មហាចោរ​នៅ​ទល់​ដែន ទំព័រ​ទី១៥


១៤ – ព្រះនាងខត្ដិយាណី

មានន្ទដឹងខ្លួនបើកភ្នែក ក្រោកអង្គុយឡើង។ ក្នុងកេសាអ្នកហាក់ធីងធោងដូចមនុស្សពុលរលក។ បុរសប្រឹងសញ្ជប់សញ្ជឹង ដើម្បីប្រមូ
លវិញ្ញាណអោយរួមមកកាន់រូបកាយអ្នកវិញ។ មុខរបួសពីម្សិលធ្វើអោយអ្នកចុកចាប់ណែនពេញសព្វសពាង្គកាយស្ទើរលើកដៃពុំរួច។ បុរ
សងាកឆ្វេង ងាកស្ដាំ ស្រាប់តែបើកភ្នែកធំៗ។
ជុំវិញខ្លួនអ្នក គឺជញ្ជាំងថ្ម តូចថប់ងងឹតត្រជាក់។ ចិត្ដមួយរត់ច្រាលឡើង។ មើលគ្រែឃើញគ្រែនោះតូចក្រាលចំបើង គាត់ស្ទើរដេកពុំកើ
ត មើលទៅចុងជើងឃើញមានទឹកមួយផើងទើបអ្នកដឹងខ្លួនថា អ្នកនៅក្នុងគុកទេតើ។ មុខរបួសដែលឈឺចុកចាប់ទាំងប៉ុន្មានមក ក៏ហាក់នៅ
ពុំទាន់ឈឺស្មើនឹងត្រូវជាប់ជុចដូច្នោះទេ។

មានន្ទស្ទុះក្រោកក្រញាងឡើង ច្រវាក់មួយខ្សែលាន់លឺរ៉ាវៗ។ អ្នកទោសយើងមើលទៅជើងឃើញច្រវាក់ មើលចង្កេះឃើញច្រវាក់ព័ទ្ធ
មករុំដើមក មើលដៃជាប់ច្រវាក់ទៀត។ អៃយ៉ា ! អស់លក្ខណ៍ហើយទេដឹង ? អ្នកខាំធ្មេញក្រឹក ចងចិញ្ចើមយ៉ាងមាំ។ កំហឹងមួយឆាបឆេះ
ឡើង។ មានពស្ទុះកញ្ជ្រោលប្រឹងផ្ដាច់ច្រវាក់យ៉ាងអស់ទំហឹង តែការប្រឹងប្រែនេះគ្មានបានផលអ្វីទេ។ អ្នកមើលនាយអាយ ក្រែមានច្រកល្ម
មរត់ពីរន្ដៅទុរកម្មនេះរួច តែទ្វារចេញនោះខ្ពស់ ហើយបិទជិតស្លុងផង។ អ្នកយកជើឈ្លីដីមើល តើដីនេះទន់ល្មមអាចជ្រែកភៀសខ្លួនបានទេ?
ទេ . . . ទេ . . . ដីជ្រាយទាន់ៗ តែគ្មានមធ្យោបាយល្មមជីកដី កាយរូងចេញទៅបានឡើយ។ អវុធរបស់អ្នកទាំងប៉ុន្មាន គេដកអស់នៅសល់តែ
ខ្លួនមួយដែលហាក់ស្រាលស្ទីកដូចចំបើងមួយសរសៃ។

មានន្ទក្រោកដើរល្បងមើលឃើញថា អ្នកដើរនេះបានតែបីជំហានជុំវិញគ្រែប៉ុណ្ណោះ ត្បិតគេចាក់សោជាប់យ៉ាងរឹងប៉ឹង។ សេចក្ដីអស់
សង្ឃឹមមួយហូរគគុកមកធ្វើអោយបុរសអស់កំលាំងហេវដាក់គូទអង្គុយចុះ។ ក្នុងវាលផុតវិស័យនឹងរើខ្លួននេះ មានន្ទនឹកភ្លែតថា «ទេត្រូវតែ
តស៊ូលុះផុតជីវិត គឺកុំសុខចិត្ដចាញ់ខ្នោះ និងច្រវាក់នេះ»។ គំនិតថ្មីមួយរត់មកដាស់ប្រាប់អ្នកទៀតថា « ក្នុងស្ថានការណ៍ដ៏ចង្អៀតចង្អល់បែប
នេះ កម្ទេច(?)ការនិមួយៗ បើពិនិត្យអោយជាក់ទៅនៅគង់មានប្រយោជន៍ខ្លះដែលអាចពូនឡើងធ្វើអោយអ្នករួចខ្លួនមានសេរីបាន»។ អូមែន
ដំបូងត្រូវតែដឹងថា «ខ្លួននៅត្រង់ណា ?»។ អ្នកទោសយើងងាកពិនិត្យជុំវិញខ្លួនម្ដងទៀត។ រួចអ្នកគ្រវីក្បាល ។ ទេ ! ទេ! មិនដឹងសោះសូន្យ
តែម្ដង ពីព្រោះណាមួយងងឹតផង ណាមួយជ្រៅផង។ ដែលអ្នកដឹងគឺដឹងថា «ខ្លួននៅក្នុងអន្ដូងមរណកម្មមួយតែប៉ុណ្ណោះ» ។ ភ័ព្វវាសនានា
យកោប នាយគី និងមហាកាល តើយ៉ាងដូចម្ដេចអស់ទៅហើយ ? ទេមិនដឹងយ៉ាងណាទេ ព្រោះគ្មានអ្នកណានៅជិតនឹងសាកសួរឡើង។

មានន្ទរឹតតែតឹងដើមទ្រូងឡើងៗ ជានិច្ច។
អោ ! មនុស្សយើងធ្លាប់ដើរទៅណាមកណាបាន ដល់មកនៅក្រញោនមួយកន្លែងដូច្នេះ គ្មានសេចក្ដីលំបាកអ្វីធំជាងនេះទៅទៀតទេ។
ភ្នែកដែលធ្លាប់មើលគេ មើលអែង អិលូវមើលឃើញតែជញ្ជាំងបួនជ្រុងជុំវិញខ្លួន។ មាត់ដែលធ្លាប់និយាយកិច្ចការផ្សេងៗ អិលូវអស់បាន
និយាយនឹងអ្នកណាទៀតហើយ ។ ចិត្ដដែលធ្លាប់ស្រលាញ់គ្នីគ្នា អិលូវចិត្ដនេះមានរបងព័ទ្ធជុំវិញយ៉ាងជាក់ស្ដែង។
ក្នុងលោកនេះ យើងសូមអំពាវនាវដល់យុត្ដិធម៌ ចិត្ដសង្រ្គោះ និង ចិត្ដមនុស្សធម៌ អោយមនុស្សកុំធ្វើបាបមនុស្សដោយយកគ្នាមកឃុំ
ឃាំងបែបនេះ ត្បិតគ្មានអ្វីដែលធ្វើចិត្ដ អោយរកាំជាងឃើញមនុស្សជាប់ទ្រុងមនុស្សដោយអយុត្ដិធម៌នោះទេ។

មាត់ទ្វាររបើកឡើង។
មានន្ទស្ទុះក្រោកងើបមើលទៅលើឃើញ កាមារុំដៃនឹងកំនាត់ស ចូលមក។ កាមាមានទឹកមុខមាំសំលឹងមើលមានន្ទមិនប៉ព្រិច តែបុរស
នៅមានភាពឈឺពុំទាន់បានស្រួលបួលមែនទែនទេ។
មានន្ទវាត់ជើងម្ខាងឡើងលើគ្រែ សំលឹងមើលកាមាវិញ។ កាមាចុះជន្ដើរមួយៗ មកឈរទល់នឹងមានន្ទ ទាហានបួននាក់ឈរអមកាមា។
កាមានិយាយថា :
– បង ! ពេលនេះ បងអស់លក្ខណ៍ហើយ !
មានន្ទដែលរង់ចាំសំដីដំបូងរបស់កាមា តាំងពីកាលយុទ្ធគ្នាមក លុះបានលឺដូច្នោះ ពេបមាត់ញញឹមបន្ដិច រួចឆ្លើយថា :
– អស់លក្ខណ៍ហាសៗ អស់លក្ខណ៍ !
កាមាងក់ក្បាល សង្កត់សំលេងដោយខឹងនឹងសំនើចរបស់មានន្ទ
– អឺ ! អស់លក្ខណ៍ជាប្រាកដ !
មានន្ទគ្រវាត់ជើង បែរខ្នងដាក់កាមា និយាយដោយបញ្ចេញសំលេងមួយយ៉ាងតឹងថា :
– សូមប្អូនដែលមានលក្ខណ៍នោះ រស់នៅអោយបានសុខក្នុងអំពើអយុត្ដិធម៌ក្នុងក្ដីលោភោ ក្នុងក្ដីសប្បាយ ក្នុងទុក្ខរបស់អ្នករា
ល់គ្នា ក្នុងឈាមរបស់អ្នកតស៊ូ ក្នុងញើសរបស់អ្នកស្រុកចុះ។ តែដាយអនុគ្រោះ បងប្រាប់ប្អូនថា បន្ដិចទៀត ប្អូនហែលទឹកញើស និងឈាម
នេះ រួចលង់ឈ្លក់លិចស្លាប់មិនខាន។
កាមាប្រឹងទប់នឹងសំដ៏ទ្រគោះឡកឡឺយនេះ រួចសំលេងឡើងពឹង
ស្ទើរច្រាលពីដើមទ្រូងថា :
– ហ៊ឹស ! ហ៊ឹស ! កាមាមិនងាយស្លាប់ទេ។ កាមារស់នៅ
ដើម្បីសងសឹកឈ្មោះមានន្ទ។ មើលៗ នែ ! មានន្ទស្នាមមុខ ស្នាមដៃ
អោយកាមាសងឈាមដែលមានហូរចេញពីសាច់កាមា។ ឈាមនេះបា
នហូរនៅថ្មីៗ សើមៗ ក្ដៅៗ។ ឈាមនេះមួយតំនក់ស្រែកហៅឈាម
មានន្ទមួយដំនក់ដែរ។ ឈាមនេះហៅអោយកាមាសងសឹក។ អឺ ! សេ
ក្ដីសងជាចិត្ដមួយមុតដូចចិត្ដស្នេហា។ គេនឹកឃើញរាល់ពេល។ គេ
សង្ឃឹមរាល់ថ្ងៃ។ គេទន្ទឹងចាំវេលារាល់នាទី ។ គេចង់ គេចង់ជានិច្ច។ .
ឃើញទេបង ! ហ៊ឹៗឃើញហ៊ឹ! ។ កាមាញេញធ្មេញ ទះកំផ្លៀងមានន្ទមួ
យដៃផូងយ៉ាងអស់ទំហឹង។ មានន្ទដួលផ្កាប់ផ្ងារ ស្ទុះក្រោកឡើងក
ញ្ជ្រោលក្នុងកន្ដាប់ដៃទាហានទាំងបួនដែលចាប់អ្នកជាប់ រួចស្រែកយ៉ា
ងសាហាវលាន់រំពងគុកថា :

– កាមា ! កាមា ! យើងទាំងពីរនៅទល់មុខនឹងមុខ ខ្លួននឹង
ខ្លួន។ លែងដៃ លែងជើងអញចេញ ទើបហៅអែងគ្រាន់បើ។ កាមា !
កាមា ! សាច់ និង សាច់ ឈាម និង ឈាម គំនុំ និង គំនុំ ។ កុំចាំរើសពេ
លថ្ងៃរើសម៉ោង មកចុះមកអិលូវនេះ។ លែងៗ ឆាប់ៗ ។
ពីមុខមានន្ទដែលកញ្ជ្រោលដូចខ្លាជាប់អន្ទាក់ កាមាញញឹម រួចកាន់រិកពារនឹងនួន សំលេងណែនស្មើដដែល ហាក់ដូចគ្មានបានធ្វើអ្វីឆ្លើយ
ទៀតថា :
– ហ៊ឹសៗ មរណកម្មរបស់មានន្ទនៅក្នុងកន្ដាប់ដៃកាមាហើយ ។ កាមាមិនលែងមានន្ទដាច់ខាត ។ អយុត្ដិធម៌មានជ័យរហូតតាំង
ពីថ្ងៃនេះទៅ ដោយមានន្ទម្នាក់ស្លាប់បង់ជីវិត ។ ក្នុងពេលនេះ គឺមានន្ទដែលហែលក្នុងទឹកភ្នែក ក្នុងឈាម ក្នុងញើសរបស់អ្នកស្រុក ដែលមា
នន្ទចង់ជួយស្រោចស្រង់។ កាមាប្ដេជ្ញាថាសំលាប់អោយអស់មនុស្សសុចរិត ប្រឆាំងនឹងធម្មជាតិល្បងលមើល ។ អិលូវអញ្ជើញបងមានន្ទ
ហៅយុត្ដិធម៌ ហៅព្រលឹងចិត្ដស្នេហាជាតិ ហៅសេក្ដីស្នេហាប្រជាជនមកជួយអោយខ្ញុំឃើញពិស្ដារផងមើល។ ទេ ! ទេគ្មានទេ ! ឃើញ
ទេគ្មានជួយទេ។ យុត្ដិធម៌ អែករាជជាតិ អិស្សរភាព កើតបានតែនឹងអាវុធ។
ចុងដាវរបស់កាមាគ្រវីភ្លែតៗ នៅចុងដង្ហើមមានន្ទដែលខាំធ្មេញសង្រ្គឹត ហើយដែលសំរុកអោយរួចពីដៃទាហានទាំងបួនដែលចាប់អ្នក។

កាមាបន្ដកាចរចាដូចតទៅ :
– អឺ ! អាវុធនេះសាងអោយកើតសេចក្ដីស្ងប់ស្ងាត់បាន។ អាវុធនេះធ្វើអោយមនុស្សរាប់លានអោនក្បាលបាន មិនថា ស្រី ប្រុស
ក្មេង ចាស់ទេ។ អិលូវកាមាចង់អោយមានន្ទអោនក្បាលពីមុខអាវុធរបស់កាមា។ កាមារុញដាវទៅមុខ បំរុងនឹងចាក់មានន្ទសំលាប់ចោល។
តែមានន្ទចាប់ដាវនេះកន្ដ្រាក់របូតពីដៃ ។ មានន្ទយកដាវនេះយកមាកាច់នឹងក្បាលជង្គង់បាក់ជាពីរកំនាត់ប្រស់ រួចគ្រវាត់ទៅកៀនជញ្ជាំងប្រាវ
និយាយបន្ធូសំលេងថា :
កាមា ! កាមា ! អញចង់អោយដាវទាំងអស់ក្លាយទៅជាគ្រឿងសំរាប់ការពារប្រជាជនរាប់លាននាក់។ អញចង់អោយដែករបស់អាវុធទាំ
ងអស់បាក់នៅចំពោះមុខប្រជាជន មិនថាចំពោះមុខស្រី រឺ ប្រុស ក្មេង រឺ ចាស់ទេ ។ អញចង់អោយអំនាចទាំងអស់អោនក្បាលពីមុខច្បាប់។
អញចង់អោយជនជាតិនិមួយៗ គ្រប់គ្រងដោយខ្លួនអែងលើដែនដី។

កាមាកញ្ឆក់យកដាវមួយទៀតពីចង្កេះទាហានម្នាក់មកផ្ដោតដើមទ្រូងមានន្ទម្ដងទៀត ។
– អ៎ា ! អ៎ា ! បងដឹងអានុភាពរបស់អាវុធដែលគ្រប់គ្រងស្រុកហើយ ។ ទៅ ៗ ! ស្លាប់ទៅចុះ!!
កាមារុញដាវទៅមុខយ៉ាងអស់ទំហឹង
សំរែកនារីម្នាក់ស្រែកឡើង :
– អេ ឈប់ៗ បងកាមា បង !។ កុំៗ ! កុំទាន់អាល . . .
កាមាទុកង៉ក់ ។ មានន្ទក្រលេកមើលទៅឃើញនារីម្នាក់រត់ចូលមក។ នាងមានរាងស្គមស្ដើងខ្ពស់ សាច់ម៉ដ្ឋ ស្លៀកពាក់ល្អផុត
អស់នារីទាំងពួង មានគ្រឿងអលង្ការលំអនៅក និង នៅដៃ ដាំសុទ្ធសឹងពេជ្រទាំងគ្រាប់ភ្លឺចិញ្ចែង។
នារីមានសម្ផស្សក្រៃពេក ជាទីគួរប្រតិព័ទ្ធ ។ នាងទេវីល្អមួយបែប នាងដែលទើបមកដល់ល្អមួយបែប បែបថ្មីប្លែកទៅទៀត។
ទាហានទាំងអស់អោនគោរពស្រ្ដីថ្មីដែលហក់ស្ទុះចុះពីរាជបល្ល័ង្គព្រហ្មមក ក្នុងពេលដែលបងប្អូនពីរនាក់ហៀបនឹងសំលាប់គ្នា។ នាងងក់
ក្បាលគំនាប់យ៉ាងគួរសមដល់ទាហានវិញ។ ធីតាចុះជន្ដើរមកអោបចង្កេះកាមា។
– បង ! កុំធ្វើដូច្នោះ បងប្អូនយើងទេ។ ប្អូនសូមអង្វរចុះ។ ប្អូនមកដល់ទីនេះយូរណាស់ហើយ។ ប្អូនលបមើលតាមមាត់ទ្វារម
ក ប្អូនបង្ហូរទឹកភ្នែក។

នារីបេះដាវពីដៃកាមា។ ទឹកមុខដ៏វិចិត្រដូចស្រីស្ថានសួគ៌ សំលេងដ៏ពិរោះដូចដូរតន្រ្ដីនាស្ថានតាវតឹង្ស សាច់ទន់ត្រជាក់ ភ្នែករលោងដែល
អង្វរនេះធ្វើអោយកាមាទន់អស់ដៃជើងស្ទើរបាត់ស្មារតី។ បុរសស្ដាប់នាងធ្មឹង។ ភ្នែកទល់នឹងភ្នែក កាមាហាក់ឃើញវិញ្ញាណនាងធ្លុះក្នុងវិញ្ញា
ណអ្នក។ កាមានិយាយឆ្លើយមុខស្ងួតស្ទើរខ្សឹបថា :
– អូន ! មិនត្រូវមកទីនេះទេ ត្បិតគេហាម ។ ម្យ៉ាងទៀត ទីនេះជាទីដែលអាចមានគ្រោះថ្នាក់ដល់អូន។
នារីអោនខ្ទប់ក្បាលទៅក្នុងដើមទ្រូងកាមា និយាយយ៉ាងខ្សឹកខ្សួលថា :
– បងមានប្រសាសន៍នេះត្រូវណាស់ តែប្អូនមានចិត្ដនឹករលឹកបន្ទាយយើងនេះណាស់។ ប្អូនខានមកប្រាំពីរឆ្នាំហើយ។ បងគិត
មើល ប្អូននឹកនោះប៉ុណ្ណា។ ប្អូននៅក្នុងបន្ទប់របស់ប្អូនមិនបានទេ ចង់តែដើរមើល។ ប្អូនហាក់ឃើញរឿងចាស់ៗ ដែលប្អូនធ្លាប់រស់នៅពីដើម
គឺបងទេដែលមិនត្រូវមកទីនេះសោះ។
កាមាអោបរិតនាងសួរវិញថា :
– ម៉េចក៏ដូច្នោះ ?
ធីតាងើបមើលមុខកាមាគ្រវីក្បាលឆ្លើយថា :
– ព្រោះទីនេះ ជាទីក្ដៅក្រហាយដែលអាចនាំចិត្ដបងអោយអន្ទះអន្ទែង ដែលអាចនាំដៃបងអោយប្រលាក់នូវឈាមមួយ ដែល
មិនហួសពីឈាមរបស់បង ហើយដែលជាឈាមរបស់ប្អូនដែរ។ បើបងស្រលាញ់ប្អូនមែនៗ សូមបងអញ្ជើញទៅវិញ។
ថាតែប៉ុណ្ណោះ នារីចាប់ដៃកាមាឡើងទៅលើជន្ដើរវិញ ។ កាមាក៏ទៅតាមនាង។
ដល់មាត់ទ្វារខាងលើ នារីបិទទ្វារវិញយ៉ាងជិត
មានន្ទស្ងៀមជាយូរមកហើយ។
ស្រីដ៏ល្អនេះជាអ្នកណា ?
គឺ ព្រះនាងខត្ដិយាណី «កែវមណី» ប្អូនជីដូនមួយរបស់មានន្ទបង្កើត។

អូវពុកនារីធ្វើជាចៅហ្វាយខេត្ដនៃចង្វាត់សុរិន្ទរ៍ ។ តាំងពីតូចមកនាងមកនៅជាមួយព្រះកំពុតដែលត្រូវជាអូវពុកមារបស់នាង។ តែចំនួន
ប្រាំឆ្នាំហើយ នាងបានចាកចេញពីគេហដ្ឋានព្រះកំពុតទៅនៅជាមួយអូវពុករបស់នាងវិញ។ ចំនួនបីថ្ងៃមកហើយនាងបានវិលត្រលប់មកលេ
ងជាមួយព្រះកំពុតវិញ។ ថ្ងៃដែលនាងមក មានក្បួនដំរីសេះ និង កងសេនាជាច្រើនជូននាងមកយ៉ាងអ៊ឹកធឹក។
អាយុទើបបានដប់ប្រាំបីឆ្នាំ នារីមានរូបរាងកាយល្អអិតគណនា។ ប្រថាប់លើខ្នងដំរី ស្រ្ដីមានទឹកមុខញញឹមប្រិមប្រីយ៍ ដោយនាងនឹក
ដល់អនុស្សាវរីយ៍ចាស់របស់នាងជាមួយមានន្ទ។ កាលនោះជាកុមារីនៅឡើយ គឺមានន្ទនេះអែងដែលដឹកដៃនាងទៅរៀន ដែលការពារនាង
មិនអោយសត្រូវមើលងាយ ដែលពរនាងទាំងត្រដាបត្រដួសរកបេះអស់ផ្លែត្របែក ផ្លែល្ហុងអោយនាងបរិភោគ។ ដល់អាយុបានដប់ឆ្នាំ នាង
និង មានន្ទចាប់ចិត្ដរាប់អានគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ។

នារីនឹកឃើញពាក្យសំដីរបស់មានន្ទដែលនិយាយជាមួយនាងថា : «កុំលះបង់ចោលគ្នា»។ គូទាំងពីរបានបន់ស្រន់អស់ទេវតា អោយបានជួ
បគ្នាជានិច្ចទៅថ្ងៃមុខ និង ជាតិមុខទៀត។ ដល់អាយុ ១៣ឆ្នាំនាងលាមានន្ទទៅផ្ទះអូវពុកនាងវិញ ។ ថ្ងៃនោះស្រ្ដីព្រួយបារម្ភយ៉ាងខ្លាំងក្រៃលែង
។ នាងយំអោបស្មាមានន្ទដោយពុំចង់បែកឃ្លាតសោះ។
តាំងពីបានជួបនឹងប្រុសកំសត់នេះមក នាងអស់ចិត្ដនឹងគិតដល់រូបអ្នកណាមួយទៀតហើយ ពីព្រោះជីវិតរបស់នាងរហូតមកនេះ ធីតាពុំ
ដែលជួបប្រទះនឹងប្រុសណាអោយមានសំដីពិរោះមានបញ្ញាដូចមានន្ទសោះ មានន្ទមានអុត្ដមគតិខ្ពស់ចិត្ដស្លូតត្រង់ ប្រកបដោយសេចក្ដីក្លា
ហានអង់អាច។

សេចក្ដីរាប់អានរបស់នាងនេះបានកើតមានឡើងដោយស្ងាត់កំបាំងទេ។ គ្មានចាស់ទុំណាដឹងលឺសោះឡើយ ។ ធីតានៅទីក្រុងសុរិន្ទរ៍គ្មាន
ពេលណាបានសុខសប្បាយម្ដងឡើយ។ នៅមុខគេអែង នាងធ្វើជារីករាយសប្បាយ។ នៅម្នាក់អែងនាងព្រួយ យំ ដោយនឹករលឹកដល់ប្រុស
ជីវ៉ា។ កាលមកដល់ប្រាសាទព្រះកំពុតភ្លាម នាងស្រងាកចិត្ដដោយរកមានន្ទមិនឃើញសោះ។ នាងសួរអូវពុកមានាង អូវពុកមានេះបាននិយា
យជេរមានន្ទយ៉ាងខ្លាំងដោយចាត់ទុកថា ជាមនុស្សក្បត់ផែនដី រួចអូវពុកមានាងកំពុងរកចាប់សំលាប់ចោល។
ស្រ្ដីអស់សង្ឃឹមនឹងបានជួបប្រុសជាមិត្ដនេះហើយ ដោយហេតុរឿងបដិបក្ខក្នុងគ្រួសារបែបនេះ ។ នាងអាលោះអាល័យ អានោចអាធម្ម
នឹងវាសនានាង ជាមួយមានន្ទដែលពិតជាគូកម្មនឹងគ្នាប្រាកដ។

លង់ក្នុងសមុទ្រទុក្ខមួយយ៉ាងធំ ព្រះនាងខត្ដិយាណី គិតនឹងសុំលាព្រះកំពុតត្រលប់ទៅទីលំនៅវិញ តែគាប់ជួនយប់មិញនេះ គេថាចាប់ម
ហាចោរនៅទល់ដែនមួយបានហើយ។ នាងសាកសួរគេទៅទើបដឹងថាមហាចោរនៅទល់ដែននេះគឺមានន្ទ។
ព្រះនាងខត្ដិយាណីមិនពេញចិត្ដនឹងមានន្ទធ្វើដូច្នោះសោះ ពីព្រោះនាងមានមនោសញ្ចេតនាមួយ ដូចអស់នារីច្រើនគឺចង់អោយមានន្ទធ្វើ
ការ មានមុខមានមាត់ទៅ រួចរៀបវិវាហមង្គលការជាមួយនាង។ (តែមានន្ទ?) ប្រព្រឹត្ដខុសពីនេះដោយតស៊ូច្បាំង គ្មានផ្ទះសំបែង ចោលបុ
ណ្យសក្ដិ គឺផ្ទុយនឹងលំអានលោក។ នាងប្រាថ្នាចង់រស់ជីវិតមួយដ៏សុខសាន្ដដែលគ្មានរឿងរ៉ាវធំៗ។ កិច្ចការដែលមានន្ទពុះពារជាកិច្ចការស្លាប់
រស់ គ្មានទំនេរ គ្មានបានសុខ ដូចចិត្ដនាងចង់នោះទេ។ នាងរមិលមើលឃើញថា បំនងរបស់សង្សារនាងនេះខុសបំនងនាង ហើយបំនងនេះ
មិនបានសំរេចដាច់ខាត។
នេះជាអុបសគ្គដែលធ្វើចិត្ដនាងអោយបែកចេញពីមានន្ទ។
រីអែមានន្ទ កាលបើឃើញនាងកែវមណីជាប្អូនស្ងួនបន្ដូលចិត្ដចាស់ បុរសស្រលាំងកាំង។ អ្នកនឹកឆ្ងល់នាងណាស់ដែរ តែពេល និងកន្លែ
ងមិនសមអោយអ្នកទទួលនាងដោយសេរីបានសោះ។ អ្នកអង្គុយចុះដោយចិត្ដខ្មួលខ្មាញ់យ៉ាងក្រៃលែង។ បុរសនឹកថា ស្រីនេះមានជីវិតខ្ពង់
ខ្ពស់ ធ្លាប់តែឃើញវត្ថុល្អៗ ដល់មកឃើញអ្នកជាប់ខ្នោះក្នុងបាតគុកយ៉ាងនេះ ប្រាកដជានារីមើលងាយខ្ពើមរអើមមិនខាន។ តំលៃស្រីស្រស់
ច្នៃឃើញនោះ គឺបុណ្យសក្ដិ មាសពេជ្រ។ រីអែតំលៃចិត្ដខ្ពស់ពិតៗនោះ ធីតាសង្សារបុរាណមើលមិនឃើញទេ។

កំពុងគិតដូច្នោះ កែវមណីធីតា លេចចូលមក។ នាងញញឹមចុះជន្ដើរ
ស្ទើរដួលដោយរវល់តែមើលមានន្ទ។ លុះដល់ជិតនាងអង្គុយលើគ្រែយ
កដៃកាន់ស្មាអ្នកទោសយើងហើយនិយាយសំលេងឡើងញ័រៗថា :
– ប្អូនសូមជំរាបសួរបង ។ បងសុខសប្បាយជាទេ ?
– មិនបានសុខទេ គ្មានសប្បាយទេ
– ពីព្រោះអី ?
– ពីព្រោះជាប់គុក ដៃជើងជាប់ច្រវាក់ !
– ហ៊ី ! កុំនិយាយដូច្នោះ ប្អូននឹករលឹកដល់បងយ៉ាងខ្លាំងណាស់
– អូនមកប៉ុន្មានថ្ងៃហើយ?
– ច៎ាះ ! មកដល់បីថ្ងៃហើយ
– លោកពូ អ្នកមីងសុខសប្បាយជាទេរឺ ?
– ច៎ាះ ! សុខសប្បាយទាំងអស់គ្នាទេ ។ ហ៊ឺ ! កុំនិយាយពីរឿង
គេ យើងនិយាយពីរឿងយើងវិញ ។ បងអិលូវប្លែកពីដើមខ្លាំងណាស់
– ប្លែកត្រង់ណា ?
– ប្លែក មុខ មាត់ ចិត្ដ . . .
– ប្អូនអែងក៏ប្លែកដែរ
– ប្លែកអ្វីខ្លះ?
– ប្លែកត្រង់ល្អជាមុន។
– ច៎ាះ ! ប្អូនពេញរូបពេញរាងហើយ ។ បងក៏ល្អជាងមុនដែរ។
នារីអោនក្បាលទៅលើទ្រូងមានន្ទ។ នាងអោបស្មាបុរសនឹងដៃនាងទាំងពីរ ។ បុរនិយាយទៅទៀតថា :
– ក្នុងជាតិនេះ បានមានជីវិតមួយរេចុះ រេឡើងខ្លាំងណាស់ ជីវិតបងជាជីវិតពុះពារ មានការប្លែកៗ រាល់ពេល រាល់វេលា។ ជនអ្ន
កស្រលាញ់តែសុខ មិនចូលចិត្ដនឹងរស់នៅយ៉ាងនេះទេ ពីព្រោះមានភ័យ មានព្រួយ មានព្រាត់ប្រាស់ មានជាប់គុក មានស្លាប់ មានសប្បាយ
ផ្ទុយ ៗគ្នាខ្លាំងណាស់។ មានតែជនអ្នកមិនគិតដល់ប្រយោជន៍ខ្លួន និង សេចក្ដីសុខផ្ទាល់ខ្លួនទេដែលចូលចិត្ដនឹងជីវិតរបស់បង។
– ច៎ាះ ! ប្អូនមិនចង់អោយបងដើរផ្លូវក្រោយនេះសោះ។ ប្អូនចង់អោយបងរស់នៅ ធ្វើការដូចគេអែងធម្មតា កុំអោយគិតការ
នគរធ្វើអី ព្រោះការនេះធំណាស់។
– ការនគរជាការរបស់អ្នកទាំងអស់គ្នា ម្ដេចក៏មិនត្រូវគិតទៅវិញ ?
– បង ! បង ! ប្អូនមកនេះ មកសុំអង្វរបងអោយចោលគំនិតដើរផ្សងព្រេងសំនាងនោះទៅ ។ សូមបងធ្វើតាមប្អូន នុ៎ះយើងនឹង
បានជួបគ្នាជាប្ដីប្រពន្ធមិនខាន ។
– ទោះបងធ្វើការតាមប្អូន ក៏បងត្រូវស្លាប់បន្ដិចទៀតនេះដែរ។
– ទេ ! ទេ ! បើបងធ្វើតាមប្អូនៗ អាចជួយបង។
– ជួយយ៉ាងណា ?
– ជួយសុំលោកមា ជួយអោយអូវពុកខ្ញុំនិយាយដោះលែងបងជាមួយលោកមា ។ បង ! បង ! តាមខ្ញុំទេ ? ម្ដេចបងនៅស្ងៀម?
អោ ! បង ! សំរេចថាអីមកចុះ ប្អូននឹងចាត់ចែងការនេះភ្លាមមួយរំពេច។

មានន្ទញញឹមយ៉ាងជ្រាលជ្រៅ នាងកែវមណីតឹងទ្រូងជាពន់ពេក ពីព្រោះមិនដឹងជាបុរសឆ្លើយបែបណា ? នាងមើលមុខបុរស មើលភ្នែក
បរុស នាងលូកដៃទៅចាប់បបូរមាត់មានព ក្រែងមាត់នេះនិយាយខុសបំនងនាង។ មាត់នេះបញ្ចេញសំដីថា :
– ចុះបើបងមិនតាមប្អូន ៗមិនជួយបងទេ ?
ធីតាយកម្រាមដៃក្របួចបបូរមាត់ទាំងពីរនោះកុំអោយនិយាយទៀត នាងផ្ដួលខ្លួនទៅលើភ្លៅមានន្ទ រួចនិយាយយ៉ាងស្រងូត
ស្រងាត់ថា :
– ហ៊ី . . . ប្អូនពិបាកចិត្ដណាស់ . . . ហ៊ី។ អោ ! ទេវតាលោកអើយ ! . . . ប្អូនជួយមិនបានទេ . . . ពីព្រោះប្អូនគ្មានពាក្យអ្វីទៅនិ
យាយជាមួយអូវពុករបស់បង និង អូវពុករបស់ខ្ញុំ។
មានន្ទយកដៃច្បូតសក់នាងលេងបន្ដើរ សួរបន្ដើរថា :
– ម៉េចក៏ដូច្នោះ?
– ពីព្រោះ បើបងអែងតាមខ្ញុំ ៗអាចទៅជំរាបលោកថា បងលះបង់គំនិតតស៊ូនោះហើយ មានប្អូនជាអ្នកធនាអះអាងយកជីវិត
ថ្វាយ។
មានន្ទសើចដោយមើលងាយគំនិតនេះ។
– អូនស្គាល់ចិត្ដបងស្រាប់ហើយ។ ការដែលបងគិត បងមិនមែនគិតទាំងប្រថុយៗទេ គឺបានគិតហ្មត់ចត់ណាស់។ ម្យ៉ាងបងពុំ
សុខចិត្ដអោយអូនយកនាមបងទៅជាសញ្ញាចុះចាញ់ទេ។ ទីពីរ បើបងស្រលាញ់អូន បងពុំសុខចិត្ដអោយអូនយកសេចក្ដីស្នេហារបស់យើង
នេះជាគ្រឿងសំរាប់បង្ខំបងអោយតាមអូននោះទេ។
នារីស្ទុះក្រោកពីភ្លៅមានន្ទបើកភ្នែកធំៗ មើលមុខមានន្ទជាថ្មី។ នាងប្រែទឹកមុខពីក្រហមឆ្អិនឆ្អៅទៅជាស្លាំងទៅវិញ។
– បង ! ប្រសាសន៍អ្វីដូច្នោះ ប្អូនស្រលាញ់បង បានជាប្អូនមកអង្វរបងដូច្នោះ មិនមែនប្អូនធ្វើនេះដើម្បីអោយបងអង្វរប្អូននោះ
ទេ។ ច៎ាះ ! ប្អូនហ៊ាននិយាយស្រលាញ់នេះដោយអិតអៀនខ្មាសជាមួយបង។ បងស្ដាប់ប្អូនអោយបាន កុំច្រលំអោយសោះ ប្អូនបញ្ជាក់ទៀត
ថា : ប្អូនអង្វរបង។ បើបងធ្វើតាម យើងនឹងបានសេចក្ដីសុខមិនខាន។
– ធ្វើយ៉ាងណា?
– ច៎ាះ ! បង ! មនុស្សលោកកើតមកលើលោកនេះ តើប្រាថ្នាអ្វី? មិនគឺប្រាថ្នាសុខគ្រប់ៗគ្នា? អ្នកខ្លះគិតថាដើម្បីអោយបានសុ
ខ ត្រូវលះបង់បុណ្យសក្ដិ ប្រពន្ធកូន ទ្រព្យសម្បត្ដិ ក្ដីសប្បាយ អំពើអកុសល រួចព្យាយាមកសាង បន្ដុះបន្ដាលខ្លួន តាំងខ្លួនជាមេដឹកនាំមនុ
ស្សអោយចេះដឹង អោយភ្ញាក់ខ្លួន លើកខ្លួនថា ខ្លួនជាមនុស្សនោះមានកិច្ចការយ៉ាងណាខ្លះ គឺព្យាយាមធ្វើគ្រួសារមនុស្សទាំងអស់អោយបាន
សុខឡើង។ អ្នកខ្លះនឹកថា ផ្លូវខាងលើនេះខុសទេ ដើម្បីអោយមនុស្សបានសុខតោងអាត្មាអែងម្នាក់ៗត្រិះរិះរកទ្រព្យធនធានដោយសុចរិត រក
បុណ្យសក្ដិដោយត្រឹមត្រូវ តាមកំលាំងខ្លួន កុំយាយីធ្វើបាបឈ្នានិសគេ នុ៎ះគ្រួសារមនុស្សទាំងអស់នោះនឹងបានសុខមិនខាន។ ចំនែកខាងប្អូន
ៗមិនហ៊ានអារកាត់ថា គំនិតរបស់អ្នកណាខុសទេ ពីព្រោះប្អូនជាស្រីប្រាជ្ញាខ្លី គំនិតមិនជ្រៅ មើលមិនឃើញឆ្ងាយ។ តែប្អូនយល់ឃើញថា ផ្លូ
វទី១ជាផ្លូវពិបាកដើរណាស់ គឺបន្លាមានគ្រប់ជំហាន។ ប្អូនចូលចិត្ដផ្លូវទី២ ពីព្រោះបានបុណ្យសក្ដិ មានទ្រព្យធនធានគ្រប់គ្រាន់ ដើម្បីធ្វើជាដើ
មទុនសំរាប់រស់នៅសុខស្រួល។ ផ្កាយសុខនៅជិតបងស្រាប់ ម្ដេចបងមិនឈោងចាប់យកមកទុកនឹងខ្លួនទៅ។ ម្ដេចក៏ទៅជាចង់ឈោងចាប់
ផ្កាយសុខដែលនៅឆ្ងាយពីខ្លួនម៉្លេះទៅវិញ ?

មានន្ទញញឹម រួចឆ្លើយថា :
– បងស្ដាយណាស់ ! អូនចេះគិតត្រូវ តែខ្វះការពិចារណាបន្ដិច !
នារីឆ្ងល់យ៉ាងអនេកនឹងពាក្យនេះ នាងយល់ថា គង់ទាញបុរសអោយចូលក្នុងមាគ៌ាគំនិតនាងមិនបានទេ រួចនាងសួរថា :
– ខ្វះត្រង់ណា ?
– ប្អូនថាបងមានទ្រព្យល្មមធ្វើដើមទុន បង្កើតផលបានយ៉ាងបរិបូណ៌ ចុះអ្នកដែលគ្មានទុន គ្នាមិនលំបាកវេទនាហើយ ? កាល
បើមានអ្នកវេទនានៅជុំវិញខ្លួនយើង តើគ្រួសារមនុស្សបានសុខម្ដេចកើត? កាលបើយើងមិនបានសុខ វាមិនខុសនឹងគោលបំនងដើមរបស់
យើងហើយ ?
ស្រ្ដីតែលតោល ឡេឡា តែនាងមិនទាន់ទាល់ប្រាជ្ញាទេ :
– ហ៊ីបង ! តើបងរកសុខម្ដេចឃើញ បើសព្វថ្ងៃបងចង់ទ្រផែនដីម្នាក់អែងក្នុងពេលដែលអ្នកអែទៀតនៅដេកស្ពឹកលើគ្រែគ្រ
ប់ៗ គ្នា?។
– អូ ! មណីអូន ! ជីវិតមិនមែនជាការទំនេរទេ។ ជីវិតជាការតស៊ូ។ រាល់ពេល មនុស្សត្រូវកំរើកពុះពារសំអាតខ្លួនបន្ដុះទឹកចិត្ដ
អោយបានជ្រះថ្លាឡើង សេចក្ដីសុខមិនមែនកើតមកអែង រឺ បានដោយស្រួលៗទេ ។ សេចក្ដីសុខបានមកដោយញើសឈាមលំបាកណាស់
អាស្រ័យហេតុនេះ លះបង់ការពុះពារចង់បានសុខដោយអិតកើតទុក្ខ គឺផ្លូវខុស។ ម្យ៉ាងទៀតក្នុងរឿងជាតិ ដំបូងមានតែមនុស្សម្នាក់ទេដែល
គិតដល់។ មនុស្សនេះយល់រឿង ដឹងរឿង ហ៊ានធ្វើការ ហ៊ានពន្យល់គេអោយយល់ដូចខ្លួន យូរបន្ដិចទៅរឿងជាតិទុំ គឺពេលនោះហើយដែល
បំនងដើមយើងបានសំរេច។
– ហ៊ីបង ! បងស្រុកយើងវានៅក្រោមអំនាចគេយូរមកហើយ។ រាជការគេតែងតាំងគ្រប់កន្លែង។ អំនាចនៅក្នុងកន្ដាប់ដៃគេ
។ បងជាពងមាន់សុទ្ធៗ ទៅចង់អ្វីទង្គិចនឹងថ្ម ?
– អូនភ្លេចទៀតថា វត្ថុនានាលើលោកនេះតែងប្រែប្រួលជានិច្ច។ ស្រុកទេសក៏ត្រូវតែមានការប្រែប្រួលដែរ។ អូនប្រញាប់អ្វី
ទៅស្លាប់ចិត្ដ ជឿថារបៀបសព្វថ្ងៃជារបៀបតែមួយនោះ?។
– កុំនិយាយច្រើន !
ព្រះនាងខត្ដិយាណីច្រានមានន្ទយ៉ាងអស់ទំហឹង។ មុខនាងឡើងក្រហម។ មានន្ទសើចយ៉ាងស្រស់និយាយថា :
– បងស្រលាញ់អូនហើយ បានជាបងហ៊ាននិយាយពាក្យទាំងអស់នេះ ដោយអិតព្រួយបារម្ភអ្វី។ ប្អូនស្ដាប់បងអោយបាន កុំច្រ
លំអោយសោះ បងបញ្ជាក់ទៀតថា បងបំភ្លឺអូន។ បើអូនតាមបង អូននឹងបានសេចក្ដីសុខមួយយ៉ាងអុត្ដមប្រពៃបំផុតដែលអាចស្ថិតស្ថេរយឺ
នយូរទៅ។
– ស្រីកល្យាណខ្ទប់មុខយំដោយឃើញជាក់ថា បុរសគ្មានគិតតាមបំនងនាងសោះ។ នាងខំធ្មេញខឹងនឹងសង្សាររកអ្វីមកប្រៀប
ពុំបានឡើយ។ មុខនាងដែលធ្លាប់មានសម្ផស្សក៏ប្រែជាកំនាចទៅវិញ
– ប្អូនស្រលាញ់បងពេញពោះ ថ្ងៃនេះប្អូនត្រូវសំលាប់សេចក្ដីស្នេហាមួយយ៉ាងធំ ដើម្បីលុបលាងកេរ្ដិ៍អាម៉ាសរបស់ខ្ញុំ។ បង!
បងមានន្ទមើលមុខមណីអោយច្បាស់ មណីជាសត្រូវលេខមួយនឹងបងហើយក្នុងមួយជាតិនេះ ។ កាមាចង់ប្រហារជីវិតបង ! មិនជាការអ
ស្ចារ្យទេ ទុកអោយមណីធ្វើវិញ ទើបពិស្ដារមែនៗ។

ធីតាចាប់លើកសំពត់យ៉ាងគ្រញែងខ្លួន នាងស្ទុះរត់ឡើងទៅលើជន្ដើរវិញគ្មានបង្អង់។ មានន្ទសើច ឆ្លើយយ៉ាងខ្លាំងៗវិញថា :
– សួស្ដី ! អយុត្ដិធម៌ មិនដែលឈ្នះយុត្ដិធម៌ទេ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: