មហា​ចោរ​នៅ​ទល់ដែន ទំព័រ​ទី២២


២២ – បាត់ខ្លួនទៅណា?

ក្នុងហ្វូងអ្នកស្រុកដែលកំពុងអ៊ូអរ មានជនប្រាំនាក់ដើរបន្លំជាមួយគេអែង តែភ្នែករវៀសប្រុងមើលឆ្វេងស្ដាំជានិច្ច។ ជនចំលែកទាំងប្រាំ
នាក់គឺ មហាកាល អារុណ វីរ នាកត និង នាយឡំ។
ក្រោពីពេលដែលនាយកត និង នាយឡំបានរួចពីអណ្ដូងមរណភាពមក ជនទាំងពីរបានត្រលប់ទៅកាន់បន្ទាយវិញ។ ថ្វីត្បិតតែរឿងធ្លាក់
អណ្ដូងនេះកន្លងទៅបានមួយឆ្នាំមកហើយ តែជនទាំងពីរនៅនឹកឃើញរឿងនេះហាក់ថ្មីជានិច្ច។ ហេតុនេះហើយបានជាក្នុងអោកាសបុណ្យ
របស់ព្រះកំពុតនេះ ជនទាំងពីរប្រុងស្មារតីជាងគេ ព្រោះរអានឹងរឿងអណ្ដូងចង្រៃដែលគេចេញសឹងពុំរួចនោះ។ លុះដល់កន្លែងមួយឆ្ងាយពី
មនុស្សបន្ដិចមហាកាលចាប់ស្មាមិត្ដទាំងបួន និយាយខ្សឹបៗថា :

– រកលោកគ្រូមិនឃើញទេ។
អារុណសើចរួចថា :
-ខ្លាចក្រែងគាត់ក្លែងខ្លួនជាអ្នកស្រុកដូចយើងទេដឹង?
វីរកាត់ភ្លាម :
– ទេ ! លោកគ្រូមិនដែលក្លែងខ្លួនទេ !

រួចមិត្ដទាំងប្រាំដាក់គូថអង្គុយលើស្មៅដោយអស់សង្ឃឹមថា នឹងរក
មានន្ទឃើញ។ មហាកាលអង្គុយកន្ដាលវង់មិត្ដទាំងបួន ដកដង្ហើមធំពិ
គ្រោះថា :
– គាត់ប្រហែលទៅណាហ៎ ? ធ្វើម៉េចអោយបានដឹងរឿងនេះ
ឆាប់ៗ ? គិតទៅជាងមួយអាទិត្យមកហើយដែលគាត់អញ្ជើញមកបាត់
ពីកន្លែង។ អែងសុំគាត់មកជាមួយផង ក៏គាត់មិនអោយ ។ គិតទៅលោ
កគ្រូហ៊ានពេកតែម្ដង។
– វីរឆ្លើយថា :
– យ៉ ! បើមិនហ៊ានធ្វើកូនប្រុសម្ដេចកើត?
អារុណបញ្ចេញគំនិតថា :
– មើល៍ ! អ្នកណាគ្រាន់បើ ធ្វើយ៉ាងណាអោយឃើញលោក
គ្រូទាំងយប់នេះ ?
មហាកាលងក់ក្បាល :
– អឺៗ មែន ! មើល៍ យើងគិតយ៉ាងណា?
នាយកតលើកដៃភ្លែត :
– យើងដើរទៅមើលក្នុងហ្វូងស្រីណាដែលល្អៗ មិនលែងឃើ
ញលោកគ្រូទៅលបមើលគេទេ !
អ្នកទាំងអស់គ្នាសើកគឹលឡើង។ មហាកាលដែលសើចដែរក៏រាដៃថា :

– ឆ្កួត ! គេនិយាយមែន អែងគិតតែពីលេង។
នាយឡំនិយាយយ៉ាងស្ងួតថា :
– ខ្ញុំបាទនឹកឃើញហើយ តោង . . . តោងនាំគ្នាទៅដេក
អារុណសួរភ្លាមថា :
– ម៉េចអីចុះវិញ ?
– ពីព្រោះបើយើងអាល័យតែដើរ លោកគ្រូក៏ដើរ កាលណាជួបគ្នា ? វាទាល់តែយើងនៅស្ងៀមទើបវាជួប។
គេសើចគឹលឡើង។ មហាកាលទះក្បាលនាយឡំមួយផូងដែលធ្វើអោយនាយកតភ្ញាក់តាំងឃុមខ្ញង់។
អារុណនិយាយនឹងនួនថា :
– យើងតោងបំបែកគ្នាដើររក រួចសន្យានឹងគ្នាថាពេលណាសឹមជួបគ្នាទៅ !
មហាកាលថា :
– អើ អារុណនិយាយត្រូវ ! យើងដើរជុំៗគ្នា គឺធ្វើម៉េចរកលោកគ្រូឃើញ !
វីរដែលនៅស្ងៀមសញ្ជឹងគិតយូរមកហើយ សើចក្អាកក្អាយននៀលដកអាវុធកាប់ដីផូងៗ លោតស្រែកថា :
– នឹកឃើញហើយ ! នឹកឃើញហើយ !
មហាកាលឃើញដូច្នោះ ស្ទុះទៅឃាត់ថា
– ឆ្កួត ! នៅអោយស្ងៀមៗគេលឺ !
តែវីរកាប់មហាកាលផូងៗ ធ្វើអោយអ្នកទាំងអស់គ្នាស្រលាំងកាំងរួចឃើញវីរផ្ដួលខ្លួនននៀល ក្រោកឡើងចាប់ដៃគេអែងមក
រួមគ្នាស្ដីថា :
– ខ្ញុំនឹកឃើញហើយ !
អារុណ :
– យ៉ាងណា ? យ៉ាងណា?
– ស្ដាប់ខ្ញុំអ្នកទាំងអស់គ្នា ! យើងទៅឡោមព័ទ្ធចាប់និលពេជ្រ ឈ្លេចសួរវា ទើបដឹងច្បាស់ ពីព្រោះនិលពេជ្រវាជាសេនារបស់…

អ្នកទាំងអស់គ្នាញញឹមញញែម ទះស្មាវីរដោយសរសើរគំនិតនេះក្រៃពេក។
នាយកតឡើងក្អេងឡើងដែរ :
– មែន ! ខ្ញុំឃើញវាទៅដេកជិតជង្រុក។ វាប្រហែលមានស្រីផងក៏មិនដឹង !
មហាកាលត្រេកអរក្រៃលែងបន្ទរថា :
– មែនហើយ ! មែនហើយ ! កនយើងៗ ទៅឡោមព័ទ្ធចាប់វាអោយបាន ! ហ៊ឹស ! នឹកឃើញអាចង្រៃហ្នឹងឡើងចង់តែស៊ីសាច់
ហុតឈមវាទាំងស្រស់ៗ ។ ទៅកនយើងលបៗទៅ។
នាយអារុណទាញដៃសហការីថយក្រោយខ្សឹបៗថា :
– ប្រយ័ត្ន ! វាមានទាហានច្រើនណាស់ណ៎ា !
មហាកាលបញ្ជាក់ថា :
– យ៉ ! កុំខ្លាចយប់ថ្ងៃបុណ្យយ៉ាងនេះ អាសត្វនេះវាធ្វេសខ្លួនហើយ។
ក្រោយពីពេលដែលខ្សឹបខ្សៀវគ្នាអស់ពេលយ៉ាងយូរ ជនទាំងប្រាំនាក់ក៏ដើរលបៗ ទៅជិតផ្ទះមួយដែលនៅឆ្ងាយដាច់ពីគេ។
មហាកាលគ្រាន់តែបញ្ជាក់ឡើងវិញ :
– កតអែងប្រាកដជាវាដេកផ្ទះនោះមែនរឺ ?
– ខ្ញុំតាមជាប់នឹងភ្នែក។ ប្រាកដជាវាដេកក្នុងផ្ទះនោះអែង។
អារុណញាក់ស្មាដើរទៅមុខអិតរួញរា ដោយពោលពាក្យថា :
– ទៅចាប់ធ្វើការឡើង កុំបង្អង់អោយយូរ។
វីរចាប់ស្មាអារុណ :
– ធ្វើការយ៉ាងណា ? ចូលតាមណា ? ធ្វើម៉េច ?
មហាកាលនិយាយឡើងថា :
– អញ ! ទុកអោយអញ អញចង់សងសឹកនឹងវា ! អញរកតែមុខវាអោយឃើញនេះអែង ។ ទុកអោយអញសំលាប់វា!
វីរសួរទៀតថា :
– ចុះបើវាសំលាប់កាលអែងវិញ តើធ្វើយ៉ាងណា?
មហាកាលសើច :
– អែងសងសឹកអោយអញទៅទៀត
– អារុណងក់ក្បាល :

– ប្រាកដហើយ ! កុំយូរពេក ! ទៅសង្រ្គាម ! ជយោសង្គ្រាម វីរចងចិញ្ចើមគំហកថា :
– ជយោសន្ដិភាព ! តែចូលយ៉ាងណា ?
អារណឆ្លើយភ្លាមអិតបង្អង់ :
– ហ៊ឹ ! ទៅឆោតអី ដើរចូលត្រង់ៗ រួចទៅគោះទ្វារហៅវាមកបានហើយ ! យើងមានដាវគ្រប់ដៃ។ កាលណាវាបើទ្វារចេញមក
យើងកៀបកវា ចងវា ដូចជាវាចងបងកាលអែង កាលជាប់គុកដូច្នោះ !
មហាកាលសើចនឹងអនុស្សាវរីយ៍ ដែលអារុណរំលឹកក្នុងពេលជិតមានអាសន្ននេះ។
នាយឡំសួរថា :
– ចូលតាមណាលោកគ្រូ?
មហាកាលឆ្លើយ :
-ដើរព័ទ្ធមួយជុំផ្ទះសិន ក្រែងមានឆ្កែ។
ជនទាំងប្រាំដើរមួយជុំផ្ទះយ៉ាងអង់អាច បីដូចអិតមានរឿងអ្វីឡើយ។
អែអារុណវិញអិតធ្វើតាមអ្នកអែទៀតឡើយ ។ អារុណលោតចូលតាមបង្អួចរួចហួចលឺវើតៗ រីអែអ្នកទាំងបួនអែទៀត ក៏រត់ស្រចូល
តាមអារុណអិតបង្អង់។
ជនទាំងប្រាំបានដល់ទៅក្នុងផ្ទះ ។ ចង្កៀងមួយឆេះផ្លុងៗ។ នៅសងខាងគ្រែដែលនិលពេជ្រដេកឃើញមានតុ និង ទូត្រៀបត្រា។
អារុណបិទបង្អួចដោយខ្សឹបថា :
– ក្រែងវារត់តាមបង្អួចរួច គិតតែខ្ទប់វាដូចយើងខ្ទប់ត្រចៀកដូច្នោះអែង។
មហាកាលលាន់មាត់ថា :

– យី ! ផ្ទះនេះចំនាប់ចំនួនមែន ! ប្រយ័ត្ន !
ជនទាំងប្រាំហូតដាវវិបដំនាលគ្នា។ នាយឡំ និង នាយកតគេចទៅខាងឆ្វេងមាត់ទ្វារត្រៀមចាំលោតទៅចាប់និលពេជ្រ កាលណានិងពេជ្រ
មកដល់មាត់ទ្វារនេះ។ វីរអែបខ្លួននឹងជញ្ជាំងខាងស្ដាំមាត់ទ្វារ។ មហាកាល និង អារុណ ក្រោយពីពេលចោលកន្ទុយភ្នែកយ៉ាងលឿនទៅលើ
វត្ថុនានាដែលនៅក្នុងផ្ទះហើយ ក៏ចូលស្លុងទៅរកចំនីដោយវាត់ដាវម៉ាំងលើគូថនិលពេជ្រដែលកំពុងដេកលក់។ អារុណស្រែកថា :
– អ្ហេ៎ ! លោកសំលាញ់ចាស់ ! ក្រោកឡើងឆាប់ៗ។
និលពេជ្រជូតភ្នែកល្ងីល្ងើ ស្រាប់តែភ្ញាក់ដូចគេកន្ដ្រាក់ ព្រោះឃើញមហាកាល រហ័សដូចខ្លា និលពេជ្រគេចខ្លួនផាំងចំងាយបី
ម៉ែត្រដកដាវវីត !
– ហាសៗ បងកាល អ្នកណាមិនស្គាល់និលពេជ្រ។
អារុណភ្លែតកាប់និលពេជ្រម៉ាំងៗ ផូងៗ ជាប់ញាប់ដូចកង្ហារ។ និលពេជ្រកាត់ប៉ាំងៗយ៉ាងញាប់ដែរ។ ផូងទៅផូងមកៗ ញាប់ៗល្អមើលជា
ទីអស្ចារ្យ។
មហាកាលឈរមើល ញញឹមយ៉ាងស្រស់ រួចក៏ស្ទុះទៅច្រានអារុណចេញ ចូលកាប់និលពេជ្រប៉ាច់ៗ ៗ។ និលពេជ្ររងគេចថយ មហាកា
លវាយរន្ថើនរន្ដំគ្នា សូរយ៉ាងពិរោះដោយនិយាយថា :
– អញចង់យូរហើយ ! អញនឹកមិនភ្លេចទេ កាលអញជាប់គុក ! ហ៊ឹស ! អញហុតឈាមអាអោយបានក្នុងពេលនេះ។

មហាកាលវាត់ដាវវឹងចំកនិលពេជ្រ ស្រាប់តែមានដាវមួយទៀតមករងចែសទាន់ ។ និលពេជ្រលេបទឹកមាត់ក្អឿកៗ។ មហាកាលខឹងយ៉ា
ងខ្លាំងស្ទុះវឹងទៅរកមនុស្សថ្មីនេះ ។ អារុណស្ទុះវឹងចូលទៅទៀត។
វីរ នាយកត នាយឡំ ក៏អិតនៅព្រងើយស្ទុះវឹងទៅដែរ ដាវនៅដៃ។
បុរសថ្មីកាត់ដាវជនទាំងប្រាំយ៉ាងខែង ហាក់ដូចគ្មានប្រឹងអ្វីដល់តិចតួចសោះ។
អារុណដោយខឹងខ្លាំងពេក ចាក់គេមិនត្រូវស្រែកថា :
– អាណា ?
បុរសមិនស្គាល់មុខសើច :
– ហ៊ឹស ៗ ៗ
– អារុណលុតជង្គងគ្រឹប :
– លោកគ្រូ ! លោកគ្រូ !
ជនទាំងប្រាំឈប់ដូចម៉ាស៊ីន ស្ទុះទៅអោបបុរសថ្មីនេះអិតបង្អង់ឡើយ។ គឺ មានន្ទ ។ និលពេជ្រដែលឈរមើលគេជួបគ្នា ភ័យរឹតតែខ្លាំង
ឡើង គិតរត់ តែមានន្ទចោលកន្ទុយភ្នែកទាន់ យកដាវរាំងទ្វារជាប់ ធ្វើអោយនិលពេជ្រឈរស្ងៀមមួយកន្លែង។
មហាកាលសួរថា :
– លោកគ្រូអញ្ជើញទៅណាបាត់យូរម៉្លេះ ?
– ខ្ញុំអិតទៅណាទេ !
– លោកគ្រូសុខសប្បាយជាទេ ?
– ជាធម្មតា។
-អារុណនិយាយប្រជែងថា :
– លោកគ្រូអើយ ! ពួកយើងចាំមើលតែផ្លូវលោកគ្រូ។ ដល់បាត់យូរពេក ទើបពួកយើងមកតាមនេះអែង។
មានន្ទទះស្មាអារុណសើច រួចច្រានជនទាំងប្រាំអោយមករួមគ្នាខ្សឹបថា
– ទៅសិនចុះ ! ភ្លាមទៅស្កាត់ភ្នំស្វាយ ។ ព្រឹកនេះជិតភ្លឺបក្សីវានាំមាសពេជ្រទៅដាក់ក្នុងរូងភ្នំស្វាយ។

អ្នកទាំងអស់គ្នាបើកភ្នែកធំៗ ។ មានន្ទបន្ដទៅទៀតថា :
– គឺមាសពេជ្រអូវពុកខ្ញុំ បក្សីវាលួចបួនដប់ថ្ងៃមកនេះអែង។ គ្នាវាម្ភៃនាក់។ វាយយកអោយបាន ។ យើងបានមាសពេជ្រនោះ
យើងយកទៅធ្វើសឹកសង្រ្គាមយើងទៀត ! ប្រយ័ត្ន ! កុំអោយអ្នកណាដឹងអោយសោះណ៎ា ! ទៅៗ កុំនៅយូរ។
អារុណមកកាន់ដៃមានន្ទនិយាយថា :
– ខ្ញុំនឹកលោកគ្រូណាស់ !
មានន្ទសើច :
– ខ្ញុំអរគុណអារុណណាស់ !
អារុណសើច :
– ចុះហេតុម៉េច បានជាលោកគ្រូមិនអោយពួកយើងសំលាប់និលពេជ្រចោលទៅ ?
– ពីព្រោះ បើអារុណអែងសំលាប់ ធ្វើម៉េចខ្ញុំបានសំលាប់។ ខ្ញុំបានសន្យាជាដាច់ខាតថា ខ្ញុំនឹងសំលាប់និលពេជ្រដោយដៃខ្ញុំ។
វីរ នាយកត នាយឡំ មហាកាល អារុណ ស្រែកដំនាលគ្នា :
– អោ ! បើដូចនោះ សូមលាលោកគ្រូហើយ។
មហាកាលបន្ថែមខ្សឹបទៀតថា :
– យើងទៅលួចសេះព្រះកំពុតជិះ ទៅសិរីសោភ័ណបានទាន់។
នាយកតនិយាយកខិបកខុបថា :
– ខ្ញុំបានស្គាល់កន្លែងពួកវាបំរុងយកមាសទៅលាក់ហើយ គឺលាក់ក្នុងភ្នំដែលឆ្នាំមុនខ្ញុំធ្លាក់អណ្ដូងនោះអែង។
វីរ តបថា :
– បើដូច្នោះ យើងទៅចាំវានៅមាត់ច្រកភ្នំបានហើយ
អារុណច្រានគេច្រានអែង :
– ជយោ ! ទៅកុំនៅយូរវាខូចការ លាហើយលោកគ្រូ !
និលពេជ្រដែលនៅឆ្ងាយពីគេ ឃើញគេអោនខ្សឹបគ្នាក៏រឹតតែភ័យទៅទៀត ដោយមិនដឹងជាគេនិយាយពីរឿងអ្វីឡើយ។
ជនទាំងប្រាំគោរពមានន្ទ រួចចេញដំនើរទៅ។
មានន្ទងាកទៅរកនិលពេជ្រនិយាយយ៉ាងនឹងនួនថាន :
– បងនិល
– ព្រះបាទទាន !
– បងនិលអែងចង់សំលាប់ខ្ញុំ អីលូវមកសំលាប់ចុះ។
– ខ្ញុំរង់ចាំពេលក្រោយបន្ដិចទៀតសិន !
– អញ្ចឹងក៏បាន ! អិតទាស់អ្វីទេ អែខ្ញុំចង់សំលាប់បងនិលអែងដែរ ហើយខ្ញុំចង់តែសំលាប់ពេលនេះអែង !
– សូមលោកគ្រូកុំភ័យ ប្រាកដជាយើងបានជួបគ្នាទាន !
– មិនទៀងទេ !
– លោកគ្រូនឹកស្មានថា ខ្ញុំមិនហ៊ានជាមួយលោកគ្រូរឺ ?
– ទេ ! ទេ! ខ្ញុំទុកបងនិលអែងជាមនុស្សក្លាហានទៅហើយ។ ប៉ុន្ដែ បានជាខ្ញុំចង់ពេលនេះ ពីព្រោះខ្ញុំអាចស្លាប់នឹងដៃអ្នកអែទៀត
មុនពេលដែលខ្ញុំសំលាប់បងអែង។
និលពេជ្រញញឹម :
– បើពីអីលូវទៅដល់ពេលដែលយើងណាត់ជួប លោកគ្រូស្លាប់ គឺជាសេចក្ដីស្ដាយមួយយ៉ាងធំរបស់ខ្ញុំ។
– បើដូច្នោះ តើអ្វីដែលបង្គាប់មិនអោយបងអែងមានចិត្ដចង់អោយស្លាប់ក្នុងពេលនេះ?
– ពីព្រោះខ្ញុំមានមិត្ដបួន គឺខ្ញុំនេះមួយ អែកនេះពីរ មហារន្ទះនេះបី និងលោកកាមានេះបួន ។ យើងទាំងបួនបានសន្យានឹងគ្នាថា សំ
លាប់លោកគ្រូអោយបានជាមួយគ្នា។ បើក្នុងពេលនេះ ខ្ញុំសំលាប់លោកគ្រូម្នាក់អែងទៅ គឺខ្ញុំក្បត់មិត្ដខ្ញុំទាំងបីនាក់ទៀត។
– សំលាប់ខ្ញុំយ៉ាងណាទៅ ដល់ទៅបួននាក់ បើខ្ញុំម្នាក់អែង។
– ងាយណាស់ ។ ខ្ញុំកាត់ក្បាលលោកគ្រូ អែកគេវះយកថ្លើមប្រមាត់ រន្ទះគេកាត់ដៃនិងជើង លោកកាមាគេហុតឈាមលោកគ្រូ។
និលពេជ្រប្រហែលជាខឹងណាស់ ពីព្រោះគេលឺសូរធ្មេញដែលសង្កៀតគ្នា រួចនិយាយទៅទៀតថា :
– ហេតុនេះ សូមលោកគ្រូរង់ចាំបន្ដិចទៀតចុះ រង់ចាំពេល គឺថ្ងៃ
ដែលយើងទាំងបួននាក់ដាក់ដៃលើលោកគ្រូនោះអែង !
– ខ្ញុំប្រឹងរង់ចាំថ្ងៃនោះប្រាកដ ប៉ុន្ដែខ្ញុំបារម្ភខ្លាចក្រែងខ្ញុំមិនបានរស់
ដល់ថ្ងៃដែលយើងត្រូវជួបគ្នានោះ។ ខ្ញុំគិតឃើញថា ពេជ្រអែងត្រូវតែ
ឆ្លៀតអោកាសល្អដែលយើងបានជួបគ្នានេះ។
– ទេ !
– អែងខ្លាចស្លាប់រឺ? ហាសៗ និលពេជ្រខ្លាចស្លាប់ ! មិនអីទេចាំពេ
លក្រោយក៏បាន !
ថាតែប៉ុណ្ណោះ មានន្ទលោតផ្លោតតាមបង្អួចចូលបាត់ក្នុងគុម្ពចេកទៅ
មនុស្សចាស់ម្នាក់ស្ទុះមកចាប់ដៃមានន្ទ ដែលឆ្លើយថា :
– បាទ ! អញ្ជើញលោកគ្រូ !
គឺតាគិរីសុមេរុដែលចំនួនមួយអាទិត្យមកហើយបានដើរតាមមានន្ទ
– ទៅចៅ ! ចេញពីទីនេះអោយឆាប់ៗ ត្បិតខ្យល់នៅទីនេះមិនល្អ
ចំពោះយើងទេ ។ មិនអីទេ ! គង់យើងបានជួបនឹងពួកវាមិនខាន។
– លោកតាបានលឺខ្ញុំនិយាយនឹងនិលពេជ្រទេ ?
– លឺទាំងអស់ តាចាំស្ដាប់ក្រោមផ្ទះនេះអែង។
ជនទាំងពីចាប់ដៃគ្នា ដើរយ៉ាងលឿនចេញទៅទិសខាងសិរីសោភ័ណវិញ បីដូចពួកម៉ាកពីរនាក់ដែលស្រលាញ់គ្នាជីវិតមួយ។
ចំនែកខាងនិលពេជ្រកាលណាបានឃើញមានន្ទចុះបាត់ហើយក៏ស្ទុះរត់ចុះដល់ដីបោលទៅអែកងទ័ព ហៅបានមិត្ដគេទាំងបួនមកមួយរំពេច
។ មិត្ដទាំងបួននេះដេញតាមមានន្ទធ្លាយចូលតាមច្រកគុម្ពចេក ដែលមានន្ទភៀសខ្លួនទៅ។ និលពេជ្រសួរអ្នកស្រុកម្នាក់ថា
– វាទៅណាហើយ ?
– ខ្ញុំមិនដឹងជាគេទៅខាងណាទេ ប៉ុន្ដែដែលខ្ញុំដឹង គឺគេទៅបាត់ទៅហើយ ហើយប្រហែលជាមិនជិតឡើយ !
មិត្ដទាំងបួនបញ្ចូលដាវក្នុងស្រោមវិញ ដោយពោលថា :
– គង់តែយើងជួបនឹងវាទេ ថ្ងៃក្រោយ ! អានេះវាចូលដៃនឹងខ្មាំងទៀត រួចមិនប្រាប់អែង។
ពិតមែន មិត្ដទាំងបួនបានប្ដេជ្ញា ថានឹងសំលាប់មានន្ទដោយបែបខាងលើនោះអែង ហើយសន្មតគ្នាថា មិនសំលាប់មានន្ទម្នាក់
អែងឡើយ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: