មហាចោរ​នៅ​ទល់​ដែន ទំព័រទី៩


៨ – ត្រលប់ពីច្បាំង
ព្រះអរុណថ្ងៃនេះរះឡើងយ៉ាងត្រចះត្រចង់។ ប្រជាជនគ្រប់រូបភ្ញាក់ពីព្រលឹមខុសពីធម្មតា ។ ម្នាក់ៗ សំរួចចិត្ដចាំមើលក្បួនទ័ពមានមានន្ទ
ដែលវិលត្រលប់ពីច្បាំង។ យើងរាស់គ្នាស្លៀកល្អ ពាក់ល្អ ឈរកុះករនៅនឹងផ្សារ។ មិនយូរប៉ុន្មានក្បួនទ័ពមកដល់

ដំបូងគេលឺស្គរជ័យយ៉ាងអ៊ឹកធឹក ។ បន្ដិចក្រោយមកអង្គទ័ពមកដល់។ ទាហានដើរជាជួរសំបើមដោយអាវុធដែលកាន់គ្រប់ៗដៃ គឺមាន
ខែល លំពែង ស្នា ព្រួញ ដាវជាដើម។ ពលរេហ៍ដើរកក្រើកផែនដី។
បន្ទាប់មកគឺទ័ពសេះដែលសង្ហាជាងគេ ។ ម្នាក់ៗ អង្គុយលើខ្នងអាជនេយ្យ ត្រង់ខ្លួនគ្មានងាកទៅណាឡើយ ។ ដាវដែលព្យួរនៅចង្កេះឃើ
ញគួរស្ញើប។ ក្រោយមកទៀត មានទ័ពខាងដំរីដែលតុបតែងដោយគ្រឿងអលង្ការនៅភ្លុក នៅលើក្បាល និងទៅលើខ្នង មើលឃើញរុងរឿ
ងបីដូចក្នុងរឿងមួយពាន់មួយយប់ ។ នៅលើខ្នងដំរីនេះ អ្នកឈរមើលពលរេហ៍ គឺមានន្ទមេទ័ព។
មានន្ទឈរធ្មឹង ដាវដែលហូតហើយ ដែលកាន់នៅដៃនោះមានរស្មី
ចាំងនឹងព្រះអាទិត្យភ្លឺព្រាតៗ ។ ដោយគ្រឿងសំលៀកបំពាក់ ដោយមាឌ
មាំ វីរបុរសហាក់មានអំនាចអិតអុបមា។
មានន្ទនាំទ័ពដែលមានចំនួនប្រមាណប្រាំពាន់នាក់ ។ រួចគេលឺសូរសំរែ
កយ៉ាងខ្លាំង បញ្ជាអោយពលរេហ៍ឈប់។ តាមរបងប្រជាជន ក្មេង ចាស់
ប្រុស ស្រី ដែលឈរមើលក៏បន្លឺនូវសំរែកថា ជយោលាន់លឺរំពងឡើង។
អោ! តាំងពីកាលណាមក ពុំដែលមានព្រឹត្ដិការណ៍ដ៏រីករាយដូច្នោះទេ
ក្នុងអានាខេត្ដសេរីសោភ័ណយើង។ មនុស្សម្នាក់ៗ សប្បាយគ្រប់ៗគ្នា។
អ្នកលក់ដូរក៏ចេញទៅលក់ព្រោងព្រាត ។ អ្នកដើរមើលក្បួនទ័ពក៏ច្រើ
នណែនណាន់តាន់តាប់ ដើរចុះឡើងប្រជ្រៀតប្រជែងគ្នា។
ទ័ពក៏ហែព័ទ្ធជុំវិញបន្ទាយព្រះកំពុត ចំនួនបីជុំ ឆាកហោជយោលាន់លឺរន្ដំ
គ្នាអឹងកង ។ ភ្លេង និង ស្គរអោយចង្វាក់ដល់ទាហានដែលដើរ។ ក្មេងៗរត់
តាមមើលប្រញាយ កាន់ដៃគ្នារណោង។
នាងទេវីនៅផ្ទះតែងខ្លួនស្អាតបាត។ ធីតាចង់ទៅទទួលប្ដី តែនាងពុំហ៊ាន
ទៅទេ ព្រោះខ្លាចក្រែងគេសើចនាង ។ ស្រ្ដីបារម្ភក្រែងនាងយំនៅមុខគេ
អែង នាំអោយខ្មាសគេ។ ទេ! នាងពុំទៅទេ ព្រោះប្រាំបីខែមកហើយ ពុំដឹង
ប្រុសប្រែប្រួលយ៉ាងណា។ បើនាងទៅទទួលគេ ហើយស្រាប់តែគេធ្វើពុំ
ស្គាល់នាងក៏ពុំដឹង នោះនាងមុខជាដាច់ខ្យល់ស្លាប់ភ្លាមក្នុងពេលនោះមិនខាន។ កល្យាណនឹកទៅទៀតថា បើគេស្មោះចំពោះនាង ស្រលាញ់
នាងពិតៗ ប្រាកដជាគេមករកនាងហើយ ។ អាស្រ័យហេតុនេះ នាងសំរេចថាត្រូវរង់ចាំប្ដីអែផ្ទះទើបត្រូវ។ ស្រីនៅផ្ទះមែន តែនាងលួចស្ដា
ប់សូរស្គរ និង សូរមាត់គេដែលស្រែកទ្រហឹងអឹងកង។ នាងស្រៀវក្នុងចិត្ដចង់ទៅអោយឆាប់បានឃើញមុខប្ដី។ ចំនង់នេះរកទប់ស្ទើរពុំ
ឈ្នះ។
ដើម្បីបំភ្លេចសេចក្ដីទន្ទឹង នាងដើរចុះដើរឡើង តែក្នុងផ្ទះម្នាក់អែង ក្នុងការទន្ទឹងរង់ចាំនេះ មួយនាទីយូរដូចមួយសតវត្ស។ មនុស្សម្នាក់
លោតចូលតាមបង្អួចលឺសូរគ្រឹប។ នាងទេវីភ្ញាក់ងាកទៅ ស្រាប់តែឃើញកាមាជាប្អូនមានន្ទមកដល់។ នាងភ័យតក្កមា ស្ទើរស្លុតស្មារតី។
កាមាដើរទៅរកនាងឈរជំទាញជើង ដៃទាំងពីរកាន់ដាវ ដែលហូតទុកជាស្រេច។

– ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតដែលខ្ញុំប្រើវិធីឃោរឃៅ . . . ។ ខ្ញុំបាននិយាយនឹងអ្នកអោយមានចិត្ដស្មោះស្ម័គ្រនឹងខ្ញុំ ព្រោះខ្ញុំបាន
ស្រលាញ់អ្នកស្មើជីវិត។ ពាក្យដែលខ្ញុំនិយាយទៅអ្នក អ្នកអិតស្ដាប់ខ្ញុំសោះ។ ខ្ញុំដាក់ខ្លួនរហូតដល់ទៅហ៊ានអង្វរចិត្ដអ្នក ។ អិលូវខ្ញុំឈប់និយា
យ ឈប់អង្វរទៀតហើយ ។ ខ្ញុំចាប់ប្រើវិធីអកុសលប្រាកដ ។ ខ្ញូំស្ដាយណាស់ដោយអ្នកបង្ខំអោយខ្ញុំលេងវិធីដ៏លាមកនេះដែលខ្ញុំពុំចង់លេង
ឡើយ។ តែខ្ញុំធ្វើនេះ គឺប្រាកដធ្វើដោយចិត្ដចង់ ដោយចេតនា ដើម្បីលុបលាងអាមាស់របស់ខ្ញុំចំពោះអ្នក ដែលខ្ញុំបានរាយលើកំនាត់ជីវិតរប
ស់ខ្ញុំជាមួយនឹងអ្នក ។ ថ្ងៃនេះ ជាថ្ងៃផ្ដាច់ព្រាត់របស់ខ្ញុំ។
-កាមានិយាយដោយពាក្យធ្ងន់ៗ ។ នាងទេវីចំហមាត់ បើកភ្នែកធំៗស្ដាប់ ។
-សេចក្ដីភិតភ័យមួយយ៉ាងធំមកគ្របដន្ដប់ដួងចិត្ដនាងជាប់។ នាងយំអង្វរថា ៖
– ទេ ! លោក ៗ កុំធ្វើបាបខ្ញុំ . . .
– កាមាគំហកវិញថា :
– ខ្ញុំធ្វើល្អណាស់ហើយជាមួយនឹងអ្នក។ អ្នកពុំព្រមយល់ ពុំព្រមធ្វើតាម ពុំព្រមជឿខ្ញុំ។ នែ ! ទេវីស្រីវរលក្ខណ៍ មើលនុ៎ះហ្ន៎ !
-កាមាចង្អុលទៅបង្អួចដែលចំហនៅផ្ទះធំមួយទៀត។
-នាងទេវីមើលតាម ឃើញកូនស្រីរបស់នាងគេងលក់ស្កប់ស្កល់។ នាងស្ទុះក្រោក តែចុងដាវកាមាចុចជាប់ត្រង់កនាងកន្លែងជីព
ចរមិនអោយស្រីកំសត់ក្រោកបាន។ ដោយតឹងទ្រូងពេក ធីតាទ្រហោយំ ហើយពោលយ៉ាងរអាក់រអួលថា :
– កូន ៗ មាសម្ដាយ កូន ! ម្ដាយនឹកកូនណាស់ កូនមកនេះមក។ កូនមកពីណាបាត់យូរម៉្លេះ ? កូននឹកម្ដាយទេ ?។ អោ !កូនគេងល
ក់ទេ ? ម្ដាយស្មានតែកូនស្លាប់ទៅហើយ។ កូនទៅណាបាត់ប៉ុន្មានថ្ងៃ? កូនបានអ្វីបៅ ? លោក ! ខ្ញុំសុំកូនខ្ញុំមកវិញ។
– កាមាគំហកទៀតថា :
– នៅអោយស្ងៀម មើលទៅទៀតមើល
– នាងទេវីចោលភ្នែកទៅទៀត នាងស្រែកយ៉ៃឡើង ដោយនាងបានឃើញមនុស្សម្នាក់មាឌធី ចាប់លើកបីកូននាងដែលនៅក្នុងពូ
កឡើង។ មនុស្សមោហនេះយកចុងដាវដាក់លើកូននាងដែលដេកលក់ ហាក់បំរុងនឹងប្រហារជីវិត។
– អៃ ! ធ្វើយ៉ាងនេះស្លាប់កូនខ្ញុំហើយ។ លោកធ្វើអ្វីយ៉ាងហ្នឹងអានិតកូនខ្ញុំទៅកុំធ្វើបាបគ្នា។ អោ ! ស្លាប់អិលូវហើយ ព្រះម្ចាស់ថ្លៃ
អើយ ! កុំ ៗ លោកជួយខ្ញុំផង កុំៗ។
– នាងទេវីញ័ររន្ធត់អស់អង្គប្រាណ។ កល្យាណបំរះននៀលរមួលខ្លួន។ ចុងដាវធ្វើអោយនាងតក់ស្លុតត្រជាក់ចុងដៃ និងចុងជើង។
នាងដាក់ភ្នែកចុះ ពុំមែនកែវពុំហ៊ានមើលទេ តែស្រីរអាក្នុងចិត្ដក្រៃពេក។ នាងយំលឺឃឹសៗ។
– កាមាពេបមាត់និយាយថា :
– ទេវី ! វាមិនទាន់ស្លាប់ទេ ។ ចូរអ្នកជ្រាបថា គឺខ្ញុំនេះហើយដែលបានលួចយកកូនអ្នកទៅ។
– ច៎ាះ ! លោក ! អោ ! លោកយកកូនខ្ញុំទៅរឺ ? ច៎ាះ
– អិលូវនេះអ្នកចង់បានកូនអ្នកវិញទេ?
– ច៎ាះ លោក ចង់បាន សុំអានិតខ្ញុំទៅ ខ្ញុំអង្វរ . . .
– តើអ្នកស្រលាញ់កូនអ្នកទេ ?
– ច៎ាះ លោក ស្រលាញ់ ហ៊ី ! ស្រណាស់ . . . ពេក ស្រលាញ់ផុតអស់របស់ដែលមានក្នុងលោកនេះ
– តើអ្នកចង់អោយកូនអ្នកស្លាប់ រឺ រស់ ?
– ច៎ាះ ! ចង់អោយរស់
– អើ ! បើចង់អោយកូននេះរស់ ងាយណាស់ !
– អោយខ្ញុំធ្វើយ៉ាងណា ? ច៎ាះ ខ្ញុំចង់អោយរស់ ធ្វើយ៉ាងណាលោក ខ្ញុំធ្វើទាំងអស់។ ជំរាបប្រសាសន៍មកខ្ញុំធ្វើ។
– កាមាសើច មើលមុខកល្យាណយ៉ាងកំនាច ។ បុរសបន្ដវាចាទៅទៀតថា :
– កិច្ចអ្នកត្រូវធ្វើងាយទេ។ បន្ដិចទៀត ប្ដីអ្នមុខជាមកដល់ទីនេះហើយ ។ ដើម្បីអោយកូនរស់ ដើម្បីអោយបានកូនមកដៃអ្នកវិញ
ដល់ប្ដីអ្នកមក អោយអ្នកនៅស្ងៀមធ្វើថ្លង់ ធ្វើដូចគកុំនិយាយអោយសោះ។
– គ្រាន់តែកុំនិយាយអោយសោះប៉ុណ្ណោះរឺលោក ?
– អើ ! ទោះជាមួយមានន្ទក៏កុំនិយាយដែរ។
– ទេ ! ខ្ញុំនឹកប្ដីណាស់ ខ្ញុំសុំនិយាយរកគាត់បានបួនដាប់ម៉ាត់ អានិតខ្ញុំទៅ ខ្ញុំនឹកគាត់ណាស់។
– មិនបាន ! បើអ្នកហ៊ានតែហើបមាត់មួយម៉ាត់ កូនអ្នកមុខជាស្លាប់មិនខាន អ្នកឃើញទេខ្ញុំនៅទីនេះ បើអ្នកហ៊ាននិយាយមួយ
ម៉ាត់ ខ្ញុំគ្រាន់តែធ្វើសញ្ញាបន្ដិចទៅ អ្នកដែលកាន់កូនអ្នកនោះសំលាប់កូនអ្នកចោលមិនខាន ។ ម៉េចអ្នកយល់ទេ ?

– ច៎ាះ ! ខ្ញុំយល់ហើយ ហ៊ី ! លោកគ្មានមេត្ដាដល់ខ្ញុំសោះ ម៉េចក៏លោកមិនចង់អោយខ្ញុំនិយាយនឹងប្ដីខ្ញុំ ? ខ្ញុំធ្វើដូចលោកមិនកើតទេ
សូមលោកអត់ទោសចុះ ។ អោប្ដីអើយ ! អោកូនអើយ ! ខ្ញុំស្លាប់ហើយ។
– មើលហ្ន៎ ! ឃើញទេ ?
– អុស ! អោ ទេៗ កុំសំលាប់កូនខ្ញុំ ទេ! លោកអើយ លោកអើយ អោ!
– ម៉េចធ្វើតាមខ្ញុំរឺទេ ឆាប់ៗឡើង ?
– ហ៊ីស លោកអើយ
– ថាអោយភ្លាមមក !
– ច៎ាះ ! ខ្ញុំធ្វើតាមទាំងអស់ហើយ
– ម៉េចអ្នកធ្វើតាមខ្ញុំទេ ? និយាយអោយត្រង់ទៅ
– ច៎ាះ ខ្ញុំយល់ព្រមហើយលោក
– អើ ! អ្នកត្រូវនៅអោយស្ងៀមមួយកន្លែងនេះ
– ច៎ាះ ! ខ្ញុំធ្វើបាន . . . តែកាលណាទៅបានលោកអោយកូនមកខ្ញុំវិញ
– មិនអីទេ ចាំខ្ញុំយកមកអោយ
– កាលណាទៅ ទើបខ្ញុំអាចនិយាយបាន ?
– ចាំខ្ញុំជូនដំនឹងជាក្រោយ តែមិនយូរទេ មួយភ្លែតប៉ុណ្ណោះក៏បានហើយ
– ច៎ាះ ! ខ្ញុំត្រេកអរណាស់ ខ្ញុំមិនភ្លេចទេ ខ្ញុំធ្វើតាមលោកមិនអោយខុសទេ គឺនៅស្ងៀមមួយកន្លែងនេះ រួចមិននិយាយមួយម៉ាត់
សោះ ។ អូ ! តិចលោកច្រលំធ្វើសញ្ញាអ្វីទៅ។ គេសំលាប់កូនខ្ញុំហើយ។
– ទេ ! ទេ ! ខ្ញុំមិនច្រលំទេ
– អោ ! កូនកំសត់អើយ . . .
-ជើងសេះមួយលាន់លឺរំពងអែវាលស្រែ។ សូរជើងសេះនេះកាន់តែមកជិតដល់។
-នាងទេវីព្រឺព្រួចក្នុងក្នុងចិត្ដ។ កាមាមើលតាមបង្អួចទៅឃើញប្រាកដជាបងរបស់ខ្លួន គឺមានន្ទនោះអែង។
– អិលូវនៅស្ងៀមឈប់និយាយ។
នាងទេវីក៏ប្រុងស្មារតី ដៃទាំងពីរសំពះអោនមុខលុតជង្គង់ ។ ធីតា
លឺសូរជើងសេះដែលធ្វើអោយនាងព្រឺអស់ទាំងខ្លួន។ នាងភ័យផងអរ
ផង។ នាងនឹកឆ្ងល់ថា អាកាមានេះវាអោយនាងធ្វើដូច្នោះ តើមានប្រ
យោជន៍អ្វី ? នាងបំបែរដៃនាងដែលសំពះអោយចំមាត់ទ្វារ ព្រោះកែ
វវរលក្ខណ៍ដឹងថា គឺតាមច្រកទ្វារនោះហើយដែលប្ដីនាងបំរុងនឹងចូ
លមក។
មានន្ទមកដល់មុខខ្ទម លោតចុះពីលើខ្នងសេះយ៉ាងរហ័ស។ អ្នក
រត់តំរង់ទៅមាត់ទ្វារខ្ទម។ លុះទៅដល់មាត់ទ្វារអ្នកទុចង៉ក់ មើលឃើ
ញកាមានៅឈរច្រត់កែងដៃនឹងបង្អួច ឃើញនាងទេវីសំពះអ្នកយ៉ាង
ស្មោះស្ម័គ្រ។
– កាមា រឿងអី ?
– កាមាសើចនិយាយយ៉ាងស្ងួតថា :
– ខ្ញុំសូមជូនបងស្រីដែលបងបានផ្ញើខ្ញុំ ថែរក្សានោះមកបង
វិញ។
– មាន្ទននៅស្ងៀមស្ដាប់កាមា រួចនិយាយថា :
— ម្ដេចក៏អែងនិយាយសើចហាក់ខ្ពើមរអើមម៉្លេះ ?

– ហាស់ ៗ ពីព្រោះជារឿងដែលខ្ញុំពុំគួរនឹងជំរាបបងសោះ មានន្ទខាំធ្មេញក្រឹត
– រឿងអីកាមា ? កាមាប្រាប់មកអោយឆាប់ !
– កាមាដើរធ្វើរាយមាយនៅជិតបង្អួចនោះ
– អើ ! សមណាស់ហើយ ប្រពន្ធបងនោះ ។ សមមុខបងអែងណាស់ហើយ ។ កាលបងផ្ដាំផ្ញើខ្ញុំ ៗ នឹកស្មានថាជាស្រីមួយល្អគួរ
គោរព ។ តែដល់ចុងបង្ហើយ ហ៊ី ! ខ្ញុំមិនចង់និយាយទៀតទេ។ មាន្ទនស្ទុះទៅចាប់កាមា ញេញធ្មេញ មុខឡើងក្រហម។ ទេវីរលត់អស់ស្មារតី
– កាមានិយាយ តោងនិយាយប្រាប់បងអោយឆាប់មក
– រឿងនេះក្រែងបងខឹងជ្រុលណា
– រឿងអ្វី ? កាមារឿងអ្វី ? យី ! កាមាតោងនិយាយមក
– ដោយបងតឿនអោយខ្ញុំនិយាយហើយ ខ្ញុំក៏និយាយទៅចុះ ប្រពន្ធបង ខ្ញុំបានបន្ដេញចេញពីភូមិយើង។ ខ្ញុំសូមទោសបងទៅចុះ។
តែបានជាបន្ដេញនេះពីព្រោះទេវីជាស្រីមួយយ៉ាងអាក្រក់បំផុត នាងលួចមានសហាយ។
– យី ! អីទេវីមានសហាយ ? ទេវីក្បត់អញ ?
– បាទ !
– សហាយនឹងអ្នកណា ? អាណាមួយហ៊ានសហាយជាមួយប្រពន្ធអញ ? ប្រាប់មកៗ អូនប្រាប់បងមក។
– បើបងដឹងបងធ្វើអាសហាយនោះយ៉ាងណាទៅ ?
– ហ៊ីស កាមាអូន ! ដាវៗ កាត់ហុតឈាម
– ហ៊ីៗ សហាយវានេះមិននៅឆ្ងាយទេ គឺនៅជិតៗនេះ។ គឺជាមនុស្សម្នាក់ខែងសំដីលើត រិកពារខ្ពង់ខ្ពស់ បុណ្យស័ក្ដិធំ ប៉ុន្ដែបងទៅ
ចងពៀរនឹងអាសហាយនោះបានជាការអ្វី ? ស្រីវាខូចទេតើ ?
-អញផ្ដាន្ទាទោសទាំងពីរហ្នឹង ។ កាមា ! អញអោយអែងជួយរក្សា អែងគ្មានបានការអីទេ
-ខ្ញុំមើលអស់ប៉ុណ្ណឹងហើយ
-កាមា អាណាមួយមានបន្ដាសក្ដិធំ ហ៎ ? តើអាណាមួយ . . . បងចង់ស៊ីសាច់ហុតឈាមវាអិលូវ កាមាប្រាប់មងមក វានៅជិតៗ
នេះរឺ ?
– ការមាសើច និយាយមួយៗថា :
– មនុស្សអប្រិយ៍កំនាចចិត្ដទាបអាម៉ាសនោះ គឺ . . . គឺ . . . គឺ . . . ខ្ញុំ
– ប្អូនអែង ? យី ! អីប្អូនអែងសហាយនឹងប្រពន្ធបង ?
– បាទ គឺខ្ញុំនេះអែង !
– យី ! កាមា ! ប្អូនសំលាញ់ . . . នែ! ម្ដេចទេវីអូន ! ម្ដេចអូនធ្វើដូច្នោះ`? ទេវីអូន ! បងស្រលាញ់អូនប្ដូរជីវិតគ្មានតក់ គ្មានណាយ
គ្មានភ្លេចមួយពេល។ បងអនិតប្អូនរាល់វេលា។ ទេវីអូន ! បងស្រលាញ់ហៅពេញបង់ចិត្ដ អូនក្បត់ចិត្ដបង។ បើអូនទៅស្រលាញ់អ្នកណា
ក្រៅពីប្អូនរបស់បង ៗមិនថាអ្វីទេ នេះប្អូនស្រលាញ់ប្អូនប្រុសរបស់បង។ ក្ដៅណាស់ ក្រហាយណាស់ ឈឺណាស់ ! ទេវី ! ទេវីអូន ! ហេតុ
ម្ដេចយ៉ាងហ្នឹង ? អូននិយាយមកមើល ប្រាប់មក ពន្យល់មក។ មើលហ្ន៎ ! សត្វនេះវានៅស្លៀមឈឹង ។ ទេវី ៗ ! យើងព្រាត់គ្នាពីពេលនេះ
ហើយ។
មែន ! នាងទេវីព្រាត់មែន ព្រាត់ព្រោះនាងនិយាយពុំរួច កំរើកខ្លួនពុំបាន។ ធីតាមានតែទឹកភ្នែកដែលហូរប៉ុណ្ណោះ ។ ដៃនាងឡើងញ័រ ចិត្ដ
នាងតឹងៗ ជាងជាប់ចំនងប្រាំប្រការទៅទៀត ។ ពាក្យរបស់កាមាមួយម៉ាត់មានពាក្យថា នាងបានសហាយនឹងវា ធ្វើអោយចិត្ដនាងធ្លាក់ក្ដុក
យ៉ាងខ្លាំង។ ពាក្យនេះចាក់ដោតដួងចិត្ដនាងយ៉ាងរកាំបំផុត រួចមុតដូចកាំបិតដែលចាំងរំលំព្រឹក្សានៃសេចក្ដីសុខរបស់ស្រី។ អោ ! ប្ដីនាងពុំ
ដឹងរឿងនឹកស្មានថាការនេះជាការពិត។
-មានន្ទបែរទៅនិយាយជាមួយកាមាថា
– ថ្ងៃបែរគងភ្នំ ប្អូនអែងទៅជួបនឹងបងនៅក្រោមដើមពោធិកុំខាន។
– កាមាសើចក្អាកក្អាយងក់ក្បាលតបវិញ :
– បាទបង ! ថ្ងៃបែរគងភ្នំជួបគ្នាក្រោមដើមពោធិ។
រួចមានន្ទបែរមកមើលនាងទេវីជាចុងក្រោយបង្អស់។ អ្នកមួរម៉ៅក្ដៅក្រហាយក្នុងចិត្ដជាពន់ពេក។ ពីដើមរូបនាងទេវីជាទីត្រជាក់ចិត្ដ
អិលូវរូបដដែលនេះក្លាយទៅជាភ្លើងទៅវិញ។ អ្នកខឹងយ៉ាងខ្លាំង រហូតដល់លែងមើលមុខនាងទៀត អ្នកនិយាយជាទីបង្ហើយថា :
– ទេវីស្រី កាលកាឡកណ្ណីរិស្សា អញលែងបានឃើញអែងទៀតហើយ។
ថាដូច្នោះស្រេច មានន្ទស្ទុះចេញពីផ្ទះ រត់ឡើងលើខ្នងសេះទៅ។ ព្រលឹងនាងទេវីស្ទុះតាមបន្ដាលអោយរូបនាងដួលដេកស្ដូកលើក្ដារ។
លើខ្នងសេះ មានន្ទឈឺចាប់ក្នុងចិត្ដជាពន់ពេក។ ភ្នែកលែងមើលអ្វីឃើញ ត្រចៀកលែងលឺអ្វី នេះហើយដែលជាស្ថានភាពដែលអ្នករស់
ក្នុងកេសារបស់អ្នកហាក់មានអ្វីវិលស្លុង នាំអោយនឹកអ្វីពុំឃើញ គិតអ្វីក៏ពុំយល់ មានតែរឿងនាងទេវីកាឡកណ្ណីប៉ុណ្ណោះទេដែលមកបុកដើ
មទ្រូងអ្នកញ៉ាំងៗ គ្មានត្រាប្រនី។ បុរសនឹកឃើញកាលគ្រាមុន អ្នកស្រលាញ់ស្រ្ដីនេះយ៉ាងអស់ពីពោះ។ អ្នកបានប្ដេជ្ញាថា រស់ស្លាប់ជាមួយ
ទេវីតែមួយរហូតរៀងទៅ ដោយជឿថា ជីវិតអ្នកមុខជាបានរស់និត្យនៅជាមួយនាងមិនខាន។ ហើយស្មានទៀតថា នាងមុខជាធ្វើអោយអ្នក
បានសប្បាយជានិច្ចវិញ។

មានពប្រឹងត្រិះរិះរកឃើញថា កាលស្រលាញ់គ្នានោះ នាងនេះបាននិយាយនឹងអ្នក រួចកាលនិយាយគ្នានោះ នាងបានបង្ហាញអោយឃើញ
ថា នាងស្មោះត្រង់មែនស្ទើរហ៊ានចាត់ទុកថា គ្មាននារីណាមួយមកប្រៀបបានឡើយ ពីព្រោះគ្រប់ពាក្យដែលនាងចេញស្ដី នាងគ្មានបានគិត
ទេ ស្រីនិយាយរអិលរូអិតទាក់។ រីអែពាក្យមួយម៉ាត់ៗ បុរសជាសង្សារសង្កេតឃើញទឹកចិត្ដមែនៗ នៃសេចក្ដីស្នេហា។
មកដល់មួយពេលនេះ ទេវីស្រីដាច់ចិត្ដមានសហាយទៀត ភ្លេចអ្នកជាប្ដី ភ្លេចអស់ពាក្យសំដី ភ្លេចអស់អំពើដែលធ្វើទៅវិញទៅមកតាំង
ពីអំពើតូចតាច បន្ដិចបន្ដួចរហូតដល់ទៅលូកដៃចោលខ្លួនទាំងស្រុងចូលក្នុងរង្វង់ដៃគ្នាទៅវិញទៅមក រហូតដល់រួមរស់ រួមមេត្រីនែបនិត្យ
គ្នាជាប្ដីប្រពន្ធ។
មានន្ទនឹកឃើញសព្វគ្រប់ដូច្នោះ អ្នកអស់កំលាំងចិត្ដហេវនឹងរកជឿស្រីណាទៀតមិនបាន។ ក្នុងពេលនោះ អ្នកចាត់ស្រីទាំងអស់ជាភេទ
អប្បលក្ខណ៍ អាក្រក់រកគ្មាន។ ភេទមោហៈ នេះជាភេទស្រើបស្រាល នឹងកាមរាគ ចិត្ដមិនធ្ងន់ មិនចេះអត់ មិនស្គាល់ខុសត្រូវ អាក្រក់ល្អ
ស្រេកឃ្លាននឹងកាមគុណ ឃ្លាន ! ឃ្លាន ! . . . ណាស់ឃ្លានរហូតទៅក្បត់។ មានន្ទខាំធ្មេញ ដោយហាក់មើលឃើញនាងទេវីធ្វើរិក ធ្វើពារក
កាមាជាសហាយ។ កំលោះហាក់ឃើញនាងញញឹមដោយអិតអៀនខ្មាស ដាក់ប្រុសថ្មី ហាក់ឃើញនាងបើកទ្វារអោយគេចូលមក ដោយ
ស្ទុះទៅទទួលគេ ចោលខ្លួនទាំងស្រុង ទៅក្នុងកន្ដាប់ដៃគេ បន្ដោយអោយគេអាបរិតដូចកាលនាងបានធ្វើជាមួយអ្នកដែរ ។ ស្រីរិស្សានេះ
និយាយរកគេ ដូចបាននិយាយនឹងអ្នកជាប្រាកដ។

មានន្ទនឹកទៀតថា បើអ្នកមកទាន់ក្នុងពេលនោះ អ្នកមុខជាហូតដាវវាត់អោយដាច់ចង្កេះទាំងពីរនាក់អោយស្លាប់ ជាមួយគ្នាមួយរំពេចមិ
នខាន ។ ក្រោយពីសុបិននេះ មានន្ទសន្មតថា ស្រីដែលមានរូបល្អជាស្រីមានចិត្ដអាក្រក់ ។ រូបវាល្អណាស់ វាអាងរូប ចង់អោយតែគេរាល់
គ្នាស្រលាញ់វា។ អោ ! ទេវី ! ស្រីទាំងអស់អាក្រក់គ្មានសល់មួយនាក់ ទោះមានរូបមិនល្អក៏ដោយ គឺថាណាមួយក៏ដូចណាមួយ។ អាស្រ័យ
ហេតុនេះ មានន្ទនឹកដល់ព្រះពុទ្ធអង្គលោកបានហៅចំជាកំពូលមនុស្សមែន។ លោកយល់រឿងនេះ រួចបានលះបង់ទាំងអស់ដើម្បីព្រះនិព្វានដែ
លជាស្ថានផុតទុក្ខ។

ជិះលើខ្នងសេះមានន្ទវង្វេងអស់ស្មារតី។ នឹកម្ដងឃើញថាត្រូវសំលាប់ស្រីៗអោយអស់។ នឹកម្ដងឃើញថា ត្រូវសំលាប់ប្រុសៗដែលអា
ក្រក់ទៅស្រលាញ់ប្រពន្ធគេអោយអស់បានត្រូវជាង។ នឹកតទៅទៀតឃើញថាទេ! កុំរវល់ នេះហើយជាជីវិត មានទុក្ខ មានសុខ មានក្បត់
មានស្រលាញ់ មានស្អប់ . . . ៘
សំរេចសេចក្ដី មានន្ទនៅតែមានទុក្ខដដែល។ វាលដែលអ្នកកំពុងជិះសេះកាត់ធំល្វឹងល្វើយ បីដូចវាលវដ្ដសង្សារដែលអ្នកកំពុងឆ្លងកាត់។
អ្នកឃើញថា អ្នកប្រឹងទៅមុខតែម្នាក់អែងត្បិតគូស្នេហាគេចោលអ្នកហើយ។ វាលនេះមើលយូរបន្ដិចទៅ ក្លាយទៅជាមហាសាគរមួយដ៏
ធំក្រៃលែង ដែលរកមើលជើងមេឃពុំឃើញ ។ ខ្យល់ដែលបក់រវិចៗ ក្លាយទៅជាខ្យល់ព្យុះព្យោមាយ៉ាងខ្លាំងអនេក ។ សេះដែលអ្នកជិះក្លា
យជាកូនទូកតូចមួយ ដែលឃ្លេងឃ្លោងៗ កន្ដាលសមុទ្របោកបក់ដោយជំនោរខ្យល់។ តែកូនទូកនេះ គឺមានន្ទដែលភ័យប្រឹងតស៊ូនឹងខ្យល់កុំ
អោយលិចទូកបាន។

-ទឹកភ្នេកក៏ហូរចេញពីភ្នែកមានន្ទធ្លាក់ដល់ដី។
-អតីតសង្សារនាងទេវីនឹកសង្វេគខ្លួនពន់ពេក
-បុរសពុំដែលយំសោះ តែក្នុងពេលនេះអ្នកយំ ។ អ្នកនិយាយក្នុងចិត្ដថា :
– ទេវីអូន ! បងព្រាត់ពីអូនតាំងពីពេលនេះហើយ ! អូនជាគូកម្ម នឹងបងទេ ។ បងមិនធ្វើអ្វីដល់អូនទេ ! កុំព្រួយ ។ បងមិនចងពៀរ
ទេ។ សូមអូនទៅរស់ជាមួយគូថ្មីរបស់អូនចុះ រស់អោយបានសប្បាយតាមបំនងចិត្ដអូនចុះ។ បងមិនខឹងទេ ពីព្រោះបងធ្លាប់ដែលបានរួមរក្ស
រូបអូនហើយ ។ បងមានជ័យជំនះលើអូនជានិច្ច មានតែអូនទេដែលចោលបងនោះ ចាញ់បង ។ បងឈប់ស្រលាញ់អូនទៀតហើយព្រោះអូ
នស្រលាញ់គេ។ បងមិនស្ដាយអូនទេ ព្រោះអូនមិនស្ដាយបង។ ពីពេលនេះទៅអូនដើរផ្លូវមួយ បងដើរផ្លូវមួយ ព្រោះផ្លូវយើងដើរនោះវាបែ
កគ្នា ។ អូនមានសង្សារថ្មី បងដើរទៅមុខតែម្នាក់អែង គ្មានសង្សារ ។ អូននៅតែមានទុក្ខ បងផុតអស់ទុក្ខហើយ ។ អូននៅតែមានចំនងចង ប
ងទៅណាក៏បានធ្វើអ្វីក៏បាន ដេកត្រង់ណាក៏បាន បាយត្រង់ណាក៏បានតាមចិត្ដអិតចំនង។ បងមានប្រៀបលើអូនជានិច្ច ព្រោះថាបើប្ដូរប្រុស
របស់អូននឹងបង គង់ឃើញថាបងគ្រាន់បើជាងប្រាកដ ទាំងផ្លូវចិត្ដ ទាំងផ្លូវលើសីលធម៌ ទាំងផ្លូវមនុស្សធម៌ ទាំងផ្លូវតំរិះវិជ្ជា ទាំងផ្លូវបុណ្យ
សក្ដិ ទាំងផ្លូវថ្លៃថ្នូរ។ លើពិភពផែនដីនេះ តើអូនរកមនុស្សណាអោយបានដូចបងទៀតទេ ? ។ បងជាមនុស្សចេះជួយសង្គ្រោះគេ ដោយមិនគិ
តគ្រោះខ្លួន ចេះគោរពស្រលាញ់គេជាងស្រលាញ់ខ្លួនអែង ចេះឈឺឆ្អាលដល់រឿងគេដោយអិតគិតដល់រឿងខ្លួនហួសហេតុ ចេះជួយកិច្ចការ
អោយគេ ហ៊ានធ្វើការអោយគេ ទោះតែម្នាក់អែងក៏ហ៊ានធ្វើដែរ។ អោ ! អូនទេវី ! អូនស្រលាញ់គូថ្មីព្រោះអ្វី ? ព្រោះប្រាក់មែនទេ? ព្រោះគេ
ចេះសប្បាយហ៊ីហា ព្រោះគេចេះបញ្ឆោត ចេះបោកផងមែនទេ ?។ ទេវីអូន ! បងពុំចេះដូចគេទេ ។ ហេតុនេះ សេចក្ដីសំរេចវាសនាអូន គឺ
អូន។ បងទុកអែកសិទ្ធិនេះលើអូនចុះ តែបងគ្រាន់តែអានិតអូនដោយស្រីមើលតំលៃមនុស្សខុស។ ទេវីអូន ! បងខំបំភ្លេចរឿងអូន និង បង
អោយភ្លេចសូន្យពីពេលនេះទៅ។

ព្រះអាទិត្យជ្រៀងជ្រេគងលើភ្នំស្វាយហើយ។ ពពកក្រហមឆ្អៅនៅផ្ដុំរាយមាយត្រង់នេះ ត្រង់នោះ ។ ឃើញមេឃចិត្ដកើតក្ដីសង្វេគដោ
យនឹករលឹកដល់ពេលដែលទ្វីបលោកត្រូវឆេះកល្បទៅអនាគត។ គឺក្នុងពេលចុងបំផុតនេះហើយ ដែលមនុស្សត្រូវរលាយរូប រលាយខន្ធ
ប្រាសចាកអស់ទុក្ខផងទាំងពួង។ អោ !គឺថ្ងៃគងភ្នំនេះហើយដែលលោកអ្នកចាំបានថា មានន្ទសន្យាជួបកាមាជាប្អូន។ មានន្ទស្ទុះលោតលើខ្នង
សេះបំផាយត្រង់ឆ្ពោះទៅដើមពោធិកន្ដាលស្រែដែលបាននិយាយទុក។ តាំងពីព្រឹកមក អ្នកលេបបាយពុំរួច ដេកពុំលក់ចេះតែរសាប់រសល់
។ លុះដល់ទីកំនត់អ្នកលោតចុះពីលើខ្នងអាជនេយ្យដែលអ្នកចងនៅជិតនោះ។ បុរសច្រត់កែងដៃទាំងពីនៅចង្កេះដើរចុះដើរឡើង មើលនា
យអាយរួចឈរគិតរឿងដដែលតែមួយ គឺរឿងនាងទេវីជាភរិយាក្បត់ចិត្ដអ្នក។

នៅជើងមេឃ សេះមួយទៀតផាយកាន់តែជិតមក។ មានន្ទឈប់ឈរនៅស្ងៀមមើលសេះនេះ។ លុះបានមកដល់ជិត អ្នកជិះសេះលោត
ចុះមកដីលែងសេះអោយបរិភោគស្មៅទើបមកគោរពមានន្ទយ៉ាងគួរសម។
ដោយអិតមាននិយាយមួយម៉ាត់ មានន្ទហូតដាវខ្វាកប្រាប់ថា :
– កាមាប្អូនប្រុងខ្លួន ពីព្រោះបងបានសន្យាថាសំលាប់អាចោរ
លួច ប្រពន្ធគេអោយអស់ពីដែនដីខ្មែរ។
– មានជាការអីបង !
– កាមាញញឹម ក៏ហូតដាវវិញ
ដាវមានន្ទកាប់ឆ្វេងលឺឆាំងៗ រន្ថើនគ្នារន្ដំដូចលាចផ្ទុះ។ តែកាមាកាត់
លឺច្រែស ៗ ដូចសូរផាវ។
-មានន្ទកាប់ខាងស្ដាំប៉ាំង ៗ សូរជាប់ប្រកិតគ្នា ។
-កាមារងជាប់យ៉ាងអង់អាច។
-មានន្ទគ្រវាសដាវកាប់ពីលើប៉ាំងៗ។
-កាមាវាសដាវរងបានទៀត
-មានន្ទចាក់បន្ដើរសើចបន្ដើរ
– យើ ! ប្អូនអែងគ្រាន់បើអិលូវ
– បាទ ! ល្មមតែស៊ីសងបានដែរ ។ ហ៊ី សុំជូនបងវិញម្ដង
ក្នុងពេលនោះ ដាវកាមារហ័សដូចរន្ទះ ស្ទុះវាត់មានន្ទខាងឆ្វេងត្រឹម
ចង្កេះ រួចរត់វឹងទៅរះខាងស្ដាំ រួចលោតមកពីលើវិញ។ បើភ្នែកពុំរឹង
ស្មារីតីពុំបាន ប្រហែលជាពុំអាចរងនឹងមុខដាវទាំងពីយ៉ាងដែលមានទំ
ងន់មហិមានេះទេ។ តែមានន្ទវៃណាស់ រងទាន់លឺប៉ែសៗ បែកព្រាយ
ព្រិចៗ។ កាមាសើចនិយាយម្ដងថា :
– យើ ! គ្រាន់បើដែរ។
– មានន្ទសើចតបវិញ
– មិនអ្វីទេ !
– លំដាប់នោះគេលឺសូរតែដាវវីតៗ ផាំងៗ គួរស្ញើបក្រៃពេក។ ជនទាំងពីរសុទ្ធសឹងតែចំនានក្នុងវិធីកាន់អាវុធ។ ជនទាំងពីរជួនកាល
ជួបជិតគ្នា ស្អិតដូចតាំងម៉ែ ជួនកាលថយឆ្ងាយពីគ្នា។ ជួនកាលមានន្ទជាបងជំពប់ជើងដួល កាមាស្ទុះទៅបំរុងសំលាប់ចោល តែមានន្ទគេចផុ
តបន្ដាលអោយកាមាជ្រុលខ្លួនដាំទីងនឹងដី។ រួចក្រោកឡើងទាំងពីរវិញបន្ទាន់បន្ទាប់គ្នា ចុងដាវក៏ប្រកៀកប្រកិតគ្នាជាថ្មី។ កាមាដួលវិញមានន្ទ
ស្ទុះទៅសង្កត់ពីលើ ប្រឹងរមួតដៃទប់គ្នាកុំអោយចុងដាវផ្ទាប់ជាប់នឹងកខ្លួន រួចធាក់គ្នាដួលផ្កាប់ផ្ងារ ។ មានន្ទដួលវិញ កាមាស្ទុះទៅចាក់បុក
ជញ្ជ្រាំពីលើដូចគេរុតត្រី។ តែមានន្ទគេចឆ្វេងស្ដាំ . . . ផុត។ រួចផ្លែដាវទាំងគូមកប្រកួតគ្នាវិញដដែលយ៉ាងស្វិតស្វាញ។

-មានន្ទមានវាចាថា :
– អញទុកចិត្ដអែង។ អញជឿសម្បថអែង ព្រោះអែងស្បថអោយអញ អែងមកក្បត់អញវិញ
– កាមាសើច
– ហ៊ីៗៗ មនុស្សក្បាលខ្មៅ គ្មានសម្បថអែណា គ្មានពាក្យសច្ចាអែណាធំជាងចិត្ដទេ។
– អញប្រដៅអែងអោយដឹងបន្ដិច
– អិតប្រយោជន៍ទេបង ! ខ្ញុំប្រដៅបងអោយចេះស្រលាញ់ស្រី កុំអោយទុកចិត្ដស្រី។
– បើក្នុងពេលនេះ អញសំលាប់អែងមិនបាន អញសុខចិត្ដស្លាប់
– ប្រាកដហើយ
– អញយកឈាមអែងលាងអាមាស់ដែលអែងបានប្រព្រឹត្ដ
-តាមចិត្ដ
– អញកាត់ក្បាលអែងដោតអោយអ្នកផងមើល
– តាមត្រូវការ
– អែងនេះហៅចំជាព្រហើន
– ពិតមែន អ្នកណាមិនស្គាល់កាមា ? បងអែងនេះជាមនុស្សយ៉ាប់ណាស់ បានប្រពន្ធមួយ ប្រពន្ធនោះក្បត់ ហាស់ៗ
– លុះកាមានិយាយដូច្នោះ មានន្ទនឹកខឹងនាងទេវីក្រៃពេក។ រូបនាងលេចចេញនៅចុងដាវ លេចចេញនៅមុខអ្នក ខាំធ្មេញដាក់អ្ន
ក សំលក់អ្នក រូបនេះញញឹមដាក់អ្នក សំពះអ្នក អង្វរអ្នក។ មានន្ទភ្លេចនឹកដល់អាវុធដែលកំពុងកាន់ ស្រាប់តែ . . . អុ ! ស្រាប់តែចុងដាវរប
ស់កាមាស្ទុះវ៉ីតមកបុកចំដើមទ្រូងអ្នក។ បុរសផៀងខ្លួនតែពុំផុត ចុងដាវរុកចូលក្នុងស្មាស្ដាំ ឈាមហូរខ្ចាយក្រហមឆ្អៅ។ ចុងដាវធ្វើអោយ
អ្នកចុកពើតក្រៃលែង។ កាមា បានអោកាសនេះវាយផ្ដាច់ព្រ័ត្រ កាប់ឆ្វេងស្ដាំ ពីចំហៀង មានន្ទប្រឹងរងគេចយ៉ាងត្រដរ។ ក្នុងពេលនោះមា
នន្ទដឹងខ្លួនឡើងថា អ្នកកំពុងតស៊ូដើម្បីរស់ ទើបអ្នកផ្លាស់ដាវមកកាន់ដៃឆ្វេងវិញ ចាក់តទៅទៀត។

– កាមាសើចយ៉ាងរីករាយ
– ម៉េចបង បងថាយកឈាមខ្ញុំ អិលូវគឺបងទេដែលហូរឈាម . . .
– អត់ទាន់អីទេ ! ប្អូន !
– សូរដាវក៏លាន់លឺរន្ថើនយ៉ាងខ្លាំងឡើងវិញដដែល។
– និយាយពីអ្នកស្រុកដែលដឹកគោបញ្ចូលក្រោល ដើរជិតនោះ កាលបើបានឃើញមានន្ទ និងកាមាប្រកាប់ប្រចាក់គ្នាដូច្នាះ មាន
សេចក្ដីភិតភ័យយ៉ាងខ្លាំងរត់ទៅភូមិប្រាប់អស់ញាតិមិត្ដអោយមកជួយជាប្រញាប់។
– តែព្រះអាទិត្យលិចបាត់ទៅហើយ។ ពន្លឺព្រះចន្ទក៏បំភ្លឺឡើងស្រាងៗ។
– អ្នកស្រុកខ្លះអុចចង្កៀង ខ្លះអុជចន្លុះរត់មកទីសមរភូមិនៃបងប្អូនទាំងពីរនោះ មានចំនួនច្រើនអនេក ។ តែគ្មានអ្នកណាមួយហ៊ាន
ចូលឃាត់សោះ ពីព្រោះដាវទាំងពីរនៅតែប្រកៀកជាប់គ្នាជានិច្ច ។ ដល់ឃើញអ្នកស្រុកមកកាន់តែច្រើនឡើង មានន្ទប្រកិតដាវរបស់កាមា
ជាប់រួចនិយាយថា :
– ចូលប្អូនប្រុងខ្លួនអោយមែនទែនហ្ន៎ា !
– ខ្ញុំអត់ភ័យទេ បងអែងចាក់ដៃឆ្វេងនោះ
– ដៃឆ្វេងបង ក៏ប្រើការបានដូចដៃស្ដាំ ប្រុងអូន !
ដាវមានន្ទបុករុញៗទៅមុខប៉ាច់ៗ ដូចព្រួញដែលដេញកាមាជាប់។ កាមាភ័័យនឹងចុងដាវនេះដែរពីព្រោះឃើញថាបងផ្លាស់ស្នៀតថ្មីហើយ
ទំងន់ដៃឃើញថា ខ្លាំងជាងធម្មតារកទប់ស្ទើរពុំរួច តែកាមាប្រឹងឆ្មក់រកអោកាសល្អ។ ក្រោយមកស្រាប់តែដាវមានន្ទវាត់ក្រលាច់ចំពាក់កន្ដា
លដើមទ្រូង កាមាធ្វើអោយកាមាដួលតូង ក្រាបស្រប៉ាបលើដីឈាមហូរគគុក។ កាមាប្រឹងក្រោកឡើងទៀត តែដួលទៅវិញ ។ អ្នកស្រុក
លាន់មាត់ស្រែកថា អូយគ្រប់ៗគ្នា។
– កាមាប្រែខ្លួនធ្វើអ៉ឹះៗ។
– មានន្ទដែលអស់កំលាំងណាស់ទៅហើយ លុះឃើញកាមាអស់តដៃបាន ក៏ជូតដាវដែលប្រលាក់ឈាម ស៊កចូលក្នុងស្រោមវិញ
ដើរទាំងធេងធោងៗ ទៅរកសេះ។ ដល់ហើយ អ្នកឡើងលើខ្នងអស្សពាហ៍បំបោលទៅខាងទិសអែត្បូងក្នុងងងឹតបាត់ទៅ។

អ្នកស្រុកដែលទៅមើលទាំងប៉ុន្មាន ក៏លើកកាមាឡើង ខ្លះជួយជូតឈាមខ្លះជួយស្រែកហៅ តែកាមាសន្លប់បាត់ស្មារតីយូរណាស់ទៅហើ
យ ។ អ្នកសួរដោយភិតភ័យថា :
– ស្លាប់ហើយ រឺអី ?
– ទេ ! មិនទាន់ស្លាប់ទេ
– របួសតិច រឺខ្លាំង ?
– របួសខ្លាំងណាស់ មិនដឹងជាស្លាប់ រឺរស់ទេ
អ្នកទាំងអស់គ្នាក៏សែងកាមាយកទៅគេហដ្ឋានព្រះកំពុតទាំងយប់អិតបង្អង់ឡើយ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: