មហា​ចោរ​នៅ​ទល់​ដែន ទំព័រ​ទី១៨


១៧ – ស្នេហាលើទូក

បើវដ្ដសង្សារតាក់តែងអោយមនុស្សវិលចុះ វិលឡើងយ៉ាងនេះ តើមនុស្សចេះតែនៅចងចិត្ដប្រកាន់តែខ្ពស់មិនសមហេតុ មិនសមផល
រឺអ្វី?។ ខាងលើដំបូល មានន្ទដែលអស់កំលាំងដេកគងថ្ងាសមើលផ្កាយ។ នៅជិតអ្នក គឺ មហាកាលម្ខាង អារុណម្ខាង។ ខាងមុខនាយកោប
វិរៈ និង បំរុងចែវយ៉ាងមាំមួន។ កូនទាហានឈ្មោះបង្រូល កាន់កន្សៃ ។ ខាងក្នុងទូកក្នុងបន្ទប់ដែលបិទចាក់សោ គឺព្រះនាងខត្ដិយាណីស្រីជាប់
ទោស។ នាងគេងលើគ្រែមួយ មានពូកយ៉ាងស្អាត បីដូចក្នុងបន្ទប់របស់នាង។ ចង្កៀងប្រេងកាតតូចមួយ បំភ្លឺវត្ថុនានាដែលល្អ។ ឃើញចាំង
នឹងភ្នែក មានកែវទឹក ផ្តិលប្រាក់ កញ្ចក់ ស្និត កែវម្សៅ ដបទឹកអប់ជាដើម។ នារីគេងពុំលក់ទេ ត្បិតពុំដឹងជាមានន្ទធ្វើបាបនាងយ៉ាងណាវិញ
ដោយក្ដៅស្អុះពេក នាងក្រោកទៅបើកបង្អួច។ ទេ! បង្អួចបិទជិតពីក្រៅ។ នាងញញឹមដោយឃើញថាគុករបស់មានន្ទជាគុកមួយដែលរសាត់
តាមទឹក ហើយដែលឃ្លេងឃ្លោង។ ចេះតែលឿនទៅមុខជាដរាប។ ម្យ៉ាងទៀតគុកនេះសមសួនមែន ត្បិតមានពូកដេកផង ។ នាងនឹកថា គុក
ចោរគ្រាន់បើជាងគុកអ្នករាជការដែរ។ ធីតាហៀបនឹងដើរទៅទំរេតលើពូកវិញ ស្រាប់តែសូរមាត់មានន្ទ និងកងសហជីវិននិយាយគ្នារអ៊ូៗខា
ងលើដំបូលទូក ។ កញ្ញាអរព្រួចផ្អៀងត្រចៀកស្ដាប់លឺមានន្ទនិយាយរវើយៗដោយអស់កំលាំងថា :

– ស្អែកល្ងាចយើងទៅដល់មាត់ទន្លេមែនទេ ?
មហាកាលឆ្លើយ :
– បាទ ! បើយ៉ាងយូរយប់ចុះ
ព្រះនាងខត្ដិយាណីបើកភ្នែកធំៗ ដឹងថាគេនាំខ្លួនផុតពីទល់ដែនសៀមជាប្រាកដ។ មាណវីព្រឺក្បាលខ្ញាកៗ ។ រួចពីនេះ គឺសំលេងអារុណដែ
លនាងពុំភ្លេច ដែលអធិប្បាយប្រាប់មានន្ទអំពីកាលខ្លួនមកដល់ភូមិភ្នៀត រួចបានឃើញប្រកាសដ៏លាមក រួចបានវាយប្រលូកក្នុងអាសនៈ
ព្រះកំពុត។ នាងមណីស្ដាប់រឿងនេះហាក់នៅតែឃើញមហាបុរសនេះតែនឹងភ្នែក ។ គួរកោតសរសើរដល់ស្នាដៃ និង សេចក្ដីវាងវៃក្នុងការ
ប្រយុទ្ធរបស់បុរសនេះមែន។
ក្រោយមកមានន្ទបញ្ជាក់ថា :
– អោយផ្លាស់គ្នាកាច់ចង្កូតម្ដងម្នាក់ៗ ។ ម្នាក់កាច់ចង្កូតចំនួនបីម៉ោង ទាំងមេទាំងកូន។ អីលូវឈប់ចែវនាំគ្នាដេកចុះ។
អ្នករាល់គ្នាស្រែហ៊ោក្រេវ សប្បាយនឹងកិច្ចបញ្ជានេះ។
មានន្ទបន្ដកិច្ចបញ្ជាទៀតថា :
– ប៉ុន្ដែ កោប ៗ
– បាទ !
– ហ៊ី ! យកកូនសោនេះទៅចាក់បន្ទប់ក្នុងទូមើល ។ រួចសួរប្អូនខ្ញុំថាត្រូវការអ្វីខ្លះ ? នែ ! កុំមើលងាយគេណ៎ា ! តោងគួរសមនឹង
គេជានិច្ច ព្រោះយើងមិនទាន់ឃើញទោសគេទេ ។ នែ ! . . . កុំភ្លេចបំរើទឹកក្ដៅគេផង។
មហាកាល និង អារុណទះដៃផូងៗ សើចយ៉ាងសប្បាយ រួចលួចនិយាយថា :
– អាកោបមានសំនាងណាស់វើយ !
មានន្ទលឺដូច្នោះ លួចសើចក្នុងកំភួនដៃដែលអ្នកដាក់លើមុខអ្នក រួចធ្វើមិនលឺ នឹងពាក្យលេងនោះ។
នាយកោបធ្វើមុខក្រញូវ លួចសំលក់មហាកាល និង អារុណ រួចទះក្បាលបង្រូលដែលកាច់ចង្កូតមួយផូង លោតចុះទៅចាក់
សោទ្វារ។

នាងខត្ដិយាណីស្ទុះទៅទំរេតខ្លួនលើគ្រែធ្វើព្រងើយ។ ទ្វាររបើកឡើង។ នាយកោបអោនខ្លួនធ្វើគារវកិច្ចពីមុខនារី។ នាងងក់ក្បាលចោល
ញញឹមមួយយ៉ាងស្រស់ដាក់នាយកោប ដែលធ្វើអោយនាយកោបឈួលអួលៗក្នុងចិត្ដ និយាយឡើងញ័រៗថា :
– អ្នកត្រូវការអ្វីទេ ?
– ច៎ាះ ! ខ្ញុំត្រូវការទឹក . . .
នាយកោបថយខ្លួនមកដងទឹក តែនាងជាអ្នកទោសនិយាយថា :
– ទេ ! អត់ទោស ខ្ញុំនិយាយលេងទេ ព្រោះខ្ញុំចង់និយាយ ត្បិតជាយូរមកហើយនៅទីនេះគ្មានអ្នកអែណានិយាយជាមួយសោះ
ទើបតែនឹងបានលឺសំដីលោកមុនគេ។
នាយកោបព្រឺខ្លួនខ្ញាកៗ ជីពចររត់ភឹបៗ រឹតតែខ្លាំងឡើងៗ រួចនាយកោបនិយាយតបទាំងត្រដរថា :
– បាទ ! . . . បាទ ¨! . . . បើដូចនោះ អ្នកត្រូវការទឹកតែទេ ?
– ច៎ាះ ! ត្រូវការ តែសូមអញ្ជើញលោកអង្គុយសិន កុំប្រញាប់អី !
ថាដូច្នាះហើយ ព្រះនាងមណីក្រោកឡើងរុញកៅអីមួយអោយនាយកោប។
ក្នុងពេលក្រោកឈរដើរមកនេះ នាយកោបសង្កេតឃើញរូបរាងនាងល្អអ្វីក៏ល្អម្លេះទេ។ តែនាយកោបតបថា :
– សូមទោសអ្នក ! ខ្ញុំមាននាទីមកនេះ គឺមកសួរតើអ្នកត្រូវការអ្វី ? រួចបើអិតត្រូវការទេ ខ្ញុំថយខ្លួនមួយរំពេច !
នាយកោបនិយាយដោយសំលេងមួយយ៉ាងហ្មត់ចត់។
ធីតាសំលឹងមើលមុខនាយកោប នាងក្រៀមមុខបន្ដិច តែនាងប្រឹងធ្វើអោយរីករាយតទៅទៀត។
– ច៎ាះ ! ខ្ញុំដឹងថា នៅទីនេះ គេយកច្បាប់ជាធំហើយ តែច្បាប់មិនអាចហាមឃាត់មិនអោយមនុស្សទាក់គ្នាទេ ។ អត់ទោស ! ខ្ញុំ
ជាអ្នកទោសដូចលោកជ្រាបស្រាប់ ខ្ញុំនៅតែក្នុងបន្ទប់នេះជាយូរមកហើយ ខ្ញុំចង់ដឹងយើងមកដល់ត្រង់ណាហើយ រួចយើងបំរុងទៅកន្លែង
ណា?
នាយកោបសើចថា :
– លោកគ្រូ មិនបានបញ្ជាអោយខ្ញុំមកធ្វើសេចក្ដីរាយការណ៍នេះជូនអ្នកស្ដាប់ទេ ។ ខ្ញុំស្ដាយណាស់ ព្រោះពាក្យអ្នកពិរោះ រូបអ្នក
ក៏ល្អ ប្រាជ្ញាអ្នកក៏វៃ ចេះស្ទង់ ចេះលៃ ចេះរាក់ទាក់។ ខ្ញុំសូមជំរាបថា «នៅជាមួយពួកខ្ញុំ គេមិនប្រើស្នៀតទេ គេប្រើតេការត្រង់ៗ ប៉ុណ្ណោះ
អែង»។
– បើដូច្នោះ សូមជំរាបលោកមានន្ទថាខ្ញុំចង់ជួប។
– បាទ
ថាហើយ នាកោបបិទទ្វារគ្រឹប ចាក់សោក្រឹកៗ។
នាងមណីចាប់ប្លែកអស្ចារ្យក្នុងចិត្ដជាមួយពួក «មហាចោរ » នេះ ។ នាងឃើញថា មនុស្សម្នាក់ៗ មានសតិរឹងមែន រួចវិន័យ
ក្នុងកិច្ចការ ឃើញថាមាំមួនជាក់ស្ដែង ។ តែក្នុងកិច្ចសន្ទនារវាងអារុណនឹងមានន្ទ នាងលបស្ដាប់លឺឈ្មោះមួយ គឺឈ្មោះ “បំរុង ” ដែលពុំ
មែនជាបក្សពួករបស់មានន្ទដាច់ខាត។
លុះដល់នាយកោបឡើងទៅលើ មានន្ទហៅសួរ
នាយកោបប្រាប់ថា :
– អ្នកស្រីចង់ជួបនឹងលោកគ្រូ
– អញក៏ចង់ជួបនឹងនាងដែរ ។ បងកាល បងរុណ មើលដាក់យាមចង្កូតអោយស្រួលបួលណ៎ា !
– បាទ !
– បាទ !
មានន្ទចាប់ភ័យក្ដុកៗ ។ បុរសឈរដកដង្ហើមអោយស្រួល តាំងចិត្ដអោយបាននឹង រួចលោតចុះចាក់សោទ្វារអិតបង្អង់ឡើយ។
នាងមណីលឺសូរសោទ្វាររបើក នាងប្រុងស្មារតីដូចគ្នា។ លុះឃើញមានន្ទអោនខ្លួនចូលមក នាងធ្វើមុខស្មើ។ ជនទាំងពីរអិតនិយាយរកគ្នា
មួយមាត់ឡើយ ត្បិតជនទាំងពីររកពាក្យផ្ដើមនិយាយគ្នាមិនឃើញ។ នារីដាក់ភ្នែកចុះជាដរាប។ បុរសសំលឹងមុខនាងជាយូរ ហូតបារីមួយម
កអុជជក់ រួចអង្គុយបឺតបារីផ្សែងហុយថ្គោលនិយាយថា :

– ក្នុងពេលដែលបងជាប់អន្ទាក់របស់អូន ៗ មានគ្រោងការមួយដ៏ប្លែកអស្ចារ្យ ចំពោះរឿងអូននិងបង ។ អីលូវនេះ វាសនា
ដើរចុះឡើងធ្លាក់មកត្រូវអូននៅក្នុងអន្ទាក់របស់បងវិញ តើអូនមានគ្រោងការដ៏ចំលែកអ្វីមួយទៀតទេ ?
នារីញញឹមនឹកថា បងមានន្ទដឹងខ្លួនប្រាកដថា ទុក្ខទោសដែលខ្លួនទទួលទាំងប៉ុន្មាន គឺមាននាងជាមេ។ នាងញញឹមជានិច្ច រួចឆ្លើយថា :
– ខ្ញុំអាចឆ្លើយជំរាបបងបាន អំពីគ្រោងការទីពីររបស់អូនក្នុងពេលដែលអូនទៅក្នុងក្រញ៉ាំរបស់បងនេះ ។ តែមុនបង្អស់ ប្អូនសុំ
សួរបង តើបងគិតធ្វើអ្វីខ្លះដល់រូបប្អូននេះ ?
មានន្ទនៅស្ងៀម គិតស្ទង់រកមើលគំនិតនារី រួចឆ្លើយ :
– យកប្អូនទៅជំរះខួរក្បាល អោយជ្រះផុតពីគំនិតសុញ ពីគំនិតខ្ញុំគេ ពីគំនិតរំលោភលើគេ រួចធ្វើប្អូនអោយទៅជាស្រីតស៊ូ ដើម្បី
ជាប្រយោជន៍ជាតិយើង។
នាងមណីសើច :
– ខ្ញុំស្មានតែបងយកខ្ញុំទៅសំលាប់
– នៅទីនេះ គេមិនសំលាប់មនុស្សងាយៗទេ តែគេមិនខ្លាចនឹងសំលាប់មនុស្សទេ ។ ដំបូងគេព្យាយាមកែមនុស្សសិន។ បើកែ
មិនកើតទើបគេសំលាប់ចោលជាក្រោយ។
នារីព្រឺព្រួចក្នុងចិត្ដ ដោយនឹកថាវិធានការនេះសំខាន់រើមិនរួចមែន តែនាងសើចយ៉ាងរីករាយ :
– ហាស៎ ៗ បងចង់កែមនុស្សអោយយល់ដូចបង រួចអោយធ្វើដូចបង។ ខ្ញុំសុំសួរថា ចុះបើស្អែកព្រឹក រឺ ខានស្អែក ខ្ញុំរត់រួចពី
អន្ទាក់របស់បង តើបងកែអី ?
មានន្ទសើចម្ដងវិញ
– ហ៎ាស ៗ អូនភ្លេចថា អូនជាប់ក្នុងកន្ដាប់ដៃរបស់បងហើយ ?
– ច៎ាះ ! ប្អូនមិនភ្លេចទេ ប្អូនចាំអស់មួយជីវិត តែបងសូមជ្រាបថា “មនុស្សមានជើងសំរាប់ដើរ មានបញ្ញាសំរាប់គិត “។ អាស្រ័
យហេតុទាំងពីរយ៉ាងនេះ ប្អូនមុខជារត់រួចពីដៃបងមិនខាន។
មានន្ទសើចក្អាកក្អាយថែមទៀត :
– បើប្អូនចង់រត់ បងបើកទ្វារចំហ រួចរត់ទៅចុះហើយបើរត់រួចពីទូកនេះ ក៏សុខចិត្ដខាតខានបានអប់រំនារីខ្មែរម្នាក់ចុះ !
– ខ្ញុំជំរាបបងជាមុនថា ប្អូនរត់រួច !
មានន្ទក្រោកដើរទៅជិត ចាប់ដៃនាងមកច្របាច់លេង យកដៃកៀសសក់នាងលេង សើចរួចនិយាយថា
– ម្រាមដៃតូចៗ ដូច្នេះចង់រត់ រូបស្ដើងមិនចេះហែលទឹកយ៉ាងនេះចង់រត់ ក្រែងលង់ស្លាប់ទេដឹង ?
– ច៎ាះ ! ខ្ញុំចង់ស្លាប់នឹងមុខបង អោយបងធ្វើបុណ្យខ្ញុំ រួចយំស្ដាយខ្ញុំថែមទៀត . . .
– បងមិនស្ដាយមនុស្សក្បត់ទេ !

នារីញញឹមបញ្ចេញធ្មេញយ៉ាងស្រស់។ នាងអៀនអន់បន្តិច ព្រោះប្រុសចាប់ដៃនាង។ នាងនិយាយបែបមែនផង លេងផង
– ខ្ញុំសន្យាមុខចង្កៀងថា ខ្ញុំរត់រួច
– មើល៍ ! មើល៍ ! រត់យ៉ាងណា ?
– អ្នកណាគេប្រាប់បងអោយដឹងនោះ គេរត់ពេលយប់ យប់នេះផងក៏មិនដឹង . . .
– ហាសៗ ព្រះអើយ ! ប្អូនចេះហែលទឹកហើយ ?
– ស្បថជូនបងចុះ ប្អូនអត់ចេះហែលទេ ដូចបងធ្លាប់ដឹងស្រាប់ ប្អូនខ្លាចទឹកណាស់ តែដល់ពេលរត់ . . . ហ៊ី ! មិនប្រាប់បងទេ។
– អីលូវប្អូនសួរបងក៏បងឆ្លើយហើយ នៅតែប្អូនទេដែលមិនទាន់ឆ្លើយប្រាប់បងអំពីគ្រោងការរបស់ប្អូនក្នុងពេលជាប់ជុចនេះ។
នាងមណីត្រិះរិះមួយស្របក់ សួរវិញថា :
– អីលូវ បងសួរអំពីគ្រោងការរបស់ខ្ញុំ អីលូវខ្ញុំសុំសួរបងអំពីគ្រោងការរបស់បងវិញដែរ។
មានន្ទមើលមុខនាង ។ មុខអីក៏ល្អម៉្លេះទេ។ បុរសមើលថ្ងាសនាង ថ្ងាសអីក៏ឆ្លាតម៉្លេះទេ។ អ្នកលូកដៃទៅស្ទាបថ្ងាសនេះអង្អែលលេង ត្បិ
តអ្នកធ្លាប់តែធ្វើដូច្នោះកាលពីក្មេង រួចនាងធ្លាប់តែបន្ដោយតែដូច្នោះអែង។

គ្រោងការរបស់បង គឺបង្ហាត់បង្រៀនប្អូនអោយភ្ញាក់ខ្លួនឡើង រួចបើអូនយល់តាមបងហើយ បងនឹងត្រេកអររកអ្វីប្រៀបស្មើគ្មានទេ។
បងនឹងអោយអូនកាន់កាប់ការមួយធំក្នុងការតស៊ូនេះ។ បង និង ជាតិយើងលើកតំកើងអូនអោយផុតអស់នារីទាំពួង គឺធ្វើយ៉ាងណាអោយ
តែអូនបានសុខ។ បំបាត់អស់សេចក្ដីទុក្ខណា ដែលមកប៉ះទង្គិចដល់អូន គឺសរុបសេចក្ដីបងមានធនធានទ្រព្យសម្បត្ដិទាំងប៉ុន្មាន បងជូនទៅ
អូនទាំងអស់។
– រួចគឺអ្វីទៀត?
– រួចគឺរៀបវិហមង្គលការអូនជាមួយ . . .
– ជាមួយ . . . អ្នកណា ?
– ជាមួយបុរសម្នាក់ដែលចេះស្រលាញ់អូន ដែលស្គាល់ទុក្ខធុរអូន ដែលមានចិត្ដខ្ពស់ អុត្ដមប្រសើរ ដែលមនុស្សអ្នកផងគោរ
ពស្រលាញ់ដែលពូកែមានថ្វីដៃ . . .
– អ្នកណា បុរសនោះ ?
– បុរសនោះ គឺប្ដីរបស់អូនយ៉ាងពិតប្រាកដ !
– នៅអែណាប្ដីនោះ ?
– នៅជិតៗនេះអែង អែចំនែកខាងបង ៗ លាអូនទៅបួសរកសុខមួយទៀត ដែលជា . . .
– ទៅបួស ! ទៅបួស ¨. . . ខ្ញុំមិនខ្ចីស្ដាប់គ្រោងការនេះ។
នារីមុខឡើងស្លាំង។ នាងចាប់ដៃមានន្ទទៅអោបនឹងដើមទ្រូងនាង។ ពាក្យដែលមានន្ទនិយាយពីដើមមក ធីតាស្មានថាតែមក
ចប់ត្រឹមរៀបការជាមួយនាង តែអីលូវឃើញថា ជ្រួសហួសទៅទៀត។
មានន្ទសួរនាងថា :
– ចុះគ្រោងការរបស់អូន ?
– គ្រោងការរបស់ខ្ញុំ គឺរត់នោះអែង!
មានន្ទសើច ប្រះខ្លួនដេកលើពូករបស់នាងគ្រេង ក្រពាត់ដៃទាំងពីរទៅក្រោយក្បាល សំលឹងមើលមុខនាងដែលអួតតែអំពីរត់ ធីតាសើច
មើលមុខបុរសវិញ។

មានន្ទនិយាយថា :
– អូនរត់មិនបានទេ ។ ស្អែកព្រឹក អូនអាងកន្លែងមួយដែលមានពួករាជការយាម កាលណាទូកទៅដល់ទីនោះ ពួកតំរួតចេញមក
ឆែកឆេរទូក ។ ហាសៗ ! រួចអូនបញ្ជាអោយតំរួតចាប់បងវិញ។ អី ! ល្អមែនគ្រោងការនេះ។
នាងកែវមណីឡើងស្លាំងបបូរ។ មានន្ទអីក៏ដឹងចិត្ដនាងម៉្លេះ? អោ ! អស់ហើយ គ្រោងការសំងាត់របស់នាង។ ធីតាឃើញជាក់ជារត់មិន
រួចជាដាច់ខាត។
– ច៎ាះ ! ដល់កន្លែងនោះ អូនហៅតំរួតអោយជួយជាធម្មតាទេ ព្រោះបងចាប់អូន។ តើបងឆ្លើយម៉េចទៅ?
– មុនដល់កន្លែងនោះ បងអោយអូនលេបថ្នាំងងុយដេក អោយអូនគេងអោយលក់ រួចបងកំហែងពួកតំរួតថា កុំអោយលឺមាត់
អម្ចាស់ពួកអ្នកនាងដេកលក់។ ព្រះនាងត្រូវការទៅទល់ដែន ទៅរកមហាចោរ។ អូនឃើញទេ ឆ្លើយយ៉ាងនេះអូនទៅណារួច ?
– ច៎ាះ ! ច៎ាះ ! អូនគិតបែបនោះមែន !
ថាហើយ នាងប្រះខ្លួនទន្ទឹមនឹងមានន្ទ រួចអោបបុរសយ៉ាងតឹងនិយាយតទៅទៀតថា :
– បងប្រាជ្ញាមែន តែចាំមើលអូនរត់អោយរួចពីកន្ដាប់ដៃមហាចោរកំនាច !
មានន្ទសើច រួចក្រោកអង្គុយ អុចបារីមួយទៀត បង្ហុយផ្សែងធ្លោម។ ធីតាក្រោកតាម អង្គុយប្រកៀកជាប់នឹងមានន្ទ។ នាងនិ
យាយថា :
– ក្នុងជាតិនេះ ប្អូននៅតែស្រលាញ់ “មហាចោរ ” តែមួយនេះដែលប្លន់នគរ ដែលជួយជាតិ ដែលដោះទុក្ខប្រជាជន តែប្អូនមិន
ចង់បានយកធ្វើជាប្ដីទេ ព្រោះចិត្ដគេខ្ពស់ណាស់ ប្អូនឈោងមិនដល់ ធ្វើមិនដូច តាមមិនទាន់ . . .
មានន្ទអោបនាងលើកស្រីបីត្រកង រួចដាក់បន្ដោយទៅលើគ្រែ។
– គេងចុះអូន បងលាហើយ
– អញ្ជើញ អូ ! ឈប់សិន . . .
នាងស្ទុះក្រោកឡើង ស្ទុះលោតពីគ្រែទៅអោបក្រញីមានន្ទដែលញញឹមជានិច្ច រួចនាងផ្ដួលខ្លួនលើកដៃជាសញ្ញាលាគ្នា រួចបិទភ្នែក។ មាន
ន្ទថយខ្លួនមួយៗ ចេញពីធីតា រួចនិយាយជាចុងបង្ហើយថា
– បងទុកទ្វារចំហអោយអូនរត់តាមខ្យល់ទៅចុះ។

នាងមណីលើកដៃ មានន្ទលើកដៃ រួចជនទាំងពីរក៏បែកគ្នាទៅ។
រាត្រីស្ងាត់ ! មេឃខៀវស្រងាត់ ! ផ្កាយព្រោងព្រាត ! មហាចោរដេកសំលឹងផ្កាយលើដំបូលទូក រួចលង់លក់បាត់ដូចគល់ឈើមួយដុំ។
នាងមណីពុំគេងទេ ។ ធីតាលបស្ដាប់នាយអាយ គ្មានលឺសូរក្រៅពីដង្ហើមជនអ្នកដេកលក់នោះប៉ុណ្ណោះ។ កញ្ញាខ្មួលខ្មាញ់ រួចរីករាយក្នុង
ចិត្ដអនេក។ នាងដើរលបៗ លើកជើងឡើងលើក្ដងទូកខាងក្រោម។ នាយបំរុងដែលកំពុងអង្គុយកាច់ចង្កូត ងោកផ្ងក់ភ្ញាក់ដូចគេកន្ទ្រាក់ ហៀ
បស្រែក តែម្រាមដៃដ៏ទន់ភ្លន់របស់ព្រះនាងខត្ដិយាណីខ្ទប់បបូរមាត់ដែលហៀប នឹង ស្រែកឡើងនេះជាប់។ បុរសភ័យក្ដុកៗ ដកដង្ហើមធុំក្លិ
នក្រអូបសាយពីម្រាមដៃដ៏តូចច្រលឹងនេះ។ ទ្រូងអ្នកញ័ររន្ធត់ ស្ទើរធ្លាយជាពីរបី។ ញើសស្អិតៗ បែកសាយពីខ្នងអ្នកទាំងក្នុងរាត្រីដ៏ត្រជាក់
នេះ។
ព្រះនាងឈរច្រត់កែងដៃ ផ្ទេរខ្លួនយ៉ាងទន់ភ្លន់ទៅជិតត្រចៀកបំរុងខ្សឹបសថា ;
– កុំអោយបងនិយាយខ្លាំងអី !
អូយ ! ពាក្យបង . . . បង . . . បងមួយមាត់នេះ ថ្មីអ្វីក៏ថ្មីម៉្លេះ?។ ពាក្យនេះមានទំងន់ប៉ុនភ្នំព្រះសុមេរុមកលើចិត្ដកំលោះ។ បើ
កាត់ជាតំលៃ ពាក្យនេះថ្លៃរាប់កោដិរៀល។ អស្ចារ្យមែន ! លោតែនាងហៅមានពយើងបង បង . . .។ ពាក្យមួយម៉ាត់នេះ លឺសូរពីររយដង
ក្នុងមនោសញ្ចេតនាអ្នកកាច់ចង្កូតយើង។ បុរសហាក់ឃើញថា រូបអ្នកថ្លៃផុតអស់ប្រុសអែទៀត។ ត្បិតធីតាមួយក៏ល្អផុតអស់នារីមកសុំខ្លួន
នៅពីក្រោមអ្នក។ អោ ! សំនាងអីក៏ម៉្លេះ ! កុំពុងភ្លឹកក្នុងការងងុយ ព្រះអាទិត្យមួយរះឡើងបំភ្លឺព្រលឹងមានព អោយរីករាយឡើងនឹងតណ្ហា
ដែលហូរគំហុកយ៉ាងខ្លាំង ស្ទើរភ្លេចអស់ករណីយកច្ចដែលកំពុងធ្វើ។
ខ្វះការអប់រំដូចអ្នកតស៊ូអែទៀតមាននាយកោប មហាកាល វីរៈ អារុណជាដើម មនោគតិរបស់នាយបំរុង ជ្រុលយ៉ាងលឿនគ្មានអ្វីទប់
ឡើយ។ បុរសក្រលេកមើលនាយអាយ សំលឹងមើលទៅអ្នកទូកទាំងអស់ឃើញលក់ស្កប់ស្កល់។ ជយោ ! ពេលវេលាក៏ចេះជួយសេចក្ដី
ស្នេហារវាងជនកំសត់ម្នាក់ជាមួយព្រះនាងខត្ដិយាណីមួយអង្គដែរ។ នាយបំរុងត្រិះរិះថា «អីលូវហៅអញបង តើអញហ៊ានហៅគេអូន រឺទេ?
ទេ! ទេ! មិនសមទេអែងជារាស្រ្ដសាមញ្ញនេះ គេជាស្ដេច ! អោ! ឃើញខុសគ្នាឆ្ងាយណាស់» អភ័ពពូជជញ្ជាំងវណ្ណៈ។

បុរសប្រឹងទប់ចិត្ដដែលបុកជ្រួលឡើងយ៉ាងខ្លាំងដោយដាច់ចិត្ដខ្សឹបតបវិញថា :
– អី ព្រះនាងមិនទាន់ផ្ទុំទេ ?
នារីញញឹមយ៉ាងត្រជាក់ដល់បន្ដូលចិត្ដថា :
– ច៎ាះ! ខ្ញុំមិនទាន់ទទួលទានដំនេកទេ ខ្ញុំអផ្សុកណាស់
– ខាងក្នុងក្ដៅណាស់ទៅ រឺអី ?
– ច៎ាះ ! ក្ដៅណាស់រកខ្យល់បន្ដិចគ្មានទេ ។ ខ្ញុំសុំមកឈរជិតបងលេងផងបានទេ ?
– បាទ ! បាន មានអីទាន តែប្រុងប្រយ័ត្នក្រែងលោកគ្រូឃើញ។
សំលេងធីតាយ៉ាងគ្រលួច រឹតតែពិរោះឆ្លើយឡើងថា :
– មិនអីទេ ! បើបងខ្ញុំភ្ញាក់ ខ្ញុំរត់ទៅវិញភ្លាម ខ្ញុំមិនអោយបងព្រួយទេ។
ជនទាំងពីរក៏នៅស្ងៀម ហាក់អស់សំដីនិយាយគ្នា។ នាងមណីរិះរករឿងនិយាយទៀតថា :
– យី ! ខ្យល់ខាងក្រៅរហើយត្រជាក់ស្រួលណាស់ហ្ន៎
– ខ្ញុំរងារណាស់ អ្នកនាងមិនរងាទេរឺ ?
– ច៎ាះ ! អីលូវរងារដែរ។
ពាក្យនេះ ធ្វើអោយទឹកចិត្ដបុរសកំលោះឡើងប៉ើតប៉ោងរឹតតែខ្លាំងជាងមុនទៀត។ បុរសជឿជាក់ថា ល្ងាចកំសត់នេះជាល្ងាចពិសេសដែ
លអ្នកជាមនុស្សទន់ខ្សោយបានស្នេហាស្រ្ដីម្នាក់ដ៏ខ្ពង់ខ្ពស់បំផុត។
បុរសលួចញញឹមសង្ឃឹមទុកថា ចំនងស្នេហារបស់អ្នក មុខជាបានសំរេចក្នុងពេលដ៏ចន្លោះនេះមិនខាន។
ធីតាសួរធ្វើរាយមាយថា :
– យើងមកដល់ណាហើយបង ?
– បាទ ! មកដល់ . . . ជាងពាក់កន្ដាលផ្លូវហើយ
– (ភូមិនេះឈ្មោះអី ? (ត្រង់បន្ទាត់នេះ រហែកបាត់ ខ្ញុំសូមបញ្ជូលការសន្ទនាយ៉ាងនេះ))
– បាទ!. ភូមិក្រោម
– បងស្គាល់កន្លែងទាំងនេះទេ ?
បុរសឡើងជោរនិយាយដោយរួសរាន់ថា :
– អោ! ទីនេះខ្ញុំស្គាល់ដូចស្គាល់ហោប៉ៅខ្ញុំដូច្នោះអែង។ ខ្ញុំធ្លាប់រកទទួលទានតាំងពីក្មេងៗមករហូតដល់ថ្ងៃនេះ។ ខ្ញុំធ្លាប់ស្គាល់ផ្លូវ
រទេះ ផ្លូវជើង ផ្លូវព្រៃ ផ្លូវវាល។
– បើពេលយប់ បងដើរវង្វេងទេ ?
– វង្វេងអែណាកើត ចង់ខ្ញុំដើរធ្មេចភ្នែកក៏រកផ្លូវឃើញដែរ។
– ស្រួលណាស់បង យើងកើតមកជាខ្មែរ ត្រូវតែស្គាល់ យ៉ាងហោចណាស់ ក៏ស្គាល់ស្រុកទេសយើងអោយជាក់លាក់ដែរ។
ស្គាល់យ៉ាងនេះនាំអោយស្រួល តែធម្មតាបងមើលផ្កាយ រឺ បានជាមិនវង្វេង ?
– ទេ! ទេ! ទេ! ខ្មែរគ្មានអ្នកណាមើលផ្កាយទេ យើងចំនាំដើមឈើតែម្ដង ។ យើងដែលធ្លាប់ដើររាល់ថ្ងៃទៅ យើងស្គាល់រហូត
ដល់ទៅស្មៅគ្រប់គុម្ពទៀតផង។

នាងមណីនឹកថា ប្រុសដែលក្រ ស្រួលបញ្ឆោតមែន គ្រាន់តែឃើញយើងមានរូបល្អមកនិយាយផង គ្នាឆោតប្រាប់កិច្ចការអស់។ អីលូវ
នាងដឹងថា បុរសនេះអាចមានប្រយោជន៍ដល់គ្រោងការរបស់នាងដែលចង់រត់។ នាងបានដឹងហើយថា “បុរសនេះស្គាល់អស់ផ្លូវ “។ នាងរិះ
រកមធ្យោបាយសួរនែនាំអោយអាមនុស្សឆោត ដែលឃើញគេជាក្សត្រីយ៍ខ្លាច (ឃ្លាត្រង់នេះរហែកបាត់ ) ធ្វើយ៉ាណាកុំអោយវាសង្ស័យបាន
ឡើយ។ នាងសួរទៀតថា :
– បងអែងចេះហែលទឹកទេ ?
– អូ ! ខ្ញុំពីរឿងទឹកនោះចេះដូចត្រី ។ ខ្ញុំធ្លាប់រកស៊ីជើងទឹករាប់ឆ្នាំមកហើយ ខ្ញុំរស់នៅតែនឹងទូក។
– បង ! ខ្ញុំស្ដាយណាស់ជាតិនេះ ខ្ញុំមិនចេះហែលទឹក នឹងគេសោះ។ កាលណាខ្ញុំឃើញគេហែល ខ្ញុំចង់ហែលនឹងគេក្រៃណា
ចង់។
– មានពិបាកអីអ្នកនាង។ បើភ័ព្វសំនាងខ្ញុំមាន ថ្ងៃណាមួយខ្ញុំបង្ហាត់អ្នកនាងអោយហែល ខ្ញុំបង្ហាត់តែមួយភ្លែតទេ អ្នកនាងមុខជា
ចេះហែលមិនខាន។
បុរសនឹកថា ល្បងលូកសំដីរកនាងបន្ដិច តើនាងយល់យ៉ាងណា។ នារីលឺឃ្លានេះហើយ ឈប់មិនទាន់ឆ្លើយភ្លាមទេ តែនាងញញឹមថា បុរ
សចូលក្នុងអន្ទាក់នាងជាប្រាកដ ។ បុរសចាំសំដីនាងយ៉ាងថប់ដង្ហើម ទើបលឺសំដីក្រោយនេះថា :
– ច៎ាះ បើបងអ្នកចេះបង្ហាត់ ខ្ញុំសប្បាយចិត្ដណាស់។ ខ្ញុំក៏សង្ឃឹមថា ក្នុងពេលឆាប់ៗនេះ ខ្ញុំមុខជាបានបងបង្ហាត់ខ្ញុំមិនខាន។
បំរុងទោរទន់ក្នុងចិត្ដយ៉ាងក្រៃពេក នឹងពាក្យចំលើយនេះ។ សេចក្ដីស្នេហាក៏ពេញពោរជោរឡើងដូចទឹក។
នាងមណីលូកដៃ របស់នាងទៅកាន់ស្មាបុរសដែលរឹតតែអោយប្រុសកំលោះញ័ររន្ធត់ជាងមុនទៀត។ អ្នកចាប់ម្រាមដៃនេះក្ដាប់ច្របាច់
អិតបង្អង់ឡើយ។ អ្នកនិយាយផ្លាស់សំលេងញ័រៗថា :
– អូ . . . អូន . . . សូមទោស . . . កុំប្រកាន់ . .។ ធីតាតបយ៉ាងផ្អែមត្រជាក់ចិត្ដថា :
– ច៎ាះ ! ច៎ាះ ! ប្អូនចង់ចេះហែលទឹកណាស់។

បំរុងបញ្ជាក់នាងដោយរឹតតែច្របាច់ដៃនេះខ្លាំងឡើងទៀត រួចថា :
– បាទ ! អូនកុំព្រួយអោយសោះ អូនមុខជាចេះហែលមិនខាន។ តែកុំនិយាយពីរឿងនេះអី ព្រោះជារឿងងាយណាស់។
– និយាយរឿងអីវិញ ?
បំរុងនៅធ្មឹងដូចរូបអ្នកតា អ្នកពុំដឹងឆ្លើយយ៉ាងណាទេ។ នឹងនិយាយស្រ
លាញ់នាងភ្លាម វារឹងមាត់ពេក រួចម្យ៉ាងទៀតខ្លាចនាងផង នឹងនិយាយពីរឿ
ងអ្វីទៅទៀត វាខាតពេលណាស់។ អ្នកអង្អែលម្រាមដៃស្រីអោនថើបម្រា
មទាំងប្រាំ នេះជាសញ្ញាចំលើយរបស់អ្នក។ នារីញញឹមកាន់តែស្និទ្ធ នឹងបុ
រសជាងមុនបន្ដិចទៅទៀត។
– ច៎ាះ បង! លាក់បាំងអ្វី . . . ហ៊ីខ្ញុំអៀនមាត់ណាស់។
– បាទ !. . . បាទ ! ខ្ញុំក៏អៀនដែរ . . បាទខ្ញុំអៀនជាងអូន ព្រោះ
ខ្ញុំជារាស្រ្ដ អ្នកក្រ ត្រកូលទាប អូនជាក្សត្រីយ៍ អ្នកខ្ពង់ខ្ពស់ !
– ទេ ! ទេ! កុំបងមានប្រសាសន៍ដូច្នោះ ខ្ញុំអានិតបងណាស់។
– អូ ! អូនគ្រាន់តែអានិតទេ ?
– ច៎ាះ ! អនិត រួច . . . រួច . . ស្រ . . . លាញ់ផង។
បំរុងទាញដៃនាងទាំងស្រុងមកអោបរួបរិតនឹងថ្ពាល់អ្នកជាសញ្ញា (ឃ្លា
ត្រង់នេះរហែកបាត់) ត្រូវធ្វើជាអៀនអន់បន្ដិចកុំខាន ដើម្បីប្រុសនេះជឿ
ចិត្ដនាង។
– បាទ ! អោព្រះម្ចាស់អើយ ! ថ្ងៃនេះខ្ញុំហាក់បានរស់ជាថ្មីម្ដងទៀត
ខ្ញុំសប្បាយចិត្ដណាស់ ព្រោះខ្ញុំទើបមកពើបពះប្រទះស្រីមួយដែលល្អគ្មាន
ពីរលើលោកនេះ។
– បាទអូនល្អមែន ល្អ . . . ល្អ . . . ។ តែបើអូនមិនស្រលាញ់ខ្ញុំវិញទេ ខ្ញុំមុខជាស្លាប់ខ្លួនមិនខាន . . . អូនស្រលាញ់ខ្ញុំវិញទេ ?
– ស្រលាញ់
– ហេតុម៉េចក៏អូនស្រលាញ់ខ្ញុំ រួចហេតុម្ដេចក៏អូនមិនស្រលាញ់អ្នកមានបុណ្យសក្ដិខ្ពស់ៗទៅ ?
– ព្រោះប្រហែលវាសនាយើង។ ខ្ញុំស្រលាញ់អ្នកមានបុណ្យសក្ដិម្ដេចកើត ? បើគេនោះ ច្រើនតែមានប្រពន្ធរាប់រយ ផឹកស្រា
លេងបៀ . . . ហ៊ីយ៉ាប់ណាស់ ប្រុសអ្នកធំ។ អោ! មែនអូនស្រលាញ់បង ព្រោះវាសនានាំអោយយើងមកជួយគ្នាក្នុងពេលរាត្រីស្ងាត់ ដែល
មានខ្យល់ត្រជាក់ គឺកាល និងពេលនេះហើយដែលពុំអាចទប់ចិត្ដស្រីអោយមានមានៈមិនស្រលាញ់នោះ។
ប្អូនសូមនិយាយពីចិត្ដស្រីតាមកាលនេះបន្ដិចចុះ ៖

ក្នុងពេលថ្ងៃ ចិត្ដស្រីប្រកាន់ថា មិនស្រលាញ់នឹងប្រុសណាជាដាច់ខាត ។ រួចបើស្រលាញ់តោងស្រលាញ់តាម (ត្រង់នេះរហែកបាត់ )បើ
ប្រុសនោះគ្មានបុណ្យសក្ដិ គ្មានទ្រព្យធនធាន គ្មានអុត្ដមគតិខ្ពង់ខ្ពស់ទេ ស្រីយើងមិនស្រលាញ់ជាដាចខាត។ ដល់ថ្ងៃល្ងាចចិត្ដស្រីប្រែបន្ដិច
ទៅវិញ គឺថាត្រូវបង្ហាញខ្លួនអោយគេអែងឃើញផង។ បើគេឃើញ រួចគេស្រលាញ់យើង គេសាកសួរយើងតាមច្បាប់ក៏គួរយកទៅ។ ពេល
យប់ស្រីៗ គិតធូរបន្ដិចទៅទៀតថា កុំប្រកាន់យកតែប្រុសមានបុណ្យសក្ដិ មានរិកពារខ្ពង់ខ្ពស់នោះពេក ល្មមៗ យកទៅបានហើយ។ ពេល
យប់ជ្រៅស្រីៗនឹកថា មិនចាំបាច់រូបប្រុសស្អាតប៉ុន្មានក៏យកដែរ។ ពេលពោក់កន្ដាលអធ្រាត្រយប់ស្ងាត់ខ្យល់ត្រជាក់ព្រឺខ្លួន ចិត្ដស្រីក្រលាស់
រលីង គិតថាទោះយ៉ាងណាក៏យកដែរ មិនបាច់រូបល្អ មិនបាច់បុណ្យសក្ដិ មិនបាច់ទ្រព្យធន មិនចាច់ចិត្ដខ្ពស់ទេ អោយតែបានគ្នាទៅចាំកាច់
ទំរង់ចិត្ដប្ដីនោះអោយបានដូចបំនងដើមវិញ។

អោ ពេលនេះជាពេលអធ្រាត្រ ប្អូនមានភ័ព្វបានមកជួបនឹងបង ប្អូនក៏ដូចស្រីអែទៀត ក៏ប្រថុយស្រលាញ់បងទៅចុះ។ តែ. . តែអោ ! ចិត្ដ
ស្រី. . . ចិត្ដស្រីកាលណាបានស្រលាញ់អ្នកណាមួយហើយ ចិត្ដស្រីអិតកែប្រែទៀតបានឡើយ ។ បង ! ចិត្ដស្រីផ្កាប់មុខស្រលាញ់តែមួយ
រហូតមួយជីវិត។
បំរុងសើចយកដៃច្បិចចង្កាធីតាដែលយកដៃរងធ្វើដូចជាខ្មាសអៀនពេក។
– អញ្ជើញអូនឡើងមកលើមក អង្គុយអោយបានជិតគ្នាទៅទៀត។
– ច៎ាះ ! ទេ ប៉ុណ្ណេះបានហើយ ។ តែអីលូវ ប្អូនស្រលាញ់បងហើយតើបងហ៊ានស៊ូប្ដូរជីវិតនឹងប្អូនរឺទេ?
បំរុងថើបម្រាមដៃនាងយ៉ាងខ្លាំង។
– ហ៊ាន ! ហ៊ានប្ដូរស្លាប់ប្ដូររស់ ប្អូនមានទុក្ខអ្វីបងហ៊ានទាំងអស់។
– បងហ៊ានស្បថជូនអូនទេ ?
– ហ៊ាន ! បងសូមស្បថជូនប្អូនទាំងអស់។
ធីតានិយាយទាំងស្រងូតស្រងាត់ទៅទៀតថា :
– ប្អូនមានសេចក្ដីត្រេកអរនឹងបងណាស់ ។ ដូងបងជ្រាបស្រាប់ ក្នុងពេលនេះ ប្អូនកំពុងទុក្ខខ្លាំងណាស់ . . .
បំរុងកាត់ថា :
– ទុក្ខអី ?
– ច៎ាះ ! ទុក្ខប្អូន គឺទុក្ខចង់បានបងជាប្ដីអោយបានឆាប់។
បំរុងត្រេកអរនឹងសំដីនេះយ៉ាងក្រៃអនេក។
ពាក្យនេះនាងទៅមុខឆ្ងាយអិតបង្អង់ ដើម្បីអោយប្រុសជាសង្សារថ្មីជឿចិត្ដនាង។ កល្យាណបន្ដពំនោលទៅទៀតថា :

– ច៎ាះ ! ប្អូនចង់ជួបនឹងបងណាស់ ដើម្បីអោយបានរួមដំនេក រួមមេត្រី រួមពាក្យសំដី រួមរូបកាយជាមួយតែនឹងបងមួយ។ អោ
ប្អូនព្រួយខ្លាចក្រែងយូរទៅបងណាយរសាយចិត្ដចោលប្អូនអោយនៅអែកកាម្នាក់អែង គឺថាបងទៅស្រលាញ់គេអែទៀត ភ្លេចនឹកនាដល់
ប្អូនដែលបានបោះពួយចិត្ដស្រលាញ់បងទាំងស្រុង គ្មានសល់ត្រង់ណាសោះ ។ និយាយយ៉ាងនេះប្អូនព្រួយណាស់។
នាយបំរុងលួងលោមវរលក្ខណ៍ថា :
– អូនកុំព្រួយ កុំថប់ កុំបារម្ភអោយសោះ បងមិនធ្វើដូច្នោះទេ មានទេវតាជាប្រធានសាក្សី។ បើបងមានចិត្ដដូច្នោះមែន សូម
អោយបងស្លាប់តែនឹងអាវុធគេ។ តែបើអូនគិតថា ចង់ជួបនឹងបងឆាប់ៗនោះ បងក៏គិតដូច្នោះដែរ គឺបងខ្លាចអូនណាយរសាយចិត្ដចោលបង
ដែរ ព្រោះបងជាអ្នកខ្សត់ខ្សោយ អូនជាអ្នកមានភោគសម្បត្ដិ បងជារាស្រ្ដ ប្អូនជាស្ដេច
ព្រះនាងមណីគ្រវីក្បាល ធ្វើដូចឆ្ងល់ថា :
– បើដូច្នោះ ធ្វើម្ដេចអោយយើងបានជួបគ្នាឆាប់បាន? បង ! អោ យើងជួបគ្នាបាននោះ ទាល់តែដល់ពេលប្អូនរួចពីឃុំឃាំងនេះ។
ហ៊ី ! រួចពីឃុំឃាំងយ៉ាងណា មិនដឹងឆ្នាំណា ពេលណា វេលាណាទេ ។ ប្អូនមុខតែស្លាប់ខ្លួនព្រោះតែសេចក្ដីស្នេហារបស់យើងមិនខាន។

នាយបំរុងលឺដូច្នោះព្រឺខ្លួនខ្ញាកៗ គិតយ៉ាងយូរ អេះក្បាលតឹងទ្រូងពេក ដោយរកផ្លូវដោះស្រាយមិនឃើញ។ អ្នកសួរនាងថា :
– បើដូច្នោះ យើងត្រូវធ្វើយ៉ាងណា ដើម្បីអោយបានជួបគ្នាឆាប់ៗ?
នាងមណីត្រេកអរពន់ពេក ។ នាងមានគ្រោងការនិយាយស្រេច។ នាងនិយាយថា :
– បើបងគិតតាមផ្លូវក្នុងរវាងបីថ្ងៃទេ យើងបានជួបគ្នាជាប្ដីប្រពន្ធមិនខាន។
បំរុងនិយាយលាន់មាត់ថា :
– ធ្វើយ៉ាងណា ?
– ច៎ាះ ! តាមប្អូន គឺបីថ្ងៃទៀត យើងរៀបការគ្នាទៅអែប្រាសាទព្រះកំពុត ! !
បំរុងឆ្លើយកាត់ថា :
– អែប្រាសាទព្រះកំពុត?
-យើងរត់ទៅ !
ត្រេកអរ ស្ទើរភ្លូកអស់ភពផែនដី បំរុងកោតសរសើរផែនការនេះក្រៃពេក។
– បាទ ! មែនៗ យើងរត់ទៅ ។ តែរត់យ៉ាងណា?
– បងចេះហែលទឹកស្រាប់ បងបីប្អូនហែលដល់គោក។ បងស្គាល់ភូមិភាគស្រាប់ បងនាំប្អូនទៅអែប្រាសាទ ព្រះកំពុតជាការ
ស្រេចបាត់ទៅហើយ។
– មែន ! មែន! អូន . . . អូន . . . យើងមុខជាបានជួបគ្នាមិនខាន។ តែអូន បងអានិតដល់លោកគ្រូណាស់ គាត់ស្មោះត្រង់និងជា
តិ គាត់សុខចិត្ដលំបាកវេទនាព្រោះជាតិ គាត់លះបង់អស់បុណ្យសក្ដិដើម្បីធ្វើតាមពាក្យវិសេសក្លាហាន គាត់មានចិត្ដថ្លៃថ្នូរ មិនគួរបងក្បត់
គាត់សោះ។
នាងមណីខាំមាត់សង្កត់ពាក្យថា :
– យ៉ាងហ្នឹង រឺ ដែលហៅថាស្រលាញ់ខ្ញុំ ។ អីលូវយើងស្រលាញ់ រឺ មួយយើងបែកគ្នា? ប្អូនមិនខ្លាចនឹងបែកទេ ព្រោះប្អូនក៏ពុំទា
ន់បានធ្លោយប្រាណអែលើរូបបង។ គិតអោយមែនទែនទៅមើល ?
នាយបំរុងសើច និយាយអង្វរថា :
– អីលូវថាបើយើងនាំគ្នាទៅដល់ប្រាសាទព្រះកំពុតហើយ តើអូនធ្វើយ៉ាងណា ទើបព្រះកំពុតយល់ព្រមអោយឃើងបានគ្នាជា
ប្ដីប្រពន្ធ?
– ការនេះស្រេចលើខ្ញុំ បងមានគុណដល់ទៅជួយយោងជីវិតខ្ញុំហើយណា ក៏ព្រះកំពុតមិនយល់ព្រមទៀតនោះ។ បង ! បង !ទៅ
ៗយើងនាំគ្នាលោតទឹកទៅ ឆាប់ឡើងក្រែងដល់ពេលគេមកផ្លាស់បងទៅ។
– ទៅ !
ទឹកកួចទូករ៉េវចុះឡើង។ បំរុងចាប់ដៃនាងមណីក្រោកឈរឡើង ។ នាយកោបស្ងាបហ៊មៗ ខាងមុខទូក។ ជនទាំងពីរអោនចុះ
នាយកោបក្រោកអង្គុយខ្ពុរមាត់លឺរ៉ូៗ។ ព្រះនាងថយក្រាក។ បំរុងអង្គុយកន្លែងដដែលដូចដើម។ នាយកោបដើរតេលតោលទៅលុបមុខ
ទៀត។ ព្រះនាងអោនក្បាលរត់ចូលក្នុងបន្ទប់វិញទៅប្រះខ្លួនលើពូកដដែលក្នុងងងឹតដដែល ជុំវិញជញ្ជាំងទាំងបួនដដែល។

គឺនាយកោបដល់វេនកាច់ចង្កូតហើយ។ ក្រោយមកព្រះនាងលឺសូរនាយកោប និងបំរុងនិយាយគ្នារអ៊ូៗអំពីសង្រ្គាមម្សិល។ ជនទាំងពី
អុជថ្នាំជក់មួយស្របក់ ទើបលឺសូរជើងបំរុងទៅកាន់ដំនេក។
នាយកោបកាច់ចង្កូតយ៉ាងសង្ហា។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: