មាលា​ដួង​ចិត្ត​ ទំព័រទី៦



ពពកខ្មៅបាំងមេឃា

មហាវិស្សមកាល ! វ៉ាកងធំ ! ឈប់ពីរខែ ! ក្រោយដែលបានប្រឡងជាប់ ដោយបាន លេខចាត់ឋានះ យ៉ាងឆើតមក គួរ ណាស់ជាឱកាស សប្បាយបរិបូណ៌ ដោយពន្លឺ ព្រះអាទិត្យនិងសេចក្តី ត្រេកត្រអាល យ៉ាងស្មោះស្ម័គ្រ ចំពោះជីវភាព ! តែ មិនដូច្នេះឡើយ ទីឃាវុធ ឋិតនៅក្នុងទិវា រាត្រី អព្ទអួរ ព្រោះមានសេចក្តីនឹករលឹក និងភ័យព្រួយ ។
កាលពីដើម ខ្លួនបានគ្រោងទុកថា នឹងធ្វើដំណើរជាមួយគ្នា ទៅទីនេះទីនោះ ដើម្បីអោយពាលពៅ បានស្គាល់ស្រុកខ្មែរ យ៉ាង ជាក់លាក់ ។ ឥឡូវនៅឯកាតែម្នាក់ឯង បន្លែងចិត្តតែដោយ រូបអនុស្សាវរីយ៍ ដែលបានថតជាមួយគ្នា ក្នុងគ្រាធ្វើ ដំណើរ មើលបុរាណដ្ឋាន ឯខេត្តសៀមរាប ។ យូរៗលេចសំបុត្រមួយពីប្រទេសថៃ ហើយ ថៃនោះ ឯង អ្នកកម្លោះ ស្គាល់ សុភមង្គល ថ្លាស្អាត ឥតមន្ទិល ។ បេះដូងយោលគ្រឹកគ្រេង ភ្នែកគយគន់ដោយស្នេហា នូវតួអក្ខរា គ្រប់អង្គ ទំរាំន័យ អត្ថបទ ជ្រួតជ្រាប ក្នុងសតិប្រាជ្ញាបាន ។ នាងជូនដំណឹងពី សុខភាព ម្តាយនាងដែលបានធូរគ្រាន់បើ តែនៅមិនទាន់ ផុត ភ័យនៅឡើយទេ ។ នាងរៀបរាប់អំពីសេចក្តីនឹករលឹក ហើយវិពណ៌នា អំពីសេចក្តីស្នេហា ដែលធ្វើអោយក្រៀមក្រំ ហឬទ័យ ព្រោះឃ្លាតបែកឆ្ងាយគ្នា ។ ឱ សំបុត្រដែលវិចិត្រដោយអក្សររាងតូចមូលក្រឡង់ ជាភាសាសៀមលាយអង់គ្លេស ហើយដែលបានស្រូបជាប់នូវពិដោរក្រអូប របស់នារីយកមកផង តែងពោរពេញដោយពាក្យពេចន៍ និងមនោសញ្ចេតនា ផ្អែមល្ហែម ទន់ត្រជាក់ដូចសំដី ដែលនាងធ្លាប់ចរចា ។
កក្កដា បានលិចបាត់ទៅក្នុងមហាសមុទ្រនៃយុគា សីហាក៏ចូលមកផ្លាស់វេន ដោយនាំទាំងសេចក្តី ថប់ព្រួយ កាន់តែច្បាស់ ឡើង ។ ស្ថានការណ៍ ពិភពលោក រិតតែ ធឹងតឹង ស្រមោលសង្គ្រាម កាន់តែខិតចូលមកជិត ។ រវាងមួយអាទិត្យ ម្តង ទីឃាវុធ បានមកលេងផ្សារ ស្វាយប៉ោ ទិញកាសែតអាន ហើយស្តាប់ដំណឹងផ្សាយតាមវិទ្យុ នៅផ្ទះមិត្តភក្តិ ។ សម្លេង អួតអាងអំពី កម្លាំង រេហ៍ពល រៀងខ្លួន នឹងស្នូរត្រៀមអាវុធ កាន់តែរន្ថាន់ឡើង ហើយនៅព្រំដែន អាល់ឡឺម៉ង់ ប៉ូឡូញ ឩបត្តិហេតុ បង្ហូរឈាម កាន់តែមានញឹកញាប់ថែមទៀត ។ អាឡឺម៉ង់ស្រែកឡូឡាថា ប៉ូឡូញ មើលងាយខ្លួន បារាំង និង អង់គ្លេស ប្រកាសថាលែងនៅស្ងៀម ដូចកាល ហ៊ិតលែរ លេបអូទ្រីស ឬលែងញ៉ម ថយក្រោយ បែបកាលនៅ មុយនិស ទៀតហើយ ។ ខាងនេះក៏មិនថយ ខាងនោះ ក៏មិនរា ទាល់តែ …..ផ្ទុះឆេះសន្ធោសន្ធៅឡើង ។
ទីឃាវុធ ចំបែងក្នុងចិត្តខ្លាំងពេក ក៏កើតនឿយណាយ លែងរាប់រកទេសភាពភូមិកំណើត ថ្វីបើនៅពេលធម្មតាខ្លួន តែង គួចប្រតិព័ទ្ធលើសលប់ ។ មានថ្ងៃមួយ នៅចុងខែ សីហា អ្នកកម្លោះបានសុំឳពុកម្តាយ មកសំណាក់នៅផ្ទះពួកម៉ាក ម្នាក់តាំងនៅត្រើយខាងកើត នៃស្ទឹងសង្កែ ។ គេហដ្ឋាននោះ ឯងមានគ្រឿងវិទ្យុមួយ ប្រដាប់ដោយ ខ្សែអាកាស ចងយ៉ាង ខ្ពស់ ភ្ជាប់ទៅថ្នោលឬស្សី ដែលដោត នៅលើដំបូល ។ ល្ងាចៗឡើង អ្នកជិតខាង មកជួបជុំ ខ្មៅមីរ ស្តាប់ដំណឹងពីព្រៃ នគរ ឬ បាងកក ដ្បិតពីពេលនោះ ភ្នំពេញយើងពុំទាន់មាន គ្រឿងផ្សាយ សម្លេងទំនើប បែបនេះនៅឡើយទេ ។ អ្នកណា ដែលចេះភាសាបរទេស មាននាទី បកប្រែ ដំណឹងប្រាប់គ្នីគ្នា ។ យប់ៗ ឡើងជនបួនប្រាំនាក់ ដែលឃ្លានដំណឹងជាងគេ ឯ ទៀត តែងដេកវៀន ចាំយាមនៅជុំវិញតុ រ៉ាឌីយោ ប្រុងនឹងក្រោកស្តាប់តៗគ្នា នូវសម្លេងផ្សាយ ចេញពីប្រទេស រុស្សី ស៊ុយអែដ អាល់ឡឺម៉ាញ បារាំង អ៊ីតាលី អង់គ្លេស តួរគី សហរដ្ឋអាមេរិក អូស្រ្តាលី ។ល។ …..កាលណាបានដំណឹង អ្វីប្លែក ក៏បន្តប្រាប់អ្នកជិតខាងភ្លាម ។
ទីឃាវុធ ដើមដំបូង ហាក់ដូចរវើរវាយ មិនសូវស្រើបចង់ដឹង ព្រឹត្តិការណ៍ទាំងនេះប៉ុន្មានទេ ព្រោះដួងចិត្តឌូតត្រង់ ទៅរក ទិសតែមួយ ។ ប៉ុន្តែយូរៗទៅ ដោយអ្នកជិតខាង គេពឹងព្រោះឃើញថា ចេះខាងភាសា បារាំង និង អង់គ្លេស ក៏ព្រមស្តាប់ ហើយបកប្រែ ទាល់តែយូរៗទៅ កើតជក់ចិត្ត និងល្បែង បែបថ្មី នេះដែរ ។
នៅពេលម៉ោង ពីរយប់ក្នុងពេលនារី រុស្សីកំពុងផ្សាយដោយសម្តីទន់ផ្អែម ជាភាសាបារាំង អ្នកម្ចាស់ផ្ទះតែងលើកបបរសាប និងត្រីងៀត មកលៀង ។ ទីឃាវុធ ស្តាប់បណ្តើរបកប្រែសង្ខេបៗ បណ្តើរ ប្រាប់អ្នកដែលពុំចេះបារាំង ។ លុះចប់ការ ផ្សាយកាលណា ទើប បរិយាយពិស្តារទាំងស្រុង តែម្តង ។ បន្ទាប់មកទើបនាំគ្នាធ្វើ អត្ថាធិប្បាយ ប្តូរ យោបល់ ទាល់តែ ស្បើយកម្លាំង ក៏លក់ នៅកៀន រ៉ាឌីយោ នោះទៅ ។ លុះព្រលឹមឡើង ក៏នាំគ្នាក្រោកស្តាប់ ទាំង សើងម៉ើង ទាំងអុល នូវ ព៌តមាន ពីព្រៃ នគរទៀត ។ ថ្វីបើដំណឹង ទាំងនោះច្រើនតែស្រប ហើយមិនប្លែកពីគ្នា ប៉ុន្មាន អ្នកស្តាប់ពុំមានជិនឆ្អន់ សោះឡើយ ។ ព្រោះយល់ឃើញថា ជោគជីតាសកលលោក ព្យួរជាប់ទៅលើ សង្រ្គាម ដែលកំពុងកំញើញ បីដូច ពពក ខ្មៅរសាត់មក បាំង មេឃា ។
នៅវិទ្យុ បាងកក មានអ្នកនិយាយស្រីម្នាក់ មានសម្លេងហើយ សំនួល សម្តី ស្រដៀងគ្នា នឹងនាង ចន្ទមណី ។ វោហារ នារី នេះ តែងនាំអ្នកកម្លោះ យើងអោយរំជួល ក្នុងចិត្តពន់ប្រមាណ ។
ដាច់ខែសីហា ប្រិប កងទ័ព អាឡឺម៉ង់ ក៏ជោរជន់ រាបលិចប្រទេស ប៉ូឡូញ ភ្លាម ។ នៅថ្ងៃទីពីរ កញ្ញា អង់គ្លេស និង បារាំង ប្រកាស សង្រ្គាម តទល់នឹង អាឡឺម៉ង់ ។ ប្រវត្តិនៃសង្រ្គាមលោក លើកទីពីរ ក៏ចាប់ផ្តើម ក្នុងពេលនោះ ដែលត្រូវលេប ថិរវេលា ជិតប្រាំមួយឆ្នាំ ទើប ឯវំ ។
ព្រឹកថ្ងៃទីដប់ កញ្ញា បានឃើញ ទីឃាវុធ ឡើងរថភ្លើង ទៅភ្នំពេញ ដែលមានស្ថានភាព ប្លែកឆ្ងាយពីសព្វដង ។ ពេលថ្ងៃ ទាហាន ដើរទៅមកតាម វិថី កាន់តែមានចំនួន កើនឡើងជាលំដាប់ បារាំង ស៊ីវិល ដែល ទីឃាវុធ ធ្លាប់ស្គាល់ រៀងមក ឥឡូវជាប់កំណែណ្ឌ ពាក់ ឯកសណ្ឋានកាគី មានស័ក្តិ មានយសលាន់ ។ យប់ៗ ឡើង វិធានការ ងងឹតខាង ក្រៅ ពន្លត់ភ្លើងតាមថ្នល់ ទុកសល់តែត្រង់នេះមួយ ត្រង់នោះមួយ ដោយមានក្បាំង បំបែរពន្លឺ អោយសំយុងធ្លាក់ជា កញ្ចុំ ត្រង់មកក្រោម ។ ឯអ្នកផ្ទះ សោត ក៏ទទួលបង្គាប់អោយ បិទបាំង សន្លឹកទ្វារបង្អួច កុំអោយមានរស្មី ចាំងចេញទៅ ក្រៅបានដែរ ។ ម្ល៉ោះហើយ ក្នុងពេលរាត្រី ផែនខ្មៅមកគ្របដណ្តប់ រាជធានី នាំអោយកើត អផុក្ស ជាអនេក ។
ដោយលឺដំណឹងថា នឹងមិនមានបើកថ្នាក់ ទស្សនះវិទូ ទៀតទេ ព្រោះខ្វះ សាស្រ្តាចារ្យ ទីឃាវុធ ក៏ចូលទៅសួរដល់ ការិយាល័យ នៃលីសេ ហើយបានទទួលសេចក្តី បញ្ជាក់ថារឿងនេះ មិនទាន់មានអ្វីប្រាកដនៅឡើយទេ ប្រហែលជាបើក ដែរ តែនៅពេលក្រោយ ថ្នាក់ ឯទៀតបន្តិច ។ នៅចុងខែ កញ្ញា ថ្នាក់ ទស្សនះវិជ្ជា ក៏បើកបង្រៀនមែន ។ ទីឃាវុធ ដោយ រួបរួម នឹងពួកម៉ាក ខ្មែរ ៧ នាក់ យួន មួយនាក់ ហើយបារាំងពីរនាក់ ក៏តាំងចាប់រៀនត្រដាបត្រដួស ព្រោះគ្រូរវល់ ហាត់ហ្វឹកហ្វឺន ខាងក្បួនទាហាន មិនសូវមានពេលមក ពន្យល់ បង្រៀនទេ ។ ម្ល៉ោះហើយសិស្សទាំងនោះ បើមិននាំគ្នា អានកាសែតទេ ក៏តាំងប្រឡែងគ្នា ក្តុងក្តាំងក្នុង ថ្នាក់រៀនដែរ ។
ចាប់តាំងពីការតស៊ូ នៃប្រទេស ប៉ូឡូញ រសាយសូន្យ ទៅ សង្រ្គាមលេងៗ ក៏តាំងឡើងនៅព្រំដែន បារាំង អាឡឺម៉ង់ ។ ក្នុងពេលតែមួយនេះ យីពុន ដែលរវល់ជាប់ ដៃនៅប្រទេស ចិន យូរឆ្នាំមកហើយ តាំង កំរើកដើរ នយោបាយ ប្រទូស្តនឹង ពួកស្បែកស កាន់តែខ្លាំងឡើងៗ ។ ប្រទេស ថៃ ដែលបានស្រង់ក្លិន ដឹងថាខ្យល់នឹងបក់មក ពីទិសណាទីណា ខ្លាំង ជាងគេ ក៏ឈានជើងដើរតាម ក្រោយបង យីពុន ដរាប ។ ចំណែក រាជការ បារាំងនៅ ឥណ្ឌូចិន គេយល់ថាស្ថានការណ៍ ធុំ ក្លិនមិនសូវស្រួល សោះ ក៏ប្រមែប្រមូល ដំឡើង សេន្យានុភាព តាមការអាចបាន ។ ហេតុ ដូច្នេះហើយ បានជា សស្រ្តាចារ្យ ជាតិបារាំង ទាំងឡាយ ត្រូវស្លៀកពាក់ទាហានអស់ ។
ក្រោយដែលបានដើរ តតាក់តតុប បានជាងពីរខែមក ថ្នាក់ទស្សនះវិជ្ជា នៅវិទ្យាល័យ ស៊ីសុវត្ថិ ដោយមានចំនួនសិស្ស ស្តួចស្តើងពេក ក៏ត្រូវ បិទទ្វារជាស្ថាពរ ដើម្បីសំចៃ បុគ្គលិក ដែលត្រូវការ ខាងសឹកសង្រ្គាមជាង ។ សិស្សខ្មែរទាំង ឡាយ ត្រូវគេបញ្ជូន អោយទៅរៀន នៅ វិទ្យាល័យ ប៉េទ្រុសគី នាក្រុង ព្រៃនគរ ។ ប៉ុន្តែដោយពេលនោះ សិស្សដេក ក្នុងរបស់គេ ពេញចំណុះ អស់ទៅហើយ រាជការ លីសេ នេះបង្គាប់ យុវជនយើង អោយដើររក ជួលផ្ទះសំណាក់ នៅក្រៅ ខ្លួន ឯង ។ លុះជួល ផ្ទះបានហើយ រៀបទីអាស្រ័យ បានស្រួលបួល រួចកាលណា សិស្សកំសត់យើង ក៏នាំគ្នាចូលទៅ ជួប ចាងហ្វាង វិទ្យាល័យ ដែលជាជាតិបារាំង មួយធាត់ក្រអាញ ពោះកំប៉ោង ប៉ុនពាងទឹកហើយមានភ្នែកសល្អក់ ដូចគ្រាប់ ស្វាត ។ បារាំងនេះ ក៏សំដែង កំហឹង យ៉ាងសាហាវ ក្នុងពេលនោះ ព្រោះរាជការ ខាងស្រុកខ្មែរ ជជីកសុំអោយ សិស្ស របស់ខ្លួន អាស្រ័យនៅក្នុងសាលា ។ គេស្រែកសន្ធាប់ឡូឡា ដាក់យុវជន ដែល ឥតមានទោសពៃរ៍អ្វីសោះ ថែមទាំង ពោលពាក្យ ចាក់ដោត មកលើយ៉ាងធ្ងន់ៗ ទៀតផង ។ ទប់នឹងអំពើអយុត្តិធម៌យ៉ាងនេះពុំបាន ទីឃាវុធ ក៏តបឆ្លើយ ពីរបីម៉ាត់ ហើយដើរចេញមក ឡើងឡានឈ្នួល ជាមួយ វេគី ត្រឡប់មកភ្នំពេញវិញ ។
ក្នុងពេលនោះទឹកចិត្ត ទីឃាវុធ បរិបូណ៌ដោយសេចក្តី អស់សង្ឃឹម ព្រោះមិនដឹងពេលណានឹងបានជួបនារី ជាត្រួយ ជីវិត ឡើយព្រោះយល់ថា លែងបានឱកាសទៅរៀន ប្រទេសបារាំង តាមប្រសងជាយូរមកហើយ ដែរ ។ សង្រ្គាមក្នុងសមុទ្រ បណ្តាលអោយ គមនាគមន៍ រវាង ឥណ្ឌូចិន និងទ្វីប អឺរុប ធ្វើបានដោយ លំបាក ។ ឯមាលាដួងចិត្ត ក៏ព្រាត់ប្រាសនៅ ឆ្ងាយ មិនដឹងជានឹងបាន ជួបគ្នាទៀត ឬដូចម្តេចទេ ? ។ ទាំងអាឡោះអាល័យ អ្នកកម្លោះ ក៏បង្ខំចិត្តលាចាកកិច្ចសន្យា ដែលព្យុះ អភ័ព្វ មកបំបាក់ផ្តាច់ យ៉ាងនេះ ។ ដោយខំទប់នឹងភាព ខ្សឹកខ្សួលនេះ ទីឃាវុធ ក៏ឡើងពាក្យសុំធ្វើការ ខាង មន្ត្រី រដ្ឋបាល ។
ទុក្ខធួន មួយចំណែកទៀត ព្រោះសំបុត្រនាង ចន្ទមណី កាន់តែខ្លីៗ ហើយ រយាលៗពេលទៅផង ។ កាលដើមអក្ខរា នាងតែងមានសេចក្តី ឡែបខាយ ពិរោះ ដ៏ជាឱសថទិព្វ ចំពោះសេចក្តី ស្នេហា ដែលគ្រាំគ្រា ។ តែ ឥឡូវ ម្តេចក៏យ៉ាង ដូច្នេះ ? ចុក ក្តុកអួលផ្សា អ្នកកម្លោះគិត យល់ដោយ សមហេតុសមផល ថា វិទេសោបាយ ថៃ ឥណ្ឌូចិន ក្នុងពេលនេះ បានត្រេចទៅរក ផ្លូវប្រទូស្តគ្នា ដែលជាហេតុ នាំអោយ មានការត្រួតពិនិត្យ សំបុត្រ ស្នាម ទាំងឡាយ យ៉ាងតឹងរ៉ឹង នៅ ប្រៃសណីយ៍ ។
ចំណែក ឯ អ្នកសរសេរវិញ ហ៊ានប្រគល់ទៅ ក្រដាស តែដំណឹង ខ្លីៗ ដែលមិនមែនជាការសម្ងាត់ ឬ ដែលមិនមែនជាការ ផ្ទាល់ខ្លួនជ្រៅៗ ពេក ព្រោះអៀនផង មានបារម្ភផង ចំពោះភ្នែក ជនដទៃ ដែលចាំឆែកឆេរ សំបុត្រ ទាំងនោះ ។
នៅដើមខែ កុម្ភះ ឆ្នាំ ១៩៤០ ក្រសួង មហាផ្ទៃបាន ហៅ ទីឃាវុធ អោយចូលធ្វើការ ហើយចាត់អោយ ទៅធ្វើជា បាល័ដ្ឋ ខេត្ត នៅពោធិសាតិ៍ ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: