រឿង​ តាដុង យាយជ័យ ទំព័រទី៣


តាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្តេចលើកផ្លូវថ្នល់ ដោយមានបំណងថា បើព្រះអង្គលើកផ្លូវថ្នល់ក្នុងមួយយប់ហើយមែន នឹងនាំនាងត្រចើលដោះក្រាលទៅតែម្តង ។ លុះឃើញផ្លូវថ្នល់នោះ ស្តេចលើកមិនទាន់ហើយ តានិងយាយត្រេកអរណាស់ក៏ចូលចតទូក ត្រង់កន្លែងផ្លូវថ្នល់ដាច់នោះ តាដុង និង យាយ ជ័យឡើងទៅមើលផ្លូវថ្នល់ ។ គាត់កំពុងពិនិត្យមើលផ្លូវថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿង ដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាស្តេចយាងមកទតមើល។ តាដុង យាយជ័យ ឮដំណឹងថា ស្តេចយាង មកហើយក៏បបួលគ្នារត់ចុះទូកកុំឱ្យស្តេចឃើញមុខ ។ ពេលនោះយាយជ័យប្រពន្ធតាដុង ភ័យញីញ័រ រត់ចុះទៅទូក មិនកើត ក៏វាចុះតាមច្រាំជង្ហុក ទទួលនិងសេនាស្តេចមកដល់ក៏ស្រែកឃាត់ថា “យាយកុំវាចុះទូកអីស្តេចយាង មកដល់ឥឡូវហើយ” ។ យាយជ័យមិនស្តាប់សោះ ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ។ កន្លែង ដែលយាយជ័យវានោះ ពីដើមគេហៅថា កំពង់យាយវារ តែសព្វថ្ងៃគេហៅថា កំពង់ជវារ ស្ថិតក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លុះស្តេចមកដល់ទតឃើញទូកតាដុងយាយជ័យ ចេញពីកំពង់ឆ្ងាយ ហើយព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុង ម៉ែជ័យ មុខជាខឹងព្រះអង្គលើកផ្លូវថ្នល់មិនហើយហើយ បានជាមិនចាំជួបព្រះអង្គ ព្រះរាជាក៏ចាត់សេនា៤នាក់ទៅ តាមក៏តាមទៅជួបនិងតាដុងយាយជ័យ ដែលកំពុងបណ្តើរនាងត្រចើលដោះក្រាល ឡើងសំដៅមកផ្ទះ ហើយសេនា ទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាងព្រះនាមព្រះមហាក្សត្រថា “ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពី របស់ព្រះអង្គ”។ គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចជានាងទេពធិតា ក៏លុតជង្គង់សំពះប្រណម្យ ទៅសេនាទាំង៤នាក់វិញថា “នាងខ្ញុំសូមក្រាបថ្វាយបង្គំទូលព្រះរាជាថា “នាងខ្ញុំមិនសុខចិត្តទៅធ្វើជាព្រះទេពី របស់ព្រះអង្គទេ ព្រោះរូបនាងខ្ញុំជារាស្ត្រ បើព្រះអង្គនៅតែបង្ខំយកនាងខ្ញុំ នាងខ្ញុំនឹងសំលាប់ខ្លួនជាមិនខាន” ។ ខណៈនោះតាដុងយាយជ័យ បាននិយាយទៅកាន់សេនាទាំង៤នាក់ថា “សូមលោកទូលព្រះរាជាផង កុំឱ្យព្រះអង្គ បង្ខំពេកចាំខ្ញុំលួងលោមចិត្តកូនស្រីឱ្យបានស្រួលសិន” ។ សេនា៤នាក់ក៏លាថយត្រលប់ទៅវិញ។ ចំណែកតានិង យាយក៏នាំនាងចូលក្នុងផ្ទះ ។ ពេលរាត្រីនោះតាដុងយាយជ័យ នាំនាងត្រចើលដោះក្រាល រត់បណ្តោះទៅទុកនៅ ផ្ទះនាងទែន នៅភូមិស្រែរនោង ហើយតាដុងយាយជ័យនិយាយប្រាប់នាងទែនជាប្អូន តាមរឿងសព្វគ្រប់ និង ប្រាប់ឱ្យហៅព្រានវិង ឱ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង មករើសពេលការឱ្យហើយទៅ។ តាយាយផ្តាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសារនិងស្តេច ។ ត្រង់កន្លែងសេនា៤នាក់មកអង្វរតាដុងយាយជ័យ សុំនាងត្រចើលដោះក្រាល ធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងបានសំពះប្រណម្យទៅសេនាវិញថា នាងមិនសុខ ចិត្តទៅទេនោះ គេហៅថា ទេពធិតាប្រណម្យ ដែលឥឡូវមានវត្តមួយឋិតនៅកន្លែងនោះឈ្មោះថា “វត្តទេពប្រណម្យ” គឺពីដើមគេហៅថា “វត្តទេពធីតាប្រណម្យ” តែក្រោយមកទៅជាវត្តទេពប្រណម្យ នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល សព្វថ្ងៃនេះ ។
គ្រានោះព្រះរាជា លុះទ្រង់សណ្តាប់សេនាទាំង៤នាក់ថា ចាំឪដុងម៉ែជ័យអង្វរលួងលោមចិត្តកូនឱ្យបានស្រួលសិន ដូច្នោះតាំងពីថ្ងៃនោះមក ព្រះអង្គទ្រង់ចាត់ឱ្យសេនាមកស្តាប់ដំណឹងនៅផ្ទះ ឪដុងម៉ែជ័យជារាល់ថ្ងៃ។ ឯតាដុង យាយជ័យចេះតែដោះសារ “ចិត្តនាងពុំទាន់ស្រួលនៅឡើយទេ” ។

ចំណែកនាងទែនកាលបើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ ក៏ចាត់ហៅព្រានវិង និងចៅប្រមាញ់វិងស៊ុង ឱ្យចូលមកស្តីដណ្តឹងនាងត្រចើលដោះក្រាល រួចឱ្យអាចារ្យមើលវេលាការបានហើយ ក៏ឱ្យដំណឹងទៅបងឱ្យមក រៀបការកូន។ តាដុងយាយជ័យមិនទាន់បានមកដល់ភ្លាមទេ ព្រោះនៅជាប់ដោះសារនិងស្តេច លុះដល់ថ្ងៃចូល រោងតានិងយាយក៏លួចលបធ្វើដំណើរតាមផ្លូវក្នុងព្រៃ មានសេចក្តីព្រួយជានិច្ច ក្រែងស្តេចមកតាម។ ការគិតរបស់ តានិងយាយច្រើនពេករហូតធ្វើឱ្យគាត់ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃ រកផ្លូវទៅផ្ទះនាងទែនមិនឃើញ ។ ទទួល ពេលនោះតានិងយាយបានជួបនិងក្មេងគង្វាលក្របីម្នាក់ តាយាយស្រែកសួរថា “អើអាវ៉ា ! ផ្លូវណាទៅវាំងពន្លូស ផ្លូវណាទៅគុស ទៅស្រែរនោង?”។ ក្មេងគង្វាក្របីគិតថា បើអញចង្អុរបង្ហាញប្រាប់ផ្លូវតែម្តងទៅ វាគ្មានប្រយោជន៍ អ្វីមកដល់អញសោះ បើដូច្នេះអញប្រាប់ឱ្យតានិងយាយនេះ បន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឱ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង ។ ក្មេងគង្វាលក្របីគិតដូច្នេះហើយ ក៏ឆ្លើយតបទៅតានិងយាយ ថា “បើតានិងយាយចង់រកផ្លូវឱ្យឃើញដូចបំណង សូមឡើងទៅបន់អ្នកតាខ្នងភ្នំទៅ រួចត្រូវមានសំណែនមកថ្វាយ ហើយក៏មានទាំងក្មេងប្រគំភ្លេងបទ ខ្ទោរខ្នងភ្នំ របងមាសបន្ទាយប្រាសាទទឹកទប់ ជ្រង់ ជ្រងសំងាត់ដោះក្រាល កន្ទែនទ្រាំងផង ទើបតានិងយាយរកផ្លូវឃើញ” ។
តាដុងយាយជ័យឮពាក្យក្មេងកង្វាលក្របីបង្គាប់ឱ្យធ្វើដូច្នេះក៏ជឿធ្វើតាម ហើយតានិងយាយ ក៏ឡើងទៅបន់អ្នកតា លើខ្នងភ្នំ លុះចុះមកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅផ្ទះនាងទែន ។ កាលទៅដល់ជិតរបងផ្ទះ នាងទែនក្រឡេកឃើញ បងស្ទុះមកទទួល តាដុងយាយជ័យក៏និយាយប្រាប់ពីហេតុវង្វេងផ្លូវហើយបានបន់អ្នកតា ទើបរកផ្លូវឃើញ ។ ពេលនោះលោកអាចារ្យបានឮថា តាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងមង្គលការដែលជិតបង្ហើយ មានជាប់បំណន់ដូច្នោះ ក៏ឃាត់ផ្អាកដំណើរតាយាយឱ្យឈរនៅក្រៅរបងសិន មិនឱ្យជាប់បំណន់ចូលមកក្នុងមង្គល ការនោះឡើយ។ លោកអាចារ្យប្រាប់មេបាទាំងសងខាងថា “ឱ្យរៀបសំណែនមានទាំងភ្លេង យកទៅប្រគំលា បំណន់អ្នកតាឱ្យហើយសិនទើបអាចចូលមកក្នុងមង្គលការនេះបាន”។
នាងទែនបានចាត់ចែងរៀបចំសំណែន មានបង្អែមចង្អាប ព្រមទាំងភ្លេងយកទៅប្រគំបទខ្ទោរខ្នងភ្នំ របស់មាស បន្ទាយប្រាសាទ ទឹក ទប់ ជ្រង់ ជ្រង សំងាត់ដោះក្រាល កន្ទែន ព្រមទាំងភ្លេង៩បទនេះ ក៏បានចូលមកនៅក្នុងទំលាប់ ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ ។
លុះធ្វើកិច្ចលាបំណន់រួចហើយ តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យបានឱ្យនាំកូនប្រុសស្រី យកមកផ្ទឹមឱ្យពរជ័យ ។
ថ្លែងពីព្រះរាជាដែលគង់នៅព្រះពន្លា បន្ទាយលង្វែក លុះទ្រង់ជ្រាបហេតុថា តាដុងយាយជ័យលួចពង្រាត់ នាងត្រចើលដោះក្រាលយកទៅរៀបការនៅឯផ្ទះនាងទែន នៅស្រែរនោងនោះហើយ ព្រះអង្គក៏យាងជាមួយសេនា សំដៅទៅផ្ទះនាងទែន លុះស្តេចដល់ហើយ ព្រះអង្គទតឃើញនាងត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង កំពុងតែក្រោបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ដោយទ្រង់ទតឃើញគូរស្វាមីភរិយាទាំងពីរអ្នកនោះ មានរូបសម្ផស្ស ល្អសក្តិសមគ្នា ទ្រង់ក៏បណ្តោយឱ្យគេធ្វើកិច្ចផ្ទឹមនោះឱ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឱ្យសេនាទាំងសងខាង ព្រមទាំងសាមីខ្លួនទាំងពីរនាក់មកជួបជុំចំពោះមុខព្រះភក្ត្រព្រះអង្គ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: