Archive

Archive for the ‘ការសិក្សារបស់ខ្ញុំ’ Category

ឆ្នាំ ២០១៣ ហើយ !!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ

ថ្ងៃនេះ​ទើប​តែ​ទៅ​ទិញ​សៀវ​ភៅ​ទិនានុលេខន៍​ថ្មី សម្រាប់​ឆ្នាំ ២០១៣ ។ រាល់​ថ្ងៃ​ត្រូវ​កត់​កិច្ច​ការ​ប្រចាំ​ថ្ងៃ ធ្វើ​ផែន​ការ​ប្រចាំ​ខែ ដូច្នេះ​ហើយ​ត្រូវ​តែ​មាន​សៀវភៅ​ទិនានុលេខន៍​នេះ​ ។ គិត​ៗ​ទៅ​ពេល​វេលា​ពិត​ជា​ខ្លី​​​មែន​ទែន… បិទភ្នែក​បើក​ភ្នែក​បាន​តែ​ ៣៦៥ថ្ងៃ​សោះ​ក៏​បាន​​អស់​រយៈ​ពេល​មួយ​ឆ្នាំ​បាត់​ទៅ​ហើយ ។ សូម​កុំ​ចំណាយ​ពេល​វេលា​របស់​យើង​ដោយ​ឥត​បាន​ផល​ប្រយោជន៍​អ្វី ព្រោះ​ពេល​វេលា​ពិត​ជា​មិន​ចាំ​យើង​នោះ​ទេ ពេល​វេលា​គឺ​ដើរ​ទៅ​មុខ​ជា​រៀង​រាល់​វិនាទី រៀង​រាល់​ដង្ហើម​ចេញ​ចូល​របស់​យើង ។ សូម​រៀប​ចំផែន​ការ​សម្រាប់​ធ្វើ​អ្វី​ដែល​នៅ​ថ្ងៃ​ស្អែក ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ចុះ!! រីករាយ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៣ ដល់​អ្នក​ទាំង​អស់​គ្នា!!

Angkor Diary 2013 (1)

Angkor Diary 2013

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជ្រើស​រើស​សៀវភៅ​ Angkor Diary នេះព្រោះវា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អាច​ទិញ​មួយ​ក្បាល​សាកមើល​ទៅ​តម្លៃ​មិន​សូវ​ជា​ថ្ងៃ​ប៉ុន្មាន​នោះ​ទេ និង​មួយ​ទៀត​ដើម្បី​ជួយ លើក​ស្ទួយ​ វប្បធម៌ អរិយធម៌ខ្មែរ ព្រោះ​សៀវភៅ​នេះ​ជា​ផលិតផល​របស់​ខ្មែរ រចនាឡើង​ដើម្បី​ខ្មែរ សម្រាប់​អ្នក​ស្រឡាញ់​ និង​គាំ​ទ្រ វប្បធម៌​ខ្មែរ​ដូចជា​រូប​ខ្ញុំ​នេះ​តែ​ម្តង ៕

Angkor Diary 2013 (2)

Angkor Diary 2013

ខ្ញុំ​ចូល​រួម​ ខ្មែរ​ថក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2012 បញ្ចេញមតិ

Me In khmer Talk3

ថ្ងៃ​នេះ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ខ្មែរ​ថក​លើក​ទី​បី ដែល​រៀប​ចំឡើង​​ថ្ងៃ​ទី ០១ ខែ​ ធ្នូ ឆ្នាំ​​ ២០១២ នៅ​ឯ ZAMAN UNIVERSITY ហើយ​នេះ​​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ចូល​រួម ។ ខ្មែរ​ថក​ពិត​ជា​ការ​រៀប​ចំ​យ៉ាង​ល្អ សម្រាប់​ឲ្យ​អ្នក​ដែល​មាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ផ្សេង​ៗ ឬ​ក៏​ចំណេះ​ដឹង​ក្នុង​ជីវិត​ ដែលជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​នេះបាន​​យក​មក​និយាយ​ចែក​រំលែកជូន​ដល់​សិស្ស​និសិត្ស​ និង​អ្នក​រាល់​គ្នា​ ដើម្បី​ជា​ចំណេះ និង​ជា​​មេរៀន​ដ៏​ល្អ​សម្រាប់​យក​ទៅ​អនុវត្តន៍​ឬ​ក៏​សម្រាប់​ជា​ការ​យល់​ដឹង​ផង​ដែរ ។
តែ​គួរ​ឲ្យ​ស្តាយ​ ខ្ញុំ​មិន​បាន​ចូល​រួម​ឲ្យ​ចប់​កម្មវិធី​នេះ ព្រោះ​មាន​កិច្ច​ការ​រវល់ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ខ្ញុំ​បាន​ទទួល​ចំណេះ​ដឹង​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ផង​ដែរ ។ បើ​មាន​លើក​ក្រោយ​ៗ​ទៀត​ ខ្ញុំ​និង​បន្ត​ការ​ចូល​រួម និង​គាំ​ទ្រយ៉ាង​ពេញ​ទំហឹង​តែម្តង!!
https://www.facebook.com/khmertalks

អ្នក​​ស្អប់​​ជីវិត​​របស់​​អ្នក ខណៈពេល​ដែល​មនុស្ស​ខ្លះត្រូវ​ការ​ជីវិត​ដើម្បី​រស់

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2012 បញ្ចេញមតិ

ជីវិត​​គឺ​​ពិបាក​​ណាស់ ប៉ុន្តែ​​យ៉ាង​​ហោច​​ណាស់​​យើង​​មាន​​ចំណី​​អាហារ​​សម្រាប់​​ញ៉ាំ​​គ្រប់​​គ្រាន់​ តើ​​ត្រូវ​​ទេ? មាន​​ចំណី​​អាហារ​​ល្អ​​ៗ ហើយ​​មាន​​ច្រើន​​ទៀត​​ផង ។ យើង​​មាន​​ផ្ទះ​​សម្រាប់​​ស្នាក់​​អាស្រ័យ​​ តើ​​ត្រូវ​​ទេ​? មាន​​គ្រែ​​ដ៏​​កក់​​ក្តៅ​ មាន​​ភួយ​ និង​​ពួក​​សម្រាប់​​ដេក​​យ៉ាង​​សុខ​​ស្រួល ។ យើង​​មាន​​សម្លៀក​​បំពាក់​​សម្រាប់​​ការ​​ស្លៀក​​ពាក់​​ប្រចាំ​​ថ្ងៃ តើ​​ត្រូវ​​ទេ? សម្លៀក​​បំពាក់​​ជា​​ច្រើន​​កំផ្លេ​សម្រាប់​ផ្លាស់​ប្តូរ​ ។ យើង​​​មាន​​​ឪពុក​​ម្តាយ​ បង​ប្អូន​​ មនុស្ស​​ដែល​​ជា​​ទី​​ស្រឡាញ់​​របស់​​យើង​ ការ​ពារ​​យើង​ ថែរក្សា​យើង តើ​ត្រូវ​ទេ?

ប្រសិន​​បើ​​ចំណី​​អាហារ​​នៅ​​ក្នុង​​ទូរ​ទឹក​កក​របស់​​អ្នក សម្លៀក​បំពាក់​នៅ​លើ​តួរ​ខ្លួន​របស់​អ្នក ដំបូល​ផ្ទះ​នៅ​ពី​លើ​ក្បាល​របស់​អ្នក​ ហើយ​និង​មាន​កន្លែង​សម្រាប់​ដេក​ ។ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ទ្រព្យ​ច្រើន​ជាងមនុស្ស​ ៧៥ភាគរយ នៅ​លើ​លោក​នេះ​ហើយ ។

ប្រសិន​បើ​អ្នក​មាន​លុយ​ក្នុង​ធានា​គា ក្នុង​ការបូប​ដាក់​លុយ ហើយ​មាន​របស់​សម្រាប់​បម្រុង​ទុក​ដើម្បី​ផ្លាស់​ប្តូរ អ្នក​គឺ​នៅ​ក្នុង​ចំណោម​នៃ​អ្នក​ដែល​មានស្តុក​ស្តម្ភ​ជាង​គេ​លើ​ពិភព​លោក ៨ភាគរយ​​ឯណោះ ។

ប្រសិន​បើ​អ្នក​ក្រោក​ឡើង​នៅ​ពេល​ព្រឹក​នេះ​ជា​មួយ​និង​ភាព​មាន​សុខភាព​បរិបូរ​ណ៍ ដែល​អាច​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​បាន អ្នក​គឺ​មាន​បុណ្យ​វាសនា​ច្រើន​ជាងមនុស្ស​រាប់​សិប​លាន​អ្នក​ទៀត​ដែល​មិន​អាច​រស់​នៅ​បន្ត​ទៀត​សម្រាប់​អាទិត្យ​នេះ ។

ប្រសិន​បើ​អ្នក​មិន​ដែល​មាន​បទ​ពិសោធន៍​ជួប​នូវ​គ្រោះ​ថ្នាក់​ក្នុង​សង្រ្គាម​, ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នៃ​ការ​ឃុំ​ឃាំង​ ឬ​ការ​ធ្វើ​​ទារុណ​​កម្ម ឬ​​ក៏​​ភាព​​នៃ​​សេចក្តី​​អត់​​ឃ្លាន​​ហួស​​ប្រមាណ​​នោះ​​ទេ អ្នក​​គឺ​ជា​មនុស្ស​ដែល​មាន​​សំណាង​​ល្អ​​ជា​ង​មនុស្ស​​ ៥០០​​លាន​​នាក់​​ទៀត​​ដែល​​នៅ​រស់​​ជា​​មួយ​​ការ​​ឈឺ​​ចាប់​​ទាំង​​អស់​​នេះ ។

ប្រសិន​បើ​អ្នក​អាច​អាន​អត្ថបទ​នេះ​បាន អ្នក​គឺ​ជា​ម​នុស្ស​ដែល​មាន​ភព្វ​សំណាង​ខ្លាំង​ណាស់​ គឺ​សំណាង​ជាងមនុស្ស​ជាង ៣ពាន់​លាន​អ្នក​ទៀត​នៅ​ក្នុង​ពិភព​លោក​នេះ​ដែល​មិន​ចេះ​អក្សរ​ សូម្បី​តែ​មួយ​តួរ​អក្សរ​ក៏​ពួក​គេ​មិន​អាច​អាន​បាន​ដែរ ។

យើង​គួរតែ​ដឹង​​គុណ​សម្រាប់​អ្វី​ដែល​យើង​មាន​ និង​កំពុង​តែ​មាន​សព្វ​ថ្ងៃ​នេះ ហើយ​យើង​ត្រូវ​តែ​ចែក​រំលែក​អ្វី​ដែល​យើង​មាន​នោះ​ ឬ​ក៏​ផ្តល់​ជូន​ជា​ចាំ​បាច់​ទៅ​មនុស្ស​ជាតិ​ទាំង​ឡាយ​ដទៃ​ទៀត​ ៕

 

ខ្ញុំ​​រៀន​លេង​ហ្គីតា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2012 មតិ 15

ហ្គីតា​នេះ​ទិញ​មក​ទុក​ចោល​ អត់​ដែល​បាន​លេង​អី​ទេ ព្រោះ​តែ​ជាប់​រវល់​រក​តែ​ពេល​លេង​អត់​បាន​សោះ ។ នឹក​ឃើញ​រៀន​ហ្គី​តា​ដំបូង​ម្រាម​ដៃ​របស់​ខ្ញុំ​ត្រូវ​ហើម និង​ឈឺ​អស់​ជា​ច្រើន​សប្តាហ៍​ តែ​ដល់​បី​បួន​អាទិត្យ​ក្រោយ​មក​ចាប់​ផ្តើម​ក្រិន​ម្រាម​ដៃ​​ហើយ​ចាប់​ខ្សែ​ហ្គីតា​បាន​ដោយ​គ្មាន​ការ​ឈឺ​ដៃ​ទៀត​ទេ ។ រៀន​ហ្គីតា​បាន​តែ​ពីរ​ខែ គ្មាន​ចេះ​អី​ទេ ប្រហែល​មក​ពី​អត់​ទេព​កោសល្យ ដែល​ខែ្មរ​យើង​ហៅ​ថា (ដុង) ទេ​​ដឹង​បាន​ជា​មិន​ចេះ​បែប​នេះ ឬ​មួយ​ក៏​ខ្ញុំ​គ្មាន​ពេល​លេង​ជាមួយ​វា​ជា​ប្រចាំ (អនុវត្តន៍​លេង​វា​រៀង​រាល់​ថ្ងៃ) ។ រៀង​រាល់​ថ្ងៃ​មាន​អារម្មណ៍​ថា​ធុញ​ថប់​ពេក​ គិត​រក​អ្វី​មក​កំដរ​អារម្មណ៍ ក៏​នឹកឃើញ​មាន​តែ​បទ​ភ្លេង​ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា ណា​មួយ​គិត​ចង់​ចេះ​ហ្គីតា​ផង ក៏​ទិញ​យក​មក​រៀន​តែ​ហ្មង​ទៅ ។

មនុស្ស​ភាគ​ច្រើន​កំពុង​ជួប​ប្រទះ​និង​បញ្ហា​ធុញ​ធប់ ដែល​គេ​ហៅ​ថា​ ស្រ្តេស (ํStress) បន្ទាប់​ពី​ត្រលប់​មក​ពីសាលា កន្លែងធ្វើការ ឬ​កន្លែង​ប្រ​កប​របរ​ចិញ្ចិម​ជីវិត​ជា​ដើម​ ។ តាម​រយៈ​វចនានុ​ក្រម Cambridge ពាក្យ​ថា (Stress) គឺ​សម្តៅ​លើ​ការ​ព្រួយបារម្ភ ខ្វល់​ខ្វាយ​និង បញ្ហា​អ្វី​មួយ​ខ្លាំង​ពេក ឬ​ មក​ពី​ការ​គិត​ច្រើន​ ​សុខ​ភាព​មិន​ល្អ និង ក្នុង​លក្ខ​ខ័ណ្ឌ​សង្គម គ្រួសារ បញ្ហា​ផ្ទាល់​ខ្លួន ដែល​ជះ​ឥទ្ធិពល​លើ​ផ្លូវ​អារម្មណ៏ ជាដើម ។ ចឹង​ហើយ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ធុញ​ធប់​គឺ​មាន​វិធី​ជា​ច្រើន​ តែ​សម្រាប់​ខ្ញុំ​ គឺ​ខ្ញុំ​អាច​លេង​ភ្លេង​ ច្រៀង​រាំ ឬ​តាម​រយៈ​ការ​ដើរ​កំសាន្ត ឬ​តាម​រយៈ​សិល្បៈ​ផ្សេងៗ ។

ការ​លេង​ហ្គីតា​ ឬ​ឧបករណ៍​តន្ត្រី​ផ្សេងៗ គឺ​ជា​វិធី​សាស្រ្ត​មួយ​ដែល​កំដរ​អារម្មណ៏​របស់ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​​មាន​ភាព​ឯកោ ធុញ​ធប់ តានតឹង ទុក្ខ​សោក​ជា​ដើម ​តាមរ​យៈ​សម្លេង​រណ្តំ​របស់​ឧបករណ៏​ភ្លេង​ទាំង​នោះ ។ ការ​ធ្វើ​ចលនា ពោល​គឺ​កាយ​វិការ​លើ​ឧបករណ៍​តន្រ្តី​ប្រភេទ​ណា​មួយ​ក៏​ដោយ ​ធ្វើ​អោយ​រាង្គ​កាយ​និង​មនោ​សញ្ចេតនា​បញ្ចូល​គ្នា​តែ​មួយ ហើយ​បញ្ចេញ​ចោល​នូវ​បញ្ហា​ទាំង​ឡាយ​តាម​ត្រចៀក​ទាំង​ពីរ​ ​និង​ប្រមូល​ផ្តុំ​អារម្មណ៍​លើ​ចង្វាក់​ភ្លេង​ដ៏​រណ្តំ​​​ណែង​​​ណង​គ្នា​ ។ តន្រ្តី ការរាំ ការច្រៀង សុទ្ធ​តែ​ជា​ឱ​សថ​កំដរ និង ព្យាបាល​អារម្មណ៍​ដ៏​មាន​ប្រសិទ្ធភាព ។ តើ​អ្នក​ធា្លប់​ជួប​បញ្ហា (Stress) ដែរ​ឬ​ទេ? បើ​មាន ​អ្នក​គួរ​តែ​ចាប់​ផ្តើម​សាក​ល្បង​ចាប់​ផ្តើម​លេង​ឧបករណ៍​ភ្លេង​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត​លេង ដូច​ជា​រូប​ខ្ញុំ​ផ្ទាល់​ ដើម្បី​សុខភាព អនាគត​ និង ជីវិត​សុភមង្គល​របស់​អ្នក​ ៕ 🙂

តើ​រាល់ថ្ងៃនេះប្រជាជន​​ខ្មែរ​កំពុង​តែ​សម្លាប់ប្រជាជន​​ខ្មែរ​គ្នា​ឯងមែនទេ?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ ១

កាល​ពីមុន​ខ្មែរ​យើង​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ជិត​ខាង ដោយ​បន្លែ​ផ្លែឈើ​ទាំង​នោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​​កម្ពុជា​យ៉ាង​ខ្លាំង ។ ដោយ​ឡែក​ការ​ដាំដុះ​ផលិត​ផល​ខ្មែរ​ គឺ​និយម​ដាំ​ទៅ​តាម​ធម្មជាតិ​មិន​ប្រើប្រាស់​ជីគីមី​នោះ​ទេ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គេ​បង្រៀន​ខ្មែរ​យើង​ឱ្យ​ចេះ​ប្រើប្រាស់​ថ្នាំ​គីមី​នេះ​ហើយ គឺ​ថា​ប្រើប្រាស់​ស្ទើរគ្រប់​មុខ មិន​ថា​ក្នុង​ ​បន្លែ​ ត្រី សាច់ ចំណីអាហារ​ នោះ​ទេ គឺ​សុទ្ធ​តែ​គីមី​ទាំង​អស់ គេ​កំពុង​បង្រៀន​ឱ្យ​ខ្មែរ​សម្លាប់​ខ្មែរ​គ្នាឯង? សង្គម​យើង​បច្ចុប្បន្ន​នេះ​ គឺ​គិត​ពី​បញ្ហា​សុវត្ថិ​ភាព​សង្គម​ច្រើន​ដូច​ជា​​ ឃាត​កម្ម​ លួច​​ ឆក់​ ​ប្លន់ ​និង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ជា​ដើម​ ។ ​តែ​មនុស្ស​​មួយ​​ចំនួន​មាន​ការ​ព្រួយ​​បារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​ អាហារ​​ផង​ដែរ​ ពេល​ខ្លះ​បាន​​​ត្រឹម​តែ​​រអ៊ូថា​​​អាហារ​ឥឡូវ​សុទ្ធ​តែ​ជាតិ​គី​មី​​ដែល​ជា ​អាវុធ​សម្លាប់​មនុស្ស​​ តែ​មិន​ដឹង​ថា​​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ចៀស​ឲ្យ​ផុត​​ ។​​

សារធាតុ​គីមី​មួយ​ចំនួន​​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​វិស័យ​កសិកម្ម​នៅ​តែ​មាន​ការ​ប្រើប្រាស់​ពី​សំណាក់​ប្រជា​កសិករ​ខ្មែរ​យ៉ាង​ច្រើន​ ។ យើង​ក៏​ឃើញ​មាន​សារធាតុ​គីមី​មួយ​ចំនួន​ត្រូវ​បាន​ប្រើ​ប្រាស់​ដាក់​នៅ​ក្នុង​អាហារ ។ សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ត្រូវ​បាន​ហាមឃាត់​ដូចជា​ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​តែ​មាន​ការ​ប្រើប្រាស់​ និង​នាំ​ចូល​យក​មក​លក់​នៅក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​យ៉ាង​ណា​ក៏​ដោយ ។ នៅ​ក្នុង​អាហារ​ត្រូវ​បាន​​គេ​​រក​ឃើញ​​មាន​​សារធាតុ​​គីមី​​ដែល​​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ជាច្រើន​​ប្រភេទ ដូច​ជា​សារធាតុ​​ ប៉ូ​​រ៉ាក់​ដឺ​សូ​ដ្យូ​ម ឬ​គេ​​ហៅ​​ថា​​ទឹក​អន្សា ថ្នាំ​​បាញ់​​សម្លាប់​សត្វ​ល្អិត​​ផ្សេងៗ អ៊ី​ដ្រូ​​ស៊ុល​​​ហ្វ៊ី​ត ដឺ​សូ​ដ្យូ​ម ដែល​​គេ​ស្គាល់​​ថា ម្សៅ​ស អាស៊ី​ត​ស៊ុល​​​​​ហ្វួ​​រិច អាស៊ីត​​បង់​​ហ្សូ​​អ៊ិច មីក្រូ និង​ល័​ក្ខ ជាដើម ។ សារធាតុ​​ទាំង​អស់​​នោះ​​​ត្រូវ​​បាន​គេ​​ប្រើប្រាស់​​ដើម្បី​​រក្សា​​ឱ្យ​​អាហារ​​មាន​ភាព​ស្រស់ ទុក​​បាន​​យូរ មាន​​សោ​ភ័ណ្ឌ​​ភាព ប៉ុន្តែ​​វា​​ធ្វើ​ឱ្យ​​មនុស្ស​​ខូច​សុខភាព​ ​ដូចជា​​បណ្តាល​ឱ្យ​​កើត​​ជំងឺ​​តំរង​​នោម រលាក​​បំពង់​រំលាយ​​អាហារ ជំងឺ​​វិលមុខ ហ៊ឹង​ត្រចៀក រវើ​​រវាយ ក្អួត ដង្ហើម​​ញាប់ ដង្ហក់ ឈឺ​ក្រពះ រាគ ជាដើម ។

ឧទាហរណ៍៖

១. ការ​បញ្ចូល​ជាតិ​គីមី​ទៅ​ក្នុង​រុក្ខ​ជាតិ​​ និង​សត្វ​​ដើម្បី​ឲ្យ​ឆាប់​ធំ​ធាត់៖​ យើង​ឃើញ​ហើយ​ថា​​ចេក​ពង​មាន់​កាល​ពី​មុន​ធំ​ប៉ុន​មេ​ដៃ​ តែ​​ឥឡូវ​ប៉ុន​កដៃ​ ឯ​ឪឡឹក​វិញ​ក៏​ក្រហម​ច្រាល​ ហើយ​ផ្អែម​ដូច​ស្ករ​អ៊ីចឹង​។​​ មាន​បន្លែ ​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​​ក៏​ដូច​គ្នា​ដែរ​ ដូច​ជា​ត្រសក់​ ត្រឡាច​ ឬ​ខ្នុរ​ជា​ដើម​ ។​ ចំណែក​ឯ​សត្វ​មាន់​វិញ​ចិញ្ចឹមតែ​៣​ខែ​គឺ​បាន​លក់ ​ហើយ​ធំ​ៗ​ទៀត​ ជ្រូក​ក៏​ធំ​ៗ​ដូច​គ្នា​ដែរ​ ។

២. សាច់​សត្វ​ បន្លែ​ផ្លែ​ឈើ​ដែល​ដាក់​ជាតិ​គី​មី​ហ្វក​ម៉ុល​ធ្វើ​ឲ្យ​ស​ស្អាត រក្សា​ទុក​បាន​យូរ​​ និង​ការ​ផលិត​​វេច​ខ្ចប់៖​​ បើ​មាន​ពេល​យើង​​ដើរ​លេង​ផ្សារ​ម្តង​មើល​ ថា​តើ​មាន​អ្វី​ខ្លះ​ដែល​កើត​ឡើង​នៅ​លើ​របស់​ដែល​យើង​នឹង​ទិញ​ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ដាក់​ថ្នាំ​ស្ទើរ​តែ​​ទាំង​អស់​​ ​ដូច​ជា​ សាច់​ ប្រហុក​ ត្រី​​ងៀត​​ ស្ករ ​ស​ក្បុស​​ដែល​ធ្លាប់​តែ​រុយ​​ទុំ​ ឥឡូវ​រុយ​ខ្ពើម​ទុំ​ផង​ ។ ​ត្រយូង​ចេក​ដែល​ធ្លាប់​តែ​បន្ទាប់​ពី​ហាន់​​ភ្លាម​មិន​ទាន់​ផង​គឺ​ចេញ​ជ័រ​ ខ្មៅ​រោល ​ឥឡូវ​នេះ​សស្គុស​។ ​បើ​និយាយ​ពី​តៅហ៊ូ ​តៅគ័រ​ ទឹកត្រី​ ទឹក​ស៊ីវអ៊ីវ​ ទឹក​ប៉េង​ប៉ោះ ​ទឹក​ម្ទេ​ស​​វិញ​ មិន​ដឹង​ជា​ឆ្លង​កា​ត់​ការ​​ត្រួត​ពិនិត្យ​បទ​ដ្ឋាន​ត្រឹម​ត្រូវ​ទេ ។

បើ​សិន​ជា​គ្មាន​វិធាន​ការ​នោះ​ទេ មិន​យូរ​មិនឆាប់​ខ្មែរ​ស្លាប់​ដាច់​ពូជ​អស់​ហើយ!!??

វត្តមាន​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ គឺជា​ក្តី​បារម្ភ​ជា​ទូទៅ​ និង​ជា​យូរ​មក​ហើយ​ ប៉ុន្តែ ​ការ​ខ្វះ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដែល​មាន​ប្រសិទ្ធភាព​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បរិភោគ​​អាហារ​ដែល​មាន​សារធាតុ​គីមី​ជា​រៀង​រាល់ថ្ងៃ។ ​ជារឿយៗ ​គេតែង​ឃើញ​ភ្នាក់ងារ​​កាំកុងត្រូល​ចុះ​ពិនិត្យ​ចំណី​អាហារ​នៅ​តាម​ទីផ្សារ​នានា ​ប៉ុន្តែ ​វត្តមាន​ម្តងម្កាល​របស់​ពួកគេ​មិន​អាច​ទប់​ស្កាត់​សារធាតុ​គ្រោះថ្នាក់​នេះ​បាន​ឡើយ ។ ក្រុម​អ្នក​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ប្រឈម​មុខ​​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​នៅ​ពេល​អនាគត​ជា​ពិសេស​ជំងឺ​មហារីក​តែម្តង​នៅ​ពេល​ដែល​សារធាតុ​គីមី​ទាំង​​នោះ​ពូន​ផ្តុំ​គ្នា​ជា​រៀង​រាល់ថ្ងៃ។​ ល្មម​បញ្ឈប់​បាន​ហើយ​ខ្មែរ​អឺយ​ខ្មែរ​!!! 😦

សូម​មើល​ផង​ដែរ៖ តើ​គួរ​បញ្ឃប់​ការ​ស្មូត​ក្នុង​ពិធី​បុណ្យ​សព​ដែរ​ឬទេ?

គណនា​ក្រាហ្វ​នៃ​អនុគមន៍ ជា​មួយ​នឹង Google Graphing Calculator

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2011 មតិ 2

តើ​អ្វី​ដែលយើង​មិន​អាច​ស្វែង​រក​នៅ​លើ​ Google ? ថ្ងៃ​នេះ​ប្លក​យុវជន​សូម​ណែ​នាំ​អ្នក​ទាំង​អស់ឱ្យ​ស្គាល់​អំពី​ការ​គណនា​ក្រាហ្វ​​នៃ​អនុគមន៍​ក្នុង​គណិត​វិទ្យា​ជា​មួយ​នឹង Graphing Calculator ។ គ្រាន់​តែ​វាយ​អនុគមន៍​ក្នុង​ប្រអប់ស្វែង​រក​ពេល​នោះ​ Google និង​បង្ហាញ​នូវ​ទំនាក់​ទំនង​អន្តរកម្មរបស់​ក្រាហ្វ ដើម្បី​ផ្តល់​ចម្លើយ​​​អនុគមន៍ អនុគមន៍​ធម្មតា​​ដូចជា​ sin និង​ cos ទៅ​ជា​កុំផ្លិច​ឡូការីត ។ ក្រាហ្វ​សន្មត់ជា​ទំនាក់ទំនងអន្តរកម្ម លក្ខណៈ​នេះ​បាន​បន្ថែម​ដើម្បី​ជួយ​សម្រួល​ដល់​ការ​គណនា ។ ក្រាហ្វ​អាច​ពង្រីក​ និង ពង្រួម ហើយ​អាច​រុញ​កាត់​ផ្ទៃ​រាប​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​មើល​រូប​ភាព​ឱ្យ​យល់ជា​មួយ​និង​សេចក្តី​លម្អិត ។ មិន​តែ​ប៉ុណ្ណោះ​ទេ​គឺ​មាន​សំណួរ​ពហុ​គុណ​ដែល​យើង​អាច​ធ្វើ​ការ​ស្វែង​រក​បាន​ផង​ដែរ ។

ឧទាហរណ៍៖ នៅ​ពេល​ដែល​អ្នក​ស្វែង​រក​អនុគមន៍ Sin(x) មួយ នៅ​លើ​ Google លទ្ធ​ផល​ដំបូង​ដែល​បង្ហាញ​គឺ​ក្រាហ្វ​របស់ Sine ។ ម្យ៉ាង​ទៀត​អ្នក​អាច​ដិត​បន្ទាត់​នៅ​លើ​បន្ទាត់ Sin ដើម្បី​ទទួល​បាន X និង Y កែង​គ្នា​នៃ​ចំនុច​ប្រសព្វ​របស់​ក្រាហ្វ ។ Google ក៏​បាន​បញ្ចូល​នូវ​មុខ​ងារ​យ៉ាង​ទូលំទូលាយ​នៃ​អនុគមន៍​មាន​​មួយ​​អញ្ញាត្ត ដែល​បន្ថែម​នូវ​អ​នុគមន៍​ដូចជា trigonometric, exponential, logarithmic ហើយ​និង​វិញ្ញាសារ​ប្រឡង​របស់​ពួក​គេ​​ផង​ដែរ ។ ​Graphing Calculator និង​ប្រើ​បាន​​នៅ​ក្នុង​កម្មវិធី​រុក​រក​លើ​បណ្តាញ​មួយ​ចំនួន​ដូច​ជា Chrome និង Firefox ជា​ដើម ។

ចន្ទគ្រាសនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១១

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 មតិ 12

នៅ​ថ្ងៃទី ១០ ខែ​ធ្នូខាងមុខនេះ ចន្ទគ្រាស​នឹង​ត្រូវ​បាន​មើល​ឃើញ​នៅ​តាម​កន្លែង​មួយ​ចំនួន​ដូចជា រដ្ឋ​អាឡាស្កា (សហរដ្ឋអាមេរិក), ផ្នែក​ខាង​ជើង​នៃ​ប្រទេស​កាណាដា, ប្រទេស​អូស្រ្តាលី, ប្រទេស​ញ៉ូវស្សេឡែន, ផ្នែក​កណ្តាល​នៃ​អាស៊ី ហើយ​​និង​អា​ស៊ីបូព៌ា ។ អ្នក​តាម​ដាន​ភាគ​ច្រើន​នៃ​អាមេរិក​ខាង​ជើង​ ហើយ​និង​កោះ​ហាវ៉ៃ និង​ឃើញ​ចន្ទ​គ្រាស​នៅ​ពេល​ដែល​ព្រះច័ន្ទ​លិច ។ ផ្នែក​កណ្តាល​នៃ​ទ្វីប​អាស៊ី និង​អាស៊ី​បូព៌ា​គឺ​ជា​កន្លែង​ដែល​អ្នក​អាច​មើល​ទិដ្ឋភាព​នៃ​ចន្ទ​គ្រាស​បាន​ច្បាស់​ជាង​គេ ហើយ​វា​ក៏​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ផ្តិត​យក​ទិដ្ឋ​ភាព​នៃ​ចន្ទ​គ្រាស​នេះ​បាន​ល្អ​ជាង​គេ​ដែរ ។

ប្រជាជន​នៅ​លើ​ឆ្នេរសមុទ្រ​ផ្នែក​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ហើយ​និង​កាណាដា​និង​មើល​ឃើញ​នៃ​ការ​ចាប់​ផ្តើម​​នៃ​ភាព​ជាទូទៅ​របស់​​ចន្ទគ្រាស​ត្រឹម​តែ​ដូច​ពេល​ដែល​ព្រះ​ច័ន្ទ​លិច​បាត់​ទៅ​ក្នុង​ផ្នែក​ខាង​លិច​នៃ​ជើង​មេឃ​ប៉ុណ្ណោះ ។ អ្នក​តាមដាន​នៅ​លើ​ឆ្នេរ​សមុទ្រ​ផ្នែក​ខាង​កើត​និង​មិន​អាច​ឃើញ umbral eclipse មុន​នឹង​ព្រះ​ច័ន្ទ​លិច​ឡើយ ។ ចំណែក​ប្រជាជន​ដែល​រស់​នៅ​តំបន់​អាស៊ីវិញក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ដែរ​គឺ​អាច​ឃើញ​ចន្ទ​គ្រាស​នេះ​ច្បាស់​មែនទែន​ គឺ​វា​ចចាប់​ផ្តើ​ម​នៅ​ម៉ោង ៧យប់ ដល់ម៉ោង​ ៨យប់ គឺ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង ដូច្នេះ​កុំ​ភ្លេច​មើល​ឱ្យ​សោះ ។

ចន្ទ​គ្រាស​មាន​ដំណើរ​ការ​ជា​បន្តបន្ទាប់​សរុប​គឺ​រយៈ​ពេល​ 51 នាទី វា​ចាប់ផ្តើម​នៅ​ម៉ោង​ 11:33:36 ម៉ោង​សាកល (UT) ជា​មួយ​នឹង​ដំណើរ​ទាំង​ស្រុង​នេះ​គឺ​ការ​ចាប់​ផ្តើម​នៅ​ម៉ោង 14:06:16 ម៉ោង​សាកល ។ ពេល​​នៃ​ចន្ទ​គ្រាស​កើត​ឡើង​​ដែល​ល្អ​បំផុត​​គឺ​នៅ​ម៉ោង 14:31:49 ម៉ោង​សាកល ។ ភាព​ធំ​សម្បើប​នៃ​ទំហំ​ចន្ទ​គ្រាស​​និង​អាច​ទៅដល់ 1.11 នៃ​រយៈពេល​នេះ ។

សូម​កុំ​ភ្លេច​មើល​ចន្ទ​គ្រាស​ដែល​យើង​អាច​មើល​ឃើញច្បាស់​មែន​ទែន!! នៅ​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០១១ ម៉ោង​ ៧យប់ ដល់ ៨យប់ (ម៉ោង​នៅ​ប្រទេស​កម្ពុជា)

Related article:  Hubble Space Telescope រក ​ឃើញ​ផ្កាយ​ដែល​ចេះ​ស៊ី​ភព

%d bloggers like this: