មាលា​ដួង​ចិត្ត​ ទំព័រទី៨


ស្ថានការណ៍កាន់តែអព្ទអួឡើង

តាំងពី ទីឃាវុធ បានប្រគល់ប្រាក់ ៥០០ រៀល អោយ ហុង ឈី វិញ ពីរខែ បានកន្លង ផុត ទៅហើយ ។ ក្នុងពេល ដែលចូលមកជួប នឹងលោក បាល័ដ្ឋ លើកក្រោយ នេះ ឈ្មួញទុច្ចរិត បានធ្វើមុខ ក្រមូវ ហាក់ដូចជា ចង់ និយាយ ថា ៖ ” យី អានេះ ចំជា ភ្លើ មែន ! គេយកនំមកអោយ ស៊ី ហើយ នៅមិន ចេះស៊ីទៀត ។ មិនអីទេ អានាង ! ចាំមើលចុះ គង់តែ អញ បានសម្រេច ដូច ប្រាថ្នា ទេ ” ។ តែ ទីឃាវុធ ដោយពេលនោះ ជាប់រវល់ការងារ ឯ ទៀត ច្រើន ក៏ពុំ បាន ចាប់អារម្មណ៍ នឹងកិរិយា ព្រហើន កោងកាច នេះឡើយ ក្នុង ចិត្ត គិតថា មុខតែ ក្រុមប៉ូលីស នឹងបាន សំលៀកបំពាក់ ធ្វើដោយ សំពត់ស្វិត ហើយធន់ បានយូរ ដូចរាជការ បានកំណត់ ហើយ ផ្តល់គំរូ មកជាពុំខាន ។
ថ្ងៃមួយ ក្នុង ខែ ឩសភា គឺ នៅពេល ដែល អ្នក ម៉ៅការ ជិតត្រូវយក ឯកសណ្ឋាន សេន្យានុភាព ប៉ូលីស មកជូន រាជការ ស្រាប់តែ ប្លង់តុង ចូលមកជំរាប លោក បាល័ដ្ឋ ថា ទាន ចៅហ្វាយ ខេត្ត ត្រូវការជួប ។ ដើម្បី តបនឹងសេចក្តីគោរព នៃ សហការី , ” ប្របាទម្ចាស់ ” គ្រាន់តែ ងក់ក្បាល ហើយធ្វើមុខ មាំ ដាក់អោយ ៖
_ វុធ ! វុធ ឯង ជាប្រធាន គណះកម្មការទទួល ខោអាវ ប៉ូលីស ។ អាទិត្យ ក្រោយនេះ គេនឹងនាំ របស់ ទាំងនោះយក មកអោយពិនិត្យ ហើយ ។
លោកចៅហ្វាយខេត្ត ឈប់មួយសន្ទុះ ដូចជាគិត រកពាក្យសិន ។ ក្នុងការ ប្រាស្រ័យ ជាមួយជាមួយអ្នក រាជការក្រោម បង្គាប់ មន្ត្រីធំ នេះ មិនដែលនិយាយថា ខ្ញុំទេព្រោះយល់ថា ជាការ បន្ទាបបន្ថោក ខ្លួនពេក ។ ឥឡូវ នឹងប្រើពាក្យ អញ ៗ ទៅក៏ដូចជា ជួរ គ្រាតគ្រើម ពេកដែរ ម្ល៉ោះហើយ ក៏ដាច់ស្រេចថា ត្រូវ តែជៀសកុំ និយាយពាក្យទាំងពីរនេះ តែម្តង ។ ហាក់ដូច ជាមានកិច្ច ព្រមព្រៀង មួយដោយ ឥតចេញស្តី អ្នករាជការ សាលាខេត្ត តែងស្តាប់បានថា បើកាលណា ក្នុង ប្រសាសន៍ លោក ចៅហ្វាយខេត្ត គ្មានប្រធាន ក្នុង ប្រយោគ ណាមួយទេ នោះត្រូវ បកស្រាយ ថា លោកចង់ថា ខ្លួនលោក ជាប្រាកដ ហើយ ។
មួយស្របក់ ក្រោយមក ប្របាទម្ចាស់ និយាយថែម ៖
_ ….. បានពិនិត្យ សាច់កំណាត់ សំពត់រួចហើយ ….. ឃើញថាមិនខុស ពីគំរូ រាជការ ប៉ុន្មានទេ ….. យល់ថា ស៊ីញ៉េ ទទួល យកបាន ។
_ ទានប្រោស សំពត់ ហុង ឈី នោះមិនល្អទេ ផុយណាស់ ក្រែងតែថៅកែ នេះទិញសំពត់ផ្សេង ហើយមានសាច់ស្វិត ជាជាង ដែលយកមកអោយ ខ្ញុំប្របាទ ម្ចាស់ពិនិត្យ នោះពុំដឹង ។
_ គ្មានកំណាត់ណា ថ្មីទៀតទេ ….. ឃើញថាគួរសមល្មមហើយ ។
_ ទានប្រោស បើសំពត់ផុយ ដដែលទេ ខ្ញុំប្របាទម្ចាស់ មិនហ៊ានចុះ ហត្ថលេខា ទទួលយកទេ ។
ព្រោះកំហឹងចូលមកជ្រួតជ្រាប លោក ចៅហ្វាយ ខេត្ត ព្រមាន ដោយមុខក្រញ៉ូវ ៖
_ វុធ ឯង ខ្ចី សេចក្តីណាស់ ម៉េចក៏ក្អេងក្អាង ដល់ម្លឹង !
_ ទានប្រោស ទេ ខ្ញុំប្របាទម្ចាស់ យល់ឃើញថា បើព្រមទទួល របស់ផុយ ពព្រិចយ៉ាងនេះទៅ មុខជានាំអោយខូច ប្រយោជន៍ រាជការផង ហើយខូច ប្រយោជន៍ ប៉ូលីសផង ព្រោះមិនឋិតឋេរ បានប៉ុន្មាន ថ្ងៃទេ ។
_ ចៅហ្វាយខេត្ត ច្រឡោតតូង ៖
_ យី ក្មេងនេះ មាត់ពុំទាន់បាត់ធុំក្លិន ទឹកដោះផង ហ៊ានមកប្រដៅ ឯង ។ ទៅចុះ មិនចាំបាច់ ជួបមុខយូរទៀតទេ ។
ពីរម៉ោងក្រោយ មក ទីឃាវុធ ក៏បានទទួល លិខិតបង្គាប់ អោយចេញដើរត្រួត ពន្ធដែលទារបាន តាមឃុំនានា ក្នុងស្រុក បាកាន និង ក្រគរ ។ បេសកកម្ម នេះ ទំរាំ នឹងបំពេញរួច ត្រូវលេបពេល អស់ ពីរសប្តាហ៍ យ៉ាងតិច ពោលគឺល្មមតែផុត ថ្ងៃណាត់ ដែលត្រូវទទួល ឯកសណ្ឋាន ប៉ូលីស ។ យ៉ាងនេះ មែនហើយ ទើបមាន ដីកាខេត្ត មួយ តាំងលោក ភូឈួយ ខេត្ត ជាអ្នកទទួល ភណ្ឌះទាំងនោះ វិញជំនួស ទីឃាវុធ ដែលជាអ្នកមាន សមត្ថភាព ដោយយកលេស ថា បាល័ដ្ឋ នេះ ជាប់រវល់ ទៅបំពេញមុខនាទី មួយយ៉ាង សំខាន់ ។ មានដំណឹង ល្ហិចល្ហៀង ថាក្នុងរឿង ទិញ ខោអាវ ប៉ូលីស នេះ ប្របាទម្ចាស់ បានទទួលជំនូន មួយខ្ទាស់ធំ ពីសេចក្តី នឹកគុណនៃ ហុង ឈី ។ បើនឹកដល់រឿងនេះ កាលណា បាល័ដ្ឋ ក៏ក្តៅ ក្រហាយ តែមិនដឹង ធ្វើដូចម្តេច កើត ។
ក្នុងពេល ដែល ទីឃាវុធ រងទណ្ឌកម្ម ដើរត្រួត ពន្ធ នៅ គ្រប់ឃុំ ក្នុង ស្រុក បាកាន និង ក្រគរ ទាំងនេះព្រោះខ្លួន មិន ព្រម ទទួលសំណូក ៥០០ រៀល ហើយរឹង ទទឹង មិនបណ្តោយ អោយ នាយ ចៅហ្វាយ បានលាភ ដោយ ធូរ ។ ស្ថាន ការណ៍ ក្នុងសាកលលោក ក៏កាន់តែ ធ្លាក់ ដុនដាបទៅ ។ នៅទ្វីប អឺរុប កងទ័ព អាកាស និង កងទ័ព រថក្រោះ អាល់ឡឺ ម៉ង់ បានទំលាយបានស្រួល ៗ នូវការ តស៊ូ នៃកងទ័ព ហុលឡង់ បិលហ្ស៊ិក និង បារាំង ។ នៅ ឥណ្ឌូចិន យីពុន ឡើង ចាង កាន់តែ ព្រហើន ហើយ ដាក់កម្រិត អោយគេ ឯងកាន់តែ ធ្ងន់ ៗ ឡើង ។
ឯ ប្រទេស សៀមដែល ឆ្លៀវឈ្លាស រក្សាខ្លួន បានគង់វង្ស ឯករាជ្យ រហូតមក ក៏ដើរការប៉ិនប្រសប់ ក្នុងពេលនេះទៀត ។ គិតមើលចុះ តាំងពី រលាស់ខ្លួន ចេញរួច ពីចំណុះអាណាចក្រ ខ្មែរ កាលណាមក សៀម ចេះតែបាន ចំរើន រុងរឿងជានិច្ច។ នៅទ្វីបអាស៊ី ប៉ែកខាង អគ្នេយ៍ និង ខាងកើត មានតែសៀម និង យីពុន ទេ ដែលចេះកាច់ចង្កូត រេ គេច រួច ពីចំណីនៃមាត់ ចក្រពត្រនិយម របស់បស្ចឹម ប្រទេស ។ ដូច្នេះ យើង មិនត្រូវ ងឿងឆ្ងល់ ទេ បើឃើញប្រទេស ទាំងពីរនេះ រួមគំនិត ចែក ហ៊ុន គ្នា ដណ្តើម យកនំ ឥណ្ឌូចិន ទៀត ។ ដើម្បីសំរេច គោលបំណង នេះ សៀម បានត្រៀមរៀប ជើងចែវ តាំងពី ចម្ងាយ ។
ដូច្នេះ ហើយ បានជានៅ ចុងខែ មិថុនា គ.ស ១៩៣៩ នាយករដ្ឋមន្រ្តី សៀម បានប្រកាសថា ចាប់ពីថ្ងៃទី ២៤ ខែ ដដែល នេះតទៅ ប្រទេស សៀម ដែល បរទេស ហៅថា ស្យាម ឬ សៃអេម នោះត្រូវ ប្រែហៅថា ថៃឡងដិ៍ ឬ ថៃឡេនដ៍ វិញ ។ ចំពោះ ខ្លួន ឯងវិញ សៀម ក៏បន្លំ ហៅថា ប្រថេតថៃ ត្រង់នឹងពាក្យ ខ្មែរ ប្រទេសថៃ ។ គោលបំណង ក្នុងការកែប្រែ ឈ្មោះ យ៉ាងនេះ គឺមានគំនិត កំបាំង ចង់លេប ប្រទេស លាវ និងភូមិភាគ ខ្លះ ក្នុង ដែន តុងកឹង ដែលជាទី លំនៅ របស់ ប្រជាជន ពូជ អម្បូរ ថៃ ដែរ ព្រមទាំង ប្រទេសកម្ពុជា ទៀតផង ។
ថ្វី បើខ្មែរ យើង ពុំមែន ជាប់ ពូជពង្ស អ្វី នឹង ថៃ ឬ លាវ ទាល់តែសោះ តែ សៀម យកសំអាងថា កាន់សាសនា ដូចគ្នា និយាយ ភាសា ស្រដៀងគ្នា ។ ដូច្នោះ សៀម ក៏សម្លឹង ម៉ក់ ៗ ឃ្លាំ ឱកាស នឹង ស្ទុះ មក ត្របាក់ ពាំយក កម្ពុជា ទាំងមូល តែម្តង ។
នៅ ថ្ងៃទី ១២ មិថុនា គ.ស ១៩៤០ រដ្ឋសភា សៀម បានធ្វើ សច្ចាប័ន ចំពោះ កត្តិកាសញ្ញា មិនឈ្លានពានគ្នា រវាង បារាំង ថៃ ។ អត្ថបទនេះបានផ្តល់ សារះប្រយោជន៍ ដល់ប្រទេស សៀម សំខាន់គ្រាន់បើ ដែរ ដូចជា សម្រេចថា បង្ខិត ព្រំដែន សៀម លាវ រហូតមក ដល់ ខ្សែ ភាគជ្រៅ នៃទន្លេ មេគង្គ ជាដើម ។ ប៉ុន្តែ ដោយឃើញថា ក្នុងពេលនោះ បារាំង បរាជ័យ ចាញ់ អាល់ឡឺម៉ង់ ហើយ លែងមាន ពិសពរ អ្វីទៀត នៅភូមិភាគ ចុងបូព៌ា ប្រទេស សៀម ក៏រើ ទាមទារ ថ្មីទៀត ដូចជា យក ទន្លេមេគង្គ ជាបន្ទាត់ ព្រំដែន រហូត ក្នុង អាណាខេត្ត លាវ ។ បើបារាំង ព្រម អោយ តាមសេចក្តី ទាមទារ នេះមែន សៀម ត្រូវ លេប ដែនដី លាវ ដែល នៅចំពីមុខ ក្រុង ហ្លួងព្រះបាង និង ប៉ាកសេ ។
មិនត្រឹមតែប៉ុណ្ណោះឡើយ នៅក្នុងខែ សីហា យន្តហោះ សៀម បានលួច រំលោភ មកបាច ខិតប័ណ្ណ លើដែន កម្ពុជា ទាមទារ យក ខេត្ត បាត់ដំបង និង សៀមរាប ថែមទៀត ។ វិទ្យុ និង កាសែត បាងកក ព្រូស ឡូ ៗ នូវពាក្យ ត្មះ តេះ ដៀល ដល់បារាំង ដែល អាឡឺម៉ង់ វាយ បាក់លោងទៅហើយ ។
ដូចបាន ពណ៌នា មកហើយ ទីឃាវុធ ជាអ្នកឩស្សាហ៍អាន កាសែត ហើយស្តាប់ វិទ្យុ យក ពត៌មាន ណាស់ ។ អំពើ កំណាច របស់ សៀម តែងនាំ អោយ នាម៉ឺន កម្លោះ គ្នាន់ ក្នាញ់ ពន់ប្រមាណ ។ ហេតុតែ នៅក្មេង ហើយមាន ឩត្តម គតិ បរិបូណ៌ ដោយ សេចក្តី សុចរិត ស្លូតត្រង់ តាមដំបូន្មាន សីលធម៌ ដែលធ្លាប់បាន សិក្សានោះ ទើប ចៅមាណព យើងនៅមិនទាន់យល់ ថា ចរិយាសាស្រ្ត ដែលគ្រូ អាចារ្យ ប្រៀនប្រដៅ មានប្រយោជន៍ តែមួយមុខគឺគ្រាន់តែ ធ្វើអោយ យុវជន មានអំពល់ ប៉ុណ្ណោះ ។
ឯ អ្នកកាច់ចង្កូត ប្រទេស ដែលមាន ឬទ្ធិ មានអំណាច វិញ ប្រកប កិរិយាដូច ចោរហនេយ្យុំ សុទ្ធវិស័យ ។ អោយតែ បានឱកាសចុះ ក៏ស្ទុះ ទៅ សង្គ្រប់ ក្រញីអ្នកតូច ខ្សោយជាង ហើយ ប្លន់ដណ្តើម យកទឹកដី គេតែម្តង ។
ក្នុងពេលដើរទស្សនាការ តាម ឃុំនានា ដូចបាន ទទួលបង្គាប់មក ទីឃាវុធ តែងទំពារអៀង នូវសេចក្តី ក្តៅក្រហាយ ពីរយ៉ាង ៖ ខឹងមួយនឹងចៅហ្វាយ នាយស្តីបន្ទោស ទាំង ទទឹងទិស ហើយ ខឹងមួយទៀត ដោយប្រទេស សៀម ដែល ខ្លួន រាប់អានជាមិត្ត យ៉ាងស្មោះអស់ពីពោះ បែរជា ចង់ទាមទារចំណែក ផ្តាច់ខេត្តជាទីស្នេហា និងជាទីគោរព ពីមាតុភូមិ ថែមទៀត ។ កម្លាំង កំហឹងនេះ នាំអោយ លោក បាល័ដ្ឋ គិតសុំ លាកលា ចេញពីមុខតំណែង បច្ចុប្បន្ន ។ នេះនៅ ពុំទាន់ បានទទួល ដំណឹង ផងនូវដំណឹង សំខាន់មួយទៀត លើសលុប ដែលរង់ចាំ ខ្លួន ឯណោះ ។
ក្រោយដែលបាន ដើរដេក ដោយស្រុកស្រែ អស់ ១៧ ថ្ងៃ មក ល្ងាចមួយ នាម៉ឺន កម្លោះ ក៏បានត្រឡប់ មកដល់ផ្ទះ ពូ ហ៊ីង មីងក្អាត់ វិញ ។ លុះបាន ងូតទឹក ជម្រះកាយ ស្រួលបួល ហើយ ទីឃាវុធ ក៏ចាប់រើ បាច់សំបុត្រ និងកាសែត ដែល ប្លង់តុង សាលាខេត្ត បានយក មកផ្ញើទុក អោយមីង ក្អាត់ ។
ទីឃាវុធ បានសង្កេត អក្សរ លើស្រោម សំបុត្រ ស្គាល់ជាក់ ជាអក្សរ វេគី ជាមិត្តស្និទ្ធ របស់ខ្លួន ។ វេគី បានបោះ បង់ កិច្ចសិក្សា ដំណាលគ្នា នឹង ទីឃាវុធ ដែរ ហើយបានមកសុំ ធ្វើការនៅ ក្រុមសម្ងាត់ ។ គ្រាន់តែចាប់សំបុត្រ នោះភ្លាម ក៏ហាក់ដូចជាមាន បុព្វវិញ្ញាណក្ខ័ន្ធ មួយមកអង្រួន អោយ នាម៉ឺន កម្លោះ រន្ធត់ញាប់ញ័រ ដោយបារម្ភ ។ អារម្មណ៍ ថប់ព្រួយ ក៏ក្លាយជាការពិត ដ្បិតសេចក្តី សំបុត្រ នោះ នាំអោយ ទីឃាវុធ រោលរាល អន្ទះអន្ទែង ក្នុងខ្លួន ក្រៃលែង ។
ដោយមិនអស់ចិត្ត ទីឃាវុធ លើកសារកំណាច មកអានជាថ្មី ម្តងទៀត ដោយផ្ចិតផ្ចង់ ។ វេគី បានសរសេរថា ៖

សំឡាញ់

ដូច ឯងបានស្តាប់លឺតាមវិទ្យុ ឬអានដឹងតាម កាសែតស្រាប់ហើយ ប្រទេស សៀម កំពុងឆ្លៀត ឱកាសក្នុងពេល បារាំង អន្ធការ ដើម្បីវាតអាណាចក្រ រំលោភ មកលើដែនខ្មែរ និងលាវ ។ មិនគួរធ្វើយ៉ាងនេះសោះ ! ប្រទេស ដែលយើងទុក ជារៀមច្បង បែរជាចង់ត្របាក់ ប្អូនតូច ៗ មើលតែត្រីឆ្តោ តែម្តង ។ ប៉ុន្តែគិត សព្វ ៗ ទៅ គ្មាន អ្វីនឹងនាំអោយ ឆ្ងល់បានទេ ដូចមានប្រវត្តិសាស្រ្ត ជាសក្ខីភាព ស្រាប់ហើយ ។ សុរិន្ទ គោកខណ្ឌ បូរីរ័ម្យ បស្ចិមបូរី ច័ន្ទបូរ សុទ្ធតែជាភស្តុតាង ឥតលុបទៅណាបានទេ ចំពោះការស្រេកឃ្លាន របស់ប្រទេសនេះ ។ សំឡាញ់អើយ ប្រទេសជិតខាងមានគំនិត ទុច្ចរិត យ៉ាងនេះ យូរយារណាស់មកហើយ ។ គេដើរកលឩបាយ គេ ល្អិត ជិតល្អណាស់ បានជា ខ្ញុំហ៊ានថា ដូច្នេះ ព្រោះមាន ការណ៍មួយ ដែលក្រុម សម្ងាត់ បានស៊ើបអង្កេត ហើយ ទទួលពត៌មាន យ៉ាងជាក់ច្បាស់ ។ ការណ៍នេះទាក់ទង មកលើខ្លួនឯង លើថ្លើមប្រមាត់ឯង មិនល្អៀងទេ ។
លោក ទេព កោសល្ល ពិតជានាយទាហាន សៀម មែន តែគាត់មិនបានភៀសខ្លួន ដោយជាប់ចោទថា បានរួម គំនិត នឹងពួកបះ ធ្វើរដ្ឋប្រហារ ទេ ។ គាត់ជា ចារបុរស ដែលបន្លំធ្វើជាអ្នក ភៀសខ្លួន ក្នុងពេលមាន កលិយុគ ដើម្បីមកលួច ស៊ើប ដំណឹង នៅប្រទេសយើង ។
ក្នុងពេលចុងក្រោយនេះ គាត់បានយកញញឹម កូនស្រី គាត់ដែលភ្លឺចិញ្ចាច ដូចអរុណរះ ដើម្បីជាឩបករណ៍ រំលាយ ដួងចិត្តយុវជន យើង ប្រយោជន៍ ស៊ើបការអោយបាន លទ្ធផលកាន់តែប្រសើរឡើង កាលពីវ៉ាកង ខែ អាវ្រិល មុននេះ យើងបានជូនគាត់ ដើរលេង ក្នុងខេត្ត សៀមរាប គាត់ឆ្លៀតឱកាសនោះ ដើរថតវាល កប៉ាល់ ហោះ និង បន្ទាយទាហាន ។ ខ្ញុំមិនបន្ទោស ឯងទេ ប៉ុន្តែតោង យើងប្រយ័ត្ន ប្រយែង ខ្លួនទៅថ្ងៃមុខទៀត ។ តាមសង្កេតមើលទៅ នារី សៀម អាច ប្រៀបបានទៅផ្កា ប្រភេទខ្លះ ដែលមានទ្រង់ទ្រាយ យ៉ាងល្អ មានក្លិន យ៉ាងក្រអូប សម្រាប់ជានុយ អោយ ឃ្មុំ ឬ សត្វល្អិត មកចោមរោម ហើយក្តោប ត្របក ក្រសោប ចាប់សត្វ ទាំងនោះ ហើយ រំលាយ ជាអាហារទៅ …….

ស្រីចង្រៃ …..ស្រីកាឡកិណ្ណី …..ស្រីថ្លើមខ្មៅ …..យ៉ាងនុ៎ះ មែនឬអី ? ចិត្តឆ្លើយភ្លាម ថាពុំមែនទេ ! ពុំមែនទេ ! ដ្បិត អី កិរិយានាង ទន់ភ្លន់យ៉ាងនេះ សេចក្តីស្មោះត្រង់ យ៉ាងនេះ មិនសមនឹងមាន គំនិតអាក្រក់ លាក់លៀម បានឡើយ ។ ឯ ឳពុកសោត ក៏គួរកត់សំគាល់ បានថា ជាអ្នក មានចិត្តធម៌ ចិត្តភក្តី ឥតវៀចវេរ បានទេ ។ ទីឃាវុធ អន្ទះអន្ទែង វិលវល់ ក្នុងសេចក្តី សង្ស័យ ហើយបង្រះ តែ ឯកាក្នុងគ្រែមួយ ដែលមានសភាព ដូចជាក្រាល នូវបន្លា ដែលចាក់សាច់ មុតពេញខ្លួន រកផ្អៀង ទៅខាងណា ក៏ពុំផុត រំខាន បានឡើយ ។ ដោយធ្លាប់ អានសៀវភៅ និង មើលកុន ហើយ ដែលនឹកដល់រឿង ម៉ាតា ហារី ក្នុងសង្គ្រាមលោកលើកទីមួយ បាល័ដ្ឋ កម្លោះ ក៏មានអារម្មណ៍មួយប្លែក ។ គេថា ពួកចារបុរស ឬ ចារស្រ្តី ប្រសប់លាក់ គំនិតណាស់ ក្លែង ធ្វើឬកពាអោយ ឯងភ្លេចខ្លួន ។ អីចឹងមែន ហើយហ្ន៎ ! នាង ចារនារី ចន្ទមណី ជាបុត្រី ចារបុរស ទេព កោសល្ល វិចិត្រករ ។
ក្រុមសម្ងាត់ ធ្វើការម៉ត់ចត់ ល្អណាស់ មិនងាយចោទ ព្រាវ ៗ កើតទេ ។ មួយទៀត វេគី ជាមិត្តស្និទ្ធស្នាល របស់ ខ្លួន មានការណ៍ស្ងាត់កំបាំង យ៉ាងណា ពុំដែលលាក់លៀម នឹងគ្នាទេ ។ ឯ ទីឃាវុធ ធ្លាប់បាននិយាយប្រាប់ សម្លាញ់ ថាខ្លួន ចាប់ចិត្ត គួចស្នេហា នាង ចន្ទមណី ។ ទាល់តែច្បាស់ការណ៍ ពិតប្រាកដហើយ ទើបហ៊ាន មក រំលាយ បេតី ដ៏ធំ ទូលាយរបស់ខ្លួន ។ ពិតជាក្រុម ចារកម្ម ទាំង ឳពុកទាំងកូន មែនហើយ ទើប ឥឡូវ លែងអោយ ដំណឹងមកសោះ ។ ខ្លួនអើយ ខំស្រឡាញ់គេបង់ចិត្ត ! ឥឡូវគប្បី រកវិធី កែខ្លួន សងសឹក សេចក្តីស្នេហា ថ្លាបរិសុទ្ធ ដែលមានមនុស្សពាល យកមកឈ្លី លេងជាល្បែង ។
មួយទៀត ខ្លួន នឹងទ្រាំធ្វើការ នៅ ពោធិ៍សាត់ តទៅទៀត ក៏ពុំកើតដែរ ។ ចៅហ្វាយនាយ ស្អប់ខ្លួនហើយ មុខគេ នឹងគុំ រករឿង ផ្លាស់ចេញជាពុំខាន ដើម្បី ចាំទទួល លាភ ក្រៅ រាជការ ដោយឥតមាន នរណា ចាំជំទាស់ ។

************************************************************

តាំងពីដើមខែ កញ្ញាមក ទីឃាវុធ បានស្ម័គ្រចិត្តចូលធ្វើទាហាន ។ ដូចសាមីខ្លួនបានគ្រោងទុកជាមុន លោក ចៅហ្វាយខេត្ត អរណាស់ ដោយប្រទះឃើញយ៉ាង ងាយ ៗ នូវ មធ្យោបាយគាស់ បំបាត់មនុស្ស ទាស់មុខទាស់មាត់ យ៉ាងនេះ ។
រាជការ ទាហាន បានបញ្ជូន នាយកម្លោះយើង អោយមកហាត់ ហ្វឹកហ្វឺន នៅបន្ទាយ រមាស ក្នុងខេត្ត កំពង់ឆ្នាំង ។ ភូមិ រមាស ជាទីប្រជុំជន សំខាន់មួយ តាំងនៅ លើផ្លូវ រថភ្លើង ទៅបាត់ដំបង ។
ដោយសារ សេចក្តី ផ្ចិតផ្ចង់ ព្រោះជាកិច្ចបន្លប់ទុក្ខផង ហើយជាវិធានការ អាចអោយខ្លួន បានយកអាសា បំរើ មាតុភូមិ ដោយកម្លាំងផង ទីឃាវុធ បានហាត់ក្នុងកំឡុង បីខែ ក៏ចេះយ៉ាងជំនាញ ក្នុងក្បួនទាហាន ។ ក្នុងថិរវេលា ដដែល នេះស្ថានការណ៍ កាន់តែ ធ្លាក់ដុនដាប ទៅរក បុថុជ្ជន និង គ្រោះថ្នាក់ ។
នៅចុងខែ កញ្ញា សៀម បានបើកឆាក បង្កបង្កើត ឩបត្តិហេតុ កាន់តែ ញឹកញាប់ឡើង តាមដងទន្លេ មេគង្គ ក្នុងដែន ប្រទេស លាវ ។ ការលប វាយឆ្មក់គ្នា ក៏ក្លាយទៅជាការ បៀតបៀន ពេញទំហឹង ។ ក្រុមសេនាធិការបារាំង បានបញ្ជូន ទ័ពពី តុងកឹង មកដាក់ផ្តុំ នៅភូមិភាគ សិរីសោភ័ណ ព្រមទាំងបញ្ជូន ទាហាន ខ្លះទៀត មានទាំង បារាំង ទាំងកងអាសាបរទេស ហើយពួក យួនធ្មេញខ្មៅ ផង មកពង្រាយជាក្បួនការពារ សន្តិសុខ តាមព្រំដែន ខ្មែរ សៀម និង នៅត្រើយ ខាងឆ្វេង ទន្លេ មេគង្គ នៅប្រទេស លាវ ។ ក្នុងពេលតែមួយនេះ កងទ័ព សៀម ដែលសម្បូណ៌ ដោយ យោធភ័ណ្ឌ បានលើកចូលមក រុករាន អាណាខេត្ត លាវ នៅត្រើយ ខាងស្តាំ ទន្លេ ។ ប៉ុន្តែទោះ ជាខំខ្នះ ខ្នែង ដូចម្តេច ក៏មិនទាន់ ឡើងមកត្រើយ ខាងកើត បានឡើយ ។
លុះចូលមកក្នុងខែ វិច្ឆិកា ស្ថានការណ៍ ក៏កាន់តែ ល្អក់ខ្វល់ បណ្តាល អោយបារម្ភ គ្របសង្កត់ទ្រូង ប្រជាជន គ្រប់គ្នា ។ ធ្នូ ១៩៤០ បានឃើញ ឩបត្តិហេតុ ដែលមានកាន់តែ ញឹកញាប់ ឡើង ក្លាយទៅជា សង្រ្គាម មួយពេញ លក្ខណះ ។ បើខាង សៀម ធ្វើមកយ៉ាងណា ខាង បារាំង ក៏សងយ៉ាងនោះ ទៅវិញ ភ្លាម ។ គឺនៅពេល នេះហើយ ដែល កង ឯកភាព របស់ ទីឃាវុធ បានទទួលបង្គាប់ អោយមកផ្តុំ ក្នុងបរិវេណ សិរីសោភ័ណ ដែរ ។
ដោយកាលមុន បានបង្គោះបង្កៀរ យកសម្ភារះ ភាគច្រើន ទៅច្បាំង ឯអឺរុប កងទ័ព បារាំង នៅក្នុង ឥណ្ឌូចិន ទាំងមូល មានតែ រថក្រោះ ១៥ យន្តហោះប្រដេញ សញ្ញា ម៉ូរ៉ាន ១៥ យន្តហោះ ប្រេតេ ៤ សម្រាប់ ទម្លាក់គ្រាប់បែក ព្រម ទាំង យន្តហោះ ប៉ូតេស បួន ដប់ ទៀត ។ ឯ រថក្រោះ ១៥ គ្រឿងនោះ ចាស់រិចរឹល ណាស់ ទាល់តែ បរដោយ កម្លាំង យន្តខ្លួន ឯង ពុំកើត ទៅហើយ ។ ម្ល៉ោះហើយ តោង លើកយកទៅដាក់ បន្ទំអោយជិះលើ ឡាន កាំម៉្ញុង ។ នេះគឺជា រឿង អាខ្វាក់អាខ្វិន ទំនើបថ្មី ។ ព្រោះពេលកន្លង រំលងផុត មកយូរហើយ ក៏គួរអស់ សំណើច ដែរ តែក្នុង សម័យ នោះ ខ្មែរគ្រប់រូប នៅក្នុង ភូមិភាគបាត់ដំបង សៀមរាប ភ័យភ្នែក ស្លោនៅលើថ្ងាស់ ។
តាំងពីថ្ងៃ ២៧ វិច្ឆិកា មក កងទ័ពអាកាស ថៃ ចាប់ទំលាក់គ្រាប់បែក លើទីក្រុង នានា ក្នុងដែន ឥណ្ឌូចិន មាន ថាខែក និង សវណ្ណខេត្ត ( ស្វ័គខេត្ត ) ជាដើម ។ ពីរថ្ងៃ ក្រោយមក សៀម ផ្តាច់គមនាគមន៍ ដោយ វិទ្យុ និង ទូរស័ព្ទ ហើយនៅថ្ងៃទី ២ ធ្នូ អគ្គរាជទូត សៀម ប្រចាំ ប្រទេស បារាំង បានដើរចេញ ពីក្រុង វីស្ហ៊ី ជារាជធានី បណ្តោះអាសន្ន របស់ បារាំង ដោយយក លេសថា ត្រូវធ្វើដំណើរ ។
ក្រុមសេនាធិការ បារាំង ក៏ខំប្រមែប្រមូល ទាហាន និង យោធមធ្យោបាយ ដែល សេសសល់ មកផ្តុំនៅ កន្លែង ណាដែល អាចរងគ្រោះ ថ្នាក់មុនគេ ។ នៅថ្ងៃ ២៨ ធ្នូ សៀម បានចិត្តកាន់តែហ៊ាន ខ្លាំងឡើង បានលើកចូលមកវាយ ប៉ុស្តិ ភេលេង (ឥឡូវហៅក្លាយជា ប៉ៃលិន ) ដោយចេញមុខ ។
ឆ្នាំ គ.ស ១៩៤១ បានផ្តើមឡើង ដោយឃើញទ័ព សៀម ចូលបៀតបៀន ពេញទំហឹង ។ នៅថ្ងៃ ៨ មករា បច្ចាមិត្ត ចូលមកដុត បំផ្លាញ បន្ទាយទាហាន ក្រុមរក្សាស្រុក នៅ ប៉ោយប៉ែត ហើយកង អាកាសគេ ព្រហើន ហោះ មក ទម្លាក់ គ្រាប់បែក នៅក្រុង សិរីសោភ័ណ មង្គលបូរី បាត់ដំបង ស្ទឹងត្រែង បណ្តាលអោយ ពលរដ្ឋ ខ្មែរ ក្មេង ចាស់ តូចធំ ដែល ឥតមាន ទាក់ទង ក្នុងរឿង នេះសោះ ស្លាប់បាត់បង់ជីវិត អស់ច្រើននាក់ ព្រោះតែសេចក្តី ឈ្នានីស និង លោភា ។ ថ្ងៃ ៩ និង ១០ ខែ ដដែល ក្រុង សៀមរាប ក៏ទទួល សេចក្តី វិនាស ពីលើ អាកាស យ៉ាងដំណំ ណាស់ដែរ ។ ក្នុងថ្ងៃ លើកក្រោយនេះ កងយន្តហោះប្រដេញ បារាំង បានបាញ់ បំផ្លាញ យន្តហោះ ទម្លាក់គ្រាប់ បែក សៀម បានមួយគ្រឿង ។ ចំណែក កងអាកាសយានបារាំង វិញ ដោយមាន មធ្យោបាយ ស្តួចស្តើង ពេក ហ៊ាន លួច ទៅព្យាបាទ ដែន បច្ចាមិត្ត តែក្នុងពេលយប់ ងងឹត ។
បារាំង បានផ្តុំទ័ព នៅពីមុខ ក្រុង សិរីសោភ័ណ ក្រាស់ក្រែលគ្រាន់បើ ដែរ ព្រោះមានបំណង ចង់វាយលុក ចូលដែន ខ្មាំង តាម ប៉ោយប៉ែត អរញ្ញ ។ ដើម្បី អោយផែនការ នេះបានប្រកប ដោយជោគជ័យ កងនាវា ក៏ទទួលបង្គាប់ អោយដើរ ឩបាយកល បញ្ឆោត ធ្វើកិរិយា ហាក់ដូចជា នឹង នាំទ័ព ទៅឡើង គោក ត្រង់តំបន់ ចន្ទបូរ ។ ហេតុនេះ ហើយ បានជាមានការ ប្រយុទ្ធ គ្នានៅ កោះចាង ក្នុងឈូងសមុទ្រ សៀម នៅថ្ងៃទី ១៧ មករា ។ ក្នុងឱកាសនោះ កងនាវា បារាំង ដែលមាន នាវា ពិឃាត ឡាម៉ុត ពីកេ ជាមេកន្លោង បានបំផ្លាញ និងពន្លិច នាវា ពិឃាត សៀម អស់ បីតួ ហើយ នាវា យាមឆ្នេរ សមុទ្រ មួយទៀត ត្រូវ របួស ។ សារុប សេចក្តីទៅ ៤០ ភាគរយ នៃមធ្យោបាយ ជើងទឹក របស់ សៀម ត្រូវខ្ទាតចេញ ពីការប្រយុទ្ធ ។ ចំណែក ខាង នាវា បារាំង វិញ ថ្វីបើ យន្តហោះ សៀម ដេញតាម ទម្លាក់ គ្រាប់បែក តែត្រូវ គេចខ្លួន រួច ឥតមាន រខិត អ្វីដល់ តូចមួយឡើយ ។
ជ័យជំនះ មានឡើងតែ នៅលើទឹកទេ ប៉ុន្តែនៅលើគោក វិញ វាសនា នៃអាវុធ ពួកខាង ឥណ្ឌូចិន ពុំបានភ្លឺថ្លាដូច យ៉ាង នោះឡើយ ។ នៅថ្ងៃ ១០ មករា កងទ័ព សៀម បានឆ្លងព្រំដែន មកវាយ ប៉ុស្តិ សំរោង ( សៀមរាប ) ហើយ នៅ យាងដង្គំ និង ក្បាល ក្របី ( ប៉ោយប៉ែត ) ។ នៅថ្ងៃទី ១៦ ដែលជា ថ្ងៃកំណត់ របស់ក្រុម សេនាធិការ បារាំង ថានឹង លើកទៅវាយ កំចាត់កងទ័ព សៀម មិនអោយដឹងខ្លួននោះ បែរជាថ្ងៃ បរាជ័យ ទៅវិញ ។ ក្រុម សេនាធិការ សៀម ដោយមានពួក ចារបុរស ស៊ើប បានដឹងការច្បាស់ ជាមុន បានរៀបប្រុង ខ្លួន ជាស្រេច ។ នៅ ថ្ងៃនោះ ចាប់ពីម៉ោង ៣ បៀតភ្លឺ កងទ័ព ខាង បារាំង បានចេញពី ទីតាំង ធម្មតា ទៅពួនបង្កប់ ខ្លួន តាមជួរ ដងព្រៃ ។ គ្រានោះ ព្រិន្ទបាល ទីឃាវុធ បានទទួលបង្គាប់ នាំផ្នែក របស់ខ្លួន ទៅចាំ ស្ទាក់ ត្រង់ច្រក កូនអូរមួយ ។
ក្នុងរាត្រីស្ងាត់ ដែលមានពន្លឺ ផ្កាយ បង្ហាញ រាងរៅ វត្ថុ ទាំងឡាយ យ៉ាងស្រពេចស្រពិល កងទាហាន បានលបចូល ទៅ កាន់ លេណដ្ឋាន ថ្មី ដែលបានជីក ទុក ប្រចាំការពី ថ្ងៃមុន ដោយ ប្រយ័ត្នប្រយែង មិនអោយ លឺសូរ ប្រិប ព្រួច សោះ ឡើយ ។ ទីទុយ និង ចង្រិត ដែក យំ ម្តង ៗ នាំអោយ តុណ្ហីភាព ដែល នៅចន្លោះ មានភាព ណែនក្តន់ ណាស់ ទៅ ទៀត ។ ពួក យោធា មុជក្រាប ហើយ នៅនឹងខ្លួនថ្កល់ អាវុធ គងលើ ត្រង់សេ ប្រចាំការ ភ្នែក ដៅសំឡឹង ទៅទី តាំង ថៃ ដែលនៅត្រង់ មាត់ព្រៃម្ខាង វាលចម្ងាយ រវាង ២០០ ម៉ែត្រ ។ ទឹកចិត្ត រីកថ្លា កងទាហាន ខ្មែរ សង្ឃឹម ថាម្តងនេះ មុខជា ជោគជ័យ បើកឡើង ហើយ ដើម្បី សងសឹក ជន រួមជាតិ ដែលបាត់បង់ ជីវិត ដោយស្នាដៃខ្មាំង ។
មនោសញ្ចេតនា បែបនេះ បានធ្វើ អោយ ឱរ៉ា ទីឃាវុធ ក្តៅជាងពួកម៉ាក ដទៃទៀត ព្រោះខ្លួនត្រូវ សងសឹក ពីរជាន់ គឺ មួយចំពោះជាតិ ដែលមានសត្រូវ មករាតត្បាត ហើយមួយទៀត ចំពោះ ឩត្តមគតិ ខាងសេចក្តីស្នេហា ដែលមាន ជន អបលក្ខណ៍ មកញក់ញី ឈ្លី នឹងជើង ។ លុះនឹកដល់សេចក្តីសំបុត្រ របស់ វេគី ដែលបានបើកបង្ហាញ អោយ ឃើញ នូវគំនិតអាក្រក់ របស់ជន ដែលខ្លួន បានលើកជាមិត្ត ឬជាឆ្នើម ត្រួយចិត្ត កាលណា ឡើង អ្នក កម្លោះ យើងក៏ ក្តាប់កាំភ្លើង ដោយកំហឹង ហើយប្រុង តម្លោះកៃ បាញ់ទៅលើ បច្ចាមិត្ត ដែលគ្មានរូប ។ ឱ នាយ ទេព កោសល្ល ឱ នាង ចន្ទមណី ! បើ អ្នកឯងទាំងពីរនាក់ ហ៊ានបង្ហាញខ្លួន ក្នុងគ្រានេះ មុខជា អ្នកឯងគ្រោះ ជូជក ធំហើយ !
ម៉ោង ៥ បៀតភ្លឺ កាំភ្លើង ៧៥ មម. ចំនួន ១០ ដើម ដែលជា របស់សំណល់ បាតឃ្លាំង បានចាប់បាញ់ ក្ឌូង ៗ បំផ្លោង ទៅខាងមុខ ប្រយោជន៍ ជា រនាំង អោយ ទាហាន ថ្មើរ ជើង រុល ទៅរកខ្មាំង ។ ឯ អាខ្វាក់អាខ្វិន ដែលបានយក មកប្រើ នៅទីនោះ ចំនួន ៥ គ្រឿង នឹងគេ ក៏ ងងក់ កាត់កញ្ជ្រាំង ស្រែ ចូលបាញ់ នឹងគេ ដែរ ។
មធ្យោបាយ ខ្សត់ខ្សោយ យ៉ាងនេះ នឹងយកជោគជ័យ បានតែកាលណា ខ្មាំង គ្មានប្រដាប់ យ៉ាងនោះ ឬមួយ ពុំបាន ដឹង ខ្លួនត្រៀមការ ទុកជាមុនផង ។ តែស្ថានការណ៍ ពុំមែនយ៉ាងនោះ សោះឡើយ ព្រោះ យីពុន បានផ្តល់អោយ ទ័ព សៀម នូវ យោធបរិក្ខារ យ៉ាងឆើត ៗ ហើយក្រុម សេនាធិការ សៀម សោត ក៏បានទទួល រាយការណ៍ ពីចារបុរស យ៉ាងច្បាស់ ៗ អំពី ផែនការ កំបាំង របស់បារាំង ។ ដូច្នេះ សៀម ចាត់ការ សម្រាប់ តបត នឹងការវាយលុក បានជា ស្រេច ។ ដោយសម្ងាត់ សៀម បានប្រមូល រថក្រោះ និង កាណុង យ៉ាង ក្រាស់ក្រែល មកលាក់ទុក នៅក្បាលទ័ព ត្រង់កន្លែង ដែល ស៊ើបការ ដឹងថា បារាំង ប្រុង នឹងវាយ ទម្លុះ ។ សៀម ពុំក្អក ពុំគ្រហែម ទេ ទុក អោយ កាណុង ព្រុស តាមចិត្ត ដើម្បីយក ឱកាស សំគាល់ ទីតាំង កាំភ្លើងធំ ទាំងនេះ ។ កាណុង បារាំង បាញ់ពុំមាន ប្រសិទ្ធិភាព អ្វីសោះព្រោះ សៀម ដឹងខ្លួន បានដកទាហាន ទៅតាំងទី មួយថ្មី ឃ្លាត ពីដើម បន្តិច ។ សៀម ពុំមាត់ ពុំ ក អ្វី សោះ ទុក អោយ ទាហាន ខាង បារាំង រុលចូល ស៊ង កាំភ្លើង របស់ខ្លួន ។ លុះបានទីហើយ កាណុង សៀម ក៏បាញ់ផ្ទីង ស្រោចមកលើ កាណុង បារាំង ឯកាំភ្លើងយន្ត សៀម ក៏បាញ់រះជះ គ្រាប់ ដូចព្រិល ។
គ្រាប់កាំភ្លើងធំ សៀម ហោះជ្រែកអាកាស ទាំងរយ ទាំងពាន់ បញ្ចេញសម្លេង វែងគ្រលួច ទន្ទាបខ្លួន ចុះបំបាក់មែក ឈើ ហើយស្ទុះមកបុកដី ជះបំណែក ពិឃាត ទៅគ្រប់ទិស ។ ក្ឌុង ៗ រថបន្ទុក បារាំង អាខ្វាក់អាខ្វិន បារាំង ដោយ គ្រាប់ធ្លាក់ចំពីលើ ក៏ផ្ទុះកំចាយ បំណែក បណ្តាលអោយ ប្រេងសាំង ឆេះហុយ ទ្រលោម ។ ឯ កាណុង បារាំង សោត ទៀត ក៏ចូល ក្នុង វិនាសកម្ម យ៉ាង ឆុតឆាប់ ព្រោះ បច្ចាមិត្ត គេមានចំនួន លើសលុប មកចោមព្រួត បំផ្លាញ ប៉ុន្តែ ថ្វី បើធ្លាក់ក្នុង ស្ថានភាព ចាញ់ប្រៀប ខ្មាំង យ៉ាងនេះ ក៏ដោយ កងទាហានខ្មែរ ស៊ូ ក្រាញ នៅនឹង កន្លែង មិនព្រមដក ខ្លួន ថយទេ ។
លុះឃើញថា កាណុង បារាំង ស្ងាត់មាត់លែងបាញ់ ត ហើយ សៀម ក៏ឈប់ដែរ ។ ក្នុងពេលនោះ លេចលឺសូរ យន្ត ខ្ទ័រ កក្រើក ដី ។ កងរថក្រោះ វារ រគើម ចេញពីមាត់ព្រៃម្ខាង មកព្រួសភ្លើង បែប នាគរាជ ក្នុងរឿង សាស្រ្តា ស្លឹករឹត ។ មុ័ង ៗ កាំភ្លើង រថក្រោះ បាញ់ស្រោច មកលើ ទាហានខ្មែរ ដែលក្រាបនៅស្ងៀម ចាំល្មមដល់ ប្រយោល នឹងយក កាំភ្លើង យន្តបាញ់ ត ។ ក្នុងពេលនោះ បារាំង ពុំមាន កាណុង សម្រាប់បាញ់ រថក្រោះ ទេ ដូច្នេះ ទាហាន តាំង បំបែរ បំពង់ កាំភ្លើង សម្រាប់ បាញ់ យន្តហោះ តម្រង់ មកលើ អណ្តើក ដែក ទាំងនោះ វិញ ។ ចាត់ការ ដូច្នេះ ជា មធ្យោបាយ យុទ្ធជន សោះ ព្រោះគ្រាប់ កាំភ្លើង បាញ់យន្តហោះ មិនអាច ទម្លុះផ្ទាំងដែក ក្រាស់បានឡើយ ។ ឱ កម្ម ក្រាស់ ពេក ! ក្នុងពេលដែលពួក ទាហាន ថ្មើរជើង កំពុង ជាប់ដៃខាងក្រោម ស្រាប់តែ យន្តហោះ លាប សញ្ញា ទង់ សៀម ហោះចេញពី ដុំ ពពក មក បាញ់រះមក ចោលគ្រាប់បែក កក្រើក រំពើកទាំង ពសុធា ។
ទាហាន ខ្មែរ ខំតស៊ូ ដោយ មធ្យោបាយស្តួចស្តើង មានទំនង ដូចកូនក្មេង កាន់ចង្កឹះ ទៅ តាមដេញវាយ យក្សា ។ ថ្ងៃរះពេញ ពន្លឺ ចោលរស្មី ទៅលើ វិការដ្ឋាន មួយដែល បរិបូណ៌ ដោយ ឈាមហូរ ដេរដាស និង សេចក្តី វិនាស យ៉ាង ឆាបឆុត ។
ដោយទាហាន បាញ់ កាំភ្លើងយន្ត នៅក្បែរ ខ្លួន ត្រូវគ្រាប់ ហើយមាន លោហិត ហូរ ពពុស ស្គុល ចេញពីមាត់ ទីឃាវុធ ក៏ស្ទុះ ទៅបាញ់ ជំនួស ។ គ្រាប់កាំភ្លើង ព្រួសចេញពីមាត់ ត្រែ ក្រហម ដោយក្តៅ ហើយ ធ្លាក់ បីដូច គេបាច ទៅ លើស្បែក ក្រាស់នៃ រថក្រោះ ឩបមា ដូច ជាដំណក់ ទឹកភ្លៀង ធ្លាក់ លើ ខ្នង ទា ដែល កំពុង ដើរ ។ អណ្តើកយន្ត ចេះតែ បោលសំរុក ជិតមក ៗ ទីឃាវុធ ចេះតែសង្កត់ កៃបាញ់គ្មាន នឹកនា ថា នឹង ដកខ្លួន ថយ ម្តងណាឡើយ ស្រាប់ តែ លឺ សូរភ្លឹប ញ័រ ខ្លួន ខ្ញាក ហើយ ងងឹត មុខ ជ្រប់ ដួលទ្រេត ទៅលើ មាត់ លេណដ្ឋាន ……

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: