មាលា​ដួង​ចិត្ត​ ទំព័រទី២


វិទ្យាល័យ គ.ស .១៩៣៩

ដូចជាពិបាកគិតដែរ !……យើងមិនដឹងត្រូវចាប់និយាយពីត្រឹមណាទេរឿងនេះ ព្រោះមានរូបរាងនិងភាព ដូចពពក…មានព៌ណចម្រុះដូចឥន្ទធនូ ហើយមានមាឌនិងកំពស់ កំពរប៉ុនយក្សា។
ក្នុងដួងចិត្តយុវជនអាយុ ម្ភៃឆ្នាំអារម្មណ៏ដ៏អស្ចារ្យនេះជួនណាផាត់ផាយជាខ្យល់ជំនោរទុក្ខនិង សេចក្តីសង្ឃឹម
តែងផ្លាស់វេនគ្នាក្នុងសតិមួយដែលមានគំនិតវែងឆ្ងាយតែស្រួយដូចពពុះសាប៊ូដែលអណ្តែតត្រសែតមួយ
សន្ទុះ លំអរដោយឆព្វណ្ណរង្សីចាំងឆ្លុះទៅលើ។
ឱ ! ឆ្នេរសមុទ្រដែលបរិបូរណ៏ដោយក្លិនក្រអូបឈួលដែលវិចិត្រដោយកូនខ្ទមជ្រកក្រោមដើមដូងល្វន់ល្វៃ
មានកំរងវល្លិ៏ផ្ការុំស្រោបដូចហត្ថានាងនាដកា។ វាយោហើរពីផ្ទៃសាគរមកយោលផួងធម្មជាតិអោយមាន
ចលនាទន់ភ្លន់រួចហើយក៏តាំងដឹកនាំទៅ ទីឆ្ងាយនូវពិដោរឈ្ងុយឈ្ងប់។
ទេសភាពដ៏ត្រកាលនេះ មាននាទីជាអង្រឹង សំរាប់យោលរំសាយទុក្ខនៃយុវជនដែលស្រវឹងដោយឃ្លោង
ដោយកាព្យថ្លាដូចចរណៃ ហើយស្អាតដូចពន្លឺព្រះច័ន្ទពេញបូណ៌មី។
កវីនិពន្ធដ៏មានពាក្យពិរោះហាក់ដូចជាកើតពីទេពកោសល្យដែលត្រាំទៅក្នុងទុក្ខព្រួយហើយរមែងក្តោប
ស្រោបនូវ វិការដ្ឋាននៃជីវិត បរិបូណ៌ទៅដោយការប្រយុទ្ធការដណ្តើមស្ទើរស៊ីសាច់គ្នា។
អាត្ម័នជរា ព្រលឹងរេចរឹលអាចរត់ចូលជ្រកបាន ក្នុងសាសនា ប៉ុន្តែអាត្ម័នក្មេង យុវចិន្តានឹងរកកំពង់ផែចូល
សំរាកបានតែក្នុងកាមារម្មណ៏។
គិតសព្វៗទៅសេចក្តីស្នេហា ជាសាសនា មួយបែបដែរ សម្រាប់យុវជនព្រោះរមែងមានសទ្ធា មានជំនឿ មាន
សេចក្តីទុកចិត្តទៅវិញទៅមក។ តែសាសនានេះចាស់ៗបែរជាមិនយល់ដោយភ្លេចសូន្យឈឹង ថាកាលពីដើម
មក ខ្លួនធ្លាប់ក្មេងដូចគ្នាដែរទេតើ ! ហេតុដូច្នេះហើយបានជាចាស់ៗទាំងនោះតែងកាន់គំនិតរឹងត្អឹងកាន់លទ្ធិ
សម្បូណ៌ជ្ញាសិទ្ធិ៏ ចំពោះលំពង់ត្រួយខ្ចីនៃមនុស្សជាតិ។
គួរយើងគិតថាផ្កាក្រូចពោធិសាត់ មានក្លិនក្រអូបជាងផ្លែវាដែលទុំលឿងផូរ។ យ៉ាងនេះហើយបានជាយុវជន
អាចក្រេបឱជារសជីវភាពបានជាជាងមនុស្សរសៀល ដែលជាហេតុនាំអោយ មាណព និងមាណវី មានទីតាំង
ជិតជាងក្នុងគោលបំណងព្រះកាមទេព។
គំនិតវិពណ៌នាខាងលើនេះ ជាយោបល់របស់ក្មេងៗដែលរៀននៅវិទ្យាល័យ ស៊ីសុវត្ថិក្នុងសម័យមុនកើត
សង្គ្រាមលោកលើកទីពីរ។ យុវជនទាំងនោះយល់ដោយខុសហើយដោយអយុត្តិធមខ្លះផង ក៏ពុំដឹងថាចាស់ៗ
សង្កត់សង្កិនព្រលឹង និងចិន្តារបស់ខ្លួនហើយថែមទាំងបំពុលសេចក្តីត្រេកត្រអាលទៀតផង។
គិតខុសក៏ដោយ ត្រូវក៏ដោយ ក្មេងៗបើយល់យ៉ាងណាហើយ តែជួញចិត្តធ្វើអោយគំនិតនោះបាន សម្រេច
បានពិតប្រាកដ ដោយសកម្ម ក្រៃលែង។ ដើម្បីងាយ យល់នូវមនោសញ្ចេតនាផ្សេងៗដែលរមែងកញ្ជ្រោក
បោកបោះអាត្ម័នយុវជននោះទើបសូមនាំរឿងនេះមកនិទានជូនដូចតទៅ៖

************************************************************

ថ្ងៃអាទិត្យ ! អរុណចាប់លាបព៌ណក្រហមទុំ ទៅលើជើងមេឃខាងកើត ។ ក្នុងសយនដ្ឋានមួយនៃវិទ្យាល័យ ស៊ី សុវត្ថិ ដែលសេចក្តីស្ងប់ស្ងាត់គ្របដណ្តប់នៅឡើយ ព្រោះមិនទាន់ដល់ម៉ោង សម្លេងខ្សឹបខ្សៀវចាប់លឺខ្សាវៗ
ពីត្រង់នេះបន្តិច ត្រង់នោះបន្តិច ។ មាត់មាន់រងាវបង្អូសបែបបទវែងអន្លាយក្នុងពន្លឺស្រាងៗនៃព្រហាម ។ សេះសំគម
ដែលទាញរទេះដឹកបន្លែមួយអន្លើនឹងស្បែកជើងឈើចិនកន្តាំង បាននាំគ្នាវាយផ្ទៃថ្នល់ចាក់ជ័រ លឺផ្លឹបផ្លាប់ៗឫក្រោក
ក្រាក ។ កងទ័ពក្អែកនាំគ្នាចេញពីទ្រនំ ដើមអំពិល ខ្វកកេកកាកៗ លាន់រំពងហើយហើរឆ្ពោះទៅទិសខាងលិច
ដែលមានពំនូកពពកធំៗដេកទ្រមក់ត្រាំក្នុងកម្ជិលច្រអូសនៅឡើយ ។
មួយសន្ទុះក្រោយមកស្គរអ្នកយាមទ្វារ រោទិ៏ កំរើករំជួយអាកាស ព៌ណខៀវនៃព្រឹកព្រហាម ហើយសូរសព្ទហ៊ោ
កញ្ជ្រៀវក៏ផ្ទុះឡើងដូចចិនអុជផាវ សែនអ្នកតា ។ អ្នកខ្លះចាប់ប្រយុទ្ធនឹងសង្កើច ដោយយកស្បែកជើងឈើវាយ
បំពៀច បច្ចាមិត្រដែលបានស្រូបឈាមពីយប់ ទៅលើក្តារគ្រែលឺ ផូងផាំង។ ក្នុងសម័យនោះមិនទាន់ស្គាល់ច្បាស់
នៅឡើយទេ នូវការប្រើម្សៅ ដេដេតេ សម្រាប់ សម្លាប់ សត្វល្អិត ។ អ្នកខ្លះទៀតប្រជុំគ្នាសប់ ប័លឡុង លឺភិបៗ
ហើយមួយពួកផ្សេងដទៃក្រម៉ាមួយវ័ណ្ឌនៅចង្កេះ នាំគ្នាប្រមូលគ្នាយកខោអាវទៅបោកនៅក្បាលម៉ាស៊ីនទឹកក្រោយ
ដរត្វារ ។
សូរទ្រហឹងអឺងអាប់ បានដាស់ ទីឃាវុធ ភ្ញាក់ពីដំណេកក្រោកឡើង ប្រមូលក្រសោបជើងមុង ពាក់ទៅលើដំបូល រួច
ហើយក៏តាំងអង្គុយ សញ្ជឹងសញ្ជប់ នៅលើគ្រែដោយមានមុខស្ងួតស្ងប់ ក្មេងកម្លោះនេះនឹកគួចដល់នារី ដែលកាល
ពីល្ងាចមិញវិទ្យុបាននាំមកនូវ សំឡេងថ្លាដូចកែវទិព្វ ។ នៅជិតសយនដ្ឋាន គឺនៅម្ខាងវិថី ហ្រ្វង់ស្វាហ្វុងតែន អ្នក
ម្ចាស់ផ្ទះមួយបានបើកវិទ្យុស្តាប់ចំរៀងសិល្បការិនី សៀមពិរោះទន់ល្មើយ ។ គឺសំឡេងនេះហើយដែលមក ប្រឡោម
ចោមបំពេរ អាត្ម័ន ទីឃាវុធ ដែលស្រេកឃ្លាននូវកាមារម្មណ៏ ។ ចៅមាណពស្តាប់ពុំបាននូវសំដីទំនុកច្រៀង តែសាច់
ពិរោះ ដែលមានផ្នត់ទូលាយ ល្វឹងល្វែងបានគួច ព្រលឹងអោយ អណ្តែតអណ្តូង ក្នុងរមណីយដ្ឋានមួយនាវិមានសួគ៌ា
ល័យ ។ សៀវភៅដាក់ផ្កាប់លើដើមទ្រូង ទៀនលើក្បាលដំណេកឆេះចោលទទេរអ្នកកម្លោះតាំងបង្ហើរគំនិត ទៅទីឆ្ងាយ
ដោយមនោរម្យ ។ ឋិតក្នុងសភាពយ៉ាងនេះ ចិន្តាតាំងនឹកគួចពីចម្ងាយនូវសោភណភាពនៃសិល្បការិនី ។ ម្ល៉េះសម
នាងមានមុខមូលពេញ មានភ្នែកខ្មៅថ្លាយង់ ដែលមានរោមត្របកវែង ង ទន្ទាំចាំការពារ មានសក់ខ្មៅរលើបទម្លាក់
រលកអង្កាញ់មកលើស្មា ព៌ណសណ្តែកបាយ ហើយជារនាំង សម្រាប់កញ្ចឹងក ដែលកំរើកចុះឡើង ដោយសមសួន
ធ្វើអោយក្បាលរេរា គួរគយគន់ បីដូចដើមស្នោ យោលផ្កាលឿងឆ្អិន ក្នុងក្រសែខ្យល់ជំនោរ ។ ម្ល៉េះសម នាងមាន
បបូរមាត់ព៌ណផ្កាឈូក ដែលបិទហើយបើក ដើម្បីបង្ហាញអោយឃើញធ្មេញ សថ្លា ដូចផ្កាម្លិះលា ។ ម្ល៉េះសមនៅលើ
ទ្រូងអាវព្រែសាច់ម៉ដ្ឋខៃ កាត់ដេរយ៉ាងប្រណីត ទុកអោយស្មាននូវ រាងប៉ោងក្បំលើឱរា នាងពាក់បន្តោងពេជ្រដែល
ដេញរស្មី ភ្លើង ភ្លឺពព្រាយ ។
ទីឃាវុធ ស្តាប់សំឡេងច្រៀងក្នុងរាត្រី ហើយស្រមៃឃើញជាក់ច្បាស់ ដូចទល់មុខគ្នា នូវរូបឆោមនារី ដែលមានសំដី
ពិរោះក្រអៅ។ សិស្សលីសេ មិនដែលគិតដល់ម្តងណាសោះថារមណីយវត្ថុ អាចចេញបានពីរូបរាងមួយ ដែលធម្មជាតិ
ពុំមានសប្បុរសធ៌ម តុបតែងអោយយ៉ាងនេះនោះទេ ។ បើអ្នកណាចង់ភ្នាល់ក៏ ទីឃាវុធ ហ៊ានភ្នាល់ដែរ សំឡេងបរិសុទ្ធ
ឥតមន្ទិល ឥតស្រាំ ឥតឆាយ៉ាងនេះ ប្រាកដពិតជាពុំមែនចេញពីអង្គខ្លួនក្រងឹងក្រងង់ បានឡើយ ! កំពុងតែយល់សប្តិទាំង
ភ្នែកបើកយ៉ាងនេះ ស្រាប់តែវិទ្យុ ឈប់ស្ងាត់ឈឹង ។ អន្ទះអន្ទែង ក្រហាយក្រហល់ ក្រៃលែង ទីឃាវុធ បិទសៀវភៅ
គណិតសាស្រ្តដែលខ្លួនបានបំណងបញ្ចប់មេរៀនមួយ ហើយចាប់កម្រងកវីនិពន្ទមកអានវិញ ។ នាយកម្លោះ បើកក្រេប
ជញ្ជក់ម្តងទៀតនូវសាច់កាព្យ ឡឺសូល របស់ អ័លហ្រិ្វដដឺមុស្សេត៏ ។ មួយសន្ទុះក្រោយមក លុះបានផ្លុំពន្លត់ទៀនស្រេច
ហើយសេចក្តីលង់លក់ក៏ស្រូបគំនិតចិន្តាចៅមាណព ទៅក្នុងសកល សុបិនយល់សប្តិ ។
ប៉ុន្តែនៅព្រឹកថ្ងៃអាទិត្យ កម្លាំងដែលភ្ចាប់បង្គុយ ទីឃាវុធ យ៉ាងយូរទៅលើគ្រែ គឺវិការដ្ឋាន ដែលវិញ្ញាណប្រតិស្ឋឡើង
ក្នុងពេលដែលដេកលក់ ។ ថ្វីបើដឹងថាជាការភូតកុហក ថ្វីបើជាសេចក្តីសង្ឃឹមក្លែងក្លាយ ដែលភ្លឺព្រោងព្រាយ តែមួយ
ភ្លែតដូចផ្លេកបន្ទោរ តែកម្លោះយើងនៅតែសញ្ជឹងគិត ទៅរក ដោយសប្បាយផង ឈឺអួលផ្សារផង ។ ជាប្រក្រតីសុបិន
និម្មិតជាតំណនៃប្រាកដនិយម ។
យល់សប្តិនោះ បានបន្លប់ ទីឃាវុធ ថាមានរថយន្តដំបូលផ្លឹតដែលមាននារី ទីត្រួយចិត្តជាអ្នកបើកបរ ឯខ្លួនអ្នកកម្លោះ
ឯងអង្គុយនែបនិត្យក្រេបឱជារសសុភមង្គលល្អ រកនិយាយពុំបាន ។ រថយន្តបង្អិលខ្លួនធូរខ្សៀក លើថ្នល់ចាក់ជ័រ ដែល
មានគគីរខ្ពស់ត្រឈៃ ដុះអមហែសងខាង ។ លុះដល់ទីថ្នល់ខ្វែង ប្រទាក់គ្នា ឡានបត់តម្រង់ទៅរកភ្នំ ដែលព្រះអាទិត្យ
ពេលល្ងាច កំពុងយកមាសស្រោបលើកំពូល ។ ខ្យល់ក្រអូបដោយក្លិនរុក្ខជាតិ បានស្ទុះមកប្រឡែង លេងជាមួយសក់
នារី ។ លលកមួយគូផ្អើលនឹងឡាន ស្ទុះហើរយ៉ាងលឿន ដោយទទះស្លាប ញាប់ខ្មាញ់ ។ ទីឃាវុធ ក៏យកដៃទៅបបោស
អង្អែលស្មានៃឆោមស្និទ្ធ ។
រថយន្តឈប់កៀកនឹងជើងភ្នំ ដ៏មានថ្មធំៗ ដែលភ្លៀងនិង អាកាសធាតុ បានឆ្លាក់ជារូបសត្វ រស់នៅក្នុងសម័យ បុព្វប្រវត្តិ
សាស្រ្ត ។ គូសង្សារទំនើប អង្គុយលើថ្មដាមួយផ្ទាំង នៅចំពីមុខ បឹង ទឹកថ្លា ដែលក្នុងទីនោះ ព្រះសូរិយាកំពុងទាញពន្លត់
នូវកាំរស្មីរបស់ខ្លួន ម្តងមួយៗ ។ ត្របកផ្កាព្រលឹត ដែលរីករហង់ ក៏ញាប់ញ័រព្រឺព្រួច ព្រោះ សុរភីវាត បក់មកថ្នាក់ថ្នម កូន
ត្រីរ៉ស់ ល្អិតៗព៌ណក្រហមរងាល នៅហែបហែល ចន្លោះដើមស្នោ ដែលកំពុងយោលបង្អួតគ្នា នូវចង្កោមផ្កាព៌ណលឿង
ឆ្អៅ និងត្រកួនផ្កាព៌ណស្វាយ ដែលកំពុងបោះដៃរកគ្នារវាម ។ រនាលស្លាបព៌ណជម្ពូ ខំរំពៃរកឆ្មក់ មច្ឆាជាតិ នៅរ៉ប មាត់
បឹង ដើម្បីជាអាហារបង្ហើយ មុនពេលវិលទ្រនំ ។ មួយសន្ទុះក្រោយមក បក្សីជើងវែង ស្ទុះហើរទាំងគូរៗឆ្ពោះទៅទិសខាង
លិច ឯអាកាសក៏ធ្លាក់ត្រជាក់ស្រឺត ។
ទិនល្អថ្លា រលាយសូន្យ សល់តែម្លប់ក្រអូបឈួល ទីឃាវុធ ខ្សឹបកាព្យនេះរបស់កវីបារាំងម្នាក់ ដែលខ្លួនពេញចិត្ត ហើយ
ស្ងើចក្រៃលែង ។ ហ្វូងជ្រឹង ចេញពីគុហាភ្នំ យកស្លាបស្អិតជ្រាយវាយអាកាស ប្រផេះនៃរាត្រី ។ ដោយមានសត្វនេះ មួយ
ហើរឆាបមកជិត នាងពេក យុវតី តក់ស្លុត គេចរកជម្រក ពួនភ័យនាដើមទ្រូង នាយកម្លោះ ។
មកដល់ត្រឹមនេះ សុបិន ក៏អន្តរធានបាត់ទុកអោយ ទីឃាវុធ អល់អែក ព្រោះសុភមង្គលស្រពិចស្រពិល នេះនាំអោយ
រសាប់រសល់ ខ្វល់ចិន្តាពន់ប្រមាណ ។

*****************************************************

ទីឃាវុធ ជាសិស្សឩស្សាហ៏ មានប្រាជ្ញាឈ្លាសវៃ នៅថ្នាក់ទីពីរនៃមធ្យមសិក្សា ។ អ្នកកម្លោះចូលចិត្តរៀនជីវភាសាណាស់ ហើយតែងបានលេខ បានទីល្អៗក្នុង វិជ្ជា ភាសាអង់គ្លេស បារាំងនិងខ្មែរ ។ មួយទៀតដោយបានជាវ វចនានុក្រម បារាំង
សៀម មួយក្បាលមកទុក មាណពយើងក៏ខំសិក្សាភាសាប្រទេសជិតខាង នេះទៀត ក្នុងឱកាសទំនេរ ។ ដូចខ្មែរទាំងពួង
ដែរ អ្នកកម្លោះតែងសរសើរ ថាភាសាសៀម មានសំលេងពិរោះ ។ ហេតុនេះហើយ បានខំព្យាយាមទាល់តែអានសៀវភៅ
ថៃបានខ្លះៗ ថ្វីបើនៅរឹងមាត់ និយាយពុំសូវច្បាស់ ព្រោះដាក់ខ្យល់ខ្ពស់ទាប មិនត្រូវ ។
ប៉ុន្តែសិស្សនេះមិនសូវចូលចិត្តវិទ្យាសាស្ត្រ ។ ក្នុងពេលរៀនរូបសាស្រ្តឫគណិតសាស្រ្ត ព្រលឹងតែងអណ្តែតអណ្តូងទៅ
ឆ្ងាយ ។ មួយទៀតពាក្យពេចន៏ដែល ទីឃាវុធ និយាយច្រើនដូចក្នុងសៀវភៅពេក បានជាអាចារ្យខាងវិទ្យាសាស្រ្ត តែង
ស្តីបន្ទោស ជាញឹកញយ ថាខ្វះសេចក្តីជាក់លាក់ ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកកម្លោះខំព្យាយាម ណាស់ ហើយចាត់
របៀបប្រើពេលយ៉ាងទៀងទាត់ ។ ថ្វីបើទើបចាប់រៀនអង់គ្លេស តែអាចនិយាយភាសានេះបានខ្លះហើយ អានទស្សាវដ្តី
អាមេរិចកាំងឫប្រលោមលោក អង់គ្លេស ក្នុងការប៉ូលីសឫ ផ្សងព្រេង បានធូរបង្គួរ ។ ជាធម្មតាក្មេងនេះអានទាំងអស់ មិន
ថាអ្វីជាអ្វីទេ ចេះតែចង់ដឹងចង់យល់ ជានិច្ច ។ បើគេនិយាយអំពីនយោបាយក្តី រឿងកុនក្តី អក្សរសាស្រ្តក្តី ទីឃាវុធ ចេះ
ជូនយោបល់ ចេះអធិប្បាយ ដោយពាក្យពីរោះ ហើយអ្នកផងចូលចិត្តស្តាប់ណាស់ ដោយឃើញថាជាក្មេង មានគំនិតជ្រៅ
មានចិត្តទន់ ពួកម៉ាកទាំងឡាយតែងមានចិត្តស្មោះ ស្ម័គ្រ រាប់រកដោយសមានចិត្ត ប្រសិនបើទៅពើប លើមជ្ឈដ្ឋាន មួយថ្មី
ទីឃាវុធ សំឡឹងហើយស្តាប់តែមួយសន្ទុះ ក៏ថ្លឹងឈ្វេងយល់ភ្លាម ថា ពពួកេះជននេះមាន ប្រាជ្ញកំពស់ត្រឹមនេះ ជម្រៅត្រឹម
នោះ ។ តមកក៏តាំងលៃសំដី ប្រមាណពាក្យអោយបាន សមល្មម តែអ្នកទាំងនោះ រីករាយចង់ស្តាប់ ។ ទោះនៅចំពោះមុខ
មនុស្សមានកិរិយា យ៉ាងណាក៏ដោយ អ្នកកម្លោះចេះរកពាក្យ មកថ្លែងកំសាន្តលេងបានពុំខានឡើយ ។ ទាំងនេះត្បិតមាន
បំណងតែមួយគឺមិនចង់អោយអ្នកផងឈឺចាប់ ឫថ្នាក់ថ្នល់ក្នុងចិត្ត ដោយសារខ្លួនព្រោះខ្លួនសោះឡើយ ។
ទីឃាវុធ ជាអ្នករហ័សខឹងបន្តិច ប៉ុន្តែចេះទប់មាត់ទប់ក បានមិនអោយក្លាយទៅជាច្រលោត ដល់ទៅស្រែកឡូឡានោះទេ
បើឃើញមិត្តណាចេះស្រាកស្រួល នឹងខ្លួន ចៅមាណពយើងមានចិត្តរីករាយនឹកគុណ គេពុំភ្លេចទេ តែបើគេធ្វើព្រងើយ
កន្តើយ ឫរំលោភត្រង់ណា ចិត្តអ្នកកម្លោះក៏ថ្នាក់ថ្នល់គ្នាន់ក្នាញ់ មិនងាយនឹងរសាយបានឡើយ ។ ក្នុងការរៀបចំមុខកិច្ច
សិក្សា ទីឃាវុធ ខំផ្ចិតផ្ចង់ មិនអោយពួកម៉ាក កើតរំខាន ដោយខ្លួនសោះ ចំណែកខ្លួនវិញ ក៏មិនអត់ឱនដល់ភឿនណា
ដែលធ្វើអោយមានអំពល់បានឡើយ ។
ទីឃាវុធ ចូលចិត្តកវីនិពន្ធបារាំងណាស់ តែមិនស្រឡាញ់ពួកបុរាណលើសពួកទំនើបទេ អោយតែជារបស់ទន់ត្រជាក់
បរិបូណ៌ដោយមនោសញ្ចេតនាចុះ មុខជារាប់អានពុំខានឡើយ ។ សិស្សនេះតែងសេចក្តីបានយ៉ាងធូរ បើកាលណាត្រូវការ
និយាយពីដួងចិត្តពីមនោសញ្ចេតនា ។ ប៉ុន្តែសាច់និពន្ធនឹងប្រែជារដិបរដុប ទៅវិញ ក្នុងពេលដែលត្រូវនិយាយ អំពីការណ៏
អ្វីដែលមានគ្រោតគ្រើម ។ ក្នុងវិស្សមកាល អ្នកកម្លោះតែងសរសេរសំបុត្រ ជាច្រើនច្បាប់ មានសេចក្តីទន់ភ្លន់ ទៅរកមិត្ត
សំឡាញ់ ។ ប្រសិនបើអ្នកនោះឯងថ្លោះធ្លោយពុំបានតបវិញ មុខតែ ទីឃាវុធ រងសេចក្តីឈឺចាប់ក្រៃលែង ។
មួយទៀតចៅមាណព ចេះលើកកំណាព្យ ស្រងេះស្រងោច បរិបូណ៌ ដោយសេចក្តីស្នេហា ។ ចំពោះគុណជាតិ នេះអ្នក
កម្លោះបានក្រេបសោភណភាព តែដោយសៀវភៅ ដោយប្រលោមលោក និងដោយភាពយន្តប៉ុណ្ណោះ ។ ទីឃាវុធ តែង
អានដោយជាប់ចិត្តនូវរឿងនានាដូចជា ទ្វារចង្អៀត របស់ អង់ដ្រេហ្សីដ និង ប្រិយនារី របស់ វ៉ូដ្វាយែ ជាដើម ។ មិនថាទេ
បើអ្នកនិពន្ធមិនសូវប្រសប់តែងពាក្យ គ្រាន់តែចេះធ្វើអោយទាក់ទាញ ចុះមុខជានឹងរាប់អាន ពុំខានឡើយ ។ ក្មេងកម្លោះ
នេះអានញាប់ណាស់ រហ័សណាស់ ជួនកាលជក់រឿងពេក ក៏បញ្ចប់សៀវភៅ ក្រាស់បង្គួរតែក្នុងមួយយប់ ។
រាល់រសៀលថ្ងៃអាទិត្យ ទីឃាវុធ តែងចេញពីសាលា ដើម្បីទៅរកមើលកុន ។ ក្នុងពេលនោះអ្នកកម្លោះ តែងផ្ទៀងឃ្លាំឆាក
ណា ដែលប្រកប ដោយសេចក្តីស្នេហា យ៉ាងត្រកាល ដូចជាគូសង្សារទាំងពីរជិះទូកលេងក្នុងបឹង ឫលំហែដោយរថយន្ត
ដែលបរកាត់ទេសភាពយ៉ាងចាប់ចិត្ត ។ ញញឹមដែលរីកពព្រាយ លើបបូរមាត់ស្រស់មួយ តែងធ្វើអោយចៅមាណព
សប្បាយជាងវិការដ្ឋាន អ្វីឯទៀតទាំងអស់ ។ លុះវិលមកដំណេក វិញ រូបសិល្បនារីទាំងឡាយដែលខ្លួនបានឃើញ
ស្រមោលពីថ្ងៃ ក៏ផុសអណ្តែតឡើង ជាថ្មី ក្នុងសេចក្តីស្រមៃមួយដែល មានវង់រស្មីស្រោបព័ទ្ធភ្លឺចិញ្ចាញ ។ ឱ កញ្ញាមាន
ឆោមលោមពណ៌ដូចទេពអប្សរ ដែលបានបញ្ចេញកាយវិការ ល្វះល្វន់ ក្នុងទេសភាព ល្អឆើតឆាយដូច សួគ៌ាល័យ !
អនុស្សាវរីយ៏ពៅស្នេហ៏ទាំងនេះ តែងមកស្ថិតនៅពាសពេញ ក្នុងសេចក្តីរំលឹក របស់យុវបុរស ហើយធ្វើអោយដួងចិត្ត គេ
លិចលង់ទៅក្នុងពិដោរកាមារម្មណ៏ ដែលរសាត់មកពីទីឆ្ងាយ ។
ជួនកាលពេលដើរលំហែ បាននាំនាយកម្លោះ អោយប្រទះឃើញមួយភ្លែត នូវរាង ក្លៀវក្លំ នៃនារីមួយនាក់ ។
រូបស្រពិចស្រពិលនេះ បានបណ្តាលអោយមាណព យើង ភ័ន្តភាំងស្មារតី ជំហានបោះដើរទៅមុខ ដោយស្វ័យប្រវត្តិ ។
ថ្ងៃមួយកំពុងដើរតាមវិថីផ្សារ ស្រាប់តែមានអារម្មណ៏ថា មានក្រសែភ្នែកសំឡឹងខ្លួន ។ ទីឃាវុធ ងើយមើលឡើងលើ
ឃើញនារីចិនម្នាក់សក់សឺងម៉ឺង សាច់ដៃទ្រលុក ច្រត់លើមាត់បង្អួច ហើយបង្ហើរញញឹម ទៅទិសមួយ ដែល ទីឃាវុធ
ស្មានថាតំរង់មករកខ្លួន ។ គ្រាន់តែប៉ុណ្ណោះ ក៏ព្រលឹងអណ្តែតអណ្តូង ស្វែងទៅរកការយល់សប្តិ ជើងលែងជាប់ដីទៅ
ហើយ ។ មួយទៀត ទីឃាវុធ មិនចូលចិត្តលឺសំដីបន្ថោកបន្ទាប ឬ បង្អាប់ស្រ្តីភេទ ទេ តែងកាន់ជើង ឥត្ថីភាពជានិច្ច ទោះបី
ខុសក៏ដោយត្រូវក៏ដោយ ។ កម្លោះមានយោបល់ថា គួរតែផ្តាច់នារីខ្មែរ អោយផុតស្រឡះពីប្រពៃណី ។ ប្រសិនបើឃើញ
ស្រ្តីណាមួយប្រព្រឹត្តឆ្គង និងកន្លងចរិយាបថ ទីឃាវុធ តែងថ្នាក់ថ្នល់ក្នុងចិត្តដែរ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏រកលេស
បានមកលើកទោសអោយជានិច្ច ។

*****************************************************

នៅព្រឹកថ្ងៃអាទិត្យនោះ លុះត្រាបានត្រាត្រែង សញ្ជឹងសញ្ជប់ក្នុងគំនិត តប្រាកដនិយម យ៉ាងនេះ អស់ពេលយ៉ាងវែងមក ទីឃាវុធ ក៏បានចូលទៅលុបមុខសិតសក់ រៀបចំខ្លួនយ៉ាងស្រស់បស់ ។ ចេញផុតពីភាពរាយមាយ កាលណា អ្នកកម្លោះក៏
ក្លាយជាអ្នកសើចលេង ក្អាកក្អាយ ក្នុងចំណោមពួកម៉ាកជាច្រើននាក់ ។ លុះឃើញចៅ មាណពនិយាយ ឆ្កាដៃ ឆ្កាជើងដូច
គ្រា ឡូវនេះអ្នកផងដែលពុំដែលស្គាល់ពីមុនមក មុខតែពុំអាចស្មានបានទេ ថាកាលពីកន្លះម៉ោងមុនគេជាមនុស្សរវើរវាយ។
ក្នុងឱកាសរៀបចំមុខរៀន ទីឃាវុធ ខំផ្ចិតផ្ចង់ មិនអោយល្អៀង ទេ ។ នៅលើមែកថ្កូវ ជិតបន្ទប់រៀន គ្រលីងគ្រលោង
ស្រវឹងដោយពន្លឺថ្ងៃនិងសន្តិភាពរបស់ធម្មជាតិ ច្រៀងតគ្នាពុំដាច់មាត់ ដែលជាហេតុនាំអោយចៅមាណព គួចនឹកព្រួចទៅ
ភូមិកំណើត ដែលជាភូមិតូចមួយ តាំងនៅកណ្តាលវាលស្រែ ចម្ងាយជាងដប់គីឡូម៉ែត្រ ពីក្រុងបាត់ដំបង តាមថ្នល់ទៅ
មង្គលបូរី ។ មួយសន្ទុះ ទីឃាវុធ នឹកដល់រលកសន្ទូង និង ពង្រោះ ដែលកង្កាញ់ប្រដេញគ្នាក្រោមរស្មី ភ្លឺថ្លា នៃព្រះសុរិយា
ឬដល់ ដងអូរក្បាលស្រែ ដែលខ្លួនធ្លាប់ នាំគ្នីគ្នា ទប់ទឹកបាច ចាប់ត្រី ។ កម្លោះគិតឃើញដោយ រីករាយ ថានៅមិនប៉ុន្មាន
ថ្ងៃទៀតទេ នឹងដល់ វិស្សមោកាស ឈប់ចូលឆ្នាំចិនហើយ ។ អៃយ៉ា ! ខ្លួននឹងបានឱកាសទៅលេងភូមិកំណើតហើយតើ !
រសៀលថ្ងៃនោះ ទីឃាវុធ ស្លៀកពាក់ស្អាតបាត ហើយចេញពីសាលា ទៅដើរ ជាមួយមិត្តភក្តិតាមវិថី មហាធានី ។ បន្តិច
ក្រោយមក ក៏នាំគ្នាចូលញ៉ាំទឹកក្រូចនៅភោជនីយដ្ឋាន កុកសាង ទំរាំរោងកុន អេដិន បើកទ្វារ នឹងទិញសំបុត្រចូលមើល។
ពួកយុវជនប្តូរយោបល់គ្នា ដោយធៀបផ្ទឹម ការប៉ិនប្រសប់អ្នកដើរតួ កុនស្រីប្រុស ហើយសើចធូរស្រួល សប្បាយ ទីឃាវុធ
ជួនឩទាហរណ៏ដោយធ្វើត្រាប់តាម អ្នកដើរតួបារាំងម្នាក់ យ៉ាងក្រមាច់ក្រមើម នាំអោយផ្ទុះសំណើចប្រាវឡើង ។
មិនប៉ុន្មាននាទីក្រោយមកកណ្តឹងអគ្គិសនីរោង អេដិន រោទិ៏រន្ថាន់ ឯទ្វារដែក ខាងមុខក៏របើកញែកជាពីរផ្នែករួញចូលកៀន។
ទីឃាវុធ ក្រោកឈរស្មើនឹងគេ ដែរក៏ឩទាន៖
_ នៅតែមួយអាទិត្យទៀតទេ យើងដល់ពេលឈប់ ចូលឆ្នាំចិនហើយ …….
(មកដល់ត្រង់នេះអ្នកនិពន្ធសូមបើកវង់ក្រចក មួយ ដើម្បីសូមអោយអ្នកអាន អភ័យទោស ដោយបានថ្លែងរៀបរាប់ វែង
បន្តិចអំពីបរិយាកាសនៅ វិទ្យាល័យ ស៊ី សុវត្ថិ ក្នុង គ.ស ១៩៣៩ ហើយអំពីកិរិយាទឹកចិត្ត អ្នកកម្លោះ ទីឃាវុធ ។ប៉ុន្តែ
អ្នកនិពន្ធយល់ថាជាការចាំបាច់ណាស់ ដើម្បីងាយយល់រឿង ដែលហូរ ល្អិល តាម នទី នៃជីវិត ដែលលើកមកពណ៌នា
ក្នុងគ្រានេះ)

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: