បណ្ណសារ

Archive for the ‘ចិត្តសាស្រ្ត’ Category

វិភាគ​រឿង​ស្នេហា​រវាង​ទុំ​នឹង​ទាវ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​មីនា ឆ្នាំ 2013 មតិ ១

ទុំ​ទាវ

រឿង​ទុំ​ទាវ​ជា​រឿង​ដែល​ខ្មែរ​គ្រប់​រូប​ចេះ​ចាំ​ស្ទាត់​ហើយយក​មក​និយាយ​តៗ​គ្នាឥត​មាន​ដាច់​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។ បើ​តាម​អ្នក​ស្រាវ​ជ្រាវ​អក្សរ​សាស្រ្ត​រឿង​នេះ​គឺ​ជា​រឿង​ពិត​ដែល​កើត​មាន​ឡើង​នៅ​សម័យ​លង្វែក​គឺ​នៅ​សតវត្ស​ទី១៦ ទោះ​បី​រឿង​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​យក​មក​និយាយ​នៅ​ខេត្ត​ត្បូង​ឃ្មុំតាំង​ពីសម័យ​នោះ​មក​ក្តី ក៏​នៅ​ឆ្នាំ១៩១៥ គឺ​នៅ​ក្នុង​រាជ ហ្លួង​ ស៊ីសុវត្ថិ លោក​គ្រូ​ព្រះបទុមត្ថេរសោម ចៅ​អធិ​ការ​​​វត្ត​កំព្រៅ​ ស្រុក​​ស៊ី​ធរ​​កណ្តាល​ ខេត្ត​ព្រៃ​វែង បាន​យក​មក​រៀប​រៀង​ទុក​ជា​កេរ្តិ៍​ដំណែល​ដែរ គឺ​ជាវន្ត​កម្ម​អក្សរ​សិល្ប៍​មួយ​ដ៏​ល្អ​ប្រណីត​​សរសេរ​ជា​កាព្យ​ពាក្យ​ប្រាំ​ពីរ​ពី​ដើម​ដល់​ចប់។ នៅ​ឆ្នាំ​១៩៤២ ក្នុង​រាជព្រះ​បាទ​ នរោត្តម សីហនុ កវី​ នូកន បាន​យក​​សរសេរ​ម្តង​ទៀត ប៉ុន្តែ​បាន​ប្រែ​​ឈ្មោះ​ថារឿង​ ទាវឯក​ ដូច្នេះ​វិញ តាក់​តែង​ជា​កាព្យ​ពាក្យ​ប្រាំ​បី ​​រឿង​ទាវឯករបស់​ឧកញ៉ា វិបុលរាជសេនា​ នូកន ក៏​មាន​គេ​ស្គាល់​ច្រើន​​ណាស់​ដែរព្រោះ​មាន​ពន្លឺ​ថ្មី​ៗ​ជា​ច្រើន​ទៀត​។

បើ​តាម​លោក​ លី​ ថៀម​តេង​ កវី​សន្ធរ​ម៉ុក​ក៏បាន​និពន្ធ​រឿង​នេះ​ដែរ​ប៉ុន្តែ​ច្បាប់​ដើម​រក​ពុំ​ឃើញ​គឺ​គ្រាន់​តែ​ឃើញ​សំណៅ​​ខ្លះៗ​​រប៉ាត់​រប៉ាយ​​ហើយ​មិន​គ្រប់​គ្រាន់​។ ចំណែក​ឯ​បណ្ឌិត​ ឃីង ហុក​ឌី​ វិញ​នៅ​ក្នុង​មាលិបទ​អក្សរ​សិល្ប៍​ខ្មែរ​សតវត្ស​ទី១៩ របស់​លោក​នៅ​ត្រង់​ទំព័រ​២០០ លោក​គ្រាន់​តែ​បញ្ជាក់​ថា​នៅ​ឆ្នាំ​១៩៦០​ សាស្រ្តា​ចារ្យ​មួយ​ក្រុម​បាន​បោះ​ផ្សាយ​​រឿង​ទុំ​ទាវ​មួយ​ដែល​គេ​សន្និដ្ឋាន​ថា​​ជា​ស្នា​ដៃ​សន្ធរ​ម៉ុក​ ហើយ​ដែល​លោក ហង់​ ធន់ហាក់ បាន​សរសេរ​អំពី​ប្រវត្តិ​របស់​កវី​រូប​នេះ​នៅ​ក្នុង​ទំព័រ​ខាង​មុខ​។ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​ដំណើរ​រឿង​មិន​ខុស​ពី​គ្នា​ដែរ​ រី​ឯ​ការ​បក​ស្រាយ​សារៈ​នៃ​រឿង​ក៏​ប្រហាក់​ប្រហែល​គ្នា​ដែរ ​ទោះ​បីពុំ​ទាន់​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ប្រមាណ​​ក្តីមក​ទល់​សព្វ​ថ្ងៃ​នេះ។

ជា​ទូ​ទៅ​គេ​យល់​ថា​រឿង​ទុំ​ទាវ​នេះ​ជា​រឿង​ស្នេហា​ដ៏​ល្អ​បរិសុទ្ធ​រវាង​ទុំ​នឹង​ទាវ​ ព្រោះ​នៅ​ពេល​ដែល​ទុំ​ត្រូវ​ពួកអរជួន​​ ម៉ឺន​ងួន​យក​ទៅ​សម្លាប់​ចោល​ នាង​ទាវ​ក៏​សម្លាប់​​ខ្លួន​ទៅ​ជា​មួយ​ដែរ ដូច្នេះ​ឃើញ​ថា​សេចក្តី​ស្មោះ​ត្រង់​របស់​នាង​ទាវចំពោះ​ទុំ​ជា​ការ​មួយ​ដែល​គេ​ពុំ​អាច​ប្រកែក​បាន​។ រី​​ឯ​​បញ្ហា​ដែល​គេ​ចោទ​សួរ​គឺ​ថា តើ​នារី​ម្នាក់​ដែល​មាន​សេចក្តី​ស្នេហា​ដ៏​ធំធេង​ចំពោះ​បុរស​ម្នាក់​​អាច​រក្សា​បាន​ស្មារតី​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ចិត្ត​ម្តាយ​ហើយ​បោះ​បង់​បុរស​ជា​ទី​ស្នេហា​របស់​គេ​បាន​ទេ​?​ ជា​​ទូទៅ​សេចក្តី​ស្នេហា​គឺ​គ្រប់​ដណ្តប់​ទៅ​លើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្តែ​នៅ​ក្នុង​អរិយធម៌​ខ្មែរ​​​ទោះ​ស្នេហា​នោះ​មាន​ទំហំ​ធំ​ប៉ុណ្ណា​ក៏​ដោយ​ក៏​គេ​មិន​អាច​ឬ​មិន​ហ៊ាន​ប្រឆាំង​និងឪពុក​ម្តាយ​បាន​ដែរ។ ជា​ការ​ពិត​ហើយ​ដែល​ថា​សេចក្តី​ស្នេហា​​ទាវ​ចំពោះ​ទុំ​ជា​សេចក្តី​​ស្នេហា​ដ៏​ធំ​ ព្រោះ​នាង​ទាវ​ហ៊ាន​រួម​រ័ក្ស​ជា​មួយ​ទុំ​ដោយ​មិន​ឲ្យ​ម្តាយ​ដឹង​ ហើយ​នៅ​ពេល​នោះ​ទុំ​ទើប​នឹង​​ចាក់​សិក្ខា​​​បទ​​ដោយ​ចិត្ត​ឯង​ទៀត​ផង តាម​ការ​ពិត​ចំណុច​សំខាន់​ដែល​គេ​ពុំ​បាន​កត់​សម្គាល់​គឺ​ថា​នៅ​ពេល​នោះ​ឯង​​ជា​ពិសេស​នៅ​ពេល​ដែល​នាង​ទាវ​បាន​ឃើញ​ទុំ​ជា​លើក​ដំបូង​បង្អស់​ សេចក្តី​ស្នេហា​រវាង​អ្នក​ទាំង​ពីរ​ពិត​ជា​មាន​លក្ខណៈ​ខ្លាំង​អស្ចារ្យមែន​គឺ​លែង​គិត​ពី​អ្វី​ទៀត​ទាំង​អស់​ ប៉ុន្តែ​​​ក្រោយ​មក​គឺ​ក្រោយ​ពេលអ្ន​កទាំង​ពីរ​បាន​ត្រូវ​​ព្រះរាជា​រៀប​ការឲ្យ​ សេចក្តី​ស្នេហា​នោះ​ក៏បាន​បាត់ឥទ្ធិពល​បន្តិចម្តង​ៗ ដោយ​មិន​ដឹង​ខ្លួន​ដែរ។ អាន​បន្ថែម…

មហា​ចោរ​នៅ​ទល់ដែន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​កុម្ភៈ ឆ្នាំ 2013 មតិ ១

រឿងមហាចោរនៅទល់ដែន

នៅ​ចន្លោះឆ្នាំ ១៩៥២ ១៩៥៦ ស្នាដៃ​អក្សរ​សិល្ប៍​ខ្មែរ​បាន​ផុស​ឡើង​ព្រោង​ព្រៀតប្រលោម​លោក​ខ្មែរ​ត្រូវ​បាន​គេ​និយម​ច្រើន​ទៅ​ៗ​តាំង​ពី​ពេល​នោះ​មក​ដែរ គឺនៅ​សម័យ​នោះ​ហើយ​ដែល​លោក សាង សាវាត បាន​និពន្ធ​រឿង​មហា​ចោរ​នៅ​ទល់​ដែន​ បោះ​ពុម្ព​ផ្សាយជា​លើក​​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ ១៩៥៥។ រឿង​មហា​ចោរ​នៅ​ទល់​ដែន​នេះ​លើក​ឡើង​អំពី​វីរៈ​ភាព​របស់​មេ​ទ័ព​ម្នាក់​ឈ្មោះ​ មានន្ទ កាល​ពី​ឆ្នាំ​ ១៨៦៥ គឺជំនាន់​សៀមប៉ុនប៉ង​យក​ទឹក​ដី​ខ្មែរ មានន្ទ ជា​កូន​អ្នក​គ្រប់​គ្រង​ខេត្ត​សិរីសោភ័ណ​ម្នាក់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ព្រះកំពុត ព្រះកំពុត ដែល​ចូល​ដៃ​ជា​នឹង​សៀម​ហើយ​ដែល​កាន់​អំណាច​ផ្តាច់​ការ​នៅ​ក្នុង​ខេត្ត​នោះ។ មានន្ទ ចាប់​ចិត្ត​ស្នេហា​ទៅ​លើ​នាង​ ទេវី ដែល​​ជា​កូន​ស្រី​របស់​អ្នក​ស្នេហា​ជាតិ​ម្នាក់​ឈ្មោះ​ វិសេសក្លាហាន​ ពោល​គឺ​សត្រូវ​របស់​ព្រះ​កំពុត ។ នៅ​ក្នុង​រាត្រី​មួយ​បន្ទាប់​ពី​បាន​ដឹង​ថា​ទេវី​ជា​កូន​ស្រី​បាន​លបលួច​ទៅ​ជួប​មានន្ទ វិសេស​ ក្លាហាន​ បាន​ចាប់​បង្ខំ​ឲ្យ​គូរ​ស្នេហ៍​ទាំង​ពីរ​រៀប​ការ​ទាំង​កណ្តាល​រាត្រី​ រៀប​ការ​កូន​ស្រី​រួច​ហើយ​វិសេស​ក្លាហាន​ក៏​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ។ មានន្ទ​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​កាមាដែលពូកែ​ខាង​សិល្ប៍​សាស្រ្ត​ដូច​គ្នា​ប៉ុន្តែ​ដែល​មាន​ចិត្ត​ឃោរឃៅ កាមា​ក៏​ចាប់​​ចិត្ត​ប្រតិព័ត្ត​ទៅ​លើ​រូប​នាង​ទេវីដែរ ពេល​មានន្ទ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិ​ការណ៍​សឹក កាមា​បាន​ទៅ​ចែចង់​នាង​ទេវី​ប៉ុន្តែ​​ពុំ​បាន​សម្រេច ទោះ​បី​នាង​ទេវី​មាន​គត៌​ពោរពោះ​ទៅ​ហើយ​ក្តី​ ក៏​កាមា​​នៅ​តែ​មក​សាក​ល្បង​បណ្តាច​ចំណង​ស្នេហា​រវាង​នាង​ទេវីនឹង​មានន្ទ​ជារឿយ​ៗ​ដែរ។

មានន្ទ​ចេញ​ទៅ​ច្បាំង​រាប់​ខែ​មិន​ឃើញ​វិល​មក​វិញ​សោះ​ នាង​ទេវី​រង​ចាំ​ដោយ​ក្តី​អស់​សង្ឃឹម​ប៉ុ​ន្តែ​នៅ​តែ​រក្សា​ការ​ស្មោះ​ត្រង់​ជា​​និច្ច​ចំពោះ​មានន្ទ នាង​សម្រាល​កូន​ស្រី​មួយ​នៅ​ក្នុង​ភាព​ឯកឯងនៅ​ក្នុង​ភាព​កំសត់​ពន់​ពេក​ក្រៃ​ នាងឲ្យ​ឈ្មោះ​កូន​នោះ​ថា បុទុម​។ ថ្ងៃ​មួយ​នាង​បាន​ដឹង​ថា​មានន្ទ​ជា​ប្តី​បាន​ត្រឡប់​មក​វិញ នៅ​ពេល​នោះ​កាមា​បាន​ចាប់​បុទុម​ធ្វើ​ជា​ថ្នូរ​​ហើយ​បង្ខំ​ឲ្យ​នាង​មិន​និយាយ​រក​​មានន្ទ​អ្វី​ទាំង​អស់​ បើ​ពុំ​ធ្វើ​តាម​ទេ​កាមា​នឹង​សម្លាប់​កូន​នាង​ចោល។ នាង​ទេវី​គ្មាន​ជម្រើស​អ្វី​ទៀត​ក្រៅពី​ធ្វើ​តាម​កាមា​ទេ បន្ទាប់​ពី​ឆាក​ល្ខោន​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ មានន្ទ​ខឹង​នឹង​ប្រពន្ធ​យ៉ាង​ខ្លាំង​ហើយ​ក៏​រត់​ចេញ​ពី​ផ្ទះ​បាត់​ទៅ។ អាន​បន្ថែម…

តើ​ប៉ា​ហ៊ាន​លោត​ចុះ​ក្រោម​ក៏​អត់?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2012 បញ្ចេញមតិ

កូន៖ ប៉ា!!! ប៉ា​ថា​លោត​ចុះ​ទៅ​នឹង​ត្រូវ​ស្លាប់​មែន​ទេ?

ឪ​ពុក៖ អត់​ដឹង​ដែរ.. ព្រោះ​ប៉ា​អត់​​ដែល​ធ្លាប់​លោត​ចុះ​ទៅ​​ម្តង​ណា​ឡើយ ។

កូន៖ ប៉ា​មិន​ហ៊ាន​លោត​ចុះ​ទៅ​មែន​ឬ​ទេ?

ឪពុក៖ ទេ……..

កូន៖ ហេតុ​អ្វី​ប៉ា​មិន​លោត​ចុះ​ក្រោម​លមើល​ទៅ?

ឪពុក​៖ ប៉ា​ខ្លាច……

កូន៖ អ៎ាវ….??? ខុស​គ្នា​ត្រង់​ណា​ណ្ណឹង​

ឪពុក​៖ សេច​ក្តី​ក្លា​ហ៊ាន​គេ​ប្រើ​ពេល​​ធ្វើ​អំពើ​ល្អ
……..សេចក្តី​ខ្លាច​គេ​ប្រើ​​ក្នុង​ពេល​ដែល​កំពុង​ធ្វើ​អ្វី​មួយ​មិន​ល្អ
……..”ត្រូវ​ចាំ​ទុក​ណា៎​កូន​ប៉ា..”

ល្បើក​ចចក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2012 មតិ ១

នៅ​ឆ្នាំ ១៨៧៤ កវី​សន្ធរ​មុខ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ខាង​វោហា​នៅ​ជំនាន់​លួង​ សុវណ្ណ​កោដ ឬ​លួង​ នរោត្តម្ត បាន​និពន្ធ​រឿង​មួយ​ដែល​លោក​ដាក់​ចំណង​ជើង​ថា ល្បើក​ចចក ។ ល្បើក​ចចក រៀប​រាង​ជា​បទ​កាកិតិ​ផង ជា​បទពំនោល​ផង រឿង​ល្បើក​ចចក​នេះ​ ពុំ​​មែន​​ត្រឹម​តែ​មាន​លក្ខណៈ​កំសត់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​ជម្រៅ​ទស្សនៈ​វិជ្ជា​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ផង ។ ឧ​ញ៉ា សន្ធរ​ វោហា​មុខ ដែល​ចាប់​កំណើត​នៅ​ឆ្នាំ ១៨៣៤ ជំនាន់​ស្តេច អង្គ ឌួង ហើយ​ទទួល​មរណៈ​ភាព​នៅ​ឆ្នាំ ១៩០៨ ឬ​ឆ្នាំ ១៨៩៥ បើ​តាម​អ្នក​ស្រាវ​ជ្រាវខ្លះ ។ ឧញ៉ា សន្ធរមុខ ជា​អ្នក​ប្រាជ្ញ​ខ្មែរ​ម្នាក់​ដែល​ចេះ​ដឹង​រឿង​រ៉ាវ​ក្នុង​ប្រទេស​នឹង​ក្រៅ​ប្រទេស​យ៉ាង​ច្បាស់ ហើយ​បាន​និពន្ធ​រឿង​ជា​ច្រើន ដូច​ជា​រឿង​ទុំទាវ រឿងទេវន្ត​ រឿង​សិង្ហនាថ រឿង​ល្បើក​ចចក​នេះ​ជា​ដើម ចំពោះ​រឿង​ទុំទាវ​អ្នក​សិក្សា​ជា​ច្រើនពុំ​បាន​អាន​ស្នា​ដៃ​របស់​លោក​ទេ គឺ​ស្គាល់​តែ​ស្នា​ដៃ​របស់​ព្រះ​បុទុម​ ថេរសោម ឬ​រឿង​ទាវ​ឯក របស់​កវី​នូ កន​ តែ​ប៉ុណ្ណោះ ។ ចំពោះ​រឿង​ល្បើក ចចក ដែល​លើក​យក​មក​បរិយាយ​នេះ​ជា​រឿង​ដែល​សាកល្បង​ពន្យល់​ឲ្យ​យល់​និង​ឃើញ​ថា​មហិច្ឆតា​គ្មាន​ព្រំ​ដែន គ្រាន់​តែ​ជា​ការ​ផ្សង​ព្រេង​មួយដែល​នៅ​ទីបំផុត​តែង​តែនាំ​សត្វ​លោក​ទៅ​ការ​វិនាស​អន្ត​រាយ កាល​ណា​គេ​ពុំ​យល់​អំពី​ក្រិត​ក្រម​របស់​ពិភព​លោក និង​សង្គម​មនុស្ស ។ សត្វ​ចចក​ដែល​នៅ​ក្នុង​រឿង​នេះ​ជា​និមិត្ត​រូបនៃ​មនុស្ស​ដែល​បាន​ជួប​ឱ​កាស​ល្អ​ច្រើន​នៅ​ក្នុង​ជីវិត ប៉ុន្តែ​ដែល​ពុំ​យល់​អ្វី​ទាំង​អស់អំពី​ព្រំដែន​នៃ​ទីតាំង​នីមួយៗ ហើយ​សម្រេច​សម្រួច​ទៅ​ពុំ​ដឹង​ជា​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ ។

ល្បើក​ចចក​ជា​រឿង​របស់​ចចក​មួយ​ដែលបន្ទាប់​ពីបា​និង​មេរបស់​វា​ស្លាប់​ចោល​អស់​ទៅ បាន​ជួប​និង​ចចក​ញី​មួយ​ដែល​តែល​តោល​ដូច​គ្នាហើយ​ក៏​សម្រេច​យក​គ្នា​ជា​គូជីវិត​តែ​ម្តង ។ ប៉ុន្តែ​ដោយ​ពុំ​យល់​អំពី​ចៃ​ដន្យ​​ដ៏​ល្អ​នេះ​ចចក​ឈ្មោល​ស្រមើ​ស្រមៃ​ចង់​ក្លាយ​ខ្លួន​ទៅ​ជា​ព្រះ​អាទិត្យ​ដែល​មាន​រស្មី​ចែង​ចាំង​នៅ​លើ​ផែន​ធរណី​​ទាំង​មូល ។ កាល​បើ​បាន​ឮ​ថា​ចចក​យើង​ប្រាថ្នា​ដូច្នេះ ប្រេត​​​យក្ស​ក៏​ប្រាប់​ថា​មិន​មែន​ជា​ការ​ពិបាក​ទេ តែ​ត្រូវ​ផ្តាច់​ជីវិត​ខ្លួន​ឯង​ហើយ​ត្រូវ​យក​សាច់​ឈាម​ប្រទាន​ដល់​យក្ស​បិសាច ។ ចចក​យើង​សម្រេច​បោះបង់​ប្រពន្ធ​គឺ​ អាន​បន្ថែម…

អត្ថន័យ​ស្នេហានៅ​ក្នុងអក្សរសិល្ប៍​បុរាណ និងសម័យ​ទំនើប

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2012 មតិ ១

នៅ​ក្នុង​រឿង​រាម​កេរ្តិ៍ រឿង​សាស្រ្តា​​ល្បែង​នានា​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រលោម​លោក​សម័យ​ទំនើប​បញ្ហា​ស្នេហា​ជា​បញ្ហា​មួយ​ដ៏​សំខាន់​មិន​អាច​ប្រកែក​បាន ។ នៅ​ក្នុង​រឿង​រាម​កេរ្តិ៍ ព្រះ​រាម​និង​បរិវារ​ធ្វើ​សង្រ្គាម​ជាមួយ​យក្ស​ទសមុខ​ព្រោះ​តែ​រឿង​នាង​សេដា រីឯ​នៅ​ក្នុង​រឿង​ពុទ្ធិ​សែន ឬ​រឿង​នាង​ពីរ​ដណ្តប់ នាង​កង្រី​ឈឺ​ដល់​ស្លាប់​ក៏ព្រោះតែ​បាត់​បុរស​ជា​ទី​ស្នេហា​ រឿង​ផ្កា​ស្រពោន របស់​លោក​នូ ហាច ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ។ នៅ​ក្នុង​រឿង​បីសាច​ស្នេហា របស់​លោ​កញ៉ុក ថែម នាង​សារុន កើត​ចិត្ត​សង​សឹក​ចង់​សម្លាប់​នាង​សារី​ជា​បង​ ក៏​ព្រោះ​តែ​ចៅ​ក្រម​រ៉ប ជ្រើស​រើស​នាង​សារី ហើយ​នៅ​ទី​បំផុត​ក៏​សម្លាប់​ខ្លួន​តែ​ម្តង ។ ចំពោះ​រឿង​ទំទាវ ទោះ​បី​នាង​ទាវ​បាន​បោះ​បង់​ទុំ​ចោល ហើយ​ទៅ​រៀប​ការ​ជាមួយ​ម៉ឹន​ ឃួន វិញ​ក្តី​ក៏​សម្រេច​​សម្រួច​ទៅ​សុខ​ចិត្ត​ស្លាប់​ទៅ​តាម​ទុំដដែល​ជា​ដដែល បើ​និយាយ​ពី​រឿង​កាកី​វិញ ដែល​ជា​រឿង​កើត​មាន​ឡើងនៅ​ក្នុង​មជ្ឈដ្ឋាន​អភិជន សេចក្តី​ស្នេហា​មាន​លក្ខណៈ​ប្រាដក​និយម​បំផុត​គឺ​ប្រៀប​បាន​ទៅ​នឹង​ទស្សនៈ រាមច្ចនៈ​មហាបណ្ឌិត ឬ​របស់​លោកនាគ​ ប្រទិព្វ អ្នក​ដែល​បាន​ចង​ក្រង​រឿង​ ស្រី​ហិតោ​បរទេស ដូច្នេះ​ដែរ ។

តាម​ការ​ពិត​ទៅ​រឿង​ស្នេហា​ដែល​អ្នក​និពន្ធ​ទាំង​នោះ​បាន​លើក​ឡើង​សុទ្ធ​តែ​មាន​លក្ខណៈ​ខុស​គ្នា​ទាំង​អស់ ទោះ​ជា​យ៉ាង​ណា​ក្តី​គេ​សង្កេត​ឃើញ​​ថា​សេចក្តី​ស្នេហា​ដែល​មាន​ថាម​​ពល​ដ៏ខ្លាំង​ក្លា​ច្រើន​ជា​សេចក្តី​ស្នេហា​ដែល​ជួប​នឹង​ឧបសគ្គ ជួន​កាល​ទៅ​ជា​ឧបសគ្គ​សង្គម ឧបសគ្គ​គ្រួសារ ឧបសគ្គ​នយោបាយ ប៉ុន្តែ​បញ្ហា​ស្នេហា​ត្រី​កោណមិន​សូវ​បាន​ត្រូវ​អ្នក​និពន្ធ​ខ្មែរ​លើក​​យក​មក​លាត​ត្រដាង​ឲ្យ​បាន​ពិស្តារ​ប៉ុន្មាន​ទេ ។

តើ​ស្នេហា​ជា​អ្វីទៅ បាន​ជា​បង្កើត​រឿង​ច្រើន​បែប​នេះ?

នៅ​ក្នុង​រឿង​រាមកេរ្តិ៍ សេចក្តី​ស្នេហា​កើត​ចេញ​ពី​សម្ផស្ស​ដ៏​អស្ចារ្យ​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​របស់​នាង​សេដា គឺ​ជា​កម្មវត្ថុ​នៃ​ការ​ប៉ង​ប្រាថ្នា​របស់​អ្នក​មាន​រិទ្ធិ​អំណាច គ្មាន​អ្នក​មាន​រិទ្ធិ​អំណាច​ណា​ម្នាក់​អាច​បាត់​បង់​នាង​បាន​នោះ​ឡើយ ព្រោះ​សម្ផស្ស​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នេះ​ក៏​ជា​និមិត្ត​រូប​នៃ​អំណាច​ដូច្នេះ​ដែរ គឺ​អំណាច​គ្រប់​គ្រង​ទៅ​លើ​មនោ​សញ្ចេតនារបស់​ស្ត្រី​ភេទ ទន្ទឹម​នឹង​អំណាច​អាណា​ចក្រ​ទាំង​មូល ។ សេចក្តី​ស្នេហា​រវាង​ទុំ​និង​ទាវ​ជា​ស្នេហា​ដែល​កើត​ចេញ​ពី​ការ​រំភើប​ទៅ​វិញ​ទៅ​មក គឺ​ស្នេហា​​ម្យ៉ា​ង​ដែល​​ពុំ​អាច​ឋិត​ថេរ​បាន​ឡើយ​កាល​ណា​រស់​នៅ​ផ្អួម​ជូរ​ជា​មួយ​គ្នា​យូរ​ពេក ។ យ៉ាង​ណា​មិញ​សេចក្តី​ស្នេហា​របស់​នាងកាកី ទៅ​លើ​រូប​ស្ដេច​ព្រហ្ម​ទន្ត បាន​រលត់​ទៅ​វិញ​ព្រោះ​តែ​ការ​អផ្សុក​ ប៉ុន្តែ​បាន​កើត​មាន​ម្តង​ទៀត​នៅ​ពេល​ដែល​នាង​កាកី មាន​ការ​រំភើប​ទៅ​លើ​សម្ផស្ស​នៃ​បុរស​ម្នាក់​ទៀត រី​ឯ​សេចក្តី​ស្នេហា​របស់​នាង​កង្រី​ទៅ​លើ​ពុទ្ធិសែន​​វិញគឺ​ជា​សេចក្តី​ស្នេហា​ដាច់​ខាត គឺ​ស្នេហា​ដ៏​បរិសុទ្ធ​ដែល​គេ អាន​បន្ថែម…