មាលាដួង​ចិត្ត​ ទំព័រ​ទី១១


១០
ជួបភក្ត្រហើយ តែមានឧបសគ្គធំរាំងរា

ថ្ងៃពូនគ្នាជាខែ ខែជាឆ្នាំ ។ សង្គ្រាមលោកប្រែភក្រ្ត ប្រែទិស នៃជោគវាសនា ។ នៅ ទ្វីបអឺរ៉ុប អាមេរិចកាំង អង់គ្លេស និង រុស្សី រុញច្រាន អាឡឺម៉ង់ អោយទាល់ច្រក ។ នៅក្នុង មហាសមុទ្រ ប៉ាស៊ីហ្វីក យីពុន ដកចង្ការមាន់ រត់ផ្លោះចោល ពីកោះមួយទៅកោះមួយ ដោយ អាមេរិចកាំង ដេញតាម កែង ប្រកិត ។ បាងកក ព្រៃនគរ ភ្នំពេញ ត្រូវគ្រាប់បែក រងគ្រោះ ខូចខាត យ៉ាងដំណំ ។
នៅថ្ងៃទី ៩ មីនា គ .ស ១៩៤៥ យីពុន ចាប់ បារាំង នៅ កម្ពុជា ដាក់ទ្រុង ដាក់ តាងរ៉ាង ហើយ ក៏តាំងប្រកាសអោយ ខ្មែរ ឯករាជ្យ ។
ចំជាខិលមែន ម៉ាសៀកញ្ច្រិច ! សៀម ដណ្តើមយកដី ខ្មែរ បានក៏ព្រោះតែគាត់ ។ ឥឡូវគាត់ជិតដួល បះជើង គាត់ ស្រែកថាអោយ ខ្មែរ ឯករាជ្យ ។
នៅ សៀមរាប យីពុន ចាប់បញ្ជូនពួករាជការស៊ីវិល បារាំង ទៅភ្នំពេញអស់ ។ ឯនាយទាហាន បារាំង នាំគ្នារត់ ចូលព្រៃ ដើម្បី ប្រុងប្រយុទ្ធប្រឆាំងវិញ ។ យីពុន លើកគ្នាបណ្តាក់ នៅគ្រប់ខេត្ត ហើយតាំងអោយ ខ្មែរ ៗ ធ្វើការ ជំនួស បារាំង អស់ ឯខ្លួន ឯង កាន់តំណែងជាទីប្រឹក្សា ។
កាលនោះ ប្រទេស ខ្មែរ និង ប្រទេស សៀម មានឋានះស្ទើរប្រហែលគ្នា ព្រោះ ឯករាជ្យ ដូចគ្នា ហើយ យីពុន យក ជើង មកជាន់ពីលើ សង្កត់កប់កែង ដូចគ្នា ។ ក្នុងទេសះកាលះនេះ ព្រំដែន ស្ទឹងព្រះស្រុក ស្ទើរតែរលប់ស្នាមបាត់ ព្រោះមនុស្សទៅមក ហាក់ដូចជាបានតាមអំពើចិត្ត ។ ពួក សៀម ហូរមកលេង សៀមរាប ហើយមើល អង្គរ ឯ ខ្មែរ ៗ ជ្រួលលាន់ទៅសួរ បងប្អូនខាង ក្រឡាញ់ ទឹកជោរ បាត់ដំបង ។
ថ្ងៃមួយជាថ្ងៃ អាទិត្យ ។ ដោយឆ្លៀត ឱកាសពុំមានកិច្ចការ នៅការិយាល័យ ទីឃាវុធ ក្រោកពីដំណេកឡើង ក៏ដើរ ត្រួតមើលទីលំនៅ ប៉ូលីស សាលាស្រុក ដែលសង់នៅ រោងវែង ប្រក់ស្បូវ ហើយមានជញ្ជាំងទ្រូង ស្លឹកដូង ឃាំង ចែកជា បន្ទប់ ៗ ។ លោកចៅហ្វាយស្រុក កំពុងតែកិន ប៉ោច ៗ ថាប្រពន្ធប៉ូលីស ម្នាក់ នោះ ទុកអោយ មាន អាចម៍ មាន់ គរ ក្រោមផ្ទះ ហើយថា នាងម្នាក់ទៀត បណ្តោយអោយមានជ្រាំ ស្អុយគគ្រុក ស្រាប់តែ ដោយ ថន រត់មកគំនាប់ ហើយ និយាយ ៖
_ ព្រះតេជគុណ អាំភើ សសរស្តម្ភ មកទៀតហើយ ។ ម្តងនេះមកឡានទាន ។ នុ៎ះ ឈប់នៅថ្នល់ ។
ទីឃាវុធ ដើរតម្រង់ មករកភ្ញៀវ ដោយមានទឹកមុខ ស្មើ ៗ គឺមិនធុញទ្រាន់ មិនត្រេកអរ ។ នាយ សុវឌ្ឍន៏ និង នាង ចុលានន្ទ ចុះពីឡានផ្លិតចាស់ម៉ាក ហ្វរដ៍ មួយដែលលើក ដំបូលជិត ហើយមកឈរចាំត្រង់ ជណ្តើរសាលាស្រុក លុះ ទីឃាវុធ មក ដល់ ជិត បុរស ស្រ្តី សៀម ទាំងពីរលើកដៃ សំពះសួរ ដោយរាក់ទាក់ ។
_ ជំរាបសួរលោក សុខសប្បាយជាទេ ?
និយាយគ្នាបណ្តើរ អ្នកទាំងពីរ នាំ ទីឃាវុធ ឆ្ពោះទៅរកឡានបណ្តើរ ។ នាយ សុវឌ្ឍន៍ សួរ ៖
_ ខ្ញុំនាំបងប្អូនពីរនាក់ មកលេងជាមួយផង តើទៅមើល អង្គរ បានឬទេ ?
ទីឃាវុធ ដោយ ឥតទាន់ឃើញ មុខអ្នកដំណើរ ដែលកំបាំង នឹងដំបូលឡាន ក៏ឆ្លើយដោយ រួសរាន់ ព្រោះយល់ថា ជា ឱកាស តបស្នង សងគុណគេ ដែលបានទទួល ហើយលៀង អាហារខ្លួន នៅ សសរស្តម្ភ ៖
_ មានអីលោក មានអី ឃុន ខ្ញុំថ្ងៃនេះទំនេរ ខ្ញុំជូន លោកទៅផងក៏បាន ប្រសិនបើមិនសូវ ចង្អៀតពេកទេ ។
_ មិនចង្អៀតទេ តែកុំលោកពិបាកអី ។ គ្រាន់តែបើក អនុញ្ញាត អោយ ក៏អរណាស់ទៅហើយ ។
ដោយចិត្តជាអ្នកមិនចង់ចាញ់ សៀម ក្នុងសេចក្តីគួរសម ទីឃាវុធ ឆ្លើយវិញភ្លាម ៖
_ មិនពិបាកអ្វីសោះឡើយ ខ្ញុំអរណាស់ ដោយបានជួបលោក និង ឃុន ទាំងពីរនាក់ ។ មួយទៀត ខ្ញុំសូមអញ្ជើញ លោក និង ឃុន ព្រមទាំងភ្ញៀវ របស់ លោកផង ទៅពីសាបាយថ្ងៃត្រង់ ឯមាត់បារាយណ៍ ។
ថាហើយក៏បែរទៅរកដោយ ថន ដែលឈរជិតទីនោះខ្សឹបអោយជួល រ៉ឺម៉ក ដឹកកន្ទេល ខ្នើយ ទិញមាន់ទៅអាំង ហើយ ត្រីរ៉ស់ទៅដុត ព្រមទាំងស្រា ទឹកកក ផ្លែឈើ ហើយ ប្រដាប់ប្រដាគ្រប់យ៉ាងទៅ រៀបចំឯ បារាយណ៍ នៅវេលាថ្ងៃត្រង់ ។ ចៅហ្វាយស្រុក បញ្ជាក់អោយ រកមីងស្រី ៗ ជាអ្នកជិតខាង ២ – ៣ នាក់ អោយទៅជួយស្ល ដណ្តាំផង ។ តមកដក កាបូប ហូតយក ពីររយ រៀលប្រគល់ទៅអោយ ដោយ ថន ។ ចាត់ការនេះស្រេចហើយ ទីឃាវុធ ក៏បែរមករក ភ្ញៀវ ដែលនាំខ្លួនដើរ ទៅរកឡាន ។
_ យី ឃុន ខ្ញុំមកនេះ នាំអោយ ឃុន ពិបាកលៀងបាយទឹក អីទេ , នាង ចុលានន្ទ ឧទានដោយសម្លេងស្រួយ ស្រេះ ។
_ ពិបាក អី ចឹង រាប់អានស្រឡាញ់គ្នាហើយ , អ្នករាជការ ខ្មែរ តប ៖
លុះទៅដល់ជិតឡាន ទីឃាវុធ សម្លឹងទៅខាងក្នុង ហើយទុច ង៉ក់ ស្រឡាំងកាំង ទាំងយានិក ហើយទាំង ចៅហ្វាយ ស្រុក ដែលធ្វើមុខ មីងមាំង ដូចគ្នា ។
ក្នុងពេលនោះ នាយ សុវឌ្ឍន៍ ដែលមិនដឹងរឿងរ៉ាវ អ្វីសោះ ក៏ចាប់ផ្តើម ណែនាំ អោយស្គាល់គ្នា ៖
_ នេះ ឃុន ទេពកោសល្ល វិចិត្រករ ជាឳពុកមា ជីដូនមួយ ខ្ញុំ ។ នេះនាង ចន្ទមណី ជាកូនគាត់ ។ នេះលោក ទីឃាវុធ ជាចៅហ្វាយស្រុកពួក ហើយជាមិត្ត របស់ អាណុន និង ខ្ញុំ ។ លោកចិត្តល្អណាស់ហើយ រាប់អានគ្នា ទៅវិញទៅមក ដោយជិតស្និទ្ធ ។
អ្នកនៅក្នុងឡាន ហើយនៅក្រៅឡាន លើកដៃសំពះ សួរគ្នាទៅវិញទៅមក តែស្មារតី ភ័ន្តភាំង រៀងខ្លួន ស្ងួតទឹកមាត់ អស់ រកពាក្យមួយម៉ាត់ និយាយក៏ពុំបានផង ។

**************************

ព្រោះប្រកាន់ខ្លួនជាមគ្គុទ្ទេសក៍ ទីឃាវុធ ប្រកែកពុំព្រមអង្គុយ ខាងក្រោយជាមួយលោក ទេពកោសល្ល និង ចន្ទមណី ទេ ។ ដូចនាង ចុលានន្ទ ដែលកាលមុនអង្គុយ ទន្ទឹមនឹងប្តី ដែលជាអ្នក កាន់ចង្កូត ក៏ត្រូវឡើងជិះ ខាងក្រោយវិញ ទុកកន្លែងមុខអោយ ចៅហ្វាយស្រុក ។
កិរិយា យុវជនទាំងពីរ ដែលចៃដន្យ បានដឹកដៃ អោយមកជួបគ្នា ជានិច្ចក្នុងពេលនេះ កាន់កិរិយាឆឺយ ៗ ហាក់ដូចជា មិនដែលស្គាល់គ្នាសោះ ។ ម្ខាងគិតឃើញថាមិនដឹងជាគេនៅ ខឹងសំបារ នឹងខ្លួនឯងយ៉ាងណានៅឡើយ ព្រោះស្រុក របស់ខ្លួន បានមកដណ្តើម យកទឹកដី របស់គេ ។ ចំណែកម្ខាងទៀត នៅជាប់ អៀនប្រៀន ព្រោះខ្លួនបានចោទគេ ដោយខុស ហើយបញ្ចេញកាយវិការព្រហើន ដាក់គេថែមទៀត ។ ទីឃាវុធ យល់ច្បាស់ដែរ ថាខ្លួនតោង រៀបចំ អោយមាន យុត្តិធម៌ឡើងវិញ ដោយទទួលសូមទោស ទាំងឳពុកទាំងកូន តែហាក់ដូចជាមិនទាន់សម កាលះទេសះ ។ កុំបាននាង ចុលានន្ទ និយាយចេចចាច រហូតផ្លូវ កុំអីមិនដឹងជា បរិយាកាស ចង្អៀតចង្អល់ យ៉ាងណាទេ ។ ចំណែក លោក ទេពកោសល្ល គាត់ក៏មានគំនិតស្របដូចគ្នាដែរ គាត់ខំនិយាយពីនេះពីនោះ បន្លប់ តែដោយ ឥតចេញសម្តីអ្វី ឬ ធ្វើកិរិយា យ៉ាងណាដែល អាចអោយ សហជិវិនទាំងឡាយចាប់ភ្លឹកថា កាលពីដើមខ្លួនធ្លាប់ស្គាល់ អ្នកកម្លោះខ្មែរដែរ ។
ទីឃាវុធ អង្គុយ សំកុក ក្រងុក ស្មារតី ឡឺនឡក់ ឯភក្រ្ត នាង ចន្ទមណី កាន់តែក្រៀមក្រំទៅ ដោយ មនោសញ្ចេតនា ច្រើនប្រភេទ មកកញ្ជ្រោល បោកបាច ក្នុង ហឫទ័យនាង ។
ព្រោះ ទីឃាវុធ បានស្នើសួរយោបល់ សុវឌ្ឍន៍ ឡានក៏បើកហួស ភូមិមុខនាគ មិនបានឈប់មើល អង្គរវត្ត ទេព្រោះ ទាំងអស់គ្នាស្រុះមាត់គ្នាថា ធ្លាប់បានមកមើលច្រើនលើកច្រើនគ្រាណាស់ហើយ ។ បន្តិចក្រោយមករថយន្តក៏ អោយសញ្ញាវែង ជាការព្រមាន មុនឆ្លងកាត់ទ្វារជ័យ ចូលទៅក្នុងបរិវេណ អង្គរធំ ។ ពួកអ្នកដំណើរក៏នាំគ្នាទៅ ឈប់ចំមុខ ប្រាសាទបាពួន ហើយដើរចូលទៅមើល វិមានបាក់បែកនេះ ។ លោក ទេពកោសល្ល នាង ចុលានន្ទ និង ចន្ទមណី ដើរជួរខាងមុខ ឯ ទីឃាវុធ និង សុវឌ្ឍន៍ បោះជំហានរង្វើល ៗ ពីក្រោយ ។
ទីឃាវុធ គយគន់រូបឆោមនាង ចន្ទមណី ដោយញាប់ញ័រ ព្រោះសង្កេតឃើញថានាងស្គមខុសចំណាំដើមបន្តិច ។ ចំពោះចក្ខុ មន្រ្តីកម្លោះ ភាពស្រកសាច់នេះបានញ៉ាំងសម្បុរ នាងអោយស្លាំងបន្តិចដែរ តែដែលបណ្តាលអោយមាន ដូចជារស្មីអ្វី មួយដែលញ៉ាំងអោយអាណិតហើយអោយគោរពផង ។ ទុក្ខព្រួយបានបន្ទំសម្ផស្ស និង សោភណភាព នាង អោយកាន់តែមាន តុល្យភាព ស្រគត់ស្រគំឡើង ។ យី កុំតែ នឹកខ្មាស់សហជិវិន ឯទៀតទេ កុំអី ទីឃាវុធ នឹងស្ទុះទៅសុំទោសនាង អំពីព្រហើនគ្រាតគ្រើម របស់ខ្លួន ។ ក្នុងពេលនេះ ចៅហ្វាយស្រុក កម្លោះយល់ថា ការសូម ទោស ជាការចាំបាច់បំផុត ខានពុំបានទេ ថ្វីបើសម្បថ ហាមប្រាណខ្លួនថា លែងអោយចងស្នេហា ជាថ្មីឡើងវិញបាន ។ ទោះបីខំទប់យ៉ាងណា ក៏អនុស្សាវរីយ៍ ចាស់នៅតែ រើកញ្ជ្រោលប្រាកដរូបឡើង ក្នុងវិញ្ញាណ យុវមន្រ្តី ខ្មែរ ។ ឱ ពី ដើមជិតដិត ដល់ហៅគ្នា ទៅវិញទៅមក ជាពាក្យ បង …. អូន យ៉ាងទន់ល្ហែម ។ ឥឡូវ សេចក្តីសង្ឃឹម នេះបែក ខ្ចាត់ខ្ចាយ អស់ ទុកសល់តែបំណែក ដែលចោលពន្លឺ ភ្លែត ៗ ដូចកំទេច ចរណៃ ។
បាពួន ភិមានអាកាស ព្រះលានដំរី ព្រះលានស្តេចគំលង់ ថែវស្រ្តីគ្រប់លក្ខណ៍ …..ការដើរមើល បូរាណវត្ថុ ល្អរកអ្វី ប្រៀបបានក្នុងសាកល បាននាំ យុវមិត្ត ដែលញញើត ចិត្តគ្នា រៀងខ្លួន ដោយការយល់ច្រឡំ អោយកាន់តែស៊ាំមាត់ ក និយាយ រកគ្នា ។ ប្រាស្រ័យ គ្នានេះ តែងប្រើពាក្យ កណ្តាល ៗ ទេ មិនអោយអ្នកសង្កេត ការណ៍ណាចាប់ថ្នាក់ថា ធ្លាប់ស្គាល់គ្នា បានឡើយ ។

**************************

ដោយអស់កំឡាំងផង ដោយបានអាស្រ័យ ម្ហូបអាហារ នៅចំពោះទេសភាព យ៉ាងប្រិមប្រិយផង ហើយដោយត្រូវខ្យល់ បក់ រហៀក ៗ ថែមទៀត អ្នកដំណើរ ក៏បែរ រក កន្ទេលខ្នើយ ដែល ទីឃាវុធ បានចាត់ស្រេច នៅលើសាលាសំណាក់ ស្រ្តី ៗ នៅល្វែងម្ខាង បុរស ៗ នៅល្វែងម្ខាង ។ មិនយូរប៉ុន្មាន ការនិយាយឆ្លងឆ្លើយ ក៏រំងាប់អន់ចុះ ដោយមានការ ដកដង្ហើម ធូរ ៗ ស្មើ ៗ មកជំនួសវិញ ។
លុះឃើញភ្ញៀវ ដេកលក់ស្រួលដូច្នោះ ទីឃាវុធ ក៏លបចុះ ទៅខាងក្រោម ។ ព្រោះវិញ្ញាណ កំពុងខ្វល់គ្រប់យ៉ាង ពេក ដំណេក ក៏រឹង រកបិទភ្នែកមិនជិត ។ រសាប់រសល់ អស់ អង្គកាយ ចៅហ្វាយស្រុក ក៏ចុះមកពីសាលា សំណាក់ ដើម្បីទៅរក ត្រាំទឹក បារាយណ៍ ដែលថ្លាហ្វង់ ។ នៅកន្លែងចុះទៅងូត ត្រង់ជំរៅ ត្រឹមដើមទ្រូងខ្លះ លិចក្បាលខ្លះ ឬមួយសន្ទូង រាជការខេត្ត បានបោះបង្គោល ប្រចាំ សម្រាប់អោយប្រតោង ហែលទឹក លេង ។
កម្លោះ ព្រួយចិត្ត កំពុងតែប្រតោង បង្គោលមួយ ហែបក្បាល មើលទៅខាង កណ្តាល បារាយណ៍ ស្រាប់តែឮសូរជើង មនុស្សដើរផ្លូក ៗ មកធ្វើអោយល្អក់ចិត្ត ដែលកំពុងតែស៊ើងមម៉ើង ទៅវែងឆ្ងាយ ។ គិតស្មានថា ពួកដោយ ថន ចុះ មកដងទឹក យកទៅលាងចានឆ្នាំង ចៅហ្វាយស្រុក ក៏បែរមុខមក ទាំងមួម៉ៅ ហើយក៏ភ្ញាក់ព្រើត ។ នាង ចន្ទមណី ស្លៀកពាក់ឈុតងូតទឹក ពណ៌ត្រួយអំពិល ញញឹមចិញ្ចាច លុយទឹក ហើយ ហក់ហែល គោះជើងតម្រង់ មករកបង្គោល មួយដែលនៅចម្ងាយ មួយម៉ែត្រ ពី ទីឃាវុធ ។
_ អត់ទោស ខ្ញុំផងបានទេ , នាង និយាយមករក , ដោយខ្ញុំបាន មកទម្លុះទម្លាយ ភាព ឯកា របស់លោក ក្នុងពេល នេះ ។
ទីឃាវុធ សង្កេតក្នុងចិត្តដោយអួលផ្សា ថានាងមិនបានហៅខ្លួន ថា បង ៗ ដូចសម័យមុនទេ តែហៅ លោក ឬ ឃុន ទៅវិញ ។ បន្ទោសនាង ម្តេចបាន ព្រោះកំហុសមកពី ខ្លួនឯងទាំងស្រុង ។
នាង ចន្ទមណី ឱនក្បាល យកមាត់ក្រហមស្រស់ ក្រេបទឹកថ្លាព្រួស ជាល្បែងទៅក្នុងអាកាស ដើម្បីបង្កើតជាកូន ឥន្ទធនូ មើលបានមួយភ្លែត ។ នាងថែមវាចា ៖
_ ខ្ញុំគេងមិនលក់ទេ ព្រោះរសាប់រសល់ក្នុងចិត្តពេក ។ ដោយឃើញលោកចុះមកងូតទឹក ខ្ញុំក៏លបចុះតាមដែរ ដ្បិត អីមកដល់ បារាយណ៍ ហើយមិនបានងូតទឹក នោះចំជាស៊យធំ ហើយ ។ មួយទៀត ខ្ញុំចង់ជួបលោកបន្តិច ដើម្បីបញ្ជាក់ពីរបីម៉ាត់ ប៉ុណ្ណោះ ។ បារាយណ៍ អង្គរ និង បុរាណដ្ឋាន ទាំងឡាយដែលខ្ញុំបានឃើញ ជាថ្មីក្នុងពេល នេះ នាំអោយខ្ញុំគួច នឹកព្រួច ដល់ពេលដែលធ្លាប់រីករាយ ជាមួយគ្នា កាលពីសម័យមុន ។ តែបើតាមមើលទៅ ជួបគ្នាពេលនេះ ជាវេលាក្រោយបង្អស់ ហើយ យើងនឹងលែងភពប្រសព្វ បានឃើញមុខគ្នាទៀតហើយ ។ អាកប្ប កិរិយា លោក កាលនៅពេទ្យ សេនារ័ក្ស ឯ បាងកក នោះ បានបង្ហាញអោយឃើញច្បាស់ថា លោក ស្អប់ខ្ញុំណាស់ ស្អប់ គ្រួសារខ្ញុំណាស់ ព្រោះជាខ្មាំង ជាសត្រូវ ។ ខ្ញុំមិននឹកខឹង នឹកប្រកាន់ នឹងលោកទេ សូម្បីតែ តូចមួយក៏គ្មាន ដែរ ។ ខ្ញុំសង្ឃឹមថា ដែលខ្ញុំកាត់មករក និយាយនឹងលោក ក្នុងពេលនេះ ជាភស្តុតាង អោយឃើញថា ខ្ញុំនិយាយពិត ត្រង់មែន ខ្ញុំមិនខឹងនឹងលោកទេ បែរជាសរសើរលោក ទៅវិញ ព្រោះលោក លើកសេចក្តីស្រឡាញ់ជាតិខ្ពស់ផុត មនោសញ្ចេតនា ឯទៀត ទាំងអស់ សូម្បីតែ សេចក្តីស្នេហាក៏យ៉ាងនោះដែរ ។
និយាយមកដល់ត្រង់នេះ នាងទប់ទឹកភ្នែកពុំឈ្នះ ក៏ដំណក់ ប៉ុនគ្រាប់ពោត ហូរ រលង់ មកលើថ្ពាល់ទាំងសងខាង ។
ទីឃាវុធ នឹកអាណិត ញ័រដើមទ្រូង ប៉ផ្អុក ស្ទើរ ស្ទុះទៅត្រកងបី ។ សញ្ជប់មួយស្របក់ធំ ទើបតប ៖
_ មានការភ័ន្តច្រឡំ ធំណាស់នាង ចាំខ្ញុំនិយាយប្រាប់នាង អោយអស់ដើមទង តែកុំនិយាយនៅទីនេះ យើងជិះទូក វិញ ។
ថាហើយ ក៏ស្រែកហៅ ដោយ ថន អោយនាំគ្នាសែងទូក បារាំង ដែលទុកចោល នៅក្រោមសាលា ។ ទូកនេះស្រួច ក្បាល ស្រួចកន្សៃ ទាបនៅលើទឹក ហើយស្ទុះលឿនទៅមុខ ដោយចែវពីរ ស៊កភ្ជាប់ទៅនឹង គែមទាំងសងខាង ដែលទុក សំរាប់គាស់ ទឹក ក្នុងកិច្ចកីឡាផ្ទាល់ខ្លួន ។
នៅចន្លោះ មេឃថ្លាខៀវ ទាំងពីរ គឺមួយនៅគ្របពីលើ ហើយមួយទៀត ឆ្លុះទៅក្នុងទឹក ទូករុលទៅមុខ ត្រង់ទៅកណ្តាល បារាយណ៍ ដោយចង្វាក់យ៉ាង មួនមាំ នៃចែវទាំងពីរ ដែល ទីឃាវុធ កាន់គាស់ គង្គា ដោយប៉ិនប្រសប់ ។ នាង ចន្ទមណី អង្គុយឈមមុខ នឹង ចៅហ្វាយស្រុក សម្លឹងមើលសាច់ដុំ នៅគួយដៃ អ្នកកាន់ចែវ ដែលជួនសន្ធឹង ជួនរួញ តាមចង្វាក់ ហើយបរិបូណ៌ ដោយ ឋាមពល ។ ដើមស្គន់ ហុចផ្កា សក្បុស មកលើទឹក ឯគុម្ពស្នោ យោល រយ៉ា បន្តោង ពណ៌ មាសទុំ ដោយបន្ទោរបន្ទន់ ដើមតាមវាតា ដូចដងខ្លួន នាដកា ក្រោមសម្លេង ប្រគំ ភ្លេង ពិន្យពាទ ។ ហ្វូងប្រវឹក ផ្អើល ស្ទុះទទះស្លាប ហើរ ហើយស្រែកតវ៉ា ថា ជីច ៗ ។
យុវជនទាំងពីរ នាំគ្នាបេះផ្កាស្នោ ដាក់ទូកបណ្តើរ ហើយ សារសង សេចក្តីបណ្តើរ ៖
_ មានការភ័ន្តច្រឡំធំណាស់នាង ហើយខ្ញុំមិនដឹងជានឹង សុំទោសនាង ដូចម្តេចបាន ចំពោះអំពើកំហុស របស់ខ្ញុំ ។ មួយទៀត ខ្ញុំមិនដឹងជានឹង តបគុណយ៉ាងណាទេ ចំពោះកិច្ចដែលនាង ហើយ លោក ទេពកោសល្ល បានជួយជីវិត ខ្ញុំអោយគង់ ទ្រង់មកដល់សព្វថ្ងៃ ។
_ សុំទោសអីបង ? នាងរបូតមាត់ ហៅថា បង ដូចពីដើម ដែលជាហេតុ នាំញញឹមស្ងួត មួយមកលើភ័ក្ត្រ ទីឃាវុធ
_ ខ្ញុំពុំដែលនឹកប្រកាន់ទេ ពុំដែលនឹកថា បងប្រព្រឹត្ត ឆ្គាំឆ្គង ត្រង់ណាទេ ។ កំហឹងរបស់បង តបត ចំពោះអំពើ ទ្រុស្តមិត្ត របស់ ប្រទេសខ្ញុំនេះ ចំជាត្រូវហើយ ។ ខ្ញុំពុំដែល សរសើរ រដ្ឋាភិបាល គ្រប់គ្រង ដោយពួកកាន់អំណាច ផ្តាច់ការ ដែលលួច ឆ្មក់យកដែនដីគេ មកពង្រីក អាណាខេត្ត របស់ខ្លួនឯង យ៉ាងនេះទេ ។ អំពើបែបនេះ បើជន សាមញ្ញធម្មតា ប្រព្រឹត្ត លោកចាត់ហៅថាលួចប្លន់ តែបើរដ្ឋាភិបាល ណាមួយ ជាអ្នកផ្តើមគំនិតទៅវិញ អ្នកផង ហៅថា ជាកិច្ចនយោបាយ ។ ខ្ញុំមិនស្ងើច សរសើរ ទេចំពោះ នយោបាយ បែបនេះ ។ គ្រួសារខ្ញុំទាំងអស់គ្នា ក៏យល់ យ៉ាងនោះដែរ ។ ដើម្បី បំបាត់ទៅតាមការ អាចបាន នូវអយុត្តិធម៌ និង កំណាចព្រៃផ្សៃ ដែលសាយចេញ ពី នយោបាយ បែបនេះ ខ្ញុំក៏បានស្ម័គ្រចិត្ត ចូលធ្វើជានាងព្យាបាល ដោយមានបំណងជួយថែរក្សា អ្នករងគ្រោះ ព្រោះ សង្គ្រាម មិនថាជាតិ ណា ៗ ឡើយ ។
_ អូន , ទីឃាវុធ ហៅនាងយ៉ាងនេះដោយ រំភើបចិត្ត ។ បងសូមគោរព ដោយស្មោះ ចំពោះការយល់ត្រូវ របស់អូន ។ តែទោះបីស្រឡាញ់ជាតិ យ៉ាងណា ក៏មិនត្រូវ កាន់អាកប្បកិរិយា ព្រហើន គ្រាតគ្រើម តបស្នង នឹងធម៌ សប្បុរស និង មនុស្សធម៌ ទេ ។ បងខឹងច្រលោត ហួសពេក ព្រោះមានការណ៍មួយ …..
តមក ទីឃាវុធ ក៏តាំង អធិប្បាយ រៀបរាប់ អំពីសំបុត្រ វេគី ដែលចោទនាងថា ជាចារស្រ្តី អំពីខ្លួនក្តៅក្រហាយ រត់ចូលធ្វើទាហាន ហើយអំពីការ ជួបគ្នា នៅលើកក្រោយ ជាមួយ វេគី ដែលប្រាប់ខ្លួនថា ភ័ន្តច្រឡំ វិញទេ ។
នាងត្រាប់ត្រង សម្តីខ្សាវ ៗ ដែល លន់តួថាខ្លួនខុស ។ នាងនៅស្ងៀម ភ្លេចបេះផ្កា យោនយាន ដែលរាំចាក់ក្បាច់ល្អ ឆើត ក្រោម សន្ទុះនៃវាយោ ។
_ កំហុសបងធំណាស់ មិនដឹងកែខ្លួន យ៉ាងណា អោយរួច ទេ ។ អូនអើយ វាសនាយើង មុខតែមិនបានជួប រួមរក្សគ្នា ដូចគោលបំណងដើមទេ ។ យើងជួបមុខគ្នាលើកនេះប្រហែលជាលើកក្រោយបំផុតហើយ ព្រោះបងបាន ទៅ សច្ចាប្រណិធាន ចំពោះព្រះភក្ត្រ ព្រះពុទ្ធរូប នៅ អង្គរ ថា ដរាបណា ខេត្តខ្មែរ ដីខ្មែរ ដែលបានទៅ សៀម ក្នុង ពេលថ្មី ៗ នេះ មិនត្រឡប់មក ខ្មែរ វិញទេ ដរាបនោះបង ប្តូរផ្តាច់ មិនព្រមយក សៀម ជាមិត្ត ជាក្លើ ជាម្រាក់ អ្វីឡើយ សំបថ នេះ ធ្ងន់ណាស់ ធំណាស់ មិនអាច មិនអាច នឹង បំពានបាន ដោយលេង ៗ ទេ ហើយចំណែក ខ្លួនបង ក៏គ្មាន ឆន្ទះ នឹងលា សំបថ នេះផងដែរ ព្រោះអូនអើយ បងស្តាយភូមិកំណើត បងខ្លាំងណាស់ ។ បងមិនភ្លេចទេ គុណ នាង មិនភ្លេចទេ អនុស្សាវរីយ៍ ក្រអូប ដែលអូនបោះពុម្ព ជាប់ ក្នុងទ្រូង ក្នុង ប្រមាត់ របស់បង ។
ទីឃាវុធ ឈប់មួយសន្ទុះ ទើបនិយាយថែម ៖
_ តើ អូនលើកទោស អោយបង បានដែរ ឬទេ ? ។ បងបានធ្លោយខ្លួន ប្រព្រឹត្តខុស ពីរយ៉ាង ចំពោះនាង ។ ទីមួយ គឺ បងធ្វើអោយ អូនបង់គំនិត បង់ចិត្ត មកលើបង ទីពីរ គឺបងកាន់កិរិយាឆ្គងមិនគប្បី ចំពោះ សុទ្ធចិត្តរបស់អូន ។
ទឹកភ្នែក ហូរ ស្រប់ ភក្រ្ត នាង ចន្ទមណី តែនាងមិនមាន នឹកនា ជូតចេញសោះឡើយ ។ កម្លាំង យោបំ ស្ទុះចុក ណែន បំពង់ក បណ្តាល អោយនាង ចេញវាចា អ្វីពុំរួចសោះ ក្នុងគ្រានោះ ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: