បណ្ណសារ

Archive for the ‘ទេសចរណ៍’ Category

ដំណើរ​កំសាន្ត​ភ្នំគូលែនថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែមករា ឆ្នាំ 2018 បញ្ចេញមតិ

ថ្ងៃ​នេះ​គិត​ថា​ចង់​ឡើង​ភ្នំ​ងូត​ទឹក​ជ្រោះ​ឲ្យ​ត្រជាក់​ខួរ​ក្បាល​ម្តង ហើយ​ក៏បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នា​ព្រឹកម៉ោង​ ៨:៣០ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បន្ទាយស្រី ចំណាយ​អស់​ប្រហែល​មួយ​ម៉ោងកន្លះ​ទើប​ដល់​កំពូល​ភ្នំ​គូលែន។ ខែ​នេះ​ជា​រដូវ​ស្ងួត ហើយ​នៅ​តាម​ផ្លូវ​នៅ​លើ​ដង​ភ្នំគូលែន​គេ​ទើប​តែ​ឈូសឆាយ​ហើយ​ថ្មីៗ ទើប​ហុយ​មិន​បាច់​និយាយ​ទំរាំ​ជិះ​ដល់​កន្លែង​ទឹក​ជ្រោះ​ធ្លាក់​អាវ និង​ម៉ូតូ​ចង់​ក្លាយ​ជា​ដី​ក្រហម​អស់ 😀 តែ​ពេល​ទៅ​ដល់​ទឹក​ជ្រោះ​ហើយ​ ក៏​រក​កន្លែង​ស្ងប់ស្ងាត់​អង្គុយ​ស្តាប់​សំលេង​ទឹក​ធ្លាក់សែន​ត្រជាក់​ធ្វើ​ឲ្យ​ស្រលះ​ខួរ​ក្បាល និង​លំហែរ​អារម្មណ៍​។

ភ្នំគូលែនស្ថិតនៅប៉ែកខាងជើង ពីខាងកើតទីរួមខេត្ដសៀមរាប មានចំងាយ៥៣គីឡូម៉ែត្រ ពីទីរួមខេត្ដ ។ ភ្នំនេះមានរយៈកម្ពស់ ៤៩៥ម៉ែត្រ គេអាចឡើងទៅលើភ្នំ បានយ៉ាងងាយ តាមរថយន្ដ ម៉ូតូ រឺ ថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសម្រស់ ស្រស់ ត្រកាល និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។

ភ្នំគូលែនមានរមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់, ព្រះអង្គធំ, វាលស្ដេចលំគង់, វាលព្រះសព, ព្រះក្រាល, សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀត ដែលជាកេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទជ័យ វរន្ម័ទី២ បានកសាងឡើង ។ តំបន់ភ្នំគូលែន មិនត្រឹមតែជាតំបន់ទេសចរប៉ុណ្ណោះទេ គឺជាតំបន់កសិកម្ម ដី មានជីវជាតិ អាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់ ។

 

តំបន់ទឹកធ្លាក់គឺជាប្រភពដើមរបស់ស្ទឹងសៀមរាបហូរកាត់កណ្ដាលទីរួមខេត្ដចាក់ឆ្ពោះទៅកាន់បឹង ទន្លេសាប មានទឹកថ្លាយង់ ជាទីនិយមរបស់អ្នកដំណើរកំសាន្ត ក្នុងការមុជទឹកជ្រោះ ធ្លាក់សំយ៉ុងទៅប៉ះនឹងថ្មដាបែកផ្កាត្រែង ។ នៅក្បែរទឹកជ្រោះ ធ្លាក់មានប្រាសាទ២ ធ្វើពីថ្មបាយក្រៀម សង់អមសងខាង មាត់អូរ ដែលគេឱ្យឈ្មោះថាៈ “ក្រាល រមាស” ប៉ុន្ដែនៅប៉ែកខាង លិចត្រូវដួលរលំ និង បាត់ថ្មអស់មួយចំនួនធំនៅសល់តែ ខឿនជញ្ជាំង បន្ដិចបន្ដួច តែ ប៉ុណ្ណោះ ៕

សូមមើលផងដែរ៖

Advertisements

ដំណើរកំសាន្តនៅប្រាសាទសម្បូរ​​ព្រៃគុក​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមករា ឆ្នាំ 2018 បញ្ចេញមតិ

ថ្ងៃ​នេះ​បាន​ធ្វើ​ដំណើរ​ដោយ​ការ​ជិះ​ម៉ូតូ​ពី​សៀមរាប​ទៅ​លេង​ដល់​កំពង់ធំ​ចំណាយ​ពេល​អស់​ជិត​២ម៉ោង​ទើប​ទៅ​ដល់ ហើយ​ក៏​បាន​ចូល​ទៅ​លេង​ប្រាសាទ​សម្បូរ​​ព្រៃគុក​​ផង​ដែរ​។​ ប្រាសាទ​សំបូរ​ព្រៃគុក​ដ៏​ល្បីល្បាញ​ធ្លាប់​ជា​អតីត​រាជធានី​ឈ្មោះ ឥសានបុរៈ ជា​ក្រុង​បុរាណ​មួយ​ដែល​មាន​ប្រាសាទ​ថ្ម​ដុត​ប្រមាណ​ជាង ៣០០ ។ ប្រាសាទ​នេះ​សាងសង់​ឡើង​ក្នុង​អំឡុង​រជ្ជកាល​ព្រះបាទ​ ឦសានវរ្ម័ន នៅ​សតវត្សរ៍​ទី​ ៧ នៅ​ពេល​ដែល​ទ្រង់​ផ្សះផ្សា​បាន​ដោយ​ជោគជ័យ​រវាង​ចេនឡា​គោក និង​បូរណភាព​ទឹកដី​ខ្មែរ​ដី​ទឹក​នៃ​ចេនឡា​ទឹក​។ ដោយមានចម្ងាយ៣០គីឡូម៉ែតទៅភាគខាងជើង ឬ២០៦គីឡូម៉ែតពីខាងជើងរាជធានីភ្នំពេញ។ ប្រាសាទសម្បូរព្រៃគុកគ្របដណ្តប់ទៅដោយព្រៃឈើ ហើយបានក្លាយជាទីកន្លែងដែលទាក់ទាញអ្នកទេសចរទៅកម្សាន្តផងដែរ។

 

ប្រាសាទសម្បូរ​​ព្រៃគុក​ជា​រាជធានី​នៃ​អាណាចក្រ​ចេនឡា​មាន​លក្ខណៈ​ពិសេស​ជាច្រើន ដែល​ខុស​ប្លែ​ក​ពី​ប្រាសាទ​នា​នា។​ តួ​ប្រាសាទ​របស់​ប្រាសាទ​នេះ ភាគ​ច្រើន​កសាង​អំពី​ឥដ្ឋ និង​មាន​តួ​រហូត​ទៅ​ដល់ ៨ ជ្រុង ដែល​មិន​មាន​ទេ​ក្នុង​សិល្បៈ​ខ្មែរ​សម័យ​ក្រោយ និង​នៅ​តាម​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​សម័យ​កាល​នោះ​។ បើ​និយាយ​ពី​ចម្លាក់​វិញ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវ​ជ្រាវ អះអាង​ថា មាន​លក្ខណៈ​ខ្មែរ​ច្រើន​ជាង​ឥណ្ឌា បើទោះ​ជា​កាល​ពី​សម័យ​មុន​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ក៏​ដោយ។ ចំណែក​គំរូ​ស្ថាបត្យកម្ម ចម្លាក់​តុប​តែង​លម្អ​លើ​ជញ្ជាំង និង​ផ្តែរ​ទ្វារ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំបូរ​បែប​ពី​គំនិត និង​ជំនឿ​នៃ​ការ​ប្រណិប័តន៍​បត្តិសាសនា​នា​សម័យ​ចេន​ឡា​។

​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ចុះ​បញ្ជី​ប្រាសាទ និង​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ​ចំនួន​ជិត​៣០០ ក្នុង​តំបន់រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក។ ដែល​មាន​បួន​ក្រុម​ធំ​គឺ ប្រាសាទ​របង​រមាស ប្រាសាទ​រណប កំពែង​ក្រុង និង​ក្រុម​ប្រាសាទ​សំខាន់​ បី​ទៀត គឺ​ប្រាសាទ​សំបូរ យាយ​ព័ន្ធ និង​ប្រាសាទ​តោ។ ក្រុម​ប្រាសាទ​ទាំងនោះ​ សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​។

ប្រាសាទ​សំបូរ​ព្រៃគុក​ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​លើក​ទី ៤១ របស់​ខ្លួន​នៅ​ទីក្រុង Krakow ប្រទេស ប៉ូឡូញ កាលពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០១៧ ​។
ខាងក្រោមនេះ​ជា​បណ្តុំ​រូប​ភាព​ខ្លះ​ៗ​ដែល​ខ្ញុំ​បាន​ថត​ដោយ​ផ្ទាល់៖ អាន​បន្ថែម…

ប្រាសាទព្រះម៉ែធរណី ឬប្រាសាទព្រះម៉ែ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ


បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង តា​ខ្មៅ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ  ២ ឆ្លង​ស្ពាន​ព្រែក​ហូរ នោះ ​ហើយ ក្រឡេក​មើល​ខាង​ស្តាំ​ដៃ​នោះ យើង​នឹង​បាន​ឃើញ​វត្ត​មួយ​នៅ​គល់ ស្ពាន​ត្រើយ​ខាង​ ត្បូង​ដែល​មាន​ឈ្មោះ​ថា វត្ត​ព្រះ​ពុទ្ធ​អណ្តែត ។  វត្ត​នោះ​មាន​របង និង ខ្លោង​ទ្វារ ទើប​លាប ​ថ្នាំ​ពណ៌​មាស​ថ្មីៗ​ទំនង​ដូច​ជា​ទើប​កសាង​ថ្មី មិន​ខុស​ពី​វត្ត​ដទៃ​ប៉ុន្មាន​ឡើយ ។ បើ​យើង​ចូល​ទៅ ​ក្នុង​ខ្លោង​ទ្វារ​វត្ត​បន្តិច​នោះ យើង​នឹង​បាន​ឃើញ​ប្រាសាទ​មួយ​យ៉ាង​ល្អ​អស្ចារ្យ​ដូច​វិមាន​សួគ៌​ពិតៗ ​ដែល​ពី​មុន​មក​យើង​ពុំ​បាន​ឃើញ​វត្ត​ណា​សង់​បែប​នេះ​ឡើយ ។
ប្រា​សាទ​ដែល​គួរ​ជាទី​ទាក់​ទាញ​នោះ​មាន​ឈ្មោះ​ថា ប្រាសាទ ព្រះម៉ែធរណី ឬ ប្រាសាទ​ព្រះមាតា ។ ប្រាសាទ​នេះ ត្រូវ​បាន​គេ​សង់ នៅ​កណ្តាល​ស្រះ​ទឹក​ដ៏​ធំ​មួយ​នៅ​ខាង​មុខ​ព្រះវិហារ ​ដែល​មាន​កំពូល​ មួយ​យ៉ាង​ខ្ពស់​ឡើង​ទៅ​លើ​តួ ប្រាសាទ​លម្អ​ទៅ​ដោយ​ក្បាច់​រចនា​ល្អ អស្ចារ្យ និង ​រំលេច​ទៅ​ដោយ​ពន្លឺ​ពណ៌​មាស គួរ​ជាទី​ទាក់​ទាញ​ក្រៃ​លែង ។ ប្រាសាទ​ព្រះធរណី ​ត្រូវ​បាន​សង់​ដោយ​មាន​ទ្វារ​ចូល​ចំនួន បួន ទី​មួយ បែរ​មុខ​ទៅ​ទិស​ខាង​កើត, ទី​ពីរ បែរ​មុខ​ទៅ​ទិស​ខាង លិច , ទី​បី បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង និង ទី​បួន បែរ​មុខ​ទៅ​ទិស​ខាង ជើង ។ ​នៅ​ក្នុង​តួ​ប្រាសាទ​ពណ៌​មាស​នេះ​គេ​សង្កេត​ឃើញ​មាន​ដាក់ តាំង​តែ​រូប​សំណាក​នាង​គង្ហីង​ព្រះធរណី​ពណ៌​មាស​តែ​មួយ​គត់​ ដែល ​ម្ចាស់​នៃ​ការ​សាង​សង់​ប្រសិទ្ធ​នាម​ឱ្យ​ថា “រូប​ព្រះ​ម៉ែ” ព្រម​ទាំង​មាន ​ការ​រៀប​តុប​តែង​រចនា​យ៉ាង​ល្អ​អស្ចារ្យ​ទៀត​ផង ។

នៅ​ខាង​មុខ​ប្រាសាទ​គ្រប់​ទិស​ទាំង​ ៤ នៃ​ទ្វារ​ទាំង​អស់​សុទ្ធ​តែ ​មាន​សង់​ស្ពាន​ចូល​កាត់​ស្រះ​សំដៅ​ទៅ​រក​ប្រាសាទ​ដែល​មាន​ពណ៌ ​ប្រាក់ ​ដែល​បង្កាន់​ដៃ​ផ្លូវ​ចូល​នីមួយៗ​រំលេច​ទៅ​ដោយ​រូប​ចម្លាក់​ផ្កា​ឈូក ព្រះ​បដិមា​ផ្សេង​ៗ​យ៉ាង​រស់​រវើក ។ នៅ​ជុំវិញ​ស្រះ​នោះ​មាន​សង់​សួន ច្បារ​ដែល​មាន​ផ្កា​ចម្រុះ​ពណ៌ ព្រម​ទាំង​មាន​រូប​ចម្លាក់​ផ្សេង​ៗ​ជា​ច្រើន​ទៀត ​ត្រូវ​បាន​គេ ​សង់​ដើម្បី​លម្អ ឬ​ក៏​សង់​ឡើង​ក្នុង​អត្ថ​ន័យ​អ្វី ​មួយ ​។ នៅ​ខាង​លិច​ស្រះ​មាន​សង់​ជា​រូប​សត្វ ទាំងដប់ពីរដែលតំណាងឱ្យឆ្នាំទាំងដប់ពីរយ៉ាង ស្រស់​ស្អាត​ បែរ​មុខ​ទៅ​រក​ទិស​ខាង​កើត ។
នៅ​ខាង​ត្បូង​ស្រះ​ទឹក​ថ្លា​ឈ្វេង​ដែល​រំលេច​ទៅ​ដោយ​ប្រាសាទ​ពណ៌​មាស​ និង​ ស្ពាន ​ចូល​ពណ៌​ប្រាក់​នោះ​មាន​សង់​អា​ស្រម​មួយ​តូច​ល្មម​ ដែល​នៅ​ក្នុង​អា​ស្រម​នោះ​មាន ​ដាក់​តម្កល់​រូប​សំណាក​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ដែល​ត្រូវ​បាន​គេ​ចម្លង​ដូច​គ្នា​នឹង ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​នៅ​ខេត្ត​សៀម​រាប​ដែរ ​។ ខាង​មុខ​អា​ស្រម​នោះ​មាន​សង់ ​រូប​សំណាក​នាគ​រាជ​មួយ​គូ​នៅ​អម​សង​ខាង​ផ្លូវ​ចូល​ហាក់​បី​ដូច​ជា​នាគ​រាជ​ទាំង​ពីរ​នោះ ​ជា​អ្នក​យាម​ផ្លូវ​ការ​ពារ​ព្រះ​ដូច្នេះ​ដែរ ។
នៅ​ក្នុង​បរិវេណ​វត្ត​ព្រះ​ពុទ្ធ​អណ្តែត ក្រៅ​ពី​ការ​សាង​សង់​សំណង់​ថ្មី​ទាំង ពីរ​នេះ ​មាន​សំណង់​ថ្មី​ៗ​ជា​ច្រើន​ទៀត​ត្រូវ​បាន​គេ​កសាង ​និង ជួស​ជុល​សារ​ជា​ថ្មី​ ៕

ចំណាត់ក្រុម ៖ទេសចរណ៍, ប្រទេសកម្ពុជា

ប្រាសាទ​ព្រះ​ពិធុរ ឬ​ព្រះ​ពិធូរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ



ប្រាសាទ​ព្រះ​ពិធុរ ឬ​ព្រះ​ពិធូរ គឺ​ជា​ក្រុម​បា្រសាទ​៥​ខ្នង​ ដែល​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ណាស់​ ប៉ុន្តែ​រូប​ចម្លាក់​ដេល​លម្អ​ប្រាសាទ​នៅ​មាន​សភាព​ល្អ​នៅ​ឡើយ​ ទោះ​បី​ជា​ប្រាសាទ​នេះ​ជា​ប្រាសាទ​នៅ​ក្នុង​ ក្រុម​ព្រះនរគរ​ហ្លួង​ស្ថិត​នៅ​មាត់​ផ្លូវ​ក្នុង​ព្រៃ​ព្រឹក្សា​លតា ជាតិ​ក៏​ដោយ​ក៏​មិន​សូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី ​អ្នក​ទេសចរ​ឲ្យ​មក​ទស្សនា​ ប្រាសាទ​នេះ​ប៉ុន្មាន​ឡើយ ​។ ​ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ពេល​វេលា​គួរ​តែ​មក​ទស្សនា​ គ្រាន់​បាន​ផ្លាស់​ប្តូរ​បរិយាកាស ​។

តើ​ប្រាសាទ​ព្រះ​ពិធូរ​មាន​អ្វី​ទស្សនា​ខ្លះ ?

  • សសរ​មូល​ ចម្លាក់​នៃ​ប្រាសាទ​ខាង​ត្បូង

បា្រសាទ​ទិស​ខាង​ត្បូង​នៅ​ទល់​មុខ​និង​ប្រាសាទ​ទេព​ប្រណម្យ​ មាន​ជណ្តើរ​នាគ​តភ្ជាប់ ​និង​គោបុរៈ​ នៃ​កំពែង​ប្រាសាទ​យើង​សង្កេត​ឃើញ​សសរ​មូល​ឆ្លាក់​ជា​ក្បាច់​ភ្ញី​ ទ្រទប់ ក្រោម​ជណ្តើរ​នាគ មាន​លក្ខណៈ​ស្អាត ហើយ​ស្រដៀង​និង​ជណ្តើរ​នាគ​នៃ​ប្រាសាទ​ អង្គរ​វត្ត​ដែរ ។ ខាង​ឆ្វេង​និង​ខាង​ស្តាំ​ជាប់​និង​ប្រឡាយ​ទឹក ​ពេល​ដែល​យើង​ដើរ​កាត់​គោបុរៈ​ខាង​លិច​នឹង​បាន​ឃើញ​បា្រសាទ​ដែល​តាំង​នៅ​លើ​គ្រឹះ​កម្ពស់​ ៦​ម៉ែត្រ​ ចែក​ចេញ​ជា​៣​ជាន់ ​។
តួ​ប្រាសាទ​មាន​លក្ខណៈ​ជា​បន្ទប់​បួន​ជ្រុង​កា​រ៉េ ទំហំ​៣ ម៉ែត្រ ផ្នែក​ខាង​លើ​នៃ​ប្រាសាទ​ត្រូវ​បាន​បាក់​ បែក​ខូច​អស់​នៅ​សល់​តែ​ជញ្ជាំង​ និង​ស៊ុម​ទ្វារ​ ទាំង​៤​ទិស ​។ ​នៅ​លើ​ជញ្ជាំង​មាន​រូប​ទេវតា​និង​ប្រភេទ​ឈើ ​។ ​នៅ​លើ​កម្រាល​វិហារ​ មាន​បំណែក​ផ្តែរ​ដែល​ឆ្លាក់​ជា​រូបភាព​កូរ​សមុទ្រ​ទឹក​ដោះ ​។ ​នៅ​ចំ​កណ្តាល​ប្រាសាទ​ មាន​ទម្រ​លិង្គ​ព្រះ​ឥសូរ​លើ​ជើង​គ្រឹះ​យោនី ​។ ​ផ្នែក​ខាង​ក្រោយ​នៃ​ប្រាសាទ​នេះ​មាន​ ប្រាសាទ​មួយ​ខ្នង ទៀត​នៅ​មាន​រូប​ព្រះសិវៈ​ព្រះវិស្ណុ ​និង​ព្រះ​ព្រហ្ម ​នៅ​លើ​រូប​មុខ​អសុរៈ ​។ ​ចំណែក​ឯ​ផ្តែរ​ខាង​ជើង​មាន​រូប កូរ​សមុទ្រ​ទឹក​ដោះ។​ផ្នែក​ក្រោយ​បង្អស់​នៃ​កំពែង​ ​ប្រាសាទ​ខាង​កើត​ជា​ប្រឡាយ​ទឹក នៅ​រដូវ​ប្រាំង ​យើង​អាច​ដើរ​ឆ្លង​កាត់​ទៅ​កាន់​ ​ប្រាសាទ​ដែល​នៅ​ទិស​ខាង​កើត​ប្រហែល​ជា​១០០​ម៉ែត្រ​ ។ ​ប្រាសាទ​ខាង ​កើត​នេះ​មាន​ ទំហំ​ធំ​ជាង​ប្រាសាទ​ពីរ​ដំបូង ​បើ​ទោះ​បី​ជា​ក្បាច់​ផ្កា​ភ្ញី​នៃ​ប្រាសាទ​មិន​ទាន់​ល្អ​ប្រណីត​ក៏ ​ដោយ ​ប៉ុន្តែ​យើង​អាច​យល់​បាន​ថា ​ប្រាសាទ​នេះ​កសាង​ឡើង​ទៅ​តាម​ជំនឿ​សាសនា ​ព្រះពុទ្ធ​ ក្នុង​ពេល​ដែល​ប្រាសាទ​៤​ខ្នង​ទៀត​ជា​របស់​សាសនា​ហិណ្ឌូ ។ ​ខាង​ក្នុង​មាន​ ចម្លាក់​ព្រះពុទ្ធ​រូប​ជា​ជួរ​វែង​នៅ​លើ​ជញ្ជាំង​ពី​លើ​ទ្វារ​ចូល​ប្រាសាទ ​និង​មាន​ផ្តែរ​តាម​ព្រះ ​ពុទ្ធ​ប្បវត្តិ ។

  • លិង្គ​ព្រះ​ឥសូរ​ធំ

នៅ​មាន​ប្រាសាទ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​កន្លែង​ទៀត​នៅ​ទិស​ពាយព្យ ។ ប្រាសាទ​នេះ​មាន​ ​តួ​ប្រាសាទ​ដែល​ធំ​បំផុត​ក្នុង​ចំណោម​ក្រុម​ប្រាសាទ​ព្រះ​ពិធូរ ។ ប្រាសាទ​នេះ​មាន​រាង​៤​ជ្រុង​ការ៉េ​ ទំហំ​៤​ម៉ែត្រ​ នៅ​ខាង​ក្នុង​មាន​ជើង​ទម្រ​លិង្គ​ ព្រះ​ឥសូរ​ យ៉ាង​ធំ ប៉ុន្តែ​ឆ្លាក់​មិន​ទាន់​រួចរាល់​នៅ​ឡើយ​ឆ្ងាយ​ពី​ប្រាសាទ​នេះ ​ទៅ​ខាង​ជើង​មិន​ឆ្ងាយ​ប៉ុន្មាន​នៅ​មាន​បា្រសាទ​មួយ​ទៀត​ដែល​មើល​ទៅ​សាមញ្ញ​មិន​មាន​របៀង ​ប៉ុន្តែ​ក៏​មាន​ចំណុច​ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ដែរ​ គឺ​នៅ​ត្រង់​ ហោង​ជាង​និង​ផ្នែក​ចំហៀង​ ហោ​ជាង​មាន​ ចម្លាក់​ពេល​ដែល​ព្រះ​ក្រឹស្នា​បង្រ្កាប​ព្រះ​ចៅកុ្រង​ពារ​រូប​បង្ហាញ​ពី​ក្បាច់ ​គុន​និង​រូប​ពាលី​ប្រយុទ្ធ​ជា​មួយ​សុ​គ្រីព​ ៕

ប្រាសាទ ធម្មានន្ទ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទ ធម្មានន្ទ

ប្រាសាទ​ធម្មានន្ទ​មាន​ទី​តាំង​នៅ​គីឡូ​ម៉ែត្រ​លេខ​ពីរ ផ្លូវ​វង់​តូច ​ដែល​ចេញ​តាម​ទ្វារ​ជ័យ ​នគរ​ធំ ​មាន​ប្រាសាទ​ពីរ​នៅ​ទន្ទឹម​ៗ​គ្នា​ ។ បា្រសាទ​មួយ​ស្ថិត​នៅ​ខាង​ជើង​ផ្លូវ​ឈ្មោះ​ថា ​ប្រាសាទ​ធម្មានន្ទ ​ចំណែក​ឯ​ប្រាសាទ​មួយ​ទៀត​ដែល​ស្ថិត​នៅ​ខាង​ត្បូង​ផ្លូវ​ឈ្មោះ​ថា បា្រសាទ​ចៅ​សាយ ​។
ប្រាសាទ​ធម្មានន្ទ​គឺ​ជា​ប្រាសាទ​ដែល ​មាន​ខ្នាត​តូច​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ប្រឡាយ​ទឹក​ ដែល​ជន​ជាតិ​ខ្មែរ​យើង​មាន​ជំនឿ​ថា ​ប្រឡាយ​ទឹក​នេះ​ជា​ប្រឡាយ​ទឹក​ដែល​ឡោម​ព័ទ្ធ​ភ្នំ ព្រះ​សុមេរុ ។ ​ប្រាសាទ​នេះ​ខុស​ពី​ប្រាសាទ​ចៅ​សាយ​ត្រង់​ថា មាន​ធម្ម​មន្ទីរ​មួយ​កន្លែង ​នៅ​ខាង​ស្តាំ​ដៃ ​ឬ​នៅ​ទិស​ខាង​ត្បូង​នៃ​ប្រាសាទ​ ។ ​ចំណែក​ប្រឡាយ​ទឹក​សព្វ​ថ្ងៃ​នេះ​រីង គោក​អស់​ទៅ​ហើយ​ ។

តើ​ប្រាសាទ​ធម្មានន្ទ​មាន​អ្វី​ទស្សនា​ខ្លះ​?
រូប​ចម្លាក់​នៅ​សសរ​ទ្វារ​ខាង​មុខ។​មាន​រូប​ទេព​អប្សរា​ដ៏​មាន​សម្រស់​ស្រស់​ស្អាត​ដូច​អប្សរា​នៅ​បា្រសាទ​អង្គរ​វត្ត​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ​គឺ​មាន​រូប​ទេពអប្សរា​នៅ​ជា​មួយ​និង​ រូប​ចម្លាក់​ទ្វារ​បាល ។
ផ្តែរ​ខាង​ក្នុង​មាន​រូប​ចម្លាក់​ព្រះនារាយណ៍​ទ្រង់​គ្រុឌ ​ព្រះនារាយណ៍​កន្ធែក​ព្រះបាទ​នៅ​លើ​ស្មា​គ្រុឌ​ មាន​អាវុធ​គ្រប់​ដៃ ​។ ​ចំណែក​ឯ​គ្រុឌ​វិញ​បាន​យក​ក្បាល​វែក​ត្រសុល​នាគ​ចេញ​មក​ ពាក់​កណ្តាល ​ដូច្នេះ​ហើយ​បាន​ជា​មាន​ក្បាល​នាគ​ម្ខាង​ពីរ​ ។ ​គេ​អាច​ចាត់​ទុក​ថា​ប្លែក​ ហើយ​ទិដ្ឋភាព​បែប​នេះ​គឺ​មាន​តែ​នៅ​បា្រសាទ​ធម្មានន្ទ​ រី​ឯ​ប្រាសាទ​ផ្សេង​ៗ​ទៀត​មិន​ មាន​ឡើយ ​។

តួប្រាង្គប្រាសាទ
ក្បូរ​ក្បាច់​រចនា​មាន​ទាំង​រូប​មនុស្ស​ និង​សត្វ​ ប្រភេទ​ផ្សេង​ៗ​ជា​ច្រើន​ឆ្លាក់​រូប​ចម្លាក់​ផុស​ លម្អ​នៅ​តាម​ផ្នែក​ផ្សេង​ៗ​ដូច​ជា​ជញ្ជាំង​មុខ​ប្រាសាទ​ និង​ ជើង​គ្រឹះ​នៃ​ប្រាសាទ​ ។

នៅ​តាម​គោ​បុរៈ
នៅ​មុខ​ប្រាសាទ​មាន​រូប​ចម្លាក់​សត្វ​គ្រុឌ​ឈរ​ពត់​ខ្លួន​នៅ​លើ​ជ្រុង​កែង​ដំបូល​នៃ​គោ​បុរៈ ​យ៉ាង​ស្រស់​សង្ហារ​ ។

ប្រាសាទ​ដែល​កសាង​ក្នុង​យុគ​សម័យ​តែមួយមាន៖
១. ប្រាសាទ អង្គរវត្ត
២. ប្រាសាទបន្ទាយសំរ៉ែ
៣. ប្រាសាទចៅសាយ
៤. ប្រាសាទព្រះពិធូរ
៥. ប្រាសាទបេងមាលា
៦. ប្រាសាទភិម៉ៃ (ខេត្តនគររាជសីមា សព្វថ្ងៃជារបស់ថៃ )
៧. ប្រាសាទភ្នំរុង (ខេត្តបុរីរម្យ សព្វថ្ងៃជារបស់ថៃ)
៨. ប្រាសាទវត្តភូ (សព្វថ្ងៃនៅប្រទេស ឡាវ) ។

ប្រាសាទ ចៅសាយទេវព្តា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទ ចៅសាយទេវព្តា

ប្រាសាទ​ចៅ​សាយ​ទេវព្តា​មាន​ទី​តាំង​ស្តិត​នៅ​ម្ខាង​ផ្លូវ​នៃ​ប្រាសាទ​ធម្មានន្ទ​ជា​ប្រាសាទ​ខ្នាត​ជំទើរ​កសាង​ បែរ​មុខ​ទៅ​​​ទិស​ខាង​កើត​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​វិចិត្រ​មិន​ខុស​ពី​ប្រាសាទ​អង្គរ​វត្ត​ប៉ុន្មាន​ឡើយ ។  ប្រាសាទ​នេះ​ជា​ប្រាសាទ​គូ​គ្នា​នឹង​ប្រាសា​ទធម្មានន្ទ ​ពី​ព្រោះ​នៅ​ជិត​គ្នា​។​ប្រាសាទ​ចៅ​សាយ​នេះ​កសាង​ ដោយ​ព្រះបាទ​សូរ្យវរ្មន ទី២​ ហើយ​កសាង​បន្ថែម​ដោយ​ព្រះបាទ​យសោវរ្ម័ន ទី២ ​រហូត​ចប់​សព្វ​គ្រប់​ក្នុង​ សម័យ​ព្រះបាទ​ជ័យវរ័្មន ទី៧ ។
ផ្លូវ​ដែល​ឆ្លង​កាត់​ប្រាសាទ​នេះ​នៅ​ទិស​ខាង​ជើង ​ដូច្នេះ​ហើយ​បាន​ជា​ភ្ញៀវ​ទេសចរ​ច្រើន​ដើរ​ចូល​ទៅ ​កាន់​ប្រាសាទ​តាម​ផ្លូវ​ទិស​ខាង​ជើង​។​ប៉ុន្តែ​ផ្លូវ​ចូល​កាល​ពី​សម័យ​មុន​គឺ​នៅ​ផ្លូវ​ទិស​ខាង​កើត​។​ប្រាសាទ ​ចៅ​សាយ​នេះ​មាន​ការ​ទ្រុឌ​​ទ្រោម​ខ្លាំង​ប៉ុន្តែ​បាន​ធ្វើ​ការ​ ជួស​ជុល​ជា​បន្ត​បន្ទាប់​ ។

តើ​ប្រាសាទ​ចៅ​សាយ​មាន​អ្វី​ទស្សនា​ខ្លះ​?

ផ្លូវ​ចូល​ប្រាសាទ​តាម​ទិស​ខាង​កើត​ពី​គោ​បុរៈ​មាន​ស្ពាន​ដែល​មាន ​សរសរ​មូល​ៗ​ទប់​ទ្រ​ជា​ហូ​រហែរ​យ៉ាង​ស្អាត​។​ក្នុង​សម័យ​បូរាណ​ប្រាសាទ​នេះ​មាន​ការ​រៀប​ចំ​ធ្វើ​ពិធី​សក្ការៈ ​លឹង្គ​ព្រះ​ឥសូរ​ការ​លាង​និង​ធ្វើ​ពិធី​ផ្សេង​ៗ​ទៀត​ដោយ​សារ​តែ​នៅ​ជិត​ស្ទឹង​សៀមរាប​ដែល​ជា​ស្ទឹង​ស័ក្កិ​សិទ្ឋ​ ដូច​ទន្លេ​គង្កា​​នៅ​ប្រទេស​ឥណ្ឌា ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពិធី​។
ប្រាសាទ​ដែល​កសាង​នៅ​ក្នុង​សម័យ​តែ​មួយ​មាន​ដូច​ជា​៖

១. ប្រាសាទ​អង្គរវត្ត

២. ប្រាសាទ​បន្ទាយ​សំរ៉ែ

៣. ប្រាសាទ ធម្មានន្ទ

៤. ប្រាសាទ​បេងមាលា

៥. ប្រាសាទ​ព្រះ​ពិធូរ

៦. ប្រាសាទ​វត្ត​ភូ (នៅ​ក្នុង​ប្រទេស​ឡាវ​សព្វ​ថ្ងៃ​) ៕

ប្រាសាទ​ភិមានអាកាស

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ

ប្រាសាទ​ភិមានអាកាស

ប្រាសាទ​ភិមាន​អាកាស​ជា​ប្រាសាទ​មួយ​ដែល​កសាង​ឡើង​អំពី​ថ្ម​ភក់​នៅ​លើ​ជើង​គ្រឹះ​ថ្ម​បាយ​ក្រៀម​មាន​បី​ជាន់​ស្រដៀង​នឹង​ប្រាសាទ​ពីរ៉ា​មីដ ​។ ​កម្ពស់​នៃ​ជើង​គ្រឹះ​ប្រាសាទ​វិមាន​អាកាស​ទាំង​បី​ជាន់​ប្រហែល​ជា ​១២​ ម៉ែត្រ​ មាន​សណ្ឋាន ជា​បួន​ជ្រុង​ទ្រវែង​មាន​ជណ្តើរ​ចោត​ទាំង​បួន​ ផ្នែក ​។
ចំណែក​ឯ​ផ្លូវ​ចូល​ទស្សនា​ព្រះរាជ​វាំង​ត្រូវ​ដើរ​ឆ្លង​កាត់​ជើង​គ្រឹះ​ឡើង​លើ​ព្រះ​ពន្លា​ខ្ពស់ ទៅ​តាម​ជណ្តើរ​គ្រុឌ​ព្រោះ​ព្រះ រាជ​វាំង​នេះ​តាំង​នៅ​លើ​ព្រះ​ពន្លា​ខ្ពស់​ពេល​ណា​យើង​ឡើង​ទៅ​កាន់​ព្រះ​ពន្លា​នឹង​ឃើញ​បដិមា​ផុស​រូប​សិង្ហ​រចនា​បថ ​សម័យ​បាយ័ន​ឈរ​យ៉ាង​អង់​អាច​នៅ​ក្បាល​ជណ្តើរ​ទាំង​សង​ខាង​ ។ ​នៅ​លើ​ព្រះ​ពន្លា​នេះ​នៅ​មាន​ស្លាក​ស្នាម​ការ​សង់​ព្រះ​ពន្លា​ក្នុង​ រជ្ជ​កាល​ព្រះ​បាទ ជ័យ​វរ្ម័នទី  ៧ ​ដែល​គេ​ប្រើ​សម្រាប់​រាជ​ការ​ត្រួត​ពល​ឬ ប្រារឰ​ពិធី​ខាង​សាសនា​ផ្សេង​ៗ។ បច្ចុប្បន្ន​នេះ​មិន នៅ​សេស​សល់​ស្លាក​ស្នាម​ទៀត​ ឡើយ ​ព្រោះ​សំណង់​ទាំង​នោះ​ធ្វើ​អំពី​ឈើ ​។

តើ​ប្រាសាទ​ភិមានអាកាស​មាន​អ្វី​ទស្សនា​ខ្លះ ?
ប្រាសាទ​ភិមាន​អាកាស​តាំង​នៅ​លើ​ជើង​គ្រឹះ​ខ្ពស់​បី​ជាន់ មួយ​ជាន់​ៗ​មាន​កម្ពស់​បួន​ម៉ែត្រ​ ។ ​ជាន់​ក្រោម​បង្អស់​មាន​ទទឹង ​២៨​ ម៉ែត្រ​នៅ​ជួរ​ទិស​ខាង​ជើង​-​ត្បូង​ ចំណែក​បណ្តោយ​ប្រវែង​ ៣៥ ​ម៉ែត្រ ​នៅ​ជួរ​ទិស​ខាង​កើត​-​លិច​។ ជើង​គ្រឹះ​ប្រាសាទ​ទាំង​បី​ជាន់​ជា​ផ្លូវ​ឡើង​ទៅ​កាន់​ប្រាសាទ​បាន​ដែល​មាន​ជណ្តើរ​នៅ​កណ្តាល​ជើង​គ្រឹះ​ទាំង ​៤ ​ទិស។​ប៉ុន្តែ​ភាគ​ច្រើន​បាក់​ស្ទើរ​ អស់ ហើយ​កន្លែង​ដែល​នៅ​មាន​សភាព​ ល្អ​បំផុត​ គឺ​នៅ​ផ្នែក​ទិស ​ខាង​លិច​។​ផ្នែក​ទាំង​ពីរ​នៃ​ជណ្តើរ​ឡើង​អម​សង​ខាង ​ដោយ​បដិមា​ផុស​រូប​សិង្ហ​និង​រូប​ដំរី​នៅ​មុខ​ជើង ​គ្រឹះ​ទាំង​បី​ជាន់​។តួ​ប្រាសាទ​លើ​ជើង​គ្រឹះ​ជាន់​លើ​បង្អស់​ផ្នែក​ក្រៅ​ជា​រោង​ ថែវ​ ធ្វើ​អំពី​ថ្ម​ភក់​ ផ្នែក​ក្នុង​ជា ​តួ​ប្រាសាទ​សង់​លើ​ជើង​គ្រឹះ​មាន​កម្ពស់ ​២,៥ ​ម៉ែត្រ​។
តាម​អ្នក​ដំណើ​រចិន​ឈ្មោះ ​ជីវ ​តា​ក្វាន់ ​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ប្រាសាទ​នេះ​ស្តេច​នឹង​ត្រូវ​យាង​មក​ផ្តុំ​ជា​មួយ​នឹង​នាង​នាគ​ក្បាល​ ៩​ដែល​ប្រែ​ក្រឡា​ជា​ស្រី​ស្អាត ​រាល់​យប់​តាម​ពង្សាវតា​បាន​តំណាល​ត​ៗ​គ្នា​នៅ​ក្នុង​ស្រទាប់​មជ្ឈដ្ឋាន​ជន​ជាតិ​ចិន​ ដែល​មក​រស់​នៅ​ក្នុង​ក្រុង​ ព្រះ​នគរ​សម័យ ​នោះ ​។

ស្រះ​ទឹក​ហ្លួង ​ មាន​សណ្ឋាន​រាង​ ៤​ ជ្រុង​ទ្រវែង​មាន​ទទឹង ​៤៥​ ម៉ែត្រ​ បណ្តោយ ​១២៥ ​ម៉ែត្រ ។ ​គែម​ស្រះ ​ជា​ថ្ម​ភក់​ព័ទ្ធ​ជុំវិញ​ជា​ច្រើន​ជាន់​ ចោត​ចុះ​ផ្នែក​ខាង​ក្រោម​ ។​ គេ​ជឿ​ថា ​ស្រះ​នេះ​កសាង​ក្នុង​រជ្ជកាល​ព្រះ  បាទ​សុរិយ​វរ្ម័នទី ១ ហើយ​ឆ្លាក់​រូប​បន្ថែម​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី ៧ ។
នៅ​ត្រង់​បរិវេណ​ខាង​ត្បូង​នៃ​ស្រះ​មាន​កំពែង​វែង​ត​ទៅ​ទិស​ខាង​លិច​បន្តិច​គេ​សន្និដ្ឋាន​ថា ​កំពែង​នេះ​សាង​ឡើង​ដើម្បី​បាំង​ដី​ពី​ប្រាសាទ​ ភិមាន​អាកាស​កុំ​ឱ្យ​ហូរ​ចុះ​មក​ស្រះ​។​ចំណុច​ ដែល​គួរ​ឱ្យ​ស្ញប់​ស្ញែង​នៃ​កំពែង​នេះ​គឺ​រូប​ចម្លាក់​ល្អ​ឥត​ខ្ចោះ ​ហើយ​មាន​រូប​ខ្លះ​ស្រដៀង ​នឹង​រូប​ចម្លាក់ ​នៅ​តាម​ជញ្ចាំង​ទី​ព្រះលាន​ ស្តេច​គម្លង់ ។

ស្រះ​ទឹក​ខាង​កើត​ នៅ​ទិស​ខាង​កើត​នៃ​គោបុរៈ​ខាងជើង​។មាន​ទទឹង​ ២០ ម៉ែត្រ​បណ្តោយ​៤០​ម៉ែត្រ​មាន​សណ្ឋាន​ជា​ស្រះ​ថ្ម​ភក់​ដែល​មាន​ជម្រៅ​៤,៥​ ម៉ែត្រ​ ។ គេ​ជឿ​ថា​ស្រះ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​វាំង​ដែល​កសាង ​ឡើង​ក្នុង​បរិវេណ​នេះ​លើក​ដំបូង ​។

របៀង​និង​ស្រះ​ទឹក​ខាង​លិច​នៃ​ស្រះ​ទឹក​ហ្លួង​នៅ​ខាង​លិច​គោ​បុរៈ​ខាង​លិច​។​ខាង​ក្រៅ​ជា​កំពែង​ថ្ម​ បាយ​ក្រៀម​មាន​លក្ខណៈ​ទ្រុឌ​ទ្រោម ​។
បន្ទាប់​មក​ទៀត​ជា​ស្រះ​ទឹក​ខ្នាត​តូច​និង​របៀង​ទាប​ៗ​ហើយ​ចំណុច​ដែល​គួរ​ឱ្យ​ស្ងប់​ស្ងែង មួយ​កន្លែង​ទៀត​គឺ​រូប​ចម្លាក់​នៅ​លើ​កំពែង ។
របៀង​ខាង​កើត​មាន​សណ្ឋាន​ជា​រូប​កាក​បាទ​មាន​សសរ​មូល​នៅ​ខាង​ក្រោម​ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​ដើម​ឈើ​ដុះ​គ្រប​ជិត​ស្ទើរ​អស់ ប្រសិន​បើ​យើង​ដើរ​ទៅ​ទស្សនា​មាន​ការ​លំបាក​បន្តិច ៕

%d bloggers like this: