បណ្ណសារ

Archive for the ‘ប្រាង្គប្រាសាទបុរាណ’ Category

ប្រាសាទ​ព្រះ​ពិធុរ ឬ​ព្រះ​ពិធូរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ



ប្រាសាទ​ព្រះ​ពិធុរ ឬ​ព្រះ​ពិធូរ គឺ​ជា​ក្រុម​បា្រសាទ​៥​ខ្នង​ ដែល​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ណាស់​ ប៉ុន្តែ​រូប​ចម្លាក់​ដេល​លម្អ​ប្រាសាទ​នៅ​មាន​សភាព​ល្អ​នៅ​ឡើយ​ ទោះ​បី​ជា​ប្រាសាទ​នេះ​ជា​ប្រាសាទ​នៅ​ក្នុង​ ក្រុម​ព្រះនរគរ​ហ្លួង​ស្ថិត​នៅ​មាត់​ផ្លូវ​ក្នុង​ព្រៃ​ព្រឹក្សា​លតា ជាតិ​ក៏​ដោយ​ក៏​មិន​សូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី ​អ្នក​ទេសចរ​ឲ្យ​មក​ទស្សនា​ ប្រាសាទ​នេះ​ប៉ុន្មាន​ឡើយ ​។ ​ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ពេល​វេលា​គួរ​តែ​មក​ទស្សនា​ គ្រាន់​បាន​ផ្លាស់​ប្តូរ​បរិយាកាស ​។

តើ​ប្រាសាទ​ព្រះ​ពិធូរ​មាន​អ្វី​ទស្សនា​ខ្លះ ?

  • សសរ​មូល​ ចម្លាក់​នៃ​ប្រាសាទ​ខាង​ត្បូង

បា្រសាទ​ទិស​ខាង​ត្បូង​នៅ​ទល់​មុខ​និង​ប្រាសាទ​ទេព​ប្រណម្យ​ មាន​ជណ្តើរ​នាគ​តភ្ជាប់ ​និង​គោបុរៈ​ នៃ​កំពែង​ប្រាសាទ​យើង​សង្កេត​ឃើញ​សសរ​មូល​ឆ្លាក់​ជា​ក្បាច់​ភ្ញី​ ទ្រទប់ ក្រោម​ជណ្តើរ​នាគ មាន​លក្ខណៈ​ស្អាត ហើយ​ស្រដៀង​និង​ជណ្តើរ​នាគ​នៃ​ប្រាសាទ​ អង្គរ​វត្ត​ដែរ ។ ខាង​ឆ្វេង​និង​ខាង​ស្តាំ​ជាប់​និង​ប្រឡាយ​ទឹក ​ពេល​ដែល​យើង​ដើរ​កាត់​គោបុរៈ​ខាង​លិច​នឹង​បាន​ឃើញ​បា្រសាទ​ដែល​តាំង​នៅ​លើ​គ្រឹះ​កម្ពស់​ ៦​ម៉ែត្រ​ ចែក​ចេញ​ជា​៣​ជាន់ ​។
តួ​ប្រាសាទ​មាន​លក្ខណៈ​ជា​បន្ទប់​បួន​ជ្រុង​កា​រ៉េ ទំហំ​៣ ម៉ែត្រ ផ្នែក​ខាង​លើ​នៃ​ប្រាសាទ​ត្រូវ​បាន​បាក់​ បែក​ខូច​អស់​នៅ​សល់​តែ​ជញ្ជាំង​ និង​ស៊ុម​ទ្វារ​ ទាំង​៤​ទិស ​។ ​នៅ​លើ​ជញ្ជាំង​មាន​រូប​ទេវតា​និង​ប្រភេទ​ឈើ ​។ ​នៅ​លើ​កម្រាល​វិហារ​ មាន​បំណែក​ផ្តែរ​ដែល​ឆ្លាក់​ជា​រូបភាព​កូរ​សមុទ្រ​ទឹក​ដោះ ​។ ​នៅ​ចំ​កណ្តាល​ប្រាសាទ​ មាន​ទម្រ​លិង្គ​ព្រះ​ឥសូរ​លើ​ជើង​គ្រឹះ​យោនី ​។ ​ផ្នែក​ខាង​ក្រោយ​នៃ​ប្រាសាទ​នេះ​មាន​ ប្រាសាទ​មួយ​ខ្នង ទៀត​នៅ​មាន​រូប​ព្រះសិវៈ​ព្រះវិស្ណុ ​និង​ព្រះ​ព្រហ្ម ​នៅ​លើ​រូប​មុខ​អសុរៈ ​។ ​ចំណែក​ឯ​ផ្តែរ​ខាង​ជើង​មាន​រូប កូរ​សមុទ្រ​ទឹក​ដោះ។​ផ្នែក​ក្រោយ​បង្អស់​នៃ​កំពែង​ ​ប្រាសាទ​ខាង​កើត​ជា​ប្រឡាយ​ទឹក នៅ​រដូវ​ប្រាំង ​យើង​អាច​ដើរ​ឆ្លង​កាត់​ទៅ​កាន់​ ​ប្រាសាទ​ដែល​នៅ​ទិស​ខាង​កើត​ប្រហែល​ជា​១០០​ម៉ែត្រ​ ។ ​ប្រាសាទ​ខាង ​កើត​នេះ​មាន​ ទំហំ​ធំ​ជាង​ប្រាសាទ​ពីរ​ដំបូង ​បើ​ទោះ​បី​ជា​ក្បាច់​ផ្កា​ភ្ញី​នៃ​ប្រាសាទ​មិន​ទាន់​ល្អ​ប្រណីត​ក៏ ​ដោយ ​ប៉ុន្តែ​យើង​អាច​យល់​បាន​ថា ​ប្រាសាទ​នេះ​កសាង​ឡើង​ទៅ​តាម​ជំនឿ​សាសនា ​ព្រះពុទ្ធ​ ក្នុង​ពេល​ដែល​ប្រាសាទ​៤​ខ្នង​ទៀត​ជា​របស់​សាសនា​ហិណ្ឌូ ។ ​ខាង​ក្នុង​មាន​ ចម្លាក់​ព្រះពុទ្ធ​រូប​ជា​ជួរ​វែង​នៅ​លើ​ជញ្ជាំង​ពី​លើ​ទ្វារ​ចូល​ប្រាសាទ ​និង​មាន​ផ្តែរ​តាម​ព្រះ ​ពុទ្ធ​ប្បវត្តិ ។

  • លិង្គ​ព្រះ​ឥសូរ​ធំ

នៅ​មាន​ប្រាសាទ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​កន្លែង​ទៀត​នៅ​ទិស​ពាយព្យ ។ ប្រាសាទ​នេះ​មាន​ ​តួ​ប្រាសាទ​ដែល​ធំ​បំផុត​ក្នុង​ចំណោម​ក្រុម​ប្រាសាទ​ព្រះ​ពិធូរ ។ ប្រាសាទ​នេះ​មាន​រាង​៤​ជ្រុង​ការ៉េ​ ទំហំ​៤​ម៉ែត្រ​ នៅ​ខាង​ក្នុង​មាន​ជើង​ទម្រ​លិង្គ​ ព្រះ​ឥសូរ​ យ៉ាង​ធំ ប៉ុន្តែ​ឆ្លាក់​មិន​ទាន់​រួចរាល់​នៅ​ឡើយ​ឆ្ងាយ​ពី​ប្រាសាទ​នេះ ​ទៅ​ខាង​ជើង​មិន​ឆ្ងាយ​ប៉ុន្មាន​នៅ​មាន​បា្រសាទ​មួយ​ទៀត​ដែល​មើល​ទៅ​សាមញ្ញ​មិន​មាន​របៀង ​ប៉ុន្តែ​ក៏​មាន​ចំណុច​ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ដែរ​ គឺ​នៅ​ត្រង់​ ហោង​ជាង​និង​ផ្នែក​ចំហៀង​ ហោ​ជាង​មាន​ ចម្លាក់​ពេល​ដែល​ព្រះ​ក្រឹស្នា​បង្រ្កាប​ព្រះ​ចៅកុ្រង​ពារ​រូប​បង្ហាញ​ពី​ក្បាច់ ​គុន​និង​រូប​ពាលី​ប្រយុទ្ធ​ជា​មួយ​សុ​គ្រីព​ ៕

Advertisements

ប្រាសាទ ធម្មានន្ទ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទ ធម្មានន្ទ

ប្រាសាទ​ធម្មានន្ទ​មាន​ទី​តាំង​នៅ​គីឡូ​ម៉ែត្រ​លេខ​ពីរ ផ្លូវ​វង់​តូច ​ដែល​ចេញ​តាម​ទ្វារ​ជ័យ ​នគរ​ធំ ​មាន​ប្រាសាទ​ពីរ​នៅ​ទន្ទឹម​ៗ​គ្នា​ ។ បា្រសាទ​មួយ​ស្ថិត​នៅ​ខាង​ជើង​ផ្លូវ​ឈ្មោះ​ថា ​ប្រាសាទ​ធម្មានន្ទ ​ចំណែក​ឯ​ប្រាសាទ​មួយ​ទៀត​ដែល​ស្ថិត​នៅ​ខាង​ត្បូង​ផ្លូវ​ឈ្មោះ​ថា បា្រសាទ​ចៅ​សាយ ​។
ប្រាសាទ​ធម្មានន្ទ​គឺ​ជា​ប្រាសាទ​ដែល ​មាន​ខ្នាត​តូច​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ប្រឡាយ​ទឹក​ ដែល​ជន​ជាតិ​ខ្មែរ​យើង​មាន​ជំនឿ​ថា ​ប្រឡាយ​ទឹក​នេះ​ជា​ប្រឡាយ​ទឹក​ដែល​ឡោម​ព័ទ្ធ​ភ្នំ ព្រះ​សុមេរុ ។ ​ប្រាសាទ​នេះ​ខុស​ពី​ប្រាសាទ​ចៅ​សាយ​ត្រង់​ថា មាន​ធម្ម​មន្ទីរ​មួយ​កន្លែង ​នៅ​ខាង​ស្តាំ​ដៃ ​ឬ​នៅ​ទិស​ខាង​ត្បូង​នៃ​ប្រាសាទ​ ។ ​ចំណែក​ប្រឡាយ​ទឹក​សព្វ​ថ្ងៃ​នេះ​រីង គោក​អស់​ទៅ​ហើយ​ ។

តើ​ប្រាសាទ​ធម្មានន្ទ​មាន​អ្វី​ទស្សនា​ខ្លះ​?
រូប​ចម្លាក់​នៅ​សសរ​ទ្វារ​ខាង​មុខ។​មាន​រូប​ទេព​អប្សរា​ដ៏​មាន​សម្រស់​ស្រស់​ស្អាត​ដូច​អប្សរា​នៅ​បា្រសាទ​អង្គរ​វត្ត​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ​គឺ​មាន​រូប​ទេពអប្សរា​នៅ​ជា​មួយ​និង​ រូប​ចម្លាក់​ទ្វារ​បាល ។
ផ្តែរ​ខាង​ក្នុង​មាន​រូប​ចម្លាក់​ព្រះនារាយណ៍​ទ្រង់​គ្រុឌ ​ព្រះនារាយណ៍​កន្ធែក​ព្រះបាទ​នៅ​លើ​ស្មា​គ្រុឌ​ មាន​អាវុធ​គ្រប់​ដៃ ​។ ​ចំណែក​ឯ​គ្រុឌ​វិញ​បាន​យក​ក្បាល​វែក​ត្រសុល​នាគ​ចេញ​មក​ ពាក់​កណ្តាល ​ដូច្នេះ​ហើយ​បាន​ជា​មាន​ក្បាល​នាគ​ម្ខាង​ពីរ​ ។ ​គេ​អាច​ចាត់​ទុក​ថា​ប្លែក​ ហើយ​ទិដ្ឋភាព​បែប​នេះ​គឺ​មាន​តែ​នៅ​បា្រសាទ​ធម្មានន្ទ​ រី​ឯ​ប្រាសាទ​ផ្សេង​ៗ​ទៀត​មិន​ មាន​ឡើយ ​។

តួប្រាង្គប្រាសាទ
ក្បូរ​ក្បាច់​រចនា​មាន​ទាំង​រូប​មនុស្ស​ និង​សត្វ​ ប្រភេទ​ផ្សេង​ៗ​ជា​ច្រើន​ឆ្លាក់​រូប​ចម្លាក់​ផុស​ លម្អ​នៅ​តាម​ផ្នែក​ផ្សេង​ៗ​ដូច​ជា​ជញ្ជាំង​មុខ​ប្រាសាទ​ និង​ ជើង​គ្រឹះ​នៃ​ប្រាសាទ​ ។

នៅ​តាម​គោ​បុរៈ
នៅ​មុខ​ប្រាសាទ​មាន​រូប​ចម្លាក់​សត្វ​គ្រុឌ​ឈរ​ពត់​ខ្លួន​នៅ​លើ​ជ្រុង​កែង​ដំបូល​នៃ​គោ​បុរៈ ​យ៉ាង​ស្រស់​សង្ហារ​ ។

ប្រាសាទ​ដែល​កសាង​ក្នុង​យុគ​សម័យ​តែមួយមាន៖
១. ប្រាសាទ អង្គរវត្ត
២. ប្រាសាទបន្ទាយសំរ៉ែ
៣. ប្រាសាទចៅសាយ
៤. ប្រាសាទព្រះពិធូរ
៥. ប្រាសាទបេងមាលា
៦. ប្រាសាទភិម៉ៃ (ខេត្តនគររាជសីមា សព្វថ្ងៃជារបស់ថៃ )
៧. ប្រាសាទភ្នំរុង (ខេត្តបុរីរម្យ សព្វថ្ងៃជារបស់ថៃ)
៨. ប្រាសាទវត្តភូ (សព្វថ្ងៃនៅប្រទេស ឡាវ) ។

ប្រាសាទ ចៅសាយទេវព្តា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទ ចៅសាយទេវព្តា

ប្រាសាទ​ចៅ​សាយ​ទេវព្តា​មាន​ទី​តាំង​ស្តិត​នៅ​ម្ខាង​ផ្លូវ​នៃ​ប្រាសាទ​ធម្មានន្ទ​ជា​ប្រាសាទ​ខ្នាត​ជំទើរ​កសាង​ បែរ​មុខ​ទៅ​​​ទិស​ខាង​កើត​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​វិចិត្រ​មិន​ខុស​ពី​ប្រាសាទ​អង្គរ​វត្ត​ប៉ុន្មាន​ឡើយ ។  ប្រាសាទ​នេះ​ជា​ប្រាសាទ​គូ​គ្នា​នឹង​ប្រាសា​ទធម្មានន្ទ ​ពី​ព្រោះ​នៅ​ជិត​គ្នា​។​ប្រាសាទ​ចៅ​សាយ​នេះ​កសាង​ ដោយ​ព្រះបាទ​សូរ្យវរ្មន ទី២​ ហើយ​កសាង​បន្ថែម​ដោយ​ព្រះបាទ​យសោវរ្ម័ន ទី២ ​រហូត​ចប់​សព្វ​គ្រប់​ក្នុង​ សម័យ​ព្រះបាទ​ជ័យវរ័្មន ទី៧ ។
ផ្លូវ​ដែល​ឆ្លង​កាត់​ប្រាសាទ​នេះ​នៅ​ទិស​ខាង​ជើង ​ដូច្នេះ​ហើយ​បាន​ជា​ភ្ញៀវ​ទេសចរ​ច្រើន​ដើរ​ចូល​ទៅ ​កាន់​ប្រាសាទ​តាម​ផ្លូវ​ទិស​ខាង​ជើង​។​ប៉ុន្តែ​ផ្លូវ​ចូល​កាល​ពី​សម័យ​មុន​គឺ​នៅ​ផ្លូវ​ទិស​ខាង​កើត​។​ប្រាសាទ ​ចៅ​សាយ​នេះ​មាន​ការ​ទ្រុឌ​​ទ្រោម​ខ្លាំង​ប៉ុន្តែ​បាន​ធ្វើ​ការ​ ជួស​ជុល​ជា​បន្ត​បន្ទាប់​ ។

តើ​ប្រាសាទ​ចៅ​សាយ​មាន​អ្វី​ទស្សនា​ខ្លះ​?

ផ្លូវ​ចូល​ប្រាសាទ​តាម​ទិស​ខាង​កើត​ពី​គោ​បុរៈ​មាន​ស្ពាន​ដែល​មាន ​សរសរ​មូល​ៗ​ទប់​ទ្រ​ជា​ហូ​រហែរ​យ៉ាង​ស្អាត​។​ក្នុង​សម័យ​បូរាណ​ប្រាសាទ​នេះ​មាន​ការ​រៀប​ចំ​ធ្វើ​ពិធី​សក្ការៈ ​លឹង្គ​ព្រះ​ឥសូរ​ការ​លាង​និង​ធ្វើ​ពិធី​ផ្សេង​ៗ​ទៀត​ដោយ​សារ​តែ​នៅ​ជិត​ស្ទឹង​សៀមរាប​ដែល​ជា​ស្ទឹង​ស័ក្កិ​សិទ្ឋ​ ដូច​ទន្លេ​គង្កា​​នៅ​ប្រទេស​ឥណ្ឌា ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពិធី​។
ប្រាសាទ​ដែល​កសាង​នៅ​ក្នុង​សម័យ​តែ​មួយ​មាន​ដូច​ជា​៖

១. ប្រាសាទ​អង្គរវត្ត

២. ប្រាសាទ​បន្ទាយ​សំរ៉ែ

៣. ប្រាសាទ ធម្មានន្ទ

៤. ប្រាសាទ​បេងមាលា

៥. ប្រាសាទ​ព្រះ​ពិធូរ

៦. ប្រាសាទ​វត្ត​ភូ (នៅ​ក្នុង​ប្រទេស​ឡាវ​សព្វ​ថ្ងៃ​) ៕

ប្រាសាទ​ភិមានអាកាស

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទ​ភិមានអាកាស

ប្រាសាទ​ភិមាន​អាកាស​ជា​ប្រាសាទ​មួយ​ដែល​កសាង​ឡើង​អំពី​ថ្ម​ភក់​នៅ​លើ​ជើង​គ្រឹះ​ថ្ម​បាយ​ក្រៀម​មាន​បី​ជាន់​ស្រដៀង​នឹង​ប្រាសាទ​ពីរ៉ា​មីដ ​។ ​កម្ពស់​នៃ​ជើង​គ្រឹះ​ប្រាសាទ​វិមាន​អាកាស​ទាំង​បី​ជាន់​ប្រហែល​ជា ​១២​ ម៉ែត្រ​ មាន​សណ្ឋាន ជា​បួន​ជ្រុង​ទ្រវែង​មាន​ជណ្តើរ​ចោត​ទាំង​បួន​ ផ្នែក ​។
ចំណែក​ឯ​ផ្លូវ​ចូល​ទស្សនា​ព្រះរាជ​វាំង​ត្រូវ​ដើរ​ឆ្លង​កាត់​ជើង​គ្រឹះ​ឡើង​លើ​ព្រះ​ពន្លា​ខ្ពស់ ទៅ​តាម​ជណ្តើរ​គ្រុឌ​ព្រោះ​ព្រះ រាជ​វាំង​នេះ​តាំង​នៅ​លើ​ព្រះ​ពន្លា​ខ្ពស់​ពេល​ណា​យើង​ឡើង​ទៅ​កាន់​ព្រះ​ពន្លា​នឹង​ឃើញ​បដិមា​ផុស​រូប​សិង្ហ​រចនា​បថ ​សម័យ​បាយ័ន​ឈរ​យ៉ាង​អង់​អាច​នៅ​ក្បាល​ជណ្តើរ​ទាំង​សង​ខាង​ ។ ​នៅ​លើ​ព្រះ​ពន្លា​នេះ​នៅ​មាន​ស្លាក​ស្នាម​ការ​សង់​ព្រះ​ពន្លា​ក្នុង​ រជ្ជ​កាល​ព្រះ​បាទ ជ័យ​វរ្ម័នទី  ៧ ​ដែល​គេ​ប្រើ​សម្រាប់​រាជ​ការ​ត្រួត​ពល​ឬ ប្រារឰ​ពិធី​ខាង​សាសនា​ផ្សេង​ៗ។ បច្ចុប្បន្ន​នេះ​មិន នៅ​សេស​សល់​ស្លាក​ស្នាម​ទៀត​ ឡើយ ​ព្រោះ​សំណង់​ទាំង​នោះ​ធ្វើ​អំពី​ឈើ ​។

តើ​ប្រាសាទ​ភិមានអាកាស​មាន​អ្វី​ទស្សនា​ខ្លះ ?
ប្រាសាទ​ភិមាន​អាកាស​តាំង​នៅ​លើ​ជើង​គ្រឹះ​ខ្ពស់​បី​ជាន់ មួយ​ជាន់​ៗ​មាន​កម្ពស់​បួន​ម៉ែត្រ​ ។ ​ជាន់​ក្រោម​បង្អស់​មាន​ទទឹង ​២៨​ ម៉ែត្រ​នៅ​ជួរ​ទិស​ខាង​ជើង​-​ត្បូង​ ចំណែក​បណ្តោយ​ប្រវែង​ ៣៥ ​ម៉ែត្រ ​នៅ​ជួរ​ទិស​ខាង​កើត​-​លិច​។ ជើង​គ្រឹះ​ប្រាសាទ​ទាំង​បី​ជាន់​ជា​ផ្លូវ​ឡើង​ទៅ​កាន់​ប្រាសាទ​បាន​ដែល​មាន​ជណ្តើរ​នៅ​កណ្តាល​ជើង​គ្រឹះ​ទាំង ​៤ ​ទិស។​ប៉ុន្តែ​ភាគ​ច្រើន​បាក់​ស្ទើរ​ អស់ ហើយ​កន្លែង​ដែល​នៅ​មាន​សភាព​ ល្អ​បំផុត​ គឺ​នៅ​ផ្នែក​ទិស ​ខាង​លិច​។​ផ្នែក​ទាំង​ពីរ​នៃ​ជណ្តើរ​ឡើង​អម​សង​ខាង ​ដោយ​បដិមា​ផុស​រូប​សិង្ហ​និង​រូប​ដំរី​នៅ​មុខ​ជើង ​គ្រឹះ​ទាំង​បី​ជាន់​។តួ​ប្រាសាទ​លើ​ជើង​គ្រឹះ​ជាន់​លើ​បង្អស់​ផ្នែក​ក្រៅ​ជា​រោង​ ថែវ​ ធ្វើ​អំពី​ថ្ម​ភក់​ ផ្នែក​ក្នុង​ជា ​តួ​ប្រាសាទ​សង់​លើ​ជើង​គ្រឹះ​មាន​កម្ពស់ ​២,៥ ​ម៉ែត្រ​។
តាម​អ្នក​ដំណើ​រចិន​ឈ្មោះ ​ជីវ ​តា​ក្វាន់ ​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ប្រាសាទ​នេះ​ស្តេច​នឹង​ត្រូវ​យាង​មក​ផ្តុំ​ជា​មួយ​នឹង​នាង​នាគ​ក្បាល​ ៩​ដែល​ប្រែ​ក្រឡា​ជា​ស្រី​ស្អាត ​រាល់​យប់​តាម​ពង្សាវតា​បាន​តំណាល​ត​ៗ​គ្នា​នៅ​ក្នុង​ស្រទាប់​មជ្ឈដ្ឋាន​ជន​ជាតិ​ចិន​ ដែល​មក​រស់​នៅ​ក្នុង​ក្រុង​ ព្រះ​នគរ​សម័យ ​នោះ ​។

ស្រះ​ទឹក​ហ្លួង ​ មាន​សណ្ឋាន​រាង​ ៤​ ជ្រុង​ទ្រវែង​មាន​ទទឹង ​៤៥​ ម៉ែត្រ​ បណ្តោយ ​១២៥ ​ម៉ែត្រ ។ ​គែម​ស្រះ ​ជា​ថ្ម​ភក់​ព័ទ្ធ​ជុំវិញ​ជា​ច្រើន​ជាន់​ ចោត​ចុះ​ផ្នែក​ខាង​ក្រោម​ ។​ គេ​ជឿ​ថា ​ស្រះ​នេះ​កសាង​ក្នុង​រជ្ជកាល​ព្រះ  បាទ​សុរិយ​វរ្ម័នទី ១ ហើយ​ឆ្លាក់​រូប​បន្ថែម​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី ៧ ។
នៅ​ត្រង់​បរិវេណ​ខាង​ត្បូង​នៃ​ស្រះ​មាន​កំពែង​វែង​ត​ទៅ​ទិស​ខាង​លិច​បន្តិច​គេ​សន្និដ្ឋាន​ថា ​កំពែង​នេះ​សាង​ឡើង​ដើម្បី​បាំង​ដី​ពី​ប្រាសាទ​ ភិមាន​អាកាស​កុំ​ឱ្យ​ហូរ​ចុះ​មក​ស្រះ​។​ចំណុច​ ដែល​គួរ​ឱ្យ​ស្ញប់​ស្ញែង​នៃ​កំពែង​នេះ​គឺ​រូប​ចម្លាក់​ល្អ​ឥត​ខ្ចោះ ​ហើយ​មាន​រូប​ខ្លះ​ស្រដៀង ​នឹង​រូប​ចម្លាក់ ​នៅ​តាម​ជញ្ចាំង​ទី​ព្រះលាន​ ស្តេច​គម្លង់ ។

ស្រះ​ទឹក​ខាង​កើត​ នៅ​ទិស​ខាង​កើត​នៃ​គោបុរៈ​ខាងជើង​។មាន​ទទឹង​ ២០ ម៉ែត្រ​បណ្តោយ​៤០​ម៉ែត្រ​មាន​សណ្ឋាន​ជា​ស្រះ​ថ្ម​ភក់​ដែល​មាន​ជម្រៅ​៤,៥​ ម៉ែត្រ​ ។ គេ​ជឿ​ថា​ស្រះ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​វាំង​ដែល​កសាង ​ឡើង​ក្នុង​បរិវេណ​នេះ​លើក​ដំបូង ​។

របៀង​និង​ស្រះ​ទឹក​ខាង​លិច​នៃ​ស្រះ​ទឹក​ហ្លួង​នៅ​ខាង​លិច​គោ​បុរៈ​ខាង​លិច​។​ខាង​ក្រៅ​ជា​កំពែង​ថ្ម​ បាយ​ក្រៀម​មាន​លក្ខណៈ​ទ្រុឌ​ទ្រោម ​។
បន្ទាប់​មក​ទៀត​ជា​ស្រះ​ទឹក​ខ្នាត​តូច​និង​របៀង​ទាប​ៗ​ហើយ​ចំណុច​ដែល​គួរ​ឱ្យ​ស្ងប់​ស្ងែង មួយ​កន្លែង​ទៀត​គឺ​រូប​ចម្លាក់​នៅ​លើ​កំពែង ។
របៀង​ខាង​កើត​មាន​សណ្ឋាន​ជា​រូប​កាក​បាទ​មាន​សសរ​មូល​នៅ​ខាង​ក្រោម​ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​ដើម​ឈើ​ដុះ​គ្រប​ជិត​ស្ទើរ​អស់ ប្រសិន​បើ​យើង​ដើរ​ទៅ​ទស្សនា​មាន​ការ​លំបាក​បន្តិច ៕

ប្រាសាទ​បន្ទាយ​ក្តី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទ​បន្ទាយក្តី

ប្រាសាទ​បន្ទាយ​ក្តី​មាន​សណ្ឋាន​ស្រដៀង​និង​ប្រាសាទ​តាព្រហ្ម​និង​ប្រាសាទ​ព្រះខ័ន​ដែរ​ប៉ុន្តែ​មាន​ទំហំ​តូច​ជាង​។​គោបុរៈ​ទាំង​៤​កន្លែង​មាន​ព្រះ​ភក្រ្ត​របស់​ព្រះ​អវលោកិកេស្វរៈ​បែរ​ព្រះភក្រ្ត​ទៅ​កាន់​ទិស​ទាំង​ដូច​ប្រាសាទ​បាយ័ន​ដែរ  ដោយ ​មាន​កំពែង​ព័ទ្ធ​ជុំវិញ​។​ផ្លូវ​ចូល​មាន​គោបុរៈ​ទាំង​៤​ទិស​មាន​ក្រឡា​ផ្ទៃ​ 800×400​ម៉ែត្រ​ ។ ​ប្រាសាទ​ បន្ទាយ​ក្តី​ត្រូវ​បាន​គេ​ចាត់​ចូល ​ជា​វត្ត​ខាង​ព្រះពុទ្ធ​សាសនា​សព្វ​ថ្ងៃ​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ ។

តើ​ប្រាសាទ​បន្ទាយ​ក្តី​មាន​អ្វី​ទស្សនា​ខ្លះ​ ?
មុន​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​មេ​នឹង​មាន​ព្រះវិហារ​របស់​ព្រាហ្ម​សម្រាប់​ធ្វើ​ពិធី​ខាង​សាសនា​បន្ទាប់​មក​ទៀត​ជា​គោបុរៈ​ ផ្នែក​ខាង​ក្នុង​នាំ​ទៅ​កាន់​ប្រាង្គ​មេ​និង​ប្រាង្គ​បរិវារ​ទាំង​៤​។ទិស​មាន​រោង​ទង​ទិស​ខាង​ជើង​ត្បូង​នៅ​ត្រង់​មុខ​ប្រាង្គ​មេ​ដូច ​ នឹង​ប្រាសាទ​ដែល​កសាង​ក្នុង​រចនាបថ​បាយ័ន​ដែរ​រូបនាង​ទេព​អប្សរ​កំពុង​រាំ​ពត់​ពែន​យ៉ាង​ស្រស់​ស្អាត​នៅ​ប្រាង្គ​មេ​មាន​តម្កល់​ព្រះពុទ្ធ​រូប​កំពុង​សមាធិ ។
ដោយ​សារ​ប្រាសាទ​បន្ទាយ​ក្តី​គឺ​ជា​ប្រាសាទ​ខ្នាត​តូច​យើង​អាច​ទស្សនា​ទិស​ខាង​កើត​តម្រង់​ទៅ​ទិស​ខាង​លិច​ដោយ​ប្រើ​ ពេល​វេលា​មិន​យូរ​ណាស់​ណា​ទេ​គឺ​ប្រមាណ​ជា​៣០​នាទី​ទៅ​១​ម៉ោង​តែ​ប៉ុណ្ណោ​។បន្ទាប់​មក​យើង​ក៏​អាច​ដើរ​ទស្សនា ​ទៅ​កាន់​ស្រះស្រង់​ដែល​នៅ​ខាង​មុខ​ប្រាសាទ​បាន​ផង​ដែរ​ ។
ប្រាសាទ​បន្ទាយ​ក្តី​នេះ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧​ទ្រង់​កសាង​ដើម្បី​ឧទិស​ថ្វាយ​ព្រះ​ពុទ្ធសាសនា​ក្នុង​សតវត្សរ៍​ទី​១២​នៃ​ពុទ្ធ​សករាជ​(ព.ស ១៧២៤​-​១៧៤៤​) ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយ​រួម​មាន៖
១. ប្រាសាទបាយ័ន
២. ប្រាសាទតាព្រហ្ម
៣. ប្រាសាទព្រះខ័ន
៤. ប្រាសាទនាគព័ន្ធ
៥. ប្រាសាទតាសោម
៦.ស្រះស្រង់
៧. ប្រាសាទតាណី
៨. ប្រាសាទតាព្រហ្មកិល
៩. ប្រាសាទបន្ទាយឆ្មារ

ប្រាសាទ​ភ្នំបូក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទភ្នំបូក ថតពីលើ

ក្រៅ​ពី​ភ្នំ​គូលែន​ដែល​ជា​រមណីយ​ដ្ឋាន​ដ៏​ប្រណីត​ និង​ជាទី​ពេញ​និយម​សម្រាប់​ ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​ អន្តរ​ជាតិ​ហើយ​នោះ ​ក៏​នៅ​មាន​ភ្នំ​បី​ទៀត​នៅ​ក្នុង​ខេត្ត​ សៀមរាប ​គឺ​ភ្នំ​បាខែង​ ភ្នំក្រោម​ និង​ភ្នំបូក ​។ ​ភ្នំ​ទាំង​ បី​នេះ​សុទ្ធ​តែ​មាន​ប្រាសាទ​តាំង​នៅ ​លើ​កំពូល​ភ្នំ ។ ភ្នំបូក​មិន​សូវ​ជា​ទីពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ប៉ុន្មាន​ ឡើយ​ដោយ​សារ​តែ​ភ្នំ​នេះ​នៅ​ឆ្ងាយ​ដាច់​ពី​ប្រាសាទ​ផ្សេងៗ​ទៀត​ដែល​នៅ​ក្នុង​ខេត្ត​សៀម​ រាប ។ បើ​យើង​ ធ្វើ​ដំណើ​រហួស​ប្រាសាទ​ បន្ទាយ ​ស្រី​បន្តិច​នឹង ​ឃើញ​ភ្នំ​មួយ​នោះ​ភ្នំបូក​នេះ​ឯង ។ ភ្នំបូក​នេះ​គឺ​ជា​ភ្នំ​មួយ​ ក្នុង​ចំណោម​ភ្នំ​បី​ដែល​ព្រះបាទ​ យសោវរ្ម័ន​ទី១ បាន​កសាង​ទុក ។ ​ភ្នំបូក​មាន​កម្ពស់​ប្រមាណ​ជា​៧០​ម៉ែត្រ​ ហើយ​សម្រាប់​អ្នក​ទេសចរ ​ត្រូវ​ដើរ​ឡើង​ភ្នំ​ដើម្បី​ទស្សនា​ប្រាសាទ​ ។​ នៅ​លើ​កំពូល​ភ្នំ​ មាន​ប្រាសាទ​បី​ស្ថិត​ នៅ​ជើង​ទម្រ​តែ​មួយ ​ហើយ​ប្រាសាទ​នេះ​មាន​លក្ខណៈ​ស្រដៀង​និង​ប្រាសាទ​ភ្នំ​ក្រោម​ ប៉ុន្តែ​ប្រាសាទ​ភ្នំ​បូក​ នេះ​នៅ​មាន​ ក្បូរ​ក្បាច់​ចម្លាក់​ល្អ​ជាង​ប្រាសាទ​ភ្នំ​ក្រោម ​។

តើ​ប្រាសាទ​ភ្នំ​បូក​ មាន​អ្វី​ទស្សនា​ខ្លះ​ ?
លិង្គ​ព្រះ​ឥសូរ​ មាន​កម្ពស់​ប្រមាណ​ជាង​២​ម៉ែត្រ​ សូម្បី​តែ​មាន​សភាព​ទ្រុឌ​ទ្រោម​ ក៏​ដោយ ​ប៉ុន្តែ​នៅ​ឃើញ​ពី​ភាព​ធំ​អស្ចារ្យ​នៅ​ជើង​ទម្រ​យោនី​ដែល​ត្រូវ​ដើម​ឈើ​វល្លិ គ្រប​ដណ្តប់ ។ ​ជើង​ទម្រយោនី​ដ៏​ធំ​នេះ ជា​ទួល​រាង​ការ៉េ​ ។រូប​ចម្លាក់​ទេព​ធីតា  នៅ​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​ នឹង​ឃើញ​សំពត់​ សម្លុយ ​ដែល​យើង ​មិន​ធ្លាប់​ឃើញ​នៅ​ក្នុង​រចនា​បថ​សម័យ​ណា​ៗ​ទាំង​អស់ ។ អ្នក​បុរាណ​វិទ្យា​បាន​ចាត់​ទុក​រចនាបថ​នេះ​ថា ​ជា​យុគ​សម័យ​មួយ​គឺ​យុគ​សម័យ​ភ្នំ​បាខែង​នោះ​ឯង​ ។
មើល​ទេសភាព​ដោយ​សារ​ប្រាសាទ​នេះ​សង់​នៅ​លើ​កំពូល​ភ្នំ ​ទើប​យើង​អាច​គយ​គន់​ទេសភាព​បាន​ដោយ​ មើល​ពី​លើ​មក​ក្រោម​ ពី​លើ​ទៅ​ឆ្ងាយ​ៗ​ឃើញ​វាល​ស្រែ​ដាច់​ កន្ទុយ​ភ្នែក ។
ប្រាសាទ​ដែល​កសាង​ក្នុង​សម័យ​តែ​មួយ​ជា​មួយ​ប្រាសាទ​ភ្នំ​បូក​មាន៖
១.ប្រាសាទភ្នំបាខែង
២.ប្រាសាទភ្នំក្រោម

ប្រាសាទបាពួន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទបាពួន

ប្រាសាទ​បាពួន​គឺ​ជា​ប្រាសាទ​ដ៏​ចំណាស់​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ។ ប្រាសាទ​នេះ​ចាត់ ​ទុក​ថា​ជា ​ប្រាសាទ​ដំបូង ក្នុង​ក្រុម​ប្រាសាទ​ក្រុង​ព្រះ​នគរ​ដែល​មាន ផ្លូវ​ដើរ​ចូល​ទៅ​កាន់​ប្រាសាទ​ជា ​ស្ពាន​ថ្ម​លាត​សន្ធឹង​វែង​ ផ្លូវ​ ដើរ​ចូល​ឆ្លង​កាត់​គោបុរៈ ​រូប​កាក​បាទ​បី​ផ្លូវ​ តួ​ប្រាសាទ​បែរ​មុខ​ទៅ​ទិស​ខាង​ កើត ​។​ទីតាំង​នៃ ​ប្រាសាទ ​នៅ​ខាង​ ក្នុង​តំបន់​ព្រះរាជ​វាំង​ហ្លួង​ជា​ប្រាសាទ​ដែល​មាន​កំពូល​ខ្ពស់ ។ ​មាន​ភស្តុ​តាង​មួយ​ចំនួន​ពី​កំណត់​ត្រា​របស់​លោក​ ចៀវ តាក្វាន់ រាជ​ទូត​មក​ពី​ស្រុក​ចិន​ នៅ​ចុង សតវត្សរ៍​ទី១៨ ​បាន​រៀប​រាប់​ថា ​កំពូល​ប្រាសាទ​បាពួន​ ស្រោប​ទៅ ​ដោយ​សំរិទ្ធិ​ភ្លឺ​ឆ្អិន​ឆ្អៅ​ស្អាត​ខ្លាំង ​ណាស់ ​។ ​ប្រសិន​បើ​កំពូល​ប្រាសាទ​មិន​បាក់​បែក​ខូច​ខាត​ទេ​នោះ គេ​អាច​កាត់ ស្មាន​ថា ​​ប្រាសាទ ​បាពួន​អាច​មាន​កម្ពស់​ខ្ពស់​ជាង​ប្រាសាទ​ភិមាន​អាកាស ដែល​នៅ​ក្បែរ​គ្នា​នោះ ​។ ​បច្ចុប្បន្ន​ប្រាសាទ ​នេះ​មាន​ការ​ទ្រុឌ​ទ្រោម​ជា​ខ្លាំង​និង​កំពុង​តែ​ធ្វើ​ការ​ជួស​ជុស​ជា​បន្ត​បន្ទាប់ ។ស្ពាន​ថ្ម​ដ៏​វែង​ទៅ​កាន់​តួ​ប្រាសាទ ផ្លូវ​ចូល ​ពី​គោបុរៈ​ខាង​កើត​ស្ពាន​ថ្ម​វែង​ដ៏​ប្រណីត​មួយ ​ខាង ​ក្រោម​ស្ពាន​មាន​សសរ​មូល​សម្រាប់​ទ្រទ្រង់​ ។ ​ស្ពាន​នេះ​ជា ​ផ្លូវ​ដើរ​ទៅ​កាន់​ប្រាង្គ​ធំ ​។
មាន​រូប​ចម្លាក់​ដូច​ជា ​រូប​ចម្លាក់​ពី​ការ​ប្រហារ​សត្វ​ ការ​តស៊ូ​រវាង​អ្នក​ចម្បាំង​លើ​គោ​បុរៈផ្លូវ​ចូល ​និង​រោង​ថែវ​នៃ​តួ​ប្រាសាទ ដោយ​សិល្បៈ​រចនាបថ​បែប​បាពួន ។
ប្រាសាទ​ដែល​កសាង​ក្នុង​យុគ​សម័យ​តែ​មួយ​មាន​ដូច​ជា​ប្រាសាទ​ព្រះវិហារ​។

%d bloggers like this: