រឿង តាដុង យាយជ័យ


ព្រះអង្គបានទតឃើញនាងមានរូបឆោមលោមពណ៌ល្អដូចទេពធីតា ក៏ទ្រង់លោតចុះពីលើខ្នងសេះ យាងសំដៅទៅរក រូបនាង ទ្រង់លួងលោមនាងដោយសេចក្តីស្នេហា ។ នាងត្រចើលដោះក្រាល ក៏មានសេចក្តីភិតភ័យ នាងមិនមាន ឆ្លើយអ្វីទៅព្រះរាជទេ នាងបែរជារត់ត្រលប់មកក្រោយវិញ។
ពេលនោះព្រះរាជា និងសេនា៤នាក់ ក៏រត់ដេញតាមនាង ។ ដោយកំលាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយ ឃើញព្រះរាជាដេញ ក៏ខិតជិតណាស់មកផង នាងបានឃើញដំបូកមួយនៅក្នុងព្រៃពីខាងមុខ នាងក៏លើកដៃបួងសួង “ថាបើខ្លួននាងពិតជាគូរនិងចៅប្រមាញ់វិងស៊ុង សូមឱ្យនាងចូលទៅពួនលាក់ខ្លួននៅដំបូកនោះឱ្យបាត់” បួងសួងហើយ នាងក៏រត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ ព្រះរាជានិងសេនា៤នាក់ ក៏រត់ទងមើលពីចំងាយមក ឃើញនាងចូល ទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងមិនឃើញ បានជាមានពាក្យហៅទីនោះថា “ដំបូងមានលក្ខណ៍”។
កន្លែងនោះក្រោយមក អ្នកស្រុកបានសាងវត្ត ហៅវត្តដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នោះគេហៅថា “ត្រពោកមានលក្ខណ៍”។ ពេលនោះព្រះរាជា ទ្រង់ឆ្ងល់ និងដំណើរនាងដែលរត់បាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះនិងសេនា ។ សេនាទាំងបួននាក់តបវិញថា “ស្ត្រីដែល មានរូបល្អអំបាញ់មិញនេះ បានរត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរនិងលាក់ខ្លួនបាត់យ៉ាងដូច្នេះ ដោយព្រះ អង្គដេញចាប់បង្ខំនាង ប្រហែលជាមានទេវតាជួយយកអាសារនាងជាមិនខាន” ។ ហើយសេនាទូលថែមទៀតថា “បើព្រះអង្គសព្វព្រះរាជហឬទ័យនិងរូបនាង សូមព្រះអង្គយាងចូលទៅស្តីដណ្តឹង ដល់ឪពុកម្តាយនាងតាម ប្រពៃណីវិញ”។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចុះធ្វើម្តេចនិងបានស្គាល់ទីកន្លែងឪពុកនាង?” សេនាក្រាបបង្គំទូលថា “បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្តាយនាងថ្វាយព្រះអង្គ និងបានសំរេចតាម ព្រះរាជបំណងមិនខាន” ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យសេនាទាំង៤នាក់សព្វគ្រប់ហើយ ទ្រង់យាងត្រលប់ចូល ព្រះពន្លាវិញ។
ចាប់តាំងពីថ្ងៃនោះមក សេនា៤នាក់ក៏ព្យាយាមស៊ើបសួររកទីកន្លែងផ្ទះឪពុកម្តាយនាងត្រចើលដោះក្រាល រកអស់ ពេលជាយូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរកមិនឃើញនោះ ។ ព្រះរាជាក៏ប្រជុំអស់ពួលសេនា ទ្រង់មានព្រះរាជបញ្ជាថា “ឱ្យរៀបធ្វើពិធីប្រណាំងទូកងឱ្យអ្នកស្រុកមើលក្រែង បានប្រទះនាង ហើយពួកយើងដើរតាមមើលឱ្យស្គាល់ទីលំនៅរបស់នាង”។
សេនាទទួលព្រះរាជបញ្ជាហើយក៏ចាត់ចែងផ្សាយដំណឹង ដល់អ្នកស្រុកភូមិជនបទជិតឆ្ងាយ ឱ្យមកមើលប្រណាំងទូក។ លុះដល់ថ្ងៃប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូរឆរមីដេរដាស ដើរពពាក់ពពូនគ្នាទៅមើល ដោយសេចក្តីរីករាយ ។

ចំណែកនាងត្រចើលដោះក្រាល កាលស្តេចដេញចាប់នាង នាងពុំស្គាល់ជាស្តេចទេ លុះស្តេចយាងចេញផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញពីដំបូកនោះត្រលប់ទៅផ្ទះនាងវិញ។ នាងបានរៀបរាប់ប្រាប់ម្តាយឪពុកនាង នៅហេតុ ដែលកើតមានដល់រូបនាងតាមត្រង់ ហើយថ្លែងប្រាប់ពីសេចក្តីស្នេហារបស់នាងដ៏លើសលប់ ទៅលើចៅប្រមាញ់ វិងស៊ុង។ ឪពុកម្តាយបានដឹងចិត្តកូនសព្វគ្រប់អស់ហើយ ក៏មានចិត្តអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ ស្រពោនខ្លាំងពេក ។
ពេលដែលអ្នកស្រុកផ្អើលឈូរឆរទៅមើលប្រណាំងទូក តាដុងយាយជ័យក៏នាំនាងត្រចើលដោះក្រាល ទៅមើលនិង គេដែរ ។ លុះដើរទៅដល់កន្លែងប្រណាំងទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសំរស់ របស់នាងត្រចើល ដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ សេចក្តីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮទៅដល់សេនា របស់ព្រះរាជា ដែលកំពុងដើរត្រាច់រកមើលនាង។ សេនាទាំងបួននាក់បានដើរមកឃើញផ្ទាល់ច្បាស់ហើយ ក៏ប្រជុំ គ្នាចាំមើលដំណើរនាងត្រលប់ទៅផ្ទះវិញ។ លុះពិធីប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រលប់ទៅទីលំនៅរៀងខ្លួន ។ សេនា៤នាក់លួចធ្វើដំណើរតាមក្រោយតាដុងយាយជ័យ លុះបានស្គាល់ទីលំនៅនាង និងឪពុកម្តាយនាងហើយ ក៏ត្រលប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្តីពិត។ ព្រះរាជាក៏ស្តេចយាងមកផ្ទះតាដុងយាយជ័យ ជាមួយ និងសេនា៤នាក់ ។ តាដុងយាយជ័យបានឃើញព្រះរាជាទ្រង់ស្តេចយាងមកដល់ផ្ទះខ្លួន ក៏រៀបទីកន្លែងទទួលព្រះអង្គ។ ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនិងតាដុងយាយជ័យ សូមយកដណ្តឹងយកនាងត្រចើលដោះក្រាល ជាអគ្គ មហេសី ហើយព្រះអង្គបញ្ជាក់ថា “សូមឱ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់”។
ពេលនោះតាដុងយាយជ័យបានស្គាល់ទឹកចិត្តកូនច្បាស់ តែមិនទាន់ហ៊ានសំរេចចិត្តថា ថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្តកូនសិន។
លុះសួរទៅនាងត្រចើលដោះក្រាល នាងប្រកែកចំពោះឪពុកម្តាយនាងថា “នាងមិនទទួលយកស្តេចទេ នាងស៊ូស្លាប់ ជាមួយចៅប្រមាញ់វិងស៊ុង ជាគូរបណ្តូលចិត្តនាងហើយ ” ។ តាដុងយាយជ័យ ឮកូនប្រកែកតឹងរ៉ឹងដូច្នេះក៏ពិគ្រោះគ្នា ពីរនាក់ប្តីប្រពន្ធថា “បើយើងមិនថ្វាយនាងទៅស្តេច យើងមុខជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើក នាងថ្វាយស្តេច យើងអាណិតចិត្តកូនយើងដែលគ្នាស្រលាញ់ទៅលើចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្តយើងដែរ ទៅហើយ បើដូច្នោះយើងបង្គាប់ព្រះរាជាឱ្យធ្ងន់ កុំឱ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គច្បាស់ជា ចាត់ការធ្វើមិនទាន់ដែរ” ។ លុះគ្រោះគ្នាពីរនាក់ប្តីប្រពន្ធរួចហើយ តាយាយក៏មកទូលព្រះរាជាថា “មិនហ៊ានបង្គាប់ ព្រះអង្គទេក្រែងព្រះអង្គមិនហ៊ានទទួល” ។ ព្រះរាជាមានព្រះបន្ទូលថា “ព្រះអង្គហ៊ានទទួលទាំងអស់ ឱ្យតែលើក នាងថ្វាយព្រះអង្គចុះ” ។ តាយាយក៏បង្គាប់ព្រះរាជាថា “សូមព្រះអង្គលើកផ្លូវពីព្រះពន្លាព្រះអង្គ មកដល់ផ្ទះទូលព្រះ បង្គំឱ្យបានស្រេចតែមួយរាត្រី បើមិនហើយ ទូលព្រះបង្គំមិនលើកនាងថ្វាយទេ ”។ ព្រះរាជាទ្រង់ព្រះសណ្តាប់ហើយ ឃើញថា ការនោះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឬទ័យ លើរូបនាងត្រចើលដោះក្រាលលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុងយាយជ័យ។ លុះព្រះអង្គ ថយទៅវិញទ្រង់ប្រាប់ពលរេហ៍មកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា “ចូរសេនារេហ៍ពលទាំងអស់ លើកផ្លូវ ថ្នល់មួយចាប់ពីព្រះពន្លារហូតដល់ផ្ទះឪដុងម៉ែជ័យ ធ្វើតែមួយយប់ឱ្យហើយស្រេច” ។ ពាក្យដែលហៅថា ឪដុង ម៉ែជ័យ តែក្រោយមកគេហៅក្លាយជា “ឪដុងមានជ័យ ” ។ គ្រានោះសេនាពលរេហ៍លើកផ្លូវថ្នល់ក្នុងមួយរាត្រីនោះមិនហើយ សោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជាប់គ្នា បានជាមានពាក្យហៅថា “ភូមិថ្នល់ដាច់” នៅក្នុង បន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: