ប្រវត្តិសាស្ត្រ​​ខ្មែរ ភាគ​រឿង​ព្រេង​និទាន និង​តាម​រយៈ​សិលាចារិក ទំព័រទី៤


សេចក្ដី​ផ្ដើម

ក្នុង ​បញ្ហា​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​យើង​កត់សម្គាល់​ឃើញ​មាន​ប្រវត្ដិសាស្ដ្រ​ពីរ​ប្រភេទ​ ​ដែល​ផ្នែក​ដើម​មាន​លក្ខណ​ខុស​ប្លែក​អំពី​គ្នា​ ​គឺ​ប្រវត្ដិសាស្ដ្រ​មួយ​ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​អ្នកប្រាជ្ញ​ ​និង​សាស្ដ្រាចារ្យ​បារាំង​ ​និង​ប្រវត្ដិសាស្ដ្រ​មួយទៀត​ដែល​ចង​ចាំ​រត់មាត់​និទាន​ពី​មាត់​មួយ​ទៅ​មាត់ ​មួយ​ ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ​ហើយ​ដែល​ចេះ​តែ​បន្ដ​រៀង​រហូត​ ​ពី​អតីតកាល​មក​ដល់​សព្វថ្ងៃ ។

ប្រវត្ដិសាស្ដ្រ​ខ្មែរ​ទាំង​ ពីរ​ប្រភេទ​ ​មាន​លក្ខណ​មិន​ដូច​គ្នា​នៅ​ត្រង់​ភាគ​ដើម​ ​គឺ​ចាប់ពី​សម័យ​កកើត​ស្រុក​ខ្មែរ​រហូត​មក​ដល់​សម័យ​អង្គរ​ ​ក្នុង​អំឡុង​នេះ​ ​អ្នកប្រាជ្ញ​ស្រាវជ្រាវ​បារាំង​បាន​សម្អាង​ទៅ​លើ​សិលា​ចារឹក​អង្គរ​ផ្សេងៗ​ ​ចំនួន​ប្រមាណ​ជា​១១៥០​ ​ដើម្បី​រៀបចំ​ចងក្រង​សរសេរ​និពន្ធ​ប្រវត្ដិសាស្ដ្រ​ខ្មែរ ។​ ​ចំណែកឯ​ពង្សាវតារ​ខ្មែរ​វិញ​ ​ដែល​តម្កល់​ទុក​នៅ​តាម​វត្ដ​អារាម​ ​ឬ​ ​នៅ​ក្នុង​វាំង​ ​ជា​ឯកសារ​មួយ​ដែល​គេ​បាន​ចាប់ផ្ដើម​សរសេរ​ ​កត់ត្រា​ក្នុង​សតវត្ស​ទី​១៨​ ​ដោយ​ផ្អែក​ទៅ​លើ​ការ​ចង​ចាំ​ ​និង​ការ​និទាន​តៗ​គ្នា​តែ​ប៉ុណ្ណោះ ។

ប៉ុន្ដែ​ពង្សាវតារ​ ទាំង​ពីរ​ ​ចាប់​មាន​លំនាំ​ប្រហាក់ប្រហែល​ដូច​គ្នា​វិញ​ ​ចាប់ផ្ដើម​ពី​ព្រះបាទ​ពញាយ៉ាត​ទៅ​ ​ពីព្រោះ​ដោយ​គ្មាន​ឯកសារ​អ្វី​ផ្សេង​ទៀត​ជា​សម្អាង​ ​អ្នក​សិក្សា​ស្រាវជ្រាវ​បរទេស​ទាំងនេះ​ ​ក៏​បាន​នាំ​គ្នា​អនុលោម​យក​ឯកសារ​ពង្សាវតារ​ខ្មែរ​មក​ធ្វើ​ជា​មូលដ្ឋាន​ សិក្សា​ស្រាវជ្រាវ​វិញ ។

ឯ​ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង​ នៅ​ក្នុង​ស្នាដៃ​នេះ​ ​គឺ​ផ្អែក​ទាំងស្រុង​ទៅ​លើ​ឯកសារ​ពង្សាវតារ​ខ្មែរ​ផ្សេងៗ​ ​និង​ឯកសារ​បរទេស​មួយ​ចំនួន​ដែល​យើង​អាច​រក​ឃើញ​មាន​សេសសល់​រហូត​មក​ដល់​ សព្វថ្ងៃ​ ​ដូច្នេះ​ចំណោទ​ដ៏​ធំ​ដែល​ចោទ​មក​លើក​អ្នក​សិក្សា​ស្រាវជ្រាវ​ ប្រវត្ដិសាស្ដ្រ​ខ្មែរ​នោះ​គឺ​ស្ថិត​នៅ​ត្រង់​សំនួរ​ថា​ ​តើ​ឯកសារ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​មាន​លក្ខណៈ​ត្រឹមត្រូវ​ពិតប្រាកដ​និយម​ ​និង​ជា​វិទ្យាសាស្ដ្រ​ដែរ​ឬទេ ?

អ្នក​ស្រាវជ្រាវ​បរទេស​ដែល​ តែង​ទិតៀន​ ​យល់​ ​និង​មាន​ជំនឿ​ថា​ ​ខ្មែរ​មិន​ចូល​ចិត្ដ​កត់ត្រា​ ​ឬ​សរសេរ​ចារ​ឯកសារ​ ​ចំណេះវិជ្ជា​ទុក​បន្ដ​ក្មេង​ជំនាន់​ក្រោយ​ទេ ។​ ​គេ​យល់​ថា​ ​ខ្មែរ​និយម​តែ​នាំ​គ្នា​រៀន​ចង​ចាំ​រត់មាត់​ ​ហើយ​បង្ហាត់បង្រៀន​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​តាម​តែ​មាត់​ ​និង​ការ​ចង​ចាំ​ប៉ុណ្ណោះ​ ​តែបើ​យើង​ពិនិត្យ​ការ​វិវត្ដន៍​របស់​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ឲ្យ​បាន​ជិត​ ស្និទ្ធ​ល្អិត​បន្ដិច​នោះ​ ​យើង​នឹង​យល់​ឃើញ​ថា​ ​ខ្មែរ​ក្នុង​សម័យ​មហានគរ​ ​និយម​ចារ​ឆ្លាក់​អក្សរ​ពាក្យ​បណ្ដាំ​ ​ព្រឹត្ដិការណ៍​ និង​ប្រវត្ដិ​ផ្សេងៗ​នៅ​លើ​ផ្ទាំង​តាម​ប្រាង្គ​ប្រាសាទ​នានា ។​ ​បុព្វបុរស​ខ្មែរ​​មិន​បាន​សរសេរ​លើ​ក្រដាស​ ​លើ​សំពត់​ ​លើ​ឈើ​ ​ឬ​លើ​ស្បែក​សត្វ​ទេ​ ​ពីព្រោះ​គេ​យល់​ថា​ឯកសារ​ប្រភេទ​ដែល​ចារ​ឆ្លាក់​ដៅ​នៅ​លើ​ថ្មដា​អាច​រក្សា​ ទុក​បាន​យឺនយូរ​ច្រើន​សតវត្ស​ ​មិន​ងាយ​រលុប​ ​ហើយ​ក៏​មិន​ងាយ​អន្ដរាយ​បាត់បង់​ស្រួលៗ​ដែរ ។​ ​ម្យ៉ាង​វិញ​មួយទៀត​ ​សិលា​ចារឹក​ទាំងនេះ​ ​ដែល​ផ្សំ​ទៅ​ដោយ​ប្រាសាទ​តូច​ធំ​ក៏​ជា​សក្ខីភាព​ភ័ស្ដុតាង​ជាក់ស្ដែង​ ​បញ្ជាក់​អំពី​មហិទ្ធិឫទ្ធិ​អានុភាព​ខ្លាំង ពូកែ​ក្លាហាន​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មុតមាំ​ ​និង​ស្គាល់​តែ​សេចក្ដី​ថ្លៃថ្នូរ​ថ្កុំថ្កើង​ ​តែ​ថ្ងៃ​ដែល​ខ្មែរ​លែង​មាន​ធម៌​ក្នុង​ខ្លួន​ ​ខ្មែរ​ត្រូវ​បែកបាក់​រត់​ខ្ចាត់ខ្ចាយ​ ​ព្រាត់ប្រាស​ក្រុម​គ្រួសារ​ ​រង​ទុក្ខវេទនា​ ​ស្គាល់​តែ​ភ្លើង​សង្គ្រាម​ធ្វើឃាត​ ​កាប់​ចាក់​បង្ហូរឈាម ។​ ​ពី​ពេល​នោះ​មក​ស្រុក​ខ្មែរ​យើង​ជួប​ប្រទះ​តែ​សង្គ្រាម​បង្ហូរឈាម​មិន​ឈប់​ ឈរ ។​ ​សត្រូវ​ណា​ដែល​ចូល​មក​ដល់​ជាន់​ទឹកដី​ខ្មែរ​ ​សត្រូវ​នោះ​តែងតែ​ចាប់​ខ្មែរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ ​លួច​ដឹក​ជញ្ជូន​ទ្រព្យ​សម្បត្ដិ​ ​និង​គម្ពីរ​ក្បួនខ្នាត​ខ្មែរ​គ្មាន​សេសសល់ ។

ដូច្នេះ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​សត្រូវ​លួច​ប្លន់​ ​ឬ​បំផ្លិចបំផ្លាញ​ក្បួនខ្នាត​ច្បាប់​គម្ពីរ​ ​និង​វប្បធម៌​ជាតិ​បាន​ ​ខ្មែរ​យើង​គ្មាន​វិធី​ ​ឬ​មធ្យោបាយ​អ្វី​ ​ក្រៅ​អំពី​ការ​ខំរៀន​ទន្ទេញ​ចង​ចាំ​រត់មាត់​ ​លាក់​ទុក​ក្នុង​ខួរ​ក្បាល​ ​និង​ចិត្ដ​អារម្មណ៍​ឡើយ​ ​នៅ​ទី​នេះ​សត្រូវ​មិន​អាច​រក​ឃើញ​ ​ឬ​លួច​ខ្វេះ​យក​បាន​ឡើយ​ ​ដើម្បី​ចែក​កេរ្ដិ៍មរតក​ ​បន្ដ​ការ​ចេះ​ដឹង​ចំណេះវិជ្ជា​ ​ក្បួនខ្នាត​គម្ពីរ​សិប្បសាស្ដ្រ​ ​ទៅ​ខ្មែរ​ជំនាន់​ក្រោយ​ ​បុព្វបុរស​ខ្មែរ​ត្រូវ​តែ​លួច​បង្ហាត់បង្រៀន​ ​និង​ប្រើ​មធ្យោបាយ​សាបព្រោះ​ ​បន្ដ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ​និង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ។
ពង្សាវតារ​ខ្មែរ
ប្រវត្ដិ

ពង្សាវតារ ​ខ្មែរ​ត្រូវ​បាន​ប្រវត្ដិវិទូ​ជា​ច្រើន​ ​បែងចែក​ជា​ពីរ​ភាគ​ដាច់​គ្នា ។​ ​ភាគ​ទី​១​ ​ដែល​ចាប់ផ្ដើម​ពី​រាជ្យ​ព្រះថោង​នាងនាគ​រហូត​ដល់​រាជ្យ​ព្រះ​និពា្វនបាទ​ ​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា​ ​«ភាគ​រឿងព្រេង​និទាន» ដែល​ប្រជាពលរដ្ឋ​អ្នកស្រុក​អ្នក​ភូមិ​ខ្មែរ​តែងតែ​និទាន​ពី​មាត់​មួយ​ទៅ​ មាត់​មួយ​ ​បន្ដ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​តរៀង​រហូត​មក ។​ ​ពង្សាវតារ​ខ្មែរ​ ​«ភាគ​រឿងព្រេង​និទាន​» មាន​លក្ខណៈ​ជា​អច្ឆរិយ​ ​និង​អស្ចារ្យ​ ​ចំណែក​ភាគ​២​វិញ​ ​ត្រូវ​បាន​ចាប់ផ្ដើម​ពី​រាជ្យ​ព្រះមហាក្សត្រ​ព្រះ​ចៅ​ពញាយ៉ាត​ឬ​ ​ព្រះ​បរម​រាជាធិរាជ​រាមាធិបតី​ ​ឬ​ព្រះ​បរមរាជា​ទី​១​ ​ក្សត្រ​ខ្មែរ​ទី​៣៤​ ​រហូត​មក​ដល់​រាជ្យ​ព្រះបាទ​នរោត្ដម ។

ចំនួន ​ពង្សាវតារ​ខ្មែរ​ទាំងអស់​ដែល​ក្រុម​អ្នក​ប្រវត្ដិវិទូ​បាន​ស្រាវជ្រាវ​ ប្រមូល​រក​ឃើញ​ ​មាន​ប្រមាណ​ជា​៤០​មុខ​ ​ខុស​គ្នា​ដែល​គេ​អាច​ចែក​ចេញ​បាន​ជា​ប្រាំបី​ប្រភេទ​ ​ប្រភេទ​ពង្សាវតារ​ទាំង​៨​ប្រភេទ​ បាន​វិវត្ដ​ជា​ហូរហែ​ពី​ ​គ.ស. ១៧៩៦ ក្រោម​រាជ្យ​ក្សត្រ​ខ្មែរ​ ​ព្រះបាទ​អង្គអេង​ដើម្បី​បញ្ជូន​យក​ទៅ​ថ្វាយ​ស្ដេច​សៀម​ព្រះ​រាមា​ទី​១​ ​ឬ​ព្រះពុទ្ធ​យ៉តចុល្លាលោក​ ​ពង្សាវតារ​នេះ​ត្រូវ​មាន​បក​ប្រែជា​ភាសា​សៀម​ ​ហើយ​ត្រូវ​បាន​គេ​តម្កល់​ទុក​នៅ​ប្រទេស​សៀម​ ​តែ​ច្បាប់​ដើម​ជា​ភាសា​ខ្មែរ​គេ​ពុំ​ទាន់​បាន​រក​ឃើញ​ទេ ។

ពង្សាវតារ ​ខ្មែរ​សរសេរ​ជា​ភាសា​ខ្មែរ​ ​ដែល​គេ​រក​ឃើញ​ ​និង​បាន​ស្គាល់​ជាដំបូង​ ​ជា​ស្នាដៃ​របស់​អ្នក​អក្សរសាស្ដ្រ​ខ្មែរ​ព្រះ​ឃ្លាំងនង​ ​ដែល​និពន្ធ​ក្នុង​ ​គ.ស. ១៨១៨ ព្រះ​ឃ្លាំងនង​ ​កាលនោះ​បាន​ទទួល​បង្គាប់​បញ្ជា​ពី​ព្រះមហាក្សត្រ​ ​ព្រះ​ឧទ័យរាជា​ឲ្យ​រៀបចំ​កត់ត្រា​ព្រះរាជ​ពង្សាវតារ​ ​គឺ​ប្រវត្ដិ​ព្រះមហាក្សត្រ​ខ្មែរ​ទាំង​ប៉ុន្មាន​​ដែល​បាន​សោយរាជ្យ​ សម្បត្ដិ​នៅ​ប្រទេស​កម្ពុជា ។

ម្យ៉ាងវិញទៀត​ ​ពង្សាវតារ​ខ្មែរ​ដែល​រៀបចំ​សរសេរ​ក្នុង​ចន្លោះ​ឆ្នាំ​១៨១៨​ ​១៩០៣ មាន​បែបផែន​ខ្លីៗ​ដូច​ជា​សេចក្ដី​សង្ខេប​ ​ដែល​បាន​ត្រឹមតែ​កត់ត្រា​ចំណាំ​រាជ្យ​ស្ដេច​នីមួយៗ​តែ​ប៉ុណ្ណោះ​ ​បន្ទាប់​មក​ក្នុង​ ​គ.ស. ១៨៦៩ ព្រះមហាក្សត្រ​ខ្មែរ​ ​ព្រះបាទ​នរោត្ដម​ ​បាន​បញ្ជា​ឲ្យ​រៀបចំ​សរសេរ​ពង្សាវតារ​ខ្មែរ​ជា​ថ្មី​ ​ពង្សាវតារ​នេះ​ឈ្មោះ​ថា​ ​ពង្សាវតារ​វត្ដ​កោកកាក​ ​ឬ​ព្រះរាជ​ពង្សាវតារ​ ​ដែល​ចែក​ចេញ​ជា​ពីរ​ភាគ​ធំៗ​ ​ភាគ​ទី​១​ ​ភាគ​រឿងព្រេង​និទាន​ ​ដែល​មាន​លក្ខណៈ​អច្ឆរិយ​ ​និង​អស្ចារ្យ​និយម​ ​(Partie​ ​Légendaire) រី​ភាគ​ទី​ពីរ​វិញ​ ​ត្រូវ​ចាត់​ទុកជា​​ភាគ​ប្រវត្ដិសាស្ដ្រ​( Partie​ ​historique) ភាគ​ទាំង​ពីរ​ត្រូវ​បាន​គេ​និពន្ធ​ឡើង​ដាច់​អំពី​គ្នា ។​ ​ភាគ​ទី​២​ ​ឬ​ភាគ​ប្រវត្ដិសាស្ដ្រ​បាន​និពន្ធ​ចប់​មុន ។

ក្នុង ​ចំណោម​ឯកសារ​ទាំងអស់​ដែល​ទាក់ទង​និង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​មាន​តែ​ព្រះរាជ​ពង្សាវតារ​វត្ដ​កោកកាក​ ​នៅ​ស្រុក​កណ្ដាលស្ទឹង​ ​ខេត្ដកណ្ដាល​ទេ​ដែល​បាន​រៀបចំ​កត់ត្រា​ចប់​ចុង​ចប់​ដើម​ត្រឹមត្រូវ​ជាងគេ ។ ​ ​អ្នកនិពន្ធ​ទី​១​ ​នៃ​ភាគ​១​ ​ដែល​គេ​បាន​ស្គាល់​ឈ្មោះ​នោះ​គឺ​ ​សម្ដេច​ព្រះ​សុគន្ធ​ប៉ាន់​(សុគត​នៅ​ក្នុង​ ​គ.ស. ១៨៩៤) សម្ដេច​ព្រះ​សុគន្ធ​ប៉ាន់​ ​ជា​សម្ដេច​សង្ឃ​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​សៀម​ ​ហើយ​នាំ​ព្រះពុទ្ធ​សាសនា​ផ្នែក​និកាយ​ធម្មយុត្ដិ​ចូល​មក​ប្រទេស​កម្ពុជា ។

កាលនោះ ​ ​អភិបាល​បារាំង​ប្រចាំ​នៅ​កូសាំងស៊ីន​ ​ឈ្មោះ​ ​លើមារ​ ​ដឺវីលេស៍​ ​(Le​ ​Myre​ ​de​ ​Viles) បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្ដម​ឲ្យ​ប្រគល់​ ​«ព្រះរាជ​ពង្សាវតារ​ខ្មែរ​» ទាំង​ពីរ​ភាគ​របស់​សម្ដេច​ប៉ាន់​ ​ទៅ​លោក​អេជែន​ ​អៃម៉ូនិញេ​ ​(Etienne​ ​Aymonier​) ដើម្បី​យក​មក​បក​ប្រែជា​ភាសា​បារាំង ។​ ​បន្ទាប់​មក​ ​ក្នុង​ ​គ.ស. ១៨៧៨ ស្នាដៃ​នេះ​ត្រូវ​បាន​ព្រះ​អង្គ​ម្ចាស់​នព្វរត​(ព្រះ​អង្គ​បាន​ប្រសូត​ក្នុង ​ ​គ.ស. ១៨៥៣ ហើយ​បាន​ចូល​ទីវង្គត​ទៅ​ ​ក្នុង​ ​គ.ស. ១៨៩១ ព្រះ​អង្គ​ធ្លាប់​មាន​តំណែង​យ៉ាង​សំខាន់​នៅ​ក្នុង​ក្រសួងតុលាការ) បុត្រ​ព្រះបាទ​អង្គឌួង​ ​លើក​យក​មក​កែ​លម្អ​បន្ថែម​ឲ្យ​បាន​ក្បោះក្បាយ​តទៅ​ទៀត ។

គ្រា ​ជាមួយ​គ្នា​នេះ​ដែរ​ព្រះបាទ​នរោត្ដម​ ​ក៏​បាន​រៀបចំ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​មួយ​ថ្មី​ទៀត​សម្រាប់​តាក់តែង​ ពង្សាវតារ​ខ្មែរ​ ​គណកម្មការ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​មហាសង្ឃរាជ​ទៀង​(ព្រះ​អង្គ​បាន​ សុគត​ក្នុង​ ​គ.ស. ​១៩១៣ ក្នុង​ព្រះ​ជន្ម​៩១​វស្សា) សម្ដេច​សុគន្ធ​ប៉ាន់​ ​ក៏​បាន​ចូលរួម​ក្នុង​គណកម្មការ​នេះ​ដែរ​ ​ក្នុង​ឋានៈ​ជា​សមាជិក​ ​ស្នាដៃ​ប្រវត្ដិសាស្ដ្រ​នៃ​គណកម្មការ​នេះ​ ​ត្រូវ​បាន​និពន្ធ​ចប់​សព្វគ្រប់​​នៅ​ក្នុង​ ​គ.ស. ១៨៩៤-១៨៩៥ ហើយ​មាន​ចំណងជើង​ថា​ ​«ព្រះរាជ​ពង្សាវតារ​ព្រះមហាក្សត្រ​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី» តែ​ព្រះ​បាទ​នរោត្ដម​មិន​បាន​ពេញចិត្ដ​នឹង​ពង្សាវតារ​ថ្មី​នេះ​ទេ ។

ក្រោយមក ​ ​ចាប់ពី​ ​គ.ស. ១៩០៣ គេ​អាច​កត់សម្គាល់​ឃើញ​មាន​ពង្សាវតារ​ខ្មែរ​ជា​ច្រើន​ទៀត​ដែល​មាន​លំនាំ​ រៀបចំ​តាក់តែង​និពន្ធ​ ​និង​មាន​សាច់​រឿង​ប្រហាក់ប្រហែល​គ្នា​ ​តែ​មាន​កាល​បរិច្ឆេទ​ ​កំណត់​ពេលវេលា​ច្របូកច្របល់​ ​មិន​ស៊ីសង្វាក់​គ្នា​ឡើយ ។​ ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ ​វិធី​តាក់តែង​និពន្ធ​ចាប់ផ្ដើម​មាន​បែបផែន​ ​ចែក​ជា​ឃ្លា​ ​ជា​ប្រយោគ​ ​ជា​វគ្គ​ហើយ​ ​មាន​ក្បួនខ្នាត​ស្រួល​អាន​ ​ស្រួល​ស្ដាប់​ ​ប្រសើរ​ល្អ​ជាង​ធម្មតា​ ​មួយ​ផ្នែក​ទៀត​ ​អ្នកនិពន្ធ​បាន​បន្ថែម​នូវ​អត្ថន័យ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ការ​អធិប្បាយ ​ពណ៌នា​ ​ដែល​ធ្វើ​ឲ្យ​សាច់​រឿង​ពិរោះ​រស់​រវើក ។​ ​ថ្ងៃទី ​២៧ មីនា​ ​គ.ស. ​១៩០៣ ព្រះបាទ​នរោត្ដម​បាន​បញ្ជា​ឲ្យ​ឧកញ៉ា​វាំង​ជួន​ ​រៀបចំ​គណកម្មការ​ថ្មី​មួយទៀត​ដើម្បី​សរសេរ​ព្រះរាជ​ពង្សាវតារ​ខ្មែរ​ជា​ ថ្មី​ម្ដងទៀត​ ​សមាសភាព​សមាជិក​គណកម្មការ​ថ្មី​នេះ​ ​មាន​ជា​អាទិ​គឺ ៖

* ​ឧកញ៉ា​វាំង​ជួន​ ​ប្រធាន
* ​ឧកញ៉ា​ហោរា​ទិព្វ​នៃយ​នេត្រ​ដុង
* ​ឧកញ៉ា​ចក្រី​អាំ
* ហ្លួង​ពេជ្រ​សុរិយា​មាស
* ម៉ឺន​សរភ័ក្ដី​ណុប
* ឧកញ៉ា​អិស្សរ​អក្ខរា​រស់
* ឧកញ៉ា​អក្ខរា​ចិន្ដា​ច័ន្ទ ។

ព្រះរាជ ​ពង្សាវតារ​តាក់តែង​មិន​ទាន់​បាន​ចប់​ផង​ ​ព្រះបាទ​នរោត្ដម​ ​ក៏​ចូល​ទីវង្គត​ទៅ​នៅ​ថ្ងៃ​ ​១០​កើត​ ខែ​ពិសាខ​ ​ឆ្នាំ​រោង ​ត្រូវជា​ថ្ងៃ​២៤ មេសា​ ​គ.ស ​១៩០៤​ ​គ្រានោះ​ ​គណកម្មការ​ព្រះរាជ​ពង្សាវតារ​ក៏​ត្រូវ​បញ្ឈប់​សកម្មភាព​ដែរ ។

ព្រះ ​បាទ​ស៊ីសុវត្ដិ​ ​ត្រូវ​បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​ប្រទេស​កម្ពុជា​បន្ដ​ពី​ព្រះបាទ​ នរោត្ដម ។​ ​ព្រះ​អង្គ​បាន​បង្គាប់​បញ្ជា​ឲ្យ​រៀបចំ​គណកម្មការ​ថ្មី​មួយទៀត​ ​ដើម្បី​ធ្វើ​កិច្ចការ​ដដែល​ត​អំពី​គណកម្មការ​ចាស់​ ​គណកម្មការ​ថ្មី​បាន​ចាត់តាំង ៖

* ឧកញ៉ា​វង្សាអគ្គរាជ​ឌុច
* ឧកញ៉ា​ប្រាជ្ញ​ធិបតី​ប៉ែន
* ព្រះ​អក្ខរា​លេខា​ណុប

ឲ្យ ​ទទួល​ភារកិច្ច​ ​រៀបចំ​ពង្សាវតារ​ខ្មែរ​ទៅ​តាម​ឯកសារ​ដែល​ធ្លាប់​បាន​និពន្ធ​ដោយ​ព្រះបាទ​ អង្គឌួង ។​ ​ក្នុង​ ​គ.ស ​១៩២៨​ ​ព្រះបាទ​មុនីវង្ស​ ​ដែល​ត្រូវ​បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​បន្ដ​ពី​ព្រះបាទ​ស៊ីសុវត្ថិ​ ​បាន​ផ្ញើ​សារ​មួយ​ ​ចុះ​លេខ​១៥៨​ ថ្ងៃ​២០​ ​តុលា​ ​ទៅ​ជូន​អាជ្ញាធរ​បារាំង​ប្រចាំ​កម្ពុជា​ ​ស្នើ​សុំ​បោះពុម្ព​ផ្សព្វផ្សាយ​ព្រះរាជ​ពង្សាវតារ​ក្រុង​កម្ពុជា​ធិបតី​ ​ដែល​រៀបចំ​ដោយ​គណកម្មការ​ផ្សេង​មួយទៀត​ ​គណកម្មការ​នេះ​ស្ថិត​នៅ​ក្រោម​អធិបតីភាព​របស់​សម្ដេច​វាំង​ជួន ។​ ​អាជ្ញាធរ​អាណានិគម​បារាំង​ ​ក៏​យល់ព្រម​ទៅ​តាម​សំណើ​ព្រះមហាក្សត្រ​ ​ក្នុង​សំបុត្រ​តប​មួយ​ ​លេខ​២៨០​ ​ចុះ​ថ្ងៃ​ទី​១៣​ ​វិច្ឆិកា​ ​គ.ស ​១៩២៨ ។​ ​គ្រានោះ​គណកម្មការ​ថ្មី​មួយទៀត​ ​ត្រូវ​បាន​តែងតាំង​ឡើង​ដើម្បី​ទទួល​ភារកិច្ច​ផ្នែក​បោះពុម្ពផ្សាយ ។

* លោក​អេហ្វ​ ​លាវិត​ ​(F​ ​Lavit) អភិបាល​ជាន់ខ្ពស់​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ​(Resident​ ​Supérieur​)
* សម្ដេច​ចៅហ្វាវាំង​វរៈវង្សជ័យ​ជួន
* សម្ដេច​ចក្រី​កុញ្ជរ​ធិបតី​ឧត្ដម​ក្រុង​ពាហុពេ​ជប៉ុន​ ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ ​និង​អប់រំ​ជាតិ
* ព្រះ​អង្គម្ចាស់​ ​ស៊ីសុវត្ថិ ​សុផានុវង្ស​ ​រដ្ឋមន្ដ្រី​ក្រសួងម​ហាផ្ទៃ​ ​និង​វប្បធម៌
* ឧកញ៉ា​យោមរាជ​ ​ជា​រដ្នមន្ដ្រី​ក្រសួង​យុត្ដិធម៌
* ព្រះ​អង្គម្ចាស់​ នរោត្ដម​ សុរាម្រិត​ ​រដ្ឋមន្ដ្រី​ក្រសួង​នាវាចរ​ ​កសិកម្ម​ ​សិប្បកម្ម​ ​និង​សេដ្ឋកិច្ច
* ឧកញ៉ា​ប្រាជ្ញ​ធិបតី​ ​យីន​ ​ចាងហ្វាង​ពង្សាវតារ ។

ក្នុង ​ឆ្នាំ​១៩៦៦​ ​គេ​បាន​យក​រាជ្យ​ ​ព្រះបាទ​នរោត្ដម​ស៊ីហនុ​ ​និង​ព្រះបាទ​នរោត្ដម​សុរាម្រិត មក​ដាក់​បញ្ចូល​បន្ថែម​ក្នុង​រាជពង្សាវតារ​សម្ដេច​វាំង​ជួន​ ​ទៀត ។

ក្រៅពី ​ពង្សាវតារ​ដែល​យើង​ទើបតែ​លើកយក​មក​អធិប្បាយ​ខាងលើ​ ​យើង​អាច​កត់សម្គាល់​ឃើញ​មាន​ពង្សាវតារ​ជា​ច្រើន​ទៀត​ ​ដែល​បុព្វបុរស​យើង​បាន​តម្កល់​ទុក​នៅ​តាម​វត្ដ​អារាម​ ​គឺ​ដូច​ជា​មាន​ពង្សាវតារ​វត្ដ​ទឹក​វិល​ ​ស្រុក​ស្អាង​ ​ខេត្ដ​កណ្ដាល​ ​ដែល​បាន​រៀបរាប់​ ​និង​និពន្ធ​ដោយ​ព្រះ​ភិក្ខុ​ហាស់​ ស៊ុក​ (ពង្សាវតារ​នេះ​ត្រូវ​បាន​និពន្ធ​ក្នុង​ ​គ.ស​ ​១៩៤១) ពង្សាវតារ​វត្ដ​សំបុក​ ​ពង្សាវតារ​វត្ដ​កំពង់ត្រឡាច​ ​ខេត្ដ​កំពង់ឆ្នាំង​ ​ដែល​ត្រូវ​បាន​លោក អេង​ ស៊ុត​ ​យក​មក​ចងក្រង​បោះពុម្ពផ្សាយ​តាម​ចំណងជើង​ ​«ឯកសារ​មហា​បុរស​ខ្មែរ»(បោះពុម្ព​នៅ​ភ្នំពេញ​ ​ក្នុង​ឆ្នាំ​១៩៦៩​ ​មាន​ទាំងអស់​១២១៦​ទំព័រ​ដែល​ចែក​ចេញ​ជា​ពីរ​ភាគ) ពង្សាវតារ​វត្ដ​សិត្បូ​ ​និង​ពង្សាវតារ​វត្ដ​ព្រែក​តាមាក់​ ​ក្នុង​ខេត្ដ​កណ្ដាល​ជាដើម ៘

ពង្សាវតារ ​ខ្មែរ​មួយ​ចំនួន​ទៀត​ ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​បារាំង​ ​ប្រមូល​យក​មក​តម្កល់​ទុក​នៅ​ប្រទេស​បារាំង ។​ ​គឺ​មាន​នៅ​បណ្ណាល័យ​ជាតិ​ ​សាលា​បារាំង​ចុង​បូព៌ា​ ​(Ecole​ ​française​ ​d’Extrême-Orient) សង្គម​អាស៊ី​ ​(Société​ ​Asia-tique​) ក្រុម​ផ្សាយ​ដំណឹង​ល្អ​ ​សាសនា​ព្រះ​យេស៊ូ​នៅ​បរទេស​ ​(Société​ ​des​ ​Missons​ ​Etrangères​ ​de​ ​Paris​) និង​បណ្ណាល័យ​នៃ​ទីក្រុង​ ​អាលង់សុង​ (Alençon) ​(នៅ​ទី​នេះ​ ​មាន​ឯកសារ​ខ្មែរ​មួយ​ចំនួន​ធំ​ដែល​ប្រមូលផ្ដុំ​ថែរក្សា​ទុក​ ​ដោយ​លោក​ ​អាដេម៉ា​ឡឺគ្លែរ​ ​Athémard​ ​Leclère) ។
ការ​សិក្សា​វិភាគ

ពង្សាវតារ ​ខ្មែរ​ទាំងនេះ​ ​ត្រូវ​បាន​អ្នកប្រាជ្ញ​ ​អ្នក​ស្រាវជ្រាវ​បារាំង​ ​និង​បរទេស​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​ ​ឲ្យ​តម្លៃ​ប៉ុន្មាន​ទេ​ ​ជា​ពិសេស​ចំពោះ​ភាគ​ដើម​ ​ឬ​ភាគ​រឿងព្រេង​និទាន​ ​ពីព្រោះ​គេ​យល់​ ​និង​មាន​ជំនឿ​ថា​ ​គ្មាន​សក្ខីភាព​ជាក់ស្ដែង​ ​ហើយ​ឯកសារ​ទាំងនោះ​ ​ក៏​គ្មាន​លក្ខណៈ​អ្វី​ជា​វិទ្យាសាស្ដ្រ​ដែរ​ ​គេ​យល់​ថា​ប្រវត្ដិ​ទាំងនេះ​ ​រៀបរាប់​តែ​រឿងព្រេង​និទាន​ ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អស្ចារ្យ​ ​និង​អច្ឆរិយ​និយម​ ​ប្រាសចាក​ភាព​ប្រាកដនិយម ។​ ​ជនបរទេស​ដែល​យល់​ដូច្នេះ​មាន​ដូច​ជា​ អ្នក​ប្រវត្ដិវិទូ​អាមេរិកាំង​ ​មាយ​ឃែល​ ​ថេអូដ័រ​ ​វិគឃើរី​ ​(Michael​ ​Theodor​ ​Vickery) ដែល​បាន​ចាត់​ទុក​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ភាគ​រឿងព្រេង​និទាន​ ​ជា​រឿងប្រឌិត​ ​គ្មាន​តម្លៃ​ជា​ប្រវត្ដិសាស្ដ្រ​ ​ចំណែក​ភាគ​ផ្សេង​ដែល​មាន​បន្ដ​មក​ក៏​លោក​ចាត់​ទុកជា​មិនសូវ​ត្រឹមត្រូវ​បាន ​ការ​ប៉ុន្មាន​ដែរ ។

ប៉ុន្ដែ​ប្រវត្ដិវិទូ​ ​និង​អ្នក​ស្រាវជ្រាវ​ខ្មែរ​ ​បរទេស​មួយ​ចំនួន​ទៀត​ ​មិន​យល់​ស្រប​ទៅ​តាម​ទស្សនៈ​នេះ​ទេ​ ​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ខ្មែរ​ ​យើង​សង្កេត​ឃើញ​មាន​ជា​អាទិ​ ​លោក​សាស្ដ្រ​ចា​រ្យ​ ​ត្រឹង​ ​ងា​ ​លោក​សាស្ដ្រ​ចារ្យ​ ​ម៉ក់​ ​ភិន​ ​ឃិន​ ​សុខ​ ​ដែល​យក​ចិត្ដ​ទុក​ដាក់​ ​សំភី​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ ​រិះគិត​ពិចារណា​ ​ធ្វើ​វិភាគ​រក​ការ​ពិត​​អំពី​ឯកសារ​ប្រវត្ដិសាស្ដ្រ​ខ្មែរ ។

លោក ​សាស្ដ្រ​ចារ្យ​ ​ម៉ក់​ ​ភិន​ ​និង​ឃិន​ ​សុខ​ ​បាន​មូលមតិ​គ្នា​បែងចែក​ផ្នែក​សិក្សា​ស្រាវជ្រាវ​ ​ដើម្បី​កុំ​ឲ្យ​ជាន់​គ្នា ។​ ​លោក​ ​ម៉ក់​ ​ភិន​ ​សិក្សា​ស្រាវជ្រាវ​ផ្នែក​រឿង​ភាគ​និទាន​ ​និង​សម័យ​ក្រោយ​លង្វែក​ ​១៥៩៤-១៦៧៧ ឯ​លោក​សាស្ដ្រាចារ្យ​ ​ឃិន​ ​សុខ​ ​វិញ​ ​លោក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ចន្លោះ​សម័យ​ទាំង​ពីរ​ ​គឺ​សម័យ​ព្រះបាទ​ព្រះ​ចៅ​ពញាយ៉ាត​ ​មក​ដល់​សម័យ​បែក​លង្វែក​ ​និង​ផ្នែក​មួយទៀត​ ​ដែល​ចាប់ផ្ដើម​ពី​ ​គ.ស​ ​១៧៧៥ ទៅ​ ​១៧៦០ ។

ស្នាដៃ ​ចម្បង​របស់​សាស្ដ្រាចារ្យ​ទាំង​ពីរ​រូប​ ​ស្ថិត​នៅ​លើ​ការ​បកប្រែ​ពង្សាវតារ​ខ្មែរ​របស់​សម្ដេច​វាំង​ជួន​ ​មក​ជា​ភាសា​បារាំង​ ​ការ​សិក្សា​ប្រៀបធៀប​ឯកសារ​ពង្សាវតារ​ខ្មែរ​មួយ​ចំនួន​តាម​គ្រប់​ ជ្រុងជ្រោយ​ ​ការ​ប្រៀបផ្ទឹម​ជាមួយ​នឹង​ឯកសារ​បទេស​ ​ហើយ​និង​ការ​វិភាគ​ល្អិតល្អន់​ ​ស្វែងរក​ធាតុ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ ។
ទស្សនៈ​អ្នកនិពន្ធ
វិធីសាស្ដ្រ​និពន្ធ

ខ្ញុំ ​បាន​ចាប់ផ្ដើម​សរសេរ​ ​តាក់តែង​ ​ចងក្រង​ ​និពន្ធ​ស្នាដៃ​ ​«ប្រវត្ដិសាស្ដ្រ​ខ្មែរ» នេះ​ដោយ​ផ្អែក​ទៅ​លើ​ឯកសារ​ពង្សាវតារ​ខ្មែរ​ ​និង​ការ​សិក្សា​ស្រាវជ្រាវ​របស់​ប្រវត្ដិវិទូ​ខ្មែរ​បរទេស​មួយ​ចំនួន ។

ស្នាដៃ ​នេះ​ ​មិនមែន​ជា​ការ​ស្រាវជ្រាវ​រក​ឃើញ​ថ្មី​នោះ​ទេ​ ​តែ​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ការ​សរសេរ​និពន្ធ​ ​និង​រៀប​អត្ថបទ​ឲ្យ​មាន​លក្ខណៈ​ខុស​អំពី​ធម្មតា​ ​ដោយ​ប្រើ​នូវ​សំយោគវិធី​ច្បិច​យក​តែ​អត្ថន័យ​សំខាន់ៗ​ ​ពោល​ឲ្យ​ចំ​ ​គឺ​ក្នុង​ន័យ​ ​និង​គោលបំណង​ឲ្យ​អ្នក​អាន​ ​សិស្សានុសិស្ស​ ​និសិត្ស​ ​អាច​មាន​លទ្ធភាព​ងាយស្រួល​ឆាប់​ចាំ​ ​ឆាប់​យល់​ ​ឆាប់​ដឹង​ ​និង​ស្គាល់​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​និង​ព្រឹត្តិការណ៍​ជាតិ​ធំៗ​ជា​ច្រើន​ ​ដែល​ខ្មែរ​យើង​តែងតែ​ឮ​ចាស់ទុំ​ពី​បរមបូរាណ​និទាន​តៗ​គ្នា​ ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ​និង​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ។​ ​ការ​និពន្ធ​សៀវភៅ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​នេះ​បានឲ្យ​តម្លៃ​ ​និង​សង្កត់​ទាំងស្រុង​ទៅ​លើ​ព្រឹត្ដិការណ៍​ជាតិ​ ​ទៅ​លើ​ព្រះមហាក្សត្រ​ ​និង​ទៅ​លើ​វរជន​ខ្មែរ​ ​ឬ​តួអង្គ​សំខាន់​ដែល​មាន​មុខ​នាទី​ពិស្ដារ​ក្នុង​បញ្ហា​អាយុ​ជីវិត​ប្រទេស​ កម្ពុជា ។

ដូច្នេះ​ហើយ​ ​បាន​ជា​ខ្ញុំ​ដាក់​ចំណងជើង​ជំពូក​ ​ឬ​វគ្គ​នីមួយៗ​ ​ឲ្យ​សក្ដិសម​ស៊ី​ស្រប​ទៅ​តាម​ព្រឹត្ដិការណ៍​ ​ដោយ​មិន​សម្អាង​តែ​ទៅ​លើ​រាជ្យ​ព្រះមហាក្សត្រ​ឡើយ ។​ ​ទោះបីជា​ខ្ញុំ​អនុវត្ដ​វិធី​របៀប​នេះ​ក៏​ដោយ​ ​ក៏​ជំពូក​ ​និង​វគ្គ​នីមួយៗ​មាន​ការ​វិវត្ដ​ប្រទាក់ប្រទង​ប្រទាញ​ត​ភ្ជាប់​គ្នា​ជា​ លំដាប់​លំដោយ​ ​ហើយ​គោរព​ទៅ​តាម​ពេលវេលា​ ​កាលបរិច្ឆេទ ។​ ​អ្នក​អាន​ដែល​ចាប់ផ្ដើម​សិក្សា​ពី​វគ្គ​ដំបូង​ដល់​វគ្គ​បញ្ចប់​ ​អាច​នឹង​យល់​បាន​ថា​កាលបរិច្ឆេទ​ប្រវត្ដិសាស្ដ្រ​ ​និង​ព្រឹត្ដិការណ៍​ទាំង​ប៉ុន្មាន​ ​មាន​ជាប់​គ្នា​ជា​បន្ដ​រដឹក​ ​ម្យ៉ាង​វិញ​មួយទៀត​ ​អ្នក​អាន​ដែល​មាន​ចម្ងល់​ ​ហើយ​ចង់​ដឹង​ចង់​យល់​ ​អំពី​ព្រឹត្ដិការណ៍​ណាមួយ​ ​ដែល​គេ​តែងតែ​ឮ​តាម​ការ​និទាន​ ​អ្នក​អាន​នោះ​អាច​រក​ឃើញ​ ​អាច​យល់​បាន​ភ្លាម​យ៉ាង​ឆាប់រហ័ស​ ​ដោយ​មិន​ចាំបាច់​មើល​សា​ដើម​ឡើយ ។​ ​ហេតុ​ដូច្នេះ​ ​ដើម្បី​សម្រួល​ការ​ងាយ​យល់​ ​បានជា​នៅ​តាម​វគ្គ​ខ្លះ​ ​ខ្ញុំ​មាន​ធ្វើការ​រម្លឹក​ព្រឹត្ដិការណ៍​ខ្លះ​ដែល​កើត​មាន​ឡើង​ក្នុង​សម័យ​ មុន​ដោយ​ត្រួសៗ ។

ចំពោះ​ព្រឹត្ដិការណ៍​ទាំងនេះ​ ​ខ្ញុំ​លើក​យក​តែ​ចំណុច​ ​និង​ផ្នែក​ណា​ដែល​សំខាន់​ប៉ុណ្ណោះ​មក​បកស្រាយ​ ​និង​អធិប្បាយ ។​ ​អ្វី​ដែល​វែង​អន្លាយ​ជា​បន្ទាប់បន្សំ​ដែល​មាន​ច្រើន​នៅ​ក្នុង​ពង្សាវតារ​ ​និង​ឯកសារ​ខ្មែរ​ ​ខ្ញុំ​មិន​បាន​ដកស្រង់​លើក​យក​មក​រៀបរាប់​អធិប្បាយ​ឲ្យ​បាន​ក្បោះក្បាយ​ ទេ ។​ ​ពីព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​អាន​ ​មានការ​ធុញទ្រាន់​ ​ឬ​មាន​ការ​យល់​ច្រឡំ​ ​ច្របូក​ច្របល់​ដែល​នាំ​មក​នូវ​លទ្ធផល​ផ្ទុយ​អំពី​គោលបំណង​ ​និង​ទស្សនៈ​ដែល​ខ្ញុំ​ប៉ង ។​ ​គោលបំណង​ធំ​របស់​ខ្ញុំ​ ​គឺ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរ​ធម្មតា​ ​អាច​ចង​ចាំ​យល់​ច្បាស់លាស់​អំពី​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ឬ​ប្រវត្ដិ​របស់​ខ្លួន​ផ្ទាល់​ដោយ​ងាយស្រួល​ជាទី​បំផុត ។​ ​ចំណែក​ពាក្យ​ពេជន៍​ ​ឃ្លាឃ្លោង​ប្រយោគ​ ​ក៏​វិវត្ដន៍​ ​អនុវត្ដ​ ​និង​រៀបចំ​ប្រើ​ទៅ​តាម​ទស្សនៈ​នេះ​ដែរ​ ​គឺ​ខុស​អំពី​ពាក្យពេចន៍​ប្រយោគ​ ​ដែល​ធ្លាប់​មាន​ប្រើ​នៅ​ក្នុង​ពង្សាវតារ​ខ្មែរ ។

ដើម្បី​ជា ​ជំនួយ​ដល់​អ្នក​អាន​ក្នុង​ការ​យល់​ដឹង​ ​និង​សម្រាប់​ពិចារណា​ ​នៅ​ចុងបញ្ចប់​ជំពូក​ ​ឬ​វគ្គ​នីមួយៗ​ ​ខ្ញុំ​មាន​ធ្វើ​ការ​កត់សម្គាល់​ចំណាំ​ ​វែកញែក​ដកស្រង់​យក​ទស្សនៈ​មក​ទុក​ធ្វើ​ជា​មេរៀន​សម្រាប់​កញ្ចក់​ឆ្លុះ​មើល​ អតីតកាល​ ​បច្ចុប្បន្នកាល​ ​និង​អនាគតកាល ។​ ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ជា​ពិសេស​ ​ភាគ​រឿងព្រេង​និទាន​ ​ទោះបី​មាន​លក្ខណៈ​ជា​អភូតហេតុ​ ​អច្ឆរិយៈ​ ​អស្ចារ្យ​មិន​ប្រាកដនិយម​ ​មិន​គួរ​ឲ្យ​ជឿ​ក៏​ដោយ​ ​ក៏​យើង​ត្រូវ​តែ​សម្គាល់​ដែរ​ថា​ ​ប្រវត្ដិ​ទាំងនេះ​ ​ព្រឹត្ដិការណ៍​ទាំងនេះ​ ​រឿងរ៉ាវ​ទាំងនេះ​ ​សុទ្ធតែ​បាន​ជ្រួតជ្រាប​ក្នុង​ឈាមជ័រ​ ​ចិត្ដ​អារម្មណ៍​ ​មនោសញ្ចេតនា​ខ្មែរ​គ្រប់​ជំនាន់​ជា​យូរយា​លង់​អង្វែង​ណាស់​មក​ហើយ​ ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ឬ​ពង្សាវតារ​ខ្មែរ​ ​ទោះបីជា​អ្នក​ស្រាវជ្រាវ​ ​និង​ប្រវត្ដិវិទូ​ខ្លះ​ ​មិន​បាន​ទទួលស្គាល់​ឲ្យ​តម្លៃ​ក៏​ដោយ​ ​ក៏​យើង​អាច​ចាត់ទុកជា​មរតក​ ​កេរ្ដិ៍​របស់​ជីដូន​ជីតា​ ​បុព្វបុរស​យើង​ដែរ ។​ ​មិនតែប៉ុណ្ណោះ​ ​នៅ​ក្នុង​ប្រវត្ដិ​ទាំងនោះ​ ​ដូនតា​យើង​បាន​លាក់​បង្កប់​ទុក​នូវ​ទ្រឹស្ដី​ ​ទស្សនៈ​ ​ច្បាប់​គម្ពីរ​ក្បួនខ្នាត​ វិជ្ជា​សីល្ប៍សាស្ដ្រ​ ​និង​បណ្ដាំ​ជា​ច្រើន​ដែល​អាច​ជា​ជំនួយ​ក្នុង​ការ​ថែរក្សា​ ​កសាង​ការពារ​ទឹកដី​ជាតិ​មាតុភូមិ ។
កេរ្ដិ៍​មរតក​ខ្មែរ

ប៉ុន្ដែ ​រហូត​មក​ដល់​បច្ចុប្បន្ន​ ​គេ​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​អាថ៌​កំបាំង​ ​ក្បួនតម្រា​ច្បាប់​វិន័យ​ ​គ្រាំង​គម្ពីរ​ ​វិជ្ជា​សិល្ប៍សាស្ដ្រ​ ​និង​ពាក្យ​បណ្ដាំ​ទូន្មាន​ ​ដែល​ជា​កេរ្ដិ៍​មតក​លាក់​បង្កប់​ទុក​មក​នោះ​ទេ​ ​ក្បួនតម្រា​ ​ច្បាប់​វិន័យ​ ​ទ្រឹស្ដី​ច្បាប់​គ្រប់គ្រង​រៀបចំ​កសាង​ជាតិ​ ​គឺ​ពិតជា​មាន​ ​ប្រសិនបើ​គ្មាន​ ​តើ​ធ្វើ​ដូច​ម្ដេច​ឡើយ​ ​បុព្វបុរស​ខ្មែរ​យើង​ ​លោក​នឹង​អាច​បង្កបង្កើត​ ​កសាង​រក្សា​ទឹកដី​ខ្មែរ​ឲ្យ​បាន​ធំ​ទូលំទូលាយ​ ​ចម្រុងចម្រើន​លូតលាស់​ថ្កុំថ្កើង​ ​សុខ​សន្ដិភាព​ ​សម្បូណ៌​សប្បាយ​ក្សេមក្សាន្ដ​ក្លាយ​ជា​មហានរ​គរ​ ​និង​ជា​មហាអំណាច​កើត ? ធ្វើ​ដូចម្ដេច​ដូនតា​ខ្មែរ​យើង​អាច​នឹង​កសាង​សង់​ប្រាង្គ​ប្រាសាទ​រាប់​រយ​ ពាន់​ ​ទុក​ពាសពេញ​ជា​ភ័ស្ដុតាង​កេរ្ដិ៍​ដំណែល​ក្នុង​អាស៊ី​ភាគ​អាគ្នេយ៍​បាន ?

ច្បាប់ ​ក្រឹត្យ​ក្រម​ ​ធម្ម​វិន័យ​ ​ទ្រឹស្ដី​នយោបាយ​ ​ក្បួនខ្នាត​ ​និង​ពាក្យ​បណ្ដាំ​បុព្វបុរស​យើង​ ​បើ​យើង​សិក្សា​ត្រិះ​រិះ​ ​ពិចារណា​ឲ្យ​បាន​ឆ្ងាយ​បន្ដិច​ ​ឲ្យ​ដល់​ជម្រៅ​ ​ឆ្លង​ផុត​ពី​អក្សរ​ពាក្យពេចន៍​ ​ដែល​យើង​មើល​ឃើញ​នឹង​ភ្នែក​ ​និង​ស្ដាប់​ឮ​សូរ​នឹង​ត្រចៀក​នោះ​ យើង​អាច​កត់សម្គាល់​ចំណាំ​ជួប​ប្រទះ​ឃើញ​មាន​ជា​ហូរហែ​ក្នុង​ ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​១- បញ្ហា​ទឹកដី​ ​ដែល​លាតសន្ធឹង​ធំធេង​អស្ចារ្យ​ ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​ ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ដោយ​មាន​រួម​ទាំង​ទឹកដី​យួន​ ​សៀម​ ​ភូមា​ ​និង​លាវ​ ​ខេត្ដ​ខណ្ឌ​ស្រុកភូមិ​ ​ទន្លេ​ ​ស្ទឹង​ ​ព្រែក​ ​បឹងបួរ​ ​និង​ដែន​ទឹកដី​ខ្មែរ​ត្រូវ​បាន​ជីដូន​ជីតា​ខ្មែរ​ ​រម្លឹក​ហើយ​រម្លឹក​ទៀត​ ​រៀបរាប់​អធិប្បាយ​ឥត​មាន​ខ្ចោះ​ ​ក្នុង​ឯកសារ​ពង្សាវតារ​ខ្មែរ​ ​ដូច​មាន​ក្នុង​ប្រវត្ដិ​ព្រះបាទ​បក្សីចាំក្រុង​ ​និង​ព្រះបាទ​ពញាយ៉ាត​ ​ដែល​បាន​ធ្វើ​ដំណើរ​ត្រាច់​រង្គត់​ ​កាត់​គ្រប់​ទិស​ទី​ក្នុង​ទឹកដី​ខេត្ដ​ខណ្ឌ​ខ្មែរ​ សិលា​ចារឹក​ខ្មែរ​ជា​ច្រើន​ ​ក៏​បាន​កត់​ត្រាទុក​អំពី​ទំហំ​ព្រំដែន​ទឹកដី​ខ្មែរ​ដែរ​ ​ហើយ​ប្រាសាទ​ ​និង​សិលា​ចារឹក​ទាំងនោះ​ ​ក៏​មាន​បោះគោល​បញ្ចុះសីមា​នៅ​គ្រប់​ទី​តំបន់​ក្នុង​អាស៊ី​អាគ្នេយ៍​ដែរ​ ​ដើម្បី​ជា​ភ័ស្តុតាង​បញ្ជាក់​ប្រាប់​កូន​ខ្មែរ​ឲ្យ​ស្គាល់​យល់​ដឹង​ឮ​អំពី​ កេរ្ដិ៍​មរតក​ទ្រព្យសម្បត្ដិ​ ​កម្មសិទ្ធិ​របស់​ជាតិ​ខ្លួន ។

២- ទ្រឹស្ដី​នយោបាយ​ជា​មូលដ្ឋាន​ជាតិ​ដ៏​ធំ​ ​ដែល​អនុញ្ញាត​ឲ្យ​ខ្មែរ​មាន​កម្លាំង​ក្នុង​គ្រប់​មជ្ឈដ្ឋាន​ក្នុង​គ្រប់​ វិស័យ​ ​ដើម្បី​សាង​ប្រទេស​ជាតិ​ឲ្យ​ថ្កុំថ្កើង​រុងរឿង​ ​ព្រះមហាក្សត្រ​ ​អ្នកដឹកនាំ​ជាតិ​ ​និង​អ្នកប្រាជ្ញ​ខ្មែរ​ក្នុង​អតីតកាល​ ​តែង​ឲ្យ​តម្លៃ​ ​លើក​បញ្ហា​នេះ​មក​ចោទ​ជា​ចម្បង​ ​ដូច្នេះ​ហើយ​បានជា​នៅ​តាម​សិលា​ចារឹក​ជា​ច្រើន​ ​ព្រះមហាក្សត្រ​ខ្មែរ​ធំៗ​ដែល​មាន​ព្រះ​នាម​ល្បីល្បាញ​ ​តែងតែ​គោរព​រម្លឹក​ឧបការគុណ​បំណាច់​របស់​ព្រះរាជ​គ្រូ​អ្នកប្រាជ្ញ​ទាំង​ អស់នោះ ។​ ​ពីព្រោះ​ព្រះមហាក្សត្រ​ខ្មែរ​យល់​ ​និង​មាន​ជំនឿ​ជាក់ច្បាស់​ថា​ ​បើ​ស្រុក​ខ្មែរ​បាន​ធំ​រុងរឿង​ខ្លាំងពូកែ​ ​មាន​កិត្យានុភាព​រន្ទឺ​ទៅ​គ្រប់​ទិស​ទី​ ​រហូត​ដល់​ប្រទេស​ចិន​ ​មិនមែន​ដោយសារ​តែ​ស្ដេច​មួយ​អង្គ​ឯង​គត់​នោះ​ទេ​ ​គឺ​ដោយសារ​អ្នកប្រាជ្ញ​ ​អ្នកចេះ​ដឹង​មាន​វិជ្ជា​ខ្ពង់ខ្ពស់​ ​នាម៉ឺន​មន្ដ្រី​ ​និង​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ ​ដែល​បាន​នាំ​គ្នា​បន្ដ​ទ្រឹស្ដី​នយោបាយ​ប្រាកដនិយម​ ​ដើម្បី​កសាង​ការពារ​ជាតិ​មាតុភូមិ ។

ដើម្បី​រំដោះ​ខ្មែរ​ពី ​អាណានិគម​ជ្វា​កោះ​ស្សាវ៉ា​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ ​ដោយ​មាន​ជំនួយ​ពី​អ្នកប្រាជ្ញ​តូច​ធំ​ខាង​ព្រហ្មញ្ញសាសនា​បាន​រៀបចំ​នយោបាយ ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​ទេវរាជ​ ​(Le​ ​Dieu-Roi) ហើយ​បាន​ប្រកាស​ឯករាជ្យ​ភាព​នៅ​ភ្នំ​គូលែន​ក្នុង​ ​គ.ស​ ​៨០២។

ដើម្បី ​រំដោះ​ខ្មែរ​ចេញពី​កណ្ដាប់ដៃ​នគរ​ចំប៉ា​ ​ហើយ​ដើម្បី​សម្រួល​នយោបាយ​ក្នុង​នគរ​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​បាន​បង្កើត​ទ្រឹស្ដី​មួយទៀត​មក​ជំនួស​ ​គឺ​ទ្រឹស្ដី​ពុទ្ធ​រាជ​ ​(Le​ ​Buddha​-Roi) ព្រះ​អង្គ​បាន​សាងសង់​ប្រាសាទ​ជា​ច្រើន​ ​សម្រាប់​តំណាង​ទ្រឹស្ដី​នេះ ។​ ​ទ្រឹស្ដី​នយោបាយ​​ខាងលើ​ ​ដែល​អ្នក​ស្រាវជ្រាវ​ ​និង​ប្រវត្ដិវិទូ​ខ្មែរ​បរទេស​ ​តែង​នាំ​គ្នា​យល់​ឃើញ​ត្រឹមតែ​ជា​ជំនឿ​សាសនា​ ​ផ្ទុយ​ទៅ​វិញ​ ​គឺ​ពិតជា​ព្រលឹង​ខ្មែរ​ ​ជា​ឋាមពល​ដ៏​ធំ​ដែល​បាន​ជំរុញ​ការ​កសាង​ ​និង​មហិទ្ធិ​តេជ​ចេស្ដា​ប្រទេស​កម្ពុជា ។​ ​តែ​ជោគជ័យ​ប្រសិទ្ធភាព​ទ្រឹស្ដី​នយោបាយ​របស់​បុព្វបុរស​ខ្មែរ​ ​ត្រូវការ​ពឹងផ្អែក​ជា​ចាំបាច់​ទៅ​លើ​ទ្រឹស្ដី​មួយទៀត​ ​ដែល​មាន​ឈ្មោះ​ថា​ ​ទសពិធរាជធម៌​ ​គឺ​ព្រះមហាក្សត្រ​ ​និង​អ្នកដឹកនាំ​ជាតិ​ដែល​ត្រូវ​យក​ទ្រឹស្ដី​ ​គោល​នយោបាយ​ធំៗ​ទៅ​អនុវត្ដ​ ​ដែល​ត្រូវ​គោរព​ ​ប្រកាន់​ ​ធ្វើ​តាម​ទ្រឹស្ដី​ទសពិធរាជធម៌​ឲ្យ​បាន​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន​ជាទី​ បំផុត ។​ ​បើ​ពុំនោះសោត​ទេ​ទោះបីជា​គោល​ជំហរ​នយោបាយ​ ​គោលបំណង​ ​ផែនការ​នោះ​ ​មាន​លក្ខណៈ​គុណសម្បត្ដិ​ល្អ​យ៉ាងដូចម្ដេច​ក៏​ដោយ​ ​ក៏​គេ​មិន​អាច​ធ្វើ​ឲ្យ​បាន​សម្រេច​ទទួល​នូវ​ជោគជ័យ​ដែរ ។​ ​ដូច្នេះ​ ​ខ្មែរ​ត្រូវ​មាន​ទ្រឹស្ដី​នយោបាយ​ល្អ​ប្រសើរ​ជា​មុន​សិន​ ​ទើប​ខ្មែរ​អាច​រៀបចំ​ស្ថាប័ន​ ​និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ជាតិ​ជា​ក្រោយ ។

៣- បញ្ហា​គ្រប់គ្រង​រៀបចំ​ស្ថាប័ន​ប្រទេស​ជាតិ​ដែល​តែងតែ​ប្រកប​ទៅ​ដោយ​ភាពល្អ​ ប្រសើរ​ត្រឹមត្រូវ​ ​មាន​យុ​ត្ដិ​ធ​ម័​ ​មាន​ប្រសិទ្ធភាព​ ​អាច​ឆ្លើយ​តប​ទៅ​តាម​គ្រប់​កាលៈទេសៈ ។​ ​នេះ​ជា​គុណសម្បត្ដិ​ ​និង​លក្ខណៈ​របស់​ព្រះមហាក្សត្រ​ និង​អ្នកដឹកនាំ​ជាតិ​ពិតប្រាកដ​ ​ដែល​ត្រូវ​មាន​ជាប់​ជានិច្ច​ក្នុង​ខ្លួន​ ​អ្នកដឹកនាំ​ជាតិ​ត្រូវ​ចេះ​រៀបចំ​ច្បាប់​ដាក់​ស្ថាប័ន​ជា​មូលដ្ឋាន​ ​និង​ជា​គ្រឹះ​នគរ​ ​ដើម្បី​ជៀសវាង​វិបត្ដិ​ ​និង​ផល​អាក្រក់​ទៅ​ថ្ងៃក្រោយ​ ​និង​ដើម្បី​រក​រូបមន្ដ​គ្រប់គ្រង​រៀបចំ​នគរ​ឲ្យ​បាន​ល្អ​ប្រពៃ​ ​ជា​ប្រភព​នៃ​សេចក្ដី​សុខក្សេមក្សាន្ដ​រុងរឿង​ក្នុង​សង្គម​ ​ជាបឋម​គេ​ត្រូវ​តែ​ចេះ​ ​និង​អនុវត្ដ​ទៅ​តាម​គន្លង​ធម៌​ ​ក្រឹត្យ​ក្រម​វិន័យ​ដែល​ចារ​ទុក​ក្នុង​ទ្រឹស្ដី​ ​ទស្សនៈ​ ​និង​គម្ពីរ​ក្បួនខ្នាត​ ​ទ្រឹស្ដី​ ​និង​ក្រឹត្យ​វិន័យ​ទាំងនេះ​ ​ក៏​បាន​អធិប្បាយ​ដែរ​អំពី​របៀប​ចាត់ចែង​រៀបចំ​គ្រប់គ្រង​នគរ​ ​និង​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ជាតិ​ ​ឧទាហរណ៍​មាន​ជា​ច្រើន​ដូច​ជា​ក្នុង​រាជ្យ​ព្រះបាទ​កេតុមាលា​ ​ក្រោយ​ដែល​ព្រះ​កេតុមាលា​ត្រូវ​ឆ្គួត​វង្វេង​ដោយ​អំណាច​បុណ្យ​សក្ដិ​ ​និង​ស្រី​ញី​ ​ព្រះ​ឥន្ទ្រាធិរាជ​បាន​យាងចុះ​មក​ពី​ស្ថានសួគ៌​ដើម្បី​ជួយ​រៀបចំ​ស្រុក​ ខ្មែរ​ឲ្យ​មាន​ស្ថាប័ន​ជាតិ​ជា​មូលដ្ឋាន​សម្រាប់​នគរ​ ​ធ្វើ​ឲ្យ​មាន​របៀបរៀបរយ​ ​មាន​សណ្ដាប់ធ្នាប់​ ​ព្រះឥន្ទ្រ​ ​ព្រះ​អង្គ​បាន​តាំង​ឲ្យ​មាន​ក្រុមប្រឹក្សា​ ​ឬ​រដ្ឋាភិបាល​ ​បើ​យើង​និយាយ​ទៅ​តាម​ភាសា​ទំនើប​ថ្មី​ដែល​មាន​សុទ្ធតែ​អ្នកប្រាជ្ញ​តូច​ធំ​ គ្រប់​ជាន់ថ្នាក់​ឲ្យ​មក​ធ្វើការ​រួម​អម​ជាមួយ​នឹង​ស្ដេច​គឺ​ក្នុង​គោលដៅ​ ជួយ​តម្រែតម្រង់​ណែនាំ​ព្រះមហាក្សត្រ​ ​ឬ​អ្នកដឹកនាំ​នគរ​ ​កុំ​ឲ្យ​ដើរ​ខុស​គន្លង​ធម៌​ ​វង្វេង​ដើរ​ជាន់​ចូល​ផ្លូវ​អាក្រក់​អបាយមុខ​ ​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​ជាតិ​ ​គ្មាន​គិតគូរ​ចាប់អារម្មណ៍​អំពី​ជោគវាសនា​អនាគត​ប្រជានុរាស្ដ្រ​ហើយ​គិតតែ​ នាំ​គ្នា​បម្រើ​បំពេញ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​គ្រួសារ​វង្ស​ត្រកូល​ ​និង​បក្សពួក​ដៃជើង ៘​ និង ៘

មិន​តែ​ប៉ុណ្ណោះ​ ​ដើម្បី​ងាយស្រួល​យល់​អំពី​ដង្ហើម​អាយុ​ជីវិត​នគរ​ ​ព្រះឥន្ទ្រ​ ​និង​ព្រះ​អានន្ទ​ ​បាន​នាំ​គ្នា​រៀបចំ​ឲ្យ​មាន​របៀប​ស្ទាបស្ទង់​មតិ​ ​ដោយ​បង្រៀន​កំណត់​វិធី​ឲ្យ​ចេះ​មើល​ ​ចេះ​យល់​អំពី​ប្រផ្នូល​ផ្សេងៗ​ ​ដែល​កើត​មាន​ឡើង​ក្នុង​នគរ​ ​ប្រផ្នូល​ទាំងនេះ​ ​ជា​សញ្ញា​អាច​អង្រន់​បញ្ជាក់​ស្មារតី​ព្រះមហាក្សត្រ​ ​និង​អ្នកដឹកនាំ​ជាតិ​ ​ឲ្យ​ចេះ​ភ្ញាក់​ដឹងខ្លួន​ទាន់​ពេលវេលា​ ​ហើយ​មិន​បណ្ដែត​បណ្ដោយ​ខ្លួន​ឲ្យ​លង់លក់​ភ្លេចខ្លួន​ក្នុង​សុបិន​ ​ដែល​យល់​ជឿជាក់​គិត​ឃើញ​ថា​ ​«មាន​តែ​អញ» ប្រផ្នូល​នេះ​មាន​ន័យ​ថា​ ​បើ​កើត​មាន​ហេតុភេទ​មិនល្អ​ក្នុង​សង្គម​ ​នោះ​គឺ​ការ​គ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ ​ឬ​អ្នកនយោបាយ​ ​មិន​បាន​ល្អ​ត្រឹមត្រូវ​ទៅ​តាម​គន្លង​ធម៌​ ​ច្បាប់​វិន័យ​នគរ​ ​ជា​ម្លប់​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ដ្រ​ឡើយ ។​ ​ក្នុង​ខណៈ​នោះ​ អ្នកដឹកនាំ​ជាតិ​ត្រូវ​ស្វះ​ស្វែង​រក​យល់​ ​ត្រូវ​តែ​ចេះ​ផ្លាស់​ប្ដូរ​ស្ថាប័ន​ ​របៀប​គ្រប់គ្រង​រដ្ឋ​ ​ឲ្យ​ទន់​ពេលវេលា​ផ្ទុយ​ទៅ​វិញ​ ​បើ​គេ​នៅ​តែ​ក្រាញ​មានៈ​ ​មិន​ព្រម​យល់​ទទួលស្គាល់​ភាព​ពិត​ប្រត្យក្ស​និយម​ទេ​ ​ព្រះមហាក្សត្រ​ ​និង​អ្នកនយោបាយ​នោះ​ ​នឹង​ជួប​ប្រទះ​គ្រោះថ្នាក់​មហន្ដរាយ​គ្រប់​ប្រភេទ​ ​គ្រប់​បែប​យ៉ាង​ ​ហើយ​ជាមួយ​គ្នា​នោះ​ដែរ​ប្រជាជន​ ​និង​ជាតិ​មាតុភូមិ​ ​ក៏​មិន​អាច​គេច​ផុត​អំពី​បាបកម្ម​ដែរ ។​ ​នេះ​គឺជា​កំហុស​របស់​អ្នកដឹកនាំ​ជាតិ​ ​តែ​អ្នក​ដែល​ត្រូវ​ទទួល​កំហុស​ជំនួស​អ្នកធំ​មាន​បណ្ដា​ស័ក្ដិ​នោះ​គឺ​ ប្រជាជន​ទៅ​វិញ​សោះ ។

ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ ឥន្ទ្រវរ្ម័ន​ទី​១​ ​ដោយ​យល់​ឃើញ​ថា​គ្រោះថ្នាក់​មហន្តរាយ​មួយ​ចំណែក​ធំ​ច្រើន​តែ​កើត​ចេញ​អំពី​ ការ​ដណ្ដើម​រាជ្យ​គ្នា​រវាង​ស្ដេច​ខ្មែរ​ ​ហើយ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ស្នងរាជ្យ​ចោទ​ក្លាយ​រាល​ទៅ​ជា​ការ​ បែកបាក់​សាមគ្គី​ ​បង្កបង្កើត​ជា​សង្គ្រាម​ផ្ទៃក្នុង​ ​ព្រះ​អង្គ​បាន​ចាត់ចែង​ ​ចាត់​តែង​កំណត់​ ​ដាក់​ឲ្យ​មាន​ស្ថាប័ន​ក្រឹត្យ​ក្រម​ក្នុង​ព្រះរាជ​វង្ស​ព្រះមហាក្សត្រ​ ​គឺ​ព្រះ​អង្គ​បាន​កំណត់​អំពី​ឋានៈ​ ​តំណែង​របស់​ក្រុម​ស្ដេច​ ​ដែល​អាច​មាន​សិទ្ធិ​ ​ឬ​គ្មាន​ក្នុង​ករណី​ដែល​ត្រូវ​ឡើង​សោយរាជ្យ​សម្បត្ដិ ។

៤- បញ្ហា​ឆ្កួត​វង្វេង​នឹង​អំណាច​ ​ស្រី​ញី​ ​មាស​ពេជ្រ​ ​ប្រាក់​កាស​ ​ដែល​ធ្វើ​ឲ្យ​ស្រុក​ទេស​ធ្លាក់​កប់​ជ្រៅ​ទៅ​ក្នុង​ជ្រោះ​មហន្ដរាយ​ ​ដែល​នាំ​មក​នូវ​ទុក្ខទោស​ ​ភ័យ​ព្រួយ​វេទនា​ ​ឈឺ​ចុកចាប់​ខ្លោចផ្សា​ ​ព្រាត់ប្រាស​ប្ដី​ប្រពន្ធ​ឪពុក​ម្ដាយ​កូនចៅ​ ​បងប្អូន​ ​ក្រុម​ញាតិ​គ្រួសារ​ថ ៘​ ​និង​៘ ព្រះ​កេតុមាលា​ ​មុន​នឹង​បាន​ក្លាយ​ទៅជា​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ​ដ៏​ល្អ​ប្រសើរ​ ​ព្រះ​អង្គ​ធ្លាប់​បាន​ឆ្លងកាត់​ប្រភព​គ្រោះថ្នាក់​នេះ​ដែរ ។​ ​ក្នុង​សតវត្ស​ទី​១៥​ ​បន្ទាប់​ពី​រាជ្យ​ព្រះ​ចៅ​ពញាយ៉ាត​ ​ព្រះ​ស្រីរាជា​ ​ព្រះ​ធម្មរាជា​ ​និង​ព្រះ​ស្រីសុរិយោទ័យ​ ​ដែល​ត្រូវជា​បងប្អូន​បង្កើត​ ​និង​ត្រូវជា​ក្មួយបង្កើត​ ​បាន​ទាស់ទែង​ខ្វែងគំនិត​គ្នា​ឈ្លោះប្រកែក​ប្រទូសរ៉ាយ​ ​ធ្វើ​ចម្បាំង​រាំងជល​ ​ដណ្ដើម​យក​រាជបល្ល័ង្ក​ ​ស្រុក​ខ្មែរ​ត្រូវ​បែងចែក​ជា​នគរ​បី​ ​មាន​ស្ដេច​បី​​សោយរាជ្យ​ ​ដោយ​មិន​អាច​យក​ជ័យ​ជំនះ​ផ្ដាច់ព្រ័ត្រ​ឡើង​សោយរាជ្យ​ម្នាក់ឯង​ ​ស្ដេច​ខ្មែរ​ព្រះ​ធម្មរាជា​បាន​រត់​ទៅ​ពឹង​សៀម​ ​សុំ​ឲ្យ​លើកទ័ព​មក​ជួយ​ធ្វើ​អន្ដរាគម​ ​ការ​ឆ្កួត​វង្វេង​របស់​ព្រះមហាក្សត្រ​ ​និង​អ្នកដឹកនាំ​ខ្មែរ​ ​ដែល​មិន​គិតគូរ​អំពី​អាយុជីវិត​ ​ផលប្រយោជន៍​ប្រទេស​ជាតិ​ ​ហើយ​រត់​ទៅ​រក​បរទេស​ឲ្យ​ចូល​មក​ជួយ​ ​ជា​ព្រឹត្ដិការណ៍​មួយ​ដែល​តែងតែ​កើត​មាន​ជា​ហូរហែ​ផ្ទូនៗ​គ្នា​ ​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ពង្សាវតារ​ខ្មែរ​បាន​បង្ហាញ​បញ្ជាក់​ឲ្យ​យើង​ឃើញ​យ៉ាង​ជាក់ច្បាស់​ថា​ ​រាជបល្ល័ង្ក​ ​អំណាច​ ​និង​ការ​ល្មោភ​លោភលន់​នេះ​ហើយ​ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​ទឹកដី​ខ្មែរ​ ​កេរ្ដិ៍​ដំណែល​មរតក​ទ្រព្យសម្បត្ដិ​ខ្មែរ​ ​កិត្ដិយស​ខ្មែរ​ ​និង​កិត្យានុភាព​ខ្មែរ​ ​ត្រូវ​ខាតបង់​ ​រលាយ​រូប​បាត់​បន្ដិច​ម្ដងៗ ។

៥- បញ្ហា​យុត្ដិធម៌​ ​និង​អត់ឱន​សន្ដោស​ ​ពីព្រោះ​ការ​កោងកាច​សាហាវ​យង់ឃ្នង​ ​ឥត​ធម៌​មេត្ដា​ប្រោសប្រណី​ ​ឥត​យុត្ដិធម៌​ ​ខ្វះ​ការ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​ ​ហើយ​មើល​មិន​បាន​វែង​ឆ្ងាយ​ ​ចំ​អត្ថប្រយោជន៍​ជាតិ​ ​និង​ប្រជានុរាស្ដ្រ​នឹង​នាំ​មក​តែ​ក្ដី​ក្ដៅក្រហាយ​មិន​សប្បាយចិត្ដ​ ​វិនាស​អន្ដរាយ​ហិនហោច​ខ្លោចផ្សា​ ​ព្រាត់ប្រាស​ ​និង​ទុក្ខ​ព្រួយ​វេទនា​សោកសង្រេង​តែ​ប៉ុណ្ណោះ​ ​តួអង្គ​ជាក់ស្ដែង​ ​មាន​ជា​អាទិ​ក្នុង​ប្រវត្ដិ​ស្ដេច​គម្លង់​ ​និង​ស្ដេច​ពាល​ ​ដោយ​ភាព​កោងកាច​ព្រៃផ្សៃ​អយុត្ដិធម៌​ ​ស្ដេច​គម្លង់​ត្រូវ​មាន​ជម្ងឺឃ្លង់​ភ្លើង​រហូត​ដល់​ថ្ងៃ​ស្លាប់ ។​ ​ស្ដេច​ពាល​ដែល​អាង​ប្រើ​អំណាច​ផ្ដាច់​ការ​ ​គ្មាន​វិចារណញ្ញាណ​ ​គ្មាន​ព្រហ្ម​វិហារធម៌​ ​គ្មាន​ករុណា​មេត្ដាធម៌​ ​ហើយ​មិន​គោរព​ ​អនុវត្ដ​ទៅ​តាម​ច្បាប់​ក្រឹត្យ​ក្រម​វិន័យ​ព្រះមហាក្សត្រ​ ​ត្រូវ​នាម៉ឺន​មន្ដ្រី​នាគ​រត់​ចោល​លែង​នៅ​ជួយ​ធ្វើការ​បម្រើ​នគរ​ ​ប្រទេស​ជាតិ​ ​និង​វត្ថុ​សក្ដិ​សិទ្ធ​ត្រូវ​ក្ដៅ​ក្រហល់​ក្រហាយ​ ​រំជួល​អស់​ព្រះធរណី​ ​បណ្ដាល​ឲ្យ​កើត​មាន​ចលាចល​ ​អភូតហេតុ​លិចលង់​អស់​ប្រទេស​កម្ពុជា​ ​នាំ​មក​តែ​ក្ដី​វិនាស​អន្ដរាយ​គ្មាន​សេស​សល់ ។

៦- បញ្ហា​បរទេស​ ​ដែល​ខ្មែរ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ​ត្រូវ​តែ​កុំ​ទុកចិត្ដ​ ​ហើយ​ដែល​ខ្មែរ​មិន​ត្រូវ​នាំ​គ្នា​ទៅ​ដេក​ដួល​ផ្ញើ​វាសនា​ជាមួយ​សោះឡើយ​ ​បរទេស​មិន​ដែល​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ទេ​ ​ខ្មែរ​មិន​ត្រូវ​ចាញ់បោក​បរទេស​ដែរ​ ​ហើយ​បែរជា​នាំ​គ្នា​ទៅ​កាប់​ចាក់​ ​សម្លាប់​តែ​ប្រជាជន​ឯង​ ​និង​លក់​ទឹកដី​ដូនតា​ឯង​ឲ្យ​បរទេស​នោះ​ឡើយ​ ​ព្រឹត្ដិការណ៍​ជា​ច្រើន​ ​ដូច​ជា​ប្រវត្ដិ​ពេល​ខ្មែរ​បែក​អង្គរ​លើក​ដំបូង​ ​បាន​លើក​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ល្បិច​បរទេស​ ​បន្ទាយលង្វែក​ត្រូវ​សៀម​វាយ​បែក​ ​ដោយ​ស្ដេច​ខ្មែរ​ទុកចិត្ដ​ចារបុរស​សៀម​ ​ដែល​បង្កប់​បន្លំ​ខ្លួន​ជា​ព្រះសង្ឃ​ ​ព្រះ​រាមាជើងព្រៃ​ ​ត្រូវ​អស់​ព្រះជន្ម​ ​សុគត​ ​ដោយសា​ទុកចិត្ដ​ពួក​បរទេស​អឺរ៉ុប​៘​ ​និង​៘ ព្រឹត្ដិការណ៍​ទាំងនេះ​ ​កើតឡើង​បណ្ដាល​មក​អំពី​ស្ដេច​ខ្មែរ​ ​អ្នក​កាន់​អំណាច​ខ្មែរ​ ​មិន​ទុកចិត្ដ​ខ្មែរ​គ្នា​ឯង​ ​ហើយ​បែរជា​ជឿ​ទុកចិត្ដ​ ​លើក​តម្កើង​ ​យក​បរទេស​ជា​ធំ​ ​ដោយ​ឃើញ​ថា​ ​គេ​ចេះ​ជាង​ជាតិ​ឯង ។

៧- បញ្ហា​សាមគ្គីភាព​ ​ដែល​ប្រៀនប្រដៅ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​រួប​រូម​កម្លាំង​គ្នា​ ​ហើយ​ចេះ​ខំប្រឹង​ប្រែង​ប្រើ​កម្លាំង​ខ្លួនឯង​ផ្ទាល់​ ​ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​បាន​រឹងប៉ឹង​ ​ខ្លាំងក្លា​មាំមួន ។​ ​ដោយសារ​កម្លាំង​សាមគ្គីភាព​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ ​បាន​រំដោះទឹកដី​ខ្មែរ​ឲ្យ​មាន​សេរីភាព​ ​ឯករាជ្យ​ភាព​ ​ចេញ​ផុត​ពី​អាណានិគម​ត្រួតត្រា​របស់​ស្ដេច​ជ្វា​កោះ​ស្សាវ៉ា ។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​ដោយ​ពឹងផ្អែក​ទៅ​លើ​ទឹកចិត្ដ​ស្នេហា​ ​និង​សាមគ្គី​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​គ្រប់​ភូមិ​ស្រុក​ខេត្ដ​ ខណ្ឌ​ ​ព្រះ​អង្គ​បាន​វាយ​កម្ចាត់​យក​ជោគជ័យ​ឈ្នះ​លើ​កងទ័ព​ស្ដេច​នគរ​ចំប៉ា​ ​ហើយ​រំដោះ​មហានគរ​ ​និង​ស្រុក​ខ្មែរ​ទាំងមូល​ ។​ ​បន្ទាប់​មក​ ​ព្រះ​អង្គ​បាន​ទាំង​លើកទ័ព​ទៅ​វាយប្រហារ​យក​នគរ​ស្ដេច​ចំប៉ា​ដដែល​មក​ដាក់​ ចំណុះ​ ​បញ្ចូល​ជា​ខេត្ដ​ខ្មែរ ។​ ​ព្រះបាទ​ពញាយ៉ាត​ ​ព្រះមហាក្សត្រ​ខ្មែរ​ ​ដោយសារ​កម្លាំង​សាមគ្គីភាព​រវាង​ខ្មែរ​និង​ខ្មែរ​ ​ព្រះ​អង្គ​បាន​រំដោះ​មហានគរ​ ​និង​ប្រទេស​ជាតិខ្មែរ​ទាំងមូល​ឲ្យ​ចេញ​ផុត​ពី​កណ្ដាប់ដៃ​អាណានិគម​សៀម​ ​គឺ​កត្ដា​នេះ​ហើយ​ដែល​បាន​ជំរុញ​ ​និង​កសាង​ប្រទេស​ខ្មែរ​ឲ្យ​បាន​រុងរឿង​ថ្កុំថ្កើង​ ​ធំ​ទូលំទូលាយ​ ​ជា​មហាអំណាច​ក្នុង​សម័យ​អតីតកាល ។

៨- បញ្ហា​អ្នកដឹកនាំ​គ្រប់គ្រង​ផែនដី​ ​ដែល​ល្អ​ប្រសើរ​ និង​ប្រពៃ​នោះ​ ​គឺ​ត្រូវ​ចេះ​ជ្រើសរើស​រក​សហការី​ល្អៗ​ដែល​មាន​សមត្ថភាព​ពេញលេញ​ច្បាស់​ លាល់​បរិបូណ៌​ត្រឹមត្រូវ​ ​ស្នេហា​ជាតិ​ឲ្យ​ចូល​មក​រួម​ជួយ​ធ្វើ​សហប្រតិបត្ដិការ​បម្រើ​នគរ​ ​និង​ប្រជាជន​ ​អ្នកដឹកនាំ​ជាតិ​ត្រូវ​គោរព​អនុវត្ដ​​តាម​ច្បាប់​ធម៌​វិន័យ​ប្រព្រៃណី​ សង្គម​ជាតិ​ ​ត្រូវ​មាន​យុត្ដិធម៌​ ​ចេះ​អត់ឱន​សន្ដោស​ប្រោសប្រណី​ ​ចេះ​មើល​វែង​ឆ្ងាយ​ឲ្យ​ផុត​ចុង​ច្រមុះ​ ​ចេះ​អារកាត់​ ​ហើយ​និង​ត្រូវ​ចេះ​ស្វែងរក​យល់​គ្រប់​ហេតុផល​ ​គ្រប់​ហេតុភេទ​ប្រផ្នូល​ដែល​កើត​មាននៅ​ក្នុង​នគរ​ ​អ្វី​ដែល​មាន​ផុះផុល​ចេញ​មក​ ​សុទ្ធតែ​មាន​ហេតុផល ។​ ​ដូច្នេះ​គេ​ត្រូវ​តែ​សំភី​ ​ខំ​ស្រាវជ្រាវ​រាវរក​បុព្វហេតុ​ ​ឲ្យ​ទាល់តែ​ឃើញ​ ​និង​សិក្សា​ពិចារណា​រក​យល់​ ​ក្នុង​ទស្សនៈ​ ​គោលដៅ​រក្សា​ការពារ​ប្រទេស​ជាតិ​ ​និង​ប្រជានុរាស្ដ្រ​ ​កុំឲ្យ​ជួប​ប្រទះ​នឹង​ភ័យន្ដរាយ​ទាន់​ ​ហើយ​អ្នកដឹកនាំ​ជាតិ​ដ៏​ល្អ​ក៏​ត្រូវ​ចេះ​នាំ​មក​នូវ​ភាព​ត្រជាក់ត្រជុំ​ ចម្រុងចម្រើន​ដល់​សង្គម​ជាតិ​ដែរ​ ​របៀប​រៀបចំ​ ​និង​ពាក្យ​ប្រៀនប្រដៅ​ក្នុង​ន័យ​ខាងលើ​នេះ​ ​គេ​ឃើញ​មាន​ជា​ហូរហែ​ក្នុង​ពង្សាវតារ​ខ្មែរ​ដែរ​ ​ដូច​ជា​ក្នុង​ប្រវត្ដិ​សម្ដេច​ព្រះ​កុម៉ែរាជ​ ​ឬ​ព្រះថោង​នាងនាគ​ ​ព្រះ​ទេវង្សអស្ចារ្យ​ ​តា​ព្រហ្ម​ឈ្មួញ​គោ​ ​ព្រះ​កេតុមាលា​ ​ព្រះបាទ​បទុមសុរិយាវង្ស​ ​ព្រះបាទ​បក្សីចាំក្រុង​ ​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ព្រះបាទ​យសោវរ្ម័ន​ទី​២​ ​ព្រះ​ជ័យវរ្ម័ន​ទី​៧​ ​ព្រះបាទ​ពញាយ៉ាត​ ​ព្រះបាទ​អង្គច័ន្ទ​ទី​១​ ​ព្រះបាទ​ស្រីសុរិយោពណ៌​ ​និង​តាម​សិលា​ចារឹក​ជា​ច្រើន​ ​ដែល​មាន​សេសសល់​រហូត​មក​ដល់​បច្ចុប្បន្ន ។

៩ – ការ​កសាង​ជាតិ​ ​ត្រូវ​ស្ថិត​នៅ​ជា​គោលដៅ​ធំ​របស់​អ្នកដឹកនាំ​ជាតិ​ ​ឧត្ដមគតិ​ ​ទស្សនៈ​ ​និង​គោលបំណង​ធំ​របស់​ព្រះមហាក្សត្រ​ ​ឬ​អ្នកដឹកនាំ​នយោបាយ​ ​មិនមែន​ត្រូវ​ឈប់​កំណត់​ត្រឹម​ឈោង​ដណ្ដើម​យក​អំណាច​បាន​នោះ​ទេ ។​ ​គេ​ត្រូវ​យក​អំណាច​តាម​ផ្លូវច្បាប់​នោះ​មក​បម្រើ​ប្រយោជន៍​ប្រទេស​ជាតិ​ ​គេ​ត្រូវ​ចោល​កន្ទុយភ្នែក​មើល​ឲ្យ​បាន​ឆ្ងាយ​ទៅ​អនាគតកាល​ ​គេ​ត្រូវ​រៀបចំ​កសាង​ស្ថាបនា​បច្ចុប្បន្ន​សម្រាប់​អនាគត​ ​ដោយ​តម្រូវ​ឲ្យ​សម​ស្រប​ទៅ​តាម​ទស្សនៈ​ស្នេហា​ជាតិ ។

ព្រះមហាក្សត្រ ​ខ្មែរ​សម័យ​មហានគរ​ ​បាន​ជីក​បារាយណ៍ណ៍​ ​ព្រែក​អូរ​ជ្រលង​ទឹក​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ដើម្បី​កសាង​កសិកម្ម​ និង​សេដ្ឋកិច្ច​ជាតិ ។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​បាន​កសាង​មន្ទីរ​ពេទ្យ​ ​ផ្ទះសំណាក់​ ​និង​ផ្លូវថ្នល់​គមនាគមន៍​ទៅ​ស្រុក​ភូមិ​ជិត​ឆ្ងាយ​ នេះ​យើង​មិន​រាប់​ពី​ប្រាង្គ​ប្រាសាទ​រាប់រយ​ពាន់​ដែល​មាន​ពាសពេញ​នគរ​ផង​ ​បុព្វបុរស​ខ្មែរ​បាន​ផ្សំ​ការ​កសាង​ជាតិ​ទៅ​នឹង​សាសនា​ ​ទ្រឹស្ដី​នយោបាយ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​មាន​បាន​ ​និង​នគរ​មាន​កិត្យានុភាព​ ​គឺ​មិន​ធ្វើ​ត្រឹមតែ​ឲ្យ​បរទេស​គេ​ទទួល​ស្គាល់​ ​មានឈ្មោះ​ល្បីល្បាញ​ ​ហើយ​បណ្ដោយ​ឲ្យ​នគរ​ ​និង​ប្រជាជន​រង​ទុក្ខទោស​ភ័យភិត​ ​គ្មាន​សន្ដិសុខ​ ​ក្រីក្រ​វេទនា​នោះ​ទេ ។​ ​បើ​គ្មាន​ការ​កសាង​ជាតិ​ ​គ្មាន​ការ​គិតគូរ​ដោះស្រាយ​បញ្ហា​ជីវភាព​រាស្ដ្រ​ឲ្យ​បាន​ល្អ​ថ្លៃថ្នូរ​ជា ​មនុស្ស​ទេ​ ​នោះ​ព្រះមហាក្សត្រ​ ​អ្នកដឹកនាំ​នយោបាយ​ ​នឹង​ក្លាយទៅជា​អ្នក​ល្មោភ​អំណាច​តែ​ប៉ុណ្ណោះ ។

បណ្ដាំ​ជា​ កេរ្ដិ៍​មរតក​របស់​ជីដូន​ជីតា​ខ្មែរ​យើង​នៅ​មាន​លាក់​បង្កប់​អាថ៌​កំបាំង​ ច្រើន​តទៅ​ទៀត​ ​មិនមែន​មាន​តែ​ក្នុង​ពង្សាវតារ​ ​និង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ប៉ុណ្ណោះ​នោះ​ទេ ។​ ​នៅ​ក្នុង​អក្សរសាស្ដ្រ​ ​និង​រឿងព្រេង​និទាន​ផ្សេងៗ​ ​ក៏​យើង​អាច​ពិនិត្យ​ឃើញ​សក្ខី​ភាព​ទាំងនេះ​ដែរ​ ​គឺជា​ការ​ជំរុញ​យើង​ឲ្យ​ចេះ​យក​ការ​ពិចារណា​ ​រក​ស្គាល់​យល់​ ​អាច​ដឹង​ឮ​អំពី​ធាតុ​ពិត​ និង​ស្ថានភាព​ប្រាកដនិយម​នៃ​ប្រទេស​កម្ពុជា​ ​នេះ​ជា​ឫស​គល់​ ​ជា​ពូជ​កំណើត​របស់​ខ្មែរ​ ​ប្រសិនបើ​ខ្មែរ​នាំ​គ្នា​បំផ្លាញ​កាត់​ផ្ដាច់​ខ្លួន​ឲ្យ​ដាច់​អំពី​ឫស​គល់​ នេះ​ ​នោះ​ដើមឈើ​ខ្មែរ​ ​មែកធាង​ ​ស្លឹក​ ​ផ្លែផ្កា​ខ្មែរ​ ​ក៏​ត្រូវ​ងាប់​វិនាស​អន្ដរាយ​ហិនហោច​អស់​ដែរ​ ​ការ​ស្គាល់​យល់​អំពី​ប្រវត្ដិ​ខ្លួន​យ៉ាង​ជាក់ស្ដែង​ពិតប្រាកដ​ ​នឹង​ញ៉ាំង​ឲ្យ​ខ្មែរ​យើង​មាន​ព្រលឹង​ ​មាន​ស្មារតី​ជាតិ​ចេះ​ប្រកាន់​ខ្លួន​ជាក់ស្ដែង​ពិតប្រាកដ​ ​នឹង​ញ៉ាំង​ឲ្យ​ខ្មែរ​យើង​មានព្រលឹង​ ​មាន​ស្មារតី​ជាតិ​ ​ចេះ​ប្រកាន់​នូវ​ឥរិយាបថ​មួយ​យ៉ាង​ថ្លៃថ្នូរ​ខ្ជាប់ខ្ជួន​ម៉ើង​ម៉ាត់​ ​នៅ​ចំពោះ​មុខ​បច្ចុប្បន្នកាល​របស់​យើង​ឲ្យ​បាន​ភ្លឺស្វាង​ ​រីក​ចម្រើន​សម្បូរ​សប្បាយ​សុខសាន្ដ​ ​ក្នុង​ភាព​ឯករាជ្យ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ភាព​ ​និង​សុភមង្គល ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: