ យ៉ាង​ណា​មិញ​សេចក្តី​ស្នេហា​របស់​នាងកាកី ទៅ​លើ​រូប​ស្ដេច​ព្រហ្ម​ទន្ត បាន​រលត់​ទៅ​វិញ​ព្រោះ​តែ​ការ​អផ្សុក​ ប៉ុន្តែ​បាន​កើត​មាន​ម្តង​ទៀត​នៅ​ពេល​ដែល​នាង​កាកី មាន​ការ​រំភើប​ទៅ​លើ​សម្ផស្ស​នៃ​បុរស​ម្នាក់​ទៀត រី​ឯ​សេចក្តី​ស្នេហា​របស់​នាង​កង្រី​ទៅ​លើ​ពុទ្ធិសែន​​វិញគឺ​ជា​សេចក្តី​ស្នេហា​ដាច់​ខាត គឺ​ស្នេហា​ដ៏​បរិសុទ្ធ​ដែល​គេ អាន​បន្ថែម…

តើ​អ្នក​ហ៊ាន​ចូលរួមជាមួយ ឡូយ៩ ដែរ​ទេ?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែតុលា ឆ្នាំ 2011 មតិ ១

អង្គការ​ BBC World Service Trust កំពុង​ដំណើរ​ការ​យុទ្ធ​នា​ការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយចម្រុះ​ដ៏ធំមួយ ក្រោម​ការ​ទទួល​ជំនួយ​ពី​កម្មវិធីអភិវឌ្ឍ​សហ​ប្រជាជាតិ UNDP ។ យុទ្ធនា​ការ​ណ៍​នេះ​នឹង​គាំ​ទ្រ​យុវជន ឱ្យ​មាន​ការ​ចូល​រួម​ក្នុង ការងារ​សង្គម ហើយ​នឹង​ចាប់​ផ្តើម​នៅ​ដើមឆ្នាំ​ ២០១២ នេះ ។

នៅ​ក្នុង​គម្រោង​លើក​នេះ អង្គការ​ BBC World Service Trust និង​ផលិត​នូវ​រឿង​ភាគ​មួយ ដែល​និយាយអំពី​ជីវិត​យុវជន​មួយ​ក្រុម​នៅ​ជន​បទ ហើយ​ពួក​គេ​ធ្វើ​ការជា​មួយ​គ្នា ដើម្បី​សម្រេច​គោល​ដៅ​មួយ ។

ដូច្នេះ​អង្គការ BBC World Service Trust ត្រូវ​ការ​ជ្រើស​រើស​តួ​សម្តែង​ និង​ពិធី​ករពិធីការិនី​សម្រាប់​កម្មវិធី​ទូរទស្សន៍​ យុវវ័យ ឡូយ​៩ ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូចខាង​ក្រោម ៖

  • លក្ខណៈ​សម្បត្តិ​របស់​តួ​ប្រុស និង​ តួស្រី (ត្រូវ​ការ​ច្រើន​នាក់)
  1. មាន​អាយុ​ពី ១៥ ទៅ ២៥ ឆ្នាំ
  2. មាន​ទេព​កោសល្យ ភាព​ក្លាហាន និង ស្រឡាញ់​ការ​សម្តែង
  3. មាន​រូប​សម្បត្តិ​សមរម្យ ហើយ​ពុំចាំ​បាច់​មាន​បទ​ពិសោធន៍​ក្នុង​ការ​សម្តែង​អ្វីទេ ។
  • លក្ខណៈ​សម្បត្តិ​របស់​ពិធី​ករ និង​ ពិធី​ការិនី (៥នាក់)
  1. អាយុពី​ ១៥ ទៅ ២៥ ឆ្នាំ
  2. មាន​រូប​សម្បត្តិ​សមរម្យ រួសរាយរាក់ទាក់
  3. មាន​ទេពកោសល​ក្នុង​ការ​និយាយ មាន​ភាព​ក្លាហាន ស្រឡាញ់​ការងារ​ជា​ពិធី​ករ​ ហើយ​ពុំ​ចាំ​បាច់​មាន​បទពិសោធន៍​ពី​មុន​មក ។

រាល់​បេក្ខជន និងបេក្ខ​នារី​ដែល​មាន​ចំណាប់​អារម្មណ៍​ អាច​មក​ចូល​រួម​ការ​សាក​ល្បង សមត្ថភាព​នៅ​ ដេប៉ាត​ម៉ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ សារគមនាគមន៍ ដែល​មាន​អាសយ​ដ្ឋាន តាម​បណ្តោយ មហាវិថី​សហព័ន្ធ​រូស្ស៊ី (ស្ថិត​ក្នុង​បរិវេណ វិទ្យាស្ថាន​ភាសាបរទេស​ IFL​) នៅ​ថ្ងៃ​ អាទិត្យ ​​ទី ២៣ តុលា ចាប់​ពី​ម៉ោង​ ៩ ព្រឹក ដល់​ម៉ោង ៦ ល្ងាច ។

ពត៌​មាន​បន្ថែម​អាច​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​ ០៩៥ ៧៧៧ ០៦៨