មា​លា​ដួង​ចិត្ត​ ទំព័រទី៣


យល់សប្តិគង់ក្លាយជាការពិតមួយដងមួយកាលដែរ

កាលពីយប់មានភ្លៀងមួយមេធំ ។ ភ្លៀងធ្លាក់ក្នុងរដូវនេះ ជាការចំឡែកដែរ មិនសូវមានទេ ។ ទឹកល្អក់ខ្វល់កាត់ក្នុងជង្ហុកនិងក្រឡុកវិថី នៃក្រុងបាត់ដំបង ។ នៅពេលបៀតភ្លឺ ទីឃាវុធ ទុំបន្ទើតលើរ៉ឺម៉ក ដែលដឹកវ៉ាលីស ខ្លួនផង បានសំដៅឆ្ពោះទៅស្ថានីយរថភ្លើង ដើម្បីឆ្ពោះទៅភ្នំពេញវិញ ក្រោយដែលបានមកលំហែចិត្ត និងកំសាន្តជាមួយគ្រួសារ នាភូមិ អូរតាគី ក្នុង កំឡុងពេល ឈប់បុណ្យចូលឆ្នាំចិនរួចមក អ្នកកំឡោះក៏បានមកសំណាក់ស្នាក់អាស្រ័យនៅផ្ទះ បងប្អូនក្នុងក្រុងមួយយប់ដើម្បីក្រោក មកជិះរថភ្លើងអោយបានទាន់ពេល ព្រោះត្រូវចេញដំណើរពីព្រហាមស្រាងៗ ។ យានតូច បានបត់កាច់ចូល តាមថ្នល់ត្រង់ទៅស្ថានីយ៏ ។ ផ្លូវនេះមានទឹកដក់តាមក្រឡុកច្រើនអនេក ព្រោះខ្វះការជួសជុលជា យូរយារមកហើយ ។ ផ្ទៃថ្នល់ជាភក់ស្អិត ដូចបាយម៉ាន ។ ស្រាប់តែមានរថយន្ត ប៉ឺហ្សូ ៤០២ មួយបរយ៉ាងលឿនជៀស ហួសទៅ ដោយបាចទឹកកខ្វក់ មកលើអ្នកដែលវារ រគើមៗ ។ អ្នករ៉ឺម៉ក ខឹងក៏តាំងជេរប្រទេច ។ ឯ ទីឃាវុធ បានសំឡឹង មើលលេខឡាន ហើយស្គាល់ជាក់ជារបស់ ជារបស់អ្នក សៅរ័ប្យ ។
ស្ត្រីនេះជាប្រពន្ធ មួយតួ ក្នុងចំណោម ប្រពន្ធច្រើន នាក់របស់ ពញា គទាធរ អតីតទេសាភិបាលបាត់ដំបង ក្នុងសម័យអាណាចក្រសៀម ។ ក្រោយមកក្នុងគ្រាផែនដី ភ័ន្តប្រែ បាត់ដំបងត្រូវបានមករួបរួម ក្នុងអាណាចក្រខ្មែរវិញ អ្នក សៅរ័ប្យ ក៏រត់ភៀសខ្លួន ជាមួយចង្កោមប្រពន្ធឯទៀតៗ ដើម្បីទៅតាមស៊ីបុណ្យ លោកម្ចាស់ ជាស្វាមី ឯប្រទេសសៀមទៀត ។ ដោយបានរួមវាសនា ចែកហ៊ុនគ្នា ជាមួយស្រ្តីឯទៀតផងអ្នក សៅរ័ប្យ ក៏បានទទួលកូនស្រីមួយប្រុសមួយពី ពញា គទាធ មួយអន្លើនឹងទ្រព្យសម្បត្តិជា មរតកយ៉ាងក្រាស់ក្រែល ។ ឥឡូវនេះអ្នក សៅរ័ប្យ រំលៀកខ្លួនត្រឡប់ចូលមកដែនកំណើតវិញហើយសង់ផ្ទះថ្មមួយស្កឹមស្កៃកំណាចនៅភូមិវត្តលៀប ។
អ្នក សៅរ័ប្យ ក្តីបុត្រាបុត្រីគាត់ក្តី ដែលអ្នកបាត់ដំបងហៅដោយគោរពថា ឃុនៗ នោះតែងបញ្ចេញបង្អួតអោយអ្នកផងកោតថាខ្លួនជាអ្នកមានទ្រព្យ ជាអ្នកអម្បូរខ្ពស់ហើយជាអ្នកធ្លាប់នៅទីក្រុងធំ ។ នៅក្នុងផ្ទះគាត់ដែលតុបតែងដោយវត្ថុ ច្រើនស្អេកស្កះ ឥតសមសួនសោះ គឺមានប្រើសុទ្ធតែរបស់ថ្លៃៗ អោយគេស្ញប់ស្ញែង ដូចជាផ្តិលមាស ប្រអប់ស្លាមាសជា ដើម ។ ថ្វីបើគាត់ជាមនុស្សមានអាយុ ហាសិប ប្លាយទៅហើយគាត់នៅស្លៀកខៀនពណ៌ស្រស់ៗមុខគាត់ទទះម្សៅ រទូសៗ ជើងគាត់ពាក់ស្បែកជើងផ្ទូខ្មៅចុងស្រួច ហើយ ង ឡើងលើ ហើយគាត់ដើរកែក្រាយ ខ្នងបន្ទេរមកក្រោយបន្តិច ភ្នែកសំឡឹងទៅឆ្ងាយ មានឬកខ្ពស់ក្រអឺតបែប ចង់សំដែងអោយឃើញថាដីនេះ ទីនេះ កាលដើមមិញជារបស់ប្តីអញ គឺនៅ ជារបស់ខ្លួនអញខ្លះដែរ ។
ចំណែកឯកូនប្រុសគាត់ ជើងខោព្រែខ្មៅធំៗ ប៉ុនការុង អំបិល ហើយពាក់អាវព្រែអន្លូញតាប្លាកធំៗ ពណ៌ខៀវក្រហម ថ្ងៃៗឡើង គិតតែពីបើកឡាន ដើរជល់ត្រីក្រិម ឬជល់មាន់ ហើយយប់ៗឡើងដើរចែចង់ស្រី ជាមួយដៃគូត្បាញអាយពីរបីនាក់ ។ រីឯឃុនស្រីវិញ អស្ចារ្យហើយ ! ដឹងតែប្រភឹបតែម្តង ជិះកង់ជិះម៉ូតូ តែងខ្លួនភោភាវរកគ្មានពីរទេ ក្នុងដែនបាត់ដំបង ! ឃុនឯលិចឃុនឯកើត អ្នកដងស្ទឹងសង្កែភាំងស្មារតី ដោយមិនដែលឃើញសោះ នូវសេចក្តីហ៊ឺហា ចម្លែកដល់ម៉េ្លះឡើយ ត្បិតសម័យនោះពុំដែល មានស្រ្តីមានពូជអម្បូរណាហ៊ានជិះទោចក្រយានឡើយ ។
ទីឃាវុធ សម្លឹងមើលរថយន្តអ្នកមានថ្មី ដែលបរផុតទៅហើយ គយគន់ដោយគ្នាន់ក្នាញ់នូវអាវ កុមប្លេ របស់ខ្លួនដែលប្រឡាក់ទឹកភក់ស្រមក ។
ស្ថានីយ៏ក្នុងពេលនោះពេញ កក ប៉ប្រឹកដោយអ្នកដំណើរ និងអីវ៉ាន់ ។ មនុស្សទាំងនោះស្លៀកពាក់តាមតែបានមិនសូវស្អាតពេកទេ នៅលាយឡំពពាក់ពពូន ជាមួយត្រកត្រីស្រស់ ជាលត្រីងៀត កញ្ឆេត្រីឆ្អើរ បាច់បន្លែ និងពពួកជ្រូកដែលគេចងជើងទាំងបួន គួបគ្នា ហើយជះក្លិនហាក់ដូចជាពុំសូវធុំ ស្រួលប៉ុន្មានឡើយ ។
ក្នុងចំណោម និករ និងវត្ថុ ដែលកកកុញ រកជ្រៀតជើងពុំចុះនេះ សំលៀកបំពាក់បែបអឺរ៉ុប បួន ដប់មកលាយឡំផង បង្កើតនូវបរិយាកាស មួយប្លែកភ្នែក ហើយ ឥតប្រាកដនិយម ។ ទីឃាវុធ ក្រឡេកឃើញពួកម៉ាកក៏ញញឹមទៅរកមិត្តពីរបីនាក់ស្ទុះមកចាប់ដៃសួរសុខទុក្ខ ដោយរីករាយ ហើយនិយាយចំអកអំពីខោអាវ ទីឃាវុធ ដែលប្រឡាក់ស្រមូញ ។
ក្នុងពេលដើរតម្រង់ ទៅរកបញ្ជរលក់សំបុត្រ នាយកម្លោះក៏ប្រទាក់ផ្លូវគ្នានឹងបុរសម្នាក់ ពាក់ កេពី ស ឈានជើងចេញពីទីនោះមក ។ ទីឃាវុធ សង្កេតស្គាល់ភ្លាមថាជាអ្នកបើកឡាន របស់អ្នក សៅបរ័្យ ហើយក៏ចោលភ្នែកតាមទៅ ។ បុរសឬកក្រអឺត ដោយអាងចៅហ្វាយខ្លួនជាអ្នកមាន ពើងដើមទ្រូង ហើយដើរឆ្ពោះទៅរកឡាន ដែលចតអែបចិញ្ចើម ថ្នល់ខាងជើង ។ ដល់ហើយក៏ហុចសំបុត្រជិះរថភ្លើង ទៅអោយស្រ្តីបីនាក់ ដែលឃើញស្រមោលស្ទុងៗអង្គុយក្នុងយាន ។ អ្នកបំរើនេះស្ទុះទៅបើកឃ្លុបឡាន ខាងក្រោយ បញ្ចេញវ៉ាលីស ពីរធ្ងន់ៗ ដើរយួរនាំផ្លូវ ស្រ្តីទាំងបី គឺ យុវតីក្រមុំម្នាក់ និងស្រ្តីកណ្តាលមនុស្សពីរម្នាក់ ដែលយួរប្រអប់ស្បែកជើងម្នាក់មួយ ។ ទីឃាវុធ ភ្ញាក់ខ្លួនព្រើត ៖ ខ្លួនស្មានថាអ្នក សៅបរ័្យ នាំកូនចៅគាត់ទៅណាមកណា ឥឡូវមិនមែនសោះ ។ តើជនមិនស្គាល់ឈ្មោះទាំងនេះមកពីណាអែ៎ះ បានជាជិះឡាននេះមកឡើងរថភ្លើង?
សេចក្តីចង់ដឹងយ៉ាងនេះ បាននាំអោយ ទីឃាវុធ ប្រញាប់ប្រញាល់ទៅទិញសំបុត្រនឹងគេ ដោយភ្នែករំពៃមើលម្តងៗទៅលើស្រ្តីចម្លែកៗទាំងបីនាក់ តែកន្ទុយភ្នែកនាយកម្លោះ សង្កត់ទៅលើមាណវីច្រើនជាង ។ យី នារីនេះប្រកបដោយ សោភណភាព ឥតងាយរកមកផ្ទឹមបានទេ ហើយស្លៀកពាក់តែងខ្លួនក៏រមិលមើល មិនទាស់ភ្នែកសោះ! មើលចុះអាយុមិនលើសពី ១៨ ឆ្នាំទេ ភក្រ្តផូរ សាច់ម៉ដ្ឋ រាងមូលទ្រវែងបន្តិច តែប្រកបដោយគំនូសយ៉ាងសុក្រិត សក់រលកអង្កាញ់ទូលាយ ហើយសិតរៀបយ៉ាងឆើត រង្វះមាត់តូច ដែលមានបបូរពណ៌ទទឹមសែត បណ្តែតញញឹម បង្ហាញនូវធ្មេញសល្អិត ស្មើគ្នា ឥតខ្ចោះ អាវបើក ក ពណ៌ផ្កាឈូកដែលមានកញ្ចុំបូដូចចង្កោម ផ្កាមកជួយរំលេចលំអ ហើយសាកឺតស៊ីនួន ខ្ចីសំយុងពាក់កណ្តាលស្មង បង្ហាញនូវកំភួន រៀវត្រសូល ដែលមានភាគចុងបញ្ចប់ បង្កប់ទៅក្នុងស្បែកជើង ពណ៌ក្រមៅខាត់រលោងស្រិល ។
ក្នុងសេចក្តីយល់សប្តិ ក្នុងការរវើរវាយ ទាំងភ្នែកស្រស់របស់ខ្លួន ទីឃាវុធ តែងបែងចែកលំអនារីជាបីប្រភេទទីទៃពីគ្នា ។
ប្រភេទទីមួយ បានដល់ពពួកយុវតី ដែលប្រកបដោយ សោភណភាពឃោរឃៅ ហៅបបួលអោយស្ទុះទៅចាប់ក្រញី ឬលេបដូចចំណី ព្រោះបរិបូណ៌ដោយសម្ផស្ស ដែលដេញដែលទាញសំរើបយ៉ាងខ្លាំង ។ នារីប្រភេទនេះតាមយោបល់ចៅមាណព យើងមិនសូវចេះតែងខ្លួនទេ ច្រើនស្លៀកពាក់ពណ៌ឆើតៗលេចធ្លោ ពាក់មាសពេជ្រស្អេកស្កះ ហើយមានកាយវិការឆ្ងាយពីសេចក្តី ស្រគត់ស្រគំទៀតផង ។
បើលំអរឃោរឃៅទៅជាបាតុកម្មខាងក្រៅ ឯលំអរទីពីរតែងមានគុណភាពកប់ជ្រៅ នៅខាងក្នុងវិញ គឺលំអដែលបញ្ចេញអោយឃើញ អោយសរសើរ អោយស្ងើច បន្តិចម្តងៗនូវទឹកដមចិន្តា ថ្លាហ្មត់ហ្មង ទន់ត្រជាក់ ។ សារុបសេចក្តីទៅ ស្រ្តីដែលប្រកបដោយសោភណភាព បែបនេះ ទំនៀមទំលាប់យើងតែងហៅថា ល្អគន់ តែ ទីឃាវុធ ដែលមានគំនិតចាក់ស្រែះបន្តិច តែងចាត់ទុកថា ជាលំអដែលទាញនូវសមានចិត្ត និងសេចក្តីគោរព ដូចមនោសញ្ចេតនា ដែលអ្នកផងតែងមានចំពោះបងស្រី ។
សោភណភាពទីបី របស់ ទីឃាវុធ តែងប្រគល់ដល់នារី មានកិរិយាទន់ភ្លន់ មានគុណភាពស្រួយស្តើង នាំអោយចិត្តបុរស ចង់ជួយយកអាសា ឬស្ទុះចេញការពារ តទល់នឹងសត្រូវ ទោះបីសត្រូវនោះ មានរូបឬអត់រូបក៏ដោយ ។ គឺលំអនេះហើយ ដែលតែងអង្រួន បេះដូងកវី បញ្ចេញជាពាក្យកាព្យ នៅគ្រប់ភាសា ។
ទីឃាវុធ ត្រិះរិះទទួល ស្គាល់ថាសោភណភាព ទាំងបី ប្រភេទនេះឥតមានព្រំដែន ឬជញ្ជាំង មកកាត់ចាត់ចែង អោយច្បាស់លាស់ទេ ។ ដូចជាចិត្តអញ្ចឹងដែរ មនោសញ្ចេតនា តែងវិវត្ត វិលពីទីមួយទៅទីមួយទៀត ។ ដូច្នោះស្រ្តីដែលប្រកប ដោយលំអ ដែលអារម្មណ៏ ដំបូងពន្យុះ អោយញក់ញីនោះ អាចក្លាយបានក្នុងកាលទេសះថ្មីចំឡែក ជាគុណភាព បណ្តាលអោយថ្នាក់ថ្នមទៅវិញ ។ តែទោះយ៉ាងណាក៏ដោយ ទីឃាវុធ ចាត់នាងក្រមុំពុំទាន់ស្គាល់ឈ្មោះក្នុងប្រភេទ ទីបីស្រេចទៅហើយ ។
អ្នកដំណើរស្រ្តីទាំងបីនាក់ ដើរតាមតៃកុងឡាន ចូលទៅក្នុងបន្ទប់ថ្នាក់លេខបី ។ លុះបានរៀបដាក់វ៉ាលីស លើធ្នើរស្រួលបួលហើយ ជននោះក៏សំពះលាស្ត្រី ដោយ ភូតភាសាថៃ ពីរបីម៉ាត់ ។
នៅតែ ១៥ នាទីទៀតរថភ្លើងចេញហើយ ។ តាមធម្មតាថ្នាក់លេខ ៣ ពុំសូវមានអ្នកជិះទេ តែថ្ងៃនេះពេញ ដោយសិស្សលីសេ កកស្រទាប់ ។ យុវជនយើងដែលគោរពច្បាប់សុជីវធម៌ ហើយកាន់សេចក្តីគួរសមយ៉ាងប្រពៃ ស៊ូទ្រាំនៅប្រជ្រៀតគ្នា ក្នុងសង្កាត់ឯទៀតទាំងអស់ ហើយបើសេសសល់ខ្លះ ក៏សុខចិត្តឈរតាម របៀង ទុកអោយស្រ្តីបរទេស ទាំងនោះអង្គុយ សង្កាត់តែមួយដោយផាសុក ។ ទីឃាវុធ ដែលឡើងមកក្រោយគេ រកកន្លែងឈរឬអង្គុយ ពុំបាន ក៏ដាច់ចិត្តចូលទៅ រកជើងម៉ា ក្នុងសង្កាត់ស្រី្តទាំងនោះដែរ ។ អ្នកកម្លោះចូលមកដោយស្ទាក់ស្ទើរ ហើយអៀនខ្មាស់ក្រៃលែង ព្រោះខោអាវប្រឡាក់ភក់យ៉ាងនេះ ។ តែធ្វើម្តេចបើជៀសពុំរួចហើយ ។
គង់មានអ្នកអានខ្លះឆ្ងល់ថា តើហេតុដូចម្តេចក៏នារីដែលមានពាហណះ ជាអ្នកសម្បូណ៌ដោយភោគទ្រព្យ មកទិញសំបុត្រថ្នាក់លេខ ៣ ម្តេចក៏ពុំជ្រើស យកថ្នាក់លេខពីរ ឬលេខមួយវិញ ដែលប្រកបដោយ ផាសុកភាពជាង? ត្រង់នេះ យើងគួរយល់ថា សព្វដងសព្វកាល បន្ទប់លេខមួយនិងលេខពីរ តែងមានអ្នករាជការបារាំង ឬក៏ នាយទាហានបារាំង គេជិះទៅមកពុំលោះថ្ងៃទេ ។ ធម្មតាជនជាតិអាស៊ី ក្នុងសម័យនោះ ពុំសូវចង់នៅលាយឡំ នឹងពួកច្រមុះ កោង ប៉ុន្មានឡើយ ។ ឯអ្នកដំណើរ មិនស្គាល់ឈ្មោះនេះសុទ្ធតែស្រីៗទៀតផង តែងមានសេចក្តីធុញ ទ្រាន់ មិនចង់ នៅជិតប្រុសៗ អឺរុបពេកទេ ។ មួយទៀតតាមចំណាំ រៀងមក ថ្នាក់លេខ ៣ ដែលមានរថមួយ ដាច់ពិសេសតែ ឯងនោះ មិនសូវសម្បូរណ៌អ្នកជិះប៉ុន្មានទេ ព្រោះគេច្រើនតែនាំគ្នាទៅកកកុញ នៅយានថ្នាក់លេខបួន ជាមួយនឹងជាលត្រី កញ្ជើរបន្លែ ត្បិតក្នុងសម័យនោះ ឋានះជីវិត នៅទាបខ្សោយនៅឡើយ ។ ឥឡូវមកចំពប់លើថ្ងៃដែល ថ្នាក់លេខបី ពេញណែនយ៉ាងនេះ !
រថភ្លើងទាញកញ្ចែវែង ហើយត្អើក ពីរបី ឃឹក ទើបលូនចេញដំណើរទៅមុខ ។ នាងកញ្ញា អើតតាមបង្អួច មើលទេសភាព វាលស្រែ ដែលដេកលក់នៅឡើយ ដោយដណ្តប់ក្នុងភួយ កប្បាស នៃអាកាសចុះអ័ព្ទ ។ ស្រមោល ស្ទូរៗនៅមុខខ្ទម ស្រែ ខ្លះ ជាអ្នកបញ្ជាន់ ដែលកំពុងបង្វិល ត្របាញ់ លើភ្នែន កណ្តាប់នូវគំនួចគោ បួនប្រាំសត្វ ដែលមានមាត់ឃ្លុំក្នុងកូនជាល ភ្នែកគ្រួច ដើម្បីកុំអោយអណ្តាតវា រពឹស កៀវចាប់ដើមស្រូវ ។ ស្ត្រីកណ្តាលមនុស្សពីរនាក់ គិតតែ ប្តូរយោបល់ រប៉ាច់រប៉ោច មិនឈប់មាត់សោះ ។ ឯមាណវីនាងនៅស្ងប់ស្ងៀម ស្មារតី ឡឺនឡង់ ព្រោះប្លែកមជ្ឈដ្ឋាន ហើយ ប្លែកទម្លាប់ ពេក ។
ប្រៀបបីដូចជាមេដែក ដែលមាន ទ្ធិលទាញម្ជុលត្រី វិស័យ អោយវិលទៅរក សោភណភាព នឹងការតុបតែងឆើតស្រស់ នៃនារីបរទេស ប្រទាញក្រសែភ្នែក ទីឃាវុធ អោយគ្រលៀសចោល ទៅចំជាញឹកញយយ៉ាងនោះដែរ ។ មួយសន្ទុះ នាយកម្លោះ ក៏នឹកឃើញដល់សំដី និយោជិកអាយស្ម័យយានម្នាក់ ដែលបានប្រាប់ខ្លួនថា បើកាលណាមានអ្នកដំណើរ ច្រើនលើសលុប ក្នុងថ្នាក់ណាមួយ មេខ្សែរថភ្លើង អាចអនុញ្ញាតិជាអាទិភាព អោយអ្នកជិះស្រីៗ ទៅអង្គុយនៅថ្នាក់ ខ្ពស់ ណា ដែលមានកន្លែងនៅទំនេរ ។ រំលឹកឃើញសំដីនេះហើយ អ្នកកម្លោះក៏ក្រោក ដើរចេញញែកហ្វូងពួកម៉ាក សួតាម របៀង ហើយឆ្លងទៅមើល យានខាងក្រោយ ដែលចែកជាថ្នាក់លេខពីរនិងលេខមួយ ។ ក្នុងពេលនោះបន្ទប់លេខពីរ នៅ សល់ ទំនេរស្អាតឯថ្នាក់លេខមួយ មានគ្រួសារបារាំង តាំងនៅជាអ្នកតំកើងឬទ្ធិ ។
ទីឃាវុធ បាននាំដំណើរការណ៏នេះ មកស្នើជាមួយមេខ្សែរថភ្លើង ដែលកំពុងក្រេបកកាហ្វេខ្មៅ ក្លែមឆាខ្វៃនៅក្នុងរថលក់ បាយ ។ ភ្នាក់ងារលុះត្រាបានស្រស់ស្រូបរួចហើយ ក៏នាំអ្នកកម្លោះមកជួបស្រ្តីបរទេស៖
_ អត់ទោសខ្ញុំចុះ ឃុន , ទីឃាវុធ និយាយជាភាសាសៀម ទៅកាន់នារី , បើខ្ញុំនិយាយពុំច្បាស់ហើយពុំចំអក្សរ ។
កញ្ញានាងបែរភក្រ្តមករក ដោយភ្នែកមូលក្រឡង់ សំដែងការងឿងឆ្ងល់ ហើយតបដោយសំដីទន់ ផ្អែមត្រជាក់ ទៅរក ជាភាសា ដដែលថា៖
_ឃុន មានការអ្វីដែរ?
ដៃចង្អុលទៅកាន់ភ្នាក់ងាររថភ្លើង ទីឃាវុធ តបថា៖
_ លោកនាយខ្សែរថភ្លើងនេះ បានអនុញ្ញាតិនាង ហើយនិងអ្នកស្រីទាំងពីរ អញ្ជើញទៅអង្គុយ នៅថ្នាក់លេខពីរ វិញ ព្រោះ កន្លែងនោះស្ងាត់ស្រួលជាង ។ នៅទីនេះមានពួកអ្នករៀនច្រើនណាស់ ។
_ អរគុណលោកពេក នាងតបដោយញញឹម បង្ហើបអោយឃើញធ្មេញ តំរៀបសថ្លា ។ តែខ្ញុំនៅទីនេះស្រួលហើយតើ ។ មិត្តភក្រ្តឃុន អាចចូលមកអង្គុយក្នុងសង្កាត់នេះបានដែរ ។ បើប្រជ្រៀតគ្នាបន្តិច ក៏មិនអីទេ ។
_ កុំមានប្រសាសន៏យ៉ាងនុ៎ះ គ្នាមិនហ៊ានមកទេ ឯខ្លួនខ្ញុំសោត ទាល់ច្រកណាស់ហើយ ទើប….
_ ខ្ញុំមិនបានស្មានថា ខ្លួនខ្ញុំមានអំណាចអី ដល់ម្ល៉េះទេ នាងតបដោយញញឹមគ្រវីក្បាល ដែលជាហេតុនាំអោយ រយ៉ា បន្តោង នៅត្រចៀកចោលរស្មីព្រោងព្រាយ ។
នាងក្រោកឈរ ហើយបែរមុខទៅរកស្រីជូនដំណើរ ទាំងពីរនាក់៖
_ មកបងទៅ ឃុននេះមកបណ្តេញយើងហើយ ។
ថា ហើយ នាងសើចបន្តិច បង្ហាញអោយឃើញថា នាងនិយាយ លេងផងហើយ អរគុណអ្នកកម្លោះ ដែលជួយយកអាសាផង ។
ទីឃាវុធ ជួយយួរវ៉ាលីស អ្នកដំណើរបរទេស ហើយនាំផ្លូវទៅកាន់ បន្ទប់លេខពីរ ដែលនៅទំនេរ ។ ភីលៀងទាំងពីរ អង្គុយទន្ទឹមគ្នា នៅលើជើងម៉ា ពាសពូក ស្បែកម្ខាង ហើយ តរុណីនាងអង្គុយ ត្រង់ជ្រុងម្ខាងក្បែរបង្អួច ។
លុះបានរៀបវ៉ាលីស នៅលើផ្ទាំងសំណាញ់ សម្រាប់ដាក់ អីវ៉ាន់ស្រេចបាច់ហើយ ទីឃាវុធ ក៏និយាយលាដកខ្លួន បំណង វិលទៅកន្លែងដើមខ្លួនវិញ ។ តែកញ្ញាសៀម នាងឃាត់ដោយចិត្តស្មោះថា៖
_ សូមអរគុណ ឃុន យ៉ាងច្រើន ដែលជួយឈឺឆ្អាលយើងខ្ញុំ យ៉ាងនេះ ប៉ុន្តែបើ ឃុន ពុំមានការអ្វីពិសេសទេ ឬពុំធុញ ទ្រាន់នឹងយើងទេ ឃុន នៅទីនេះហើយ ដ្បិតយើងខ្ញុំ ជាអ្នកដំណើរ ភាសាខ្មែរក៏ពុំចេះ សូម ឃុន ជួយណែនាំអោយ ស្គាល់ស្រុកទេសផងបានឬទេ?
_ ធុញទ្រាន់នឹងនាង? នាងមានប្រសាសន៏អ្វីយ៉ាងនុ៎ះ ! ត្រូវតែខ្ញុំវិញទេតើ ដែលភ័យក្រែងនាង ធុញទ្រាន់នឹងខ្ញុំ មើលចុះ ខ្ញុំនិយាយភាសាថៃ រអាក់រអួល រកាក់រកុប ខុសខ្លះត្រូវខ្លះ ។ ឯសំលៀកបំពាក់ខ្ញុំ សោត ក៏ពុំគប្បីផង……..
_ មិនមែនដូច្នោះទេ ឃុន ដែល ឃុន ជួយយកអាសានេះ ខ្ញុំនឹកគុណពុំភ្លេចឡើយ ។ យី ចុះ ឃុន ដួលឯណា ក៏ប្រឡាក់ ខោអាវថ្មីៗអស់យ៉ាងនេះ?
ទីឃាវុធ សញ្ជឹងមួយសន្ទុះ ទើបដាច់ស្រេចថា គួរតែនិយាយការពិតប្រាប់នាង៖
_ មានរថយន្តមួយបរមកជះទឹកភក់លើខ្ញុំ ។ ក្នុងពេលនោះខ្ញុំនឹកក្តៅឈួលដែរ តែ ឥឡូវនេះបាត់ខឹងអស់ហើយ ។
_ ឱ ប្រហែលជាឡានដែលខ្ញុំបានជិះមកឡើងរថភ្លើង ហើយមើលទៅ ។ សូមអភ័យទោសផងចុះ ។ សុហ្វ័រនោះ ព្រហើនអស់យ៉ាងហើយ ចង់តែពីលឿន មិនសូវគិត នាយអាយសោះ ។ គិតទៅផ្ទះដែលខ្ញុំបានមកសំណាក់ នោះកាន់ ឬកខ្ពស់ៗអស់យ៉ាងហើយ នាយក៏ដូចបាវដែរ ។
_ មិនអីទេនាង ប្រឡាក់ប៉ុណ្ណេះ ។
ថាហើយ ទីឃាវុធ គិតថយចេញក្រៅ ។ នាងកញ្ញាឃាត់ទៀត៖
_ យី ឃុន អញ្ជើញទៅណា? នុ៎ះហ្ន៎ ភូមិអីហ្នឹង?
នាយកម្លោះចោលភ្នែក ទៅក្រៅ ឃើញរស្មីព្រឿងៗ ព្រះ សុរិយា ជះមកលើចំការចេក និងស្លា នៃភូមិ អូរស្រឡៅ ក៏ឆ្លើយ ប្រាប់នាងតាមពាក្យសួរ ។ ដោយនាងជជីកអង្វរពេក ទីឃាវុធ ក៏ព្រមឈរជិតបង្អួចហើយនិយាយពន្យល់ ឬអត្ថាធិប្បាយ ការផ្សេងៗ តាមស្រុកទេស ដែលខ្សែរថភ្លើង កំពុងរត់កាត់ ។ ពិដោរសមាត់ ដែលសាយពី រូបកាយនាង ហើយសេចក្តីរាក់ ទាក់និងស្មោះស្ម័គ្រ ដែលចេញពីសំដីនាង បណ្តាលអោយមានការស្រវឹង អោយមានការភ្លេច ខ្មាស់អៀន ព្រោះសំលៀក បំពាក់មិនគប្បីនោះមករុំស្រោប វិញ្ញាណចៅមាណព ហើយអោយនាំសេចក្តីស្គាល់ ទឹកចិត្តគ្នាកាន់តែលូតលាស់ឡើងៗ ។
នាងសួរឈ្មោះវាលស្រែ ឈ្មោះស្ថានីយ៏ ឈ្មោះភូមិ ឈ្មោះភ្នំ ហើយ ទីឃាវុធ ឆ្លើយប្រាប់តាមដែលធ្លាប់ដឹងលឺ ។ រថភ្លើង ក៏លឿនទៅមុខ ពេលវេលាក៏លឿនទៅមុខ តែយុវជនទាំងពីរគ្មានចាប់ អារម្មណ៏ ចំពោះការរត់ឆ្ងាយ នៃព្រះកាលទេ ។
ម៉ោង ៩ ក្បួនរថភ្លើង ចេញផុតពីស្ថានីយ៏ ពោធិសាត់ហើយជ្រែកចូលក្នុងផែន ព្រៃខ្លុង ដែលសន្ធឹងវែងស្រោងស្រាង រំលឹក ម្តងៗដល់ចំការកៅស៊ូ ។
ទេសភាពលែងមានអ្វី ជាល្អគួររមិលមើលទៀតហើយ ចៅមាណព ក៏អញ្ជើញនាងទៅស្រស់ស្រូប ឯបន្ទប់ភោជនីយដ្ឋាន ដោយភីលៀង ជូនដំណើរទាំងពីរនាក់ មិនព្រមទៅជាមួយផង ព្រោះថាដើរក្នុងយាន កំពុងបើកចេះតែវិលមុខ តរុណីនិង នាយកម្លោះក៏លីលាឆ្ពោះទៅ តែពីរនាក់ ។ តុមួយនៅជិតជ្រុងក្បែរបង្អួច ឃ្លាតពីអ្នកបរិភោគ ឯ ទៀតបន្តិច បានបបួលយុវ ជនរើសយក ដោយរួមមតិគ្នា ។
_ នាងពិសាអី ? ទីឃាវុធ សួរដោយសំឡឹងមើលបញ្ជីរាយឈ្មោះម្ហូប ។
_ ឃុន ពិសាអី ខ្ញុំក៏យកនោះដែរ ។ ដោយសើចបន្តិច នាងបន្ថែម៖
_ ខ្ញុំមកស្រុក ឃុន ស្រាប់ហើយ ឃុន ដឹកនាំទាំងអស់ ។
សំដីនេះធ្វើអោយ នាយកម្លោះខ្មែរនិងនាងក្រមុំសៀម សើចប្រាវព្រមគ្នា ។
ទីឃាវុធ សង្កេតថា៖
_ គួរអស្ចារ្យណាស់ យើងទាំងពីរនាក់ មិនទាន់ស្គាល់នាមគ្នាផង ក៏ទុកចិត្តគ្នាដូចមិត្តភក្តិស្គាល់ចិត្តថ្លើម គ្នាយូរយារមក ហើយ ខ្ញុំសូមអភ័យទោស ចំពោះការភ្លេចភ្លាំង ដូច្នេះ ។ ខ្ញុំឈ្មោះ ទីឃាវុធ រៀននៅថ្នាក់ទីមួយប៉ែកមធ្យមសិក្សា នា វិទ្យាល័យ ស៊ី សុវត្ថិ ។
នាងបើកក្របូបយួរ របស់នាងយកនាមប័ណ្ណមួយសន្លឹក អោយទៅគូសន្ទនា៖
_ ដូច ឃុន ឃើញស្រាប់ខ្ញុំឈ្មោះ ចន្ទមណី វិចិត្រករ ជាសិស្សនៅសកលវិទ្យាល័យ ជុឡា ឡុងកន តែនៅថ្នាក់ទាបនៅ ឡើយ ។ ខ្ញុំធ្វើដំណើរទៅភ្នំពេញ ទៅលេងនឹងឳពុកខ្ញុំ ដែលមកសំណាក់អាស្រ័យ នៅទីនោះ ។ ឃុន ប្រហែលលឺឈ្មោះ ឬ ស្គាល់ឳពុកខ្ញុំ ដែរមើលទៅ ។ គាត់ឈ្មោះ ថេព កូសុន វិចិត្រះកន (ទេពកោសល្ល វិចិត្រករ) ដែលកាលពីមុន ជាសក្តិ បីក្នុងកងទ័ពថៃ ហើយបាន រត់ភៀសខ្លួន មកជ្រកនៅកម្ពុជា ក្រោយដែលមានរដ្ឋប្រហារ ក្នុងឆ្នាំ ១៩៣៧ នាក្រុង ទេពមហានគរ ( បាងកក)
_ អាថីហា៎ ស៊ីអុយហ៎ះ ? សម្តីចិនធ្វើម្ហូប សួរយ៉ាងនេះនាំអោយ ទីឃាវុធ ភ្ញាក់ព្រើត ។ ត្រដរដកខ្លួនពីការសញ្ជឹងសញ្ជប់ នាយកម្លោះធ្វើជាបែរញញឹម ទៅរកមាណវី ទើបបញ្ជាជាខ្មែរ៖
_ អើ យកបាយលីងសាច់ក្តាម លាយសាច់មាន់ ហើយដាក់ពងទាផងពីរចានមក … ទឹកក្រូចពោធិ៏សាត់ច្របាច់ពីរកែវ … ប៉ុណ្ណឹងបានហើយ ។
បែរទៅរកកញ្ញា ទីឃាវុធ អធិប្បាយថា ៖
_ ខ្ញុំបង្គាប់អោយធ្វើម្ហូបអោយបានមាំធ្ងន់បន្តិចព្រោះទំរាំដល់ភ្នំពេញថ្ងៃត្រង់ ឯណោះបើពុំដូច្នេះទេរទេះភ្លើង រលាក់ទទ្រើក ធ្វើអោយយើងឃ្លានណាស់ ។
_ ខ្ញុំពេញចិត្តណាស់ សូមអរគុណ ។
មិត្តថ្មោងថ្មី បរិភោគបណ្តើរ និយាយសំណេះសំណាលបណ្តើរ ។ ដល់មកស្ថានីយ៏ ទទឹងថ្ងៃ ក្បួនរថដែលមកពី បាត់ដំបង ក៏ត្រូវឈប់រង់ចាំខ្សែយានដែលទៅភ្នំពេញដើម្បីជៀសគ្នា ។ ក្នុងពេលនោះ ទីឃាវុធ បាននាំនាងសៀមចុះដើរដើម្បីអោយ បាត់រមូដៃជើង ។
ភ្នែកនាង គយគន់ ព្រៃព្រឹក្ស មាត់នាងនិយាយថា ៖
_ តាំងពីធំដឹងក្តីកាលណាមក ខ្ញុំតែងនឹកចង់ឃើញស្រុកខ្មែរ នឹកស្រឡាញ់តែក្នុងចិត្ត ឥឡូវបានសំរេចដូចប្រាថ្នាហើយ ។ ដោយសារយើងមានទំនៀមទម្លាប់ ដូចគ្នា មានប្រពៃណីកាន់សាសនា ព្រមទាំងប្រកបដោយសម្បត្តិ វប្បធម៌ដូចគ្នាថែម ទៀត ទើបឳពុកខ្ញុំ កាលបើគាត់រត់ចោលស្រុក គាត់មកសូមស្នាក់ អាស្រ័យ នៅទីក្រុង ភ្នំពេញ ។
_ ខ្ញុំរីករាយណាស់ ដោយលឺថានាង នឹងមកនៅក្រុងភ្នំពេញ ។
_ ទីក្រុងនេះ ជនរួមជាតិខ្ញុំ បានសរសើរថាស្អាតណាស់ ឳពុកខ្ញុំបានទិញផ្ទះមួយ នៅខាងជើងវត្តភ្នំ ។
សំដីនារីខាងចុងក្រោយ បានធ្វើអោយចៅមាណពចាប់អារម្មណ៏ មួយភ្លាម ។ យី គ្រួសារនាងនេះ មានណាស់តើ គេមាន ប្រាក់ទិញ ភូមិគ្រឹះមួយ ក្នុងសង្គាត់ដែលបរិបូណ៌ដោយគេហដ្ឋាន ល្អស្អាត ស្តុកស្តម្ភ ។ រី ឯគ្រួសារ ឯងនៅភូមិអូរតាគី នៅ ចុងកាត់មាត់ញក ។ ឱ សេចក្តីសង្ឃឹម ដែលប៉ុចជាត្រួយ ក្នុងដួងចិត្តមួយសន្ទុះ ……ណ្ហើយកុំគិតវែងពេក វានាំតែឆ្កួតវិល ខួរក្បាលទេ ។
លុះខ្សែរថភ្លើង បានជៀសគ្នារួចកាលណា ទីឃាវុធ បាននាំកញ្ញាមកអង្គុយ នៅបន្ទប់ថ្នាក់លេខពីរ ដោយមុខស្ងួត ។ មាលាដួងចិត្ត ដែលខ្លួនតែងយល់សប្តិ៏ រវើរវាយឃើញ ឥឡូវ បានប្រាកដរូបមកនៅជិតបង្កើយ តែបែរជានៅឆ្ងាយ ទៅវិញ ព្រោះឈោងដៃមិនងាយដល់ទេ ។ ចៅមាណព សញ្ជឹងសញ្ជប់ ប្រាសចាកសេចក្តីរីករាយអស់រលីង តែនៅខំប្រុងស្មារតី កុំអោយ រាយមាយ ដើម្បីចាំឆ្លើយ នឹងសំនួរនាង ។ នារីដែលបានសង្កេតទឹកមុខ ស្រពោនរបស់មិត្តថ្មី ក៏នឹកក្រែងថា មាន ទុក្ខឬភារះអ្វី ដែលមិនគួរគប្បីនឹងសាកសួរឡើយ ។ ថ្វីបើមាន ពីភាល់ក្នុងចិត្ត នាងគោរព តុណ្ហីភាពដោយសំឡឹងទៅខាង ក្រៅ ។
ឥឡូវរថភ្លើង បានកាត់ព្រៃក្រាស់ហើយ មាណវីក៏ គយគន់ជួរដើមត្នោត ដែលដុះផ្តុំៗគ្នា ។ មិនយូរប៉ុន្មាន យានក៏ចូលដល់ ស្ថានីយ៏ពោធិ៏ចិនតុង ។ ពេលដែលត្រូវឃ្លាត កាន់តែខិតជិតដល់ហើយ ។ តើនឹងជួបគ្នាទៀតឬទេ ? គំនិតនេះនាំមកនូវ សេចក្តីអួលផ្សា ដែលចោលម្លប់ទៅលើទឹកមុខ ។ អ្នកអានដែលបានស្គាល់ នូវចិត្តគំនិតនាយកម្លោះស្រេចមកហើយ ប្រហែលជាមិនសូវងឿងឆ្ងល់ ពេកទេ ចំពោះកិរិយាចម្លែក យ៉ាងនេះ ។
ដោយស្ងប់ស្ងួត ទីឃាវុធ និយាយទៅកាន់គូសន្ទនា ៖
_ ឃុន នៅរវាងដប់គីឡូម៉ែត្រទៀតទេ យើងដល់ភ្នំពេញហើយ ។
ថាហើយ ក៏ឈោងយក វ៉ាលីសពីផ្ទាំងសំណាញ់ ដាក់ចុះមកលើក្តារ ដើម្បីអោយងាយលើក ហុចទៅអោយអ្នកជញ្ជូន ។ ឯភីលៀងចាស់ពីរនាក់ ដែលពុំបាននិយាយស្តីអីមួយម៉ាត់ ជាមួយ ទីឃាវុធ ក៏ក្រោកឈរ រៀបរបដែរ ។ ចំណែកនារី នាងបើកក្របូបយួរ យកកូនកញ្ចក់ ឆ្លុះសំរួលសក់ ផាត់ម៉្សៅបន្ថើលើ ភក្ត្រាហើយយកបណ្តូល ក្រហមមកជូតបន្ថែមលើ បបូរមាត់ ។ កាយវិការដ៏សមសួននេះ ទីឃាវុធ គយគន់មិនដាក់ភ្នែកទេ ដើម្បីចារិកទុកក្នុងហរទ័យ កុំអោយភ្លេចបាន ។
ក្បាលរថភ្លើងទាញកញ្ចែ វែងពីរ បីដង ហើយក៏ចូលទៅឈប់អែបជំរក ស៊ីម៉ង់ ។ ក្នុងពពួកមនុស្សអ៊ូអរ ដែលមករង់ចាំ អ្នក ដំណើរ មានបុរសម្នាក់ អាយុប្រហែល សែសិបប្លាយឆ្នាំ សម្លៀកបំពាក់បែបអឺរុប ហើយទឹកមុខរីកថ្លា សមជាអ្នកមាន ចិត្ត ធម៌ មានសេចក្តីប្រណី ។ ភ្នែកគាត់រំពៃមើលពីទូរថ មួយទៅទូរថមួយទៀត ។ នាង ចន្ធមណី អើតតាមបង្អួច ឃើញគាត់ ក៏ស្រែកហៅភ្លាម ៖
_ ឃុនផ ចា៎ !
ទឹកមុខគាត់ញញឹមពព្រាយ ទទួលសេចក្តីគោរព ពីបុត្រី ដែលលើកដៃប្រណម្យ យ៉ាងទន់ភ្លន់ ។ ក្នុងពេលជាមួយនេះ ទីឃាវុធ ក៏បានហៅអ្នកជញ្ជូន អីវ៉ាន់ ម្នាក់ មកទទួលយកវ៉ាលីស នាង រួចហើយក៏ទៅយក អីវ៉ាន់របស់ខ្លួន ឯង ចុះទៅដែរ ។
នាយកម្លោះ រៀបនឹងចូលទៅលានាង ស្រាប់តែ មាណវី នាងហៅហើយប្រាប់ឳពុកថា ៖
_ ឃុនផ នេះនាយ ទីឃាវុធ ដែលបានជួយយកចិត្តទុកដាក់ខ្ញុំ ក្នុងដំណើរនេះ កុំអីខ្ញុំប្រទះការលំបាកមិនតិចទេ ។
អតីត សក្តិបីសៀម ញញឹម ហើយស្ទុះមកចាប់ដៃនាយ កម្លោះដោយរាក់ទាក់ ៖
_ អរគុណលោក កមួយ(ក្មួយ) ពេក គាត់និយាយខ្មែរប៉ៃឡាំបន្តិចៗ ។
អ្នកទាំងបី ដើរចេញមកក្រៅ ដោយមានសាវជៃនិងអ្នកជញ្ជូន អីវ៉ាន់ដើរតាម មកដែរ ។ ឃើញ ឳពុកនាង ខំរកពាក្យ និយាយខ្មែរដោយលំបាក នាង ចន្ធមណី ជំរាបគាត់ថា អោយនិយាយថៃទៅវិញទៅ ព្រោះ ទីឃាវុធ ចេះភាសានេះ ស្ទាត់ណាស់ ។
នាងអួតដូច្នេះ ទីឃាវុធ មានទឹកមុខឡើងក្រហម ហើយតបជាភាសាសៀម ៖
_ ឃុន មិនគួរបំផ្លើសយ៉ាងនេះសោះ ខ្ញុំរៀននៅស្រុកខ្មែរ ធ្វើម៉េចនឹងនិយាយត្រូវអក្សរល្អ ។
_ ភូតបានប៉ុណ្ណឹងហើយ ដល់ណាទៀតទៅ , លោក ទេពកោសល្ល តប ។
លុះបានមកដល់រថយន្ត អតីតនាយទាហាន ក៏បបួលដោយស្មោះស្ម័គ្រ ៖
_ លោកក្មួយ មកជាមួយនឹងខ្ញុំមក ខ្ញុំនឹងជូនដល់ទីកន្លែង
_ សូមកុំព្រួយថ្វី ខ្ញុំមានពួកម៉ាកច្រើនណាស់ ទៅចោលគេពុំកើតទេ ។
_ ឃុន កុំភ្លេចទៅលេងនឹងខ្ញុំណា៎ ។ ជូនខ្ញុំដើរលេងផង ខ្ញុំជាអ្នកចំណូលថ្មី មិនស្គាល់ស្រុកទេសសោះឡើយ ។
ពេលនោះ ឳពុកនាងបន្ថែម ផ្ទួនលើសំដីធីតា ៖
_ អញ្ជើញកុំខាន ផ្ទះខ្ញុំលេខ ៩២ មហាវិថី មីស ។ អញ្ជើញកុំខាន ខ្ញុំគ្មានស្គាល់នរណាទេ នៅភ្នំពេញ ។
ទីឃាវុធ ទទួលថាបាទ ដោយស្បើយៗ ហើយក៏សំពះ លាមិត្តទំនើបចេញទៅ ។ ឳពុកនិងកូន ក៏លូកដៃមកចាប់ដៃ នាយកម្លោះ តាមទម្លាប់អឺរុប ។ ទីឃាវុធ បានកាន់បាតដៃនាងមានសាច់ទន់ ម៉ដ្ឋមានម្រាមស្រួច ស្រឡូន ហើយក្រចក លាបថ្នាំក្រហមពណ៌ទទឹម ។
សិស្សកម្លោះ ដើរបន្តិច មកហើយងាក ទៅឃើញឡាន ព្រីម៉ាកាត្ររឺណូល៏ មួយបរចេញហើយបត់ឆ្ពោះទៅខាងជើង……

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: