បណ្ណសារ

Archive for the ‘ប្រវត្តិសាស្រ្ត​ខ្មែរ’ Category

ស្ថាន​ភាព​ស្រ្តី​ខ្មែរ​ក្នុង​រឿង​ទុំ​ទាវ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មីនា ឆ្នាំ 2013 បញ្ចេញមតិ

ទុំ​ទាវ

កាល​ដើម​ឡើយ​សង្គម​ខ្មែរ​ជា​សង្គម​មាតា​ធិបតេយ្យ​​ពោល​គឺ​ស្ត្រី​មាន​​តួនាទី​ដ៏​សំខាន់​ ប៉ុន្តែ​ក្រោយ​មក​ដោយ​មាន​ឥទ្ធិ​ពល​មក​ពី​វប្ប​ធម៌​ផ្សេង​ៗ​​ទៀត​ដូច​ជា ​វប្បធម៌​ហិណ្ឌូ​​និយម វប្បធម៌​ចិន​ ជា​ដើម​ ស្ថាន​ភាព​របស់​ស្រ្តី​មាន​ការ​ប្រែ​ប្រួល​ច្រើន​។ វប្បធម៌​​ហិណ្ឌូ​និយម​ដែល​គេ​តែង​តែ​ហៅ​ថា​ព្រហ្ម​និយម​ចេញ​មក​ពី​គម្ពី​វេទ​​គឺ​ជា​គម្ពី​ម្យ៉ាង​ដែល​គេ​នាំ​ពី​ប្រទេស​អ៊ឺរ៉ង់​ចូល​មក​​ក្នុង​ភាគ​ឥសាន​នៃ​ទឹក​ដី​​ប្រទេស​​ឥណ្ឌា​​កាល​ពី​សតវត្ស​ទី​៤​មុន​គ្រឹស្ត​សករាជ​។ ជា​ការ​ពិត​ហើយ​ដែល​ថា​វប្បធម៌​​ហិណ្ឌូ​​និយម​​នេះ​ជា​ការ​វិវត្តន៍​នៃ​​គម្ពី​វេទ​គឺ​មាន​ន័យ​ថា​​គម្ពី​វេទ​នោះ​បាន​ត្រូវ​បក​ស្រាយ​​ទៅ​តាម​ជំនោរអា​​រម្មណ៍​ផ្សេង​​​​​ៗ​របស់​​​ប្រជា​ជន​ ហើយ​ដូច​នេះ​ឃ្លាត​ឆ្ងាយ​ចេញ​ពីអត្ថ​បទ​ដើម​រួម​​បញ្ចូល​ទាំង​លទ្ធិ​ព្រហ្ម​និយម​ទៀត​ផង​ ក៏​ប៉ុន្តែ​វប្បធម៌​ហិណ្ឌូ​​និយម​នេះ​រក្សា​ទុក​លោក​ទស្សនៈ​​ប្រកាន់​វណ្ណៈ​ដដែល​។ នៅ​ពេល​ដែល​ឥទ្ធិ​ពល​នេះ​ចូល​មក​ក្នុង​ប្រទេស​​កម្ពុជា​​តាម​លទ្ធិ​ទេវរាជ​ ដែល​​យោង​​ទៅ​តាម​ទ្រឹស្តី​នោះ​​ព្រះ​មហា​ក្សត្រ​ត្រូវ​គេ​ចាត់​ទុក​ថា​​ជា​អ្នក​តំណាង​នៃ​ពពួក​ទេវ​នានា​ ព្រះ​មហា​ក្សត្រ​​ពុំ​អាច​ស្ថិត​នៅ​ក្រោម​អធិបតេយ្យ​របស់​ស្រ្តី​​បាន​ទេ។ តាំង​ពី​ពេល​នោះ​មក​​ការ​ប្រយុទ្ធ​រវាង​​​ទំនៀម​ទម្លាប់​​មាតា​ធិបតេយ្យ​​ដែល​ជា​របស់​ខ្មែរ​យើង​សុទ្ធ​សាត​​នឹង​បិតា​ធិបតេយ្យ​ដែល​ជា​វប្បធម៌​របស់​ហិណ្ឌូ​និយម​​ចេះ​តែ​មាន​ជា​ហូរ​ហែរ​ ប៉ុន្តែ​នៅ​ទី​បំផុត​គឺ​គ្មាន​​ចាញ់​គ្មាន​ឈ្នះ​។ ស្ថាន​ប័ន​នយោ​បាយ​ជា​ផ្លូវ​ការ​​សំខាន់​ៗ​​ផ្អែក​ទៅ​លើ​​វប្បធម៌​ហិណ្ឌូ​និយម​ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ស្រ្តី​នៅ​តែ​មាន​ឥទ្ធិ​ពល​ទៅ​លើ​បុរស​ដដែល​​ ទោះ​តាម​បែប​បទ​ណា​ក្តី។ ការ​ប្រទាញ​ប្រទង់​ឬ​បដិវេទ​កម្ម​នេះ​​មាន​រហូត​​មក​ទល់​សម័យ​ក្រោយ​ៗ​មក​ទៀត​​ដូច​យើង​បាន​ដឹង​ឃើញ​តាម​រយៈ​​រឿង​កាកី​​និង​តាម​រឿង​ព្រេង​ផ្សេង​ៗ​ ដែល​ស្រ្តី​តស៊ូ​យ៉ាង​តឹង​តែង​​តទល់​នឹង​អំណាច​​ឬ​សិទ្ធិ​ផ្សេង​ៗ​ដែល​ត្រូវ​បាន​បុរស​​ដណ្តើម​យក​ជា​ពិសេស​ព្រះ​រាជា​​ដែល​​ជា​អ្នក​តំណាង​​អស់​ទេវ​នានា​​នៅ​ក្នុង​ចក្រ​ក្រវាឡ​។

នៅ​ក្នុង​រឿង​ទុំ​ទាវ​​ពោល​គឺ​នៅ​សម័យ​លង្វែក​ នារី​សឹង​តែ​បាត់​បង់​នូវ​​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​គេ​ ប៉ុន្តែ​គេ​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា​នាង​ទាវ​នៅ​តែ​ខិត​ខំ​រក្សា​​សិទ្ធិ​របស់​នាង​យ៉ាង​ម៉ឺង​ម៉ាត់​ នាង​សុខ​ចិត្ត​បោះ​បង់​​ព្រះ​រាជា​ចោល​ហើយ​​រត់​មក​រក​ទុំ​វិញ​។ ​នៅ​​ពេល​​​​​ដែល​​ទាវ​ត្រូវ​ម្តាយ​នាង​​ផ្តាច់​នាង​ចេញ​ពី​ទុំ​​ឲ្យ​ទៅ​រៀប​ការ​ជា​មួយ​ម៉ឺន​ងួន​វិញ​ នាង​ទាវ​ក៏​បាន​សម្រេច​ចិត្ត​ខ្លួន​​​ឯង​ធ្វើ​តាម​​បង្គាប់​របស់​ម្តាយ​នាង​ គឺ​ហាក់​បី​ដូច​ជា​ទុំ​គ្មាន​អំណាច​អ្វី​​មក​លើ​រូប​នាង​ដូច្នេះ​ដែរ ជា​ការ​ពិត​​ហើយ​ដែល​ថា​ទាវ​​ស្ថិត​នៅ​ក្នុង​ការ​គាប់​សង្កត់​របស់​ម្តាយ​នាង​​ប៉ុន្តែ​ការ​សម្រេច​ផ្សេង​​ៗ​ក៏​ស្តិត​នៅ​លើ​​នាង​ដែរ​។ អាន​បន្ថែម…

Advertisements

មហា​ចោរ​នៅ​ទល់ដែន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​កុម្ភៈ ឆ្នាំ 2013 មតិ ១

រឿងមហាចោរនៅទល់ដែន

នៅ​ចន្លោះឆ្នាំ ១៩៥២ ១៩៥៦ ស្នាដៃ​អក្សរ​សិល្ប៍​ខ្មែរ​បាន​ផុស​ឡើង​ព្រោង​ព្រៀតប្រលោម​លោក​ខ្មែរ​ត្រូវ​បាន​គេ​និយម​ច្រើន​ទៅ​ៗ​តាំង​ពី​ពេល​នោះ​មក​ដែរ គឺនៅ​សម័យ​នោះ​ហើយ​ដែល​លោក សាង សាវាត បាន​និពន្ធ​រឿង​មហា​ចោរ​នៅ​ទល់​ដែន​ បោះ​ពុម្ព​ផ្សាយជា​លើក​​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ ១៩៥៥។ រឿង​មហា​ចោរ​នៅ​ទល់​ដែន​នេះ​លើក​ឡើង​អំពី​វីរៈ​ភាព​របស់​មេ​ទ័ព​ម្នាក់​ឈ្មោះ​ មានន្ទ កាល​ពី​ឆ្នាំ​ ១៨៦៥ គឺជំនាន់​សៀមប៉ុនប៉ង​យក​ទឹក​ដី​ខ្មែរ មានន្ទ ជា​កូន​អ្នក​គ្រប់​គ្រង​ខេត្ត​សិរីសោភ័ណ​ម្នាក់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ព្រះកំពុត ព្រះកំពុត ដែល​ចូល​ដៃ​ជា​នឹង​សៀម​ហើយ​ដែល​កាន់​អំណាច​ផ្តាច់​ការ​នៅ​ក្នុង​ខេត្ត​នោះ។ មានន្ទ ចាប់​ចិត្ត​ស្នេហា​ទៅ​លើ​នាង​ ទេវី ដែល​​ជា​កូន​ស្រី​របស់​អ្នក​ស្នេហា​ជាតិ​ម្នាក់​ឈ្មោះ​ វិសេសក្លាហាន​ ពោល​គឺ​សត្រូវ​របស់​ព្រះ​កំពុត ។ នៅ​ក្នុង​រាត្រី​មួយ​បន្ទាប់​ពី​បាន​ដឹង​ថា​ទេវី​ជា​កូន​ស្រី​បាន​លបលួច​ទៅ​ជួប​មានន្ទ វិសេស​ ក្លាហាន​ បាន​ចាប់​បង្ខំ​ឲ្យ​គូរ​ស្នេហ៍​ទាំង​ពីរ​រៀប​ការ​ទាំង​កណ្តាល​រាត្រី​ រៀប​ការ​កូន​ស្រី​រួច​ហើយ​វិសេស​ក្លាហាន​ក៏​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ។ មានន្ទ​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​កាមាដែលពូកែ​ខាង​សិល្ប៍​សាស្រ្ត​ដូច​គ្នា​ប៉ុន្តែ​ដែល​មាន​ចិត្ត​ឃោរឃៅ កាមា​ក៏​ចាប់​​ចិត្ត​ប្រតិព័ត្ត​ទៅ​លើ​រូប​នាង​ទេវីដែរ ពេល​មានន្ទ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិ​ការណ៍​សឹក កាមា​បាន​ទៅ​ចែចង់​នាង​ទេវី​ប៉ុន្តែ​​ពុំ​បាន​សម្រេច ទោះ​បី​នាង​ទេវី​មាន​គត៌​ពោរពោះ​ទៅ​ហើយ​ក្តី​ ក៏​កាមា​​នៅ​តែ​មក​សាក​ល្បង​បណ្តាច​ចំណង​ស្នេហា​រវាង​នាង​ទេវីនឹង​មានន្ទ​ជារឿយ​ៗ​ដែរ។

មានន្ទ​ចេញ​ទៅ​ច្បាំង​រាប់​ខែ​មិន​ឃើញ​វិល​មក​វិញ​សោះ​ នាង​ទេវី​រង​ចាំ​ដោយ​ក្តី​អស់​សង្ឃឹម​ប៉ុ​ន្តែ​នៅ​តែ​រក្សា​ការ​ស្មោះ​ត្រង់​ជា​​និច្ច​ចំពោះ​មានន្ទ នាង​សម្រាល​កូន​ស្រី​មួយ​នៅ​ក្នុង​ភាព​ឯកឯងនៅ​ក្នុង​ភាព​កំសត់​ពន់​ពេក​ក្រៃ​ នាងឲ្យ​ឈ្មោះ​កូន​នោះ​ថា បុទុម​។ ថ្ងៃ​មួយ​នាង​បាន​ដឹង​ថា​មានន្ទ​ជា​ប្តី​បាន​ត្រឡប់​មក​វិញ នៅ​ពេល​នោះ​កាមា​បាន​ចាប់​បុទុម​ធ្វើ​ជា​ថ្នូរ​​ហើយ​បង្ខំ​ឲ្យ​នាង​មិន​និយាយ​រក​​មានន្ទ​អ្វី​ទាំង​អស់​ បើ​ពុំ​ធ្វើ​តាម​ទេ​កាមា​នឹង​សម្លាប់​កូន​នាង​ចោល។ នាង​ទេវី​គ្មាន​ជម្រើស​អ្វី​ទៀត​ក្រៅពី​ធ្វើ​តាម​កាមា​ទេ បន្ទាប់​ពី​ឆាក​ល្ខោន​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ មានន្ទ​ខឹង​នឹង​ប្រពន្ធ​យ៉ាង​ខ្លាំង​ហើយ​ក៏​រត់​ចេញ​ពី​ផ្ទះ​បាត់​ទៅ។ អាន​បន្ថែម…

ព្រះ​នាង​ឥន្ទ្រ​ទេវី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែ​កុម្ភៈ ឆ្នាំ 2013 បញ្ចេញមតិ

indradevi-javarman7-jayarajadevi

ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​មហាកវី​ខ្មែរ​ដ៏​ល្បី​នៅ​សតវត្ស​ទី១៣ ហើយ​ដែល​បាន​ក្លាយជា​និមិត្តរូប​​នៃ​​អក្សរ​សាស្ត្រ​​ខ្មែរ​​​រហូត​មក​ទល់​​សព្វ​​ថ្ងៃ​នេះ ​ហេតុ​ដូច្នេះ​​ហើយ​​បាន​ជា​​ឈ្មោះ​​ដ៏​​ល្បី​​សុះ​សាយ​​របស់​​ព្រះ​​នាង​​ត្រូវ​បាន​​គេ​​​យក​ទៅ​ដាក់​​ជា​​ឈ្មោះ​ វិទ្យាល័យ ជា​ឈ្មោះ បណ្ណាគារ ជា​ឈ្មោះ រង្វាន់​​អក្សរ​សាស្ត្រ​​ជា​​ហូរ​ហែរ​​នៅ​​សតវត្ស​​ទី​២០។ ​ព្រះ​​នាង​​ឥន្ទ្រ​​ទេវី​​ជា​​មហេសី​​ទី​២​របស់​​ព្រះ​បាទ​​ជ័យ​​វរ្ម័ន​ទី​៧ បន្ទាប់​ពី​​ព្រះ​​មហេសី​ទី​១គឺ​​ព្រះ​​នាង​​ជ័យ​​រាជ​ទេវី​​សុគ​គ់​​បាត់​ទៅ​។ ព្រះ​​​បាទ​​​​ជ័យ​វរ្ម័ន​​ទី​៧ជា​​ស្តេច​​ខ្មែរ​​មួយ​អង្គ​​ដែល​​កាន់​​លទ្ធិ​ពុទ្ធ​​សាសនា​​មហា​​យាន​ ហើយ​​​​ដែល​​នៅ​​ឆ្នាំ​១១៨១ បាន​​រំដោះ​ប្រទេស​​កម្ពុជា​​ពី​​ការ​ឈ្លាន​ពាន​​របស់​​ប្រទេស​​ចំប៉ា មិន​តែ​ប៉ុណ្ណោះ​​ព្រះ​អង្គ​​​ជា​​ក្សត្រ​​ខ្មែរ​​មួយ​អង្គ​​ដែល​​យក​ចិត្តទុកដាក់​អំ​ពី​ជីវភាព​របស់​ប្រជាជន​ជា​អតិ​ភាព​ទៀតផង។ គឺ​ស្តេច​ខ្មែរ​អង្គ​នេះ​ហើយ​​ដែល​​បាន​សាងសង់​ប្រាសាទ​បាយ​ន្ត ប៉ុន្តែ​អ្វីដែល​គេ​ពុំ​សូវ​បានដឹង​ពុំ​សូវ​បាន​និយាយ គឺ​គតិបណ្ឌិត និង​ការចេះដឹង​ដ៏​ជ្រៅជ្រះ​របស់​ព្រះអង្គ​ដែល​បានផ្តល់​ទៅ​ឲ្យ​ព្រះអង្គ​នូវ​ទេពកោសល្យ​មួយ​ដ៍​ឆ្លាសវៃ​នៅក្នុង​វិស័យ​នយោបាយ​និង​យុទ្ធសាស្ត្រ ប៉ុន្តែ​នៅក្នុង​បទ​និពន្ធ​នេះ​លោក ឌិ​ច គៀន បាន​លើក​យកតែ​ចំណុច​ខ្លះ​ដែល​ទាក់ទង​នឹង​ព្រះ​នាង​ជ័យ​រាជទេវី ដែលជា​ព្រះ​មហេសី​ទី១ និង​ព្រះ​នាង​ឥន្ទ្រ​ទេវី ដែលជា​មហេសី​ទី២ប៉ុណ្ណោះ ដោយ​​​សម្អាង​​ជា​ពិសេស​​ទៅ​លើ​​សិលា​ចារឹក​​នៅ​លើ​​ជញ្ជាំង​​ប្រាសាទ​ភិ​មាន​អាកាស ប្រាសាទ​បន្ទាយ​ឆ្មា ​ប្រាសាទ​​តា​ព្រហ្ម​ ​ប្រាសាទ​ព្រះខ័ន និង​ឯកសារ​នានា​របស់លោក ហ្ស​កន៍ ហ្សឺ​ដេ​សន៍ ។

តាមរយៈ​បទ​និពន្ធ​នេះ​បានចេញ​ផ្សាយ​ជា​លើកដំបូង​នៅ​ឆ្នាំ ១៩៦៦ លោក ឌិ​ច គៀន បាន​ប្រើ​ជំនោរ​អារម្មណ៍​របស់លោក​ផ្ទាល់​ពិ​ព័ណ៌នា​អំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះ​មហេសី​ទាំងពីរ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ។ អ្នក​និពន្ធ​​សរសេរ​​ជា​​អាថ​ថា​ព្រះ​នាង​ជ័យ​រាជទេវី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​ជ័យវរ្ម័ន​តាំងពី​នៅ​ព្រះ​ជន្ម​ក្មេង​ៗ​ម្លេះ ព្រះ​​ជ័យ​វរ្ម័ន​មាន​រាជបុត្រ​បើតាម​ឯកសារ​ខ្លះ​ថា​មាន​ច្រើន​ដែរ តែ​ព្រះរាជបុត្រ​ដែល​គេ​នៅ​ចាំបាន​នោះ​ឃើញ​មាន​ព្រះនាម​តែ៤អង្គ គឺ (១) ព្រះ​សុរិយ​កុមារ ដែលជា​កវី​ឯក​មួយអង្គ​ក្នុងការ​តែង​កាព្យ​សំស្ក្រឹត​នៅ​សិលាចារឹក​ប្រាសាទតាព្រហ្ម (២) វីរៈ​កុមារ ជា​អ្នក​តែង​កាព្យ​សំស្ក្រឹត​នៅ​សិលាចារឹក​ប្រាសាទព្រះខ័ន (៣) ឥន្ទ្រ​វរ្ម័ន អភិបាល​លពបុរី ហើយ​និង (៤) ស្រិ​ន្ទ្រ​កុមារ​ដែលមាន​រូបចម្លាក់​នៅ​ប្រាសាទបន្ទាយ​ឆ្នា ។ អាន​បន្ថែម…

ការ​ប្រជែង​គ្នា​របស់​កម្លាំង​អន្តរជាតិ​លើ​នយោបាយ​ខ្មែរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​ឧសភា ឆ្នាំ 2011 មតិ 2

ព្រឹត្តិការណ៍​ថ្ងៃ​ ៧មករា ឆ្នាំ ១៩៧៩ នៅ​ប្រទេស​​កម្ពុជា​ត្រូវ​បាន​អ្នក​វិភាគ​ប្រវត្តិ​សាស្ត្រ​ និង​នយោបាយ​ធ្វើ​ការ​បក​ស្រាយ​ខុស​ៗ​ពី​គ្នា ។ ប៉ុន្តែ​អ្វី​ដែល​គេ​ពុំ​អាច​ប្រកែក​បាន​គឺ​ការ​វាយ​ប្រហារ​យោធា​នៃ​ប្រទេស​វៀតណាម​ទៅ​លើ​ប្រទេស​កម្ពុជា ហើយ​ដាក់​របប​នយោបាយ​មួយ​ដែល​រណប​និង​កង​ទ័ព​របស់​ខ្លួន​ជំនួស​តែ​ម្តង ។ គឺ​នៅ​ក្នុង​នេះ​ហើយ​ដែល​នៅ​ថ្ងៃ ១៣ មករា ឆ្នាំ​ដដែល​នោះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជាជាតិ ទាមទារ​ឱ្យ​កង​ទ័ព​បរទេស​ដែល​ចូល​ឈ្លាន​ពាន​ស្រុក​ខ្មែរ​ដក​ទ័ព​ចេញ​ជា​បន្ទាន់ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម ។

ចំពោះ​អ្នក​ទទួល​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម នេះ​ជា​បញ្ហា​មួយ​ដ៏ស្មុកស្មាញ​ ព្រោះ​បើ​របប​ពល់ ពត​ មិន​ត្រូវ​រលំ​រលាយ​ទេ​នោះ​ប្រជា​ជន​ខ្មែរ​នឹង​ត្រូវ​រង​គ្រោះ​នៅ​ក្នុង​របប​នេះ​បន្ត​ទៅ​ទៀត ។ ដោយ​យល់​ច្បាស់​អំពី​លក្ខណៈ​ខុស​ច្បាប់​អំពី​ការ​ឈ្លាន​ពាន​នេះ កង​ទ័ព​វៀតណាម​ក៏​បាន​សាក​ល្បង​រំដោះ​ សម្តេច​ នរោត្តម សីហនុ ដែរប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​រំដោះ​ព្រះ​អង្គ​យក​ទៅ​មុន​បាត់​ទៅ​ហើយ ។ គេ​អាច​សន្និ​ដ្ឋាន​បាន​ថា បើ​ទីក្រុង​ហាណូយ​រំដោះ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​បាន នៅ​ថ្ងៃ​ ៧មករា សភាព​ការណ៍​នៅ​ពេល​នោះ​ប្រហែល​អាច​ជា​មាន​លក្ខណៈ​ផ្សេង​ទៀត​ ។ ព្រោះថា​ទោះ​ជា​ឋិត​នៅ​ខាង​បក្ស​សម្ព័ន្ធ​យោធា​ខាង​ណា​ក្តី សម្តេច នរោត្តម សីហនុ នៅ​តែ​ជា​អ្នក​តំណាង​និត្យានុគ្គល​ភាព​រដ្ឋ​ខ្មែរ​ដដែល ។ ប៉ុន្តែ​នេះ​ក៏​ជា​ចំណុច​មួយ​ដ៏​ស្មុគ​ស្មាញ​ផង​ដែរ ព្រោះ សម្តេច​ នរោត្តម សីហនុ បាន​ត្រូវ​របប​ លន់ នល់ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ បាន​ទម្លាក់​ព្រះ​អង្គ​ពី​អំណាច​តាំង​ពី​ថ្ងៃ​ទី ១៨ មីនា ឆ្នាំ ១៩៧០មក​អីណោះ ។

តាម​ការ​ពិត​ទៅ​គឺ​ជា​ការ​ប្រជែង​កម្លាំង​គ្នា របស់​អន្តរជាតិ​តែ​ប៉ុណ្ណោះ នៅ​ចំពោះ​មុខ​ការ​ពង្រីក​ឥទ្ធិពល​របស់​វៀតណាម និង​សូវៀត​នៅ​ក្នុង​តំបន់ ជា​ពិសេស​នៅ​កម្ពុជា​បស្ចឹម​ប្រទេស​ដែល​ពេល​នោះ​ជា​សត្រូវ​នឹង​សូវៀត គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចង់​សម្ព័ន្ធ​ភាព​ជា​មួយ​ទី​ក្រុង​ប៉េកាំង​នោះ​ទេ ។ ទោះ​ជា​យ៉ាង​នោះ​ក្តី​ក៏ សម្តេច នរោត្តម សីហនុ បាន​សាក​ល្បង​រក​ជំហរ​នយោបាយ​មួយ​ថ្មី​ទៀត​ជា​មួយ​អាមេរិក​សិន​ដែរ ។ នៅ​ថ្ងៃ​ ១៤ មករា គឺ​នៅ​ពេល​ដែល​ព្រះ​អង្គ​យាង​ទៅ​ធ្វើ​អត្តរាគមន៍​នៅ​អង្គការ​សហ​ប្រជា​ជាតិ នៅ​ទីក្រុង​ ញូវយ៉ក សម្តេច​ នរោត្តម សីហនុ បាន​សាក​ល្បង​រត់​ចេញ​ពី​ពួក​ខ្មែរ​ក្រហម ប៉ុន្តែ​ទោះ​បី​ព្រះ​អង្គ​បាន​គេច​ផុត​ពី ក្រញាំ​ពួក​នេះ​ក្តី​ក៏​សហ​រដ្ឋ​អាមេរិក​មិន​ហ៊ាន​ទទួល​រក្សា​ទុក​ព្រះ​អង្គ​ដែរ​ ដោយ​ខ្លាច​ខូច​សម្ព័ន្ធ​ភាព​ជា​មួយ​ចិន ។ នៅ​ចុង​ខែ​កុម្ភះ​ឆ្នាំ ១៩៧៩​ដដែល លោក តេង​ ឆាវពីន បាន​យាង​សម្តេច​ នរោត្តម សីហនុ ឱ្យ​ទៅ​គង់​នៅ​ទី​ក្រុង​ប៉េកាំង​វិញ ។

បន្ទាប់​ពី​ក្រុង​ហាណូយ បាន​វាយ​យក​ប្រទេស​កម្ពុជា​បាន នៅ​ថ្ងៃ​ ៧ មករា ឆ្នាំ ១៩៧៩ ទីក្រុង​ប៉េកាំង​បាន​ផ្តល់​ជំនួយ​ មួយ​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ពួក​ខ្មែរ​ក្រហម​ដើម្បី​បន្ត​ការ​តស៊ូ​ដេញ​កង​ទ័ព​វៀតណាម​ចេញ​ពី​ប្រទេស​កម្ពុជា ។ ព្រោះ​តែ​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ចិន​ និង​សហភាព​សូវៀត​នេះ អ្នក​នយោបាយ​ និង​បញ្ញាវ័ន្ត​ខ្មែរ ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​រហូត​គឺ​គ្មាន​​អ្នក​ណា​អាច​ឈរ​កណ្តាល​បាន​ទេ ជា​ពិសេស​អ្នក​ដែល​ចង់​បាន​អំណាច ឬ​មាន​តួនាទី​នយោបាយ​អ្វី​មួយ រីឯ​សមាស​ភាគ​នៃ​ក្រុម​​បក្ស​ពួក​នីមួយ​ៗ ក៏​មាន​លក្ខណៈ​ដ៏​ចម្លែក​ទៀត​ផង ។ ម្ខាង​មាន​ចិន​ មាន​ខ្មែរ​ក្រហម មាន​អ្នក​ប្រជាធិបតេយ្យ ឬ​អ្នក​បស្ចឹម​ប្រទេស​លាយ​លំ​គ្នា និងម្ខាង​ទៀត​មាន​សូវៀត​ មាន​វៀត​ណាម ហើយ​មាន​ពួក​ខ្មែរ​ក្រហម​មួយ​ផ្នែក​ផង​ដែរ ។ ក្រុម​នីមួយៗ​អូស​ទាញ​ប្រជាជន​, បញ្ញាវ័ន្តខ្មែរ​ឱ្យ​គាំ​ទ្រ​គេ​រៀង​ៗ​ខ្លួន ក្រុម​ទាំង​ពីរ​នេះ​ជេរ​ប្រទិច​ផ្តាសារ​គ្នា ហើយ​ស្អប់​ខ្ពើម​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ។ នេះ​ជា​ទំព័រ​ប្រវត្តិ​សាស្រ្ត​មួយ​ដ៏​ខ្មៅ​ងងឹត និង​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់បើ​ខាង​ណា​ឈ្នះ​ខាង​នោះ​ជា​អ្នក​ត្រូវ ហើយ​អ្នក​ចាញ់​ត្រូវ​គេ​យក​ទៅ​ធ្វើ​បាប ធ្វើ​ទារុណ​កម្ម ។ល។

តាម​រយៈ​ប្រវត្តិ​សាស្រ្ត​នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ដ៏រាប​ណា​អ្នក​ដឹក​នាំ​ខ្មែរ​នៅ​តែ​រណប​ខាង​នេះ​ ឬ​ខាង​នោះ ពោល​គឺ​គ្មាន​ឯករាជ្យ​គ្រប់​គ្រាន់​ គ្មាន​ការ​ប្តូរ​គោល​ជំហរ​របស់​ប្រទេស​តាម​រយៈ​ការ​បោះ​ឆ្នោតតាម​បែប​បទ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ ហើយ​ជា​ពិសេស​គ្មាន​អ្នក​អព្យាក្រឹត​នោះ​ទេ ប្រជា​ជន​ខ្មែរ​ពុំ​អាច​ចេញ​ផុត​ពី​សោកនាកម្ម​បាន​ឡើយ ៕

ប្រទេស​កម្ពុជា​​ដំណាក់​កាល​សង្រ្គាម​ស៊ីវិល និង​ការធ្លាក់ចូលក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​មេសា ឆ្នាំ 2011 មតិ ១

សាធារណរដ្ឋ​ខ្មែរ

(១៩៧០ ‑ ១៩៧៩)

កងទ័ព​កុ​ម្មុយ​និ​ស្ត​វៀតណាម​យល់ឃើញថា រដ្ឋសភា​ខ្មែរ​ទម្លាក់​សម្តេច​សីហនុ​ទុកជា​រឿង​ផ្ទៃក្នុង​ក្នុងប្រទេស ។ គេ​សុខចិត្ត​គោរព​របប​ថ្មី​នោះ លុះត្រាតែ​រដ្ឋាភិបាល​ភ្នំពេញ​អនុញ្ញាត​ឱ្យគេ​រស់នៅ​តាម​ព្រំប្រទល់ ដូច​នៅពេល​សម្តេច​ណែនាំ​ប្រទេស ។ ប៉ុន្តែ រដ្ឋាភិបាល​ថ្មី​នៃ​ក្រុងភ្នំពេញ បញ្ជា​កងទ័ព​កុម្មុយនីស្ត​វៀតណាម​ឱ្យ​ចាក​ចេញពី​ទឹកដី​ខ្មែរ​ក្នុង​រយៈពេល ៧២​ ម៉ោង ។ ពួកគេ​ឆ្លើយ​តប​វិញ ដោយ​ចូលលុកលុយ​ស្រុក​ខ្មែរ ។ ទាហាន​​​កុម្មុយនីស្ត​វៀតណាម​ទាំងនោះ​អះអាងថា សម្តេច​សីហនុ​សុំ​ពួកខ្លួន​ឱ្យ​ចូលមក​វាយ​ដណ្តើមយក​តំណែង​ដឹកនាំ​ប្រទេស​ថ្វាយ​ព្រះអង្គ​វិញ ។ ពួកគេ​ឱ្យ​ប្រជាជន​កម្ពុជា​ស្តាប់​សម្លេង​សម្តេច​តាម​ខ្សែអាត់ អំពាវនាវ​ឱ្យគេ​ចូល​ព្រៃម៉ាគី ។

អ្នកស្រែ​ភាគច្រើន​ទុកចិត្ត​លើស​ម្តេច ហើយ​ធ្វើ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃ ២៦ មេសា នៅ​កំពង់ចាម និង​នៅ​អង្គតាសោម រួច​សម្រេចចិត្ត​ទៅ​ភ្នំពេញ ។ រដ្ឋាភិបាល​ថ្មី​យក​កាំភ្លើង​ធំ​បាញ់​គេ ។

សហរដ្ឋអាមេរិក​ទទួល​ស្គាល់​របប​ថ្មី​របស់លោក​លន់ នល់ ភ្លាម​ព្រោះ​សហរដ្ឋ​យល់ឃើញថា របប​ថ្មី​នេះ​អាចជួយ​គេ​ជា​សម្ព័ន្ធមិត្ត នៅក្នុង​សង្គ្រាម​ច្បាំង​ជាមួយ​កងទ័ព​វៀតណាម​ខាងជើង​និង​ពួក​វៀត​កុង​បាន ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក​មាន​ការសង្ស័យ​ខ្លះ​លើ​សមត្ថភាព​រដ្ឋាភិបាល​ថ្មី​នោះ ហើយ​មិន​ជួយ​គេ​តាម​សេចក្តីប៉ងប្រាថ្នា​របស់គេ​ទេ ។

កាប់​យួន

លោក​ឧ​ត្ត​ម​សេនីយ៍​លន់ នល់ អុជអាល​ធ្វើឱ្យ​គំនុំ​ចងពៀរ​រវាង​ខ្មែរ‑វៀតណាម​ដែល​មានមក​រាប់​សតវត្ស​ហើយ​នោះ ឆេះឆាប​ខ្លាំង​ឡើង​ថែមទៀត ដើម្បី​ប្រមូល​ប្រជាពលរដ្ឋ​ឱ្យ​គាំទ្រ​របប​ថ្មី​របស់លោក ។ កំហឹង​ឆាបឆេះ​ឡើង បណ្តាលឱ្យ​ប្រជាជន​ខ្មែរ​លែង​យល់​អ្វី​ទាំងអស់ ចាត់​ជនជាតិ​វៀតណាម​ទាំងអស់​ដែល​រស់នៅ​ប្រទេស​កម្ពុជា​ទុកជា វៀត​កុង» ។

មាន​ពាក្យស្លោក​ជា​ភាសា​បារាំង​បិទ​នៅតាម​ផ្លូវ ដែល​សរសេរថា៖

“A bas les Viêts!”​ (បរាជ័យ​ទៅ​ពួក​យួន!) ។ ពាក្យស្លោក​ខ្លះទៀត​ជា​ភាសា​ខ្មែរ មាន​សេចក្តី​ថា (កាប់​យួន) ។ តាំងពី​មាន​បាតុកម្ម​លើកដំបូង​ម្ល៉េះ ប្រជាជន​ខ្មែរ​វាយកំទេច​ភូមិ​ជាច្រើន​ដែលមាន​វៀតណាម​រស់នៅ ។ ថ្ងៃទី ១៩ មេសា ក្រសួងអប់រំជាតិ​បញ្ជា​ឱ្យ បិទ​សាលា​ឯកជន​បរទេស​ទាំងអស់ ទាំង​សាលា​ចិន សាលា​វៀតណាម ទាំង​សាលា​សាសនា​ផង ។ គំនុំ​ចងពៀរ​ជាតិ​សាសន៍ គឺ​បង្កើត​ឱ្យ​ជនជាតិខ្មែរ​ចង់​សម្លាប់​ពួក​វៀតណាម​យ៉ាង​ឆាប់រហ័ស៖

–                    ថ្ងៃទី ១០ មេសា នៅ​ទីប្រជុំជន​ប្រសូត ក្នុង​ខេត្តស្វាយរៀង ទាហាន​ខ្មែរ​ចាប់​ជន​ស៊ីវិល​វៀតណាម​ប្រហែល ១៥០នាក់ ទាំងប្រុស ទាំងស្រី ទាំង​កូនក្មេង​យកទៅ​ឃុំ​ទុក​ក្នុង​ទីលាន​មួយ ដែលមាន​លួស​បន្លា​ព័ន្ធ​ជុំវិញ រួច​ទាហាន​ទាំងនោះ​ក៏​បាញ់រះ​សម្លាប់​អ្នក​ទាំងនោះ​ចោល​ទៅ ។

–                    ទៅ​ទី១២ មេសា នៅ​ភ្នំពេញ ទាហាន​ខ្មែរ​ចាប់ផ្តើម​ចាប់​ជនជាតិ​វៀតណាម​ពេល​កណ្តាល​អ​ធ្រា​ត ថ្ងៃទី ១២‑១៣ ខែមេសា ទាហាន​ឡោមព័ទ្ធ​ភូម​ជ្រោយចង្វា ជា​ភូមិ​ដែលមាន​សុទ្ធតែ​ជនជាតិ​វៀតនាម​រស់នៅ​ទាំងអស់ ។ ទាហាន ចាប់ប្រុសៗទាំងអស់​ដែលមាន​អាយុ​ចាប់ពី ១៥ឆ្នាំ​ឡើងទៅ បង្ខំ​ឱ្យ​ឡើង​នាវា​ដឹក​កងទ័ព រួច​នាវា​នោះ​បើក​ចេញទៅ​ទិស​ខាងត្បូង ។ ទៅបាន​ប្រហែល ៣០ គ.ម ទាហាន​ចាប់ប្រុសៗវៀតណាម​ទាំងនោះ​ចងស្លាបសេក​និង​បញ្ជា​ឱ្យចេញ​តំរៀបជួរ​ម្តង​ដប់នាក់ៗ នៅ​ខាងក្រៅ​កប៉ាល់ ហើយ​បាញ់​សម្លាប់ចោល​ទាំងអស់​គ្មាន​សល់ ឯ​សាកសព​ទាំងនោះ ក៏​ធ្លាក់ចុះ​ក្នុង​ទឹក ។ ពី​ភូមិ​ជ្រោយចង្វា​ចំនួន​គេ​សម្លាប់ ៥១៤នាក់ ។ ទាហាន​ដាក់​អ្នកឯទៀតៗនៅ​ត្រើយ​ខាងកើត​នៃ​ទន្លេមេគង្គ ហើយ​ត្រូវគេ​សម្លាប់​ក្នុង​ថ្ងៃជា​បន្ត​បន្ទាប់មក ។ ពីថ្ងៃ​ទី ១០ ដល់ ១៥ មេសា សាកសព​រាប់ពាន់​អណ្តែត​នៅលើ​ទន្លេមេគង្គ ត្រង់​កំពង់ចម្លង​អ្នក​លឿង ។ នៅពេលនោះ​និង​នៅក្នុង​ថ្ងៃ​បន្តបន្ទាប់​មកទៀត ទាហានខ្លះៗទៀត​ចាប់រំលោភ​ស្ត្រី​មេម៉ាយ និង​យុវនារី​ដែល​រស់នៅ​តែលតោល​ឥត​ទីពឹង​ឯ​ជ្រោយចង្វា តាម​អំពើ​ចិត្ត​របស់ខ្លួន ។ អាន​បន្ថែម…

%d bloggers like this: