មាលា​ដួង​ចិត្ត​ ទំព័រទី៥



ភ្នំគូលែន ឋានបរមសុខ

ល្ងាចថ្ងៃអាទិត្យមួយ នៅចុងខែមីនា ទីឃាវុធ បានមកលេងផ្ទះមិត្តខ្លួនទាំងពីរ ។ ក្នុងពេលនោះ ឳពុកនិងកូន កំពុងអង្គុយយកលំហើយ នៅរានហាលខាងក្រៅ ដោយមាន ទឹកក្រូចមួយ កែវម្នាក់នៅចំពី មុខ។ លោក ទេព កោសល្ល បានទទួលអ្នកកម្លោះដោយរាក់ទាក់ ។ ឯនាង ចន្ទ មណី ញញឹមពព្រាយទៅរក ហើយ ចៅរៅ ហៅមនុស្សបំរើ លើកកៅអីមួយមកថែម ។ ចំណែកខ្លួននាង ក៏ចូលទៅយក ទឹកក្រូចពោធិ៍សាត់ច្របាច់ដាក់ទឹក កកមួយកែវ មកជូនភ្ញៀវថ្មី ។ លុះបានអង្គុយស្រួលបួល ព្រមគ្នា ហើយនាងក៏ស្នើរសួរ ៖
_ យី បង ! បងឈប់វិស្សមកាលនៅថ្ងៃណា ?
_ ចាប់ពីថ្ងៃសុក្រ ទីមួយមេសានេះ ឯង ។ បងមកនេះដើម្បីមកលា លោកនិងនាង ទៅផ្ទះនៅថ្ងៃនោះដែរ ។
មាណវី នាងតបបណ្តើរ មើលមុខឳពុក នាងបណ្តើរ មានទំនងជានឹងសួរនូវការណ៍មួយ ដែលនាងរៀបនឹងថ្លែង ៖
_ កុំប្រញាប់ទៅផ្ទះពេកបានឬទេ ? ។ បើយើងឈប់លំហែកម្លាំងបានមួយអាទិត្យសិន សឹមគិតរើ រៀនវិញប្រហែលជា ល្អជាង ដ្បិតអីខួរក្បាល កាលណាបានសំរាកខ្លះ តែងទទួលចាំ ទទួលយល់ រហ័សណាស់ ។ គិតអោយមែនទែន លំហែ មិនមែនជាការ ឥតប្រយោជន៏ទេ ។ បងមើលខ្សែឈើប៉ី រឹតតឹងពេក ដាច់ប៉ិត !
_ អញ្ចឹងមែន , លោក ទេពកោសល្ល សង្កេត , កូននិយាយនេះត្រូវណាស់ ។ បើក្មួយទៅលេងសៀមរាប មើលអង្គរ ជាមួយយើងបាន យើងហៅសែនត្រេកអរ ។
ព្រោះមានការបបួល រន្ថាន់ពីមិត្តទាំងពីរ ដូច្នេះព្រោះមាន បំណងចង់ជួបគូសង្សារ អោយបានយ៉ាងយូរ ហើយ ព្រោះចង់ ឃើញប្រាសាទ ដែលខ្លួនបានស្គាល់ដោយសៀវភៅ ទីឃាវុធ ក៏ផ្ចាលផ្ចាញ់សេចក្តី ស្ទាក់ស្ទើរ ដើម្បីទទួលធ្វើ ដំណើរ ទៅជាមួយយៅវមាល្យ ។

**************************************************

ហេតុនេះហើយបានជានៅ ពេលស្រាងៗថ្ងៃមួយ ក្រោយដែលបានសញ្ជឹង ហើយស្ងើច ចំពោះបុរាណដ្ឋានទាំងឡាយតាម វង់តូចវង់ធំពិនិត្យលំអទេសភាពនៅបារាយណ៍ ហើយអួតសរសើរ បាគង និង លលៃ ស្រេចមកអ្នកដំណើរ បានជិះរថយន្ត ហ្វរដ៍ចាស់ពីរគ្រឿង បញ្ចាំងកាំរស្មី គោមធំស្វាន ទម្លុះផែនខ្មៅប្រផេះ នៃវេលាទៀបភ្លឺ ហើយបរតាមថ្នល់ ចេញពីក្រុង សៀមរាប ឆ្ពោះទៅខាងជើង ។ ពពួកយុវជនបានរើទាញ ឡើងវិញដោយ បីតិ នូវព្រៃអង្គរ ដែលសាយក្លិនក្រអូបប្រហើរ ហើយស្មានយល់តាមទីចន្លោះៗ នូវកន្លែងដែលមាន នាមល្បីខ្ចាយ ប្រកបដោយប្រវត្តិសាស្រ្ត ។ រថយន្តគ្រហឹម ងុល ទទាក់ អ្នកជិះដូចចង្អេរអុំអង្ករ ហើយ បរបណ្តោយ តាមផ្លូវមាត់ស្រះស្រង់ កាត់ភូមិប្រដាក ដែលក្មេង ទើបភ្ញាក់ពីដេក ស្ទុះមកស្រែកហ៊ោទទួល តាមរបងផ្ទះ ពីមួយទៅមួយ តៗគ្នា រួចទើបចូលក្នុងផ្លូវលំ កញ្ឈូសដីផូរ ហុយទ្រ លោម កាត់មុខប្រាសាទ បន្ទាយសំរែ ដោយតម្រង់ ជាឱរាល់យកទិសខាងជើងជានិច្ច ។
ឡានខាងមុខ ដែលមានភារះជាអ្នកនាំផ្លូវ មានលោក សុខវិន្ទ ជាអ្នកកាន់ចង្កូត ហើយមានគ្រួសារគាត់ ជិះជាមួយផង គឺនាង ប្រភា ជាភរិយា នាង ឆដាវណ្ណ ជាបុត្រី ចៅ វង្សរិទ្ធិ ជាបុត្រាព្រមទាំងចៅ វេគី ដែលជាអ្នកជិតខាង ។ យុវជន ទាំងបីនាក់ សុទ្ធតែជាអ្នករៀននៅ វិទ្យាល័យ ដូចគ្នា ហើយ វង្សរិទ្ធិ និង វេគី ដែលជាសិស្ស អន្តោវាសិក ដូច ទីឃាវុធ ដែរបានចងមិត្តភាពជាមួយអ្នកកម្លោះនេះយ៉ាងជិតស្និទ្ធ ។ ដូច្នោះនាកាលបានដំណឹងពីពួកម៉ាក គេនឹងជូនមិត្តជាតិសៀម មកមើល ប្រាសាទ អង្គរ ហើយយុវជនទាំងពីរក៏ប្រទាញប្រទង់ ដណ្តើម ទីឃាវុធ អោយមកនៅផ្ទះរៀងខ្លួន ។ តែក្រោយ មកបានដាច់ស្រេចថា គួរ ទីឃាវុធ មកសំណាក់នៅ គេហដ្ឋាន ឳពុក វង្សរិទ្ធិចុះ ព្រោះយល់ថា នាយ សុខវិន្ទ ជាថៅកែ យ៉ាងធំនៅសៀមរាប ខាងការដឹកនាំអ្នកដំណើរដោយរថយន្ត ។ អាស្រ័យហេតុនេះអាចមាន មធ្យោបាយទទួលពួកម៉ាក ដើរលេងបានដោយស្រួល យ៉ាងនេះហើយ ទើប ទីឃាវុធ បានមកស្នាក់ដំណេកក្នុងបន្ទប់ វង្សរិទ្ធិ ។ ឯលោក ទេពកោសល្ល នាង ចន្ទមណី និងស្រីភីលៀងទាំងពីរ លោក សុខវិន្ទ បានអញ្ជើញអោយមក នៅផ្ទះជាមួយដែរ តែអ្នកដំណើរសៀម បានប្រកែកតាមសេចក្តីគួរសម ដោយយកលេសថា ខ្លួនបានវាយ ទូរលេខ មកជួលបន្ទប់បី ទុកមុន នៅមហាសណ្ឋាគារ ស្រេចទៅហើយ ។
រាល់ថ្ងៃព្រឹកៗឡើង វង្សរិទ្ធិ តែងបរឡាន ហ្វរដ៍មួយបញ្ជិះ ប្អូនស្រី ទីឃាវុធ និង វេគី មកជួបជុំមិត្តថ្មី នៅមហាសណ្ឋាគារ រួចហើយក៏នាំគ្នាដើរលេង ទៅមើលប្រាសាទ ទៅហែល ទឹកបារាយណ៍ ឬទៅអាស្រ័យបាយឯស្រះស្រង់ ឬស្រះ ព្រះពិធូរ
ក្នុងឱកាសនោះ លោក ទេពកោសល្ល និងគ្រួសារ តែងប្រើរថយន្ត របស់លោកដែលមាន អ្នកបើក នៅប្រចាំការជានិច្ច ។
មានថ្ងៃមួយ វេគី បានយកគូលែនមួយថង់ធំមកចែកគ្នាខាំបករញ៉ី ក្នុងពេលទស្សនាប្រាសាទ បាគង ។ ផ្លែឈើនេះដោយ បានអ្នកទិញជ្រើស យកតែផ្អែមៗ នាំអោយនាង ចន្ទមណី សាកសួរពីទីកន្លែង ដែលគេបេះយកមក ។ ពីពាក្យមួយទៅ សំដីមួយ ពីអំនួតមួយ ទៅ វិពណ៌នាមួយជាប់រឿងគ្នារហូត ដល់ពួកទេសចរប្តេជ្ញា ថានឹងទៅលេង ភ្នំគូលែន ដែរ ។
ក្នុងឱកាសដំណើរ នេះ លោក ទេពកោសល្ល ត្រូវបោះបង់ឡាន រ៉ឺណូរបស់គាត់ មកនាំគ្នាជិះរួមជាមួយ ទីឃាវុធ ផងក្នុង រថយន្ត ហ្វរដ៍ ដែលបរតាមបីក្រោយ ហើយដែលលោក សុខវិន្ទ បានចាត់ចែងផ្គត់ផ្គង់អោយ ។ ដើម្បីទៅអោយដល់ភ្នំ បានពីព្រឹក អ្នកដំណើរ តោងក្រោកពីស្រាងៗ ព្រោះផ្លូវដែល មានចម្ងាយ ជាងសែសិបគីឡូ ពីសៀមរាប ទៅភ្នំនោះ ច្រើន សំបូរណ ដោយដីខ្សាច់ និងដោយស្ពាន ទ្រុឌទ្រោម ដែលជាហេតុនាំអោយ ដំណើរ ពប់ប្រទះនូវការលំបាក ក្រៃលែង ។ មានតែរថយន្ត ហ្វរដ៍ កញ្ចាស់កង់ខ្ពស់ តួផុតស្រឡះពីដី ទេ ទើបរត់លឿន គគាច ឥតមានទើសទាល់អ្វីឡើយ ។
លុះចេញផុតពី ភ្នំបូកនិងភូមិតូចៗដែលនៅរាត់រាយតាមផ្លូវត្រង់នេះមួយត្រង់នោះមួយទៅមាគ៌ាក៏កាត់ទី កណ្តែងកណ្តោច ស្ងាត់ជ្រៀប ។ បាតុកម្មរបស់ជីវភាព ក៏បាត់សូន្យ សូម្បីតែបក្សី តូចតាច ក៏គ្មាន ហើរឬ ទំលើដុបគម្ពោត ដែលដុះរាយៗ ផងដែរ ។ រថយន្តទាំងពីរ តោងបរដាច់ឆ្ងាយពីគ្នា ចំនួនមួយរយម៉ែត្រ ដើម្បីជៀសវាងកុំអោយអ្នក ខាងក្រោយ រំខាន ច្រើនពេកនឹងធូលី ដែលហុយ ដង្គោលពីឡានខាងមុខ ។ ដោយគ្មានខ្យល់ផាត់ជះ ចេញសោះ ម៉្សៅធម្មជាតិដក់ជាប់យ៉ាង យូរតាមគន្លងច្រកផ្លូវ ប្រឡោះដុបឈើ ។ ផ្លូវលំដែលបោះបង់ ប្រាសចាក ការថែរក្សា ជាយូរអង្វែង មកហើយ ក៏រឹតតែអន់ ណាស់ទៅទៀត ដោយរទេះគោ អ្នកដឹកគូលែន ឆូតពន្លិចកង ហើយតាំងកកាយ ត្រឡប់ដី ទុកគន្លងដូចគេភ្ជួរ ។ ម្ល៉ោះហើយកាលណាប្រទះ ជង្ហុកម្តងៗរថយន្ត ហ្វរដ៍ ដែលម៉ាស៊ីនខ្លាំងដូចដំរី តែងបង្វិល កង់ទទេរ ដោយ ឥតមានជម្រុល ទៅមុខសោះឡើយ ។ មានជួនណាឡានកំពុងតែបោលស្រួលៗ ស្រាប់តែធ្លាក់ក្នុងកន្លែងដីធូរភ្លិប នាំអោយចង្កូតលែងស៊ី ហើយយាន្តរត់ រេឆ្លេឆ្លា ទៅរកដង្គត់ឈើ នៅសងខាងថ្នល់ ។ បើដល់ស្ពានម្តងៗ អ្នកដំណើរតោងចុះ អស់ព្រោះមានសុទ្ធ តែមែកឈើពុក ហើយរាំអង្គើ មិនមានអោយមានសេចក្តីទុកចិត្ត ត្រង់ណាសោះតែម្តង ថ្វីបើមានរំខានយ៉ាងនេះច្រើនជំពូក យុវជនយើងចេះតែសប្បាយ និយាយខ្លាំងៗ ដើម្បីសង្គ្រប់ជំនះសម្លេងថ្ងូរ ឬរោទិ៍នៃគ្រឿងយន្ត ។
ឥឡូវផុតព្រៃគម្ពោតឈើតូចទាបអស់ហើយ អ្នកដំណើរបានចូលដល់តំបន់រុក្ខជាតិខ្ពស់ ត្រឈឹងត្រឈៃ ដែលបង្ហាញអោយ ដឹងថា ចូលមកដល់ជិតទី ដីត្រជាក់ នៅជិតភ្នំ ។ យ៉ាងនេះមែនហើយ បានជាអ្នកដំណើរ យើងប្រទះកងអ្នកស្រុក រែកឬ ផ្ទុក រទេះនូវ ផ្លែគូលែន ទុំក្រហមក្រមៅ បរចេញមក ។ មិនយូរប៉ុន្មាន អ្នកដំណើរយើងបានចូលដល់ជំរុំ នៅជើងភ្នំ ដែល ជាទីណាត់ជួបជុំគ្នានៃរទេះគោ បួន ដប់ចាំផ្ទុកផ្លែឈើ ដែលមានតែក្នុងទីនេះនៅប្រទេសខ្មែរទាំងមូល ។ តាមថ្នាក់ជណ្តើរ ចង្កេះភ្នំ អ្នកស្រុកប្រុសៗ រែក ស្រីៗទូល នាំគ្នា ជញ្ជូនចុះហូរហែ នូវមុខរបរតែមួយប្រភេទនេះ ។
បន្ទាប់ពីបានចតរថយន្តដាក់ក្រោមម្លប់ឈើស្រួលបួលហើយលោក សុខវិន្ទ និងនាង ប្រភា បាននាំគ្នាដើររកជួល អ្នកស្រុក ពីរនាក់អោយរែក ម្ហូបម្ហា យកទៅខាងលើភ្នំ ។ ឯយុវជនយើង នាំគ្នាជជុះរលាស់ លំអង ធូលី សើចអឺងកង ។
ពួកអ្នកដំណើរយើងពង្រាយគ្នា រកូត ឡើងចង្កេះភ្នំ ដែលចាស់បុរាណយើងបានយកថ្មបាយក្រៀម មកតំរៀបជាកាំជណ្តើរ បណ្តាក់រហូតដល់ ខ្ពង់រាប ខាងលើ ។ ជណ្តើរនេះក្នុងរវាង ៥០ – ៦០ កាំមានចាត់អោយមានថ្នាក់ធំទូលាយ មួយល្មម អង្គុយបានស្រួល សម្រាប់ជនរវាត ក្បាលជង្គង់ ឈប់អោយបាត់ហត់មួយសន្ទុះសិន ។ ថ្វីបើបានសំរាកយ៉ាងនេះ អ្នក ដែលមិនធ្លាប់ឡើង ឬ មិនសូវបានប្រព្រឹត្ត កីឡា នៅតែដកដង្ហើម ស្ទើរពុំដល់គ្នា ហើយវិលមុខ ស្លុង ។ លុះនៅតែពីរបី ថ្នាក់នឹងដល់ទីរាបស្មើ ផ្លូវក៏កាន់តែចោទខ្លាំងឡើង ។ ពួកក្មេងៗដើរលឿនទៅមុខ ស្រវឹងដោយព្រឹក្សព្រៃ ដោយទេសភាព បៃតងខ្ចីត្រជាក់ដល់ថ្លើម ។ លោក សុខវិន្ទ នាង ប្រភា និងលោក ទេពកោសល្ល ដែលធ្លាប់បានឡើងចុះភ្នំនេះ ឬដែល ធ្លាប់បានហាត់ហ្វឹកហ្វឺន ក្នុងការទាហាន ក៏មិនសូវជាអស់កម្លាំង ពេកទេ ។ អ្នកទាំងបីនាក់នេះ ដើរ និយាយឆ្លងឆ្លើយគ្នា បណ្តើរតាមដែលស្តាប់គ្នាបាន ព្រោះអ្នកដំណើរសៀម ចេះភាសាខ្មែរស្តួចស្តើងនៅឡើយ ។ ឃើញយ៉ាប់ខ្លាំងតែភីលៀង សៀមពីរនាក់ ដែលមុខឡើងស្លាំង បបូរមាត់ធ្លាក់ស្ពេស ហើយដើរ ទ្រេតទ្រោត ថ្វីបើអ្នករែកម្ហូប ទាំងពីរនាក់ជួយ យក អាសាទប់ជំហរគាត់ផង ។
ឯយុវជនវិញ ដើរលឿន រ៉ោញទៅមុន គិតតែពីនាំគ្នា ថត ពីនាំគ្នាសើច ។ នាង ចន្ទមណី ដែល ឥឡូវចេះខ្មែរ បួនដប់ម៉ាត់ ក៏និយាយទៅរក សហជីវិនទាំងអស់ ខុសខ្លះត្រូវខ្លះ បណ្តាលអោយសេចក្តីសប្បាយ ង៉ុំនៅជាប់រហូត ។
នាកាលបានឈប់ ដប់ប្រាំនាទី ដើម្បីអោយបាត់ហត់បន្តិចមក អ្នកពនេចរក៏នាំគ្នាចាប់ដើរ តាមផ្លូវជើង បណ្តោយខ្នងភ្នំ ដែលជាទួលរាបស្មើ ។ ផ្លូវកាត់ក្រោមដើមឈើធំៗ ដែលបានជម្រុះស្លឹកទុំ មកជាកម្រាលយ៉ាងក្រាស ។ មួយម៉ោង កន្លះក្រោយ មកក៏បានទៅដល់ស្ពានឈើ អន្ទើបៗមួយ ដែលផ្លោះកន្លងស្ទឹង ដ៏មានទឹកថ្លាហូរត្របាញ់ ។ មួយសន្ទុះមក ទៀត អ្នកដំណើរក៏បានចូលក្នុងវត្ត ដែលមានទីលានទូលាយស្រឡះ បោសស្អាតធេង មានមេកុដិ ប្រក់ក្បឿងមួយ ហើយ កូនកុដិ ពីរ បីប្រក់ស្បូវជ្រកក្រោមម្លប់ខ្នុរព្រះវិហារតូចមួយដែលសង់ពុំទាន់រួចហើយមានសាលាប្រក់ស្បូវ មួយវែងសម្រាប់ ជាទីសំណាក់នៃអ្នកដំណើរ ។ អារាមនេះជាទី បរមសុខ ក្រៃលែង ។ ចិត្តអ្នកទីក្រុងដែលអព្ទអួរដោយសេចក្តីលោភលន់ ចង់បាន ហើយដែលភ័យព្រួយ ដោយសម្លេង គ្រហឹម ដាក់គ្នាខាងទ្វីបអឺរុប កាន់តែខ្លាំងឡើងៗ លុះមកដល់ទីនេះកាល ណាក៏ រលាយបាត់សូន្យ ។
ក្នុងពេលដែលចាស់ៗ ឈៀងចូលទៅថ្វាយបង្គំ ហើយយក អីវ៉ាន់ខ្លះប្រគេនចំពោះ លោកគ្រូ ចៅអធិការ ហើយពួកម៉ាក ឯទៀត កំពុងប្រញាយរើសផ្លែ គូលែនផ្អែម ដែលលោកគ្រូបានបង្គាប់ អោយអ្នកភូមិម្នាក់ ឡើងកាច់ មែកទម្លាក់មកអោយ នាង ចន្ទមណី និង ទីឃាវុធ បាននាំគ្នាទៅទួលម្ខាង ព្រះវិហារ ដោយមានបំណងចង់ថតរូប អោយជាប់ទេសភាពផង ព្រោះទីនោះ មានដុំថ្មធំៗ សឹករេចរឹល ឡើងមូលត្រមោល ដូចផ្សិតយក្ស ដុះកណ្តាលព្រៃ ។ មានដុំថ្មមួយខ្ពស់ហើយធំ ជាងគេ ឯទៀត ស្ទួយបន្តើត នូវសំណង់មួយ វែងប្រក់សង្ក័សី ។ សេចក្តីចង់ដឹង បាននាំអោយយុវជន ទាំងពីរប្រតោង ឡើងជណ្តើរ ឈើញ័រអន្ទើបៗ ចូលទៅក្នុងរោងនេះ ដែលជាជម្រកសម្រាប់ ព្រះពុទ្ធរូបមួយព្រះអង្គ ឆ្លាក់ភ្ជាប់នឹងដុំថ្ម តួ ព្រះអង្គផ្ទុំ សណ្តូក មានបណ្តោយ រវាងដប់ប្រាំម៉ែត្រ ។ ថ្វីបើមានគ្រឿងសក្ការះបូជា ស្ញេះស្ញូវ ហើយមានខ្លះជារបស់ ចិន យួន ដែលជាវត្ថុនាំអោយ ទាស់ចិត្តក្រៃលែងតែនារី និងចៅមាណពគួចញាប់ញ័រ ក្នុងហឬទ័យ ហើយកោតសរសើរ ចំពោះ សទ្ធា និងសេចក្តី ប៉ិនប្រសប់ នៃបុព្វបុរស ។
ដោយនាង បានបបួល ទីឃាវុធ ក៏ចុះមកបេះផ្កាចំប៉ី ដែលមានដើមដុះជិត ទីនោះ ។ លុះបានដោះស្បែកជើង ទុកនៅ ខាង ក្រៅសាលា ស្រេចហើយ យុវជនទាំងពីរ ក៏បានចូលយកផ្កា ទៅបូជា ក្នុងថូមួយ នៅប្របព្រះបល្លង្ក ទើបនាំគ្នាលុត ជង្គង់សូត្រ នមស្សការ យុវតីតាមសំនៀងថៃ ហើយនាយកម្លោះតាមសំនៀងខ្មែរ ។ យុវជនទាំងពីរ សូត្រថ្វាយបង្គំដោយ ជឿស្មោះ ហើយដោយមានទឹកមុខយ៉ាង ជ្រះថ្លាផង ។ លុះចប់ធម៌ថ្វាយបង្គំហើយ នាង ចន្ទមណី បែរមុខ ញញឹមមករក ទីឃាវុធ ហើយបន្ថែមសេចក្តី ជាសម្រាយថា ៖
_ សូមគុណ ព្រះបារមី ជួយជ្រោមជ្រែងយើងខ្ញុំ ព្រះករុណាទាំងពីរនាក់ ដែលមានចំណងស្នេហា រិតរួត យ៉ាងមាំមួន ។ សូមអោយបានផុត ពីសេចក្តីលំបាក ហើយពានពាវ ឩបសគ្គនានាទាំងពួង ។ សូមឈ្នះគ្រោះកាច និងសេចក្តីវង្វេង ទាំងអស់ ដែលសព្វថ្ងៃ កំពុងក្លាយទៅជា មោហ៍ មកបាំង មុខជនទាំងពិភពលោក បណ្តាលអោយកើត ប្រទូសរ៉ាយ ឆ្ងាយ ចាក ពី ព្រះពុទ្ធោវាទ ។
ទីឃាវុធ ដែលស្តាប់សម្តី ដ៏សែនពីរោះនេះ ដោយពេញចិត្តក្រៃលែង ក៏លើក ហត្ថប្រណម្យ ហើយបន្តសេចក្តីថា ៖
_ នាង ចន្ទមណី ជាគូព្រេងរបស់ខ្ញុំព្រះករុណា ពិតប្រាកដ ។ ថ្វីបើយើងបានបែកទៅកើត ក្នុងអាណាខែត្រ ទីទៃ ខុស គ្នា បុណ្យទាន ដែលយើងបាន កស្អាង រួមគ្នាពីជាតិមុន បាននាំអោយមកជួបវិញ ហើយគួចកើតនូវ សេចក្តីប្រតិព័ទ្ធភ្លាមៗ ក្នុងគ្រាដែលយើងខ្ញុំព្រះករុណា ទាំងពីរនាក់ បានជួបគ្នាតាំងពីគ្រាដំបូង ។ ហេតុនេះសូមព្រះអង្គ ជួយទ្រទ្រង់តម្រង់ នូវ ចិត្តយើងខ្ញុំ ព្រះករុណាទាំងពីរនាក់ កុំអោយមានថ្នាក់ថ្នល់ ត្រង់ណាឡើយ ដើម្បីស្គាល់តែសុភមង្គលរៀងរហូត ។
បន្ទាប់មកចាស់ទុំ និងពួកម៉ាកទាំងឡាយ ក៏បានដើរមកដល់កន្លែងនោះដែរ គូសង្សារទាំងពីរក៏បានចុះមកជួបជុំ ។ ក្រោមសេចក្តីណែនាំនៃលោក សុខវិន្ទ អ្នកដំណើរទាំងអស់បានទៅថ្វាយ បង្គំស្នាមព្រះបាទ ដែលឆ្លាក់ក្នុងផ្ទៃថ្ម ហួស ទៅមើលអាស្រម ព្រះសង្ឃ ចង្រ្កមភាវនា នៅអណ្តូងព្រេង ទៅថ្វាយបង្គំព្រះពុទ្ធរូប នៅឆ័ត្រ សី ហើយត្រឡប់មកកាន់វត្ត វិញ ។
តាម ផ្លូវជើងតូច លូនតាមចន្លោះ ដើមគូលែន ដែលកំពុងពង្រុះ ផ្លែទុំជោរលោក សុខវិន្ទ បាននាំគ្នាចុះទៅរក កន្លែងទឹក ធ្លាក់ ។ ដី ទេរចុះសន្សឹម សូរទឹកហូរលឺកាន់តែខ្លាំងៗ ហើយក្លាយទៅជា គ្រហឹម រញ្ជួយទាំង ពសុធា ។
កាលបើបានចេញពីផ្លូវបត់ ចុងក្រោយបង្អស់ ទស្សនិយភាព ដ៏ត្រដាងពេញទំហឹង នៅចំពោះភ្នែក បរិបូណដោយ កម្លាំង ដោយសម្រែកសន្ធាប់ គួរអោយស្ញប់ស្ញែង ។ ហាក់បីដូច ហ្វូង ម្រឹគ ច្រឡោតដាល ដោយខឹងពេញបន្ទុក ខ្សែទឹកវិល គួច ត្របាញ់ លោតផ្លោះ ដុំថ្ម ស្ទុះដាំក្បាល ចុះក្រោម រោទិ៍សន្ធាប់ ហើយទំលាក់ខ្លួនយ៉ាងលឿន ពីលើថ្នាក់កំពស់ ប្រមាណពីរម៉ែត្រ រត់ខ្មាញ់ថ្លាឈ្វេង បែកពពុះស្គុល លើផ្ទាំងសិលា រាបស្មើដូចផ្ទៃថ្នល់ ។ បានចំនួនម្ភៃម៉ែត្រ ក៏កញ្ជ្រោល រោលរែក ព្រមៀលបោះពួយ ធ្លាក់ទៅក្នុងជ្រោះ មួយតូចចង្អៀត ជម្រៅចោតត្រង់សន្លឹម សម្លឹងទៅក្រោម ស្ញើបវិលមុខ ។
ទីក្រាលថ្ម រាបស្មើនេះ ជាកន្លែងងូតយ៉ាងប្រណីត ។ ដោយគាប់ចិត្តពេក យុវជនទាំងក្រមុំ ទាំងកម្លោះ ស្រែកគំនាប់ នទី ហើយផ្លាស់ខោខ្លី អាវខ្លី សំរាប់ងូតទឹក រត់ចូលខ្ញៀវខ្ញារ សប្បាយភ្លេចឃ្លាន ភ្លេចនឿយហត់ អស់រលីង ។ អ្នកខ្លះអោនខ្នង រងដុំទឹក ដែលធ្លាក់ពីលើ ហើយប្រកាសអួតថា វារី ចេះគក់ ចេះច្របាច់ ស្រួលណាស់វើយ ! ខ្លះទៀតបណ្តែត ខ្លួនអោយ រសាត់ សស្រឹម ក្នុងផែនត្រជាក់ រំអិល តាមផ្ទាំងកំរាលថ្ម ។
ពួកចាស់ៗ ងូតអង្គុយ ស្ងប់ស្ងៀម គយគន់ ល្បែងកំសាន្ត នៃក្មេងៗ ដោយពេញចិត្ត ហើយដោយនឹកស្តាយខ្លះផង ក៏មិនដឹង !

**************************************************

ក្នុងឱកាស វ៉ាកងនោះ ទីឃាវុធ ខំព្យាយាមរើពិនិត្យ រើទន្ទេញ ឡើងវិញនូវ មេរៀនទាំងឡាយ បំរុងនឹងចូលប្រឡង ក្នុង ខែ មិថុនា ខាងមុខអោយបានជោគជ័យ ។ មួយអាទិត្យម្តង អ្នកកម្លោះតែងសរសេរ សំបុត្រ ដាក់ប្រៃណីយ៍ ផ្ញើទៅឆោម ស្និទ្ធ ដែលតបមកវិញថា : នាងបានទៅលេង កែប និង បូកគោ ។ យើងពុំចាំបាច់បញ្ជាក់ទេថាសំបុត្រឆ្លើយឆ្លង ទាំងនោះ ដែលច្រើនប្រើភាសា អង់គ្លេស ជាកិច្ចប្រសើរមួយដែរ ក្នុងការបម្រុង ខ្លួនប្រឡង តែងពោរពេញទៅដោយ សេចក្តីប្រតិព័ទ្ធ ហើយផ្តាំផ្ញើរកគ្នាជានិច្ច ។ លុះដល់ពេលត្រឡប់ចូលរៀនវិញ អ្នកកម្លោះក៏មិនសូវបានទៅមកផ្ទះ យុវមាល្យដែរគិតតែសំលៀងប្រាជ្ញា សម្រួចចំណេះ ប្រុងនឹងយក អោយបាននូវ មធ្យមសិក្សាប័ត្រ ទីមួយដែលជាដំណាក់ ដំបូង ក្នុងដំណើរឆ្ពោះទៅរក អនាគត ដែលនឹងរះ ឡើង ដូច អរុណ យ៉ាងភ្លឺថ្លា ។
ខែ ឩសភា កន្លងផុតទៅ ដោយបានបើកឱកាស អោយគូជីវិត បានជួបភក្រ្តគ្នាតែពីរដង ហើយក្នុងពេលមួយម៉ោងយ៉ាងខ្លី ទៀត ។ មិថុនា ហូរចូលមក នាំអោយការរៀបចំផ្តាច់ព្រ័ត្រ កាន់តែគ្រញិក ឡើង ដើម្បីកុំអោយ រាយមាយគំនិត ទីឃាវុធ បានប្តេជ្ញាថា ខ្លួននឹងទៅលេង ផ្ទះនាងទៀត តែលុះកាលណា បានប្រឡងជាប់ រួចជ្រះស្រឡះ ។
ដូច្នេះហើយបានជា នៅល្ងាចថ្ងៃមួយ ទីឃាវុធ ស្ទើរអង្គុយ មិនជាប់ក្នុងស៊ីក្លូ ព្រោះនឹករំខាន នឹងល្បឿនយឺតៗ ខ្វៃៗ នៃ យាននេះ ។ ចិត្តអរភិបៗ ព្រោះប្រឡងជាប់ថ្មីៗ ថ្វីបើ វិញ្ញាសាយ៉ាងលំបាក ចៅមាណព រីកដើមទ្រូង រីកចិត្ត ប្រុងនឹង យកដំណឹងដ៏ប្រសើរនេះ ទាំងក្តៅៗ ទៅប្រាប់ឆោម ស្នេហា ។ ដល់ហើយស្ទុះលោតភ្លែត រកតែស៊ីក្លូ ឈប់ស្រួលបួល មិនទាន់ ហុចអោយថ្លៃឈ្នួល យ៉ាងដំណំទៅអោយអ្នកធាក់ ដើម្បីអោយគេជួយ ត្រេកអរខ្លួនផង ។ អ្នកកម្លោះទើប បាន ជោគជ័យ បោលចូលក្នុង គេហដ្ឋាន ដោយ ឥតផ្សូរផ្សង ស្រាប់តែទុច ង៉ក់ ស្រឡាំងកាំង ។
ក្នុង បាហុនដ្ឋាន លោក ទេព កោសល្ល ហើយនិងកូន អង្គុយមើលមុខគ្នា មានទឹកភ្នែកហូរ រហែង ។ ដោយលឺសូរជើង ដើរចូលមក អតីត ទាហានថៃ ក៏ងាកមុខមករក ហើយញញឹមស្ងួត ៖
_ ចូលមក ក្មួយ ។ នៅពេលដែលបានទទួល ខ្សែលួស ភ្លាម កូនគេគិតទៅប្រាប់ក្មួយដែរ តែខ្ញុំឃាត់ទាន់ ព្រោះយល់ ថាក្មួយ កំពុងជាប់ប្រឡង ក្រែងដឹងទៅ នាំអោយ ឡប់ស្មារតី ។ ពេលនេះប្រហែលជាក្មួយ មកប្រាប់យើងទាំងពីរថា បានប្រឡងជាប់ ដូចយើងបានសង្ឃឹមជាមុនស្រេច យ៉ាងនោះហើយ ។
ទីឃាវុធ ដោយឃើញហេតុភេទ ទុក្ខព្រួយរបស់មិត្រ ទាំងពីរក៏ជំរាប ដោយស្ងប់ស្ងួត នូវការណ៍ដែលខ្លួនបានបំរុង មក ថ្លែងប្រាប់ដោយ រីករាយ ។ លុះបានទទួល សេចក្តីសរសើរ និង អបអរសាទរ យ៉ាងរាក់ទាក់ តែថ្លែង ដោយសំឡេង ក្រៀមក្រំ រួចហើយ អ្នកកម្លោះក៏សូម អភ័យទោស ហើយដណ្តឹងសួរ អំពី ដំណើរហេតុ ដែលនាំអោយមានរំជួលដូច្នេះ ។
ក្នុង បរិយាកាស ស្ងាត់ជ្រងំ នៃផ្ទះធំល្វឹងល្វែង សម្លេង ស្អកៗ នៃលោក ទេពកោសល្ល និយាយរៀបរាប់ប្រាប់មិត្រ ក្មេង។ នាង ចន្ទមណី អង្គុយស្ងៀមទ្រមឹង ភ្នែកសម្លឹង ទីឃាវុធ ពុំដាក់ ហាក់បីដូចជាចង់ស្រូប ភ្ជាប់នៅក្នុង ដួងចិត្ត កុំអោយ រសាត់ រសាយ ទៅបាន នូវគោលដៅស្នេហា ដែលនឹងឃ្លាត ទៅឆ្ងាយក្នុងពេលឆាប់ៗ នេះ ។ លោក ទេពកោសល្ល និយាយថា ៖
_ ក្មួយគង់ដឹងស្រាប់ហើយ ថា កាលពីដើម ខ្ញុំធ្វើសក្តិបី ក្នុងកងទ័ព ថៃ ។ ដោយមានការច្របូកច្របល់ នាកាលរដ្ឋ ប្រហារមួយ ខ្ញុំក៏មានជាប់ ឈ្មោះក្នុងបញ្ជី នៃពពួកជន ដែលរដ្ឋាភិបាល ប្រកាសថា ជាអ្នកក្បត់ជាតិ ។ ដើម្បីជៀសវាង ការផ្ចាញ់ផ្ចាល យ៉ាងឃោរឃៅ ក្នុងសម័យនោះ ខ្ញុំក៏បានភៀសខ្លួន រត់ចូលមកនៅប្រទេសខ្មែរ ។ រឿងហេតុនេះមាន មកជាយូរ ឆ្នាំហើយ ។ មិត្រភក្តិខ្ញុំនៅក្រុង ទេព ( បាងកក ) បានព្យាយាមតវ៉ា ហើយតុលាការទាហាន បានចេញសាល ក្រម កាលពីប៉ុន្មានខែ មុននេះ ថាខ្ញុំស្លូតត្រង់ បរិសុទ្ធ ឥតមានមន្ទិល អ្វីទេ ។ បានជាខ្ញុំមិនដាច់ចិត្ត វិលត្រឡប់ទៅកាន់ ប្រទេស កំណើតវិញ ភ្លាម ក្នុងពេលនោះ ព្រោះកូនដែលទើប មកដល់ មានសេចក្តីស្រឡាញ់ ហើយចង់ស្គាល់ប្រទេស ខ្មែរ ជាមិត្តនេះខ្លាំងពេក ថែមទាំងចង់ទៅបន្ត វិជ្ជា នៅវិទ្យាល័យ នារី ឯ ដាឡាត់ ទៀតផង ។ ខ្ញុំក៏បានដាច់ស្រេចថា នឹងលែងធ្វើការ រាជការ តទៅទៀត ដែរ ហើយចាំរកឱកាសល្អ នឹងទៅនាំ គ្រួសារ ទាំងអស់ យកមកនៅជុំគ្នា នាក្រុង ភ្នំពេញនេះ ។
ងាកបែរទៅមើល យុវជនទាំងពីរ លោក ទេពកោសល្ល ដែលមានទឹកមុខ ពេញទៅដោយ សេចក្តីស្រណោះ អាណិត ក៏ បន្ថែមសេចក្តីថា ៖
_ កាលពី ម៉ោងបីរសៀលនេះ មានខ្សែលួសមកប្រាប់ថា ម្តាយ ចន្ទមណី គេឈឺធ្ងន់ ។ យើងនឹងចេញដំណើរ ទៅព្រឹក ស្អែកនេះហើយ ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: