មាលា​ដួង​ចិត្ត​ ទំព័រ​ទី១០



សន្តិភាពតូក្យូ

តាំងពី បរាជ័យ ថ្ងៃទី ១៦ មករា មក គឺ បរាជ័យដោយខ្វះមធ្យោបាយ និងដោយ សេន្យានុភាព ស្តួចស្តើងពេក តែ ដោយ ពុំមែនយុទ្ធជនយើង ខ្វះវីរកម្មទេ តាំងពីថ្ងៃនោះមក ព្រឹត្តការណ៍ កាន់តែដើរលឿន រន្ថាន់ឡើង ។
ទ័ព សៀម ច្រានទ័ព ឥណ្ឌូចិន ហើយវាយកាត់ព្រំដែន ចូលលុកមកបាន នៅច្រើនតំបន់ទៀត ។ ព្រោះឃើញ កូនសំពាយ គាត់បានប្រៀបដូច្នោះ នៅថ្ងៃទី ២០ មករា គ.ស ១៩៤១ ម៉ាសឿ កន្តឿ ក៏តាំងស្នើ សូមតាំងខ្លួន ជា អជ្ញា កណ្តាល ។ ដើមដំបូង បារាំង មិនព្រមផងទេ ហើយទទូច ចង់និយាយផ្ទាល់ នឹង សៀម តែម្តង ព្រោះគិតឃើញថា គ្មានអ្វី គួរអោយ ទុកចិត្ត ពួក កញ្ច្រិក បានសោះឡើយ ។ ប៉ុន្តែ ដោយឃើញ ស្ថានការណ៍ របស់ខ្លួន កាន់តែទន់ ខ្សោយជាលំដាប់រាល់ថ្ងៃ ពួកភ្នែកស ក៏សង្កត់ចិត្ត លេបសេចក្តីខ្មាស់ ហើយព្រមថានឹងទំលាក់អាវុធ ឈប់តស៊ូ ចាប់តាំង ពីថ្ងៃទី ២៨ មករា តទៅ ។

ក្របីស៊ីស្រូវ បងមិនសូវហ៊ានដេញ
ក្របីដើរចេញ បងដេញអោយស្រីមើល

ក្រុមសេនាធិការសៀម ដែលយកទំនុកច្រៀងនេះ ជាឩត្តមគតិ ឬជាក្បួនយុទ្ធសាស្រ្ត តាំងពីចាប់ផ្តើម វាយខ្មែរ និង លាវ ក៏បញ្ជាយន្តហោះ មកទំលាក់គ្រាប់បែក គគ្រឹកគគ្រេង នៅ សៀមរាប និង សិរីសោភ័ណ ក្នុងថ្ងៃទី ២៥ និង ២៧ មករា ព្រោះនៅម៉ោង ១០ ព្រឹកថ្ងៃស្អែក ប្រតិបត្តិការសឹក ទាំងឡាយ ក៏ត្រូវ ផ្អាកឈប់ទាំងអស់ ។
នៅថ្ងៃទី ២៩ អ្នកតំណាង ខាងបារាំង និង ខាងសៀម ចាប់ជួប ចរចាគ្នា នៅលើ នាវាកោះ យីពុន ឈ្មោះ ណាតុរិ ដែលបោះ យុថ្កា ចតនៅកំពង់ ព្រៃនគរ ។
៣ ថ្ងៃក្រោយមក ការផ្អាកបាញ់ ក៏បានចុះ ហត្ថលេខា ដោយមានកំណត់ពេល ១៥ ថ្ងៃគិតពីថ្ងៃទី ២៨ មករា តទៅ ។ ដូច្នេះ ការផ្អាកបាញ់នេះ ត្រូវ ផុតអាយុ នៅថ្ងៃទី ១១ កុម្ភះ ។ គូខ្មាំង ទាំងសងខាង មានកាតព្វកិច្ច រក្សាជួរ ក្បាលទ័ព ត្រឹមបន្ទាត់ប្រទល់ យោធា នៅថ្ងៃទី ២៨ មករា ។
លុះបានសម្រេចគ្នាយ៉ាងនេះហើយ បារាំង និង សៀម ក៏នាំគ្នាទៅ ចរចា សន្តិភាព ឯក្រុង តូក្យូ រាជធានី យីពុន ។ ក្នុងគ្រានេះ យីពុន តាំងខ្លួនជា អារប៊ឺត្រ ជា មជ្ឈត្តករ បើកឱកាស អោយកូនសំពាយ របស់ខ្លួន បំផ្លើសការទាមទារ ពី បារាំង ។ ខ្លា បាក់លោងនេះ ខំគ្រហឹមញេញ មាត់ដែលអត់ចង្កូមសោះ ។ ប៉ុន្តែ បងចចកពុំមាន ញញើតខ្លាច ដល់តូច មួយឡើយ គិតតែលោត មកត្របាក់ ដុំភ្លៅ ទាំងពីរ គឺ ខ្មែរ និង លាវ ។ កិច្ចចរចា នេះ ទាក់ទង ដល់ជីវិត កម្ពុជរដ្ឋ មែនពិត តែខ្មែរយើង ពុំមានសិទ្ធិចូល ជជែក នឹងគេទេ ។ ព្រោះយើង មិនទាន់បាន ឯករាជ្យ នៅឡើយ គេចាត់ទុកយើងជា បរិមាណ ឥតទម្ងន់ ។ សៀម កំញើញទារ បារាំង រោទិ៍ទប់ តែយ៉ាងនេះ លុះដល់ថ្ងៃទី ១១ កុម្ភះ ដែលជាថ្ងៃ ផុតកំណត់ ផ្អាកបាញ់ ។ ដោយមិនទាន់បាន ផលអ្វីសោះ គូភាគី ក៏តុកឡុង ពន្យាថិរវេលា ថែម ១៥ ថ្ងៃទៀត ។ បន្ថែម ពេលយ៉ាងនេះហើយ ក៏នៅ មិនដាច់ស្រេចដែរ ក៏លើកថ្ងៃ កំណត់ ទៅត្រឹមថ្ងៃទី ៧ មីនា ។ ដើមដំបូង យីពុន ធ្វើជា អ្នកកណ្តាល ដោយខន្តី ។ ប៉ុន្តែដោយក្រោយមក ទប់នឹង ក្នាញ់ពុំបាន ដោយខឹងថា ខូចពេលវេលា យូរពេក ក៏តាំងលាត់ដៃអាវ មូរជើងខោ ចូលប្រឡូក ជ្រៀតជ្រែកផង , បារាំង ភ័យញ័រ ខ្លួន ដូចមាន់ឃើញទឹកក្តៅ ក៏តាំងទម្លាក់ស្លឹកត្រចៀក ព្រមស៊ីញ៉េ លិខិតសម្រប មួយនៅថ្ងៃទី ១១ មីនា ។ រហូត ដល់ថ្ងៃទី ៩ ឩសភា គ . ស ១៩៤១ ទើបគូភាគី បានចុះ ហត្ថលេខា លើសន្ធិសញ្ញា ជាសម្រេច ។ ឯកសារនេះ បង្ខំអោយ កម្ពុជា និង លាវ លះបង់ អាណាខេត្ត អស់ ៧០.០០០ គីឡូម៉ែត្រ ទ្វេគុណ ។ បារាំង បានយល់ព្រម តែដោយធ្វើ ឋបនីយ៍ យ៉ាងជាក់លាក់ ព្រោះថា សន្ធិសញ្ញា នេះ កើតឡើង ដោយ មានការបង្ខិតបង្ខំ ពីមហាអំណាច ក្រៅសៃវៀន ។

*************************************************

អ្នកអានទាំងឡាយ គង់ឈ្វេងយល់ច្បាស់នូវ ទំហំទុក្ខ លាយកំហឹង ដែលពុះពោរ ក្នុងទ្រូង ទីឃាវុធ ដ៏ជាអ្នក ស្នេហាជាតិ យ៉ាងមោះមុត ក្នុងពេលដែល សំណាងអាក្រក់ មកកាត់ពន្លះ មែកធាង នៃមាតុភូមិ បណ្តាលអោយ កាន់ តែរួមតូចទៅ ។ ទុក្ខ នេះត្រូវគុណមួយជាដប់ទៀត ព្រោះអកុសល ផ្ចាលមកជាប់ ជាឈ្លើយនៅប្រទេសខ្មាំង ពិតមែនតែពេទ្យ សៀម បានថែរក្សា របួស អោយខ្លួនបានសះជា ដោយស្រួលបួលពិតមែន តែការថែទាំ នេះបានធ្វើ ដោយ ថ្នាក់ថ្នម តែទាហានកម្លោះយើង ចាត់ជាការធម្មតាទៅវិញ ។ បើមានទាហាន សៀម ត្រូវ របួស ដូច ខ្លួន ក៏គង់មានពេទ្យ ខ្មែរ គិលានុបដ្ឋាយិកាខ្មែរ បីបាច់យកចិត្តទុកដាក់ ដូចគ្នាដែរ ។ មួយទៀត ដោយនឹកឃើញ ដល់ ពិសោធន៍ ថ្មោងថ្មី របស់ខ្លួន ទីឃាវុធ ខំប្រយុទ្ធមួនមាំ ក្នុងចិត្ត ប្រឆាំងនឹង អាការមួយដែល ខ្លួនចាត់ជាស្នេហ៍ របស់ សៀម ។ ស្នេហ៍ នេះជាជម្ងឺ រាតត្បាត ធំណាស់ ។ មើលចុះ នៅតាម និគមជនបទ អោយតែ លឺមាន ល្ខោន សៀម មកលេងកាលណា វាឆ្កួត ទាំងស្រី ទាំងប្រុស ទាំងចាស់ ទាំងក្មេង តែម្តង ។ សម្តី សៀម ក៏ពិរោះ ញញឹម សៀម ក៏ស្រស់ បង្អែម សៀម ក៏ឆ្ងាញ់ពិសា កិរិយា សៀម ក៏ទន់ភ្លន់ អ្វីៗ ទាំងអស់ពី សៀម គួរប្រតិព័ទ្ធ ។ គិតសព្វ ៗ ទៅ វត្ថុទាំងនោះ សុទ្ធតែជា ថ្នាំពិស ឬជានុយ ។ ខ្មែរស្លាប់តែនឹងស្មោះត្រង់ ហើយលង់ក្នុង កណ្តាប់ដៃ គេ ច្រើនលើកច្រើនគ្រា ណាស់មកហើយ ។ ល្មមដល់ពេល ភ្ញាក់ខ្លួនហើយ ដឹង !
ចិន្តា ម៉ួរម៉ៅ នៃ ទីឃាវុធ រោលឆា ឆេះខ្លាំង ឡើងទៀត ។ យី ចារនារី ចន្ទមណី ! នឹកដល់មាណវី នេះភ្លាម កំហឹង ក៏មកអង្រួន អស់អង្គប្រាណ ។ អ្នកកម្លោះ ដេកទន្ទឹងចាំ តែដល់ថ្ងៃ ត្រឡប់ទៅស្រុកវិញ ព្រោះគួចស្អប់ សៀម មិនថា រូបណាជារូបណា ទេ ។ នៅយូរទៅ សំអប់ កាន់តែក្រាស់ណែនឡើង ។ មិនខ្ចី និយាយ រក នរណាទេ ឬគួរសម នឹងជនណាទាំងអស់ សូម្បី តែចំពោះ សមាជិក កាកបាទក្រហម ក៏ដោយ ។ បាយទឹកលេប បានតែ ២ – ៣ ម៉ាត់ រួចតាំង សញ្ជប់សញ្ជឹង តែ ម្នាក់ឯង រង់ទន្ទឹង តែថ្ងៃដែល បរបក្ខ ទាំងពីរខាង ត្រូវប្តូរ ឈ្លើយគ្នា ទៅវិញទៅមក ។

*************************************************

សន្ធិសញ្ញា សន្តិភាព តូក្យូ ឬហៅ ដោយខ្លីថា សន្តិភាព តូក្យូ ជាគំរូ អយុត្តិធម៌ យ៉ាងស្រស់ៗ ឆៅៗ ។ ចិត្តខ្មែរ ទ្រូងខ្មែរ នឹកដល់កាលណា ក៏គ្នាន់ក្នាញ់ ឥតចេះចប់ ។ គិតមើលចុះខេត្ត បាត់ដំបង ត្រូវដាច់ទៅទាំងមូល ហើយ យកដោយ ទាំងភាគធំ នៃខេត្ត កំពង់ធំ សៀមរាប ស្ទឹងត្រែង ( ថ្វីមិនសូវសំខាន់ ) ព្រមទាំង ចំនៀរខេត្ត ពោធិ៍សាត់ មួយបន្ទះ ទៅទៀត ផង ។ បងប្អូន កាន់សាសនា ដូចគ្នា មានប្រពៃណីដូចគ្នា ស្រូបអារយ្យធម៌ ដូចគ្នាពិតមែន តែ បើបាន ឆោងកាលណា បងតែងលោតមកត្របាក់ប្អូន លេបដោយ ឥតញញើតមាត់ទេ ។ ទាំងនេះនៅតែគេ ថា មិនមែន ដោយកំណាច ឃោរឃៅទេ គឺដោយ ស្រណោះអាណិតទៀត ។ គេយកលេសថាព្រោះតែ មានមនោ សញ្ចេតនា ជាបងប្អូនយ៉ាងនេះហើយ ទើបគេស្ទុះមកជួយស្រោចស្រង់ យើងអោយរួចពី ភាវះកញ្ជះបាតជើងបារាំង ។ អីចឹងមែន ! ព្រោះតែចង់អោយខ្មែរ បានល្អហើយ ទើបគេដេញអោយខ្មែរយើង លែងរៀនភាសាខ្មែរ លែងអោយស្រី ខ្មែរ ស៊ីស្លា លែងអោយស្លៀកសំពត់ចងក្បិន ហើយបង្ខំអោយពាក់មួក ក្រឡេកក្រឡឹម ពេញទាំងក្រុង បាត់ដំបង ។ ក្មេង ៗ ទៅចុះគ្រាន់មើលសមភ្នែកខ្លះ ឯ ចាស់ ៗ កណ្តាលមនុស្សវិញ ម្តាយកូនអើយ មើលតែស្វា ប៉ាហ៊ី តែម្តង !
គេ ស្រឡាញ់យើងណាស់ សូម្បីតែនាម ស្រុកទេសភូមិ តូចតាចអ្វី ក៏ដូរគ្មានសល់ឡើយ ។ បាត់ដំបង ក្លាយជា ប្រះតះបង ក្រឡាញ់ ជា ភិប៊ុនសុងក្រាម ( ពិបុលសង្គ្រាម ) មោង ជា អះធិតថេវដេត ( អទិត្យទេវតេជ ) សសរស្តម្ភ ជា ផៃរិរះយ៉ដេត ( ពៃរីរយតេជ គឺសត្រូវខ្លាចតេជះ ) ។ ប្រែអស់គ្មានសល់អ្វីទេ ភូមិវត្តស្វាយឡើង ទៅជា អាំផះវុ័ន ( អម្ពវ័ន ) អូរតាគី ជា ក្លងប្រះអាក់ឃី ( អូរព្រះអគ្គី ) ។

*************************************************

ដូច អ្នកអានទាំងឡាយគង់ចាំបាន ស្រាប់ហើយ អូរតាគី ជាភូមិកំណើត របស់ ទីឃាវុធ ។ ក្រោយពីបាន ត្រឡប់អំពី ជាប់ជាឈ្លើយសង្គ្រាម នៅក្រុង បាងកកក មកទាហាន កម្លោះ ក៏បានទទួល តំណែងថ្មី ជា ចៅហ្វាយស្រុក ពួក ។ ទីប្រជុំជន ពួក តាំងនៅខាងលិច រវាង ១៥ គីឡូម៉ែត្រ ពីក្រុង សៀមរាប ពី ពួក ទៅ ស្ទឹងព្រះស្រុក ដែលជាព្រំដែនថ្មី ក្នុងភូមិភាគនេះ មានចម្ងាយតែ ៧ គីឡូម៉ែត្រ ប៉ុណ្ណោះ ទេ ។

ដោយ ហេតុថាព្រំដែន អង្កិលជិតមកទីប្រជុំជន ដូច្នេះ បញ្ហាថ្មី ចំណោទថ្មី ក៏កើតឡើងស្ទើរ មិនលស់ ថ្ងៃ នាំអោយអ្នក ដែលមានមុខតំណែង ត្រួតត្រា បានកង្វល់អំពល់ មិនចេះតិចទេ ។ បន្តិចថាមានចោរលួច ចោរប្លន់ ថាមានអ្នក រត់គយ ។ ពួកទុច្ចរិត ទាំងអស់រត់ផ្លូចចុះ ផ្លួចឡើង កាត់ព្រំដែនដូចគេ កាត់របាំង កំពុក ។ អ្នកនៅខាងដែនថ្មី របស់ សៀម ក៏ដូចអ្នកនៅ ខាងដែនខ្មែរ ដែរ តែងលួចឆ្លងព្រំដែន ទៅមកសួរ រកបងប្អូន ។ បន្តិច លឺថា មាន ឩប្បត្តិហេតុ យ៉ាងនេះយ៉ាងនោះ មិនសូវ ស្ងាត់ទេ នាំអោយ ចៅហ្វាយស្រុក ពួក រវល់ចាត់ការ មិនស្គាល់ថ្ងៃយប់ឡើយ ដោយមានបណ្តាញ បញ្ហាចាក់ស្រេះគ្នាយ៉ាងនេះ រាជការ សៀម ដែលបានមកតាំង សាលា អាំភើ មួយ នៅ សសរស្តម្ភ ហើយសាលា ចង្វាត់ នៅ ក្រឡាញ់ តែងមករួមទាក់ទង នឹងរាជការខ្មែរ បារាំង ជាញឹកញាប់ ។ គ្រាន់តែជួយគ្នា ដើម្បីសម្រួល ការដោះបញ្ហា ផ្សេង ៗ ប៉ុណ្ណោះទេ តែមិត្តភាព និង ចិត្តថ្លើម អ្វី គ្មានទាក់ទង ផងសោះឡើយ ។

ចៅហ្វាយស្រុក កម្លោះ ទីឃាវុធ ខំយកចិត្តទុកដាក់ ប្រតិបត្តិការជាបំផុត ប្រយោជន៍ជួយសម្រាល កង្វល់ ប្រជារាស្ត្រ ស្លូតត្រង់ជា ជនរួមជាតិ ។ អ្នកខ្លះមានស្រែភ្លឺ ចំការនៅខាង ខ្មែរ តែមានផ្ទះនៅខាង សៀម ហើយអ្នកខ្លះ ក៏ផ្ទុយ ទៅវិញ ដោយឃើញថា ប្រជារាស្រ្ត រហេម រហាម នឹងព្រំដែន អយុត្តិធម៌ នេះខ្លាំងពេក រាជការទាំងសងខាង ក៏បាន ព្រមព្រៀងចេញ ប័ត្រអោយជនណា ដែល ពប ទៅលើបញ្ហា យ៉ាងនេះដើម្បី អនុញ្ញាត អោយឆ្លងកាត់ ទៅវិញទៅមក បានត្រឹមជម្រៅ ២៥ គីឡូម៉ែត្រ ពីព្រំដែន ។ រាស្រ្ត បានធូរទ្រូង គ្រាន់បើ អ្នករាជការ សៀម ក៏ កកិល មករក ទាក់ ទង ចងសមានចិត្ត ជាមួយអ្នក រាជការខ្មែរ ដែរ ព្រោះនៅ ក្រឡាញ់ មានអីកំសាន្ត នៅ ជ្រូកព្រៃ មានអីលំហែចិត្ត ហើយ នៅ សសរស្តម្ភ មានអី កែអផ្សុក នឹង សេចក្តីធុញទ្រាន់ ? សុទ្ធតែ ម៉ៃមី ទាំងអស់ ។ ម្ល៉ោះហើយ សៀម តែងសុំ មក លេងដល់ សៀមរាប ដែលសម្បូណ៌ ត្រីសាច់ សម្បូណ៌ បុរាណដ្ឋាន ជាទី មនោរម្យ រំដោះសេចក្តី នឿយ ណាយ ។

ទីឃាវុធ ជួបប្រាស្រ័យ នឹងពួកអ្នករាជការ សៀម បង្គ្រប់តែកិច្ចប៉ុណ្ណោះ គឺប្រាសចាក នូវសេចក្តី រាក់ទាក់ជានិច្ច ថ្វីបើ នាយ អាំភើ សសរស្តម្ភ ចេះតែគួរសម មករក ព្រមទាំងយក ជំនូនខ្លះ ដូចជា ទឹកដោះគោ កំប៉ុង ជាដើម ដែលខាងខ្មែរ យើង មិនសូវ សម្បូណ៌ មកផ្គាប់ចិត្ត ទៀតផង ។ ដោយមិនចង់ ជំពាក់គុណគេយូរ ចំពោះសេចក្តីគួរសម យ៉ាងនេះ ទីឃាវុធ តែងតបស្នង វិញភ្លាម ដោយស្រា ឡូលីតា ម៉ារលី ក្លូសដរ ឬ ពិកអូរង្ស ដែល បារាំង បិត នៅ ព្រៃនគរ ឬ ដោយ ត្រីងៀត ត្រីឆ្អើរ ត្រីប្រមា ទន្លេសាប ។

ដោយ នាយ អាំភើ ចេះតែជជីក អញ្ជើញពេក ហើយដោយមានបំណងចង់ទៅមើល ប្រជារាស្រ្ត ដែលឆ្លង ទៅធ្វើ ស្រែ ភ្លឺ នៅក្នុង ដែន ដែលទើបបាន ទៅ សៀម ផង ទីឃាវុធ ក៏ចូលស្នើការនេះ ចំពោះ លោក ចៅហ្វាយខេត្ត ។ មន្ត្រីធំនេះ បានតបយោបល់ថា ការទៅមើល អ្នកស្រុកខាងយើង ទៅប្រកបជីវិត ក្នុងដែន សៀម នោះ ជា កិច្ចប្រសើរ ម្យ៉ាងដែរ ដើម្បីអោយ ពលរដ្ឋ នៅទីនោះ យល់ថា រាជការខ្មែរ ពុំមែន បោះបង់ចោល ឡើយ ។

************************************************

ព្រឹកព្រហាម ថ្ងៃមួយ ដោយមាន ដោយ ប៉ូលីសសាលាស្រុកម្នាក់ឈ្មោះ ថន ជូនទៅផង ទីឃាវុធ ក៏ចាប់ចក្រ យាន ឌីឡិកតា កង់ធំ លាបពណ៌ ឈាមជ្រូក ហើយជិះទៅ ខាងលិច ឆ្ពោះទៅ រក ព្រំដែន ស្ទឹងព្រះស្រុក ។
ថ្ងៃរះ លឿងទុំ បាចសេចក្តី រីករាយ ទៅលើ វិការដ្ឋាន មួយដែលមន្ត្រី កម្លោះ ធ្លាប់ចូលចិត្តយូរមកហើយ ។ ឩសភា បាន នាំមកនូវភ្លៀងដំបូង ក្នុងឆ្នាំ ហើយ វាលស្រែ ក៏មានជីវិតដោយ សកម្មភាពភ្ជួរ រាស់ ។ ហ៊ុយ ៗ ! គោទាញនឹម នង្គ័លយ៉ាងតឹង ក ឯ ហ្វូងរីក និង គ្រលីងគ្រលោង ដើររោមជាបរិវារចាំដណ្តើម ជន្លេន និង ដង្កូវ ដែល ផាលបានគាស់ កកាយ ចេញមក ។
ស្ទឹង ព្រះស្រុក ស្ពានដែក ចង្អៀតមួយផ្លោះ កន្លងទឹកល្អក់ ខាប់ ។ នេះហើយជាព្រំដែន ថ្មី ។ នាយតម្រួត ប្រចាំ ការ ដោយស្គាល់លោក ចៅហ្វាយស្រុកច្បាស់ ក៏ស្ទុះមកលើក ដើមឫស្សី លាបពណ៌ ក្រហម ស ដែលដាក់ឃាំង ទទឹង ផ្លូវ ហើយតាំង លើកដៃគំនាប់ ដោយគោរព ។
នាយ សុវឌ្ឍន៍ សិរិឆ័យ ( សិរិជ័យ ) នាយអាំភើ សសរស្តម្ភ ដែលបានទទួលដំណឹង ពីខាងសាលាស្រុក ពួក ជាមុន ក៏បាន មកចាំទទួល មន្ត្រីខ្មែរ នៅទីនោះដោយ រាក់ទាក់ ។ អ្នករាជការ ដ៏មាន សញ្ជាតិ ខុសគ្នា នេះប្រាស្រ័យ កាន់ គ្នាទៅវិញ ទៅមក លាយខ្មែរ លាយសៀម និង អង់គ្លេស ដូចជា ស្និទ្ធស្នាល គ្នាណាស់ ។
នៅខាងនេះព្រំដែន ក៏ដូចនៅ ខាងនោះដែរ វាលស្រែ បរិបូណ៌ ទៅដោយការ ប្រកប ជីវិត តែមួយយ៉ាងគឺ របរ ធ្វើស្រែ ចំការ ។ នាយអាំភើ បានជូន សហសេវិកខ្មែរ ដើរមើល គ្រប់ទិសទី ដែលមានអ្នកស្រុក ពីខាង ពួក សៀមរាប មកភ្ជួរ រាស់ ។
លុះដល់ថ្ងៃត្រង់ នាយ អាំភើ ជជីកអញ្ជើញ មន្ត្រីខ្មែរ អោយទៅ ពិសាបាយ ឯផ្ទះខ្លួន ។ កាលនោះ ទីឃាវុធ បាន ប្រកែក យ៉ាងយូរ ដោយ យកលេសថា មានការប្រញាប់ ឬ អ្វី ៗ ផ្សេង ៗ ទៀត តែមិនឈ្នះសេចក្តីគួរសម របស់ សៀម ឡើយ ។ ដោយពេលនោះបានដើរ មកជិតផ្ទះ ល្អជាងគេ នៅ ភូមិ សសរស្តម្ភ នាយ អាំភើ សៀម ទាញដៃហើយ បំបត់ ចង្កូត កង់ ទីឃាវុធ អោយចូល ទៅក្នុងរបងមុខ គេហដ្ឋាន ។ កាលនោះ នាង ជុឡាណុន ( ចុលានន្ទ ) ជាភរិយា នាយ អាំភើ តែងខ្លួនស្រស់បស់ ស្ទុះចុះពីលើផ្ទះ មកបង្អោនកាយ លើកដៃសំពះភ្ញៀវ ទាំងបង្ខំនេះ ។ ក្នុង ពេលនោះ ទីឃាវុធ ក៏លំអោនខ្លួន តបសេចក្តីគួរសម ទៅវិញ ហើយក៏របូតមាត់ និយាយភាសា សៀម ២ – ៣ ម៉ាត់ ទៅរក ៖
_ យី ឃុន ចេះភាសា សៀម ច្បាស់ណាស់តើ ! ហួសពេលប្រកែក ទីឃាវុធ ក៏ព្រមដើរចូល ក្នុងគេហដ្ឋាន ដែលមានរៀប តុ កៅអី ស្រេច ។
ការលៀង អាហារពេលនោះ មាន នំបញ្ចុក ទឹកសម្លមាន់ មានត្រីអណ្តែង ចៀនគ្រឿង មានទឹកគ្រឿងកាពិ ផ្សំដោយ អន្លក់ ស្អំ ត្រប់ ត្រសក់ ដែលផ្គួបគ្នា នឹង ប្លាធូ ចៀន ហើយលើក ឱជារស ដោយស្រា ម៉ារលី លាយសូដា និង ទឹកកក ។ ការនិយាយគ្នា រំលើកដោយ សោភណភាព និង ញញឹមស្រស់នាង ចុលានន្ទ ក៏បង្កើតបាន បរិយាកាស មួយ ដែល ចូល មករំលាយ ដោយ ឥតដឹងខ្លួនសោះ នូវភាគខ្លះ នៃក្រមួន កំហឹង និង សំអប់ ដែលបាន រុំស្រោប ដួងហឫទ័យ ទីឃាវុធ ពីមុនរៀងមក ។ កិរិយា និយាយ ទន់ភ្លន់ សម្លេង សើចពិរោះ កាយវិការសមសួន មុខមាត់ រូបរាង កំពស់កំពរ និង របៀបតែងខ្លួន ដោយមាន រសជាតិ នៃភរិយាក្មេង របស់ នាយ អាំភើ បានធ្វើអោយ ចៅហ្វាយស្រុក កម្លោះ រលឹកដល់ …..អនុស្សាវរីយ៍ ចាស់ ។
ដូចជា របោម តាមរោម ដេញខាំ គោ គំនិតនេះ តាមរំខាន ចៅហ្វាយស្រុក រៀងរហូតតាមផ្លូវ ក្នុងពេលដែលធាក់កង់ ត្រឡប់មក ពួក វិញ ។ ប៉ុន្តែ សេចក្តី ភ័ន្តភាំងស្មារតី យ៉ាងនេះ មិនបានឋិត យូរប៉ុន្មានទេ ។ លុះបានចេញ ផុតឆ្ងាយ ពី សសរស្តម្ភ ទីដែលមាន ឥទ្ធិពលថ្មី បង្ខំអោយ រលឹកដល់មនោសញ្ចេតនា ចាស់កំហឹងក៏ ចូលមក អង្រួន ខ្លាំងទៀត ។ នឹកស្តាយថា មិនគួរ សោះខ្លួនមកចាញ់ ល្បិចទន់ភ្លន់ របស់ សៀម ធូរ ៗ ងាយ ៗ ដល់ម្ល៉េះ ! ស្មារតី ភ្លឺស្វាង យ៉ាងនេះ ឋិត នៅ បានតែមួយស្របក់ ក៏សេចក្តី ពិភាល់ គួចដុះឡើង ក្នុងចិន្តា ។ សូម្បីតែ តុលាការ ដែល មានប៉ូលីស មេឃុំ ចៅហ្វាយស្រុក អង្កេតជាមុន ដែលមាន សុភាចារបុរស ស៊ើបសួរ យ៉ាងខ្ទេចខ្ទី ក៏នៅតែមានការ ភ័ន្ត ច្រឡំខ្លះដែរ ក្នុងការកាត់សេចក្តី ។ រឿងចារកម្មនោះ គ្រាន់តែ មានពិរុទ្ធ ដោយផ្អែក ជំនឿ ទៅលើ រាយការណ៍ ភ្នាក់ងារ សម្ងាត់ ម្នាក់ប៉ុណ្ណោះ តែគ្មានភស្តុតាង ឯទៀត មកបញ្ជាក់ថែមសោះ ។ គេគ្មានបាន ចាប់ ឯកសារអ្វី ៗ ដែលបង្ហាញអោយឃើញថា ឳពុក និង កូន បានប្រព្រឹត្តអំពើ ទ្រុស្តមិត្ត ត្រង់ណាឡើយ ។ ពិតមែនតែរាជការ សៀម ខិលខូច ឆ្លៀតយក ឱកាស បារាំង បាក់ដៃ បាក់ជើង ដើម្បី ចូលលុកលុយ ដណ្តើមដីខ្មែរ ប៉ុន្តែមនុស្ស សៀម មិនមែន ជាជន ចិត្តអាក្រក់ គ្រប់គ្នាទេ ។ នាង ចន្ទមណី ក្តី លោក ទេពកោសល្ល ក្តី ប្រសិនបើជាមនុស្សមាន ពុតអាក្រក់ មែន ម្តេចក៏ មិនបោះបង់ខ្លួន ចោលទៅ ក្នុងពេលដែលខ្លួនធ្លាក់ក្នុង កណ្តាប់ដៃ គេ ។ នេះបែរជាមកយកចិត្តទុក ដាក់ មើលថែទាំខ្លួន រៀងរហូតដល់ជា ។ មានទាហាន ខ្មែរ ឯទៀតដែលត្រូវ របួស ហើយ បានមកដេកមន្ទីពេទ្យ សេនារក្ស ដូចគ្នាបានប្រាប់ថា បើកុំតែមាន សៀម ពីរនាក់ ឳពុក និង ធីតា ដឹកខ្លួនមកពី អរញ្ញ ទាំងយប់ដើម្បី យកមក ថែរក្សានៅ បាងកក អោយបានទាន់ពេលទេ ម៉្លេះ សមពិបាក នឹងជាហើយ មើលទៅ ។ មានម្នាក់ទៀត បានបញ្ជាក់ ថា កាលនៅ អរញ្ញ នាង សៀម បានទាំងព្រម អោយពេទ្យ យកម្ជុលបឺត ឈាមនាង មកចាក់បញ្ចូលអោយ ទីឃាវុធ ទៀតផង ។ ឱ ប្រសិនបើ ខ្លួនទម្លាក់កំហុស ហើយចោទគេ ដោយភ័ន្តច្រឡំ មែន ! ឱ ទ្រូងអើយ សែនស្តាយ ហើយ អួលផ្សា !

**************************************************

នាក្រុង បាងកក ត្រង់ចំពីក្រោយ សួនសត្វឈ្មោះ ឌុសិត ( តុសិត ) មានច្រកមួយបែកចេញពី ថ្នល់ធំ ។ លុះបាន ចូលរំលងផ្ទះ ២ – ៣ ខ្នងមក អ្នកដើរក្នុងច្រកនោះនឹងបានទៅដល់មុខ គេហដ្ឋានមួយធំស្រឡះជញ្ជាំងក្តារ លាបពណ៌ បៃតងចាស់ ដំបូលប្រក់ក្បឿង ក្រម៉ៅ ។ មើលពីថ្នល់ទៅផ្ទះនេះ ឃើញពុំសូវ ច្បាស់ទេ ព្រោះកំបាំងដោយ ដើម សាវយុត ចំប៉ា និង ដើមផ្កា ឯទៀត ដែលចោលពិដោរ ល្វឹងល្វើយ ។ កូនស្ពានក្រាលក្តារ មួយ បង្កោងខ្នង កន្លង កសិន ទឹកថ្លាខ្មៅ ដែលលំអដោយ ព្រលិត ក្រហម ។ ស្ពាននេះជាមធ្យោបាយ ភ្ជាប់ គមនាគមន៍ ពីផ្ទះមកច្រក សាធារណះ ។
នៅលើ របង បន្ទះឈើលាប ស ដែលដោត តម្រៀបហែ តាមមាត់ កសិន ដើមចេកទុំ បំបែកមេឃ បញ្ចេញសន្លឹក ញឹក ក្រាស់ លើរានខ្ពស់តូច ទ្រវែង ដែលជាទ្រើង សម្រាប់ លតានេះ ដោយដាច់មុខ ។ នៅចំហៀង ខាងក្រៅ ទ្វារ របងធំ ទូលាយល្មម រថយន្ត បរ ចេញចូល បានស្រួល ស្វាយ អុករ៉ង ( ទ្រូងព្រេក ) មួយដើមស្លឹក ស៊ុបទ្រុប ចោលម្លប់ត្រឈៃ ទៅលើ មាត់ទឹក ពាក់កណ្តាល ហើយនៅក្នុងសួន ពាក់កណ្តាល ។ ទោងមួយប្រដាប់ ដោយបន្ទះឈើ លាបពណ៌ លឿង ក្រហម ខៀវ ឆ្លាស់គ្នា ហើយព្យួរទៅលើជើងដែក លាបខៀវ បានមកបញ្ឈរ ទុកក្រោម ស្វាយនេះ សម្រាប់អង្គុយ លំហែ នៅពេលថ្ងៃក្តៅ ។ ទីភូមិនេះ ពន្យល់អោយឃើញថាម្ចាស់ ពុំមែនជាអ្នកមានថ្មីទេ ដែលតែងចូលចិត្ត សង់ ភូមិគ្រឹះ សំដែង ឫក ឬ បញ្ចេញ ធនធាន ដែលទើប រកបាន ។ ផ្ទុយទៅវិញ អ្វី ៗ ក្នុងទីឋាន នេះ សុទ្ធតែធ្វើអោយ ឃើញ ស្រគត់ស្រគំ មានទ្រព្យា ត ជីដូនជីតា មកយូរហើយ ។ ផ្ទះក៏មាន រូបរាង បែបចាស់ សួនក៏សុទ្ធតែដាំដោយ រុក្ខជាតិ ដែលបានផ្តល់ផ្កា ផ្តល់ម្លប់ ច្រើនតំណ មកហើយ ។ សន្តិភាព ស្ងួតស្ងប់ សោយរាជ្យ ជានិរន្តរ៍ ក្នុងទី កន្លែងនេះ ។
នៅក្នុង សង្កាត់នេះ មិនសូវមាន មនុស្ស អ៊ូអរទេ ។ យូរ ៗ សាមឡ ( កង់បី ) មួយរត់រ៉ោញ រលាស់សន្ទះ លឺសូរ ភ្លឹប ៗ ដូច សកុណា ទទះស្លាប ។ មួយសន្ទុះ ក្រោយមក តុណ្ហីភាព ក៏បន្តសេចក្តី ស្ងប់ស្ងាត់ ជាថ្មីឡើងវិញ ។
នារីម្នាក់ កាន់សៀវភៅ ក្រាសធំមួយក្បាល មកអង្គុយ យោល តែកតោក ក្នុងទោងតែនាងពុំបាន បើកសៀវភៅ អាន ទេ ព្រោះភ្នែក រវល់ សម្លឹង ទៅឆ្ងាយ ឥត ទីដៅ ហាក់ដូចជាដេញ តាមអារម្មណ៍ ផ្សេង ៗ ដែលកំពុង បដិសន្ធិ ក្នុងវិញ្ញាណ នាង ។ កូនត្រី ល្អិត ៗ ក្រហម ៗ ហែលបណ្តើរគ្នា រញង់ តាមចន្លោះ គុម្ពព្រលិត ។
សព្វដង , សព្វគ្រា វិការដ្ឋាន បរិបូណ៌ ដោយសន្តិភាព ប្រសើរយ៉ាងនេះតែងតែទាក់ចិត្តនាង ក្រៃលែង ។ តែនៅថ្ងៃ នេះនាងពុំ អើពើ ផងឡើយ ។ នាងយល់ និង ស្គាល់ច្បាស់ហើយ នូវ កំឡាំង និង ទំហំកំហឹង ដែលបោកបក់ ជាព្យុះ ក្នុងទ្រូង បុរស កម្លោះ គូប្រចាំចិត្ត ។ មែនទេឬ អ្នកផងតែង សរសើរ ណាស់ដល់ ជនណាដែលចេះស្ទួយ ករណីកិច្ច ចំពោះមាតុប្រទេស អោយបានខ្ពស់ ផុតលើ មនោសញ្ចេតនា ទាំងពួង ? តែច្រឡោតអី ដល់ជ្រុល ហួសទៅជាព្រហើន ហើយប្រមាថ មើលងាយ សេចក្តីស្នេហា យកជើង ញក់ញី បុកបែន ដូច្នេះ ។ ម៉េចក៏យក អយុត្តិធម៌ មកកាច់ មួល ចោទ នាងជា ចារនារី គួរណាស់ តែដោះ អាថ៌កំបាំងនេះ អោយផុត សង្សៃ បាន ។
នាង ចន្ទមណី ដូចអ្នកអាន យល់ដោយស្មានស្រេច មកហើយ កំពុងតែ ត្រិះរិះបញ្ហានេះ ស្រាប់តែលឺ សូរស្បែកជើង អូស ខ្សាក ៗ មកពីក្រោយ ។ លោក ទេពកោសល្ល ដោយឃើញមុខកូន ចេះតែក្រៀមក្រំ តែងតែជួយចិត្ត រកវិធី បន្លប់ទុក្ខ ៖
_ យី កូន យើងគិតដើរលេង មើល ស្រុក មើល ទេសបន្តិច ឬ អី ?
_ ដើរលេង ឯណាកើត ឃុន ផ បើសង្គ្រាមលោក កំពុងតែរាលឆេះ ។ ឯ ចំបាំង រវាង ថៃ និង ឥណ្ឌូចិន សោត ក៏ទើបតែ ស្ងប់ រលត់ទៅផង ។
_ ផ ទើបបានទទួល សំបុត្រ មួយច្បាប់ពីក្មួយ សុវឌ្ឈន៍ និង នាង អាណុន ដែលទើបបាន ទៅកាន់ កន្លែងថ្មី ជា អាំភើ នៅ ពៃរីរយតេជ ។
នាង សួរដោយ ឆ្ងល់ ៖
_ ស្រុកអី អញ្ចេះ មិនដែល លឺឈ្មោះទេ ឃុន ផ ?
_ ជាតំបន់មួយ ដែល ខ្មែរ ហៅថា សសរស្តម្ភ ហើយ ដែល ឥឡូវ រាជការ ថៃ តាំងជា អាំភើ ពៃរីរយតេជ វិញ ដើម្បី អោយ ពិរោះ រណ្តំជាង ។
_ ខ្ញុំមិនយល់ផងសោះ នូវផលប្រយោជន៍ ដែលទៅ លោភ ដណ្តើម ដែនដី របស់គេ មកធ្វើជា របស់ ឯង ហើយ កែ ប្រែ ឈ្មោះ ដាក់ផ្តេសផ្តាស់ ដូច្នេះ ។ មើលចុះ ក្រឡាញ់ ត្រូវក្លាយជា ពិបុលសង្គ្រាម ។ កុំយើងឆោត ស្មាន ថា ខ្មែរ ៗ ដែលជា អ្នកស្រុក អ្នកភូមិ នៅទីនោះ គេល្ងង់ទៅហៅ តាមយើងឡើយ ។ មួយទៀតដូច ឃុន ផ ជ្រាប ស្រាប់ហើយ ឯ ប្រវត្តិសាស្រ្ត ក៏ បង្ហាញ តួ យ៉ាងច្រើន ណាស់មកហើយដែរ ថាការ រំលោភ ដណ្តើមយកដី របស់គេ យ៉ាងនេះ មិនដែលនាំ អោយបានសេចក្តី សុខទេ មើល បារាំងសែស និង អាល់ឡឺម៉ង់ ជាឩទាហរណ៍ ស្រាប់ ។ មើលចុះ សង្គ្រាមសព្វថ្ងៃនេះ ធ្វើអោយមនុស្ស រាប់លាន នាក់ស្លាប់បាត់បង់ ជីវិត ។ ខ្ញុំបានស័្មគ្រធ្វើ នាងព្យាបាល ក្នុងពេល ចំបាំង មែនពិត តែគ្រាន់តែនៅ ថែរក្សា អ្នក រងគ្រោះ ប៉ុណ្ណោះ ទេ ។ មិនមែន ខ្ញុំពេញចិត្ត នឹងការ ប្រយុទ្ធ គ្នាសោះឡើយ ។
លោក ទេពកោសល្ល សម្លឹងមើល មុខកូន ដោយពេញចិត្ត ហើយ អាណិត ទើប តបថា ៖
_ នរណាដឹង ? សង្គ្រាមជា សេចក្តី ត្រូវការ របស់ធម្មជាតិ ក៏មិនដឹងដែរ ? អាចនឹងមានកម្លាំង អ្វីធំ មានឥទ្ធិពល អ្វីក្រៅពី និស្ស័យ យើងយល់ មកបង្កើត អោយមានដូច្នេះ ក៏ពុំដឹង ? កូនគិត មើល អង្រ្កង លើកគ្នាទាំង ហ្វូង ទៅប្រខាំ គ្នា ស្លាប់ប៉ុនគេ ហាល ។ ខ្វះណាស់ ដើមឈើ ដែលអាច យកស្លឹក មកផ្លុំ ហើយភ្ជាប់ជា សំបុកបាន ។ មួយទៀត ម៉េច ក៏ធម្មជាតិ បង្កើតអោយ មានសត្វខ្លះ ស៊ីសាច់ ហើយ ខ្លះទៀត ស៊ីស្មៅ ។ បើ ស៊ីស្មៅ ដូចគ្នាទាំងអស់ទៅ ក៏វា ចប់ទៅហើយ ។ លែងឃើញខ្លា លោតត្របាក់ កាច់ ក រមាំង ក្តាន់ ទៅហើយ ។ ណ្ហើយ រឿង យ៉ាងនេះ និយាយ មិនចប់ទេ ។ ផ យល់ថា ក្នុងជីវភាព គប្បីរើស តែភាគ ខាង ល្អ បាន ដើម្បីយកមក ត្រេកត្រអាល ទៅ ប្រសើរ ជាង ។ ដូច្នេះ គួរយើងទៅលេង តាមសេចក្តី អញ្ជើញ នាយ អាំភើ សសរស្តម្ភ ទៅ តើកូន ឯង នឹងថា ដូចម្តេច ? យើងអាច បង្ហួសទៅមើល អង្គរ បានទៀតផង ។ មួយទៀត គេបាន បបួល ផ ថាអោយទិញ ដីស្រែ មួយកន្លែង ក្នុង ចង្វាត់ ( ខេត្ត ) បាត់ដំបង ។ បើឃើញថាសមល្មម ក៏គួរតែទិញដែរ ដីនេះ ។ យើងនឹងទៅ តាំង ភូមិករ នៅទីនោះ ។ នៅក្នុងទីក្រុង យូរទៅ អព្ទអួរ ណាស់ ។

**************************************************

តាម ទម្លាប់របស់ខ្លួន ទីឃាវុធ តែងក្រោកពី ព្រហាម ហើយដើរ ត្រួតមើល គុម្ពផ្កា និង ធ្លាស្មៅ ដែលដាំ លំអ នៅមុខ សាលា ស្រុក ។ ដើរបណ្តើរ គិតបណ្តើរ ។ គិតអំពីពេល ដែល លោកចៅហ្វាយ ខេត្ត បានចាត់អោយខ្លួន ទៅ ភ្នំពេញ ថ្មី ៗ នេះ ដើម្បីបំពេញ បេសកកម្ម រាជការ និង អំពី ខ្លួនបានជួប នឹង វេគី ជាមិត្ត របស់ខ្លួន ធ្វើការ នៅ ក្រុមសម្ងាត់ ។ កាលនោះ ភឿនទាំងពីរ បាននាំគ្នា ទៅ អាស្រ័យ អាហារ នៅ ភោជនីយដ្ឋាន កុង សាំង ។ នៅ ចំពោះ កែវស្រា ម៉ារលី លាយ សូដា និង ប៊ីហ្វតិក ផុយល្អូក កម្លោះទាំងពីរ ក៏ចាប់និយាយ ពីកិច្ច បម្រើ រាជការផ្សេង ៗ តមក ទីឃាវុធ ក៏បានរៀបរាប់ ប្រាប់មិត្រអំពីខ្លួន ត្រូវ របួស ធ្ងន់ហើយ ខ្មាំងរើស យកទៅ ថែរក្សា នៅ អរញ្ញ ហើយ នៅ បាងកក ទៀត ។ អធិប្បាយ អំពី គ្រួសារ ទេពកោសល្ល ព្រមទាំងកូនគាត់ យកចិត្តទុកដាក់ ផ្តល់ថ្នាំសង្កូវ ហើយ ម្ហូបអាហារគ្រប់សព្វ ។ ពន្យល់អំពីថា ខ្លួនលែងបណ្តោយ អោយ ចាញ់បោក អ្នកណាទៀតហើយ ។ ” ខ្ញុំ បានទាំងដាក់សម្តី អោយនាង ចន្ទមណី ជាពាក្យ ធ្ងន់ ៗ អោយឈឺចាប់ ទៀតផង ” , ទីឃាវុធ បញ្ចប់សេចក្តី ថ្លែងប្រាប់ មិត្ត របស់ខ្លួន ។
វេគី ស្តាប់ហើយ បើកភ្នែកធំ ៗ ហើយ តប ៖
_ យី ទីឃាវុធ ខ្ញុំភ្លេចឈឹង តែម្តងហើយ ។ មានភ័ន្តច្រឡំ ធំណាស់ ។
_ ច្រឡំ អី ហា៎ស ? ចៅហ្វាយស្រុក សួរដោយប្រញាប់ ។
_ ដែលថាគេ ធ្វើ ចារបុរស មកស៊ើបការណ៍ សម្ងាត់នោះ មិនមែនទេ មិនមែន ទេពកោសល្ល ទេ ។ គឺ សៀម ម្នាក់ទៀត ដែលបានមកបើក ហាង លក់អីវ៉ាន់មួយ នៅផ្សារចាស់ ទេតើ ។ ខ្ញុំបានចាត់ អោយអង្កេត ខ្ទេចខ្ទី អស់ ហើយ តាប៉ិ កោសល្ល គាត់បានភៀសមកនៅស្រុក ខ្មែរ យើង ដោយស្លូតត្រង់ទេ តែទោះជាយ៉ាងណា ក៏ដោយ គាត់ ជា សៀម គាត់ជា ពលរដ្ឋ ប្រទេស មួយ ដែលបាន លូក ដណ្តើមដែនដី មាតុភូមិ យើងអស់ មិនតិចដែរ ។
ទីឃាវុធ សញ្ជប់មួយសន្ទុះ ទើបតប ៖
_ ឯង និយាយនោះត្រូវ ហើយ ។ ខ្ញុំបាន ទៅស្បថ ឯ អង្គរ ស្រេចថា បើមិនបាន បាត់ដំបង មកវិញទេ ខ្ញុំក៏ មិនខ្ចី ទាក់ចិត្ត រាប់រក សៀម ណា ថាជា ក្លើម្រាក់ ជាមិត្តភក្តិ ឬ ជា អ្វី ឯ ទៀត ទាំងអស់ ។ ប៉ុន្តែ មកទាស់ស្តាយ បន្តិច ព្រោះការ ភ័ន្តច្រឡំ របស់ ឯង បាន បណ្តាលអោយខ្ញុំ ប្រព្រឹត្ត អាកប្បកិរិយា មិនគប្បី តបនឹង សេចក្តី គួរសម ហើយការ យកចិត្តទុកដាក់ របស់គេ ។ មិនគួរសោះ !
មិនគួរសោះ ! នេះជាពាក្យ បន្ទោស ខ្លួនឯង ក្នុងពេលដែលកំពុង ដើរត្រួត គុម្ពផ្កា ។ មិនគួរសោះ ! ស្តាយ ណាស់ ! មិនគប្បីសោះ អោយជាតិ ដទៃ មក មើលងាយ ខ្លួនបាន ថាជាមនុស្ស ពាល មនុស្សជួរ នេរគុណ គេ ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: