មហាចោរ​នៅ​ទល់ដែន​ ទំព័រ​ទី១៣


១២ – អានសន្នធំ

គឺជាផ្ទះមួយដ៏សមរម្យដែលមានន្ទពួន ធ្វើអំពីឈើប្រក់ក្បឿង មានទីធ្លាធំតាមឋានៈខ្មែរជនកន្ដាល។ តែក្នុងភូមិកុយមែងនេះ ផ្ទះប៉ុណ្ណេះ
ជាផ្ទះមួយដ៏រុងរឿងណាស់ទៅហើយ កន្ដាលចំនោមផ្ទះអែទៀតដែលសុទ្ធសឹងតែជាកូនខ្ទមរយីករយាក។
មានន្ទចូលក្នុងបន្ទប់មួយរួចបិទទ្វារជិតស្លុង។ មានព មើលឃើញគ្រែពូកស្អាត មុងសស្គុស។ អ្នកនឹកថា ប្រហែលជាបន្ទប់ដេកហើយ
។នៅកៀនគ្រែមានតុមួយ ប្រដាប់ដោយកញ្ចក់តាំងស្និតសិតសក់ កែវម្សៅ កែវល្មៀត ដបទឹកអប់ផង។ មានន្ទចាប់អារម្មណ៍ថា «លោៗ
ជាបន្ទប់កូនក្រមុំគេក៏មិនដឹង ?។ បុរសត្រិះរិះមើល តើអុត្ដមមិត្ដចាស់របស់អ្នកមានកូនក្រមុំទេ ? ទេ! វាមិនដែលមានកូនអែណាទេ។ ចុះវា
លក់ផ្ទះនេះអោយទៅអ្នកណាមួយហើយរឺ? តែតាមតុទូក្នុងផ្ទះដែលធ្លាប់ដូចបានស្គាល់ពីមុនមកហើយ គឺតុ ទូ ដដែលសោះ។

អតីតសង្សារនាងទេវី ភិតភ័យយ៉ាងខ្លាំងនឹងរឿងនេះ ។ ណាមួយនៅភូមិកុយមែងមានភ្នាក់ងាររាជការរបស់អូវពុកអ្នកផង ប្រហែលជា
ពួកអស់នេះបានទទួលកិច្ចបញ្ជាពីសិរីសោភ័ណមក អោយជួយចាប់អ្នកជាប្រាកដ។ ណាមួយទៀត ដៃអ្នកដែលពីម្សិលមិញបានលាងរុំនោះ
ក៏ឈឺចាប់ចុកយ៉ាងខ្លាំង ពីព្រោះអ្នកបានតស៊ូដើម្បីរំដោះខ្លួនអោយបានរួចជីវិតពីយប់មិញមកនេះ។ អ្នកកំលោះយកដៃឆ្វេងស្ទាប មើល
ឃើញហើមធ្វើអោយឈឺក្រៃពេក។ រីអែពូកខ្នើយធ្វើអោយអ្នកងងុយដេកយ៉ាងខ្លាំង តែពុំហ៊ានប្រាសខ្នងដល់ឡើយ ។ អ្នកនឹកថា « ចុះ
អុត្ដមវាទៅណា ? វាភ្លេចអ្នកហើយរឺនៅ ? ពីព្រោះមិត្ដទាំងពីរនេះឃ្លាតគ្នាតាំងពីកាលនៅវ័យកុមាររៀងៗខ្លួនមក។

ខាងក្រៅលឺសូររទេះបរបាក់ឃឹបៗ ចូលមកក្នុងរបងផ្ទះ។ មានន្ទលបស្ដាប់លឺសូរមាត់ស្រីជជែកងេកងោកៗ អំពីដូរស្រូវលក់ថ្លៃ តថ្លៃ
ទិញប្រហុក ។ បន្ទាប់មក ទើបអ្នកលឺសូរមាត់អុត្ដមដែលអ្នកនៅចាំសំលេងនៅឡើយ។ បុរសត្រេកអរយ៉ាងខ្លាំងដោយទើបបានដឹងប្រា
កដថាជាផ្ទះមិត្ដចាស់របស់អ្នកពិតមែន។
ក្នុងពេលនោះអុត្ដមជជែកវ៉ូងវ៉ាងរួចក៏ចូលមកបើកទ្វារបន្ទប់ដែលមានន្ទនៅពួន មានន្ទស្ទុះទៅខាងទ្វារកំបាំងខ្លួនបាត់នឹងទ្វារដែលបើកមក
លុះអុត្ដមបានចូលស៊ប់ដល់ក្នុងបន្ទប់ហើយ មានន្ទរាំងទ្វារជិតភ្លាមមួយរំពេច។ អុត្ដមស្រលាំងកាំង ទើបដឹងហើយស្គាល់ថា ជាមានន្ទ ក៏ស្ទុះ
ទៅអោបមិត្ដកំសត់នេះ
– យឺ ! មកពីណា ? ម៉េចអែងមកពួននៅទីនេះ ? មានរឿងអ្វី ?
មានន្ទយកដៃខ្ទប់មាត់អុត្ដម
– កុំមាត់ខ្លាំង គេលឺ
– មិត្ដអែងសុខសប្បាយជាទេរឺ ?
– សុខសប្បាយទេ តែក្នុងពេលនេះយើងមានរឿង . . .
មានន្ទច្រានអុត្ដមចេញ និយាយយ៉ាងនឹងនួនទៅទៀតថា :
– យើងជាមនុស្សអសិរពិស តើអែងអាចទទួលយើងអោយនៅទីនេះបានទេ?
អុត្ដមធ្វើទឹកមុខស្រងូតស្រងាត់
– រឿងអ្វី ? ធំប៉ុន្មាន ?
មានន្ទក៏រ៉ាយរ៉ាប់រឿងប្រាប់អុត្ដមដោយត្រួសៗតាំងពីដើមដល់ចុង
លុះស្ដាប់ចប់សេចក្ដី អុត្ដមសើចទះស្មាមានន្ទយ៉ាងរីករាយ។
– អែងនៅទីនេះបាន។ តោងទុកផ្ទះនេះដូចជាផ្ទះអែង ។ តើអែងបំរុងនៅប៉ុន្មានថ្ងៃ?
– ប្រហែលបីថ្ងៃ
– កុំភ័យអី ចាំអញជួយលាក់បំពួនអែង រួចជួយរក្សាអែងអោយជា។
– អិលូវអែងបាយទឹករួចហើយនៅ ?
– ទេកុំអោយអែងព្រួយអី ! អញបាយរួចហើយ តែសុំទឹកមួយផ្ដិលមក។
– អុះ ! ណ្ហើយកុំ . . .
– ម៉េច ?
– ក្រែងគេដឹងច្រើនគ្នា
– ហ៊ី ! ឆ្កួតអញគ្មានអោយអ្នកណាដឹងទេ។
ថាហើយ អុត្ដមបើកទ្វារចេញទៅក្រៅ រួចបិទទ្វារវិញយ៉ាងស្រួល។ គឺបុរសម្នាក់អាយុប្រមាណសាមសឹបឆ្នាំ មុខមាំ ស្លូតបូត សំដីម៉ាត់ៗ
។ បន្ដិចក្រោយមក បុរសដ៏ប្រពៃនេះត្រលប់ចូលមកក្នុងបន្ទប់វិញ កាន់ទឹកមួយផ្ដិលមកហុចអោយមានន្ទ។ មានន្ទទទួលផ្ដិលទឹកនេះ រួចផឹក
លឺក្អឿកៗ។ អុត្ដមច្រត់ចង្កេះមើលមិត្ដកំសត់របស់អ្នកដោយស្នេហា :
– ហ៊ឹសៗ តាំងពីណាមក កាលណាអញជួបនឹងអែង គឺមានតែរឿងមួយទេ គឺរឿងទឹកមួយផ្ដិលប៉ុណ្ណោះអែង។
មានន្ទផឹកទឹកឆ្អែតទៅអង្គុយលើគ្រែ ។ អុត្ដមទៅអង្គុយជិតទន្ទឹមស្មាគ្នា
– អែងដេកក្នុងបន្ទប់នេះចុះ
– ចុះអែងទៅដេកអែណា ?
– ហ៊ី ! អញតាមបានទេ ដេកអែណាក៏បាន អូ ! ចាំអញទៅប្រាប់ប្រពន្ធអញអោយគេដឹងផង។
មានន្ទទាញស្មាអុត្ដមជាប់
– កុំ !
– ហ៊ី ! ឆ្កួត មានអី កុំភ័យអោយសោះ បើអែងមានគ្រោះថ្នាក់ អញសាកដៃអញម្ដងអោយអែងឃើញ។

អុត្ដមក៏ទៅខ្សឹបដាក់ត្រចៀកនាង យីហ៊ុបជាភរិយា។ គឺជាស្រីម្នាក់អាយុប្រមាណម្ភៃឆ្នាំ ស្គមខ្ពស់ ភ្នែកមាន់ សំរស់ល្អ សំដីលះ ចេះខ្នះ
ខ្នែងក្នុងការរកទទួលទាន និងចេះរាក់ទាក់ក្នុងការទទួលភ្ញៀវពន្លឺ។ ដំបូងនាងភ័យសួរប្ដីថា :
– រឿងអី ? អ្នកណា ?
– ពួកម៉ាកបង
– ឈ្មោះអ្វី ?
– មានន្ទ
– អោ ! លោកមានន្ទ គាត់នៅអែណា ? លោកអើយ ! ខ្ញុំខានឃើញគាត់យូរមកហើយ។
– ក្នុងបន្ទប់ផ្ទះយើង។ តែកុំមាត់អោយសោះ។
អុត្ដមក៏និយាយរឿងមានន្ទប្រាប់នាង យីហ៊ុបអោយបានដឹង ។ នាងយីហ៊ុប ក៏ចូលទៅសំពះសួរមានន្ទ។
– ច៎ាះ ! អញ្ជើញលោកសំរាន្ដនៅកន្លែងនេះចុះ ។ ចំនែកខ្ញុំនឹងប្ដីខ្ញុំមិនជាការអ្វីទេ។
ថាហើយនាងយីហ៊ុបក៏លាចេញមកបើកទូយកសារុង កន្សែងជូនទៅមា
នន្ទអោយផ្លាស់។ រួចនាងដាំទឹកក្ដៅយកមកអោយមានន្ទស្អំដៃ។
ថ្ងៃនោះ ភរិយាស្វាមី ខ្នះខ្នែងយ៉ាងអស់ពីចិត្ដ តាំងពីម្ហូបអាហារទទួល
ទានរហូតដល់កន្លែងដេកពួន និងប្រដាប់ប្រើប្រាស់ផ្សេងៗ ។ លុះដល់ពេ
លស្រស់ស្រូបរួច មានន្ទដោយអស់កំលាំងខ្លាំងពេកនិទ្រាលក់យ៉ាងស្កប់
ស្កល់។ ភ្ញាក់ឡើង អ្នកឃើញនាងយីហ៊ុបអង្គុយនៅចុងជើង អ្នកហុចទឹក
មួយផ្ដិលអោយលុបមុខ ជូនផ្លែក្រូចដែលបកសំបកស្រេចអោយបរិភោ
គ ។ មានន្ទទើបឃើញមុខនាងច្បាស់ អ្នកនៅធ្មឹង រួចនាងសើច។
– បង ! ភ្លេចខ្ញុំហើយរឺនៅ ?
– បាទ ! ខ្ញុំប្រហែលៗអ្នកដែរ
– ខ្ញុំនៅសិរីសោភ័ណ
– ផ្ទះអ្នកណា ?
– អូវពុកខ្ញុំពូកែវមណី។
– អូ ! អូ ! អត់ទោស ខ្ញុំភ្លេចហើយ ខ្ញុំទើបតែនឹកឃើញ។
អោ! យើងបែកគ្នាយូរណាស់មកហើយ តាំងពីយើងនៅតូចៗ . . .អុនស្សាវរីយ៍កំសត់មួយ ងើបផុសចេញពីផ្នូរចាស់មក។ មានន្ទនឹកឃើញ
នាងយីហ៊ុបឡើងវិញពេញទី ។ អ្នកឃើញនាងបេះផ្លែត្របែកយកអោយអ្នក ឃើញនាង និងអ្នកលេងលោតអន្ទាក់ក្រោមដើមប្រខុប។
នាងយីហ៊ុបនឹកឃើញដូចគ្នាដែរ។ គឺនាងហើយដែលចាប់និយាយតទៅទៀត :
– ខ្ញុំឃើញថា បងមិនភ្លេចខ្ញុំទេ
– បាទ ! ខ្ញុំអិតភ្លេចអ្នកទេ
– ច៎ាះ ! កុំហៅខ្ញុំអ្នក តោងហៅខ្ញុំដូចដូចកាលយើងនៅពីតូចៗ។
– អូនសុខសប្បាយជាទេ?
– ច៎ាះ ប្អូនសុខសប្បាយជាទេ
– អូន ! រៀបការយូរហើយ ?
– ច៎ាះ ពីរឆ្នាំងហើយ
– ការនៅអែណា ?
– ការនៅបាត់តំបង ។ កាលនោះ ខ្ញុំទៅនៅបាត់ដំបងជាមួយអូវពុកធំខ្ញុំ។
– បាទ ! បាទ ! មែនហើយ អុត្ដមទៅណាហើយ ?
– ច៎ាះ ! ទៅកំពង់ក្រោមហើយ
– ឆ្ងាយទេ ?
– ល្ងាចបានគាត់វិលត្រលប់មកវិញ

នារីខិតចូលជិតមានន្ទ ។ នាងចង់និយាយអំពីរឿងផ្សេងៗ ជាច្រើន តែនាងនឹកថា «នាងមានប្ដីហើយ»។
មានន្ទក្រោកអង្គុយឡើង ប្រុងប្រយ័ត្នមិនអោយប៉ះពាល់ដល់ភរិយាគេទេ រឿងចាស់ជារឿងចាស់។ តោងបង្កប់រឿងចាស់ក្នុងផ្នូរមួយ
រួចបំភ្លេចចោលកុំបីនឹកនា។ គប្បីកុំជំរុញរឿងថ្មីរហូតដល់ទៅមានតំនមួយដែលអាចក្លាយទៅជាកម្មទៀត ។ ហេតុនេះត្រូវកាន់ចិត្ដរឹងក្នុងរឿ
ងនិយាយគ្នាជាការសំខាន់បំផុត។
នាងយីហ៊ុបចាប់ដៃមានន្ទស្រាយរបួសស្អំទឹកក្ដៅ :
– ប្អូនជួយធុរៈបងទេ ! យើងមិនមែនស្រលាញ់គ្នាទេ ប្អូនមានប្ដីហើយ។
មានន្ទសើច ។ សំនើច សំរស់ទឹកមុខនាំអោយនាងព្រឺខ្លួនខ្ញាកៗ តែនាងចេះតែខំប្រឹងទប់ជានិច្ច។
– បងដឹងថាប្អូនមានប្ដីហើយ តោងជឿចិត្ដបងចុះ
– ប្អូនជឿ ច៎ាះ ! បងឈឺទេ ?
– ឈឺ។
– ប្អូនធ្វើតិចៗ។ សូមបងនៅផ្ទះប្អូនទំរាំដល់ជាមុខរបួស ចាំអញ្ជើញទៅចុះ។
– បងអរគុណណាស់ តែបងនៅទីនេះមិនបានយូរទេ។
– បង ! មានការអី ?
– មានការប្រញាប់ជួបនឹងគេ។
– អែណា ?
– នេះជាការផ្ទាល់ខ្លួនបង មិនមែនជាភារសំខាន់ទេ ។ តែនៅទីនេះមានក្រុមអ្នករាជការទេ ?
– មាន ! ម៉េចបងភ័យរឺ បានជាធ្វើទឹកមុខស្ងួតយ៉ាងនេះ ?
– បងកំពុងរបួស ហើមដៃអស់ រកការពារខ្លួនមិនបានទេ។
– មិនអីទេ បើមានរឿងអី ប្អូននាំបងទៅពួនក្នុងជង្រុកស្រូវនោះ។ នុ៎ះបងមើលឃើញទេ ?
– ឃើញ . . . អើស្រួលហើយ។
– តែល្ងាចនេះ មានបងប្អូនខ្ញុំម្នាក់ទៅភ្នៀត
– កាលណាបានគេចេញដំនើរទៅ ?
– យប់បន្ដិច ត្បិតពិបាកចាប់គោណាស់។ ខ្ញុំអោយគាត់ខ្ចីរទេះខ្ញុំ
– គេដឹកអ្វីទៅ ?
– អត់ដឹកអ្វីទេ ។ អោ ! គេដឹកចំបើងទៅ។ អិលូវចាំប្អូនរៀបចំបាយទឹកជូនបង។
– មានអ្វីខ្លះថ្ងៃនេះ ?
– ច៎ាះ ! អត់មានអ្វីទេ តែខ្ញុំបានធ្វើមាន់មួយជូនបង
– អរគុណាស់។
មានន្ទដោយសេចក្ដីរាក់ទាក់ដែលនាងយីហ៊ុប បានធ្វើដោយស្មោះត្រង់បំផុតនេះ អ្នកភ្លេចខ្លួន ភ្លេចឈឺ ភ្លេចគ្រោះថ្នាក់ ។ នាងសើចតប
វិញយ៉ាងព្រងើយ រួចចេញទៅ។

ព្រះសុរិយាជិតអស្ដង្គត ចោលពន្លឺល្អះល្អទន់ភ្លន់មកលើពសុធា។ មានន្ទលឺសូរមាត់អុត្ដមដែលទើបវិលត្រលប់ពីកំពង់មកវិញ ក្រៅពីមាត់
មិត្ដនេះ អ្នកលឺសូរមាត់ស្រីប្រុសអែទៀតជាច្រើន ដែលលើកចំបើងដាក់រទេះ។ ទ្វារបន្ទប់របើកឡើង។ នាងយីហ៊ុបលើកបាយល្ងាចជូនលា
យទាំងសំនើចញញឹមមួយ ដែលបុរសពុំអាចភ្លេចបានឡើយ។ នៅកៀនមាត់ដែលហើបបន្ដិចនេះ មានន្ទសង្កេតឃើញធ្មេញតូចស្មើដែលចាំ
ងរលើបដូចភ្លុក។
ខាងក្រៅភ្ញៀវទាំងឡាយចូលមក។ អុត្ដមទទួលភ្ញៀវប្រុស-ស្រីដែលមកបរិភោគបាយយ៉ាងរកាកដូចសត្វចូលសំបុក។
រាត្រីក៏ត្រដាងស្បៃងងឹតមកពាសពេញ។ ពន្លឺកូនចង្កៀងក្នុងផ្ទះអុត្ដមក៏ឆេះឡើងបន្ដពីពន្លឺព្រះសុរិយាដែលរលត់ទៅថ្មីៗនេះ។
បន្ដិចមក មានន្ទលឺសូរជើងសេះសន្ធឹកសន្ធាប់មកដល់។ អ្នកស្លៀកពាក់ព្រឹបគ្មានបង្អង់ ចងដាវព្យួរនឹងចង្កេះ ឆ្លុះកញ្ចក់ លបចាំស្ដាប់។ ចិ
ត្ដអ្នកញាប់ញ័រយ៉ាងខ្លាំង។
ជនអ្នកជិះសេះឡើងមកលើផ្ទះ ។ អុត្ដមចេញទៅទទួល។
– ជំរាបសួរលោក !
– លើកដៃថ្វាយព្រះ
– ទាន! លោកអញ្ជើញមកមានការអីទាន ?
– លោកមានឃើញអ្នកទោសម្នាក់រត់មកជ្រកនៅទីនេះទេ ?
– អ្នកទោស ?
– បាទ! អ្នកទោស!
-មិនឃើញអ្នកទោសណាទេ
និលពេជ្រមើលនាយអាយ។ អុត្ដមឡើងស្លាំងបន្ដពាក្យទៅទៀតថា :
– គ្មានអ្នកណាក្រៅពីគ្រួសារខ្ញុំទេ
– អត់ទោស ! ខ្ញុំសុំឆែក។
– លោកមិនចាំបាច់ឆែកទេទាន !
– ខ្ញុំមានសំបុត្រពីអ្នករាជាការធំមក
និលពេជ្រហុចសំបុត្រអោយទៅអុត្ដមមើល។ កងទាហានក៏ចូលមើលក្នុងបន្ទប់ផ្ទះរកមើលក្រោមគ្រែ បើកទូរកមើលតាមពាងទឹក និង
គៀនកោះសព្វគ្រប់ តែអិតមានឃើញអ្វី។ អុត្ដមមានក្ដីតក់ស្លុតយ៉ាងខ្លាំង។ លុះចូលក្នុងបន្ទប់មិនឃើញមានន្ទវិញ ក៏អ្នកហាក់ធូរដើមទ្រូង
បន្ដិច តែព្រួយបារម្ភ មិនដឹងមិនមិត្ដនេះទៅអែណាបាត់ទៅហើយ។
និលពេជ្រនិយាយថា :
– ខ្ញុំបានដឹងការច្បាស់ថា ចោររបស់ខ្ញុំរត់មកជ្រកនៅទីនេះតាំងពីព្រឹក
– បាទទេ ! ប្រហែលលោកច្រលំហើយមើលទៅ ពីព្រោះបើរត់មកនៅទីនេះ មុខជាឃើញមិនខាន បើឆែកគ្មានសល់រន្ធមួយ
យ៉ាងនេះ។
– បាទ ! មិនប្រាកដដែរ តែសូមលោកអត់ទោសចុះ។
– បាទទេ ! មានការអីទាន ចាំក្រោយៗ អញ្ជើញមកទៀត ខ្ញុំទទួលលោកដាយរាក់ទាក់ជានិច្ចទាន !

និលពេជ្រក៏លាចុះទៅវិញ ។ អុត្ដមសុំអញ្ជើញអង្គុយពិសាតែសិនក៏មិនព្រម ។ អុត្ដមបានជូនកងអ្នករាជការនេះដល់មាត់ជន្ដើរ។ នាងយីហ៊ុ
ប កាលអុត្ដមចូលមកវិញ ក៏ស្ទុះទៅប្រាប់អុត្ដមជាប្ដីយ៉ាងញ័រមាត់ថា :
– ខ្ញុំបានបង្ហាញជង្រុកនោះអោយគាត់ពួន។
– អូនអែងឆ្លាតមែន។
– តែប្អូនខ្លាចក្រែងពួកវារើជង្រុកទៀតណ៎ា !
ក្នុងពេលនោះ ពូកនិលពេជ្ររើជង្រុកមែន។ នាងយីហ៊ុប យកដៃទាំងពីរខ្ទប់មុខ។ អុត្ដមស្ទុះយកដាវប្រាប់ភរិយាថា :
– តែប៉ុណ្ណោះយើងចោលផ្ទះហើយ
នាងយីហ៊ុបចាប់ដៃប្ដីជាប់។
– កុំបង ! កុំ ! គ្នាគេច្រើនណាស់
– ទេ ! មិត្ដរបស់បងមានអាសន្នធំហើយ តោងស្លាប់រស់ជាមួយគ្នា
– ទេបង ! ទេ !
អុត្ដមចោលកន្ទុយភ្នែកទៅជង្រុកតាមចន្លោះបង្អួច ។ តែអ្នកមិនឃើញចាប់បានមានន្ទសោះ។ អ្នកបែរទៅរកនាងយីហ៊ុបវិញ :
– ម៉េចពួកវារកមានន្ទមិនឃើញក្នុងជង្រុក ?
– ប្អូនមិនដឹងជាគាត់ទៅពួនអែណាទៀតទេ។ ប្រហែលគាត់ចេញទៅពួនអែណាទៀតហើយ។
អុត្ដមដាក់ដាវទៅនឹងជញ្ជាំងវិញ ឈានផ្លោះរំលងបីបួនកាំជន្ដើរចុះទៅជួបនិលពេជ្រ។
– ខ្ញុំបាទជំរាបថា នៅទីនេះគ្មានចោរទេ លោកមិនជឿខ្ញុំ ។ ម៉េចរកឃើញទេលោក ?
– ខ្ញុំត្រូវរកអោយសព្វកន្លែង
– បាទ ! ខំរកទៅក្រែងបានឡើងបុណ្យសក្ដិបន្ដិចទៀត
និលពេជ្រពេបមាត់ដោយអៀនប្រៀន។ អុត្ដមឡើងទឹកមុខថ្លា។
– ខ្ញុំបាទជាខ្មែរអ្នកសប្បុរស រួចបើកងរាជការមករុកកួនយ៉ាងនេះ មុខជាខូចចិត្ដច្រើនជាមិនខាន។
– ខ្ញុំធ្វើនេះសំរាប់ជាប្រយោជន៍អ្នករាល់គ្នាទេតើ ?
– អោ ! មិនមែនដោយឈ្នានីស ដោយចង់យកគាប់គួរ រឺដោយចង់បានបុណ្យសក្ដិទេ ?
– តោងលោកជ្រាបថា ខ្ញុំជាមនុស្សកាចណាស់ ក្រៅពីលោកខ្ញុំទះកំផ្លៀងហើយ។
– អ្នកកាន់អំនាច មិនដែលទះកំផ្លៀងជនអ្នកស្លូតត្រង់ទេ ? តើចោរនោះចិន រឺ យួន ?
– ខ្មែរ
– អូ ខ្មែរ ! ខ្ញុំមានសេចក្ដីសោកស្ដាយណាស់ តាមរបៀបរកចាប់ទាំងព្រលឹម ខ្ញុំស្មានថាជាចិន រឺ ជ្វា
មុខនិលពេជ្រឡើងក្រហម។ និលពេជ្រស្រែកដល់កងទាហានអោយចាប់សេះរុករានពេញភូមិទាំងអស់។ កងនិលពេជ្របែរទៅរកផ្ទះជិត
ខាងទៀតទៅ។

ក្នុងពេលនោះ បងប្រុសរបស់អុត្ដមដែលកំពុងបរិភោគបាយជាមួយក៏លាអុត្ដទៅភូមិភ្នៀត។ គឺលោកអុត្ដុង្គ ។ គាត់មានបុត្រីមួយឈ្មោះ
នាងមាលា រូបល្អគួរសម ដែលបរិភោគបាយជាមួយគាត់។ ក្នុងពេលដែលគេឆែកឆេរផ្ទះ នាងមាលាគ្មានតក់ស្លុតអ្វីទេ។ និលពេជ្រចេះតែ
លបមើលនាងម្ដងជាពីរដងដែរ។ នាងដឹងខ្លួន ខាំធ្មេញខឹងនឹងនិលពេជ្រជាពន់ពេក។ លុះលាអុត្ដមជាអូវពុកមាហើយ នាងឡើងលើរទេះអង្គុ
យលើចំបើងយ៉ាងស្រួលបួល។ អូវពុកនាងលោកអុត្តុង្គបររទេះទៅ ក្រោយដែលបានលានាងយីហ៊ុប និងអុត្ដមដែលបានជូននាងដល់រទេះ។
តាមផ្លូវ នាងមាលានិយាយថា :
– យី ! ខ្ញុំមិនដែលឃើញពួកអីក៏ម្ហាតម៉្លេះ ? ចូលរុករានផ្ទះគេទាំងអំនាច រិកក្រអើតគ្រប់គ្នា។
– អញ្ចឹងហើយពួកគេនោះ
– ពួកអាអស់នេះបានតែកាប់ចោលអោយអស់ទេ។ ហ៊ី ! និយាយពីអាមេគេនោះ វាធ្វើរិកសង្ហាណាស់ ច្រត់ដៃចំខែង។
ពូអុត្ដុង្គជាអូវពុកបង្ហុយបារីស្លឹកសង្កែបន្ដើរ ស្ដាប់បុត្រីបន្ដើរដែលប្រាសខ្លួនដេកខាងលើចំបើងអែណោះ ។ យូរៗ អ្នកឆ្លើយសំរបថា
– អឺ !
នារីបន្ដសំដីយ៉ាងស្រួយស្រះទៅទៀត :
– វាសុទ្ធតែរកចោរ ៗ។ វាចេះតែពាក្យមួយម៉ាត់នេះមើលទៅ។ អោយតែចង់ចាប់អ្នកណា អ្នកនោះចោរហើយ។ ហ៊ី ! បន្ដិច
ទៀតវាមកចាប់យើង វាថាយើងចោរដែរមិនខាន។ អោ !ពុកអើយ ! បើលោតែវាហ៊ានចាប់ពុក ខ្ញុំប្រថុយស្លាប់នឹងពួកអារាតត្បាតនេះម្ដង។
ខ្ញុំខឹងណាស់។ ពួកអានេះ វាថាស្គាល់ខ្មែរក៏ដូចជាមិនស្គាល់ខ្មែរ។
– អឺ ! ខ្មែរយើងចិត្ដគ្រាន់បើតាំងពីដើមមក។
– ខ្ញុំស្អប់វាណាស់។ ធ្វើម្ដេចអោយមានខ្មែរណាបះបោរឡើង ខ្ញុំជួយខ្មែរនោះទាំងចិត្ដ ទាំងធនធានមិនខាន។
– គ្មានអ្នកណាចង់នៅខ្ញុំគេទេ តែគ្មានខ្មែរណាហ៊ានហើបទេ ព្រោះគេដឹង គេសំលាប់ចោលទៅ។
– គិតទៅអានិតគ្នាអ្នករត់នោះ។ ប្រហែលមិនដឹងជាគ្នាភិតភ័យយ៉ាងណាទេ ។ ខ្ញុំលបសួរមីងយីហ៊ុប ៗថា «មិនមែនចោរអែ
ណាទេ គាត់នោះឈ្មោះមានន្ទ» ។ គាត់ជាមេទ័ពណ៎ាពុក «មេទ័ពរបស់ព្រះកំពុត» ។ គេរកចាប់គាត់ដោយរំលោភតែម្ដង។ គាត់ជាមនុស្សសុ
ចរិតទេ។
– អ្នកណា ? មានន្ទ ? អូវពុកស្គាល់ហើយ មានន្ទត្រូវជាកូនបង្កើតរបស់ព្រះកំពុតនេះអែង ។ អោ! បើមានន្ទអានិតស្រនោះមែន
ពីព្រោះគាត់នោះខែងណាស់ ចិត្ដស្រលាញ់ញាតិខ្មែរណាស់។ គាត់និយាយតែពីខ្មែរ កាន់ជើងខ្មែរ ការពារខ្មែរ ដាស់ទឹកចិត្ដខ្មែរ។ ហ៊ី !មានន្ទ
ហ្ន៎ ! ។ អាក្រក់មែនពួកអាប្លន់នគរនេះ។ អោ !ដូចនោះហើយ បាជាគេរកចាប់។ តែមិនអីទេ ទេវតាខ្មែរគង់ជួយអោយមានន្ទរួចពីភយន្ដរាយ
មិនខាន ខ្មែរនឹងឈ្នះអស់មាសត្រូវមិនខាន។ អោលោកអើយ ! ខ្ញុំបន់មួយថ្ងៃដប់ដង មួយរយដង អោយខ្មែរយើងឈ្នះម្ដងលមើល តើវាទៅ
ណាទៅអាពួកចោរពិតៗនោះ ? សព្វថ្ងៃរិកវាធំណាស់ អោយតែមានជ័យវិញម្ដង បានតែចាប់សំលាប់ចោលទើបសមមុខវា។

កិច្ចសន្ទនារវាងបិតា និងបុត្រីមានជាហូរហែរហូតតាមផ្លូវទៅគ្មានឈប់ឈរឡើយ។ លុះរទេះយើងបានទៅដល់ភូមិភ្នៀត រទេះបរចូល
ទៅក្នុងផ្ទះមួយយ៉ាងគួរសម។ នាងមាលាចុះពីលើចំបើង និយាយទៅកាន់អូវពុកនាងថា :
– ពុកអញ្ជើញទៅលើផ្ទះចុះ ទុកអោយខ្ញុំយករទេះទៅទុក យកគោទៅអែក្រោល។
អុត្ដុង្គញញឹមរកបុត្រីជាសញ្ញាទទួលយល់ព្រម។ នាងមាលាបរទេះតំរង់ចូលទៅក្នុងខ្ទមតូចមួយនៅជិតនោះ។ ព្រះអាទិត្យដែ
លលិចទៅយូរហើយ បន្ដាលអោយក្ដីងងឹតគ្របដន្ដប់ពាសពេញ។ គេមើលឃើញ តែចន្លុះនារីដែលបញ្ចាំងពន្លឺក្រហមភ្លឹបភ្លែតៗ។
នាងដោះគោរួច នាងនាំទៅចងអែក្រោល ។ នាងត្រលប់មកវិញ អូស
រទេះបញ្ចូលក្នុងខ្ទមនោះ ។ ស្រាប់តែបុរសម្នាក់ឈរនៅពីមុខនាង ប្រលាក់
ចំបើងស្រមាម។ នាងភ្ញាក់ហៀបនឹងស្រែកឡើង តែនាងនឹកឃើញថាមិន
មែនចោរទេ។ នាងមើលមុខបុរសនេះ សំរេចបានជាមនុស្សស្លូតត្រង់។ ទឹក
មុខបុរសហាក់អង្វរអោយនាងជួយធុរៈមួយយ៉ាងធំ។ បុរសហត់អស់កំលាំង
។ ភែ្នកបរុសដែលមើលនាង ធ្វើអោយនាងអានិត ។ នាងសួរថា :
– អ្នកអែងមកពីណា ?
– អ្នកជិះខ្ញុំមក !
– ទេ ! ខ្ញុំអត់ជិះអ្នកអែងទេ
– បើមិនជិះខ្ញុំ ម៉េចអ្នកបានមកដល់ទីនេះ?
– អោ ! អីអ្នកអែងនៅពួនក្នុងចំបើង ?
មានន្ទសើចងក់ក្បាល។ នាងមាលាដឹងជាក់ថា មានន្ទប្រាកដ។ បុរសឃើ
ញថានាងតក់ស្លុតយ៉ាងខ្លាំង ដោយភ្នែកនាងដាក់ចុះ។ កាយវិការរបស់យុវតី
ធ្វើអោយមានន្ទដឹងថា នាងមិនដែលនិយាយជាមួយប្រុសណាក្នុងទីស្ងាត់ដូច
នេះសោះ។
– ចូរអ្នកកុំភ័យបារម្ភអ្វី
– ខ្ញុំមិនមែនខ្លាចទេ គឺលោកទេដែលត្រូវភ័យនាះ។ អិលូវតើលោកបំរុងអញ្ជើញទៅណាទៀត ?
– ដើររកអ្នកមានសប្បុរស និង នារីដែលមានរូបល្អ ចិត្ដល្អដូចអ្នក។
– លោកអាចជ្រកនៅក្នុងផ្ទះខ្ញុំនេះសិន ចាំខ្ញុំទៅជំរាបលោកអូវពុកខ្ញុំ។
មានន្ទចាប់ដៃនាងជាប់មិនអោយទៅ។
– ទេ ! កុំ ! ខ្ញុំសូមអរគុណណាស់ ដោយមានចិត្ដអនុគ្រោះមកដល់ខ្ញុំយ៉ាងនេះ ខ្ញុំមិនភ្លេចទេអស់មួយជីវិតខ្ញុំ ។ ទៅជំរាបលោក
ធ្វើអ្វីពីព្រោះខ្ញុំជាសត្វពស់ តែគេដឹងលឺ មុខជាអ្នកក៏មិនបានសុខ ។ ហេតុនេះខ្ញុំសុំតែទឹកមួយផ្ដិលទេ បើអ្នកមេត្ដាចែកទានផង។
– ច៎ាះ ! មានអីចាំខ្ញុំដងមកជូន
– សូមកុំទៅប្ដឹងគេណ៎ា !
– បើដូច្នោះ ខ្ញុំមិនទៅទេ ទុកអោយលោកស្រេកស្លាប់ចុះ !
– បើអ្នកមានចិត្ដករុណាមែន ៗ អ្នកអាចអញ្ជើញបាន។
នារីរត់យ៉ាងលឿន ផ្លោះកាំជន្ដើរចុះមកវិញ បានទឹកមួយផ្ដិលយ៉ាងស្អាត ។ មានន្ទផឹកទឹកក្អឿកៗ។ នាងមាលាមានចិត្ដមេត្ដាដល់
បុរសជាពន់ពេក។
– ខ្ញុំស្ដាយណាស់ដោយគ្មានពេលយូរ នឹងនិយាយជាមួយអ្នក។ អរគុណនឹងទឹកមួយផ្ដិលណាស់។
– ទៅណាវិញ ? កុំអាលទាន់ទៅ . . . ចាំ . . . ច៎ាះ
– វាសនាយើងបានជួបគ្នាតែប៉ុណ្ណេះទេ។ ខ្ញុំទៅមុខទៀត។
– ខ្ញុំត្រេកអរណាស់ដោយសារបានជួប រួចបានជូនទឹកមួយផ្ដិលដល់ខ្មែរម្នាក់ដែលស្រលាញ់ខ្មែរអែទៀត។
មានន្ទផ្ទៀងក្បាលស្ដាប់សំដីដ៏ពិរោះនេះ រួចនិយាយថា :

– បើផែនដីខ្មែរទាំងមូលមានកុលបុត្រ ប្រកបដោយចិត្ដដូចអ្នក ប្រហែលជាខ្ញុំមិនរងទុក្ខដូច្នេះទេ។ តែអិលូវខ្ញុំទើបយល់ជាក់
ថា ក្នុងដំនើរការជាតិដែលខ្ញុំកំពុងពុះពារនេះ ខ្ញុំហាក់ដូចឃើញកាន់តែជាក់ថា ពុំមែនមានតែខ្ញុំមួយទេ។
– ច៎ាះ ! គឺខ្ញុំមួយដែរ
– ជយោ ! នារីខ្មែរ !
– ជយោ ! វិរបុរសខ្មែរ ! អិលូវយកសេះអូវពុកខ្ញុំទៅ ។ លោកមានសោហ៊ុយទេ ?
– បាទ ! គ្មានទេ
– លោកយកកញ្ចប់កន្សែងខ្ញុំនេះទៅចុះ
ក្នុងពេលនោះនាងមាលាលឺសូរមាត់អូវពុកនាងហៅ
– មាលា ! មាលា !
– ច៎ាះ !
– មក ម៉េចក៏យូរម៉្លេះ ?
– អាល័យតែរលត់ចន្លុះពុក ចាំខ្ញុំរកភ្លើងអុជសិន
នាងធ្វើអោយរលត់ចន្លុះ ។ នាងស្ដាយដោយអស់ពន្លឺនឹងទៅរកមើលមុខបុរសទៀតមិនបាន។
មានន្ទវាចាតទៅទៀតថា :
– សូមលាអ្នកហើយ ។ ថ្ងៃណាមួយគង់ជួបគ្នាវិញទេ
– ច៎ាះ ! អញ្ជើញចុះ អោយបានសុខសប្បាយ
មានន្ទអោនគំនាប់នាងមាលាយ៉ាងគោរព ។ នាងមាលាស្ទើរស្ទុះទៅចាប់ដៃបុរសដែលសំពះនាង ។ តែនាងមានសេចក្ដីអៀន
ខ្មាស់ ដែលឃាត់នាងមិនអោយធ្វើដូចនោះកើត។ នាងរំជួលក្នុងចិត្ដអិតអុបមា។ កល្យាណឃើញបុរសយកអានដាក់លើខ្នងសេះ ឃើញបុរ
សលោតទំលើខ្នងសេះ ឃើញបុរសគំនាប់នាងជាលើកចុងបង្ហើយ ឃើញសេះចេញទៅទិសខាងកើតបាត់ក្នុងក្ដីងងឹត។
ភ្នែកនាងហាក់លែងបានឃើញពន្លឺរស្មីនៃសេចក្ដីស្នេហាដ៏ល្អមួយរួចមានតែសេចក្ដីស្ដាយមួយម៉ាត់ទេដែលរស់នៅយ៉ាងរវើកក្នុងចិត្ដនាង។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: