រឿង​ តាដុង យាយជ័យ ទំព័រទី១


មានសេចក្តីដំណាលថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គ សោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គមហេសី ដែលទ្រង់គត៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបានជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់ នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។ លុះព្រះ រាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាស់អស់អាណាប្រជានុរាស្ត្រ ក៏ទ្រង់ កាយដីកប់ពងនោះចោលក្នុងព្រៃ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្តាយព្រះរាជបុត្រដែលទ្រង់ សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅ ព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហា នគរវិញ ។
ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុងព្រៃ បានបណ្តើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។ ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ ព្រានវិង ឃើញចំលែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះ ត្រាតែធំ បានដាក់ឈ្មោះថា “ប្រមាញ់ វិងស៊ុង” ។
ចៅប្រមាញ់ វិងស៊ុង លុះចំរើនវ័យឡើង មានរូបឆោមលោមពណ៌ល្អឆើតឆាយ លើសលុបបុរសទាំងពួង ចៅប្រមាញ់ វិងស៊ុងបានហាត់ថ្នឹកខាងដើរបរបាញ់សត្វជាមួយព្រានវិង ជាឪពុក អ្នកស្រុកភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា ។
ស្លេះរឿងព្រានវិង និទានពីតាដុង យាយជ័យ។ តាយាយនេះគាត់មានកូនស្រីក្រមុំមួយឈ្មោះនាង “ត្រចើល ដោះក្រាល” មានរូបឆោមលោមពណ៌ល្អស្រស់លើសនារីទាំងពួង សាច់ស បបូរមាត់ដឹតស្លា ភ្នែកទាំងគូរភ្លឺដូចនិល ចិញ្ចើមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមព្រឿងៗ ដោះទាំងគូរឡើងក្បំណែនក្តន់ ក្រហមរលោងហាក់ដូចជាបូស ឱ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់សមឬកពារ ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។

តាដុងយាយជ័យបានសង់ផ្ទះនៅជាមួយនិងកូន លើដីទួលមួយមានទឹកព័ទ្ធជុំវិញការពារកុំឱ្យបុរសចេញចូល ដល់ទី លំនៅគាត់បាន ។ ទួលដែលតាដុងយាយជ័យសង់ផ្ទះនោះនៅមានជាដំណែលមកដល់សព្វថ្ងៃ ស្ថិតនៅមុខក្លោងទ្វារ ចូលវត្តទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ៥ ចំងាយពីផ្លូវជាតិប្រមាណ៥០ម៉ែត្រ នៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
តាដុងយាយជ័យមានប្អូនស្រីម្នាក់ឈ្មោះនាងទែន នៅភូមិស្រែរនោង តាយាយបាននាំនាងត្រចើលដោះក្រាល ទៅលេងផ្ទះនាងទែនជាញឹកញាប់ ។ ពេលដែលនាងទៅលេងផ្ទះម្តាយមីង នាងតែងដើរកាត់ភូមិ កាន់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះរាល់ពេលនាងដើរ បានទៅជាកន្លែងមានឈ្មោះថា ភូមិឃុំញ៉ែងញ៉ង ដល់សព្វថ្ងៃ ។ លុះនាងដើរមកដល់កន្លែងអណ្តូងទឹក មនុស្សដែល មកដងទឹកជាមួយនាងតែងពោលសរសើរសាច់នាងថា សស្គុស ទើបមានជាប់ពាក្យសរសើររាល់ពេលវេលា ដែល នាងមកដងទឹកជាប់ពាក្យហៅមកដល់សព្វថ្ងៃថា “ភូមិគូស” ឯឃុំញ៉ែងញ៉ងនិងឃុំគូសនេះ នៅជិតជាប់គ្នាក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ ។
ពេលនោះនាងនៅលេងនិងផ្ទះម្តាយមីងពីរបីថ្ងៃ តាដុងយាយជ័យ ក៏មកយកនាងវិលទៅកាន់លំនៅវិញ ។ តាដុង យាយជ័យ និងនាងត្រចើលដោះក្រាល ដែលមកកាន់ផ្ទះនាងទែននោះមានលោះខែតិចណាស់ ថ្ងៃមួយតានិងយាយ បាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្តាលផ្លូវបានជួបនិងព្រានវិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ។ ដោយព្រានវិង និងតាដុងយាយជ័យនោះបានស្គាល់គ្នាច្បាស់ពីមុនមកផង អ្នកទាំងនោះក៏ មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើឃើញ គ្នាហើយ ចេះតែគយគន់គ្នាទៅវិញទៅមក។ ដោយការគយគន់រកគ្នានោះ សេចក្តីស្នេហាក៏ចាប់ដុះដាលឡើង ពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចោញឬកពារទៅវិញទៅមកលុះត្រាតែដឹងចិត្តគ្នា។ ឯតាដុងយាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុង មានរូបល្អក៏នឹកក្នុងចិត្តថា បើបានធ្វើជាគូស្វាមី ភរិយាកូនអញ សក្តិសមគ្នាណាស់ ។ តានិងយាយក៏សួរទៅព្រានវិងថា “អ្នកកំលោះនោះត្រូវជាអ្វីនិងលោក?” ព្រានវិងឆ្លើយប្រាប់ថា “កូន” ។ ដោយពេញចិត្តនិងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឱ្យគូស្នេហាទាំងពីរនាក់ នោះ និយាយឆ្លើយឆ្លងគ្នាតាមចិត្ត ។ លុះចប់ការសន្ទនានិងគ្នាហើយ អ្នកដំណើរទាំងពីរក៏លាបែកចាកគ្នាចេញទៅ ដោយពាំយកទាំងសេចក្តីស្នេហា ជាប់រៀងខ្លួនទៅផង ។
ចៅប្រមាញ់វិញស៊ុង បានដឹងដំណើររឿងត្រចើលដោះក្រាល មកលេងផ្ទះនាងទែនជាញឹកញាប់ ក៏ចេះតែដើរកាត់ ស្វែងរកជួបនិងនាង នៅផ្ទះនាងទែនជានិច្ចមកដែរ ។ ឯព្រានវិង និងមេបាខាងនាង ក៏ពេញចិត្តនិងគូរស្នេហ៍ទាំងពីរ នោះ ចាំតែពេលចូលស្តីដណ្តឹង និងរៀបការផ្សំផ្គុំឱ្យប៉ុណ្ណោះ ។
លុះនៅយូរទៅសេចក្តីស្នេហា ក៏រីកដុះធំឡើងតែរាល់ថ្ងៃ តែដោយហេតុតាដុងយាយជ័យពុំបានជូននាង មកលេងផ្ទះ នាងទែនជាញឹកញាប់ដូចកាលមុន ព្រោះគាត់មានការរវល់ច្រើន នាងក៏លបលួចមកផ្ទះនាងទែនតែម្នាក់ឯង ។
ថ្លែងពីព្រះរាជាដែលគង់សំចត នៅព្រះពន្លាលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍ មានសេនា៤នាក់ដង្ហែព្រះអង្គ ទៅផង លុះចូលទៅដល់ក្នុងព្រៃជ្រៅស្រាប់តែប្រទះនាងត្រចើលដោះក្រាល ដើរត្រាច់តែម្នាក់ឯង។ ត្រង់ព្រៃដែល ស្តេចប្រទះនាងនោះ អ្នកស្រុកគេហៅថា “ព្រៃប្រទះនាង” ដែលសព្វថ្ងៃគេហៅក្លាយមកថា “ប្រទះឡាង” ទៅវិញ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: