មាលា​ដួង​ចិត្ត ទំព័រទី៤


អរុណស្នេហា

នៅយប់ថ្ងៃនោះ ក្រោយពេលអនុរក្សបានទះដៃព្រួបៗ បង្គាប់អោយទំលាក់មុងដេក ទីឃាវុធ ក៏ប្រតិបត្តិតាមទាំង ទន់ដៃ ទន់ជើង ដៃគងលើថ្ងាស់ ព្រលឹងក៏បង្វិល រំលឹកនូវអនុស្សាវរីយ៏ ថ្មោងថ្មី ដើម្បីក្រេប ឱជារសឡើងវិញ នៃវិការដ្ឋាន ដ៏ថ្លៃថ្លា ដែលប្រសើរជាងយល់សប្តិទៅទៀត ។ អ្នកកម្លោះ នឹកដល់សេចក្តី រាក់ទាក់ និងស្និទ្ធស្នាល យ៉ាងស្មោះត្រង់ របស់នាង ហើយឈ្វេងក្នុងចិត្តថា កិរិយាយ៉ាងនេះខ្មែរណា ដែលប្រកាន់ដំបូន្មាន សាស្ត្រា ស្លឹករឹតនៅឡើយ គង់ចាត់ ដោយ ពេប ជ្រាយថា នាងជាស្រីចើក ឃើញប្រុសភ្លាម ក៏ដេញរក ប្រភិបតែម្តង ! ចោទយ៉ាងនេះចំជាអយុត្តិធម៌ហើយ ព្រោះក្នុងកិច្ច ការអ្វីៗ ក៏ដោយយើងមិនត្រូវយកក្បួនខ្នាត តែមួយ ហើយក្អេងក្អាង ដើរវាស់ ដើរវិនិច្ឆ័យទំនៀមទម្លាប់ គ្រប់ជាតិគ្រប់ សាសន៍ដូច្នោះឡើយ ។ នារីខ្មែរដែលប្រកាន់ មូរមុខអៀនកំប្រុន កញ្ញាអារ៉ាប់ដែលយក ស្បៃមកទទូរស្កុងបាំងមុខ ក្រមុំខ្មែរលើដែល លែងដើមទ្រូង នៅទទេ ហើយស្រ្តីអឺរុប ដែលស្និទ្ធស្នាលនឹងបុរស ដោយស្មើមុខគ្នា យ៉ាងពេញលេញនោះ តើអ្នកណាខុស អ្នកណាត្រូវ អ្នកណាគ្រាន់បើជាងអ្នកណា ? បើយើងចាត់ថាគេធ្វើផ្តេសផ្តាស់ គេក៏គង់ទាស់ចិត្តនឹងស្រ្តីយើងដោយ ចោទថាជាមនុស្ស ខ្វះសេចក្តីរាក់ទាក់ គ្មានសេចក្តីស្មោះសរ ដែរ ។ បើយើងប្រកាន់ថាយើងប្រព្រឹត្តតាម សីលធម៌ តាមចរិយាសាស្រ្ត តាម ដំបូន្មានដូនតាព្រឹទ្ធាចារ្យយើង គេក៏តបវិញថា ខាងគេក៏មិនឃ្លោងឃ្លាត ពីគុណសម្បត្តិទាំងនោះដែរទេ ។ មួយទៀត ដើម្បីអោយងាយយល់ នូវកិរិយានិងឬកពារ នាង ចន្ទមណី ទីឃាវុធ អង្វរអោយអ្នកផងគិតថា នៅប្រទេស ថៃ ស្ត្រីមានវិវឌ្ឍន៍ តាមរបៀប អឺរុប ជឿនទៅមុខឆ្ងាយណាស់ ព្រោះស្រុកគេបាន ឯករាជ្យយូរអង្វែងមកហើយ ។ ឯយុវជនគេ ទាំងស្រីទាំងប្រុស ក៏បានចេញទៅរៀននៅទ្វីប អឺរុប និងអាមេរិក យ៉ាងក្រាស់ក្រែលផង ។
ចំណែក ទីឃាវុធ ដោយធ្លាប់ក្រេប ឱជារស រឿងប្រលោម លោកបរទេស ធ្លាប់ថ្លឹងយល់នូវគំនិត មាយាទស្រ្តីភាព ដែលពាក្យខ្មែរយើង បន្ទោសហើយហៅក្លាយ ថា ស៊ីវីឡៃ វិញអ្នកកម្លោះនេះ យល់ឃើញថា កិរិយា នាង ចន្ទមណី ប្រកបដោយ សភាពធម្មជាតិប្រពៃណាស់ ។ គ្មានអ្វីមកបង្ខិតបង្ខំ ឬគ្មានអ្វី មកទប់ទល់ អោយស្ទាក់ស្ទើរ សោះឡើយ នាងតែងសំដែងចេញ ដោយស្មោះត្រង់ ដោយ ឥតលាក់លៀមទេ នូវគំនិត អ្វីទាំងស្រុង ដែលបានមកចាប់ បដិសន្ធិក្នុង ចិន្តានាង ។ តាមដែលបានសង្កេតមក ប្រាកដជានាងមាន សមានចិត្តខ្លះដែរ មកលើខ្លួន ។ ប៉ុន្តែបើគ្រាន់តែមានមនោ សញ្ចេតនា ប្រភេទនេះប៉ុណ្ណោះ ឃើញថានៅពុំទាន់គ្រប់ បរិបូណ៌ទេ ។ រុក្ខជាតិដុះ លើដីបែកក្រហែង ក្នុងរដូវប្រាំង ត្រូវ ការភ្លៀង យ៉ាងណាមិញដួងចិត្តអ្នកកម្លោះដូចយើងធ្លាប់ស្គាល់រួចមកហើយស្រាប់ ក៏រាវរកសេចក្តីស្នេហា យ៉ាងនោះដែរ។ មើលចុះដេកយល់សប្តិ ដើរយល់សប្តិ អង្គុយយល់សប្តិ អាត្ម័នជ្រួតជ្រាបពេញទៅដោយ មនោសញ្ចេតនា នេះតែមួយ ។ ចុះបើ ឥឡូវមកភពប្រសព្វលើសេចក្តីប្រាកដដែលឆើតលើសលុប ជាងសេចក្តីឈ្វេងឃើញទៅទៀតនោះ តើនឹងញាប់ញ័រ យ៉ាងណាទៅ ?
ឱ ធ្វើម្តេចហ្ន៎ នឹងបានឱកាស ទៅបណ្តុះបណ្តាល សមានចិត្ត និងមិត្តភាពអោយកាន់តែចំរើនរុងរឿងបាន បើធនធានគេក៏ មានស្តុកស្តម្ភ ហើយគេជា ជនបរទេសទៀតផង ? ដែលគេបបួលអោយទៅលេង ប្រហែលគ្រាន់តែជាការគួរសមក៏មិន ដឹងដែរ ព្រោះខ្លួនបានជួយយកអាសាគ្រប់យ៉ាងក្នុងពេលធ្វើដំណើរ ។ នឹងទៅរកជួបគេតាមសំដីបបួល ហាក់ដូចជា ឯង ឥតកេរ្តិ៍ ឥតខ្មាស់ ដោយហេតុថា នៅមិនទាន់ដឹងច្បាស់ នូវទឹកចិត្តគេយ៉ាងណាសោះ ដ្បិតស្គាល់គ្នានៅថ្មោងថ្មីពេក ។ ណ្ហើយ ទីឃាវុធ ស៊ូសង្កត់ចិត្តដាច់ស្រេចថា មិនទៅរកជួប ទេ កុំអោយគេត្មះតិះដៀល ដល់ជាតិអម្បូរ ដែលខ្លួន ប្រកាន់លើកស្ទួយ លើសជីវិតទៅទៀត ។ ប៉ុន្តែថ្វីបើបានប្តេជ្ញាយ៉ាងនេះ សេចក្តីអួលផ្សា សេចក្តីនឹកអាល័យ មិនរំងាប់ សាបសូន្យទៅ បានឡើយព្រោះមនោគតិ ចេះតែគូររូបនាង ចន្ទមណី អោយឃើញ ញញឹមស្រស់ នៅចំពោះមុខ ពុំដែល ដាច់ ។
ថ្ងៃមួយ ចំនួនដប់ប្រាំថ្ងៃពីថ្ងៃចូលរៀនមក ជួនជាទិវាឈប់បុណ្យ ។ នៅពេលរសៀល ទីឃាវុធ ស្លៀកពាក់ កុមប្លេ
បុ័លមប៊ីស ខៀវប្រផេះ ហើយចងក្រវាត់ យ៉ាងសង្ហាបានចេញពី លីសេ ទៅមើលកុនរោង អេដិន ។ លុះចេញពីកុន ស្រាប់តែទុច ង៉ក់នឹង លួង ទេពកោសល្ល ហើយនិងធីតា ដែលចុះជណ្តើរ ពីលើឡៅ អាគារនេះដែរ ក្នុងពេលនោះនាង ស្លៀកសពាក់ស សុរងក រំលេចដោយបន្តោងពេជ្រមួយ សមសួន តផ្ទឹម ។ ក្រឡេកឃើញភ្លាម នាងញញឹម ពព្រាយ មករកនាយកម្លោះ ដែលរកគេចខ្លួន ពុំរួច ក៏ដើរចូល ទៅទាំងអេះអុញ ។
_ សួស្តីលោក ! សួស្តី ឃុន !
_ យី ក្មួយទេតើ , អតីតនាយទាហាន ឆ្លើយដោយរាក់ទាក់ ។
_ សួស្តី បង ! នាងតបហើយបន្ថែម ៖
_ ខ្ញុំសូមបន្ទោស បន្តិចទៅចុះ កាលពីមុនសន្យាថានឹង នាំខ្ញុំដើរលេង ខ្ញុំខំរង់ចាំមើលផ្លូវ ។ ឥឡូវធ្វើព្រងើយបំភ្លេចខ្ញុំ ចោលបាត់ ។
ទីឃាវុធ លុះបានសង្កេតដោយរំភើបថា នាងលែងហៅខ្លួន ឃុនៗ ដូចមុនទៀតហើយ ក៏តប កល្យាណវិញថា ៖
_ អត់ទោសខ្ញុំចុះ ខ្ញុំជាប់រវល់ច្រើនពេក រកឆ្លៀតពុំបានសោះតែម្តង ។
_ អញ្ចឹងមែនហើយ , នាងស៊កអោយ , រវល់តែដើរមើលកុនម្នាក់ឯង ។ នេះដោយសារជៀសពុំរួច ទើបចូលមកជួប ។
_ កុំ កាចពេកហ្នា៎ ចន្ទមណី , ឳពុកបន្ទោសដោយបន្ទន់សំដី ។ ធម្មតាអ្នករៀនសូត្រមិនសូវទំនេរដូចយើងទេ ។ ថាហើយ បែរមុខទៅរកនាយកម្លោះ ៖
_ បើ ក្មួយមិនជាប់ ធុរះទៅណាទៀតទេ មកទៅញ៉ាំទឹកក្រូច និយាយគ្នាលេងនៅផ្ទះខ្ញុំ ចាំខ្ញុំអោយជូនឡានមកសាលា វិញអោយទាន់ម៉ោង ។

***************************************************

ការមកលេងផ្ទះនាងលើកដំបូង ក៏សណ្តោងទាញមកនូវ ការមកជួបគ្នាយ៉ាងនេះជាញឹកញយ ។ លុះស៊ាំៗទៅក៏ឃើញ ថាឳពុកក្តី ធីតាក្តី មិនកាន់ឬកមិនកាន់ពា ជាអ្នកមានសោះឡើយ ។ ដូច្នេះ ទីឃាវុធ ក៏ភ្លេចគិតពីឋានះនៃគ្រួសារ របស់ខ្លួនដែរ ។ ស្ទើរមិនលោះថ្ងៃឈប់ ទីឃាវុធ តែងមកជួបនឹងមិត្រ បរទេសទាំងពីរ ហើយនាំគ្នាជិះឡានលេង ជួនទៅ គគីរ ជួនទៅ ទឹកខ្មៅ ( ឡូវហៅតាខ្មៅ ) ពោធិ៍ចិនតុង ឬ ភ្នំ ឩត្តុង្គ ហើយជួនកាល ពេលល្ងាចនាំគ្នាជិះកាណូត ឆ្លងទៅយកខ្យល់អាកាស ខាងជ្រោយចង្វា ។ ការជួបគ្នា ញឹកញាប់បែបនេះ នាំអោយ សមានចិត្ត ក្លាយទៅជា មិត្តភាពយ៉ាងបរិសុទ្ធ ។ តមក ឥទ្ធិពលវ័យក្មេងបណ្តាល មិត្តភាពនេះអោយក្លាយ ទៅជាមនោសញ្ចេតនាមួយ ដែលតែងធ្វើអោយ បេះដូង យុវជន យោល គ្រឹកគ្រេង ។ នៅថ្ងៃឈប់ណាដែលខ្លួន ខំទប់ចិត្ត មិនចេញពីសាលា ដើម្បីបំពេញកិច្ចសិក្សា អោយបានជ្រះស្រឡះ ទីឃាវុធ ក៏ស្ងួត ស្ងប់រវើរវាយ ។ ប៉ុន្តែដោយធម្មជាតិខ្លួនមិនចេះបៀម ទុក្ខសម្រេងយូរ មិនប៉ុន្មានម៉ោងក្រោយមក ក៏តែងសើចក្អាកក្អាយ យ៉ាងព្រងើយ ជាមួយពួកម៉ាក ដែលចេះ ក្រមាច់កំប្លែង ។ យុវជនយើង តែងញញើត ខ្លាចបំផុត ពេលដែលត្រូវ ទំលាក់ មុងនិទ្ទ្រា ព្រោះសេចក្តីនឹករលឹក តែងធ្វើអោយស្រមៃ ឃើញរូប វរមិត្រ ដែលស្រស់ចំប្រប់ ឱភាស ឥតផ្ទឹម ។ ម្ល៉ោះហើយ ក៏ក្រហល់ក្រហាយតែម្នាក់ ឯង ទំរាំនឹង តម្រង់ផ្ចង់ចិត្តបាន ថាខ្លួនត្រូវរៀនអោយបានសម្រេច ដូចប្រាថ្នាសិន ទើបអាច ឈោងដៃ ទៅរកឆោមស្និទ្ធកើត ។
ចំណែកខាងនារីវិញ នាងពុំបានញែក ធ្វើវិភាគ ដួងចិត្តអោយដឹងថា តើចំណងរាប់អាន រវាង ទីឃាវុធ និងខ្លួននាង ជា វត្ថុធម្មតា ឬប្លែកពីធម្មតា សោះឡើយ ។ នាងគ្រាន់តែសង្កេតថា ក្នុងគ្រាណាមានសំបុត្រ អ្នកកម្លោះ មកប្រាប់ថា គេជាប់ រវល់ ពុំបានចេញមកលេងទេ ថ្លើមនាងធ្លាក់ក្កុក ហើយនៅពេលនោះ ការកំសាន្តទាំងឡាយ ដែលនាងធ្លាប់ត្រេកត្រអាល ក៏ហាក់ដូចជា តរសជាតិទាំងអស់ ។
ថ្ងៃមួយ ឳពុកនាងមានធុរះចុះទៅ ព្រៃនគរ នារីនាងនៅតែម្នាក់ ឯងជាមួយស្រី ភីលៀងទាំងពីរ ដែលកំពុងចាត់ការក្នុងផ្ទះ ដោយ នាងពុំបាន ទទួលដំណឹង អ្វីជាមុន ថាមិត្រនាងពុំបាន មកទេនោះ នាងក៏រៀប ខ្លួនហើយចុះមករង់ចាំនៅ ទីទទួល ភ្ញៀវ ។ ពេលនោះនាងស្លៀក ហ្ស៊ូប ពណ៌ពងក្រសា ហើយពាក់អាវ ពណ៌ផ្កាឈូក យ៉ាងសំណម ។ ដោយនាយកម្លោះ យឺតពេល ក្រមកដល់បន្តិច នាងក៏ចាប់សៀវភៅប្រលោមលោក អង់គ្លេស ដែលមិត្តបានអោយនាងខ្ចី មកអានតទៅទៀត ដើម្បីបន្លប់ការរង់ចាំ ។ នាងអង្គុយក្នុង កៅអីវែង ដងខ្លួនផ្អែកទៅភ្នាក់ដៃម្ខាង ហើយកំភួនជើង ស្រឡូនរៀវខ្លំ សណ្តូក បណ្តោយ ទៅលើពូក ។ មិនយូរ ប៉ុន្មាន ពាក្យពេចន៍ពិរោះ ហើយសាច់រឿង ដែលនាំ អោយស្រណោះ ដល់គូជីវិត ក៏នាំ អោយសេចក្តីទន្ទឹង របស់នាង ស្រងល់ភ្លេចភ្លាំងទៅ ។ ព្រលឹងកំពុងជក់ ស្រាប់តែលឺសូរ ស្បែកជើងខ្សាកៗ នាងងើប ភក្ត្រឡើង ហើយក៏ញញឹមពព្រាយ ៖
_ សួស្តី បង !
_ សួស្តី អូន ! បងសូមអភ័យទោសចុះ ដោយយឺតជិតកន្លះម៉ោង ព្រោះស៊យ ជិះស៊ីក្លូមកបែកកង់ ហើយរកស៊ីក្លូ ទំនេរ ជិះពុំបាន តោងដើរមក ។
ទីឃាវុធ និយាយបណ្តើរក៏ដើរចូលបណ្តើរ ។
_ បង បង ឯង មើលអី នេះ !
នាងដក ក្រដាស ពីរសន្លឹក បត់សៀតភ្លេចចោល ក្នុងសៀវភៅ ដែលនាងកំពុងអាន មកបង្ហាញមិត្តនាង ។ កាលណានាង លាផ្នត់ក្រដាសនោះឡើង អត្ថបទជាអក្សរខ្មែរ ក៏ប្រាកដឡើងចំពោះភ្នែក ។
កាលបើឃើញ ក្រដាសនោះភ្លាមទឹកមុខ ទីឃាវុធ ឡើងក្រហមទុំ អេះ អុញ ដោយរកនឹកអ្វី មកដោះសាពុំបាន ។
នារីសៀម ស្រដីតទៅទៀត ៖
_ នេះប្រហែលជា កំណាព្យ ហើយ បានជាមានឃ្លា មានល្បះ ស្ទើរប្រវែងគ្នា ។
_ អូនស្មានត្រូវហើយ ជាពាក្យកាព្យ ពិតមែន ។
_ តើអ្នកណាតែង ?
ដោយទាល់គំនិត ចៅបុរស ក៏ឆ្លើយ ៖
_ ខ្លួនបងនេះឯង តែងលេងហើយភ្លេចដៃ ដាក់ក្នុងសៀវភៅនេះមក ។ ណ្ហើយអូនកុំទៅរវល់នឹង កាព្យឃ្លោង ឥតជាតិ ឥតជៅធ្វើអ្វី ដែលយើងថាទៅមើលកុន នោះល្មមទៅហើយ តិចហួសពេល ។
_ ហួសក៏ហួសទៅចុះ គ្មានអ្វីល្អមើលប៉ុន្មានទេ ។ ខ្ញុំចង់ដឹងសាច់កាព្យនេះណាស់ ។ មុខជាពិរោះហើយ ។ បងឯង មិនទាន់ដឹងទេ ខ្ញុំចូលចិត្ត កវីនិពន្ធណាស់ ។ ខ្ញុំធ្លាប់បានអាន ជាភាសាអង់គ្លេស និងភាសាថៃ ។ ហេតុនេះហើយបាន ជាចង់ស្គាល់កាព្យជាភាសា ខ្មែរទៀត ។ បងឯងមើលទៅ មើលជាភាសាខ្មែរសិន ។
រកវិធី ដោះខ្លួនពុំរួច ទើប ទីឃាវុធ ទទួលយក សន្លឹកក្រដាសនោះមក ៖
_ អូនឯង គង់បានសង្កេតឃើញស្រាប់ហើយ កាព្យក្នុងសន្លឹកក្រដាស ពីរផ្ទាំងនេះមានពីរបែប ។ មួយបែប បងបានតែង តាមនិយមបារាំង ។ ក្នុង ឆ័ន្ទ នីមួយៗ មាន ដប់ពីរ ព្យាង្គ ហើយចុងជួន មានតែនៅត្រង់ កន្ទុយ ឆ័ន្ទ ទេ ។
_ អញ្ចឹង ប្រហាក់ប្រហែលគ្នា នឹងកាព្យអង់គ្លេស ដែរ ។
ទីឃាវុធ និយាយតទៅទៀត ៖
_ មួយបែបទៀត បងតែង តាមចំណូលថៃនិងខ្មែរ ជាពាក្យ ប្រាំពីរ ។
_ សូមបង មើលកំណាព្យ បែបបារាំងមុន ។
នាងខិតអង្គុយ មួយចំហៀង ហើយចង្អុលអោយនាយកម្លោះ អង្គុយម្ខាងទន្ទឹមនាង ក្នុងកៅអីវែងតែមួយ ។ ទីឃាវុធ ក៏ចាប់អាន ៖

លលក

ថ្ងៃត្រង់់ ។ វាលស្រែក្តៅដូចជាភ្នក់ភ្លើងមួយយ៉ាងធំ
ព្រះអាទិត្យចិត្តឃោរឃៅកំឡោចស្មៅនិងកញ្ជ្រាំង
ចំហាយខ្យល់បក់ភិបៗលើទឹកល្អក់ក្នុងត្រពាំង
ដែលមានកុកសំគមមួយចាប់កំពិសដោយសំងំ។

សត្វនានាស្ងាត់មាត់ជ្រៀប។ចង្រិតដែលជាពិរម្យ
របស់ស្រុកស្រែនោះសោត ក៏ជ្រកពួនដោយភ័ន្តភាំង
អ្នកគង្វាលគោដេក ដៃគងថ្ងាស់ ស្រមុកគ្រាំងៗ
ក្រោមដើមអំពិល ដ៏មានម្លប់ត្រជាក់ត្រជុំ ។

នៅវេលាដែលក្តៅហប់ទូទៅទាំងវាលព្រៃព្រឹក្ស
មានលលកមួយមកទំ លើមែកមួយ ដែល ឥតស្លឹក
ហើយបក្សីនោះតាំងច្រៀងគ្រលួចពីរោះ ឥតបី ។

ក្នុងផ្ទៃស្ងប់ សំឡេងនេះ ដែលថ្លាដូចចរណៃ
មកញ៉ាំងអ្នកដែលសន្ធឹងខ្នងផ្ទាល់ដីអោយស្រមៃ
ឃើញវិមានឋានសួគ៌ា និងកញ្ញាល្អប្រិមប្រិយ ។

នាង ចន្ទមណី បានផ្ទៀងតាមចង្អុលដៃ ទីឃាវុធ ដែលចុចបង្ហាញនូវបន្ទាត់ កំពុងអានបណ្តើរ ។ លុះចប់កាព្យបែប បារាំងហើយ នាងនិយាយថា ៖ _ បងប្រែទៅ ប្រែជាសៀមវិញប្រហែលជាស្រួលជាង ព្រោះខ្មែរនិងសៀម ភាសាស្រដៀងគ្នា ។ ហើយបើប្រែពីខ្មែរទៅ ជាអង់គ្លេស ប្រហែលជាពិបាកដូចជាប្រែ ពីថៃទៅអង់គ្លេសដែរ ។ _ សៀមក៏ដោយ អង់គ្លេសក៏ដោយ ខ្ញុំមិនសូវប្រសប់ទេ ។ មុខតែ រកាក់រកុបហើយ ។
_ មិនអីទេបង លមើលទៅ !
ទីឃាវុធ ហួសប្រកែក ក៏ទទួលធ្វើតាមបង្គាប់ ។ ក្នុងពេលកម្លោះខ្មែរ ទាល់ពាក្យម្តងៗ នាងសៀមក៏ញញឹម ជួយរក អោយ លុះឃើញហើយ ក៏សម្លឹងមុខគ្នា សើចទាំងពីរនាក់ ។ លុះប្រែចប់ហើយ យុវតី នាងជូនសេចក្តីដូចតទៅ ៖
_ យី បងជំនាញ តែងកាព្យបែប អឺរុបណាស់ ។ ពាក្យបញ្ចប់ចុងក្រោយ លើកទឹកចិត្តអោយខ្ពស់ អោយអណ្តែតតែម្តង ! មើលចុះអ្នកគង្វាលគោ ដែលដេកផ្ទាល់ដី ដល់លឺទំនុក លលក ក៏ស្រមៃនឹកដល់ ទេពអប្សរធីតាល្អ ឯក !
លឺ នារី សរសើរ យ៉ាងនេះ មុខចៅបុរស ក៏ឡើង ក្រហម តែពុំចេញស្តី ថាអ្វីឡើយ ។ មួយសន្ទុះ ក្រោយមក ទើបនាង និយាយថែម ៖
_ ឥឡូវ បងមើល កាព្យបែបខ្មែរទៅមើល ធ្វើបទធ្វើបាឋផងទើបពិរោះ ។
ដូចជាមនុស្សស្លន់ បាត់ព្រលឹង ទីឃាវុធ ប្រតិបត្តិតាមបង្គាប់ យុវមាល្យដោយ ឥតប្រកែក ។

តុណ្ហីភាពរាត្រី

ធម្មជាតិនិទ្រាស្ងាត់ជ្រងំ
មាន់រងាវយំលឺល្វឹងល្វើយ
ខ្យល់បក់ធាងដូងយោលទន់ជើយ
រំភើយបក់ផាត់ក្លិនម្លិះលា ។

ព្រះចន្ទឆៀងគងភ្នំខ្មៅវែង
មេឃខ្ពស់ធំធេងរែងស្អាតថ្លា
សន្សើមប្រោះព្រំចុងព្រឹក្សា
ហៅសែនសុខាក្នុងរាត្រី ។

តែក្នុងចិត្តខ្ញុំមានកង្វល់
រួបរឹតគិតដល់ត្រួយនារី
រូបនាងឌូតតាមគ្រប់ទិសទី
នាំអោយវក់វីអស់អង្គកាយ ។

ព្រលឹងស្រមៃឃើញវរលក្ខណ៍
មានភ័ក្រ្តញញឹមស្រស់ពព្រាយ
ថែមលឺសំដីនាងនិយាយ
ឡែបខាយពិរោះជាប់ពិសម័យ ។

ដូចឃ្មុំស្រវឹងក្លិនបុប្ផា
ហើយហើរឆ្លៀវឆ្លាកណ្តាលថ្ងៃ
ខ្លួនបងស្រវឹងនិងមាសថ្លៃ
នឹករកមមៃគ្មានពេលលស់។

ជន្លេនម្តេចហ៊ានស្រឡាញ់ផ្កាយ
ខ្លួនតូចទាបឆ្ងាយម្តេចឈោងខ្ពស់
ម្តេចមិនមើលទ្រព្យមើលសក្តិយស
សញ្ជាតិទាំងអស់សុទ្ធខុសគ្នា។

គ្មានអ្វីគួរអោយសង្ឃឹមបាន
ស្រឡាញ់បំពាននាំខ្លោចផ្សា
គប្បីខំប្រឹងតែសិក្សា
សម្រេចកាលណាទើបហៅគាប់។

តែទោះគិតឃើញត្រូវដូចម្តេច
ស្នេហាពន្លិចសង្កត់ជាប់
ឱ ខ្លួនខ្ញុំអើយសែនអភ័ព្វ
ទុក្ខច្រើនស្រទាប់អីម្ល៉េះទេ ! ។

ធម្មជាតិដេកលក់ដោយសុខុម
មាត់មាន់រងំដូចបំពេរ
ខ្យល់ច្រានធាងដូងអោយយោលទេរ
ជួយបក់បំបែរក្លិនចំប៉ា។

លោកខែលិចក្រោយភ្នំខ្មៅស្តើង
ពពកមីរឡើងក្នុងមេឃា
សន្សើមស្រោចស្រស់ពសុធា
ហៅសែនវេទនាក្នុងចិន្តា។

នារីនាងផ្ទៀងស្តាប់សាច់កាព្យផ្អែមល្ហែមហើយសម្លេងអ្នកអានដែលរណ្តំរងំ ។ លុះចប់ហើយនាងនៅស្ងៀមមួយស្របក់ធំ ដោយនាង ស្រមៃហាក់ ដូចសម្លេង និងសាច់ឃ្លោង ប្រគួតប្រគំពិរោះ ក្នុងត្រចៀកនៅឡើយ ៖ _ បងប្រែទៀត ទៅមើល៍ ។ ទីឃាវុធ ដែលឡឺនឡង់ដោយសិនិទ្ធភាពពុំដែលស្គាល់យ៉ាងនេះក៏មិនបានប្រុងស្មារតីគិតដល់សាច់កាព្យដែលអាចបំបែក អោយដឹងស្នេហាកំបាំង របស់ខ្លួនបានឡើយ ។ ដូច្នោះហើយក៏តាំងចាប់ប្រែដោយស្មោះត្រង់ទាំងអស់ ឥតមានលាក់លៀម តិចតួចឡើយ ។

នារី នាងត្រាប់ត្រងស្តាប់ មុខនាងប្រែរំជួល ។ លុះសម្លេងកវីស្ងប់ បាត់យ៉ាងយូរ ទើបនាងហាក់ដូចភ្ញាក់ខ្លួន ឡើង ហើយជូនសេចក្តី សង្កេតថា ៖
_ កាព្យទាំងពីរបែបនេះ ថ្វីបើប្រើ វិធីខុសគ្នា យ៉ាងឆ្ងាយ តែគង់មានបំណង សម្ព័ន្ធមួយមករួបរួមគ្នា យ៉ាងជិត បង្ហាញ អោយឃើញថា ជាស្នាដៃជនតែម្នាក់ ដែលជាអ្នកកើត ស្នេហាដោយ ឥតសង្ឃឹម ។ ក្នុងកាព្យ លលក ដូចខ្ញុំបានថាមក ហើយ អ្នកគង្វាលគោ គឺអ្នកដែលមានឋានះ ទន់តាបឬក្រ ស្រមៃនឹកដល់ នាងទេពអប្សរ ពោលគឺនារី ដែលមានពូជពង្ស ខ្ពង់ខ្ពស់ជាង ។ ក្នុងកាព្យបែបខ្មែរ អ្នកតែងបញ្ជាក់អោយដឹងច្បាស់ ថាខ្លួនគាត់មានសេចក្តី ប្រដិព័ទ្ធ នារីម្នាក់ ដែលជា ធីតាកូនអ្នកមានទ្រព្យ អ្នកមាន សក្តិយស ហើយថែមទាំងមានជាតិ ខុសគ្នាទៀតផង ។ សារុបសេចក្តីទៅឃើញថាបង ឯងនេះ លួចស្រឡាញ់ នារីដែលរៀនសូត្រ ជាមួយគ្នា មិនមែនខ្មែរទេ ។ បើមិនយួនក៏បារាំង ជាប្រាកដ ។ ប៉ុន្តែខ្ញុំជឿថា ជាស្រីបារាំងច្រើនជាង ដ្បិតអី ធម្មតាអ្នកមើលកុនជោក ដូចបង ឯងនេះ តោងចាប់ចិត្តនឹងលំអនារី អឺរុប ណាស់ ។ ម្ល៉ោះ ហើយ……ម្ល៉ោះហើយក៏លួចស្រឡាញ់តែអ្នករៀន គ្នាឯងទៅ ។ ចំជាខូចមែន !
ក្នុងគ្រានោះ ស្ថានការណ៍ ទីឃាវុធ មិនខុសគ្នាប៉ុន្មានទេ ពីស្ថានការណ៍អ្នក ប្រព្រឹត្តបទល្មើស ដែលសុភាចារបុរស កំពុងជជីកដេញដោល ឬសគល់អំពើកំបាំងរបស់ខ្លួន ។ ជិតទាល់ច្រក អ្នកកម្លោះនៅប្រកែក ដោះសាដោយស្បើយៗថា៖
_ មិនមែនទេអូន កាព្យនេះបង គ្រាន់តែលើក កែអផ្សុកទេ ។ នៅថ្នាក់រៀនបង គ្មាននារីយួន ឬបារាំង រៀនជាមួយទេ ។
_ កែ អផ្សុក ឯណាកើត ! បើមុខបង ឯងឡើងស្លាំង យ៉ាងនេះ ។ កុំកុហកអ្វី បើ ឃុនផ និងខ្ញុំជួយកើត ចាំយើងទាំងពីរ ជួយដោះស្រាយបញ្ហានេះជូន ។
និយាយខ្សឹបៗ ទីឃាវុធ ព្រមរ៉ាប់ទទួលទាំងស្ទាក់ស្ទើរ ថាខ្លួនមានចាប់ចិត្ត ស្រឡាញ់កញ្ញាម្នាក់មែន ។ ដោយនាងចេះ តែជជីក ចង់ដឹងនាម នារីនោះពេក នាយកម្លោះក៏ភ្លាត់មាត់ លន់តួថា ៖
_ បើ អូន កុំប្រកាន់ទោស ទើបខ្ញុំហ៊ានប្រាប់ ។
_ ប្រាប់មក មានទោសពៃរ៍ អីយ៉ាងហ្នឹង ។
_ ហ៊ឺ ពិបាកថាពេក !
ព្រោះនាង កាន់តែឈ្វេងដឹងខ្លួន បន្តិចឡើងៗ ហើយនាង ក៏រន្ថាន់សួរ ដោយញាប់ញ័រក្នុងឱរ៉ា ។
_ ប្រាប់ឆាប់មកបង បើពុំនោះទេ ខ្ញុំខឹងហើយ ។
_ នារី ដែលបង លើកជា ត្រួយជីវិតនោះគឺ …….នោះគឺ ……..នោះគឺ ……..នោះគឺ ……
ដោយ ពាក្យទទួល សារភាព ហាក់ដូចជាពិបាកចេញ ពីបំពង់កពេក ចៅមាណព ក៏កើតជាយកដៃទៅ លូកចាប់ហត្ថ មាសស្នេហ៍មកក្តោបជាប់ ។ ហាក់បីដូចជាអស់កម្លាំងណាស់ ដោយប្រឹងបានប៉ុណ្ណឹង ទីឃាវុធ ក៏ផ្តួលខ្លួនក្រាបទៅលើ កៅអីជិត ជង្គង់កំពូលនារី ហើយរៀបរាប់ រអាក់រអួលថា ៖
_ អូនអើយ មិនគួរបង ក្បត់មិត្តភាពរបស់នាងហើយនិងលោកឳពុកនាង យ៉ាងនេះសោះឡើយ ។ ខ្លួនបងជាអ្វី ? ជាកូន អ្នកស្រែចំការ នៅជនបទចុងកាត់មាត់ញក ជាសិស្សមិនទាន់បានសញ្ញាប័ត្រធំដុំ នៅឡើយផង ។ មិនគួរហ៊ានងើប មុខ សម្លឹងអ្វី ខ្ពស់ដល់ម្ល៉េះ ! ប៉ុន្តែថ្ងៃនេះបានជាត្រូវ និយាយប្រាប់ នាងអំពីការណ៍ លាក់កំបាំង របស់ដួងចិត្តខ្ញុំ សូមបើកផាយ ប្រាប់អូន អោយអស់ពីពោះទោះបីនាង បដិសេធច្រានបងចេញបងក៏ ឥតទោមនស្សអ្វីដែរ ។ សេចក្តីស្នេហាមិនស្គាល់ខុស មិនស្គាល់ត្រូវ សោះឡើយ ។ វិចារណញ្ញាណជួយតម្រែតម្រង់យ៉ាងណា ក៏ដួងហឬទ័យ នៅជជេសកាន់ផ្លូវខុស ។ វិចារណញ្ញាណ បង្គាប់បងថា កុំអោយសូវទៅមកផ្ទះអូនពេក ព្រោះកាមារម្មណ៍ កាន់តែលូតលាស់ ដោយ ឥតសង្ឃឹម នាំ អោយតែខ្លោចផ្សាហើយ ធ្វើអោយសៅហ្មងដល់ការ រៀនសូត្រ ឥតអំពើទេ ។ ត្រូវណាស់ហើយត្រូវគ្រប់ដប់ តែសេចក្តី ស្នេហា នៅតែរុញជំហានបង ឆ្ពោះមកផ្ទះអូន ។
ទីឃាវុធ ឈប់មួយស្របក់ដកដង្ហើមធំ ។ ក្នុងភូមិគ្រឹះដ៏ស្ងាត់ឈឹង លឺសូរតែ នាឡិកាភ្លេង យោលតិកតក់ តិកតក់ ។ មួយសន្ទុះក្រោយមក ទើប ទីឃាវុធ និយាយតទៅទៀត ៖
_ អូន អើយ តាំងពីក្មេងតូចមក បងចេះតែគួច ស្រឡាញ់អ្វីៗទាំងអស់ ដែលមកពីប្រទេសថៃ ។ បងប្រកាន់ស្រុកសៀម ជាឩត្តមគតិ ខាងផ្នែកសោភណភាព និងមនោរម្យ ។ ក្នុងពេលស្តាប់វិទ្យុបើកាលណាសម្លេងនារី សៀមច្រៀង បងស្តាប់ ពិរោះ ទន់ដៃ ទន់ជើង អស់ហើយ ហើយតែងក្រង នូវសេចក្តីស្នេហាយ៉ាងត្រកាល យ៉ាង រ៉ូម៉ង់ទិក តែដល់ចប់ទៅ តែងធ្វើ អោយឈឺផ្សាក្នុងចិត្តក្រៃលែង ។ ទំនងការណ៍យ៉ាងនេះ បង្ហាញអោយយល់បានថា មុននឹងឃើញរូបអូន បងមានចិត្តចាំ ប្រុងតែស្រឡាញ់អូនទៅហើយ ។ លុះខ្លួននាងលេចមកប្រាកដនឹងភ្នែក មែនហើយល្អប្រិមប្រិយ ព្រមទាំងមានសេចក្តី រាក់ទាក់ ប្រសើរជាងយល់សប្តិទៅទៀត អូនអើយអូន បងសែនត្រេកអរផង ព្រួយបារម្ភផង ។ បង ត្រេកអរ ព្រោះបាន ឱកាសជាញឹកញាប់មកទទួលមិត្តភាព យ៉ាងស្មោះស័្មគ្រ ហើយមកគយគន់រូបឆោម លោមពណ៌អូន និងកិរិយាចិត្តថ្លើម អូន ដែលសមសួន ឆើតប្រពៃ លើសដែលសេចក្តីរវើរវាយ នាំអោយបងស្មានទុកនោះជាងឆ្ងាយណាស់ ។ បងព្រួយបារម្ភ ព្រោះគិតឃើញថា នាងជាបុត្រីអ្នកមាន បណ្តាសក្តិក្នុងប្រទេសមួយ ឯករាជ្យពេញទី ។ ប្រសិន បើនាង ពុំមានសេចក្តី ស្នេហាមកលើខ្ញុំទេ នាងនឹងខឹងក្នាញ់ នឹងខ្ញុំ ហើយខ្ញុំក៏ខូចខាត មិត្តភាពរបស់យើងជា អសារបង់ ។ បងគិតអើយរែងគិត ក្នុងចិត្តចំបែង ឥតឩបមា ។ ឥឡូវបានជាទំលាយ បូស នៃការសម្ងាត់ទៅហើយ សូមនាងថាមកចុះ សន្និដ្ឋានសេចក្តីចុះ ទោះនាងឆ្លើយតបនឹងសេចក្តីស្នេហា ឥតសមហេតុសមផលនេះក្តី ឬកាត់ទោស ដាក់កំហុស ដោយរុញច្រាន ចោលចេញ ក្តី ខ្ញុំនឹងមិនតូចចិត្តសោះទេ ធ្វើម្តេច វាសនា ខ្ញុំខើចខ្លីតែប៉ុណ្ណឹង ។
ដូចជនជាប់ចោទ នៅចំពោះមុខ ចៅក្រមកាត់ក្តី ទីឃាវុធ លុះបាននិយាយការពារសេចក្តីស្នេហា ខ្លួនចប់ហើយ ក៏នៅ អោនមុខ នៅស្ងៀមចាំស្តាប់ ដោយរន្ធត់នូវ សេចក្តីវិនិច្ឆ័យ ។ លុះចាំស្តាប់មិនលឺអ្វីសោះ អស់ពេលមួយសន្ទុះធំ ទើប ងើបមុខឡើង ឃើញភ័ក្រ្តស្ងួនភ្ងាក្រហម ហើយនាងយកកូនកន្សែងជូត ទឹកនេត្រ ដែល ជោរ ជន់ហូរ រហែង ។ នាយ កម្លោះក៏នឹកក្នុងចិត្តថា ប្រាកដជាខ្លួនបានធ្វើអោយ នាងថ្នាក់ថ្នល់ យ៉ាងណាហើយ ទើបនាង ខឹងហើយ យំយ៉ាងនេះ ។ យល់ដូច្នោះហើយ ក៏រៀបរប ខ្លួនក្រោកដើរចេញ ៖
_ កុំយំថ្វីអូន បងសូមលាហើយ ។ ពីថ្ងៃនេះទៅមុខ នាងនឹងលែងមានអំពល់ ដោយសារបងទៀតហើយ ។
ថាភ្លាម ក៏ស្ទុះក្រោកឈរភ្លាម ស្រាប់តែដៃនាងប្រវា ចាប់ទាញដៃ អោយអង្គុយទៅវិញ ៖
_ បងអើយ កុំអាលយល់ខុស ។ ដែលបងសារភាពអម្បាញមិញ ធ្វើអោយខ្ញុំរំជួលចិត្តណាស់ ។ ហេតុនេះ ហើយទើប មានទឹកភ្នែកហូរខ្លះ ។ ខ្ញុំស៊ូកាត់សេចក្តីអៀនខ្មាស់ របស់ស្ត្រីទៅចុះ ហើយសូមជំរាប បងដោយស្មោះត្រង់ដែរ ។ តាំងពី ជួបគ្នាដំបូងកាលណាមក សមានចិត្តចំពោះបង តែងដុះដាលក្នុងហឬទ័យអូនហើយក្លាយទៅជាមិត្តភាព រួចទៅជាអ្វីមួយ ធំជាងនុ៎ង ទៅទៀត ។ ទ្រូងអូនតែងញាប់ញ័រ ត្រេកអរក្នុងពេលជួបភ័ក្រ្តបង ។ លុះបងលាផុតទៅកាលណា ផ្ទះនេះទី កន្លែងនេះក៏ក្លាយទៅជា រហោឋានស្ងាត់ជ្រងំ ។ បងដឹងទេ ? ក្នុងពេលដំបូងដែលខ្ញុំឃើញសំណៅកំណាព្យ ក្នុងសៀវភៅ នោះ អូនរន្ធត់ចិត្ត ហើយខំសម្លឹងតួអក្សរដែលមានទ្រង់ទ្រាយ ស្រដៀងគ្នានឹងអក្សរសៀមដែរ ។ អូនខំពិនិត្យមិនដាក់ភ្នែក ព្រោះចង់ដឹងអាថ៌កំបាំង ដែលកប់ក្នុងផែន សេចក្តីនោះពន់ពេក ។
_ អូន សម្តីនាងទាំងប៉ុន្មានម៉ាត់នេះ ហាក់ដូចជាប្រស់បងអោយមានជីវិតថ្មីឡើងវិញ ។ ពីថ្ងៃនេះទៅ បងនឹងខំរៀនអោយ បានសមនឹងសេចក្តីស្នេហា របស់អូន របស់យើងទាំងពីរ ។
ក្នុងពេលនោះ នាឡិកាធំ វាយម៉ោងប្រាំមួយល្ងាច ដោយបញ្ចេញសម្លេងធ្ងន់ៗ ដូចសូរគង នៅវត្ត ។ យុវជនទាំងពីរភ្ញាក់ ខ្លួនព្រើត ហើយកាន់ដៃគ្នាចុះមកលេងក្នុងសួន មុខផ្ទះ ។ រុក្ខជាតិ ដោយត្រូវរស្មី អស្តង្គត ក៏បញ្ចេញលំអយ៉ាង ចំពើប ដើម្បីបូជា សេចក្តីស្នេហា នៃគូសង្សារថ្មោងថ្មី ។

***************************************************

ផ្ទុយពីការសង្កេតធម្មតាទៅវិញ សេចក្តីស្នេហាដែល ទីឃាវុធ ក្តោប ក្នុងដួងហឬទ័យមិនមែននាំអោយ ចៅបុរសរវើរវាយ ក្នុងការរៀនសូត្រទេ តែបែរជាក្លាយជាឱសថ ឬជាឋាមពល ថ្មីមួយលើកទឹកចិត្ត អោយខំខ្នះខ្នែង ជាងមុនទៅទៀត ។ កាលពី ដើមគ្រាន់តែ មានគោលបំណង ចូលធ្វើការយកប្រាក់ខែ ចិញ្ចឹមជីវិត ។ ឥឡូវត្រូវរកវិជ្ជា ដើម្បីអោយ សមនឹងគូ ស្នេហា ដែលបានផ្តេកចិត្តមកលើ ។ ក្នុងពេលដែលបានជួបគ្នា លើកក្រោយៗមក យុវជនទាំងពីរ នាំគ្នាពិគ្រោះ អំពីការ ស្អាង អនាគត ដោយរួបរួមជោគវាសនា ជាមួយគ្នា ហើយក៏បានដាច់ស្រេច ព្រមព្រៀងថា លុះបានជាប់មធ្យមសិក្សាប័ត្រ ជាន់ទីពីរ កាលណា ទីឃាវុធ នឹងទៅបន្តវិជ្ជា ឯប្រទេសបារាំង អោយបានថ្នាក់បរិញ្ញា ឬ ថ្នាក់បណ្ឌិត ក្នុងផ្នែកអ្វីមួយ ទើបត្រឡប់មកវិញ ។ ក្នុងពេលដដែលនេះ នាង ចន្ទមណី នឹងខំរៀនភាសាខ្មែរ អោយចេះស្ទាត់ព្រមទាំងចូលទៅរៀន បារាំង ឯមហាវិទ្យាល័យ នារី នៅ ឯដាឡាត់ ទៀតផង នៅដើមឆ្នាំសិក្សាខាងមុខនេះ ពោលគឺត្រង់ពាក់កណ្តាលខែ កញ្ញានៃឆ្នាំ ១៩៣៩ ។ លុះបានសម្រេចព្រមគ្នាយ៉ាងនេះហើយ ទីឃាវុធ ស៊ូកាត់ចិត្តថាក្នុងឱកាសវិស្សមកាល នាខែមេសាខាងមុខ ខ្លួននឹងមិន ដើរលេង មើលស្រុក មើលទេស ជាមួយលោក ទេពកោសល្ល និង ធីតាទេ ដើម្បីយកពេលនៅ ប្រុងប្រៀប រៀបខ្លួន ចូល ប្រឡង ឯខែ មិថុនា ។ ថ្វីបើ គូសង្សារ មានចិត្តស្តាយក្រៃ លែង មិនចង់បែកគ្នា ដល់មួយខែយ៉ាងនេះ ក៏ដោយ តែនឹងគិត ឃើញ ថាគប្បី ទ្រាំពលិកម្ម នេះសិនចុះ ដើម្បីកុំអោយ ស្ទាក់ស្ទើរ ដំណើរទៅអនាគត ។
អនាគត ? គូជីវិតទាំងទ្វេប្រាណនេះ មើលឃើញតែថ្លា តែភ្លឺជានិច្ច ព្រោះអំណាចកម្លាំង អាយុនៅក្មេង ។ ឩបសគ្គកង កង្វល់អ្វីៗ ច្រានថយចេញអស់ មិនអាចទ្រាំបាន នឹង រឹទ្ធានុភាព នៃស្នេហា បានឡើយ ។
សេចក្តីត្រេកត្រអាល ចំពោះជីវភាព និងសុភមង្គល កើតឡើងដោយ កាមារម្មណ៍ រមែងធ្វើអោយយុវជន ឋិតនៅក្នុងលោក មួយដោយឡែក ដែលប្រហែលជាឃ្លាតឆ្ងាយ បន្តិចពីប្រាកដនិយម តែគង់ជិតទៅរកកវីនិពន្ធជាង ។ មើលចុះសូម្បីតែ ផ្កា ដែលកំពុងរីក ទឹកសន្សើម ដែលដេញពន្លឺ អរុណនៅចុងស្មៅ ដូចគ្រាប់ពេជ្រ ហើយសម្លេងបក្សី ដែលឆ្លងឆ្លើយ គ្នាតាម មែករុក្ខា ក៏គូសង្សារ ទាំងឡាយ តែងប្រតិស្ឋយល់ថា ជាវត្ថុ សម្រាប់ បូជាសេចក្តីស្នេហា របស់ខ្លួនទាំងអស់ ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: