ប្រាសាទ​បាគង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ប្រាសាទបាគង

មាន​ប្រាសាទ​បុរាណ​សរុប​កៅ​សិប​មួយ ដែល​នៅ​តំបន់​អង្គរ​​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ ​ពិភព​លោក​រួច​នៅ​ទី​ក្រុង​កេបិច​ប្រទេស ​កាណាដា​តាំង​ពី​ឆ្នាំ ​១៩៩២​ មក ​ក្នុង​នោះ ​ប្រាសាទ​បាគង​ស្ថិត​​នៅ​ចម្ងាយ​ដប់​ពីរ គីឡូម៉ែត្រ​ខាង​កើត​ទី​រួម​ខេត្ត​សៀមរាប ​ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​តំបន់​អង្គរ​ផង​ដែរ ​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ភ្ញៀវ​ទេសចរ​ខ្មែរ​ភាគ​ច្រើន​តែង​ទៅ​មក​-​ហួស ​ព្រោះ​ខ្លះ​មិន​ដឹង​ពី ទី​តាំង​ប្រាសាទ​បាគង​ទើប​នាំ​គ្នា​ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​ប្រាសាទ​អង្គរ ​ប្រាសាទ​បាយ័ន… ដែល​នៅ​ចម្ងាយ​ប្រមាណ​ជិត ​ដប់​គីឡូម៉ែត្រ​ទិស​ខាង​ជើង​ទី​រួម​ខេត្ត​សៀមរាប​វិញ ។

ផ្ទុយ​ទៅ​វិញ ​ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​គឺ​គេ​បែរ​ជា​ស្គាល់​ច្រើន ​ពី​ព្រោះ​ក្រុម​ហ៊ុន​ទេសចរណ៍​បាន​រៀប​ចំ​ឱ្យ​មាន​ខ្សែ ទេសចរ​តាម​ជម្រើស​បី ដូច​ជា ជម្រើស​ទីមួយ ប្រាសាទ​អង្គរវត្ត  បាយ័ន  បន្ទាយស្រី… ជម្រើស​ទីពីរ មក​ទស្សនា​ប្រាសាទ នៅ​តាម​វង់​ធំ  ស្រះស្រង់  ប្រែរូប  មេបុណ្យ  ព្រះខ័ន…  ជម្រើស​ទី​បី ទស្សនា​ភ្នំ​គូ​លែន ក្បាល​ស្ពាន  ប្រាសាទ​បាគង ព្រះ​គោ លលៃ… ហេតុ​នេះ​ទើប​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​ប្រាសាទ​បានច្រើន​ជាង​ភ្ញៀវ​ទេសចរ​ខ្មែរ​ក្នុង​ស្រុក ។
ឯកឧត្តម គឹម ឆៃហៀង អតីត​អគ្គនាយក​រង​អាជ្ញា​ធរអប្សរា និង បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​សៀមរាប​បាន​រៀប​រាប់​ថា​ មិន​ដូច ប្រាសាទ​អង្គរ​វត្ត​ទេ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរ​ជាតិ​សម្រុក​ទៅ ព្រោះ​គេ​បាន​ចាត់​ទុក​ប្រាសាទ​អង្គរ​វត្ត​ជា និមិត្ត​រូប​ជាតិ​ខ្មែរ រហូត​អ្នក​ខ្លះ​បន់​ផ្សង​ថា មួយ​ជីវិត​ហោច​ណាស់​ក៏​ត្រូវ​បាន​ទៅ​មើល​អង្គរ​វត្ត​ម្តង​ដែរ ។ រី​ឯ​ប្រាសាទ​បាគង បើ​ទោះ​ជា​ប្រាសាទ ​បុរាណ​មាន​ចំណាស់​កសាង​មុន​ប្រាសាទ​អង្គរវត្ត ​និង​ មាន​រចនាបថ​មិន​ចាញ់​ប្រាសាទ​អង្គរ​វត្ត​ក៏​ភ្ញៀវ​ដែល  ​បាន​ទៅ​ទស្សនា​មាន ​តិច​តួច​ពិសេស​ភ្ញៀវ​ជនជាតិ​ខ្មែរ អ្នក​ខ្លះ​មក​លេង​ខេត្ត​សៀមរាប​ពីរ​ទៅ​បី​ដង​ហើយ​ក៏​ពុំ​ទាន់​បាន​ទៅ ​មើល​ប្រាសាទ​បាគង​ថា ​មាន​ទិដ្ឋ​ភាព​បែប​ណា​នៅ​ឡើយ ។ ​នេះ​ក៏​ព្រោះ​តែគេ​ពុំ​បាន​ដឹង​ថា​ប្រាសាទ​បាគង​ស្ថិត​នៅ​ទី​ណា ​? ​ដែល​ការ​មិន​បាន ​ស្គាល់​ប្រាសាទ​បាគង​អាច​បណ្តាល​មក​ពី​ការ​​ផ្សព្វ​ផ្សាយ​នៅ​មាន​កម្រិត ​មិន​ជ្រួត​ជ្រាប​ទូលំ​ទូលាយ​ក្នុង​ មជ្ឈដ្ឋាន​ប្រជាពល​រដ្ឋ​ខ្មែរ ​។ អ្នក​ទេសចរ​ខ្មែរ​ភាគ​ច្រើន​ទៅ​លេង​ប្រាសាទ​អង្គរ​វត្ត​ដែល​នៅ​ទិស​ខាង​ជើង​ទី​រួម​ខេត្ត​ សៀមរាប ​ព្រោះ​ដឹង​ថា​នៅ​ទី​នោះ ​ប្រមូល​ផ្តុំ​ដោយ​ប្រាសាទ​បុរាណ​ជា​ច្រើន​ ។ ​ចំណែក​ប្រាសាទ​បាគង​មាន​ទី​តាំង​នៅ ​ទិស​ខាង​កើត​ខេត្ត​សៀមរាប​គឺ​គេ​គ្រាន់​តែ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ប្រាំ​មួយ​មក​កើត​ចម្ងាយ​ដប់​ពីរ​គីឡូម៉ែត្រ​បត់​តាម​ ផ្លូវ​មួយ​ទៅ​ខាង​ស្តាំ​ដៃ​ប្រមាណ​ជាង​មួយ​គីឡូ​ម៉ែត្រ​ គឺ​ពិត​ជា​បាន​ឃើញ​ប្រាសាទ​បាគង​ជាក់​ជា​ពុំ​ខាន​ឡើយ​ ។

តាម​ការ​សង្កេត​ ​នា​ពេល​បច្ចុប្បន្ន​ភ្ញៀវ​ដែល​មក​ទស្សនា​ប្រាសាទ​បុរាណ​នា​នា​នៅ​ខេត្ត​សៀមរាប ​មាន​ការ​ធ្លាក់​ចុះ ​សូម្បី​តែ ​នៅ​ប្រាសាទ​អង្គរ​វត្ត​ដែល​តែង​សម្បូរ​ភ្ញៀវ​ក៏​ថយ​ចុះ​ដែរ​ ។ ​ដោយ​ឡែក ​ប្រាសាទ​បាគង​ក្នុង​មួយ​ថ្ងៃ​ មាន​ភ្ញៀវ​ទេសចរ​មក ​ទស្សនា​ត្រឹម​តែ​បី​រយ ទៅ​បី​រយ​ហា​សិប​នាក់ មិន​ដូច​រយៈ​កាល​កន្លង​ទៅ​ភ្ញៀវ​មាន​រាប់​ពាន់​នាក់​បាន​ ​ចូល​ទស្សនា​ប្រាសាទ​បាគង​ ។

ប្រាសាទ​បាគង​ស្ថិត​ក្នុង​ស្រុក​រលួស​គឺ​ជា​ទី​ក្រុង​ដែល​ឈ្មោះ​ដើម​“ហរិហរល័យ”​មាន​ចម្ងាយ​ដប់​ពីរ​គីឡូម៉ែត្រ​ពី​ក្រុង​ សៀមរាប​ ។​ នៅ​ទី​នេះ​មាន​ប្រាសាទ​បួន ​គឺ​ប្រាសាទ​ព្រះគោ ​ប្រាសាទ​បាគង ​ប្រាសាទ​លលៃ ​និង​ ប្រាសាទ​ព្រៃ​មន្ទីរ​ ដែល​ ប្រាសាទ​នីមួយ​ៗ​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឡើយ ​គឺ​ប្រមាណ​មួយ​គីឡូ​ម៉ែត្រ​ទៅ​ពីរ​គីឡូម៉ែត្រ​ ។

រាល់​រដូវ​បុណ្យ​ទាន ​ដូច​ជា ​បុណ្យ​ភ្ជុំបិណ្ឌ ​ចូល​ឆ្នាំ​ខ្មែរ ​ចេញ​វស្សា ​ចូល​វស្សា… ​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​ តែង​នាំ ​គ្នា​ទៅ​លេង​នៅ​ប្រាសាទ​បាគង ​ព្រោះ​ក្រៅ​ពី​មាន​ទេស​ភាព ​និង​ ទិដ្ឋភាព​ល្អ​ស្រស់​បំព្រង​គួរ​ជាទី​ទាក់​ទាញ ​ព្រម​ទាំង​មាន​ទីធ្លា​ស្រឡះ ​និង​ បរិយាកាស​ល្អ​ទៀត​ផង ​។ ​ពេល​បុណ្យ​ចូល​ឆ្នាំ​រយៈ​ពេល​បី​ថ្ងៃ​គឺ​បញ្ចប់​ហើយ ​ប៉ុន្តែ​នៅ​ ប្រាសាទ​បាគង​ប្រជាពល​រដ្ឋ ​គ្រប់​ច្រក​ល្ហក​នៅ​ទូទៅ​ទាំង​ខេត្ត​សៀមរាប​តែង​បន្ត​ទៅ​ជួប​ជុំ​គ្នា​លេង​កម្សាន្ត​សប្បាយ​នៅ ​ប្រាសាទ​បាគង​រយៈ​ពេល​រហូត​ដល់​កន្លះ​ខែ ​ដោយ​ខាង​មន្ទីរ​ទេសចរណ៍​បាន​រៀប​ចំ​កម្សាន្ត​សប្បាយ​ដល់​ប្រជាពល​រដ្ឋ ​ដើម្បី​ បង្ហាញ​ពី​ទំនៀម​ទម្លាប់​របស់​អ្នក​ស្រុក​រៀង​ៗ​ ។ ​កម្ម​វិធី​សប្បាយ​រួម​មាន​ចាក់​ធុង​បាស់​រាំ ​លេង​ល្បែង​ប្រជាប្រិយ ចូល​គោរព​សក្ការៈ​ព្រះពុទ្ធ​រូប​ និង​ ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​បាគង​ដែរ​ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នោះ​ដែរ​ ។
ការ​ដែល​គេ​មាន​ជំនឿ​លើ​វត្ត​ប្រាសាទ​បាគង​ដោយ​សារ​តែ​ជា​វត្ត​មាន​វ័យ​ចំណាស់​ កសាង​មក​អស់​រយៈ​ពេល​ជិត​ ​បី​រយ​ឆ្នាំ​ទៅ​ហើយ​គ្រាន់​តែ​ព្រះ​វិហារ​ក៏​ត្រូវ​បាន​កសាង​មក​អស់​រយៈ​ពេល​ជិត​ពីរ​រយ​ឆ្នាំ​ដែរ​ ​និង​ មាន​ការ​ជួស​ជុល​បន្ត​បន្ទាប់​ ។ ជា​គោល​ការ​ចំពោះ​វត្ត​ដែល​មាន​ចំណាស់​ចាប់​ពី​ប៉ែត​សិប​ឆ្នាំ​ឡើង​ត្រូវ​បាន​ចាត់​ទុក​ជា​បេតិកភណ្ឌ​ជាតិ​ ។

ប្រាសាទ​បាគង​នៅ​ត្បូង​ប្រាសាទ​ព្រះ​គោ ​ស្ថិត​ក្នុង​ភូមិ​បាគង ​ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប ​។ ​ប្រាសាទ​នេះ​កសាង ​ឡើង​ដោយ​ព្រះ​បាទ​ឥន្ទ្រវរ្ម័ន​ទី​មួយ ​នៅ​ឆ្នាំ ​៨៨១ ឧទ្ទិស​ដល់​ព្រះ​ឥសូរ​ក្នុង​ព្រហ្មញ​សាសនា ។ ​ប្រាសាទ​នេះ​ស្ថិត​នៅ​ចំ ​កណ្តាល​អតីត​ទី​ក្រុង​ហរិហរ​ល័យ​កាល​សម័យ​នោះ ​។ ​ប្រាសាទ​បាគង​ជា​ប្រាសាទ​ភ្នំ ​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ៍ ​។ ​ប្រាសាទ​នេះ​ ​មាន​ប្រាំ​ជាន់​ដែល​បួន​ជាន់​តំណាង​ឱ្យ​ស្ថាន​ទាំង​បួន​ និង​ ជាន់​ទី​ប្រាំ​ជា​ស្ថាន​របស់​ព្រះ​ ។​ ប្រាសាទ​នេះ​មាន​កំពែង​ពីរ​ជាន់​ កំពែង​ខាង​ក្រៅ​មាន​ទំហំ​ ៩០០x៧០០ ម៉ែត្រ និង មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ ​ព្រម​ទាំង​មាន​ផ្លូវ​ចូល​ទាំង​បួន​ទិស ។ កំពែង​ខាង​ក្នុង ​ដែល​តូច​ជាង​មាន​គោបុរៈ​ធ្វើ​ពី​ថ្ម​ភក់ ​និង​ ថ្ម​បាយ​ក្រៀម​ ។ ​ថែវ​នៅ​សង​ខាង​ស្ថិត​នៅ​ស្រប​ជញ្ជាំង​ខាង​កើត ​។ ​មាន​អគារ​ពីរ​ ទៀត​មាន​ទ្វារ​ចូល​បួន​ ។​ ​សិលា​ចារឹក​នៃ​ប្រាសាទ​នេះ​មាន​នៅ​អគារ​ខាង​ជើង ​។​ នៅ​ខាង​មុខ​មាន​បណ្ណា​ល័យ​ពីរ​ធ្វើ​ពី​ថ្ម​ភក់ ​បែរ​មុខ​ទៅ​រក​ផ្លូវ​ចូល​ប្រាសាទ​ ។ ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​មាន​ជណ្តើរ​ឡើង​ទាំង​បួន​ទិស ​ហើយ​អាច​មើល​ឃើញ​ពី​គ្រប់​ ជាន់​ទាំង​អស់​។

ចំពោះ​ចម្លាក់​នៅ​ប្រាសាទ​បាគង​ភ្ញៀវ​ដែល​បាន​ចូល​ទស្សនា​បាន​ឱ្យ​តម្លៃ​ថា ​មាន​ភាព​ទាក់ទាញ ​និង ​ចម្លាក់​ចម្រុះ​ ដូច​ជា​ផ្កា​ភ្ញី ​ពានរ ​រាហូ  ​ដំរី ​គោ ​និង ​មាន​ចម្លាក់​មនុស្ស​តិច​តួច​ ។

ប្រាសាទ​បាគង​កសាង​មុន​ប្រាសាទ​អង្គរ​វត្ត ​គឺ​ក្រោយ​ពី​កសាង​ប្រាសាទ​បាគង​មាន​ការ​កសាង​ប្រាសាទ​បាក់ខែង​ រួច​ទើប​ មាន​ការ​កសាង​ប្រាសាទ​អង្គរ​វត្ត ,​ ប្រាសាទ​បាយ័ន… ៕

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.