មាលា​ដួង​ចិត្ត ទំព័រ​ទី៧


៦ សេចក្តីលំបាកនៃអ្នករាជការតូច មានអ្នកនិពន្ធម្នាក់នឹកឆ្ងល់ ហើយដណ្តឹងសួរខ្លួន ឯងថាហេតុដូចម្តេចហ្ន៎ បានជាទីក្រុងភាគច្រើន ក្នុងពិភពលោកដែល តាំងនៅ លើមាត់ស្ទឹង ឬ ទន្លេ តែងរីកចំរើននៅ ត្រើយខាងលិច ជាជាង នៅត្រើយ ខាងកើត ? ការណ៍នេះគួរឆ្ងល់ពិត ! មិនបាច់ទៅរក ឩទាហរណ៍ ណាវែងឆ្ងាយទេ ។ មើលចុះ ភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប ។ ល ។ ទីក្រុង ទាំងនេះសុទ្ធតែមាន សង្កាត់ធំៗ តាំងនៅលើ ត្រើយខាងលិច នទី ដែលហូរកាត់ ។ ម្តេចហ្ន៎ បានជាគេចូលចិត្តផ្តុំគ្នា នៅត្រើយ ខាងលិច ជាងត្រើយ ខាងកើត ? ឯ ក្រុងពោធិ៍សាត់ ក៏គេចមិនផុត ពីក្បួនខ្នាត អាថ៌កំបាំង នេះដែរ ។ ផ្សារក្តី ផ្ទះរាជការក្តី ក៏សុទ្ធតែប្រជ្រៀតគ្នា នៅខាង លិចស្ទឹងមួយ ដែលមានពោះធំទូលាយ ដូចទន្លេ តែមានទឹកហូរ រហែង មិនឈប់ឈរ តាមចន្លោះកូនខ្សាច់ ដែលដុះលាត ត្រដាង ចាំស្ទះមុខ សរសៃគង្គា ។ បើអ្នកអញ្ជើញទៅពី ភ្នំពេញ ហើយលុះយានអ្នកបាន ឆ្លង ស្ពានបេតុង របស់ទីក្រុងផុតកាលណា អ្នកនឹងពើបផ្លូវ បែកជាបី នៅចុងស្ពាននោះ ។ បើអ្នករំហូត ទៅត្រង់តែម្តងនេះ បង្ហាញអោយឃើញ ថាអ្នកប្រញាប់ ទៅបាត់ដំបង អោយឆាប់ រហ័ស ។ ប៉ុន្តែបើអ្នក បត់ទៅខាងស្តាំ នេះបកស្រាយអោយឃើញថា អ្នកចង់ចូលសំរាក នៅផ្សារស្រស់ស្រូប គុយទាវ កាហ្វេ ទឹកក្រូច នៅទីផ្សារពោធិ៍សាត់ មួយភ្លែតសិន ព្រោះជាទី ដំណាក់នៃអ្នក ដំណើរតាមឡានឈ្នួល ។ មានជួនណា សេចក្តីចង់ដឹង ចង់ស្គាល់ អាចច្រានដៃ អ្នកកាន់ចង្កូតយន្ត អោយកាច់ទៅខាងឆ្វេង វិញ ។ បើអ្នកធ្វើយ៉ាង នេះ អ្នកនឹងចូលតាមថ្នល់មួយ ដែលគ្រាន់តែក្រាលថ្ម តចាក់ជ័រទេ ។ ទៅឆ្ងាយប្រហែល ប្រាំរយម៉ែត្រ ពី បង់កាឡូ ដែលជាអគារថ្ម ទាបត្រប៉ិកៗ រាងដូច ឆ្មាក្រាបលប ចាប់ព្រាប អ្នកនឹង បាន ដល់ផ្ទះចាស់មួយ ជញ្ជាំងក្តារ ប្រក់ក្បឿងដែលជរាភាព នាំអោយជនជាម្ចាស់ ខំគាំទ្រ ប៉ះប៉ុន នាយអាយ ដើម្បីជាទីជម្រក រៀងរហូតមក ។ ជ្រកកណ្តាល គុម្ពចេកនិងស្លា ផ្ទះកន្រ្តត នេះ បើកទ្វារចំហរមកលើ កូនភ្លឺមួយ ដែលជាគមនាគមន៍ ភ្ជាប់ មកថ្នល់រាជការ ហើយមាន ទម្រង់ដូចជា អណ្តាតយ៉ាងវែង ដែល លៀន ធ្លេន មករកអ្នក ដើរនៅទីធ្លា ។ ពូ ហ៊ីង មីងក្អាត់ ជាម្ចាស់នៃសំបុក ចម្លែកនោះ ។ ប្រហែលជាឃើញឈ្មោះ អ្នកទាំងពីរ រួមនៅក្នុង វង្សសត្វ ស្រដៀង គ្នាយ៉ាងនេះហើយ ទើបចាស់ទុំ ឳពុកម្តាយ ទាំងសងខាង បានផ្សំផ្គុំ គាត់ ដោយកំប្លែងអោយគាត់បានគ្នាជា ប្តីប្រពន្ធ ។ ទោះជាយ៉ាងណាក៏ដោយ យើងគង់សង្កេតបានថា ការរួមវាសនា នៃជនទាំងពីរ បានប្រកបដោយ សុខសមរាន្ត រហូត នាំ អោយគូរស្រករ ឯទៀតអៀនខ្មាស់ យ៉ាងច្រឿននាក់ ។ គិតមើលចុះ រៀប សាមសិបប្លាយ ឆ្នាំមកហើយ តែពុំដែលមាន ផលរមាស់ រង្គៀសចិត្តគ្នាធំដុំទេ ។ គាត់មានកូនស្រី បីនាក់ ដែល ឥឡូវ បែកសំបុក បែកទ្រនំ អស់ហើយ ។ នាងមួយ បានទៅ ម៉ោងសៀរ ( គ្រូបង្រៀន ) នាងមួយទៀតបានទៅ ថីពេទ្យសត្វ ហើយនាងពៅបង្អស់ បានទៅ ទិនិកម្នាក់ នៅក្រុម សុរិយោដី ក្នុង ងារដែលបារាំង ហៅថា អារប៉ង់ទ័រ ហើយដែលមានអ្នកខ្លះ ហៅដោយ ក្រមាច់មិនគប្បីថា អាពងទា ទៅវិញ ។ កូន មានប្តីសី បែកផ្ទះបែកសំបែង អស់ហើយ ពូ ហ៊ីង មីងក្អាត់ គាត់ស្គាល់តែ បរមសុខ ។ ថ្ងៃៗឡើង ពូ ហ៊ីង ដែល មានមាឌ កន្តិល ក្រអាញ ហើយសម្បុរ ខ្មៅដូច ស្បែកសត្វ ដែលគាត់ ខ្ចីឈ្មោះអីចឹង តែងថែ ធួនដំណាំ ដាំដុះ មិនឈប់ ដៃទេ ។ ព្រឹកៗឡើង មីង ក្អាត់ រាងសង្វិត កន្តេវអារេវ សមដូចសត្វឈ្មោះ គាត់ទៀតហើយ គាត់តែងទូលចេក ល្មុត ដំឡូង ស្លា តាមរដូវ យកទៅលក់ ឯផ្សារ ។ លុះត្រឡប់មកវិញ ផល្លានុផល ទាំងនោះក៏ក្លាយទៅជា អង្ករ ត្រីសាច់ ព្រម ទាំង ….ព្រមទាំងសេចក្តី សង្ឃឹមថា នឹងមានភ្លៀង នៅថ្ងៃរសៀល ឬ ពេលយប់ ឬ ពេលព្រឹកស្អែក ទៀតផង ។ ដូចជាហ្វូង កណ្តូប ដែលតែងរាតត្បាត ស្រែចំការច្បារដំណាំ នៅភូមិភាគខ្លះនៅទ្វីប អាហ្រ្វិក អឺរុប និង អាស៊ី ជម្ងឺល្បែង លក់ ទេពតា បានព្រួសពិស រំលាយប្រាក់សន្សំ របស់ ខ្មែរមិនថា អ្នកក្រុង ឬ អ្នកស្រុកស្រែទេ ។ ចំណែកឯ ចិនដែល ជាអ្នកផ្តើមគំនិត ហើយជាអ្នកមេ លក់ភ្នាល់នោះ ចេះតែបានចំណេញ បានកាក់កប ជានិច្ច ។ នៅរដូវ វស្សា ស្វាមីភរិយាទាំងពីរ នាំគ្នាទិញភ្លៀង ញ័រ កក្អិច ។ មីងក្អាត់ ទៅលក់ អីវ៉ាន់ ឯ ផ្សារ តែងឆ្លៀត ឱកាស ឈៀង ទៅរក អាស៊ុក មិនដែលខានទេ ។ គាត់ញៀន ខ្លាំង ណាស់ ដល់ជានៅថ្ងៃ ឩបោសថ កំពុងស្តាប់ ធម្មកថិក សំដែងទេសនា អោយតែលឺ ផ្គរគ្អុល ចុះ ភ្នែកគាត់ វិលរំពៃ សម្លឹង មើល មេឃ ភ្លេច សម្លឹង រក និព្វាន អស់ ។ ចំណែក ឯពូ ហ៊ីង វិញ ក៏មិនណយដែរ អោយតែមានពេល ទំនេរបន្តិច ចុះ គាត់ទាញកង់កញ្ចាស់ ជិះ រ៉ោញទៅផ្សារ ។ លុះត្រឡប់មកវិញ គាត់ ឆ្កាដៃឆ្កាជើង ប្រកាស ដំណឹងល្អ ប្រាប់អ្នកជិតខាង និយាយភាសាមួយចំឡែក លាយចិន លាយ ខ្មែរ ប្រឡូក ប៉ូកប៉ាក ញាប់មាត់ ដង្វាញ់ ឡុកជីឡុក …..តាយឡុស៊ី …..ឡាត់ …..តូយាង ….. ។ ម្ល៉ោះហើយផលនៃការត្បិតត្បៀត សន្សំយ៉ាងណាក៏ដោយ មិនព្រមនៅ បំប៉ោងថង់ ពូ ហ៊ីង មីង ក្អាត់ ទេ ចេះតែ រសាត់ ប៉ប្រុយ ទៅធ្វើជា ពួកម៉ាក នឹងចិន ជាទេវតា មេភ្លៀង ទៅវិញ ។ ដោយអាស្រ័យហេតុនេះហើយ ទើប ពូ្ ហ៊ីង បាន ទទួល អនុម័តិ យល់ព្រមពី មីង ក្អាត់ អោយរៀបបំបែក ល្វែងផ្ទះ កន្រ្តកគាត់ អោយបានជាបន្ទប់ មួយថ្មី ដោយយកខ្នងទូ កញ្ចាស់ៗ ខ្លះ កន្ទេល ក្រចូត ពភ្លក់ខ្លះ មកបិទបាំង ជាជញ្ជាំងទ្រូង ។ កាលណាចាត់ការនេះរួចហើយ គាត់ទៅផ្តាំផ្ញើរ នឹង ម៉ោងសៀរ ហើយនឹង ថី កូនប្រសាគាត់ អោយជួយឃោសនា ប្រាប់អ្នករាជការ ទាំងឡាយ ថាគាត់មានបន្ទប់មួយ ទុកជួល ។ ថ្ងៃមួយ ទីឃាវុធ ដែលទើបនឹងមកដល់ ពោធិ៍សាត់ ថ្មោងថ្មី កំពុងដើរ រកជួលផ្ទះ ក៏បានលឺដំណឹងនេះ ហើយក៏ចូលមក មើលទីកន្លែង ។ ឃើញភ្លាម ក៏ដាច់ស្រេច ថា សមនឹងចិត្ត ភ្លាម ។ សមនឹងចិត្តនេះមិនមែនដោយ ឃើញថា មាន ផាសុកភាព ឬ ប្រណីតភាព អ្វីទេ គឺព្រោះយល់ថា ជាកន្លែងស្ងាត់ មិនសូវ អ៊ូអរ សមរម្យ នឹងទឹកចិត្ត ខ្លួនដែលខ្លោចផ្សា ហើយដោយឃើញថា ថ្លៃឈ្នួលដែលគេទារនោះ ក៏ថោកសមគួរល្មម នឹងប្រាក់ខែខ្លួនដែរ ។ ៨ រៀលឈ្នួលបន្ទប់ ១២ រៀល ថ្លៃអាហារ ដែលមីង ក្អាត់ នឹងរំលែកមួយចំណែក ពីរបស់គាត់ ចំអិន យកមកគ្របទុក អោយជា បន្ទុកធ្ងន់គ្រាន់បើ ដែរ លើប្រាក់ ៤៦ រៀលដែលមន្ត្រីកម្លោះ យើងសង្ឃឹមបើកបាន នៅរាល់ចុង ខែ ។ មុនពេលនឹងឡើងឡានឈ្នួល មកកាន់ទីតំណែង ដំបូង នេះ ឳពុកម្តាយ បានបង្គោះបង្គៀរ បានប្រាក់ ១៥០ រៀល អោយ មកកូន ។ មូលធន នេះ បានបើកអំណាច អោយ ទីឃាវុធ ទិញបាន ប៊ីស៊ីក្លេត មួយគ្រែឈើទាលមួយ តុ វែងមួយ ហើយ កៅអីផ្តៅ បី ។ ប្រដាប់ប្រដាទាំងនេះ បានមករួបរួមគ្នា នឹងហិបឈើមួយ លាបពណ៌ ជំពូ ពូករនាបមួយ ហើយនឹងវាំងនន ក្រហមមួយ មានភ្ញី ជាគំនូរសត្វសេក ឬ សារិកា ពាំផ្កាហើរជិត វិមាន ស្រុក ក្លឹង្គ ។ តែប៉ុណ្ណេះ អស់ ហើយ ! ឱ សូមទោស នៅភ្លេចកូនមុង មួយទៀត ដែលគ្របគ្រែ ពុំបានពេញផង ! ទីឃាវុធ ពុំមានឈ្នួលបំរើទេ ។ ការបោសច្រាស មីង ក្អាត់ ដែលជាអ្នក ចិត្តល្អគ្រាន់បើ ថ្វីបើញៀនល្បែង ភ្លៀង តែងមកធ្វើ អោយក្នុងពេល ដែល លោក បាល័ដ្ឋ ទៅសាលា ។ ការបោកអ៊ុត ខោអាវ ត្រូវជួលយួន ដែលមួយអាទិត្យ ម្តង មកទទួលយក របស់ប្រឡាក់ដល់ផ្ទះ ក្នុងពេលដែលនាំសម្លៀកបំពាក់ ស្អាត ដែលបាន បោកអ៊ុត រួចនោះ មកប្រគល់ អោយវិញ ។ ដោយខ្លួនជាអ្នក ថ្នាក់ថ្នម វត្ថុប្រើប្រាស់ ទីឃាវុធ តែងជូតខាត់ ទោចក្រយាន ថ្មីរាល់ល្ងាច ក្នុងពេល ដែលត្រឡប់មក ពីធ្វើការ ឬ ជិះ យកលំហែ វិញ ។ លំបាកធំជាងគេ ដែល ទីឃាវុធ ចំពប់ទៅលើ គឺការ រិះរក ប្រដាប់ប្រដា ស្លៀកពាក់ អោយបានគ្រប់សព្វ តាមឋានះ ជាមន្ត្រី ក្រុមរដ្ឋបាលខ្មែរ ។ ក្រោយកន្លងពេលយូរមក នាម៉ឺនកម្លោះ តែងនឹកឃើញ ដោយអៀនរឹងខ្លួន ក្រៃលែង អំពី ថ្ងៃដែលត្រូវ ចូលទៅគំនាប់ រ៉េស៊ីដង់ ប្រមុខខែត្រ ។ នៅថ្ងៃនោះ លោក បាល័ដ្ឋថ្មី បានអង្វរលោក ចៅហ្វាយខែត្រ ដែលជាអ្នកត្រូវនាំ ចូលទៅជួប លោកធំបារាំង ថា សុំស្លៀកពាក់ តាមរបៀប អឺរុប បានហើយ ។ តែ មន្ត្រីជាន់ខ្ពស់នេះ ជាអ្នកខ្លាច បារាំងផុតលេខ គាត់បង្ខំអោយ អ្នកកម្លោះ ស្លៀកពាក់ស្រោមជើងខ្មៅ ស្បែកជើងខ្មៅ ទាល់តែបាន ។ ប៉ុន្តែ ដោយពេលនោះ រក កាត់ អាវ កុតក ត្រង់ពុំទាន់ ហើយដោយ ឡេវ ជ្រលក់ទឹកប្រាក់ ត្រាម្កុដ ដែលខ្លួនបានសុំអោយ មិត្ត ម្នាក់ ទិញផ្ញើរពីភ្នំពេញ ពុំទាន់បានទទួល ដែរនោះ ទីឃាវុធ តោងរើស យកដោយគ្នាន់ក្នាញ់ នូវ អាវ បើក ក ដែលនៅថ្មី ជាងគេមកពាក់ រំលេចដោយ ក្រាវ៉ាត់អន្លូញ បញ្ឆិតៗ ពណ៌ខៀវក្រហម ។ សម្លៀកបំពាក់ប្រឡាយកាត់ យ៉ាងនេះ បើតាម ប្រពៃណីខ្មែរក៏មិនត្រូវ តាមអឺរុប ក៏មិនប្រាកដ មីងក្អាត់ ដែលបានជួយ ចងក្បិន ផាមួង អោយ លាន់មាត់ ថា សមណាស់ៗ នឹងរូបរាង លោក បាល័ដ្ឋ យើង ។ សមក៏ដោយ មិនសម ក៏ដោយ តែ ទីឃាវុធ នឹកខ្មាស់គេរឹងខ្លួនស្តូក មុខឡើង ក្រហម ស្ទើរប្រហែល ពណ៌សំពត់ ដែលខ្លួនស្លៀក ។ កម្មក្រាស់ពេកកូវ ព្រោះត្រូវជិះ រឺម៉ក កាត់មុខផ្សារ ឆ្ពោះទៅ សាលាខែត្រ ដែលជាហេតុ នាំអោយ ជនគ្នាច្រើន ឃើញ បាល័ដ្ឋ យើង ក្នុងសម្លៀកបំពាក់ ចម្លែកនេះ ។ ផាមួងនេះម្តាយបានអោយ តែបី ពោលគឺមិនគ្រប់ពណ៌ទេតោងសន្សំប្រាក់មួយខែបន្តិចដើម្បីទុកទិញថែម ។ មួយទៀត ត្រូវទិញ ស័ក្តិដាប់ ធ្វើនៅសាលា រចនា ក្រុងភ្នំពេញ សម្រាប់យក មកលំអ ស្មានិងកដៃអាវ កុតស ។ ក្រណាស់មិនអាច ឈោងយកឌិន ឬ សែសយ អ្វីបានទេ ! អាវ កត្រង់នេះ ត្រូវមានពីរបន្លាស់ឯឡេវ ត្រាម្កុដទៀតក៏ត្រូវ រកទិញអោយបាន រួសរាន់ដែរ ព្រោះ ឩឡារិកភាព និងបុណ្យ ង៉ាន ដែលត្រូវប្រើប្រាស់ មិនសូវដាច់ពេលទេ ។ ចំណាយទាំងនេះ ដែលលេបគ្មានសល់ នូវប្រាក់ខែ ហើយនឹងជីវភាពថ្មី បរិបូណ៌ដោយ ការចំឡែក មិនដែលស្គាល់នោះ បានបណ្តាលអោយ នាម៉ឺនតូចតាច ភ័ន្តភាំងស្មារតី ។ កាលនៅក្នុងសាលានៅឡើយ តែងយល់ថា ធ្វើការ រាជការ គង់ មានបៀវត្សល្មម ចិញ្ចឹមជីវិត ហើយគង់មានឱកាស ដើរបំភ្លឺរាស្ត្រ ស្រែចំការ អោយចេះរក របរ អោយបានទាន់សម័យ ។ ឥឡូវ ខុសអស់ រវល់តែខ្វល់ នឹងផ្នែកសម្ភារះដោះ បញ្ហាផ្ទាល់ខ្លួន ។ មួយទៀត នាយចៅហ្វាយ ខ្លួនតែងកាន់ កិរិយា ឬ ជាប់ទម្លាប់ ពុំគប្បីផង នាំអោយអ្នកមានឆន្ទះ ល្អ វង្វេងវង្វាន់ មិនដឹងចាប់ផ្តើម ត្រង់ណាមុនទេ ដើម្បីអោយបានជា ប្រយោជន៍ពិត ៗ ដល់ជាតិ ដល់ប្រទេស ។ ទីឃាវុធ ទាស់ចិត្តក្នាញ់ជាងគេ នឹង ចៅហ្វាយខេត្ត ។ មន្ត្រីជាន់ខ្ពស់នេះ ជាមនុស្ស អាយុ សែសិបប្លាយ ហើយ សក់ កាត់ខ្លី ពណ៌របាយ អាចម៍ខ្លា ។ សំនួនសេចក្តីនេះ ពួកបារាំង ដែលខ្ពើម មិនចង់ចេញឈ្មោះ លាមក ក៏ប្រែថាជា អំបិល លាយម្រេច ទៅវិញ ។ មាឌគាត់កន្តុល ហើយមាំ ។ កាលដែលគាត់នាំ ទីឃាវុធ ទៅជួប លោកធំ បារាំង ជា ដំបូង ប្លង់តុង បានចេញមក ថា អោយ លោក ចៅហ្វាយខេត្ត អង្គុយ ចាំបន្តិចសិន ព្រោះ លោកធំ កំពុង ជាប់ដៃសរសេរ កំណត់ ។ ប្រមុខខ្មែរ ក្នុងខេត្ត ធោធិ៍សាត់ ក៏បង្គាប់អោយ សហការី អង្គុយលើ កៅអីមួយ ឯ ខ្លួនមានមុខស្លាំង ធ្វើមាត់ ជីបអូច ៗ ហាក់ដូចជា កំពុងរៀប រកពាក្យ បារាំង ទុកបំរុង នឹងនិយាយ ក៏មិនដឹង ឬមួយ សែកមន្តអាគម អោយបារាំងទន់ ចិត្ត បែរជាគួច រាប់អាន ខ្លួនវិញ ក៏មិនប្រាកដ ដែរ ។ នាកាល បានអនុញ្ញាតិ អោយចូលទៅ គាល់ ហើយ លោកធំ នៅតែធ្វើឬក អោនសរសេរញាប់ស្អេក ដោយចង់ បង្ហាញ អោយឃើញថា ខ្លួន រវល់ពេញបន្ទុកពិតមែន ។ឯចៅហ្វាយ ខេត្ត ឈរធ្មឹង ពីមុខតុ ធ្វើភ្នែក ក្រឡិកក្រឡក់ មានទឹកមុខ ដូចជា ឈឺបត់ជើង ធំបន្តិចតូចបន្តិច ។ ក្រោយមកមួយស្របក់ធំ ទើប បារាំងងើបមុខ ហើយបញ្ចេញកិរិយា ហាក់ដូច ជាឆ្ងល់ខ្លាំង ច្រមុះកោងវែង ជា បុច្ឆនសញ្ញាយ៉ាង សុទ្ធសាធ ។ លោក ចៅហ្វាយ ខេត្ត ស្លន់ខ្លាំង លើកដៃសំពះបង្អោន ក្បាល ចុះហើយ និយាយ បារាំង ប៊ី ប៊ឺស ប៉ប៉ិប ប៉ប៉ុប ស្ទើរស្តាប់មិនបាន ។ លោក រ៉េស៊ីដង់ ងក់ក្បាល ទទួលដោយ មុខមាំ វាយឬក ក្រអឺត ហើយ ហុចដៃ ទន់ ប្រផ្លាក កន្លងតុ មកចាប់ហត្ថ មន្ត្រីខ្មែរទាំងពីរ នាក់ ទើបចង្អុលកៅអី អោយ អង្គុយ ។ ក្នុងពេលនោះ ទីឃាវុធ នឹកក្នុងចិត្តថា ចៅហ្វាយខ្លួន ដែលជាអ្នកខ្លាច បារាំង ដល់ម្ល៉េះ សមតែជាមនុស្ស ស្លូតបូត មាន មេត្តា ករុណា សន្តោស អ្នកតូច អ្នកទាប មិនខានឡើយ ។ មិនប៉ុន្មានថ្ងៃក្រោយមក អ្នកកម្លោះ ក៏ស្តាប់លឺនឹង សង្កេត ដោយភ្នែកឯង នូវ ការណ៍ផ្សេងៗ ដែល បដិសេធ ក្តីស្មានទាំងនេះ អោយឃើញថា ខុសស្រឡះ ទាំងអស់ ។ លោកចៅហ្វាយ ខេត្ត មិនមែនជា អ្នក រម្យទម ហើយ ឩត្តមគតិ ជាមេបា សំរាប់ជនខ្សត់ក្រ ដែលនៅល្ងង់ ហើយដែល រងា ឥតអ្វី ការពារនោះទេ គាត់ជាអ្នក លេងសើច សប្បាយមិនចេះ គិតនឹកនា ដល់ប្រយោជន៍ប្រទេសជាតិ តែម្តង ។ នៅផ្ទះ គាត់មានប្រពន្ធ ចុង ក្មេងបីនាក់ ព្រោះលោកស្រីធំ ឈ្លោះពុំឈ្នះ ក៏អនុញ្ញាតិ អោយនៅជាមួយ ទុក គ្រាន់ប្រើប្រាស់ជាអ្នក កំដរទៅ ។ មិនតែប៉ុណ្ណោះទេ ក្នុងធុង ខាងក្រោយឡាន ក័ត្រសង់ដឺ ពណ៌ឈាមជ្រូករបស់គាត់ គាត់លាក់ចបកាប់មួយ ទុកប្រចាំការណ៍ជានិច្ច ។ គាត់បានបង្ហាត់ប៉ូលិសខេត្តជំនិត ម្នាក់អោយ ចេះបរ រថយន្ត ។ ប៉ូលិសនេះ ឯង មាននាទី ជា មេធ្នាក់ ដើរឃ្លាំមើល កូនក្រមុំអ្នកស្រុក ។ លុះខ្សិបខ្សុប បានការណ៍ កាលណា ប៉ូលិសនោះ ចូលទៅ ប្តឹងលោក ចៅហ្វាយខេត្ត ទាំងយប់នៅចំពោះ មុខលោកស្រី ថាមាន ចោរប្លន់ នៅភូមិនេះ ឬ ភូមិនោះ ។ លោកចៅហ្វាយខេត្ត យល់ ល្បិច ហើយ ក៏ប្រកាសថា ខ្លួនតោងចេញទៅ ចាត់ការដោយ រួសរាន់ អោយទាន់ពេល ។ រួចហើយ ក៏នាំគ្នា បរ អា ក័ត្រសង់ដឺ ចេញទៅ ។ ឯចបកាប់ដែល លាក់ទុកក្នុង ធុងខាងក្រោយនោះ មានប្រយោជន៍ ទុក កាប់ភ្លឺស្រែ ដែលជំទាស់ មិនអោយឡាន ពារ បានដោយស្រួល ក្នុងកិច្ចដែល ចៅហ្វាយ និង ប៉ូលិស ជាគូកន ត្រូវជើងគ្នា ថាទៅរក ក្តាមស្រែ ពោលគឺ នារី នៃ និគមជនបទ ។ កំហូច របស់គាត់ មិនមានព្រំដែន តែត្រឹមហ្នឹងទេ ។ គាត់ចូលចិត្ត ស៊ីផឹកខ្លាំងណាស់ ។ ចៅហ្វាយ ស្រុកណា ដែល ចង់បាន ពិន្ទុល្អ ដើម្បីឡើង ស័ក្តិ រហ័ស តោងរៀបជប់លៀង អញ្ជើញ គាត់មកសែនជាញឹកញយ ។ មិនសូវចេះ ធ្វើការ ក៏ហីចុះ អោយ តែចេះផ្គាប់បានហើយ ។ ល្ងាចថ្ងៃ សៅរ៍ មួយ ចៅហ្វាយស្រុក ម្នាក់បានអញ្ជើញ ទាំង អ្នករាជការ សាលាខេត្ត និងសាលា ដំបូង អោយទៅលេង សប្បាយ នៅកន្លែង ជិតទី ប្រជុំស្រុក ដែលនៅ ចម្ងាយ ១០ គីឡូ ម៉ែត្រពី ពោធិ៍សាត់ ។ លោក ចៅហ្វាយស្រុក ផ្គាប់ បុណ្យ បាន កេណ្ឌ អ្នកស្រុក អោយសង់ រោង ប្រក់ស្លឹកពីរខ្នង ចំពីមុខ បឹងធំមួយ ដែលនៅកណ្តាល វាលស្រែ បន្លែង ដោយ ភ្លេងភ្លាត់ និងចំរៀង ទ្រហឹង អឺអឹង ។ ស្រាឡូលីតា ម៉ារលី និង ក្លូសដរ ដែលបាន មកពី បិណ្ឌបាត តាមផ្ទះ ចិន ហូរ គគុក គគាក់ ចូលក្នុងកែវទៅ លាយ នឹងទឹកដូង និង ទឹកកក ។ ក្នុងពេលនោះ ដោយ គមនាគមន៍ តាមសមុទ្ររវាង ឥណ្ឌូចិន និងប្រទេសបារាំង ប្រទះសេចក្តីលំបាក ដោយកប៉ាល់មុជទឹក អាឡឺម៉ង់ តាមរាតត្បាត ពេក បារាំងនៅស្រុកអាយ ក៏នាំគ្នា បិតស្រាចុះ សញ្ញាថ្មីលក់ លាន់ ។ សូម្បី តែទឹក សូដា ក៏ មិនសូវសំបូណ៌ដែរ គេតែងយកទឹកដូងប្រើ ជំនួយវិញ ។ ថ្វីបើសុរា អាយទាំងនេះ មិនមានគុណភាព និង ឱជារស ដូច ទឹកស្រវឹង មកពី អឺរុប ក៏គង់ធ្វើអោយ មន្ត្រីខ្មែរ សម័យនោះ សប្បាយភ្លេច កង្វល់ ទាំងពួងបានដែរ ។ លោក ចៅហ្វាយ ស្រុក ចាត់អោយ យកត្រីរ៉ស់ ធាត់់ៗ ធំៗ ដែលទើប ចាប់បានពីបឹង ទៅ បិទ ដី អិដ្ឋ ឃ្លុំ ជិត ហើយដុត ក្លែមស្រា ឆ្ងាញ់កប់ អាកាស ។ ទីឃាវុធ និង សុភាចារបុរស ម្នាក់ឈ្មោះ ប្រាមោទ្យ ដែលជាអ្នកពុំចេះ ស្រា ពុំសប្បាយនឹង ស៊ីផឹក ហើយស្អប់ខ្ពើមសម្តី អ្នកប្រមឹក ក៏បបួល គ្នារំកិលថយក្រោយ បន្តិចម្តងៗ ហើយនាំគ្នា លួចដើរចេញ ទៅក្រៅ នៅពេលដែល លោក ចៅហ្វាយ ខេត្ត និង លោក ចាងហ្វាង កំពុងបេះត្រី បញ្ចុក ឬ បង្អកស្រា ពួកស្រីល្ខោន និង អាយ៉ៃ ដែលធ្វើ ឬកមាយា គ្រប់បែប ដើម្បី បង្វិល ខួរ នៃអ្នក ត្រេកត្រអាល នឹងកាមគុណ ។ ចេញផុត ពីរោង ទទួលភ្ញៀវ មកកាលណា វាយោត្រជាក់ បក់ជាជំនោរ មកលើភក្ត្រអ្នកទាំងពីរហើយនាំមកនូវ ក្លិនប្រហើរ នៃផ្កាព្រំ ។ មេឃពណ៌ស្វាយ ដាំរំលេច ចម្រុះ ដោយផ្កាយ គ្របដណ្តប់គុម្ពោត ព្រៃ ដែលស្បៃយប់ខ្មៅ ជួយប្រែរាង ជា សត្វ ឃោរឃៅ មាននៅតែក្នុងរឿង ប្រតិស្ឋ ។ នៅដាច់ៗ ឆ្ងាយពីគ្នា ភ្នក់ភ្លើង បញ្ចេញ អណ្តាត ក្រហម ភ្លិបភ្លែត ផ្តល់កំដៅ ដល់ស្រមោល គោ ដែលដេក រកេតរកូត ហើយកំពុង ទំពាអៀង លំអិត យល់សប្តិ ដែល រកទីបញ្ចប់គ្មាន ។ នៅក្រោម រស្មី ពព្រូល នៃរាត្រី ខ្ទមអ្នកចាំ លានស្រែ ត្រដាង ដំបូល ស្បូវ ស ប្រផែះ ។ មន្ត្រី កម្លោះទាំងពីរបាននាំគ្នាដើរចេញឆ្ងាយហើយពោលនឹកស្តាយពេលដែលមកខាតបង់ដោយអំពើប៉ោឡែ យ៉ាងនេះ ។ _ យើង មិនមកតាមគេ មិនបានទេ , ប្រាមោទ្យ និយាយ , បើពុំនេះទេ គេនឹងចាត់យើងថា ជាមនុស្សឆ្វេង ជាមនុស្ស ចូលធ្លុងគេ ពុំចុះ ។ មួយទៀត គេអាចធ្វើ រាយការណ៍ សម្ងាត់ប្តឹង បង្កាច់ពីយើង ហើយដាក់ ពិន្ទុអាក្រក់ អោយយើង ។ រាជការ ខាងក្នុងពុំដឹងអី ច្បាស់ ក៏ផ្លាស់យើង ទីណាត់ទីណែង ឬ ផ្អាប់យើង មិនអោយឡើងថ្នាក់ អស់ពេល យ៉ាងយូរ ។ _ អី អាក្រក់ ដល់ម្លឹង ហ្ន៎ ! ទីឃាវុធ ភ្លាត់មាត់ ហើយនិយាយថែម ៖ _ បើអញ្ចឹងហើយតើ ម៉េចក៏ខ្លាចបារាំង ម្ល៉េះ ? មើលចុះតាប៉ិ ខ្ញុំ គាត់ សំពះ គាត់ប៉ាយ ពួក ច្រមុះកោង ស្ទើរតែគ្រប់គ្នា ។ _ បើគ្រាន់តែ ប៉ាយ ប៉ុណ្ណោះ វាមិនសូវជាអី ប៉ុន្មាន ទេ , ប្រាមោទ្យ ពេបមាត់ដោយមើលងាយ ។ ប្អូន ឯង ទើបមក ថ្មី ណាស់ បានជាមិនទាន់ដឹងកិច្ចការ ។ លោកតា ខេត្ត ហើយ និង លោកតា ខ្ញុំ ត្រូវគ្នា ប៉ុន គេជើត ។ គាត់ផ្គាប់ គាត់ ក្នេបក្នឺប លើកជំនូន ជាញឹកញយ យកចិត្ត យកថ្លើម អា លោកធំ ។ _ អារសាច់ ជូនខ្លា ទើបនៅ ស្រុកសុខ ។ _ ត្រូវហើយ ប្អូន ! ប្អូន ឯង គិតមើល តាម បញ្ញត្តិ រាជការ ជាន់ខ្ពស់ រ៉េស៊ីដង់ ប្រមុខខេត្ត ជាទីប្រឹក្សា ហើយជាអ្នកជួយ មើលការ ខុសត្រូវ ក្នុង តុលាការខ្មែរ ។ បងធ្លាប់ បានឃើញ មកហើយដែរថា មានចាងហ្វាងខ្លះ យក ការអ្វី ដែល ចម្រូង ចម្រះ ពេក ទៅស្នើ យោបល់ លោកធំ ។ នេះជាការណ៍ធម្មតា ទេ គ្មានអ្វី គួរអោយ បន្ទោសបានទេ ។ តែ លោកតា ខ្ញុំ បែរជា បង្គាប់អោយ សុភាចារបុរស ថាកាលណា ស៊ើបសួរ រឿងនីមួយៗ ចប់តោង ធ្វើរាយការណ៍ ជាភាសា បារាំង ខ្ទាស់ជាប់ពីលើ សំណុំ រឿង ។ នៅរសៀល រាល់ថ្ងៃ ចន្ទ លោក ចាងហ្វាង ប្រមូល សំណុំរឿង ទាំងអស់ ទៅ ស្នើ លោកធំ ។ ក្រោយដែលបានសំឡឹង រាយការណ៍ សង្ខេប ទាំងនោះ មួយពព្រិចភ្នែក រួចហើយ លោកធំ ក៏ចារដាក់ ថា ៖ បីខែ មួយឆ្នាំ អោយ រួចខ្លួន ។ ល ។ …. លុះដល់ មកថ្ងៃ ពុធ ដែលជាថ្ងៃ កាត់ក្តី លោកតា ចាងហ្វាង ក៏តាំង ចែក រង្វាន់ អោយ អ្នកជាប់ចោទ ទាំងឡាយ តាមចំណារ លោកធំ មិនអោយល្អៀងទេ ។ ការចុះចូល ប្រអោនលំទោន ហើយ គោរព ប្រណិបត្តិ យ៉ាងនេះ ជូនលទ្ធផល ខ្ទប់ភ្នែក បារាំង អោយលែង មើលឃើញ អ្វីទាំងអស់ ។ រឿងណា ដែលគាត់ ត្រូវ មានលាភ គាត់ ធ្វើ រាយការណ៍ ខ្លួនគាត់ បំបែរ សន្និដ្ឋាន លោកធំ អោយស្រប ទៅតាម លាភ របស់គាត់ ។ គាត់ ត្របាក់ គ្រឹប ! គ្រឹប ! ឥតញញើតមាត់ ទេ ឥតកោតក្រែងការ រិះគន់ ពីជន ណាទេ ព្រោះអី លោកធំ បានសំរេច យ៉ាង នោះរួចហើយ ៖ _ អី ដល់ម្លឹង ហ្ន៎ ? …… ************************************************** រឿង ស្ងាត់កំបាំង ដែល មិត្តថ្មីមក បង្ហាញ អោយ ឃើញនេះ នាំអោយ ទីឃាវុធ ក្រហល់ក្រហាយ នៅពុំសុខ សោះ ។ កាលពី ដើម គិតមកធ្វើការ បម្រើជាតិ និង ជនរួមជាតិ ។ ឥឡូវ មាន ទម្ងន់មួយ ធំមកសង្កត់ ដៃជើង សង្កិនប្រាជ្ញា មិន អោយ កម្រើក រួច សោះឡើយ ។ ដោយបានខ្ចី ពិសោធន៍ តែពី ក្នុងសៀវភៅ មកធ្វើជាគោល ជីវភាព ពិត ប្រាកដ ដែល បរិបូណ៌ ដោយភាព គ្រាតគ្រើម នោះបាន មករំលាយ គតិ និង សុភឆន្ទះ ទាំងនោះអស់ មួយរំពេច ។ ឩបសគ្គ និង សេចក្តី លំបាកមានសល់ សែន ស្ទើរតែគ្រប់ជំហាន ។ កម្លាំង ក្មេង យុវឋាមពល ដែល នៅតែ ឯក ឯង មិនងាយ នឹង កន្ត្រោងបង្រះ រួចទេ ពីសំណាញ់ អំពល់ ដែល រុំ ស្រោប រួតរិត ខ្លួន បានពេញទី ។ បណ្តា ព្រឹត្តការណ៍ ទាំងឡាយ ដែលបាន ធ្លាក់ ជាប់ជ្រៅ ទៅលើផ្ទាំង នៃពេលផ្តើម បម្រើ រាជការ នេះ ទីឃាវុធ បានចាំ ឥតភ្លេចនូវ រឿងមួយជាងគេ ព្រោះជាហេតុ នាំអោយខ្លួនទាក់ទងក្នុងការស៊ី សំណូកដែលក្នុងពេលនោះ ជាដំបៅមួយរីកធំៗ ឡើង ហើយធ្វើ អោយប្រយោជន៍ជាតិ មានគ្រោះថ្នាក់ គួរអោយព្រឺខ្លួន ។ ធម្មតា អ្នករាជការ នៅខេត្ត ក្រៅ តែងស្វែង ចង់សប្បាយ ហ៊ឺហា ណាស់ ធ្វើអោយរាស្ត្រ ប្រជា គ្នាកោត ញញើត ដូចខ្លាច ទេវបុត្រ ទេវតា យ៉ាងនោះដែរ ។ ថ្វី ក៏ពុំដូច្នេះ ព្រោះតែងមាន អ្នកជប់លៀង នាម៉ឺន នាសែន ដើម្បីបំបាត់ មាត់ បំបិទ ត្រចៀក ឬ ខ្ទប់ភ្នែក មិនអោយ ដឹងលឺ ច្បាស់ នូវកិច្ចការ អ្វី ដែលទាក់ទង នឹងផល ប្រយោជន៍ នៃពួក ក្រពើទាំងនោះ ។ ក្នុងពពួក ជនបែបនេះ ទីឃាវុធ បានសង្កេត ឃើញ សហគ្រិន ម្នាក់ ឈ្មោះ ហុង ឈី ជាកូនចៅចិន ដែលតែងឡើង ចុះសាលា ខេត្ត ហើយដែលបាន អញ្ជើញបុគ្គលិក ធំតូចនៃក្រុមរាជការ ទៅជប់លៀងកំសាន្តនៅទីនានាយ៉ាងញឹកញយ ។ បាល័ដ្ឋ ខេត្ត យើងមាន មុខតំណែង ខាង ត្រួតត្រា ហើយកាន់បញ្ជី សម្ភារះ ។ រវាង ពីរខែមុននេះ ថៅកែ ហុង ឈី បានចូលដេញ ថ្លៃ ដើម្បី រ៉ាប់រងទទួល ដេរ ឯកសណ្ឋាន ប៉ូលីស ខេត្តចំនួន ៥០០ សម្រាប់ ។ ក្នុងពេលនោះ ហុង ឈី ហ៊ាន ទារថ្លៃ យ៉ាងថោកជាងគេ បំផុត ។ អ្នកចូលដេញថ្លៃ ឯទៀត ពោលថា យកថ្លៃ យ៉ាងនេះ មុខជាខាតពុំខាន ។ ប៉ុន្តែ ហុង ឈី គាត់ឆ្លាតណាស់ …… ថ្ងៃមួយ នៅពេលជិត ដល់ម៉ោង ចេញពីធ្វើការ គាត់ចូលមក ជួប ទីឃាវុធ ក្នុងបន្ទប់ការិយាល័យ ។ គាត់លុតជង្គង់ ហើយលើកដៃ ប្រណម្យ ដាក់ខ្លួន យ៉ាងទាប ។ លោក បាល័ដ្ឋ ដែលជា អ្នកពុំចូលចិត្ត នឹងការ លុតក្រាប យ៉ាងនេះ ក៏ស្ទុះមក ទាញដៃ ថៅកែ អោយអង្គុយ លើកៅអី នៅចំពី មុខតុ ។ _ ខ្ញុំប្របាទ ម្ចាស់ , ហុង ឈី ចាប់និយាយ , អរព្រួច តែម្តងដោយបាន ដំណឹងថាព្រះតេជ ព្រះគុណម្ចាស់ អញ្ជើញមក កាន់តំណែងនេះ ។ ខ្ញុំប្របាទ មានមុខរបរ បន្តិចបន្តួច សូមជ្រក ម្លប់បារមី ព្រះតេជ ព្រះគុណ ផង ។ _ កុំមានប្រសាសន៍ យ៉ាងនោះ មិនត្រូវទេ ខ្ញុំជាអ្នក រាជការនៅក្មេង ថ្នាក់តូចទាប ហើយទើបមកកាន់ការថ្មី ៗ ពុំអាចមាន អំណាចអ្វី ជួយ លោកបានទេ ។ _ ប្រាកដ ជាជួយបាន ព្រះតេជ ព្រះគុណ ។ ព្រះតេជ ព្រះគុណ គង់ជ្រាបស្រាប់ ហើយថា ខ្ញុំបាទ បានដេញថ្លៃទទួល ដេរ ខោអាវ អោយពួក ប៉ូលីសខេត្ត ។ ឥឡូវ នេះរកសាច់ សំពត់ អោយបាន ដូចប៉ាន់ រាជការ នៅទីនេះ ពុំបានទេ ។ បើចង់បាន តោងចុះទៅ ភ្នំពេញ ។ ហើយ សំពត់ កំពុង ឡើងថ្លៃ យ៉ាងនេះ មុខ តែខាត លិចលង់ ស្លាប់ហើយ ។ _ បើ អញ្ចឹង អោយខ្ញុំ ជួយ យ៉ាងម៉េចទៅ ? _ ទាន ប្រោស មានសំពត់ មួយធឺ ទៀត ពណ៌ ខុសពីប៉ាន់ បន្តិច តែសាច់ ស្រដៀងគ្នាដែរ ។ សូមព្រះតេជ ព្រះគុណ ពិនិត្យ មើលចុះ ។ ថាហើយ ហុង ឈី ក៏ទាញយក ជំនៀរក្រណាត់ សំពត់ ពីរបែប មកដាក់ ធៀបផ្ទឹមគ្នា អោយ លោក បាល័ដ្ឋ មើល ។ _ ព្រះតេជ ព្រះគុណ មើលចុះ មិនខុសគ្នាទេ ។ ឯ សាច់ កំណាត់ របស់ខ្ញុំបាទ ចង់ក្រាស់ជាង គឺជាប់ជាងផង ។ បាល័ដ្ឋ ក្មេង ស្ទាប ពិនិត្យ សាច់សំពត់ ទាំងពីរធឺ ដោយ ប្រុងប្រៀប ស្រាប់តែ ថៅកែ បែរសម្លឹង ទៅទ្វារបន្ទប់ ឃើញ បិទ ជិតល្អហើយ ទើបទាញ ស្រោម សំបុត្រ មួយខ្សាក ពីក្នុង ហោប៉ៅ លើក ជូន ដោយដៃ ទាំងពីរ ទៅមន្ត្រី ហើយ និយាយ ថា ៖ _ សូម ព្រះតេជ ព្រះគុណ ជួយសង្គ្រោះចុះ ខ្ញុំប្របាទ មិនភ្លេច ព្រះគុណ ទេ ។ ទីឃាវុធ ដោយមិនដឹង ឩបាយកល ពួក សូកប៉ាន់ ក៏សួរដោយស្មោះ ត្រង់ថា ៖ _ ស្រោម សំបុត្រ អីនេះ ? ហុង ឈី ដែលក្រោក ឈរ បំរុងនឹងលា ចេញទៅហើយនោះ ក៏ឆ្លើយដោយ អៀនប្រៀន ថាជាសេចក្តី សាសព្ទ បំភ្លឺ ស្ថានការណ៍ របស់ខ្លួន ក្នុងរឿង ដេញថ្លៃ ។ អ្នក ម៉ៅការ បានបន្ថែមថា ៖ _ សូម ព្រះតេជ ព្រះគុណ យកសំបុត្រ នេះទៅ ពិចារណា ឯផ្ទះ ផងចុះ ព្រោះ ឥឡូវនេះ ហួស ម៉ោង ធ្វើការ របស់ ព្រះតេជ ព្រះគុណ ហើយ ។ ខ្ញុំប្របាទ សូមប្រណិបត្តិ ហើយ ។ ដោយល្ងាចនោះ ខ្លួនបានជាប់ ណាត់ សន្យានឹង ប្រាមោទ្យ ថានឹងជិះ ទោចក្រយាន យកលំហែ តាមដងស្ទឹង ទីឃាវុធ ក៏ប្រមូល ស្រោមសំបុត្រ និង ប៉ាន់សំពត់ ទាំងពីរបែប ដោយបន្ទី បន្ទាន់ ដាក់ក្នុង កាតាបយួរ តែដោយ នឹក ឆ្ងល់ ក្នុង ចិត្តថា សេចក្តី អធិប្បាយអី ក៏វែងម្ល៉េះ ស្រោមឡើង កំប៉ោង តែម្តង ។ ************************************************** នាម៉ឺនកម្លោះទាំងពីរ ជិះកង់ទន្ទឹមគ្នា ជើងធាក់ឈ្នាន់ យ៉ាងបន្ថើរ ៗ ភ្នែកគន់មើល ទេសភាព តាមមាត់ស្ទឹង ក្នុងពេលដែល ព្រះអាទិត្យ ជិត អស្តង្គត ។ រាងកាយ នារីខ្លះ ដែលកំពុង អង្គុយ ត្រាំទឹកហូរក្នុង នទី នាំ អោយ ទីឃាវុធ រំជួលចិត្ត គួចនឹកដល់ គូប្រចាំចិត្ត ដែលឃ្លាត ទៅឆ្ងាយ ។ ជួនបាន ដល់ទៅកូនរាន ទំនេរមួយ ដែលជ្រកក្រោម អម្ពិលមួយដើម ធំស្កឹមស្កៃ មិត្តទាំងពីរ ក៏ចុះពី ទោចក្រយាន ទៅ អង្គុយ សន្ទនា ពីនេះ ពីនោះបន្តិច ។ ជំរុល នៃការ សាសង គ្នា ឥតដើមចុង យ៉ាងនេះ បាននាំអោយ លោកសុភា និយាយ ពី ដង្ខៅ ហុង ឈី ៖ ប្អូន ! ប្អូនដឹងទេ ផ្ទះប្រក់ក្បឿង នៅត្រើយ ម្ខាងនោះ ជាផ្ទះរបស់ ដង្ខៅ ហុង ឈី ។ តាប៉ិ នេះស៊ីកប់ ស៊ីអាំង សម្បើមណាស់ ។ គាត់ទទួល ជប់លៀង អ្នករាជការ ដោយ ឥតរួញរា នឹងចាយវាយ ទេ តែ កាលណា គាត់ចាយ មួយកាក់ មុខតែគាត់នឹងបាន ចំណេញ មួយរៀល ឬ ពីរ រៀលហើយ គាត់ញក់ញី អ្នក ក្រីក្រ តើ អ្នកណា ហ៊ានក្អក បើ នាម៉ឺន មិនថា តូច មិនថា ធំ សុទ្ធតែត្រូវ ជើង នឹងគាត់ អស់ទៅហើយ ។ _ យី ដល់ ប៉ុណ្ណឹង ហ្ន៎ , លោក បាល័ដ្ឋ ឆ្ងល់ ។ លោក សុភា បន្ថែម សេចក្តី ថា ៖ _ ខ្ញុំ លឺថា គាត់ដេញថ្លៃ ទទួល ដេរ ខោអាវ អោយប៉ូលីស ។ ប្អូនចាំមើល មុខតែគាត់យក សំពត់ផ្តេសផ្តាស មិនបាន ដូចគំរូ ទេ ។ គេនិយាយ លាន់ថា តាប៉ិ ហុង ឈី នេះកំពុង ដើរ រកទិញ សំពត់បាតផ្សារ កញ្ចាស់់ ៗ ផុយ គគ្រុក យក ទៅដេរ ដាក់ អោយ រាជការហើយ ។ ហេតុនេះបានជាគាត់ ហ៊ាន ថ្លៃ ថោកជាងគេ ។ ទីឃាវុធ រៀបនឹងហា មាត់ប្រាប់មិត្ត អំពីរឿង ដែលខ្លួនបានជួប នឹងអ្នក ជំនួញ ទុច្ចរិត អម្បាញ់មិញ នេះទៅហើយ ស្រាប់ តែមាន នារី ពីរនាក់ រូបរាងស្អាតបាត ហើយតែងខ្លួនស្រស់ ប៉ប្រៃ ដើរចេញ ពីវត្ត ជិតទីនោះ នាំអោយមិត្ត ទាំងទ្វេប្រាណ ឡប់ស្មារតី រវល់ តែគយគន់ទៅវិញ ។ លុះនាងក្រមុំ កែក្រោយផុត ពីមុខទៅ នាម៉ឺន កម្លោះ ភ្លេចរឿងដើម ក៏នាំគ្នា ពិចារណា ធៀប ផ្ទឹម តែពី សោភណភាព នៃកញ្ញា ដែលទើប នឹងបត់ចូល ទៅ ក្នុងផ្ទះ ។ ************************************************** ទីឃាវុធ ដេកននៀល រលាក់ បើកភ្នែក ភ្លឹស ៗ ព្រោះទាស់ ចំណេះ ក្នុងការស្វែង រក សេចក្តី លន់លក់ ពុំបាន ។ ប្រាក់ ៥០០ រៀល ច្រក ក្នុងស្រោមសំបុត្រ ដែល ហុង ឈី បានប្រគល់អោយមក ដោយកុហកថា ជាសេចក្តី អធិប្បាយ ពន្យល់នោះ ជះចំហាយ ក្តៅ ដូចរងើក ភ្លើង ។ ថ្វី បើសេចក្តី សុចរិត សេចក្តី ស្លូតត្រង់ របស់ បាល័ដ្ឋ ខេត្ត ថ្មី ពុំមានអ្វី នាំអោយ សៅហ្មង ដល់តូច មួយ សោះឡើយ តែក្តី ទីទាល់ក្រ នាំបង្វិល ខួរអោយ រវាត ពីផ្លូវត្រង់ មួយ ភ្លែតដែរ បើអញ ទទួលយកទៅ , អ្នកកម្លោះ ជញ្ជឹង គិត តែក្នុង ចិន្តា , ម្ល៉េះសមអញ នឹង សងជំពាក់ប្រាក់ ដែលបាន ខ្ចីពីពួកម៉ាក យក មកទិញ ប្រដាប់ប្រដា ផ្សេង ៗ បានរួច ជ្រះស្រឡះ ។ រំពឹងលើ ប្រាក់ខែ ឯណាកើត ? បានត្រឹម តែ ៤៦ រៀល កាត់ថ្លៃបាយ ឈ្នួលផ្ទះ ថ្លៃគុយទាវ ឈ្នួល បោកអ៊ុត ខោអាវ អស់ចេញ មួយខែ ៗ នៅសល់មិនបាន ៥ រៀលផង ។ ប៉ុន្តែ មានគំនិតមួយទៀត លេចធ្លោ ឡើង ៖ បើអញ ទទួល យកសំណូក នេះទៅ ប៉ូលីស ដែលតែង ទទួល បញ្ញត្តិ អោយ ស្លៀក ខោអាវ នេះបាន មួយឆ្នាំ មុខជា វេទនា ធំហើយ ។ ស្លៀកពាក់អោយជាប់យូរ ឯណាកើត បើផុយ តាំងពី ថ្មី ទៅហើយ ។ ពីរខែ មិនទាន់ទេ មុខជា រហែកខ្ទេច ។ ត្រូវកុំ ភ្លេចថា គ្នាតោងដើរ ហត់នឿយណាស់ ។ ឯកសណ្ឋាន នេះ លុះត្រូវ ញើស ត្រូវថ្ងៃ ត្រូវភ្លៀង ក៏កាន់តែ អន្តរាយ រហ័ស ទៅទៀត ។ ប៉ូលីស នោះ ម្នាក់ ៗ បានប្រាក់ខែ តែ ១២ រៀលទេ ។ បើមិន ចង់ដើរផ្លូវ ទុច្ចរិត ទេ មុខតែ បង្អត់ បង្ខះ ប្រពន្ធកូនហើយ ទើបសន្សំប្រាក់ មកកាត់ ដេរបន្លាស់ ថ្មីបាន ។ គិត សព្វ ៗ ទៅ មិនត្រូវ សប្បាយ តែម្នាក់ឯង ហើយ អោយមនុស្ស ៥០០ នាក់ទៀត រងវេទនា ដោយសារខ្លួន យ៉ាងនេះសោះឡើយ ។ មួយទៀត ខ្លួនបាន តាំងចិត្ត តាំងពីក្នុងសាលា មកថា ស្អប់ខ្ពើម អំពើ ពុករលួយ ណាស់ មិនគប្បី លះបង់ ឩត្តមគតិ ខ្លួនតាំងពី ដើមទីយ៉ាង នេះទេ ។ លុះបានសម្រេចចិត្ត យ៉ាងនេះហើយ មន្រ្តី កម្លោះ ក៏ធូរ ទ្រូងភ្លាម ៖ ព្រឹកនេះ អញនឹង ហៅ ហុង ឈី អោយយកប្រាក់ ចង្រៃនេះ ទៅវិញចុះ អញមិនត្រូវការទេ ! ។ ដោយកម្លាំង នៃសេចក្តី ពេញចិត្ត នឹងខ្លួន យ៉ាងនេះ ទីឃាវុធ ក៏ កើត ងុយ រក ដំណេកភ្លាម ។ ដូច្ចេះ ហើយ ក៏ទាញចង្កៀង ប្រេងកាត ផ្ចាញ់ព្យុះ មកសង្កត់ គន្លឹះ បង្ហើប បំពង់ កែវ ផ្លុំ ពន្លត់ទៅ ។ ប្រាសចាក ពី កង្វល់បាន កាលណា ចិន្តា អ្នក កម្លោះ ក៏ផ្លេកផ្លោះ ទៅរកនាង វរមិត្ត ដែលព្រាត់ ទៅទី ឆ្ងាយ យូរខែហើយ ។ ព្រលឹង មាសបងអើយ ម្តេចឡើយ ក៏ បាត់ ដំណឹង ជ្រៀបយ៉ាងនេះ ? ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: