ប្រវត្តិសាស្ត្រ​​ខ្មែរ ភាគ​រឿង​ព្រេង​និទាន និង​តាម​រយៈ​សិលាចារិក ទំព័រទី៣


អារម្ភកថា

នៅ ​ប្រទេស​ខ្មែរ​យើង​ ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា​ ​បងប្អូន​ខ្មែរ​មួយ​ភាគ​ធំ​ ​តាំង​តែ​ពី​អ្នកស្រែ​ចម្ការ​រហូត​ដល់​នាម៉ឺន​មុខមន្ត្រី​ ​អ្នកនយោបាយ​មាន​យស​សក្ដិ​ធំ​ ​គេ​មិនសូវ​ឲ្យ​តម្លៃ​ ​និង​មិនសូវ​និយម​យក​ចិត្ដ​ទុក​ដាក់​ត្រិះ​រិះ​ពិចារណា​ ​ចង់​ដឹង​ចង់​ស្គាល់​អំពី​ប្រវត្ដិសាស្ដ្រ​ជាតិ​ ​ដែល​ជា​ឫស​គល់​ ​ជា​ពូជសាសន៍​ ​និង​ជា​ព្រលឹង​ជាតិ​របស់​ខ្លួន​ឡើយ ។

ចំណែកឯ​ការ​ ចង​ចេះ​ចាំ​ ​រៀនសូត្រ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វិញ​ក៏ ​យើង​មិនសូវ​មាន​ដែរ ។​ ​អ្វីៗ​ដែល​គេ​បាន​ចង​ចាំ​ខ្លះ​នោះ​ ​គឺ​បាន​ទទួល​មក​អំពី​ការ​ឮ​សូរ​ ​ការ​ស្ដាប់​តាម​ពាក្យពេចន៍​ ​ការ​និទាន​រៀបរាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ។​ ​ការ​ចង​ចាំ​ទាំងនេះ​មាន​លក្ខណៈ​ស្រពិចស្រពិល​ ​មិន​បាន​ច្បាស់លាស់​ទេ ។​ ​ដែល​ជា​ហេតុ​នាំ​មក​នូវ​ផល​អាក្រក់​គ្រប់​បែប​យ៉ាង​ចំពោះ​ខ្លួនឯង​ផ្ទាល់​ ​ក៏​ដូច​ជា​ចំពោះ​ប្រទេស​ជាតិ​ទៅ​អនាគត​ដែរ ។​ ​បុព្វហេតុ​ធំ​គឺ​បណ្ដាល​មក​ពី​យើង​ខ្វះ​សៀវភៅ​ក្បួនខ្នាត​សម្រាប់​សិក្សា​ ​ហើយ​អ្នក​អប់រំ​បង្ហាត់​បង្រៀន​ដែល​មាន​សម្ថភាព​ក៏​មាន​មិន​ច្រើន ។​ ​កំហុស​នេះ​ ​គេ​មិន​អាច​ជះ​ ​និង​ទម្លាក់​ទៅ​លើ​ប្រជានុរាស្ដ្រ​ខ្មែរ​ទាំង​ស្រុក​ឡើយ ។​ ​នេះ​ជា​កំហុស​នយោបាយ​របស់​អ្នកដឹកនាំ​នគរ​ ​ដែល​ខ្វះ​ការ​ពិចារណា​ ​ឬ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​អប់រំ​ណា​ដែល​ទាក់ទង​ទៅ​នឹង​ ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​របស់​ខ្លួន​ ​មិន​បាន​រៀបចំ​ផែនការ​នយោបាយ​អប់រំ​ផ្នែក​ប្រវត្ដិសាស្ដ្រ​ប្រទេស​ជាតិ​នោះ ​ក៏​ដូច​ជា​បាន​បំផ្លិចបំផ្លាញ​ ​កំទេច​ព្រលឹង​របស់​ជាតិ​ខ្លួនឯង​ដែរ ។​ ​ប្រជាពលរដ្ឋ​ប្រទេស​ជាតិ​នោះ​ ​មាន​តែ​សំបក​រូបរាង​ខាងក្រៅ​ ​មាន​តែ​ខ្លួន​ប៉ុណ្ណោះ​ ​តែ​គ្មាន​ព្រលឹង​ ​គ្មាន​វិញ្ញាណ​ ​និង​គ្មាន​អត្ដសញ្ញាណ​អ្វី​ទាំងអស់ ។​ ​កង្វះ​នយោបាយ​ពិតប្រាកដ​ក្នុង​វិស័យ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ជាតិ​ ​អាច​នាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្រឡំ​ខុស​ ​មិន​ស្គាល់​តម្លៃ​ ​បំភ្លេច​ចោល​អស់​នូវ​អ្វី​ដែល​ជា​ព្រលឹង​ជាតិ ។​ ​គ្រានោះ​ ​ខ្មែរ​នឹង​បែរជា​នាំ​គ្នា​ឲ្យ​តម្លៃ​ ​សរសើរ​ ​គោរព​កោតខ្លាច​អ្វី​ដែល​ជា​មនោគម​វិជ្ជា​ ​និង​វប្បធម៌​បរទេស ។​ ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ខ្មែរ​ ​និង​ត្រូវ​គេ​បន្ថោក​មាក់ងាយ​ ​មិន​រាប់អាន​ ​លើក​ស្ទួយ​ដំកើង​ឲ្យ​តម្លៃ​ឡើយ ។​ ​តើ​នរណា​នឹង​យក​ចិត្ដ​ទុក​ដាក់​ ​ឬ​នឹង​ហ៊ាន​យកអាយុ​ជីវិត​ ​ជោគវាសនា​អនាគត​របស់​ខ្លួន​ផ្ទាល់​ទៅ​ប្រថុយ​ដាក់​ប្ដូរ​ ​សម្រាប់​ថែរក្សា​ ​និង​ការពារ ?…គ្រានោះ​ ​អ្នក​សិក្សា​ ​អ្នក​ស្រាវជ្រាវ​សាស្ត្រាចារ្យ​ ​គ្រូបង្រៀន​ ​អ្នក​អប់រំ​ ​និង​អ្នកនិពន្ធ​ក៏​គ្មាន​ ​អ្នក​បោះពុម្ពផ្សាយ​សៀវភៅ​ក៏​គ្មាន​ ​ហើយ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ ​ក៏​ត្រូវ​រលាយ​ដែរ ។

ជា​ ខ្មែរ យើង​មាន​ប្រវត្ដិសាស្ដ្រ​ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ ។​ ​ការ​មិន​យក​ចិត្ដ​ទុកដាក់ ការ​បំភ្លេច​ចោល​នូវ​ប្រវត្ដិ​របស់​ជាតិ​ខ្លួន អាច​ចាត់ទុកជា​កំហុស​មួយ​ធ្ងន់​ណាស់​នៅ​ចំពោះ​មុខ​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា ​បុព្វបុរស​យើង ។​ ​ដូចនេះ​ ​យើង​ជា​កូន​ខ្មែរ​ ​ត្រូវ​នាំ​គ្នា​ស្វាធ្យាយ​រៀនសូត្រ​ ​ឲ្យ​បាន​ចេះ​ចង​ចាំ​ច្បាស់លាស់​ ​ដើម្បី​ទុក​យក​មក​ស្រាវជ្រាវ​ ​រិះគិត​ថ្លឹងថ្លែង​ពិចារណា​ ​ហើយ​ដកស្រង់​យក​មក​ធ្វើ​ជា​មេរៀន​សម្រាប់​បច្ចុប្បន្នកាល​ផង​ ​និង​សម្រាប់​អនាគត​កាល​ផង ។​ ​អ្វី​ដែល​នឹង​ត្រូវ​កើត​ក្នុង​អនាគតកាល​ ​សុទ្ធតែ​មាន​ជាប់ជំពាក់​ទាក់ទង​ចេញ​មក​អំពី​គ្រប់​សកម្មភាព​ ​គ្រប់​អំពើ​ ​ឬ​គ្រប់​បញ្ហា​នយោបាយ​បច្ចុប្បន្ន ។​ ​ហើយ​អ្វី​ដែល​កំពុង​តែ​កើត​ក្នុង​បច្ចុប្បន្ន​ ​មិនមែន​កើត​ដោយ​ចៃដន្យ​ដោយ​ឯកឯង​នោះ​ទេ​ ​គឺ​បាន​កើត​ចេញ​មក​អំពី​គ្រប់​អំពើ​ ​គ្រប់​សកម្មភាព​នយោបាយ​ ​ដែល​គេ​បាន​ប្រព្រឹត្ដ​នៅ​ក្នុង​អតីតកាល ។

ដូច្នេះ​គ្រប់​ ព្រឹត្ដការណ៍​តូច​ធំ​ ​ដែល​មាន​ពាសពេញ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​យើង ​សុទ្ធតែ​មាន​កំណើត​កើត​មក​អំពី​អំពើ​ និង​សកម្មភាព​របស់​ខ្មែរ​គ្រប់​រូប​ ​ក្នុង​គ្រប់​ជំនាន់ ។​ ​បើ​យើង​បាន​កសាង​ល្អ​ធ្វើ​សកម្មភាព​ ​បំពេញ​ករណីយកិច្ច​ដោយ​ចិត្ដ​អារម្មណ៍​ស្មោះត្រង់​ត្រឹមត្រូវ​ល្អ​ប្រពៃ​ ចំពោះ​ប្រទេស​ជាតិ​មាតុភូមិ​ ​ពេល​នោះ​ ​ប្រទេស​ជាតិ​ខ្មែរ​របស់​យើង​ ​ក៏​បាន​ទទួល​នូវ​ផល​ល្អ​បរិសុទ្ធ​ ​គ្មាន​ជំពាក់​ជំពិត​ពិសពុល​ដែរ ។​ ​តែបើ​យើង​កសាង​នូវ​អំពើ​អាក្រក់​ ​ពោរពេញ​ទៅ​ដោយ​បាបកម្ម​មាន​ចិត្ដ​គំនិត​ជា​ទេវទត្ដ​មិន​ទៀងត្រង់​ ​ក្បត់​ប្រយោជន៍​ប្រទេស​ជាតិ​ ​ប្រទេស​ជាតិ​នឹង​ត្រូវ​ជួប​ប្រទះ​នូវ​សោកនាដកម្ម​អន្ដរកប្ប​ ​ចលាចល​ ​និង​ទទួល​នូវ​ផលវិបាក​ ​វិនាស​ហិនហោច​អន្ដរាយ​ ​ទន់ខ្សោយ​អន់​ថយ​ជា​លំដាប់ ។​ ​គឺ​មិន​ខុស​អំពី​ពុទ្ធ​ដីកា​ ​«ធ្វើ​ល្អ​បាន​ល្អ​ ​ធ្វើ​អាក្រក់​បាន​អាក្រក់​» នោះ​ឡើយ ។

បើ​ ដូនតា​ខ្មែរ​យើង​ ​លោក​មិន​កសាង​ល្អ​ ​មិន​បាន​ខំប្រឹង​ប្រែង​រៀបចំ​ទឹកដី​ ​កាលពី​ក្នុង​អតីតកាល​ទេ​នោះ​ ​ប្រទេស​ខ្មែរ​យើង​ក៏​មិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​ ​ជា​ចក្រភព​មួយ​ ​នៅ​ក្នុង​អាស៊ី​ភាគ​អគ្នេយ៍​ដែរ ។​ ​បើ​គាត់​ជា​មនុស្ស​ល្ងិត​ល្ងង់​ ​អវិជ្ជា​ ​គ្មាន​ចំណេះវិជ្ជា​ ​មិន​ចេះ​ចង​ចាំ​គម្ពីរ​ក្បួនខ្នាត​ ​ច្បាប់​តម្រា​ក្រឹត្យ​ក្រម​វិន័យ​ ​ទំនៀមទម្លាប់​ ​ហើយ​បើ​គាត់​គ្មាន​ទ្រឹស្ដី​នយោបាយ​ ​គ្មាន​ទស្សនៈ​ ​និង​មនោគមវិជ្ជា​ ​នោះ​បុព្វបុរស​ខ្មែរ​ក៏​មិន​អាច​កសាង​មហានគរ​ ​និង​ប្រាង្គ​ប្រាសាទ​តូច​ធំ​បាន​ដែរ ។​ ​ថ្ងៃ​ណា​ដែល​ខ្មែរ​លែង​ចេះ​កសាង​អំពើ​ល្អ​ ​មាន​តែ​អវិជ្ជា​ល្ងិត​ល្ងង់​ ​គ្មាន​ច្បាប់​ទម្លាប់​ធម្ម​វិន័យ​ ​គ្មាន​សីលធម៌​ ​ស្រឡាញ់​អំណាច​ ​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ក្រុម​បក្សពួក​ ​ស្រឡាញ់​ការ​បង្ហូរឈាម​ ​ហើយ​ប្រព្រឹត្ដ​តែ​អំពើ​បាបកម្ម​ព្រៃផ្សៃ​ ​លាមក​ស្មោកគ្រោក​ ​ជិះជាន់​កាប់សម្លាប់​តែ​ប្រជាជន​ឯង​ ​ពេល​នោះ​ ​ខ្មែរ​ចាប់ផ្ដើម​បែកបាក់​ទ្រុត​ទ្រោម​ទន់ខ្សោយ​រលត់រលាយ​បន្ដិច​ម្ដងៗ​ ដែរ ។​ ​លទ្ធផល​ដ៏​សែន​អាក្រក់​ ​ទុក្ខ​ភ័យ​ព្រួយ​វេទនា​ព្រាត់ប្រាស់​មិន​ចេះ​ចប់​ ​មិន​ចេះ​ហើយ​ ​និង​ការ​អាមាស់​មុខ​អាប់​កិត្ដិយស​ ​ដែល​យើង​ឃើញ​មាន​ជា​ហូរហែ​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​បាន​សេសសល់​មាន​រៀង​រហូត​ចូល​មក​ដល់​បច្ចុប្បន្នកាល​ ​ហើយ​នឹង​បន្ដ​ទៅ​អនាគត​ទៀត​ជា​មិន​ខាន ។​ ​វាសនា​អនាគត​ប្រទេស​ជាតិ​និមួយៗ ​ស្ថិត​នៅ​លើ​ការ​តស៊ូ​ ​និង​ការ​កសាង ។​ ​ឯ​សកម្មភាព​របស់​ព្រះ​មហា​ត្សត្រ​ ​អ្នកនយោបាយ​សុទ្ធតែ​មាន​ទម្ងន់​ ​មាន​ឥទ្ធិពល​ធ្ងន់​គាប​ទៅ​លើ​ជោគវាសនា​របស់​ប្រទេស​ជាតិ​ទាំង​ក្នុង​ បច្ចុប្បន្នកាល​ទាំង​ក្នុង​អនាគតកាល ។

ខ្មែរ​ត្រូវ​តែ​នាំ​គ្នា​ រៀន​ចង​ចាំ​អតីតកាល​ ​ឬ​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​ឲ្យ​បាន​ចេះ​ចាំ​ស្ទាត់​ច្បាស់​លាស់​ម៉ឺង​ មាត់​ ​សម្រាប់​យក​មក​ធ្វើ​ឧបករណ៍​រៀបចំ​បច្ចុប្បន្នកាល​ ​និង​អនាគតកាល​ប្រទេស​ជាតិ​ ​ឲ្យ​បាន​ល្អ​ប្រសើរ​ ​ក្នុង​ន័យ​ជា​ផលប្រយោជន៍​ដល់​ប្រជានុរាស្ដ្រ​ខ្មែរ​ទូទៅ ។​ ​ការ​ចេះ​ចង​ចាំ​ស្គាល់​ប្រវត្ដិសាស្ដ្រ​ ​អាច​នាំ​ឲ្យ​យើង​គេច​ផុត​ពី​គ្រោះថ្នាក់​ ​ពី​មហន្ដរាយ​ ​ពី​គ្រប់​ឧបសគ្គ​ពី​គ្រប់​ការ​កុហក​ភូតភរ​ ​ឃោសនា​អកុសល​ ​បោកប្រាស់​បំភាន់​មតិ​ ​ហើយ​បង្ហាត់បង្រៀន​យើង​មិន​ឲ្យ​ដើរ​ធ្លាក់​ជ្រោះ​ទៅ​តាម​គន្លង​ចាស់ ។​ ​ពេល​នោះ​ហើយ​ដែល​កង់​ប្រវត្ដិសាស្ដ្រ​មិន​អាច​វិល​ត្រលប់​ក្រោយ​បាន​ហើយ​ក៏ ​មិន​អាច​នឹង​វិល​មក​ជាន់​ដាន​ចាស់​ផ្នួន​គ្នា​ដដែលៗ​ទៀត​បាន​ដែរ ។​ ​សិទ្ធិ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ភាព​ ​យុត្ដិធ៌​ និង​ការ​រីក​ចម្រើន​រុង​រឿង​ថ្កុំថ្កើង​ ​ក៏​អាច​មាន​កំណើត​ប្រសូត​កើត​ចេញ​មក​ពី​ការ​ចេះ​ដឹង​នេះ​ដែរ ។

គឺ ​ក្នុង​ន័យ​ ​និង​ទស្សនៈ​នេះ​ហើយ​ ​ដែល​ខ្ញុំ​បាន​ខំប្រឹង​ប្រែង​ ​តាក់តែង​ ​ចងក្រង​ ​និពន្ធ​សៀវភៅ​ ​«ប្រវត្ដិសាស្ដ្រ» ដើម​ឡើយ​ក្នុង​គ.ស​.១៩៧១ ខ្ញុំ​បាន​ស្រាវជ្រាវ​និពន្ធ​អំពី​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ក្នុង​សម័យ​ សាធារណរដ្ឋ​ខ្មែរ ។​ ​បន្ទាប់​មក ខ្ញុំ​ចាប់ផ្ដើម​ស្រាវជ្រាវ​សរសេរ​ ​និង​និពន្ធ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ជាដំបូង​ ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​១៩៩៣​ ​ពីព្រោះ​ខ្ញុំ​ចង់​ស្វែងរក​គម្ពីរ​ច្បាប់​ក្បួនតម្រា​ទ្រឹស្ដី​ ​និង​ទស្សនៈ​នយោបាយ​បុព្វបុរស​ខ្មែរ​ ​ដែល​មាន​ប្រសិទ្ធភាព​ ​ធ្លាប់​បាន​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំងពូកែ​ក្លាយទៅជា​មហាអំណាច​មួយ​ដ៏​ធំ​ រុងរឿង​ ​ហើយ​ខ្ញុំ​ចង់​យល់​ដែរ​អំពី​បុព្វហេតុ​ដែល​បណ្ដាល​ធ្វើ​ឲ្យ​ខ្មែរ​ចុះ​ ទន់ខ្សោយ​រួញ​រួម​បន្ដិច​ម្ដងៗ​ក្លាយជា​ប្រទេស​យ៉ាង​ក្រីក្រ​ធំ​បំផុត​មួយ​ ក្នុង​ពិភពលោក ។​ ​ស្នាដៃ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​មាន​ចែក​ចេញ​ជា​៧​ភាគ ៖

* ភាគ​ទី​១​ ​ភាគ​រឿងព្រេង​និទាន​ ​និង​សិលា​ចារិក
* ភាគ​ទី​២​ ​សម័យ​ក្រោយ​មហានគរ​ ​(រជ្ជកាល​ព្រះបាទ​ពញា​យ៉ាត​ ​ដល់​ព្រះ​សុរិយោពណ៌)
* ភាគ​ទី​៣​ ​សម័យ​ក្រោម​អាណានិគម​សៀម​ ​និង​យួន
* ភាគ​ទី​៤​ ​សម័យ​អាណានិគម​បារាំង
* ភាគ​ទី​៥​ ​សម័យ​ក្រោយ​ឯករាជ្យ​១៩៥៣
* ភាគ​ទី​៦​ ​សម័យ​សាធារណរដ្ឋ​ខ្មែរ
* ភាគ​ទី​៧​ ​សម័យ​កុម្មុយនិស្ដ

ខ្ញុំ ​គ្មាន​បំណង​នឹង​ចាត់​ទុក​ស្នាដៃ​នេះ​ ​ជា​សៀវភៅ​ប្រវត្ដិសាស្ដ្រ​ល្អ​ត្រឹមត្រូវ​ដែល​ត្រូវ​ជំនួស​ឯកសារ​ផ្សេង​ ឯទៀត​នោះ​ទេ ។​ ​គោលបំណង​ ​និង​ទិស​ដៅ​ធំ​របស់ខ្ញុំ​គឺ​ចង់​ធ្វើ​ដូច​ម្ដេច​ចងក្រង​ឯកសារ​ ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ដែល​មាន​នៅ​គ្រប់​ទិស​ទី​ ​យក​មក​ធ្វើ​ជា​សំយោគ​សម្រួល​ទុក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​យុវជន​ ​ដើម្បី​ឲ្យ​ងាយ​យល់​ ​ក្រេប​ជញ្ជាក់​ ​ត្រងត្រាប់​ និង​ចេះ​ចង​ចាំ ។

សៀវភៅ ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​នេះ​ ​អាច​ចាត់​ទុក​ត្រឹមតែ​ជា​សៀវភៅ​ជំនួយស្មារតី​មួយ​ក្នុង​ការ​ស្វែងរក​យល់​ ​និង​ចេះ​ចង​ចាំ​អំពី​ដើម​កំណើត​ប្រវត្ដិ​ខ្មែរ ។​ ​យើង​ជា​ខ្មែរ​ត្រូវ​តែ​ស្គាល់​ខ្លួនឯង​ ​និង​ធាតុ​ពិតប្រាកដ​របស់​យើង​ជា​ខ្មែរ​មុន​សិន​ ​មុន​នឹង​ហ៊ាន​អះអាង​ធ្វើ​សកម្មភាព​អ្វី​មួយ ។

ម្យ៉ាងវិញទៀត​ ​ស្នាដៃ​នេះ​ ​ក៏​អាច​ចាត់ទុកជា​វិភាគទាន​មួយ​ដែរ​ ​ក្នុង​ពេល​ដែល​យើង​ជា​ខ្មែរ​គ្រប់​រូប​ ​កំពុង​តែ​នាំ​គ្នា​ស្វះស្វែង​ប្រមែប្រមូល​ ​អន្ទង​ហៅរក​គ្រប់​អស់​ព្រលឹង​ជាតិ​ខ្មែរ​ ​ទាំង​នៅ​ជិត​ទាំង​នៅ​ឆ្ងាយ​ ​ឲ្យ​មូល​ជុំ​ត្រកូល​ចូល​មក​ក្នុង​រូបរាង​កាយ​ខ្មែរ​វិញ ។​ ​រហូត​មក​ដល់​ពេល​នេះ​ជិត​ប្រាំ​រយ​ឆ្នាំ​ហើយ​ ​ដែល​ខ្មែរ​យើង​ធ្លាក់ខ្លួន​ដុនដាប​ ​ស្គាល់​តែ​ទុក្ខសោក​វេទនា​ ​ឈឺ​ចុកចាប់​ ​ព្រាត់ប្រាស​ស្លាប់​គ្មាន​សល់​ ​គ្មាន​ឃើញ​ពន្លឺសុភមង្គល​ ​និង​គ្មាន​ស្គាល់​អ្វី​ដែល​ហៅ​ថា​កិត្ដិយស ។​ ​ខ្មែរ​លែង​មាន​ព្រលឹង​ ​ខ្មែរ​លែង​មាន​ជំនឿ​លើ​ខ្លួនឯង ។​ ​តែ​ខ្មែរ​បែរជា​មាន​ជំនឿ​ជឿ​លើ​បរទេស​ទៅ​វិញ ។

ខ្ញុំ​មាន​ជំនឿ​ ថា​ក្នុង​ពេល​ណា​ ​កាលៈទេសៈ​ណា​ ​ដែល​ខ្មែរ​បាន​ស្គាល់​ ​បាន​ចេះ​ចង​ចាំ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​របស់​ខ្លួន​ពិតប្រាកដ​ ​ពេល​នោះ​ ​ខ្មែរ​មុខជា​មាន​ជំនឿ​លើ​ខ្លួនឯង​វិញ​ជា​មិន​ខាន​ ​ខ្មែរ​មុខជា​មាន​មោទនភាព​ ​និង​មាន​មហិច្ឆតា​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឲ្យ​បាន​រីក​ចម្រើន​លូតលាស់​ ដូច​ប្រទេស​ប្រជាធិបតេយ្យ​និយម​ឯទៀត​ជា​មិន​ខាន ។

ធីយេស៍, ប្រទេស​បារាំង, ថ្ងៃ​អង្គារ ទី១៨ មីនា ១៩៩៧

រស់ ចន្ដ្រាបុត្រ​ បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ សាកលវិទ្យាល័យ​បារីស៍ ​ទី​១០​ អ្នក​ស្រាវជ្រាវ​រួម​ ​នៃ​មជ្ឈមណ្ឌល​ជាតិ​ ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​(C​.N​.R​.S​ ​) នៃ​ទីក្រុង​បារីស៍​ អតីត​សាស្ដ្រាចារ្យ​ទស្សនវិជ្ជា​ ​នៅ​ភ្នំពេញ

រស់ ចន្ដ្រាបុត្រ
បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ
សាកលវិទ្យាល័យ​បារីស៍ ​ទី​១០
អ្នក​ស្រាវជ្រាវ​រួម​ ​នៃ​មជ្ឈមណ្ឌល​ជាតិ
ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​(C​.N​.R​.S​ ​) នៃ​ទីក្រុង​បារីស៍
អតីត​សាស្ដ្រាចារ្យ​ទស្សនវិជ្ជា​ ​នៅ​ភ្នំពេញ

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: