សារសំខាន់​របស់​អ្នក​ដឹក​នាំ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

អ្នក​ដឹក​នាំ​ នា​យក​ ប្រធាន​ ប្រធានាធិបតី រាជា ប្រមុខ ប្រមុខ​រដ្ឋ មាន​សារ​សំខាន់​យ៉ាង​ណា​ខ្លះ ចំពោះ​ប្រជា​រាស្រ្ត​ និង​សង្គម ដែល​ខ្លួន​គ្រប់​គ្រង និង​មើល​ការ​ខុស​ត្រូវ​នោះ? ខ្ញុំ​គិត​ថា អ្នក​អាន​គង់​នឹង​យល់​ជា​មិន​ខាន ។ ក្នុង​ទី​នេះ ខ្ញុំ​សូម​លើក​យក​ទស្សនៈ​របស់​ព្រះ​សម្មាសម្ពុទ្ធ មេដឹក​នាំ​មួយ​យ៉ាង​ធំ ដែល​ពិភព​លោក​ទទួល​ស្គាល់​ និង​ជឿ​ពុទ្ធ​ដី​ការ​របស់​លោក​ថា​មាន​សច្ច​ភាព យក​មក​ជូន​មិត្ត​អ្នក​អា​ន​ដោយ​ផ្ទាល់​តែ​ម្តង ។ ទស្សនៈ​របស់​ព្រះ​អង្គ​នោះ​ ទ្រង់​សម្តែង​នៅ​ក្នុង​គម្ពីរ​ព្រះ​សុត្តន្ត​បិដក​ អង្គុត្តរ​និកាយ ចតុក្កនិបាត ។ ក្នុង​ព្រះ​សូត្រ​នេះ ព្រះ​អង្គ​ប្រើ​ពាក្យ​ព្រះ​រាជា សម្រាប់​សម្គាល់​អ្នក​ដឹក​នាំ​ប្រទេស​ទូទៅ ដូច្នេះ សូម​អ្នក​អាន​សម្គាល់​ពាក្យ​រាជា​នេះ ជា​វចនៈ​នឹង​ពាក្យ​អ្នក​ដឹក​នាំ នាយក ប្រធាន ប្រធានាធិបតី រាជា ប្រមុខ ប្រមុខ​រដ្ឋ ឬ​នាយក​រដ្ឋ​មន្រ្តី​ផង​ចុះ ។

ព្រះ​សូត្រ​នេះ មាន​សេចក្តី​ដូច​តទៅៈ

  • ​”​ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​ណា​ ពួក​ព្រះ​រាជា​មិន​ប្រកប​ដោយ​ធម៌​ សម័យ​នោះ ពួក​ខ្ញុំ​រាជ​ការ​ក៏​មិន​ប្រកប​ដោយ​ធម៌​ដែរ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ពួក​អ្នក​រាជ​ការ​មិន​ប្រកប​ដោយ​ធម៌​ សម័យ​នោះ ពួក​ព្រាហ្មណ៍​ និង​គហបតី ក៏មិន​ប្រកប​ដោយ​ធម៌​ដែរ ។ កាល​បួក​ព្រាហ្មណ៍ និង​គហបតី មិន​ប្រកប​ដោយ​ធម៌​ហើយ សម័យ​នោះ​ ពួក​អ្នក​និគម និង​អ្នក​ជន​បទ មិន​ប្រកប​ដោយ​ធម៌​ដែរ​ ។ កាល​អ្នក​និគម និង​អ្នក​ជន​បទ មិន​ប្រកប​ដោយ​ធម៌​ហើយ​ព្រះ​ច័ន្ទ​និង​ប្រះ​អាទិត្យ ក៏​គោចរ​ទៅ​មិន​ស្មើ​ដែរ ។ កាល​ព្រះច័ន្ទ​និង​ព្រះ​អាទិ្យ​គោចរ​ទៅ​មិន​ស្មើ ពួក​ផ្កាយ​នក្ខ​ត្ត​ឫក្ស​ ក៏​គោចរ​មិន​ស្មើ​ដែរ ។ កាល​ពួក​ផ្កាយ​នក្ខត្តឫក្ស គោចរ​ទៅ​មិន​ស្មើ យប់​និង​ថ្ងៃ​ ក៏​ប្រព្រឹត្ត​ទៅ​មិនស្មើ​ដែរ ។ កាល​យប់​និង​ថ្ងៃ​ ប្រព្រឹត្ត​ទៅ​មិន​ស្មើ ខែ​និង​កន្លះ​ខែ ក៏​ប្រព្រឹត្តិ​ទៅ​មិន​ស្មើដែរ ។ កាល​ខែ​និង​កន្លះ​ខែ ប្រព្រឹត្ត​ទៅ​មិន​ស្មើ រដូវ​និង​ឆ្នាំ​ ក៏​ប្រព្រឹត្ត​ទៅ​មិន​ស្មើដែរ ។ កាល​រដូវ​និង​ឆ្នាំ​ប្រព្រឹត្តទៅ​មិន​ស្មើ​ ខ្យល់​ក៏​បក់​មិន​ស្មើ​ដែរ ។​ កាល​ណា​ខ្យល់​បក​មិន​ស្មើ​ ខ្យល់​បក់​ខុស​ផ្លូវ​ទាំង​ឡាយ ក៏​ប្រព្រឹត្ត​ទៅ​មិន​ស្មើ​ដែរ ។ កាល​ណា​ខ្យល់​បក់​ខុស​ផ្លូវ​ទាំង​ឡាយ​មិន​ស្មើ​ ទេវតា​ទាង​ឡាយ​ក៏​ខឹង​សម្បារ ។ កាល​ទេវតា​ទាំង​ឡាយ​ខឹង​សម្បារ​ ភ្លៀង​ក៏​មិន​បង្អុរ​ ទឹក​ភ្លៀង​មក​ដោយ​ប្រពៃ ។ កាល​ភ្លៀង​មិន​បង្អុរ​ទឹក​ភ្លៀង​ចុះ​មក​ដោយ​ប្រពៃ​ ស្រូវ​ទាំង​ឡាយ ក៏​ឱ្យ​ផល​មិន​ស្មើ​ល្អ ។

  • ម្នាលភិក្ខុ​ទាំង​ឡាយ ពួក​មនុស្ស​ កាល​បរិភោគ​ស្រូវ​ដែល​ឱ្យ​ផល​មិន​ស្មើ​ល្អ រមែង​មាន​អាយុខ្លី មាន​សម្បុរ​អាក្រក់ មាន​កម្លាំង​តិច មាន​អាពាធ​ច្រើន ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​ណា​ ពួក​ព្រះរាជា​ប្រកប​ដោយ​ធម៌​ សម័យ​នោះ​ ពួក​ខ្ញុំ​រាជការ​ក៏​ប្រកប​ដោយ​ធម៌​ ។ កាល​បើ​ពួក​ខ្ញុំរាជ​ការ​ប្រកប​ដោយ​ធម៌ ។ល។ កាល​បើផ្លូវ​ខ្យល់​ទាំង​ឡាយ​ស្មើ ពួក​ទេវ​តា​មិន​ខឹង​សម្បារ​ កាល​ពួក​ទេវ​តា​មិន​ខឹង​សម្បារ​ ភ្លៀង​ក៏​បង្អុរ​ទឹក​ភ្លៀង​ចុះ​មក​ដោយ​ប្រពៃ ។ កាល​ភ្លៀង​បង្អុរ​ទឹក​ភ្លៀង​ចុះ​មក​ដោយ​ប្រពៃ ស្រូវ​ក៏​ឱ្យ​ផល​ស្មើ​ល្អ ។

ម្នាលភិក្ខុ​ទាំង​ឡាយ​ មនុស្ស​ទាំង​ឡាយ កាល​បរិភោគ​ស្រូវ​មាន​ខ្យល់​ស្មើ​ល្អ រមែង​មាន​អាយុ​វែង​ មាន​សម្បុរ​ល្អ មាន​កម្លាំង ព្រម​ទាំង​មាន​អាពាធ​តិច” ។

យក​ព្រះ​សូត្រ​នេះ​មក​វិភាគ​ យើង​នឹង​ឃើញ​ថា​ភាព​មិន​ល្អ ឬ​អធម៌​របស់​អ្នក​ដឹក​នាំ ពោល​គឺ​អ្នក​ដឹក​នាំ​ដែល​គ្មាន​គុណ​ភាព គ្មាន​គុណ​ធម៌ នឹង​នាំ​ឱ្យ​សង្គម​នោះ​ជា​សង្គម​មិន​ល្អ គ្មាន​គុណ​ភាព​-គុណ​ធម៌​ដែរ ។ សង្គម​ដែល​គ្មាន​គុណ​ធម៌​-គុណ​ភាព​រមែង​នាំ​ឱ្យ​ធម្មជាតិ​មិន​ល្អ ហិន​ហោច ប្រែប្រួល មិន​ប្រក្រតី ហើយ​កាល​ណា ធម្មជាតិ​មិន​ប្រក្រតី​ហើយ ភាព​ទុរភិក្ស ព្រោះ​ធ្វើ​កសិកម្ម​មិន​ល្អកើត​ឡើង ។ ទាំង​អស់​គ្នា​ធ្មេច​ភ្នែក​ ហើយ​ស្រមៃ​ថា កាល​មនុស្ស​កើត​ទុរភិក្ស​​ ពោល​គឺ​ ឥត​មាន​អ្វី​បរិភោគ​ឬ​បរិភោគ​មិន​គ្រប់​គ្រាន់ តើ​អ្វី​នឹង​កើត​ឡើង? ការ​ដណ្តើម? ការកាប់​សម្លាប់? សង្រ្គាម? ផល​នៃ​សង្រ្គាម​ យើង​ដឹង​ហើយ​ថា គឺ​មនុស្ស​ខ្លួន​ឯង​នេះ​ឯង ដែល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា ។

យើង​អាច​គូរ​រូប​ដែល​បង្ហាញ​ពី​ទោស​ និង​គុណ​នៃ​ការ​ដែល​មាន​អ្នក​ដឹក​នាំ​មិន​ និង​ល្អ ដូច​ខាង​ក្រោម​នេះ៖

នៅ​ចុង​បញ្ចប់​នៃ​ព្រះ​សូត្រ ព្រះ​សម្មា​សម្ពុទ្ធ​បាន​ប្រៀប​អ្នក​ដឹក​នាំ​ទៅ​នឹង​គោ​មេ​ហ្វូង ដែល​មាន​សេចក្តី​ដូច​តទៅ៖

  • “​ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​គោ​ទាំង​ឡាយ​កំពុង​ផ្លង​ទៅ កាល​បើ​គោ​មេ​ហ្វូង​នាំ​ទៅ​កាន់​ផ្លូវ​ខុស​កំពង់ ពួក​គោ​ទាំង​អស់​នោះ ក៏​នាំ​គ្នា​ទៅ​កាន់​ផ្លូវ​ខុស​កំពង់ដែរ ។ មាន​ឧបមា​យ៉ាង​ណា ក្នុង​ពួក​មនុស្ស​ក៏​ដូច្នោះ​ដែរ ។ អ្នក​ណា​ដែល​គេ​សន្មត​ថា​ប្រសើរ​ជាង​គេ (ជា​ប្រមុខ​គេ) បើ​អ្នក​នោះ​ប្រព្រឹត្ត​មិន​ត្រូវ​តាម​ធម៌​ នឹង​មិន​បាច់​និយាយ​ទោ​ថ្វី​ដល់​ប្រជា​ជន​ដទៃ​ឡើយ ” ។

បើ​ព្រះ​រាជា​មិន​ប្រកប​ដោយ​ធម៌​ រាស្រ្ត​ទាំងអស់​រមែង​ដេក​កើត​ទុក្ខ ។

  • ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​គោ​ទាំង​ឡាយ​កំពុង​ឆ្លង​ទៅ កាល​បើ​គោ​មេ​ហ្វូង​នាំ​ទៅ​កាន់​ផ្លូវ​ត្រង់ គោ​ទាំង​អស់​នោះ​រមែង​ទៅ​កាន់​ផ្លូវ​ត្រង់​ដែរ ។ មាន​ឧបមាយ៉ាង​ណា ក្នុង​ពួក​មនុស្ស​ក៏​ដូច្នោះ​ដែរ ។ អ្នក​ណា​ដែល​គេ​សម្មត​ថា​ប្រសើរ​ជាង​គេ (​ជា​ប្រមុខ​គេ) បើ​អ្នក​នោះ​ប្រព្រឹត្ត​តាម​ធម៌​ នឹង​មិន​បាច់​និយាយ​ទៅ​ថ្វី​ដល់​ប្រជាជន​ដទៃ ។
  • បើ​ព្រះ​រាជា​ប្រកប​ដោយ​ធម៌ រាស្រ្ត​ទាំង​អស់​រមែង​ដេក​នៅ​ជា​សុខ ។

នៅ​ក្នុង​ព្រះ​សូត្រ​នោះ​ យោះង​ឃើញ​ថា ទំនាក់​ទំនង​រវាង​រាស្រ្ត​និង​អ្នក​ដឹក​នាំ​ជា​កត្តា​កំណត់​នូវ​ជោគ​វាសនា​របស់​សង្គម​ ឬ​ប្រទេស ។ បើ​រាស្រ្ត​ជ្រើស​រើស​ប្រមុខ​ដែល​ល្អ ប្រមុខ​នោះ​ក៏​នឹង​នាំ​ទៅ​រក​សេចក្តី​សុខ ដែល​ជា​គោល​បំណង​ធំ​បំផុត​របស់​រាស្រ្ត​បាន តាម​ពុទ្ធ​វចនៈ​ដែលថា “​បជា​សុខំ មហុត្តមំ = សេចក្តី​ខុស​របស់​រាស្រ្ត​គឺ​ជា​របស់​ដ៏​មហា​ឧត្តម” តែ​បើ​ប្រជារាស្រ្ត​ជ្រើស​រើស​ប្រមុខ​មិន​ល្ង ឬ​មាន​អ្នក​ដឹក​នាំ​អធម៌ (​ឡើង​កាន់​អំណាច​ដោយ​កម្លាំង​អាវុធ​ជា​ដើម) នោះ​ សេចក្តី​ទុក្ខ​ក៏​នឹង​កើត​ឡើង​ដល់​ប្រជារាស្រ្ត​ខ្លួន​ឯង​វិញ​ ជា​មិនខាន ។

ជ្រើសរើស ——–រាស្រ្ត ———–> រាជា

នាំរាស្រ្ត———–> សុខ/ទុក្ខ

ដូច្នេះ​ ជា​ការ​សំខាន់​ណាស់ ចំពោះ​ប្រជា​រាស្រ្ត​ដែល​ជា​អ្នក​ដើរ​តាម​ ត្រូវ​សម្លឺង​មើល ពិនិត្យ​ពិច័យ ជ្រើស​រើស​យក​តែ​អ្នក​ដឹក​នាំ​ដែល​ល្អ ដែល​កាន់​សីល​ធម៌ និង​នាំ​ទៅ​រក​សេចក្តី​សុខ ដែល​ជា​គោល​បំណង​របស់​រាស្រ្ត​ខ្លួន​ឯង​ ។

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែតុលា ឆ្នាំ 2011 ម៉ោង 1:18 នាទី (ល្ងាច)

    សូមអរគុណដែលបានចែករំលែកនូវអត្ថបទដ៏ល្អប្រសើរនេះ និងជាគុណប្រយោជន៍ដល់មនុស្សនានាទាំងអស់ធ្វើការសិក្សាស្វែងយល់ និងគិតពិចារណា ជាពិសសមេដឹកនាំ ឬអ្នកដឹងនាំទាំងឡាយគ្រប់កម្រិតថ្នាក់ទូទាំងពិភពលោកទាំងមូល ជាបុគ្គ គ្រួសារ សហគមន៍ ស្ថាប័ន ឬអង្គភាពនានា ។

    សូមអរគុណ!

    ដោយ ថុ​ន ប៊ុនរ៉ានីន

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែតុលា ឆ្នាំ 2011 ម៉ោង 6:55 នាទី (ល្ងាច)

      បាទ អរគុណណាស់ដែលបាន​ទស្សនាប្លកមួយនេះ!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: