មហា​ចោរ​នៅ​ទល់ដែន ទំព័រទី២


១ – ខ្លាបាក់ចង្កូម

ផ្ទះនោះទាបប្រក់ស្បូវ ជញ្ជាំងក្ដារ សង់លើដីទួលតូច តែស្អាតមានរបងអំពិលទឹកព័ទ្ធជុំវិញ។ ខាងមុខគឺដងស្ទឹងនៃអានាខេត្ដសេរីសោភ័ណ
ដែលក្នុងឆ្នាំ ១៨៦៥នេះ គង្គាហូរគំហុកយ៉ាងខ្លាំង ហាក់សំដែងសេចក្ដីក្រោធខឹងនឹងអំនាចសៀមដែលសង្កាត់ សង្កិនយូរមកហើយ។ ខាង
ក្រោយ គឺជួរភ្នំស្វាយដែលលាតសន្ធឹងទៅឆ្ងាយទល់នឹងជើងមេឃ។

ក្នុងខ្ទមនេះនៅមាត់បង្អួច មនុស្សម្នាក់អង្គុយផ្អែកខ្នងលើកៅអីផ្ដៅធំមួយសំលឹងមិនពព្រិចភ្នែក មើលទៅគេហដ្ឋានមួយទៀតដែលល្អឆើតឆាយបីដូចវិមាននាស្ថានសួគ៌ាល័យ។
មនុស្សនេះចាស់សក់ស្កូវ ពុកចង្កាស្រមូមសក្បុស ប៉ាន់ស្មានអាយុប្រមាណ
ចិតសិបប្លាយឆ្នាំ។ មើលរាងកាយ មើលភិនភាគ យើងអាចសន្និដ្ឋានបានថា ពុំមែ
នជាមនុស្សសាមញ្ញទេ គឺប្រាកដជាមនុស្សម្នាក់ពិសេសដោយឡែកមិនខាន។ គា
ត់មានសម្បុរទង់ដែង។ សម្បុរនេះបង្ហាញជីវិតរបស់គាត់អោយយើងដឹងថាគាត់

ពុំមែនជាមនុស្សជិះជាន់គេដែលស្រនុកនៅតែក្នុងម្លប់ចាំតែគេបំរើឆ្វេងស្ដាំនោះ
ទេ។ សម្បុរនេះជាសម្បុរមនុស្សលំបាក ហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀងជាម
នុស្សពុះពារប្រឹងប្រែងតស៊ូ មានប្រជែងរកយុត្ដិធម៌ និង សុភមង្គលជូនប្រទេស
ជាតិ និងប្រជាជនខ្មែរយើង។
ហេតុនេះតាចាស់យើងជាមនុស្សមានអុត្ដមគតិខ្ពស់!!.. ថ្ងាសគាត់ធំទូលាយ។
នៅលើថ្ងាសនេះ យើងហាក់មើលឃើញរស្មីនៃការពិសោធធំៗ ដែលបោះបង្គោ
លដិតជាប់នៅនោះរួមដែលនាំអោយយើង កើតមានសន្ដានចិត្ដមួយកោតសរ
សើរដល់គាត់យ៉ាងជ្រាលជ្រៅបំផុត។
កាលណាយើងគយគន់គាត់អោយបានយូរបន្ដិចទៅទៀត យើងស្ញើបរំភើបនឹ
ងផ្នត់ដែលលាតបន្ទាត់យ៉ាងអង្កាញ់រសាំនៅលើថ្ងាសនោះ។ គន្លងផ្នាត់ទាំងនោះ និយាយប្រាប់យើងនូវអនុស្សាវរីយ៍ដ៏វិចិត្រផ្សេងៗដែលគាត់
បានជួបប្រទះក្នុងដំនើរជីវិតរបស់គាត់ មានអនុស្សាវរីយ៍នៃសេចក្ដីស្នេហា អនុស្សាវរីយ៍នៃសេចក្ដីសប្បាយ គ្រាក្រជាដើម។

អនុស្សាវរីយ៍ទាំងនោះ ជាគំរូនៃជីវិតដែលអាចត្រដាងបានជាខ្សែរឿងមួយយ៉ាងជក់ចិត្ដដល់យុវជន ដែលស្រលាញ់ការដើរផ្សងព្រេងសំនាង
ដូចវីរជនខ្លះក្នុងសៀវភៅប្រលោមលោកធំៗ នៃប្រទេសនានាក្នុងកាលសម័យបុរាណ។
ទឹកមុខរបស់តាចាស់យើង មើលឃើញគួរសំបើម សំបើមត្រង់គាត់មានធ្គាមខ្លា និង ភ្នែកមុត។ តែបើយើងធ្លាប់ស្គាល់គាត់ យើងមុខជា
ស្រលាញ់គាត់វិញ ពីព្រោះគាត់ជាមនុស្សស្លូត ចិត្ដត្រង់ ចេះអានិត ចេះជួយសង្រ្គោះដល់អ្នកក្រីក្រគ្រប់ៗគ្នា មិនថាស្រី រឺ ប្រុសក្មេងចាស់
ទេ។ ម្យ៉ាងទៀត គាត់ជាមនុស្សមានវោហារពូកែ មានប្រាជ្ញាវៃឆ្លាតណាស់ក្នុងការដោះស្រាយបញ្ហា និង មានសតិរឹងប៉ឹងចំពោះអុបសគ្គទាំង
ពួង។

«វិសេសក្លាហាន» នេះហើយឈ្មោះរបស់គាត់។
មេទ័ពជើងចាស់ វិសេសក្លាហានបានចូលបំរើប្រទេសជាតិ ជាទាហានតាំងពីខ្លួននៅកំលោះពេញវ័យនៅឡើយ។ ដោយចិត្ដស្នេហាមាតុ
ភូមិយ៉ាងជ្រាលជ្រៅ ដោយពលិកម្ម មានការលះបង់ក្ដីសប្បាយ កាមរាគ ល្បែងស៊ីសង ស្រី ស្រាជាដើម ដើម្បីបំពេញកិច្ចការសាធារណ
អោយបានហ្មត់ចត់ល្អ ដោយសតិសម្បជញ្ញៈ ចេះត្រិះរិះស្គាល់ខុស ស្គាល់ត្រូវ ដោយមានចិត្ដជាមនុស្សសេរី មិនរវល់លុតក្រាបអោនសំពះ
អង្វរអ្នកណាដើម្បីបុណ្យសក្ដិខ្លួន វិសេសក្លាហាន បានឡើងបុណ្យស័ក្ដិជាលំដាប់ រហូតដល់បានជាមេទ័ពជាតិទាំងមូល។

កាលនៅមានកំលាំងមាំមួននៅឡើយ វិសេសក្លាហានបានចូលប្រលូកគ្រប់សង្គ្រាមទាំងអស់ រួចក្នុងសង្រ្គាមនិមួយៗ ជាមួយយួនក្ដី ជាមួ
យសៀមក្ដី ជាមួយលាវក្ដី វិសេសក្លាហានមានសូរសព្ទសំលេងឈ្មោះពិរោះប្រកបដោយជោគជ័យជានិច្ច។
តែដល់សម័យគាត់ចូលក្នុងវ័យជរាពិការនេះ ស្រុកចុះដុនដាប ខ្មែរបែកសាមគ្គី អ្នកកាន់អំនាចខ្មែរមានចិត្ដទន់ខ្សោយ ធ្វើការគ្មានកម្មវិធី
រាស្រ្ដអត់បាយ ខ្មាំងចូលរុករានពាសពេញ វិសេសក្លាហានក៏ថយខ្លួនមកនៅក្នុងកូនខ្ទមដែលយើងបានពណ៌នាមកហើយនេះ។
រាល់ថ្ងៃ វិសេសក្លាហានភ្ញាក់ពីព្រលឹមអង្គុយសំលក់គេហដ្ឋានដែលគាត់មើលឃើញតាមបង្អួចនេះ។ គាត់មានចិត្ដទោមនស្សក្រៃពេក។
ម្ចាស់គេហដ្ឋានដ៏ស្ដុកស្ដម្ភនោះឈ្មោះ «ព្រះកំពុត»។ គឺជាខ្មែរមួយរូបដែរ ដែលបានទៅរៀនខាងសៀម រួចបានរលាយជាតិខ្លួនទៅជាជាតិ
សៀម ភ្លេចនឹកនាដល់អរិយធម៌ខ្មែរដល់កិត្ដិយសខ្មែរ ដល់កិត្យានុភាពខ្មែរសូន្យឈឹងរួចគិតតែធ្វើបាបដល់រាស្រ្ដខ្មែរ មានចាប់ចង កំហែង
គំរាម កេណ្ឌប្លន់ កាប់សំលាប់ខ្មែរគ្នាអែងជាដើម។

តាំងពីព្រះកំពុត មកគ្រប់គ្រងអានាខេត្ដ សិរីសោភ័ណ តាងនាមរដ្ឋាភិបាលសៀមនេះ ព្រះកំពុតរស់នៅក្នុងការសប្បាយ (ស្រី ស្រា ល្បែង
ភ្លេងភ្លាត់ច្រៀងរាំ) គ្រប់បែបគ្រប់យ៉ាង ហើយប្រើលទ្ធិផ្ដាច់ការលើខ្មែរយើង។ ប្រជានុរាស្រ្ដក៏បានស្គាសល់នូវទុក្ខវេទនាក្រៃពេក អិតមាន
ពេលណាមកប្រៀបប្រដូចបានឡើយ។ ម្យ៉ាងទៀតក្នុងការគ្រប់គ្រងនេះព្រះកំពុតគិតតែប្រមូលធនធានទ្រព្យសម្បត្ដិសំរាប់តែខ្លួនមួយប៉ុ
ណ្ណោះ។
អាស្រ័យហេតុនេះ ចំពោះប្រាសាទដ៏ល្អឆើតឆាយដែលវិសេសក្លាហានមើលឃើញនេះ បើអ្នកមើលៗមិនឃើញរឿង មុខជាកោតសរសើរ
ដល់ភ័ព្វព្រេងសំនាងរបស់ព្រះកំពុតមិនខាន។ តែកែវភ្នែករបស់វិសេសក្លាហានមើលប្រាសាទនោះ ឃើញជាភ្លើង ជាសាច់ ជាឈាម ជាញើ
ស ជាកំលាំងរបស់ប្រជាជនខ្មែរទៅវិញ។ ប្រាសាទនេះហាក់ឈរយ៉ាងក្រអើតដាក់គាត់ គ្មានខ្មាស គ្មានអៀនឡើយ។ ដោយគាត់ចាស់ហើយ
គាត់កាន់អាវុធទៀតពុំកើត ជើងគាត់រត់ដើរទៀតលែងបាន មាត់គាត់ប្រាសចាកអស់សំលេង គាត់ហាក់ឃើញអានុភាពបុរាណរបស់គាត់ទ្រុ
តទ្រោម ពីមុខភ្នំអយុត្ដិធម៌របស់ព្រះកំពុត។ នៅក្នុងទ្រូងវិសេសក្លាហាននៅមានតែកំលាំងចិត្ដ កំលាំងបញ្ញាទេ ដែលរស់រវើកក្នុងថ្លើមគាត់
ហើយដែលជាហេតុនាំអោយគាត់ចំបែងរាល់ពេលវេលា។

មួយថ្ងៃៗ គាត់សំលឹងគេហដ្ឋាននោះដោយចេតនាចង់អោយរលាយ ចង់អោយឆេះ ចង់អោយបាត់វិនាសសូន្យឈឹងទៅ។ ប្រាសាទព្រះកំពុត
ហាក់ធ្ងន់ក្នុងចិត្ដវិសេសក្លាហានអ្វីម៉្លេះទេ ពីព្រោះប្រសាទនេះសាងលើដីខ្មែរ និង សាងលើស្មារាស្រ្ដខ្មែរ។ ទឹកភ្នែកពីរដំនក់យ៉ាងល្វីងចត់ ហូរ
ធ្លាក់ពីនេត្រវរបុរសយើង។ អោ! វិសេសក្លាហានអស់រិទ្ធានុភាពហើយ។ គាត់ជាខ្លាបាក់ចង្កូម។ យើងមានចិត្ដមេត្ដាដល់ចាស់ព្រឹទ្ធាចារ្យពិ
សេសមួយនេះជាពន់ពេក។ សព្វថ្ងៃគាត់គ្មានទ្រព្យសម្បត្ដិ គ្មានធនធាន គ្មានបាយបរិភោគគ្រប់គ្រាន់ គ្មានប្រដាប់ប្រដាប្រើប្រាស់សមរម្យ
គ្មានខោអាវស្លៀកពាក់គួរសម គ្មានលុយកាក់ចាយវាយ គ្មានភូមិអាករ កំព្រាម្នាក់អែងគ្មានទីពឹង។ រឿងវិសេសក្លាហានផ្ទុយនឹងរឿងស្នេហា
ជាតិអែងទៀតជាច្រើនរូប។

តែវិសេសក្លាហានពុំមានអារិះចិត្ដអ្វីនឹងឋានៈកំសត់ទុគ៌តនេះទេ គាត់នឹកថា គាត់អាចបិទភ្នែកស្លាប់ទៅវិញបានដោយសតិសម្បជញ្ញៈរបស់
គាត់នៅស្អាតគ្មានបន្ទោសអ្វីដល់គាត់ឡើយ។ គាត់អាចស្លាប់ទៅវិញបានព្រោះផ្លូវដែលគាត់ជ្រើសរើសដើម្បីដើរ គឺផ្លូវថ្លៃថ្នូរប្រកបដោយ
កិត្ដិយសពិតៗ។ នឹកដូច្នោះ វិសេសក្លាហានមានទឹកមុខញញឹមយ៉ាងជ្រាលជ្រៅឡើងវិញ។

ក្នុងពេលនោះ ស្រីម្នាក់ដើរចូលមកដុសជូតសំអាតតុទូ។ គឺជាមនុស្សម្នាក់អាយុប្រមាណជាងសែសិបឆ្នាំ។ នាងនោះបើទូលឺក្រាក។ វិសេស
ក្លាហានភ្ញាក់ខ្លួនព្រើត នៅស្ងៀមមួយស្របក់ ទើបមានវាចាសួរថា៖
– អ្នកណា? ភួងរឺ?
– ច៎ាះ ! ខ្ញុំ
– ភួង! តើទេវីកូនស្រីខ្ញុំទៅណាហើយ?
នាងទាសីលុតជង្គង់ពីក្រោយខ្នងវិសេសក្លាហានឆ្លើយយ៉ាងគោរពវិញថា៖
– ច៎ាះ! នាងទៅបេះផ្កាអែក្រោយផ្ទះហើយ ពីព្រោះថ្ងៃនេះជាថ្ងៃសីលផង។
– កាលណាមកវិញ?
– ច៎ាះ! ជំរាបប្រសាសន៍ ប្រហែលជាមិនយូរប៉ុន្មានទេ….
នាងរង់ចាំពាក្យអ្វីទៀតដែលអិតលឺសោះ។ នាងក៏បន្ដការជូតតទៅទៀតត្រាតែជ្រះស្រលះ ទើបត្រលប់ទៅក្នុងវិញបាត់ទៅ។

រីវិសេសក្លាហាន កាលនិយាយដល់ឈ្មោះកញ្ញា «ទេវី» ជាបុត្រី ចិត្ដស្នេហាបុត្រមួយយ៉ាងខ្លាំងរត់ចូលឈៀបមកដល់ក្នុងបេះដូងគាត់។ ទឹ
កមុខស្ងួតពីមុនមក ក៏ប្រែក្លាយជារីករាយប្រិមប្រីយទៅវិញ។ រូបវរលក្ខណ៍កល្យាណលេចធ្លោចេញមកក្នុងមនោគតិគាត់។ គាត់ហាក់ឃើ
ញស្រីឆោមសាច់សល្អផូរផង់ ថ្ពល់ខូច មុខស្រស់ ភ្នែកនឹងបបូរមាត់មានសម្ជស្ស ចង្កេះរៀវ ដំនើរសមសួន ល្អផុតអស់នារីទាំងពួង។
ក្នុងពេលខ្លីនេះព្រលឹងវិសេសក្លាហានអន្ដែតទៅបបោសអង្អែលរូបទេវីជាបុត្រីដែលទើបមានអាយុ ១៨ឆ្នាំគត់។ សន្ដានចិត្ដអានិតយុវតីមួ
យយ៉ាងគ្រលួច ក៏ឈានជំហានមកប្រជែងកន្លែង សេចក្ដីស្នេហានៃបុត្រីដែលមានអំបាញ់មិញនេះ។

ភ័ព្វសំនាងអ្វីក៏អាក្រក់ម៉្លេះ កញ្ញាដ៏ល្អវិចិត្រនេះ មេ្ដចមកកើតចំអន្លង់សេក្ដីក្រទៅវិញ? ។ វិសេសក្លាហានដកដង្ហើមធំសូរឃូរ។ ទៅថ្ងៃមុខ
អត់ពីគាត់ពុំដឹងជាស្រ្ដីអុត្ដមរងទុក្ខវេទនារឺយ៉ាងណាទេ?។ ពុំដឹងជានាងទៅពឹងអ្នកណាទេ? អោ! អនាគតគ្មានអ្វីទៀងសោះ។ រាស់ថ្ងៃចំនងដែ
លចងជីវិតវិសេសក្លាហានអោយរស់នៅ គឺនារីប្រសើរនេះអែង។ នាងជារូប ជាចិត្ដ ជាព្រលឹង ជាជីវិត ជាទីសង្ឃឹមរបស់គាត់។ ថ្ងៃនេះជា
ថ្ងៃសីល នាងទៅបេះផ្កា នាងល្អដូចផ្កាកំពុងរីក នាងក្រអូបដូចផ្កា។ នាងថ្វាយបង្គំព្រះ ដៃនាងប្រណម្យ ជីវិតនាងរស់តែក្នុងធម៌ ក្នុងមេត្ដា
ក្នុងកុសល។ នាងមានសំដីផ្អែមពិរោះ ពុំដែលចេះខឹងរហូតដល់ទៅជេរស្ដីអ្នកណាឡើយ។

ដោយផ្ទាំងអនាគតលាតឡើង ពុំបានរុងរឿងសោះនោះ វិសេសក្លាហា មានទុក្ខព្រួយបារម្ភយ៉ាងខ្លាំង។ គាត់នឹកថា ទៅថ្ងៃមុខអ្នករួមសុខទុក្ខ
ជាមួយកញ្ញាទេវី គឺប្រាកដជានាងភួង ពីព្រោះនាងភួងជាទាសីដែលបានបំបៅដោះនាងទេវី។ នាងភួងស្រលាញ់នាងទេវីដូចកូនបង្កើត។ នាង
ភួងពុំដាច់ចិត្ដទៅណាចោលនាងទេវីសោះ ហើយព្រមរស់ដោយលំបាកជាមួយនាងដើម្បីជួយមើលរក្សានាង ដើម្បីបានមើលមុខនាង។ នឹក
ឃើញដូច្នោះ វិសេសក្លាហាន អានិតនាងភួងក្រៃពេករកវត្ថុអ្វីមកប្រៀបផ្ទឹមស្មើគ្មាន។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: