ទំព័រដើម > ចំណេះ​​ទូទៅ, ប្រវត្តិសាស្រ្ត​ខ្មែរ, វប្បធម៌ទូទៅ > ការ​ប្រជែង​គ្នា​របស់​កម្លាំង​អន្តរជាតិ​លើ​នយោបាយ​ខ្មែរ

ការ​ប្រជែង​គ្នា​របស់​កម្លាំង​អន្តរជាតិ​លើ​នយោបាយ​ខ្មែរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ព្រឹត្តិការណ៍​ថ្ងៃ​ ៧មករា ឆ្នាំ ១៩៧៩ នៅ​ប្រទេស​​កម្ពុជា​ត្រូវ​បាន​អ្នក​វិភាគ​ប្រវត្តិ​សាស្ត្រ​ និង​នយោបាយ​ធ្វើ​ការ​បក​ស្រាយ​ខុស​ៗ​ពី​គ្នា ។ ប៉ុន្តែ​អ្វី​ដែល​គេ​ពុំ​អាច​ប្រកែក​បាន​គឺ​ការ​វាយ​ប្រហារ​យោធា​នៃ​ប្រទេស​វៀតណាម​ទៅ​លើ​ប្រទេស​កម្ពុជា ហើយ​ដាក់​របប​នយោបាយ​មួយ​ដែល​រណប​និង​កង​ទ័ព​របស់​ខ្លួន​ជំនួស​តែ​ម្តង ។ គឺ​នៅ​ក្នុង​នេះ​ហើយ​ដែល​នៅ​ថ្ងៃ ១៣ មករា ឆ្នាំ​ដដែល​នោះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជាជាតិ ទាមទារ​ឱ្យ​កង​ទ័ព​បរទេស​ដែល​ចូល​ឈ្លាន​ពាន​ស្រុក​ខ្មែរ​ដក​ទ័ព​ចេញ​ជា​បន្ទាន់ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម ។

ចំពោះ​អ្នក​ទទួល​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម នេះ​ជា​បញ្ហា​មួយ​ដ៏ស្មុកស្មាញ​ ព្រោះ​បើ​របប​ពល់ ពត​ មិន​ត្រូវ​រលំ​រលាយ​ទេ​នោះ​ប្រជា​ជន​ខ្មែរ​នឹង​ត្រូវ​រង​គ្រោះ​នៅ​ក្នុង​របប​នេះ​បន្ត​ទៅ​ទៀត ។ ដោយ​យល់​ច្បាស់​អំពី​លក្ខណៈ​ខុស​ច្បាប់​អំពី​ការ​ឈ្លាន​ពាន​នេះ កង​ទ័ព​វៀតណាម​ក៏​បាន​សាក​ល្បង​រំដោះ​ សម្តេច​ នរោត្តម សីហនុ ដែរប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​រំដោះ​ព្រះ​អង្គ​យក​ទៅ​មុន​បាត់​ទៅ​ហើយ ។ គេ​អាច​សន្និ​ដ្ឋាន​បាន​ថា បើ​ទីក្រុង​ហាណូយ​រំដោះ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​បាន នៅ​ថ្ងៃ​ ៧មករា សភាព​ការណ៍​នៅ​ពេល​នោះ​ប្រហែល​អាច​ជា​មាន​លក្ខណៈ​ផ្សេង​ទៀត​ ។ ព្រោះថា​ទោះ​ជា​ឋិត​នៅ​ខាង​បក្ស​សម្ព័ន្ធ​យោធា​ខាង​ណា​ក្តី សម្តេច នរោត្តម សីហនុ នៅ​តែ​ជា​អ្នក​តំណាង​និត្យានុគ្គល​ភាព​រដ្ឋ​ខ្មែរ​ដដែល ។ ប៉ុន្តែ​នេះ​ក៏​ជា​ចំណុច​មួយ​ដ៏​ស្មុគ​ស្មាញ​ផង​ដែរ ព្រោះ សម្តេច​ នរោត្តម សីហនុ បាន​ត្រូវ​របប​ លន់ នល់ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ បាន​ទម្លាក់​ព្រះ​អង្គ​ពី​អំណាច​តាំង​ពី​ថ្ងៃ​ទី ១៨ មីនា ឆ្នាំ ១៩៧០មក​អីណោះ ។

តាម​ការ​ពិត​ទៅ​គឺ​ជា​ការ​ប្រជែង​កម្លាំង​គ្នា របស់​អន្តរជាតិ​តែ​ប៉ុណ្ណោះ នៅ​ចំពោះ​មុខ​ការ​ពង្រីក​ឥទ្ធិពល​របស់​វៀតណាម និង​សូវៀត​នៅ​ក្នុង​តំបន់ ជា​ពិសេស​នៅ​កម្ពុជា​បស្ចឹម​ប្រទេស​ដែល​ពេល​នោះ​ជា​សត្រូវ​នឹង​សូវៀត គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចង់​សម្ព័ន្ធ​ភាព​ជា​មួយ​ទី​ក្រុង​ប៉េកាំង​នោះ​ទេ ។ ទោះ​ជា​យ៉ាង​នោះ​ក្តី​ក៏ សម្តេច នរោត្តម សីហនុ បាន​សាក​ល្បង​រក​ជំហរ​នយោបាយ​មួយ​ថ្មី​ទៀត​ជា​មួយ​អាមេរិក​សិន​ដែរ ។ នៅ​ថ្ងៃ​ ១៤ មករា គឺ​នៅ​ពេល​ដែល​ព្រះ​អង្គ​យាង​ទៅ​ធ្វើ​អត្តរាគមន៍​នៅ​អង្គការ​សហ​ប្រជា​ជាតិ នៅ​ទីក្រុង​ ញូវយ៉ក សម្តេច​ នរោត្តម សីហនុ បាន​សាក​ល្បង​រត់​ចេញ​ពី​ពួក​ខ្មែរ​ក្រហម ប៉ុន្តែ​ទោះ​បី​ព្រះ​អង្គ​បាន​គេច​ផុត​ពី ក្រញាំ​ពួក​នេះ​ក្តី​ក៏​សហ​រដ្ឋ​អាមេរិក​មិន​ហ៊ាន​ទទួល​រក្សា​ទុក​ព្រះ​អង្គ​ដែរ​ ដោយ​ខ្លាច​ខូច​សម្ព័ន្ធ​ភាព​ជា​មួយ​ចិន ។ នៅ​ចុង​ខែ​កុម្ភះ​ឆ្នាំ ១៩៧៩​ដដែល លោក តេង​ ឆាវពីន បាន​យាង​សម្តេច​ នរោត្តម សីហនុ ឱ្យ​ទៅ​គង់​នៅ​ទី​ក្រុង​ប៉េកាំង​វិញ ។

បន្ទាប់​ពី​ក្រុង​ហាណូយ បាន​វាយ​យក​ប្រទេស​កម្ពុជា​បាន នៅ​ថ្ងៃ​ ៧ មករា ឆ្នាំ ១៩៧៩ ទីក្រុង​ប៉េកាំង​បាន​ផ្តល់​ជំនួយ​ មួយ​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ពួក​ខ្មែរ​ក្រហម​ដើម្បី​បន្ត​ការ​តស៊ូ​ដេញ​កង​ទ័ព​វៀតណាម​ចេញ​ពី​ប្រទេស​កម្ពុជា ។ ព្រោះ​តែ​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ចិន​ និង​សហភាព​សូវៀត​នេះ អ្នក​នយោបាយ​ និង​បញ្ញាវ័ន្ត​ខ្មែរ ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​រហូត​គឺ​គ្មាន​​អ្នក​ណា​អាច​ឈរ​កណ្តាល​បាន​ទេ ជា​ពិសេស​អ្នក​ដែល​ចង់​បាន​អំណាច ឬ​មាន​តួនាទី​នយោបាយ​អ្វី​មួយ រីឯ​សមាស​ភាគ​នៃ​ក្រុម​​បក្ស​ពួក​នីមួយ​ៗ ក៏​មាន​លក្ខណៈ​ដ៏​ចម្លែក​ទៀត​ផង ។ ម្ខាង​មាន​ចិន​ មាន​ខ្មែរ​ក្រហម មាន​អ្នក​ប្រជាធិបតេយ្យ ឬ​អ្នក​បស្ចឹម​ប្រទេស​លាយ​លំ​គ្នា និងម្ខាង​ទៀត​មាន​សូវៀត​ មាន​វៀត​ណាម ហើយ​មាន​ពួក​ខ្មែរ​ក្រហម​មួយ​ផ្នែក​ផង​ដែរ ។ ក្រុម​នីមួយៗ​អូស​ទាញ​ប្រជាជន​, បញ្ញាវ័ន្តខ្មែរ​ឱ្យ​គាំ​ទ្រ​គេ​រៀង​ៗ​ខ្លួន ក្រុម​ទាំង​ពីរ​នេះ​ជេរ​ប្រទិច​ផ្តាសារ​គ្នា ហើយ​ស្អប់​ខ្ពើម​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ។ នេះ​ជា​ទំព័រ​ប្រវត្តិ​សាស្រ្ត​មួយ​ដ៏​ខ្មៅ​ងងឹត និង​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់បើ​ខាង​ណា​ឈ្នះ​ខាង​នោះ​ជា​អ្នក​ត្រូវ ហើយ​អ្នក​ចាញ់​ត្រូវ​គេ​យក​ទៅ​ធ្វើ​បាប ធ្វើ​ទារុណ​កម្ម ។ល។

តាម​រយៈ​ប្រវត្តិ​សាស្រ្ត​នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ដ៏រាប​ណា​អ្នក​ដឹក​នាំ​ខ្មែរ​នៅ​តែ​រណប​ខាង​នេះ​ ឬ​ខាង​នោះ ពោល​គឺ​គ្មាន​ឯករាជ្យ​គ្រប់​គ្រាន់​ គ្មាន​ការ​ប្តូរ​គោល​ជំហរ​របស់​ប្រទេស​តាម​រយៈ​ការ​បោះ​ឆ្នោតតាម​បែប​បទ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ ហើយ​ជា​ពិសេស​គ្មាន​អ្នក​អព្យាក្រឹត​នោះ​ទេ ប្រជា​ជន​ខ្មែរ​ពុំ​អាច​ចេញ​ផុត​ពី​សោកនាកម្ម​បាន​ឡើយ ៕

  1. Norn Ly
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2011 ម៉ោង 9:29 នាទី (ព្រឹក)

    ខ្ញុំពិតជាពេញចិត្តណាស់សម្រាប់កម្មវិធីរបស់អ្នក។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2011 ម៉ោង 10:48 នាទី (ល្ងាច)

      អរគុណ!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: