មហាចោរនៅ​ទល់ដែន ទំព័រទី៨


៧ – បាត់កូន

នាងទេវី និង នាងភួងបានបីបាច់រក្សាកូនស្រីយ៉ាងហ្មត់ចត់ ។ នាងទាំងពីរបានដាក់ឈ្មោះកុមារីថា បទុម ។ រាល់ថ្ងៃ នាងទេវីអោបក្រសោ
បនាងបទុមជាប់នៅនឹងដើមទ្រូង។ ធីតាពុំអោយបុត្រីកំព្រានេះយំមួយវ៉ាសបានឡើយ។ នាងតែងបំពេរកែវជាបុត្រីអោយគេងលក់ស្កប់ស្ក
ល់រាស់ថ្ងៃ ដោយបានបំបៅស្រីអោយបានឆ្អែតឆ្អល់ជានិច្ច។ នាងតែងបបោសអង្អែលកូន ក្រែងមានសត្វស្រមោចសង្អាខាំ។ នាងថើបស្រីជា
បុត្រភ្ងា។

ជីវិតនាង និង ជីវិតកុមារី រួមចូលគ្នាជាធ្លុងមួយដែលវេញគ្នាយ៉ាងត្របាញ់អស្ចារ្យ ។ បុត្រីនេះជាព្រលឹងរបស់ធីតា ។ ក្នុងរូបដ៏តូចច្រលឹង
នេះទេវីហាក់ឃើញជីវិតនាងបន្ដសង្ខារទៅមុខទៀត។ បុត្រីនេះហើយ ជាថ្នាំទិព្វមួយដែលរំលាយទុក្ខ បំភ្លេចសេចក្ដីព្រួយរបស់នាង រួចធ្វើ
អោយរស់រៀងតទៅ។ កុមារីចេះញញឹមយ៉ាងស្រស់ប្រិមប្រីយ៍ហើយ។ កែវចេះឆ្លើយឆ្លងបន្ដិចៗ នឹងនាងដែលជាហេតុរឹតតែអោយនាង
ស្រលាញ់ថែមទៀត។
អោ ! សេចក្ដីស្នេហានៃមាតាចំពោះបុត្រ គ្មានវត្ថុក្នុងនាលោកនេះអាចប្រៀបធៀបបានឡើយ។ តាំងពីបានបុត្រីកំសត់នេះមក នាងទេវី
កើតទុក្ខតែនាងសប្បាយយ៉ាងអនេក ។ នាងកើតទុក្ខក្នុងសង្គម ព្រោះនាងព្រាត់ប្រាស់អូវពុក ព្រាត់ប្រាស់ប្ដីសំលាញ់ ។ ម្យ៉ាងទៀតព្រោះកា
មាជាមនុស្សបានមកយាយីដល់រូបនាងរាល់ពេលវេលា រហូតដល់បន្ដេញនាងអោចេញពីភូមិឋានផ្ទះសំបែង។ នាងសប្បាយ សប្បាយព្រោះ
ក្នុងសង្គមដដែលនេះ អរុណមួយថ្មីរះក្នុងជីវិតនាង គឺនាងបទុមតែមួយនេះ។

មែននាងសប្បាយមែន សប្បាយប្រហែលលើសអស់មាតាទាំងពួង។ ណាមួយកុមារីប្រកបដោយសុខភាពបរិបូរណ៍ មានសំនើចស្រ
ស់ចិញ្ចាច មានសាច់សស្អាត មានសំដីរអាក់រអួលបន្ដិចផង គួរជាទីស្នេហាប្រាកដ។
បទុមបានមួយខែហើយ។
ថ្ងៃនេះនាងទេវីបំបៅបុត្រី ។ នាងដាក់កូនទៅក្នុងអង្រឹង រួចមាតាកំសត់ដេកយោលកូនដែលលក់ស្កប់ស្កល់។
មិនយូរប៉ុន្មាន នារីជាមាតាក៏លង់លក់ទៅជាមួយកូនដែរ។ ស្រីយល់សប្ដិឃើញមានន្ទជាប្ដីនាងមកអោបក្រសោបនាង។ ធីតាយំ
ដាយរលឹកប្ដីខ្លាំងពេក។
ទេវីលង់លក់ក្នុងដំនេក។
លុះដល់នាងភ្ញាក់ដឹងខ្លួនឡើង ព្រះសុរិយាជ្រៀងជ្រេណាស់ទៅហើយ។ នាងទាញអង្រឹងយោលបទុមជាបុត្រី ។ តែ ! អ្វីក៏ដូច្នាះ ?
អង្រឹងទ្រង់ស្រាលស្ងើក។ ឆវីក្រោកឡើងដូចគេកន្ដ្រាក់។
បាត់បុត្រីទៅណាហើយកែវកូនអើយ។
កែវល្អស្ទុះចេញទៅក្រៅស្រែកហៅមីងភួង តែខាងក្រៅស្ងាត់ឈឹង ។ យាយភួងទៅផ្សារពុំទាន់មកផង។
នាងនឹកថា ប្រហែលយាយភួងមកលើកកូនយកទៅមុជទឹកអែស្ទឹងហើយ ។ ស្រីរត់ទៅរកស្ទឹង តែគ្មានឃើញអ្វីសោះ។ នាងសួរអ្ន
កអែទៀតដែលនាងជួបប្រទះថា : «ឃើញអ្នកណាមកយកកូនខ្ញុំទេ ? » គេឆ្លើយថា : «ទេ ! . . . យ៉ាងណាដូច្នោះ ?»។
ទេវីកំសត់ពន្យល់ប្រាប់គេវិញពុំទាន់ចប់ផង នាងរត់ទៅសួរអ្នកជិតខាងទៀត។
នារីឆ្លេឆ្លា បីដូចមេមាន់រកពង
មុខនាងឡើងស្លាំងត្បិតអ្នកទាំងពួងឆ្លើយមកនាងវិញតែពាក្យដដែល។
មិនយូរប៉ន្មានមនុសក្នុងភូមិជួយឆោលោរកបុត្រីរបស់នាងទេវី ។ នាងភួងមកដល់ទៀត ក៏ជួយរកទៀត។ ទឹកភ្នែកហូរសស្រាក់ នា
ងទេវីស្រែទ្រហោយំថា :

« អោ ! ម្ចាស់ថ្ងៃអើយ លោកអ្នកណាយកកូនខ្ញុំទៅ ? ខ្ញុំលង់ដំនេកភ្ញាក់ឡើងស្រាប់តែបាត់កូន។ អោ! អ្នកណានោះអីក៏ចិត្ដអាក្រក់
ម៉្លេះ ? លួចអីមិនលួច ៗកូនខ្ញុំ។ កូនទើបបានមួយខែ ថ្ងៃនេះផង។ អោ ! តើនាងបានអីបៅ តើគេយកថ្លៃទៅសំលាប់ចោលរឺអ្វី ? ។ កូន ៗ ! ទើ
បបានឃើញពន្លឺព្រះអាទិត្យមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែវិនាសទៅវិញ។ នាងពុំទាន់ចេះនិយាយ ចេះគិតគូរផង ស្រាប់តែបាត់ទៅ។ អោ !
លោកអ្នកអើយជួយកូនខ្ញុំផង ខ្ញុំស្លាប់ក្នុងពេលនេះជាប្រាកដហើយ ។ ពូមីងអើយ ! ជួយយោងជីវិតខ្ញុំផង។ ខ្ញុំគ្មានទ្រព្យធនអ្វីទេ។ ខ្ញុំមានតែ
កូនមួយនេះ»។
នាងទេវីដើរបន្ដើរ យំបន្ដើរ ពីផ្ទះមួយទៅផ្ទះមួយ រៀបរាប់សព្វ
គ្រប់ ។ អ្នកផងដែលស្ដាប់ក៏ជួយយំផងគ្រប់ៗគ្នា។
រាត្រីក៏ដន្ដប់ពីភពលោកធ្វើអោយងងឹតស្លុង ។ នាងទេវីរឹងរឹតតែ
ខ្លោចផ្សាទៅទៀត ។ នាងដើរពេញភូមិសួរគេ។ ដោយពុំឃើញ នាងដើរ
ទៅដល់ព្រៃក្រោយផ្ទះ ត្រចៀកប្រុងស្ដាប់ក្រែងលឺសូរមាត់កូនយំ ។
ស្រីអុជចន្លុះដើរឆួលក្រោមគុម្ពផ្កា តាមគៀនរបង តាមរូងរន្ធ
ផ្សេងៗ ក្រែងអ្នកណាយកកូននាងទៅលាក់នៅទីនោះ។
ធីតាយកឈើមួយកំនាត់ដើរវែកព្រៃល្បោះទាំងពួង ដើម្បីអោ
យកូននាងភ្ញាក់ឡើង យំឡើង អោយនាងលឺសូរសំលេងនឹងអាលនាង
បានរត់ទៅលើកអោបកូនោះមកវិញ។
កល្យាណបានយកចែវច្រវាទៅកូរក្នុងដងស្ទឹងក្រែងអ្នកណាយ
កកូននាងទៅចោលក្នុងទឹក។
នាងលួចសំលឹងដីណាថ្មីៗ ក្រែងគេកប់កូននាង។ លុះដល់កូនដំ
បូកណាមួយ ធីតាឡើងលើដំបូកនោះក្រែងបានលឺសូរ រឺ បានឃើញ
កូននាង។
កន្លែងត្រង់ណាខ្មៅស្រទំគួរសង្ស័យ នាងរុកចូលទៅខំកកាយ
ញែកវែករកបទុមកូនសំលាញ់។

រាត្រីកន្លងទៅ បុត្រីនាងនៅតែបាត់ដដែល។
ថ្ងៃមួយមកជំនួសរាត្រីសង្វេគនេះទៀត ស្រីនៅតែដើររកកូននាង
ទឹកភ្នែកដែលហូរ ឈប់ហូរអស់រលីង នៅតែទឹកចិត្ដទេដែលហូរតទៅទៀត។
ថ្ងៃមួយទៀតកន្លងមក ពីរថ្ងៃទៀតកន្លងមក គ្មានលេចលឺដំនឹងអ្វីមួយពីបុត្រសង្សារនាងសោះ
អោ ! ស្ងាត់អ្វីក៏ស្ងាត់ម៉្លេះ ។ នាងទេវីអស់សង្ឃឹម។ នាងពុំដេកពួនសោះ។
ដោយអស់កំលាំងខ្លាំងពេក មាតាទុគ៌តចូលទំរេកខ្លួនលើគ្រែប្របនាងភួងដែលអស់កំលាំងដូចគ្នា។
កាលនាងនឹកដល់បុត្រី នាងឃើញមុខស្រីកល្យាណនៅតែនឹងភ្នែក មុខមូលក្រលង់ញញឹមស្រល់ ។ ស្រីមើលទៅឆ្វេង ស្រមៃ
ឃើញកូនកំសត់ មើលទៅខាងស្ដាំឃើញរូបកូន មើលលើតុកហាក់ឃើញកូន មើលគ្រប់ទិសឃើញកូនដ៏រាប។
រូបកូនបែងចែកគ្រប់ទិសានុទិស។
ធីតាឈោងដៃចាប់ កូនថយទៅ។ នាងដើរតាម កូនថយទៅទៀត។ នាងថយមកវិញ កូនដើរតាមមក ។ ស្រីអង្គុយសំពះអោយកូន
នៅស្ងៀមមួយកន្លែង កូចសើចគ្រហាញមករកនាងវិញ។ អោ ! រកាំក្នុងចិត្ដអ្វីម៉្លេះទេ ធីតារមួលអស់ទាំងខ្លួន។
ទេវីជិតតែនឹងទៅជាឆ្កួតទៅហើយ។
កែវរលក្ខណ៍ដើរមួយៗ ទៅយកកាំបិតស្នៀតមកកាន់ថើបអាវុធពីក្រៅស្រោម អោបអាវុធជាប់នឹងទ្រូង សើចដាក់អាវុធ រួចនាង
យំដាក់អាវុធ រួចទឹកភ្នែកស្រក់តក់ៗ។
មួយៗ នាងហូតកាំបិតចេញពីស្រោម ។ នាងយកមេដៃស្ទាបមុខកាំបិត ។ នាងមើលចុងកាំបិត។
អោ ! កាំបិទមុត ៗ មែនចុងស្រួច។ ស្រីកំសត់និយាយតិចៗថា «ថ្ងៃនេះ» ខ្ញុំផុតអស់ទុក្ខហើយ ។ កាំបិតនេះហើយជាមិត្ដ ជាទីអវ
សានរបស់ខ្ញុំ។ កាំបិតនេះជាថ្នាំដែលស្រាយចំនងខ្ញុំអោយមានសេរីភាពពិតៗ ក្នុងវដ្ដសង្សារ ។ ជីវិតមនុស្សហាក់វេទនាណាស់ មានតែទុក្ខ
គ្មានសុខមែន ! ! » ។ ធីតានឹកទៀតថា តើរស់នៅធ្វើអ្វី បើចិត្ដ បើថ្លើមស្លាប់អស់ទៅហើយ។ ទេវីថើបចុងកាំបិទហាក់ដូចស្រលាញ់ណាស់។
នាងយកដៃបេះឡេវអាវ រួចមើលទៅចុងដង្ហើមខ្លួន។ នាងយកចង្អុលដៃចុច ៗចុងដង្ហើមនាងនេះ ដើម្បីរកមើលកន្លែងដែលចុងកាំបិត
ត្រូវលូកចូលទៅ។ កញ្ញាលុតជង្គង់សំពះដល់ទេវតា សុំកុំអោយយកទោសនាង ៗនឹងសំលាប់ខ្លួនក្នុងពេលនេះហើយ ។ ចុងកាំបិតក៏ចុចលើ
ចុងដង្ហើមគ្មានបង្អង់។
ស្រីប្រាថ្នាថា កើតជាតិនានា កុំអោយមានទុក្ខដូចជាតិនេះទៀត។ កាំបិតស្នៀតរុញទៅមុខ ស្រាប់តែអ្នកស្រុកម្នាក់ស្ទុះចូលមកពីក្រោយ
នាង ស្រែកយ៉ាងរីករាយថា :
– ខ្ញុំទើបបានដំនឹងមួយថា លោកមេទ័ពមានន្ទពុំទាន់ស្លាប់ទេ នាងទេវីលួចលាក់កាំបិទដ៏មុតថ្លានោះ សៀតនៅចង្កេះបង្កាប់ក្នុងអាវ
ដែលនាងបិទឡេវវិញយ៉ាងស្រួលបួល។ កែវបែរយ៉ាងស្ងួតមករកពូនោះ
– ពូដឹងពីណាមក ?
– យី ! អាសូរវាមកដល់ហើយ។
នាងហាក់បានកើតម្ដងទៀត ។ នាងសើចទាំងទឹកភ្នែក
– កាលណាបានបងមកដល់ ?
– អាសូរវាថា បីថ្ងៃទៀត
– ម្ដេចបងមិនមកថ្ងៃនេះ ?
– ថាចាំរៀបទ័ពហែក្បួនអោយបានសង្ហាបន្ដិច
– ខ្ញុំត្រេកអរណាស់ពូ ! អោ ! ពូអើយខ្ញុំផុតអស់ទុក្ខហើយ ប្អូនសូម . . . អោ ! ពូអញ្ជើញទៅវិញហើយ ?
-បាទ ! ហេតុតែសំនាងនាង។
– ច៎ាះ ! អរគុណពូណាស់ អញ្ជើញចុះ។

នាងទេវី រីករាយយ៉ាងក្រៃលែងនឹងដំនឹងនេះ។ នាងរត់ទៅប្រាប់នាងភួង ដែលអរកខិបកខុប ។ នាងទៅមុជទឹកលុបលាងកាយ ដុស
សាប៊ូ លាបល្មៀតយ៉ាងស្អាត។ បើជនណាដែលពុំស្គាល់នាង មុខជាចាត់ថានាងនៅក្រមុំមិនខាន។ ចំនួនយូរខែរមកហើយ នាងពុំដែលតុប
តែងខ្លួនសោះ។ ទើបតែថ្ងៃនេះនាងហៅយាយភួងសិតសក់នាង អោយជួយលាបម្សៅនាង។ ឆវីញញឹមដោយឃើញថា នាងនៅតែល្អស្រស់
ដដែល។ សំនើចនាងធ្វើអោយឃើញធ្មេញសស្គុស។ ធីតាពាក់អាវល្អ សំពត់ល្អ។ នាងបេះផ្កាមកចងជាបូដាក់លើសក់ នាងប្រុងខ្លួចាំទទួល
ប្ដី ប្ដីដែលនាងនឹកជាយូរមកហើយ ប្ដីដែលជាគូកំសត់ព្រាត់យូរថ្ងៃខែមកហើយ ប្ដីដែលស្រលាញ់នាងវិញយ៉ាងពេញចិត្ដ។

មាណវីនឹកថា ត្រូវនាងតុបតែងខ្លួន កុំអោយធុំឆ្អេះឆ្អាបទៅលើប្ដីដែលរលឹកនាងដែរ។ អោ ! បីថ្ងៃទៀត មុខជានាងបាននិត្យនៅជាប់នឹងដើម
ទ្រូងប្រុសសំលាញ់នេះហើយ គឺនឹងបាននិយាយរៀបរាប់ប្រាប់ទុក្ខនាង ប្រាប់ការកំព្រាដែលនាងបានឆ្លងរួចមក ប្រាប់អំពីកំនើតបុត្រី ប្រាប់
អំពីបុត្រី។ មកដល់ត្រង់នេះ នាងទេវីហូរទឹកភ្នែករហាមវិញ។ សេចក្ដីសប្បាយទាំងប៉ុន្មានរត់ចេញអស់ពីចិត្ដនាង។ សេចក្ដីរីករាយរបស់នា
ងហាក់របេះមួយម្ដងៗ ធ្លាក់ទៅក្នុងរន្ដៅជ្រៅមួយ។ ស្រីនឹកថា បើបុត្រីជាទីស្នេហានៅម៉្លេះ សមនឹងបានពបុត្រីនេះទៅបង្ហាញប្ដី អោយប្ដី
ថើបបុត្រនេះផង។ តែអិលូវ ដៃនាងទទេ ។ នាងហាក់ស្រាលខ្លួនស្ងើក។ ក្នុងពេញមួយថ្ងៃនេះ ធីតាប្រឹងរៀបចំផ្ទះសំបែង បោសសំអាត ដុ
សលាងវត្ថុនានា ខាត់តុបតែយ៉ាងអុលារិក រួចចាត់ការទិញម្ហូបអាហារធ្វើនំ ទុកចាំប្ដី មានទិញចានល្អៗ ទុកសំរាប់ដាក់អោយស្វាមីបរិភោគ
អាហារ និងទិញកន្ទេលថ្មីៗ អោយអ្នកប្រុសសំរាន្ដ។ អោ !នាងចេះតែនឹកឃើញចំនុចអែទៀតៗ ជាច្រើនណាស់ តែនាងពុំអាចធ្វើតាមចិត្ដ
ដែលនាងនឹកឃើញទាំងអស់នោះឡើយ ពីព្រោះស្រីក្រណាស់។ គំនិតនិមួយៗ ដែលដុះលេចឡើងក្នុងវិញ្ញាណរបស់នាង ក្នុងមួយពេលនេះ
គឺដុះលេចមកអែងៗ រួចគំនិតនិមួយៗ ជាសន្ដានចិត្ដនាងដែលស្មោះចំពោះលើស្វាមី។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: