បណ្ណសារ

Archive for the ‘ដំណើរកំសាន្តរបស់ខ្ញុំ’ Category

ដំណើរ​កំសាន្ត​ភ្នំគូលែនថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែមករា ឆ្នាំ 2018 បញ្ចេញមតិ

ថ្ងៃ​នេះ​គិត​ថា​ចង់​ឡើង​ភ្នំ​ងូត​ទឹក​ជ្រោះ​ឲ្យ​ត្រជាក់​ខួរ​ក្បាល​ម្តង ហើយ​ក៏បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នា​ព្រឹកម៉ោង​ ៨:៣០ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បន្ទាយស្រី ចំណាយ​អស់​ប្រហែល​មួយ​ម៉ោងកន្លះ​ទើប​ដល់​កំពូល​ភ្នំ​គូលែន។ ខែ​នេះ​ជា​រដូវ​ស្ងួត ហើយ​នៅ​តាម​ផ្លូវ​នៅ​លើ​ដង​ភ្នំគូលែន​គេ​ទើប​តែ​ឈូសឆាយ​ហើយ​ថ្មីៗ ទើប​ហុយ​មិន​បាច់​និយាយ​ទំរាំ​ជិះ​ដល់​កន្លែង​ទឹក​ជ្រោះ​ធ្លាក់​អាវ និង​ម៉ូតូ​ចង់​ក្លាយ​ជា​ដី​ក្រហម​អស់ 😀 តែ​ពេល​ទៅ​ដល់​ទឹក​ជ្រោះ​ហើយ​ ក៏​រក​កន្លែង​ស្ងប់ស្ងាត់​អង្គុយ​ស្តាប់​សំលេង​ទឹក​ធ្លាក់សែន​ត្រជាក់​ធ្វើ​ឲ្យ​ស្រលះ​ខួរ​ក្បាល និង​លំហែរ​អារម្មណ៍​។

ភ្នំគូលែនស្ថិតនៅប៉ែកខាងជើង ពីខាងកើតទីរួមខេត្ដសៀមរាប មានចំងាយ៥៣គីឡូម៉ែត្រ ពីទីរួមខេត្ដ ។ ភ្នំនេះមានរយៈកម្ពស់ ៤៩៥ម៉ែត្រ គេអាចឡើងទៅលើភ្នំ បានយ៉ាងងាយ តាមរថយន្ដ ម៉ូតូ រឺ ថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសម្រស់ ស្រស់ ត្រកាល និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។

ភ្នំគូលែនមានរមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់, ព្រះអង្គធំ, វាលស្ដេចលំគង់, វាលព្រះសព, ព្រះក្រាល, សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀត ដែលជាកេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទជ័យ វរន្ម័ទី២ បានកសាងឡើង ។ តំបន់ភ្នំគូលែន មិនត្រឹមតែជាតំបន់ទេសចរប៉ុណ្ណោះទេ គឺជាតំបន់កសិកម្ម ដី មានជីវជាតិ អាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់ ។

 

តំបន់ទឹកធ្លាក់គឺជាប្រភពដើមរបស់ស្ទឹងសៀមរាបហូរកាត់កណ្ដាលទីរួមខេត្ដចាក់ឆ្ពោះទៅកាន់បឹង ទន្លេសាប មានទឹកថ្លាយង់ ជាទីនិយមរបស់អ្នកដំណើរកំសាន្ត ក្នុងការមុជទឹកជ្រោះ ធ្លាក់សំយ៉ុងទៅប៉ះនឹងថ្មដាបែកផ្កាត្រែង ។ នៅក្បែរទឹកជ្រោះ ធ្លាក់មានប្រាសាទ២ ធ្វើពីថ្មបាយក្រៀម សង់អមសងខាង មាត់អូរ ដែលគេឱ្យឈ្មោះថាៈ “ក្រាល រមាស” ប៉ុន្ដែនៅប៉ែកខាង លិចត្រូវដួលរលំ និង បាត់ថ្មអស់មួយចំនួនធំនៅសល់តែ ខឿនជញ្ជាំង បន្ដិចបន្ដួច តែ ប៉ុណ្ណោះ ៕

សូមមើលផងដែរ៖

Advertisements

ដំណើរកំសាន្តនៅប្រាសាទសម្បូរ​​ព្រៃគុក​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមករា ឆ្នាំ 2018 បញ្ចេញមតិ

ថ្ងៃ​នេះ​បាន​ធ្វើ​ដំណើរ​ដោយ​ការ​ជិះ​ម៉ូតូ​ពី​សៀមរាប​ទៅ​លេង​ដល់​កំពង់ធំ​ចំណាយ​ពេល​អស់​ជិត​២ម៉ោង​ទើប​ទៅ​ដល់ ហើយ​ក៏​បាន​ចូល​ទៅ​លេង​ប្រាសាទ​សម្បូរ​​ព្រៃគុក​​ផង​ដែរ​។​ ប្រាសាទ​សំបូរ​ព្រៃគុក​ដ៏​ល្បីល្បាញ​ធ្លាប់​ជា​អតីត​រាជធានី​ឈ្មោះ ឥសានបុរៈ ជា​ក្រុង​បុរាណ​មួយ​ដែល​មាន​ប្រាសាទ​ថ្ម​ដុត​ប្រមាណ​ជាង ៣០០ ។ ប្រាសាទ​នេះ​សាងសង់​ឡើង​ក្នុង​អំឡុង​រជ្ជកាល​ព្រះបាទ​ ឦសានវរ្ម័ន នៅ​សតវត្សរ៍​ទី​ ៧ នៅ​ពេល​ដែល​ទ្រង់​ផ្សះផ្សា​បាន​ដោយ​ជោគជ័យ​រវាង​ចេនឡា​គោក និង​បូរណភាព​ទឹកដី​ខ្មែរ​ដី​ទឹក​នៃ​ចេនឡា​ទឹក​។ ដោយមានចម្ងាយ៣០គីឡូម៉ែតទៅភាគខាងជើង ឬ២០៦គីឡូម៉ែតពីខាងជើងរាជធានីភ្នំពេញ។ ប្រាសាទសម្បូរព្រៃគុកគ្របដណ្តប់ទៅដោយព្រៃឈើ ហើយបានក្លាយជាទីកន្លែងដែលទាក់ទាញអ្នកទេសចរទៅកម្សាន្តផងដែរ។

 

ប្រាសាទសម្បូរ​​ព្រៃគុក​ជា​រាជធានី​នៃ​អាណាចក្រ​ចេនឡា​មាន​លក្ខណៈ​ពិសេស​ជាច្រើន ដែល​ខុស​ប្លែ​ក​ពី​ប្រាសាទ​នា​នា។​ តួ​ប្រាសាទ​របស់​ប្រាសាទ​នេះ ភាគ​ច្រើន​កសាង​អំពី​ឥដ្ឋ និង​មាន​តួ​រហូត​ទៅ​ដល់ ៨ ជ្រុង ដែល​មិន​មាន​ទេ​ក្នុង​សិល្បៈ​ខ្មែរ​សម័យ​ក្រោយ និង​នៅ​តាម​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​សម័យ​កាល​នោះ​។ បើ​និយាយ​ពី​ចម្លាក់​វិញ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវ​ជ្រាវ អះអាង​ថា មាន​លក្ខណៈ​ខ្មែរ​ច្រើន​ជាង​ឥណ្ឌា បើទោះ​ជា​កាល​ពី​សម័យ​មុន​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ក៏​ដោយ។ ចំណែក​គំរូ​ស្ថាបត្យកម្ម ចម្លាក់​តុប​តែង​លម្អ​លើ​ជញ្ជាំង និង​ផ្តែរ​ទ្វារ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំបូរ​បែប​ពី​គំនិត និង​ជំនឿ​នៃ​ការ​ប្រណិប័តន៍​បត្តិសាសនា​នា​សម័យ​ចេន​ឡា​។

​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ចុះ​បញ្ជី​ប្រាសាទ និង​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ​ចំនួន​ជិត​៣០០ ក្នុង​តំបន់រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក។ ដែល​មាន​បួន​ក្រុម​ធំ​គឺ ប្រាសាទ​របង​រមាស ប្រាសាទ​រណប កំពែង​ក្រុង និង​ក្រុម​ប្រាសាទ​សំខាន់​ បី​ទៀត គឺ​ប្រាសាទ​សំបូរ យាយ​ព័ន្ធ និង​ប្រាសាទ​តោ។ ក្រុម​ប្រាសាទ​ទាំងនោះ​ សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​។

ប្រាសាទ​សំបូរ​ព្រៃគុក​ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​លើក​ទី ៤១ របស់​ខ្លួន​នៅ​ទីក្រុង Krakow ប្រទេស ប៉ូឡូញ កាលពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០១៧ ​។
ខាងក្រោមនេះ​ជា​បណ្តុំ​រូប​ភាព​ខ្លះ​ៗ​ដែល​ខ្ញុំ​បាន​ថត​ដោយ​ផ្ទាល់៖ អាន​បន្ថែម…

ដំណើរ​ចុះ​ចែក​សំភារះសិក្សា​នៅ​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០១៧

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2017 បញ្ចេញមតិ

នា​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ ២០១៧ ខ្ញុំបាន​ធ្វើ​ដំណើរ​ចុះ​ចែក​សំភារះ​សិក្សា​ដល់​សាលា​បឋម​សិក្សា​ដាច់​ស្រយាល​ពី​ដែល​មាន​រៀប​រាប់​ដូច​ខាង​ក្រោម​នេះ៖

សាលា​រៀន​បឋម​សិក្សា​លៀប​ចាស់

សាលា​រៀន​នេះ​មាន​ចង្ងាយ​ ៨គីឡូម៉េត្រ​ពី​ភូមិ​អង្គរ​ធំ ស្ថិត​ក្នុង​ ភូមិ​អំពិល ឃុំ​ពាក់​ស្នែង ស្រុក​អង្គរ​ធំ។ សាលា​នេះ​មាន​អគារ​សិក្សា​ចំនួន​១ខ្នង​ ៣បន្ទប់ ហើយ​មាន​សិស្ស​សរុប​ចំនួន ៦៦នាក់​ (ស្រី២៨នាក់)។ សិស្ស​សាលា​នេះ​មាន​អាយុ​ចាប់​ពី ៥ឆ្នាំ​រហូត​ដល់​ ១៥ឆ្នាំ​ មាន​តែ​បីថ្នាក់​ប៉ុណ្ណោះគឺ
១. ថ្នាក់​ទី១មាន​ ២៨នាក់ (ស្រី ១៣នាក់)
២. ថ្នាក់​ទី​៣មាន ២២នាក់ (ស្រី ៧នាក់)
៣. ថ្នាក់​ទី៥មាន ១៦នាក់ (ស្រី​ ៨នាក់)
សាលា​នេះ​មាន​គ្រី ៣នាក់ (ស្រី ១នាក់) ។

សាលា​បឋម​សិក្សា​ពើង​តាណន់

សាលា​រៀន​នេះ​មាន​ចម្ងាយ​ប្រហែល ៧០គ.ម ពីទីរួម​ខេត្ត​សៀមរាប ស្ថិត​នៅ​ក្នុង​ភូមិ​បោះ​អំដេង ស្រុក​អង្គរជុំ បឋម​សិក្សា​នេះ​មាន​ចំនួន​អាគារ​ ១ខ្នង មាន​១បន្ទប់។ សាលា​នេះ​មាន​សិស្ស​សរុប​ចំនួន ៧០នាក់​ដោយ​មាន​ថ្នាក់​រៀន​ពី​ទី​១​ដល់​ទី៣ ។ មាន​គ្រូ​បង្រៀន​២នាក់ និង​ប្រជា​ការពារភូមិ​ក្រីក្រ​​ចំនួន១០នាក់ ដែល​ពឹង​ផ្អែក​លើ​ការ​លក់​ចំណី​អាហារ​ នឹង​យាម​ឡាន​ម៉ូតូ​ជូន​ដល់​ភ្ញៀវ​ដែល​ទៅ​កំសាន្ត​នៅ​តំបន់​នោះ។ ក្រៅ​ពី​នេះ​ក៏​មាន​វត្ត​មួយ​មាន​ព្រះ​សង្ឃ​ចំនួន ៨អង្គ​ផងដែរ ។

សូមមើលផងដែរ៖

 

ចែកសំភារះសិក្សានៅថ្ងៃទី ១០​ ខែធ្នូ ឆ្នាំ២០១៧

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​បាន​ធ្វើ​ដំណើរ​ក្នុង​កម្ម​វិធី​សប្បុរសធម៍នៅ​រសៀល​ថ្ងៃ​ទី១០ ធ្នូ ឆ្នាំ ២០១៧ ដោយ​បាន​ចុះ​ចែក​សំភារះ​សិក្សា​ដល់​សិស្ស​សាលា​នៅ​សាលា​ពីរ​ដូច​ខាង​ក្រោមនេះ៖

សាលាបឋមសិក្សាសណ្តាន់

មាន​ចង្ងាយ​១១​គីឡូម៉ែត្រ​ពី​ភូមិ​អង្គរ​ធំ ស្ថិត​ក្នុង​ភូមិសណ្តាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរ​ធំ​ សាលា​បឋម​សិក្សា​នេះ​បាន​បង្កើត​ឡើង​ដើម្បី​បង្រៀន​ក្មេងៗ​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ១៩៧៩ រហូត​ដល់​បច្ចុប្បន្ន។ សាលា​នេះ​មាន​ភូមិ​ចំណុះ​ចំនួន​ពីរ គឺ​ភូមិ​សណ្តាន់ និឹង​ភូមិ​ជប់​សោម ហើយ​វា​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ឆ្លង​កាត់​ភូមិ​ពីរ​ដែរ​គឺ​ភូមិ​ពាក់​ស្នែង​ នឹង​ភូមិ​ស្លាន​ថ្មី។ សំណង់​អគារ​មាន​ចំនួន​៤ខ្នងស្មើរ​នឹង​១២បន្ទប់​ ហើយ​បន្ទប់​សិក្សា​មាន​ ៩បន្ទប់ ការិយាល័យ១ ឃ្លាំង​ដាក់​សំភារះ​១ និង​បណ្ណាល័យ១ ។ កូន​សិស្ស​សរុប​មាន​ចំនួន ៥០០នាក់ (សិស្ស​ស្រី ២៤៨នាក់) ហើយ​សាលា​មាន​គ្រូ​បង្រៀន​ចំនួន ២២នាក់ (គ្រូស្រី១៧នាក់) ។ ដោយ​ឡែក​សាលា​មាន​សិស្ស​ក្រី​ក្រី​ចំនួន ១៦០នាក់ ដែល​បាន​ទៅ​សិក្សា​នៅ​ទីនោះ។ ហើយ​សាលា​នេះ​មាន​ថ្នាក់​រៀន​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថា្នក់​ទី៦ ។

១. មត្តេយ្យមាន ២ថ្នាក់
២. ថ្នាក់ទី១មាន ៣ថ្នាក់
៣. ថ្នាក់​ទី២មាន ៣ថ្នាក់
៤. ថ្នាក់ទី៣មាន ៣ថ្នាក់
៥. ថ្នាក់ទី៤មាន ២ថ្នាក់
៦. ថ្នាក់ទី៥មាន ២ថ្នាក់
៧. ថ្នាក់ទី៦មាន ២ថ្នាក់

សាលា​រៀន​បឋម​សិក្សា​ខ្ទីង

មាន​ចម្ងាយ​ ៧គីឡូម៉ែត្រ​​ពី​សាលា​បឋម​សិក្សា​សណ្តាន់​ស្ថិត​នៅ​ក្នុង​ ភូមិ​អង្គរ​ធំ​ ភូមិ​ខ្ទីង​ ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរ​ធំ បឋម​សិក្សា​នេេះ​មាន​ចំនួន​អគារ​ ២ខ្នង មាន​៦បន្ទប់ ហើយ​មាន​បន្ទប់​សិក្សា​ចំនួន​៥ និង​ការិយាល័យ​មួយ​បន្ទប់។ សាលា​នេះ​មាន​សិស្ស​សរុប​ចំនួន​ ១៥០នាក់​ដោយ​មាន​ស្រីសរុប ៦៨នាក់ ហើយ​សាលា​មាន​ចាប់ពី​ថ្នាក់​មត្តេយ្យ រហូត​ដល់​ថ្នាក់​ទី៦។

១. មត្តេយ្យ​មាន ១ថ្នាក់
២. ថ្នាក់​ទី១មាន ១ថ្នាក់
៣. ថ្នាក់​ទី២មាន ១ថ្នាក់
៤. ថ្នាក់​ទី៣មាន ១ថ្នាក់
៥. ថ្នាក់​ទី៤មាន ១ថ្នាក់
៦. ថ្នាក់​ទី៥មាន ១ថ្នាក់
៧. ថ្នាក់​ទី៦មាន ១ថ្នាក់
សាលា​នេះ​មាន​សិស្ស​ក្រី​ក្រ​ចំនួន ៤០នាក់​ (ស្រី២៨នាក់) គ្រូ​បង្រៀន​មាន​ចំនួន ៧នាក់ ។

សូមមើលផងដែរ៖

ដំណើរ​កំសាន្ត​ភ្នំពើង​តាណន់ ថ្ងៃអាទិត្យ​ទី​១០ ខែ​កញ្ញា ឆ្នាំ២០១៧

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​មាន​ដំណើរ​កំសាន្ត​ទៅ​រមណីយដ្ឋាន​ភ្នំពេើង​តាណន់​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០ ខែ​កញ្ញា ឆ្នាំ២០១៧​ដោយ​ជិះ​ម៉ូតូ​អស់​រយះ​ពេល​ជិត​ពីរ​ម៉ោង​ ។ ផ្លូវ​ក៏​លំបាក ថ្ងៃ​ក៏​ក្តៅ ដីក៏ហុយ 😀 ហើយនេះ​ក៏​ជាលើក​ទី​២​ហើយ​ដែរ​ ដែល​បាន​មក​លេង​នៅទី​នេះ​ ។

ទាក់​ទង​នឹង​រមណីយដ្ឋាន​មួយ​នេះ​គឺ​យើង​ត្រូវ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​សៀមរាប​ចម្ងាយ​ប្រហែល​ ៧០គ.ម ទើប​ទៅ​ដល់​ភ្នំពើង​តាណន់​ដោយ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ដោយ​​ម៉ូតូ​ប្រហែល​ជិត​២ម៉ោង។ ព្រោះ​ផ្លូវ​មាន​ការ​លំបាក ​និង​ទ្រុឌទ្រោម​អន្លើរៗ ដោយ​រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្នុង​ភូមិពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

អ្វី​ដែល​ជា​ទិដ្ឋភាព​ដ៏​ទាក់​ទាញ​ក្នុង​តំបន់​មួយ​នេះ​គឺ​ជា​ផ្ទាំង​ថ្ម​ធម្មជាតិ​ធំៗ​ជា​ច្រើន​រំលេច​ខ្លួន​ជា​មួយ​នឹង​ធម្មជាតិ​ខៀវ​​ស្រងាត់​ផ្សំ​បាន​ជា​ទេស​ភាព​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត ហើយ​ប្រសិនបើ​បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នា​រដូវ​វស្សា​កាន់​តែ​ស្អាត​ថែម​ទៀត​ ព្រោះ​នៅអម​ដង​ផ្លូវ​មាន​ផ្កា​រីក​គួរ​ជា​ទី​គយគន់។

សូម​មើល​រូប​ភាព​ជា​ច្រើន​ទៀត៖

 

សូមមើលផងដែរ៖

សំណាងហើយបានជិះណូវីមុននឹងត្រូវគេបិទ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2017 បញ្ចេញមតិ

កាលពីថ្ងៃទី ១១ ខែសីហា ខ្ញុំបានធ្វើដំណើរកំសាន្តទៅលេងខេត្តបាត់ដំបងហើយក៏មិនរំលងពីការជិះណូរីដែរព្រោះដឹងថាកន្លែង​ជិះ​ណូរី​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​នឹង​ត្រូវ​បិទ​ ខណៈ​រដ្ឋាភិបាល​កំពុង​ជួសជុល​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨។

ណូរីជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ទំនិញនិងអ្នកទេសចរណ៍ជាតិ អន្តរជាតិ។ ជារៀង​រាល់ថ្ងៃមានចរាចរណ៍យ៉ាងមមាញឹក ដែលមកដល់កាលពីមុនមានចំនួនជា ២០គ្រឿង ដែលរត់លើកំណាត់ផ្លូវដែកចន្លោះពីស្រុកសង្កែ ទៅស្រុកមោងឫស្សី។ ចំពោះលក្ខខណ្ឌ​នៃការធ្វើ​ដំណើរគឺនៅពេលដែលយានជំនិះប្រភេទទាំងនេះជួបគ្នាតាមផ្លូវ គេត្រូវសន្មត់លើទម្ងន់ បើអ្នក​ណាស្រាលជាងត្រូវលើកចេញពីផ្លូវដើម្បីឱ្យយានជំនិះដែលមានទម្ងន់ធ្ងន់ជាងធ្វើដំណើរទៅមុន។ ចំពោះភ្ញៀវអន្តរជាតិអាចចំណាយក្នុងការធ្វើដំណើរកំសាន្ត ដើម្បីមើលទេសភាពតាមដងផ្លូវ​រថភ្លើង ក្នុងម្នាក់ៗចាប់ពី ៥ទៅ ១០ដុល្លារ អាស្រ័យតាមការចរចាពីព្រោះនៅទីនោះគ្មានការលក់​សំបុត្រទេ​ ចំណែកខ្ញុំជិះអស់ ១០០០០រៀល 😀 ។

ប្រជាពលរដ្ឋខ្មែរមួយចំនួនត្រូវការណូរីធ្វើដំណើរតាមផ្លូវដែក ហើយភ្ញៀវទេសចរណ៍បរទេស​មួយចំនួនដែលបានទៅទស្សនាខេត្តបាត់ដំបងក៏និយមជិះលេងដែរ ដើម្បីធ្វើ​ដំណើរឆ្ពោះទៅកាន់គោលដៅជិតៗ​តាមបណ្តោយ​ផ្លូវដែកដ៏ចំណាស់នោះ វាគឺជារថភ្លើងឫស្សី ឬឡូរី គឺជាយាន​ជំនិះសាមញ្ញ​មួយធ្វើពីគ្រែ​រនាប​ឫស្សីទំហំ ១,៦ម៉ែត្រ គុណ៤ម៉ែត្រដាក់បន្តុប​ពីលើកង់​ដែកប្រើ ដោយកម្លាំងម៉ាស៊ីនធុនតូច​គឺជា​មធ្យោបាយចាំបាច់សម្រាប់រយៈចុង​ក្រោយ​នេះ

ឥឡូវនេះណូរីត្រូវបានបិទ​ជាស្ថាពរឈប់ឲ្យធ្វើ​ដំណើរ​ដឹកភ្ញៀវកំសាន្ត​ទៀតហើយព្រោះរដ្ឋាភិបាល​មាន​គម្រោង​ជួសជុល​ផ្លូវដែក​ប្រវែង​ប្រហែល​៣៨៦​គីឡូម៉ែត្រ ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ​។ ​ផ្លូវ​រថ​​ភ្លើង​នេះ រំពឹងថា​នឹង​ដំណើរការ​ឡើងវិញ នៅ​ខែមេសា ឆ្នាំ​២០១៨​។ សំណាងហើយដែលខ្ញុំ​បាន​មក​ជិះ​មុន​នឹង​ត្រូវ​គេ​បិទ 🙂 ៕

 

សូមមើលផងដែរ៖ ខ្ញុំថ្ងៃនេះ!

ខ្ញុំថ្ងៃនេះ!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2013 មតិ ១

463685_569631029726139_1597642404_o

Lundilay 02.06.2013

980317_492860734119236_2039331548_o

986970_10200665035782565_516561937_o

ថ្ងៃ​នេះ​ធ្វើ​​ជា​អ្នកស្ម័គ្រ​ចិត្ត​របស់​ JCI ដើម្បីអបអរសាទរ​ថ្ងៃ​ទិវារកុមារ​អន្តរជាតិ ។ ការ​ងារដែលខ្ញុំបាន​ធ្វើ​គឺលាបថ្នាំ​​ជញ្ជាំង​អគារ​សិក្សារ​ដែល​ចាស់​ទៅ​ហើយ​នោះ​ឲ្យ​ថ្មីឡើង​វិញ ដើ​ម្បី​ទុកឲ្យ​ក្មេង​ៗ​នៅ​ឯ​សាលា​បឋម​សិក្សា​ជ្រោយ​ចង្វារ​បាន​អគារ​ដែល​មើល​ទៅ​ថ្មី បន្ទប់​គួរ​ឲ្យ​ចង់រៀនជាង​មុន និង​មានសកម្មភាព​ជា​ច្រើនទៀត! 🙂 ថ្ងៃ​នេះ​ពិត​ជា​នឿយ​ហត់​ពេញមួយ​ថ្ងៃ តែ​សម្រាប់​ចិត្ត​វិញ​គឺ​មិន​នឿយ​ហត់​ទាល់​តែ​សោះ ព្រោះមាន​តែ​ការ​សប្បាយ​រីករាយ! 🙂

%d bloggers like this: