ល្បើក​ចចក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

នៅ​ឆ្នាំ ១៨៧៤ កវី​សន្ធរ​មុខ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ខាង​វោហា​នៅ​ជំនាន់​លួង​ សុវណ្ណ​កោដ ឬ​លួង​ នរោត្តម្ត បាន​និពន្ធ​រឿង​មួយ​ដែល​លោក​ដាក់​ចំណង​ជើង​ថា ល្បើក​ចចក ។ ល្បើក​ចចក រៀប​រាង​ជា​បទ​កាកិតិ​ផង ជា​បទពំនោល​ផង រឿង​ល្បើក​ចចក​នេះ​ ពុំ​​មែន​​ត្រឹម​តែ​មាន​លក្ខណៈ​កំសត់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​ជម្រៅ​ទស្សនៈ​វិជ្ជា​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ផង ។ ឧ​ញ៉ា សន្ធរ​ វោហា​មុខ ដែល​ចាប់​កំណើត​នៅ​ឆ្នាំ ១៨៣៤ ជំនាន់​ស្តេច អង្គ ឌួង ហើយ​ទទួល​មរណៈ​ភាព​នៅ​ឆ្នាំ ១៩០៨ ឬ​ឆ្នាំ ១៨៩៥ បើ​តាម​អ្នក​ស្រាវ​ជ្រាវខ្លះ ។ ឧញ៉ា សន្ធរមុខ ជា​អ្នក​ប្រាជ្ញ​ខ្មែរ​ម្នាក់​ដែល​ចេះ​ដឹង​រឿង​រ៉ាវ​ក្នុង​ប្រទេស​នឹង​ក្រៅ​ប្រទេស​យ៉ាង​ច្បាស់ ហើយ​បាន​និពន្ធ​រឿង​ជា​ច្រើន ដូច​ជា​រឿង​ទុំទាវ រឿងទេវន្ត​ រឿង​សិង្ហនាថ រឿង​ល្បើក​ចចក​នេះ​ជា​ដើម ចំពោះ​រឿង​ទុំទាវ​អ្នក​សិក្សា​ជា​ច្រើនពុំ​បាន​អាន​ស្នា​ដៃ​របស់​លោក​ទេ គឺ​ស្គាល់​តែ​ស្នា​ដៃ​របស់​ព្រះ​បុទុម​ ថេរសោម ឬ​រឿង​ទាវ​ឯក របស់​កវី​នូ កន​ តែ​ប៉ុណ្ណោះ ។ ចំពោះ​រឿង​ល្បើក ចចក ដែល​លើក​យក​មក​បរិយាយ​នេះ​ជា​រឿង​ដែល​សាកល្បង​ពន្យល់​ឲ្យ​យល់​និង​ឃើញ​ថា​មហិច្ឆតា​គ្មាន​ព្រំ​ដែន គ្រាន់​តែ​ជា​ការ​ផ្សង​ព្រេង​មួយដែល​នៅ​ទីបំផុត​តែង​តែនាំ​សត្វ​លោក​ទៅ​ការ​វិនាស​អន្ត​រាយ កាល​ណា​គេ​ពុំ​យល់​អំពី​ក្រិត​ក្រម​របស់​ពិភព​លោក និង​សង្គម​មនុស្ស ។ សត្វ​ចចក​ដែល​នៅ​ក្នុង​រឿង​នេះ​ជា​និមិត្ត​រូបនៃ​មនុស្ស​ដែល​បាន​ជួប​ឱ​កាស​ល្អ​ច្រើន​នៅ​ក្នុង​ជីវិត ប៉ុន្តែ​ដែល​ពុំ​យល់​អ្វី​ទាំង​អស់អំពី​ព្រំដែន​នៃ​ទីតាំង​នីមួយៗ ហើយ​សម្រេច​សម្រួច​ទៅ​ពុំ​ដឹង​ជា​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ ។

ល្បើក​ចចក​ជា​រឿង​របស់​ចចក​មួយ​ដែលបន្ទាប់​ពីបា​និង​មេរបស់​វា​ស្លាប់​ចោល​អស់​ទៅ បាន​ជួប​និង​ចចក​ញី​មួយ​ដែល​តែល​តោល​ដូច​គ្នាហើយ​ក៏​សម្រេច​យក​គ្នា​ជា​គូជីវិត​តែ​ម្តង ។ ប៉ុន្តែ​ដោយ​ពុំ​យល់​អំពី​ចៃ​ដន្យ​​ដ៏​ល្អ​នេះ​ចចក​ឈ្មោល​ស្រមើ​ស្រមៃ​ចង់​ក្លាយ​ខ្លួន​ទៅ​ជា​ព្រះ​អាទិត្យ​ដែល​មាន​រស្មី​ចែង​ចាំង​នៅ​លើ​ផែន​ធរណី​​ទាំង​មូល ។ កាល​បើ​បាន​ឮ​ថា​ចចក​យើង​ប្រាថ្នា​ដូច្នេះ ប្រេត​​​យក្ស​ក៏​ប្រាប់​ថា​មិន​មែន​ជា​ការ​ពិបាក​ទេ តែ​ត្រូវ​ផ្តាច់​ជីវិត​ខ្លួន​ឯង​ហើយ​ត្រូវ​យក​សាច់​ឈាម​ប្រទាន​ដល់​យក្ស​បិសាច ។ ចចក​យើង​សម្រេច​បោះបង់​ប្រពន្ធ​គឺ​ចចក​ញី​ចោល​ទោះ​បី​ជា​កំពុង​មាន​ផ្ទៃ​ពោះ​ក៏​ដោយ បាន​ស្រេច​ក្លាយ​ខ្លួន​ទៅ​ជា​ព្រះ​សុរិយា​ហើយ ចចក​កើត​ចិត្ត​មិន​សប្បាយចិត្ត​និង​ពពក​ដែល​មក​បិទ​បាំង​និង​រស្មី​របស់​ខ្លួន​ជា​រឿយៗ ដោយ​យល់​ថាអំណាច​ព្រះ​អាទិត្យ​ចាញ់ អំណាច​របស់​ពពក ចចក​ក៏សុំព្រះ​ឥន្រ្ទា​ធិរាជ​ក្លាយ​ខ្លួន​ទៅ​ជា​ពពក​វិញ លុះ​បាន​សម្រេច​ក្លាយ​ជា​ពពក ចចក​យើង​ត្រូវ​ខ្យល់​បក​វាយ​រសាត់​ចេញ​អស់​ ជា​ហេតុ​ធ្វើ​ឲ្យគេ​តូច​ចិត្ត​ពន់​ពេក​ក្រៃ ។

ជា​បន្ត​បន្ទាប់​មក​ទៀត​តាម​សេចក្តី​ស្នើ​សុំ​របស់​ខ្លួន​ចចក​បាន​កើត​ជា​ខ្យល់ ប៉ុន្តែ​នៅ​ពេល​ដែល​ចចក​បាន​បង្កើត​ព្យុះ​បោក​បក់​មហា​សាគរ ស្រាប់​តែ​ឃើញ​ដំបូក​មួយ​មិន​ព្រម​លិច​លង់​ក្រោម​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​សោះ​ហើយ​ថែម​ទាំង​ឃើញ​ក្ដាន់​មួយ​មក​ឆី​អាហារ ហើយ​ជុះ​នោម​នៅ​លើ​ដំបូក​នោះ​ទៀត ។ ចចក​ឃើញ​ដូច្នេះ​សុំ​ព្រះឥន្ទ កើត​ជា​ក្ដាន់ បាន​កើត​ជា​ក្ដាន់​ហើយ​ចចក​យើង​​ត្រូវ​ព្រាត​ស្នា​ព្រាន​របួស​អួល​ចុក​ចាប់​ឱរា​ពេល​ក្ស័យ​ជីវិត​ចចក​ក៏​កើត​ជា​ព្រាត​ស្នា​តាម​សេចក្តី​ប្រាថ្នា ប៉ុន្តែ​ដែល​ព្រាត​ស្នា​ត្រូវ​ចចក​មួយ​ទំពារ​ស៊ី​អស់ចចក​ក៏​សុំ​កើត​ជា​ចចក​វិញ​ទៅ​ហោង ហើយ​គ្មាន​អ្នក​ណា​រាបរក​ គ្មាន​មិត្ត គ្មាន​គូស្នេហ៍​ដូច​កាល​ពីមុន ។​ រីឯ​មេរៀន​គឺ​ថា​នៅ​ក្នុង​លោក​យើង​នេះ គ្មាន​អំណាច​ណា​មួយ​ដែល​មិន​រណប​និង​ក្រិត​ក្រមពិភព​លោក​ទាំង​មូល​នោះ​ទេ គ្មាន​ធាតុ​អ្វី​មួយ​ដែល​មិន​រណប​និង​ធាតុ​ផ្សេង​ៗ​នោះ​ឡើយ ស្ដេច​ដែល​មាន​រិទ្ធិ​អំណាច ទោះ​បី​ខ្លាំង​យ៉ាងណា​ក្តី​ក៏​ត្រូវ​ការ​អ្នក​ឯ​ទៀត​ដែរ​ដូច​ជា ប្រជានុរាស្រ្ត​ កសិករ អ្នក​ជំនួញ​ជួញដូរ ធាតុ​អាកាស ឬ​សត្រូវ​របស់​ខ្លួន​ផងក៏​អាច​ថា​បាន ជា​ពិសេស​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​តែ​ម្តង ។

ចចក​ឈ្មោល​នៅ​ក្នុង​រឿង​​ បាន​ធ្វើ​បាប​ចចក​ញី​ឲ្យ​នៅ​ឯ​កោរ​តែ​ម្នាក់​ឯង​ដើម្បី​ក្លាយ​ជា​ព្រះ​អាទិត្យ ប៉ុន្តែ​ពេល​បាន​ក្លាយ​ជា​ព្រះ​អាទិត្យ​ទើប​ដឹង​ថា​អ្វី​ដែល​ចែង​ចាំង​លើ​លោក​យើង​នេះ​គ្រាន់​តែ​ជា​ធាតុ​មួយ​ក្នុង​ចំណោម​ធាតុ​ផ្សេង​ៗ​ទៀត​តែ​ប៉ុណ្ណោះ ។ តួនាទី​មាន​ខុស​ៗ​គ្នា ដូចជា​ព្រះ​អាទិត្យ​មាន​តួនាទីបម្រើ​ពិភព​លោក​ដោយ​ពន្លឺ​របស់​ខ្លួន​អ៊ីចឹងដែរ អ្នក​ណា​ក៏​ប្រើ​ពន្លឺ​ព្រះ​សុរិយា​ដែរ បើ​ប្រៀប​ធៀប​មក​អំណាច​នយោបាយ​វិញ​អ្នក​មាន​អំណាច​តិច​ណាស់​ដែល​យល់​ពី​តួនាទី​របស់​ខ្លួន ហើយ​តែង​យល់​ច្រលំ​ថា​ខ្លួន​មាន​អំណាច​ធំ​ជាង​គេ​គ្មាន​អ្នក​ណា​ដល់ ។ តាម​ការ​ពិត​គេ​ពុំ​ដឹង​ថាអ្នក​ណា​ត្រួត​អ្នក​ណា​ផង​ទេ សភាវៈ​ល្អ​ត្រួត​សភាវៈ​អាក្រក់ ឬ​សភាវៈ​អាក្រក់​ត្រួត​សភាវៈ​ល្អ ជួន​កាល​ថ្នាក់​ក្រោម​ត្រួត​ថ្នាក់​លើ​ទៅ​វិញ​ហើយ​ថ្នាក់​លើ​គ្រាន់​តែ​ជា​ឧបករណ៍​របស់​ថ្នាក់​ក្រោម​តែ​ប៉ុណ្ណោះ ៕

សូម​មើល​ផង​ដែរ៖

 

 

 

  1. sengkheang
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែសីហា ឆ្នាំ 2012 ម៉ោង 7:39 នាទី (ព្រឹក)

    សូមលោកជួយផ្តល់ឯកសារ និង ប្រភព&កាលបរិច្ជេទ
    ជីវប្រវត្តនិងស្នាដៃនិពន្ធរបស់អ្នកនិពន្ធ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: