ទំព័រដើម > ចំណេះ​​ទូទៅ, ចំណេះដឹង, ប្រវត្តិសាស្រ្ត​ខ្មែរ, វប្បធម៌ទូទៅ > ប្រទេស​កម្ពុជា​​ដំណាក់​កាល​សង្រ្គាម​ស៊ីវិល និង​ការធ្លាក់ចូលក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ

ប្រទេស​កម្ពុជា​​ដំណាក់​កាល​សង្រ្គាម​ស៊ីវិល និង​ការធ្លាក់ចូលក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​មេសា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

សាធារណរដ្ឋ​ខ្មែរ

(១៩៧០ ‑ ១៩៧៩)

កងទ័ព​កុ​ម្មុយ​និ​ស្ត​វៀតណាម​យល់ឃើញថា រដ្ឋសភា​ខ្មែរ​ទម្លាក់​សម្តេច​សីហនុ​ទុកជា​រឿង​ផ្ទៃក្នុង​ក្នុងប្រទេស ។ គេ​សុខចិត្ត​គោរព​របប​ថ្មី​នោះ លុះត្រាតែ​រដ្ឋាភិបាល​ភ្នំពេញ​អនុញ្ញាត​ឱ្យគេ​រស់នៅ​តាម​ព្រំប្រទល់ ដូច​នៅពេល​សម្តេច​ណែនាំ​ប្រទេស ។ ប៉ុន្តែ រដ្ឋាភិបាល​ថ្មី​នៃ​ក្រុងភ្នំពេញ បញ្ជា​កងទ័ព​កុម្មុយនីស្ត​វៀតណាម​ឱ្យ​ចាក​ចេញពី​ទឹកដី​ខ្មែរ​ក្នុង​រយៈពេល ៧២​ ម៉ោង ។ ពួកគេ​ឆ្លើយ​តប​វិញ ដោយ​ចូលលុកលុយ​ស្រុក​ខ្មែរ ។ ទាហាន​​​កុម្មុយនីស្ត​វៀតណាម​ទាំងនោះ​អះអាងថា សម្តេច​សីហនុ​សុំ​ពួកខ្លួន​ឱ្យ​ចូលមក​វាយ​ដណ្តើមយក​តំណែង​ដឹកនាំ​ប្រទេស​ថ្វាយ​ព្រះអង្គ​វិញ ។ ពួកគេ​ឱ្យ​ប្រជាជន​កម្ពុជា​ស្តាប់​សម្លេង​សម្តេច​តាម​ខ្សែអាត់ អំពាវនាវ​ឱ្យគេ​ចូល​ព្រៃម៉ាគី ។

អ្នកស្រែ​ភាគច្រើន​ទុកចិត្ត​លើស​ម្តេច ហើយ​ធ្វើ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃ ២៦ មេសា នៅ​កំពង់ចាម និង​នៅ​អង្គតាសោម រួច​សម្រេចចិត្ត​ទៅ​ភ្នំពេញ ។ រដ្ឋាភិបាល​ថ្មី​យក​កាំភ្លើង​ធំ​បាញ់​គេ ។

សហរដ្ឋអាមេរិក​ទទួល​ស្គាល់​របប​ថ្មី​របស់លោក​លន់ នល់ ភ្លាម​ព្រោះ​សហរដ្ឋ​យល់ឃើញថា របប​ថ្មី​នេះ​អាចជួយ​គេ​ជា​សម្ព័ន្ធមិត្ត នៅក្នុង​សង្គ្រាម​ច្បាំង​ជាមួយ​កងទ័ព​វៀតណាម​ខាងជើង​និង​ពួក​វៀត​កុង​បាន ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក​មាន​ការសង្ស័យ​ខ្លះ​លើ​សមត្ថភាព​រដ្ឋាភិបាល​ថ្មី​នោះ ហើយ​មិន​ជួយ​គេ​តាម​សេចក្តីប៉ងប្រាថ្នា​របស់គេ​ទេ ។

កាប់​យួន

លោក​ឧ​ត្ត​ម​សេនីយ៍​លន់ នល់ អុជអាល​ធ្វើឱ្យ​គំនុំ​ចងពៀរ​រវាង​ខ្មែរ‑វៀតណាម​ដែល​មានមក​រាប់​សតវត្ស​ហើយ​នោះ ឆេះឆាប​ខ្លាំង​ឡើង​ថែមទៀត ដើម្បី​ប្រមូល​ប្រជាពលរដ្ឋ​ឱ្យ​គាំទ្រ​របប​ថ្មី​របស់លោក ។ កំហឹង​ឆាបឆេះ​ឡើង បណ្តាលឱ្យ​ប្រជាជន​ខ្មែរ​លែង​យល់​អ្វី​ទាំងអស់ ចាត់​ជនជាតិ​វៀតណាម​ទាំងអស់​ដែល​រស់នៅ​ប្រទេស​កម្ពុជា​ទុកជា វៀត​កុង» ។

មាន​ពាក្យស្លោក​ជា​ភាសា​បារាំង​បិទ​នៅតាម​ផ្លូវ ដែល​សរសេរថា៖

“A bas les Viêts!”​ (បរាជ័យ​ទៅ​ពួក​យួន!) ។ ពាក្យស្លោក​ខ្លះទៀត​ជា​ភាសា​ខ្មែរ មាន​សេចក្តី​ថា (កាប់​យួន) ។ តាំងពី​មាន​បាតុកម្ម​លើកដំបូង​ម្ល៉េះ ប្រជាជន​ខ្មែរ​វាយកំទេច​ភូមិ​ជាច្រើន​ដែលមាន​វៀតណាម​រស់នៅ ។ ថ្ងៃទី ១៩ មេសា ក្រសួងអប់រំជាតិ​បញ្ជា​ឱ្យ បិទ​សាលា​ឯកជន​បរទេស​ទាំងអស់ ទាំង​សាលា​ចិន សាលា​វៀតណាម ទាំង​សាលា​សាសនា​ផង ។ គំនុំ​ចងពៀរ​ជាតិ​សាសន៍ គឺ​បង្កើត​ឱ្យ​ជនជាតិខ្មែរ​ចង់​សម្លាប់​ពួក​វៀតណាម​យ៉ាង​ឆាប់រហ័ស៖

–                    ថ្ងៃទី ១០ មេសា នៅ​ទីប្រជុំជន​ប្រសូត ក្នុង​ខេត្តស្វាយរៀង ទាហាន​ខ្មែរ​ចាប់​ជន​ស៊ីវិល​វៀតណាម​ប្រហែល ១៥០នាក់ ទាំងប្រុស ទាំងស្រី ទាំង​កូនក្មេង​យកទៅ​ឃុំ​ទុក​ក្នុង​ទីលាន​មួយ ដែលមាន​លួស​បន្លា​ព័ន្ធ​ជុំវិញ រួច​ទាហាន​ទាំងនោះ​ក៏​បាញ់រះ​សម្លាប់​អ្នក​ទាំងនោះ​ចោល​ទៅ ។

–                    ទៅ​ទី១២ មេសា នៅ​ភ្នំពេញ ទាហាន​ខ្មែរ​ចាប់ផ្តើម​ចាប់​ជនជាតិ​វៀតណាម​ពេល​កណ្តាល​អ​ធ្រា​ត ថ្ងៃទី ១២‑១៣ ខែមេសា ទាហាន​ឡោមព័ទ្ធ​ភូម​ជ្រោយចង្វា ជា​ភូមិ​ដែលមាន​សុទ្ធតែ​ជនជាតិ​វៀតនាម​រស់នៅ​ទាំងអស់ ។ ទាហាន ចាប់ប្រុសៗទាំងអស់​ដែលមាន​អាយុ​ចាប់ពី ១៥ឆ្នាំ​ឡើងទៅ បង្ខំ​ឱ្យ​ឡើង​នាវា​ដឹក​កងទ័ព រួច​នាវា​នោះ​បើក​ចេញទៅ​ទិស​ខាងត្បូង ។ ទៅបាន​ប្រហែល ៣០ គ.ម ទាហាន​ចាប់ប្រុសៗវៀតណាម​ទាំងនោះ​ចងស្លាបសេក​និង​បញ្ជា​ឱ្យចេញ​តំរៀបជួរ​ម្តង​ដប់នាក់ៗ នៅ​ខាងក្រៅ​កប៉ាល់ ហើយ​បាញ់​សម្លាប់ចោល​ទាំងអស់​គ្មាន​សល់ ឯ​សាកសព​ទាំងនោះ ក៏​ធ្លាក់ចុះ​ក្នុង​ទឹក ។ ពី​ភូមិ​ជ្រោយចង្វា​ចំនួន​គេ​សម្លាប់ ៥១៤នាក់ ។ ទាហាន​ដាក់​អ្នកឯទៀតៗនៅ​ត្រើយ​ខាងកើត​នៃ​ទន្លេមេគង្គ ហើយ​ត្រូវគេ​សម្លាប់​ក្នុង​ថ្ងៃជា​បន្ត​បន្ទាប់មក ។ ពីថ្ងៃ​ទី ១០ ដល់ ១៥ មេសា សាកសព​រាប់ពាន់​អណ្តែត​នៅលើ​ទន្លេមេគង្គ ត្រង់​កំពង់ចម្លង​អ្នក​លឿង ។ នៅពេលនោះ​និង​នៅក្នុង​ថ្ងៃ​បន្តបន្ទាប់​មកទៀត ទាហានខ្លះៗទៀត​ចាប់រំលោភ​ស្ត្រី​មេម៉ាយ និង​យុវនារី​ដែល​រស់នៅ​តែលតោល​ឥត​ទីពឹង​ឯ​ជ្រោយចង្វា តាម​អំពើ​ចិត្ត​របស់ខ្លួន ។

–                    ថ្ងៃទី ១៤ គេ​ចាប់​ជនជាតិ​វៀតណាម​នៅ​ស្រុក​កោះធំ យកទៅ​ឃុំ​ទុក​ក្នុង​រោងចក្រ​តម្បាញ​វ៉េង ហួរ នៅ​​ឯ​ចាក់អង្រែ​ខាងត្បូង​ភ្នំពេញ ។ ថ្ងៃទី ១៥ គេ​ចាប់​គ្រួសារ​វៀតណាម​ពី​មាត់​ក្រ​សាល់ មក​ឃុំ​ក្នុង​រោងចក្រ​នេះ​ជាមួយនឹង​ពួក​កោះធំ ។ ក្នុង​ថ្ងៃ​ដដែល​នេះ បន្ទាប់ពី​ពួក​វៀត​កុង​វាយ​ក្រុង​តាកែវ​មក​ទាហាន​បាញ់សម្លាប់​ជន​ស៊ីវិល​វៀតណាម​ដែល​រស់នៅក្នុង​ក្រុង​ប្រហែល ២៥០ នាក់ នៅ​នឹង​ទីផ្សារ​តែម្តង ។

–                    ថ្ងៃ​ទិ ២៣ នៅ​ស្រុក​ស្អាង ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​កងទ័ព​ខ្មែរ ដែល​មាន​ឪពុក​ជា​ជនជាតិ​ហ្វីលីពីន និង​ម្តាយ​ជា​ជនជាតិ​វៀតណាម ចាប់​ជន​ស៊ីវិល​វៀតណាម​ចំនួន ១០០នាក់ ធ្វើជា​ខែល​មក​ដា​ក់នៅ​ចន្លោះ​កងទ័ព​ខ្មែរ និង​កងទ័ព​វៀត​កុង ។ លោក​ឡឺ​ម៉ែត្រ (Mgr Lematre) ជា​ប្រតិភូ​របស់​សម្តេច​ប៉ាប បាន​អញ្ជើញ​មកពី​ក្រុង​ព្រៃនគរ តាំងពី​ថ្ងៃទី ១៣ មេសា​ម្ល៉េះ ។ ដោយ​លោក​ឡឺ​ម៉ែត្រ​នេះ និង​សហគមន៍​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​ផង ទាហាន​ឈប់​សម្លាប់​រង្គាល​ជនជាតិ​វៀតណាម​ទៅ ក៏ប៉ុន្តែ ពួកគេ​នៅតែ​មើលងាយ​ធ្វើបាប​ជនជាតិ​វៀតណាម​ក្នុងអំឡុង​ជាច្រើន​ខែ ។ នៅ​កំពង់ចាម រដ្ឋអំណាច​បាន​ប្រមូល​ជនជាតិ​វៀតណាម​ក្នុង​ខេត្ត ឱ្យនៅ​ក្នុង​កីឡាដ្ឋាន​ក្រុង​កំពង់ចាម​ក្រោម​កិច្ច​រក្សា​ការពារ​របស់​យោធា ។ ចំណែកឯ​ជនជាតិ​វៀតណាម​ដែល​​​នៅ​ភាគខាងត្បូង​នៃ​ប្រទេស ពោលគឺ​នៅ​ជិត​ព្រំប្រទល់​វៀតណាម គេ​ក៏​រត់​ទៅកាន់​មាតុប្រទេស​តាម​មធ្យោបាយរៀងៗខ្លួន ។

ចំពោះ​ការសម្លាប់​រង្គាល​ជនជាតិ​វៀតណាម​នៅ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម​ខាងត្បូង​មានការ​ឈឺចាប់​ជាខ្លាំង ។ ថ្ងៃទី ២៨ មេសា គណៈប្រតិភូ​វៀតណាម មកពី​ព្រៃនគរ ចរចា​សុំ​យក​ជនជាតិ​វៀតណាម​ដែ​ល​រស់នៅ​ប្រទេស​កម្ពុជា ទៅ​មាតុប្រទេស​ខ្លួន​វិញ ។ ថ្ងៃទី ១០ ឧសភា កង​នាវា​មួយ​កង​ធំ ដោយមាន​កបាល់​ចំបាំង​ជូន​ដំ​ណើរ​ផង ចេញពី​ប្រទេស​វៀតណាម ឡើង​ទៅដល់​កំពង់ចាម​តាម​ទន្លេមេគង្គ ទៅ​ទទួល​អាណិកជន​វៀតណាម ។

រដ្ឋអំណាច​កម្ពុជា​ប្រមែប្រមូល​អាណិកជន​វៀតណាម​បន្តបន្ទាប់​ទាល់តែ​អស់​បញ្ជូនទៅ​មាតុភូមិ​របស់គេ​វិញ រហូតដល់​ថ្ងៃទី ១៥ ខែសីហា ១៩៧០ ជា​ថ្ងៃ​កំណត់​ជា​ផ្លូវការ​ថា ឈប់​ដឹក​ទៀត ។

មតិ​អន្តរជាតិ​ទូទៅ​ពេញ​ចិត្តនឹង​រដ្ឋសភា​កម្ពុ​ជា ទម្លាក់​សម្តេច​សីហនុ ចេញពី​តំណែង ដោយ​សង្ឃឹមថា សង្គ្រាម​វៀតណាម​និង​ចប់​នៅពេល​ខ្លី​បាន​ដោយ​ងាយ ។ ប៉ុន្តែ ឃាតកម្ម​ទៅលើ​ជនជាតិ​វៀតណាម​នៅ​​ប្រទេស​កម្ពុជា បណ្តាលឱ្យ​គ្រប់​ប្រទេស​ក្រៅពី​សហរដ្ឋអាមេរិក លែង​ទុកចិត្ត​និង​គាំទ្រ​របប​លន់ នល់​ទៀតហើយ ។ លោក​ចាញ់​សង្គ្រាម​នៅ​ខែមេសា​នោះ​ហើយ ។

សង្គ្រាម​រវាង​បង​ប្អូនឯង

កងទ័ព​វៀតណាម​ខាងជើង​និង​វៀត​កុង​ចូលលុកលុយ​ទឹកដី​កម្ពុជា ចាប់​យុវជន​ទាំងអស់​នៅ​ជនបទ​បង្កើត​កង​រំដោះជាតិ ។ អតីត​កម្មាភិបាល​ខ្មែរវៀតមិញ​ដែល​បង្កប់ខ្លួន​នៅក្នុង​ប្រទេស ចាប់ផ្តើម​ធ្វើសង្គ្រាម​វិញ ។ រីឯ​ខ្មែរវៀតមិញ​ដែល​ចេញទៅ​ហាណូយ​នៅ​ឆ្នាំ ១៩៥៤ ក៏វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ តាម​ផ្លូវលំ​ហូជីមិញ ។ នៅ​ចុងឆ្នាំ ១៩៧០ កងទ័ព​កុម្មុយនីស្ត​វៀតណាមប្រគល់​​កងទ័ព​នោះ​ទៅ​ពួក​ខ្មែរក្រហម​ជា​បញ្ញវ័ន្ត​ត្រឡប់​ពី​ប្រទេស​បារាំង ដែល​​ចូល​ព្រៃ​តាំងពី​ឆ្នាំ ១៩៦៣ មកមាន​ចំនួន​តែ ៣.០០០ នាក់ ។ រីឯ​ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​សម្តេច​សីហនុ​ក៏​បង្កើត កងទ័ព​រំដោះ ។

y លោក និក សុន (Nixon) ប្រកាស​ជាមុន​ថា គេ​ចូល​តែ​ជម្រៅ ៤០ គ.ម ហើយ​តែ​មួយខែ​ប៉ុណ្ណោះ ។ ពេលនោះ​កងទ័ព​វៀតណាម​ខាងត្បូង​សងសឹក​ជនជាតិខ្មែរ ជួស​ជនរួមជាតិ​ខ្លួន​ដែល​ត្រូវ​កងទ័ព​ខ្មែរ​សម្លាប់​នឹងធ្វើ​បាប គឺ​គេ​ប្រព្រឹត្តិ​អំពើ​ចោ​កម្ម ហឹ​ង្សា កាប់សម្លាប់ រំលោភ​លើ​ស្ត្រី និង​ទម្លាក់​គ្រាប់បែក​នៅ​គ្រប់កន្លែង​តាមចិត្ត ។ អ្នកស្រែ​ប្រៀបធៀប​កងទ័ព​ទាំងនោះ​នឹង​កងទ័ព​បដិវត្តន៍ ដែ​ល​តែង​គោរព​ប្រជាជន និង​ទ្រព្យសម្បត្តិ​ប្រជាជន​ដែរ ។ គេ​ត្រូវតែ​រត់តាម​ពួក​បដិវត្តន៍​ដើម្បី​រស់​ជីវិត ។

ពេលនោះ ប្រទេស​កម្ពុ​ជា​លិច​​លង​​ក្នុង​​សង្គ្រាម​​រវាង​​​បង​ប្អូន​​គ្នា​ឯង​​អស់​​រយៈ​ពេល​​ប្រាំ​ឆ្នាំ គឺ​​សង្គ្រាម​​វៀត​ណាម​​លាត​សន្ធឹង​​ចូល​​ប្រទេស ​។ ម្ខាង​​​មាន​​កង​ទ័ព​​សា​ធារណ​រដ្ឋ​​ខ្មែរ​​ដែល​មាន​​កង​ទ័ព​អាមេរិក​ជួយ​គាំទ្រ កាន់កាប់​ទីក្រុង​នានា ។ ម្ខាង​មាន​កងទ័ព​វៀតណាម​ខាងជើង និង​វៀត​កុង​ជួយ​ខ្មែរក្រហម ដែលមាន​ប្រទេស​​ចិន​​គាំទ្រ​កាន់កាប់​ជនបទ​វិញ ។

មហា​វិនាសកម្ម​នៃ​សង្គ្រាមស៊ីវិល

នៅ​គ្រប់​ទីកន្លែង គូបដិបក្ខ​ទាំងពីរ ហាក់ដូចជា​រួមគ្នា​ធ្វើទុក្ខ​ដល់​ប្រជាជន​ខ្មែរ​ហើយ​ខិតខំ​បំផ្លិចបំផ្លាញ​ប្រទេស ។

លោក​ឧ​ត្ត​ម​សេនីយ៍​លន់ នល់ កេណ្ឌ​យុវជន​ជាច្រើន​ឱ្យចូល​បំរើកងទ័ព ដើម្បី​ទប់ទល់​នឹង​កងទ័ព​វៀត​កុង និង​វៀតណាម​ខាងជើង ដែល​លុកលុយ​រាតត្បាត​ប្រទេស កម្ពុ​ជា ។ លោក​បញ្ជូន​គេ​ទៅ​សមរភូមិ​ដោយ​គ្មាន​ហ្វឹកហ្វឺន​ជាមុន​អ្វី​សោះ គឺ​ដោយ​គ្រាន់តែ​ពឹង​លើក​ន្ល្សែ​ង​យ័ន្ត និង​កាន់​កាំភ្លើង​ធ្វើ​អំពី​ឈើ​ប៉ុណ្ណោះ ។ លោក​លន់ នល់ តែងតែ​ជឿ​តាម​ហោរា ដោយ​យល់ឃើញថា សង្គ្រាម​នេះ​ជា​សង្គ្រាម​សាសនា នៅ​ពាក់កណ្តាល​សាសនា ។ លោក​ចាត់ចែង​ប្រតិបត្តិការ​សឹក​ធំ​ពីរ​តាម​ផ្លូវជាតិ​ទៅ​កំពង​ធំ ហៅថា ចេនឡា​ទី១ និង​ចេនឡា​ទី ២ ។ ប្រតិបត្តិការ​សឹក​ទាំងពីរ​នោះ​បរាជ័យ​ជា​ទម្ងន់ បណ្តាលឱ្យ​យុវជន​ជាច្រើន​ត្រូវស្លាប់​លើ​សមរភូមិ ។ ទោះបី​គ្មាន​កងទ័ព​អាមេរិក​នៅលើ​ទឹកដី​កម្ពុ​ជា​ក្តី ក៏​សហ​​រដ្ឋ​អាមេរិក​ជួយ​ផ្គត់ផ្គង់​សាស្ត្រាវុធ​ជាច្រើន​អនេក​ឱ្យ​របប​សាធារណរដ្ឋ​ខ្មែរ បណ្តាលឱ្យ​កងទ័ព​លោក​លន់ នល់ ទំលាក់​គ្រាប់បែក​នៅ​លើ​ភូមិ​នានា​តាម​ជនបទ ដោយ​គ្មាន​សំចៃ​អ្វី​ឡើយ ។ រីឯ​កង​អាកាសចរណ៍​នៃ​សាធារណរដ្ឋ​ខ្មែរ ក៏​ទំលាក់​គ្រាប់បែក​ដោយ​ឥត​ត្រា​ប្រណី លើ​ភូ​មិណា​ដែល​គេ​ស្មានថា មាន​វៀត​កុង​ខ្មែរក្រហម​ម្នាក់ ។

ចំពោះ​ខ្មែរក្រហម​វិញ គេ​កៀបសង្កត់​ប្រជាជន​នៅ​គ្រប់កន្លែង​ដែល​កាន់កាប់​នោះ ។ ពេល​គេ​​ដណ្តើមយក​ភូមិ​មួយ​បាន គេ​តែង​ដុតបំផ្លាញ​ភូមិ ឬ​​ក៏​ជម្លៀស​អ្នកស្រុក​ចូល​ព្រៃ​ជាមួយ​គេ ហើយ​នាំគ្នា​កាន់កាប់​ជនបទ​យ៉ាង​តឹងរ៉ឹង ។ ចាប់តាំងពី​ចុងឆ្នាំ ១៩៧០ រហូតមក ខ្មែរក្រហម​និង​កងទ័ព​កុម្មុយនីស្ត​វៀតណាម​ប៉ះទង្គិច​គ្នា​ជាខ្លាំង​ធ្វើឱ្យ​កងទ័ព​វៀតណាម​ទៅ​នៅតាម​ព្រំប្រទល់ បន្ត​ការប្រយុទ្ធ​ស្រុក​វៀតណាម​ខាងត្បូង ។ ខ្មែរក្រហម ក៏​វាយកំទេច ខ្មែរ​រំដោះ គឺ​កងទ័ព​ដែល​គាំទ្រ​សម្តេច​សីហនុ​និង​វាយ​សម្លាប់​កម្ម​ភិ​បាល​ខ្មែរវៀតមិញ ដែល​ត្រឡប់​មកពី​ហាណូយ​ជាបណ្តើរៗដែរ ។ ពេល​ចាប់ផ្តើម​ធ្វើសង្គ្រាម កងទ័ព​សាធារណរដ្ឋ​ខ្មែរ​តែង ប្រយុទ្ធប្រឆាំង​កងទ័ព​យួន​ឈ្លានពាន ដើម្បី​រំដោះជាតិ ។ ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ ១៩៧២ រហូតមក​ពួកគេ​ឃើញ​សុទ្ធតែ​ខ្មែរ​ដូចគ្នា ដូច្នេះ​គេ​មិនដឹងថា ប្រយុទ្ធ​ដើម្បី​អ្វី​ឡើយ ។ នៅ​ឆ្នាំ ១៩៧៣ សម្តេច​សីហនុ​ក៏​យាង​មក​ប្រទេស​កម្ពុជា​វិញ និង​ទៅលេង​អង្គរ ។ គេ​ផ្សព្វផ្សាយ​រូបថត​បង្ហាញថា ព្រះអង្គ​ឱប​លោក ខៀវ សំផន ជា​អ្នក​ស្អាតស្អំ ដែល​យុវជន​តែងតែ​គោរព ។

កង​អាកាសចរណ៍​អាមេរិក​នៅ​ឆ្នាំ ១៩៧៣

នៅ​ថ្ងៃ២៩ ខែមករា ១៩៧៣ រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​វៀតណាម​ខាងជើង ចុះហត្ថលេខា​ការព្រមព្រៀង​នៅ​ឡា សែ​ល សាំង គ្លូ (La Celle St Cloud) បញ្ចប់សង្គ្រាម​វៀតណាម ។ តែ​កងទ័ព​អាមេរិក​ខ្លាច​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​របប​កុម្មុយនីស្ត និង​ទៅជា​ជម្រក​សម្រាប់​កងទ័ព​វៀត​កុង​វាយ​ប្រទេស​វៀតណា​ម​ខាងត្បូង​បណ្តាលឱ្យ​កងទ័ព​របស់គេ​មិនអាច​ដកខ្លួន​ពី​វៀតណាម​ចេញ​​បាន​តាម​បំណង​ឡើយ ។ ហេតុនេះហើយ ចាប់ពី​ថ្ងៃទី ៦ កុម្ភៈ ដល់​វេលា​ពាក់កណ្តាល​អា​ធ្រា​ត់ ១៥ សីហា ឆ្នាំ ១៩៧៣ កង​អាកាសចរណ៍ បេ ៥២ របស់​អាមេរិក​ទម្លាក់​គ្រាប់បែក​ចំនួន ២៥៧.០០០ តោន លើ​តំបន់​ស្រែចំការ​ក្នុងប្រទេស​កម្ពុជា ។ ប្រទេស​កម្ពុជា​ប្រែក្លាយជា​កន្លែង​សុទ្ធតែ​គ្រាប់បែក (carpet bombing) ។ ប្រជាជន​រស់នៅ​មិនកើត​តាម​ភូមិ​ស្រុក​ជនបទ ក៏​ពពាក់ពពូន​គ្នា​មក​រស់នៅក្នុង​ក្រុងភ្នំពេញ និង​ទី​រួម​ខេត្តបាត់ដំបង ។

សភាពការណ៍​ដុនដាប​នៅ​ក្រុងភ្នំពេញ

ក្នុងអំឡុងពេល​សង្គ្រាម ៥ ឆ្នាំ​នោះ ក្រុងភ្នំពេញ​ដូចជា​បន្ទាយ​មួយ​ដ៏​ធំ ដែល​ខ្មាំង​ឡោមព័ទ្ធ​ជាប់ ។ ប្រជាជន​ក្នុង​ប្រទេសមួយ​ភាគបី ភៀសខ្លួន​មក​រស់នៅ​ក្រុង​នោះ​ដែលមាន​ប្រជាជន​ច្រើន​ហួសប្រមាណ ។ ប្រជាជន​រង​ទុក្ខលំបាក​វេទនា និង​កំសត់​ទុគត៌​ពេក​ក្រៃ ។ អ្នកស្រែ​ចំការ​ដែល​ឃ្លាត​ចាក​ពី​ស្រុកភូមិ តែង​ត្រាច់ច​ច្រប់​ដោយ​គ្មាន​ការងារ​ធ្វើ គ្រួសារ​បែកបាក់​ព្រាត់ប្រាស់​អស់ ។ មាន​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា​រាប់ម៉ឺន​នាក់ អ្នកជំងឺ មនុស្ស​ត្រូវរបួស ឬ​កំបុត​ដៃជើង​រាប់​ពុំ​អស់ មាន​មនុស្ស​កើត​ឃ្លង់​ចំនួន​ជាង​មួយ​ពាន់​នាក់ ។ល។ កាលពីដើម គេ​ចាត់ទុក​ក្រុង​ភ្នំពេញ​ជា​ឋានសួគ៌​នៅ​ចុង​បូព៌ា​ប្រទេស ។ នៅក្នុងពេល​សង្គ្រាម ក្រុង​នេះ​ក្លាយទៅជា​ទីប្រជុំជន​ក្រីក្រ​ដ៏​ធំធេង​មួយ មាន​ប្រជាជន​ជាង​ពីរលាន​នាក់​រស់នៅ ។ ពួកគេ​តាំងទី​នៅ​គ្រប់កន្លែង​ឱ្យតែ​គេ​អាច​នៅ​កើត ពោលគឺ​នៅ​ជាមួយ​ញាតិមិត្ត នៅតាម​វត្ត នៅលើ​ចិញ្ចើមថ្នល់​នៅក្នុង​ជំរំ និង​នៅក្នុង​ភូមិ​ដែល​ពួកគេ​បាន​កសាងឡើងភ្លាមៗជុំវិញ​ក្រុង ។

ជនក្រីក្រ​ទាំងនោះ​ព្រួយបារម្ភ និង​តានតឹង​ក្នុង​ចិត្តជា​ប្រចាំ ព្រោះ​គ្រាប់​រ៉ុក្កែត​ឬ​គ្រាប់កាំភ្លើង​ធំ​ផ្លោង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ចូល​ភ្នំពេញ បណ្តាលឱ្យ​ស្លាប់ និង​ហិនហោច​វេទនា​ជាខ្លាំង ។ ឧទាហរណ៍ យក​ថ្ងៃទី ២០ ទៅ ២១ មេសា ឆ្នាំ ១៩៧២ មនុស្ស​បី​រយ​នាក់​នៅ​ទួលគោក ទទួលមរណភាព​ដោយ​គ្រាប់​ផ្លោងចូល ។ ក្នុង​ឆ្នាំ ១៩៧៤ សង្កាត់​មួយទៀត​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ធំ​ខ្មែរក្រហម​គឺ​គ្រាប់​ដែល​ពួក​នោះបាន​ទិញ​ពី​ពួក​ទាហាន​សាធារណរដ្ឋ ។ នៅ​ដើម​ខែ​កញ្ញា ១៩៧២ កង​កុម្មង់​ដូ​វៀតណា​ម​មក​ប្លន់​យក​រថក្រោះ​នៅ​ផ្សារ​តូច ហើយ​ដាក់​គ្រាប់បែក​កំទេច​ស្ពាន​ជ្រោយចង្វា ។

នៅ​សម័យ​នោះ សេដ្ឋកិច្ច​មិនមាន​សកម្មភាព​អ្វី​ទាំងអស់ ដូច្នេះ ជនភៀសខ្លួន​ពិ​បា​ករក​ស្បៀងអាហារ​បរិភោគ​ខ្លាំងណាស់ ។ រដ្ឋការ​ពុករលួយ ស៊ីសំណូក និង​ធ្វើ​អ្វី​បាន​តាមចិត្ត ដូច​សុភាសិត​ថា៖ អ្នកធំ​ស៊ីធំ អ្នកតូច​ស៊ីតូច ។ ប្រាក់រៀល​ចេះតែ​ចុះថ្លៃ រីឯ​តម្លៃ​ទំនិញ​ចេះតែ​ឡើងថ្លៃ​ហួស​កម្រិត ។ ប្រជាជន​រស់​​រានមានជីវិត​ទៅមុខទៀត​បាន​ដោយសារតែ​ស្បៀង​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ផ្តល់​មកឱ្យ​តែប៉ុណ្ណោះ ។ ជំនួយ​ស្បៀង​ទាំងនោះ​ដឹក​មក​តាម​កង​នាវា ដេ​ល​ឡើង​តាម​ទន្លេមេគង្គ ។ ជា​ញឹកញយ​ខ្មែរក្រហម​វាយ​បិទផ្លូវ​ទន្លេ​នេះ រួច​កងទ័ព​សាធារណរដ្ឋ​ខ្មែរ​ត្រូវ​វាយ​បើកផ្លូវ​វិញ ។ ចាប់តាំងពី​ខែមករា ឆ្នាំ ១៩៧៥ មក​ការដឹកនាំ​តាម​ទន្លេ​នេះ​ត្រូវ​ខ្មែរក្រហម​កាត់ផ្តាច់​ទាំងស្រុង ។ នៅសល់តែ​ផ្លូវអាកាស​ពី​ក្រុង​បាងកក​ប៉ុណ្ណោះ សម្រាប់​នាំ​អង្ករ​មក​ចិញ្ចឹម​មនុស្ស​ជាច្រើន​លាន​នាក់​នៅ​ភ្នំពេញ ។

សកម្មភាព​នយោបាយ​លិច​ស្រឹម​ទៅក្នុង​ជំលោះ​បក្សពួក​ឬ​ជំលោះ​បុគ្គល ហើយ​ប្រជាជន​រស់នៅក្នុង​ក្រុង​រក​អនាគត​ភ្លឺស្វាង​ពុំ​ឃើញ​ឡើយ ។ ហេតុនេះហើយ​បានជា​ប្រជាជន​ច្រើន​យល់​ស្មានថា មានតែ​ខ្មែរក្រហម​ទេ ដែល​អាច​សង្គ្រោះ​ប្រទេសជាតិ​ឱ្យ​រួច​ផុតពី​អន្តរាយ ។

៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ

(១៩៧៥‑១៩៧៩)

–                    មានផ្ទះ អត់​មនុស្ស​នៅ មាន​ផ្លូវ​អត់​មនុស្ស​ដើរ ។

–                    ឈាម​ដាប​ពោះ​ដំរី​នៅ​ទន្លេ​បួន​មុខ ។

–                    ខ្មែរ​នៅសល់​តែមួយ​ម្លប់​ពោធិ៍ ។

កាលពីព្រេងនាយ អ្នកប្រាជ្ញ​ខ្មែរ​ម្នាក់​ទស្ស​ទាយ​អំពី​អនាគត​ប្រជាជន​របស់ខ្លួន​តាមបែប​នេះ ដោយ​នឹក​ឃើញថា តាំងពី​ប៉ុន្មាន​សតវត្ស​មក ប្រទេស​កម្ពុ​ជា​​កើត​តែ​សង្គ្រាម ទុក្ខលំបាក និង​បង្ហូរឈាម​ឥតឈប់ឈរ ។

ថ្ងៃទី១៧ មេសា ដ៏​មហា​រុងរឿង​អស្ចារ្យ

នៅ​ព្រឹក ថ្ងៃ ១៧ មេសា ដ៏​មហា​រុងរឿង​អស្ចារ្យ ឆ្នាំ ១៩៧៥ ខ្មែរក្រហម​ឈ្នះ​របប​សាធារណរដ្ឋ​ខ្មែរ ហើយ​ចូល​ក្រុងភ្នំពេញ ក្រោយពី​គូប​ដិ​បក្ស​ច្បាំង​គ្នា​យ៉ាង​ព្រៃផ្សៃ​បំផុត អស់​រយៈពេល ៥ឆ្នាំ ។ សង្គ្រាម​នេះ​បំផ្លិចបំផ្លាញ​ប្រទេសជាតិ បង្ហិនបង្ហោច និង​មនុស្ស​ស្លាប់​ជិត ១/១០ នៃ​ប្រជាជន (ប្រមាណ ៦០០.០០០នាក់) ។

ពេល​ខ្មែរក្រហម​ចូល​ភ្នំពេញ ប្រជា​ជន​តូចតាច​អបអរសាទរ​សប្បាយ​រីករាយ​ដោយ​យល់ឃើញថា ​សង្គ្រាម​ចប់​ទៅហើយ សន្តិភាព​ក៏​មកដល់​ដែរ គេ​អាច​ត្រឡប់​ទៅ​ភូមិ​ស្រុក និង​រស់នៅ​ជាធម្មតា​ឡើងវិញ ។ ប៉ុន្តែ​មិនយូរប៉ុន្មាន​ក្រោយ​នោះ​ជ័យជំនះ​នេះ​ក្លាយទៅជា​មហន្តរាយ​ទៅវិញ ។ យោធា​ខ្មែរក្រហម​ចូល​ទីក្រុង​តាម​ក្រុមតូចៗ ភាគច្រើន​ជា​យុវជន​យាម​តាម​គ្រប់​ផ្លូវកែង ដើម្បី​ត្រួតពិនិត្យ​ចរាចរ​យ៉ាង​តឹងរ៉ឹង ។ ប្រហែល​នៅវេលា​ម៉ោង ១១ ព្រឹក គេ​បញ្ជា​ឱ្យ​អ្នករបួស​និង​អ្នកជំងឺ​រាប់ពាន់​អ្នក​ចេញពី​មន្ទីរពេទ្យ ។ អ្នកជា​គ្រាហ៍​អ្នក​ជម្ងឺ​គួរឱ្យ​អាណោច​អាធ​ម អ្នក​ជម្ងឺ​ខ្លះ​ត្រូវគេ​សែង អ្នកជំងឺ​ខ្លះ​កំពុង​បញ្ចូល​សេរ៉ូម ត្រូវគេ​យក​ទាំង​គ្រែពេទ្យ​ចេញ​ក្រៅ ។ អស់អ្នក​ដែល​ពុំ​អាច​ចេញទៅ​បាន ត្រូវ​ខ្មែរក្រហម​សម្លាប់​តែម្តង ។

នាពេល​ថ្ងៃត្រង់ ក្នុង​ថ្ងៃ ១៧ មេសា​ដ៏​មហា​រុងរឿង​អស្ចារ្យ​ដដែល​នេះ ខ្មែរក្រហម​បញ្ជា​ឱ្យ​មនុស្ស​ចេញពី​ទីក្រុង​ភ្នំពេញ​ទាំងអស់ ។ គេ​ប្រាប់​ប្រជាជន​ថា៖ ចេញទៅ! ចេញ​ឱ្យ​លឿន! បន្តិចទៀត​អាមេរិកាំង​ទម្លាក់​គ្រាប់បែក! ចេញទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ពីរ​បី​ថ្ងៃក្រោយ​បី​យើង​បោសសំអាត​ភ្នំពេញ​ហើយ មិត្ត​នឹង​ត្រឡប់មកវិញ! មិនបាច់​បិទទ្វារ​ទេ យើង​មិនមែន​ចោរប្លន់​ទេ! ។ ដូច្នេះ អ្នកក្រុង​និង​ជនភៀសខ្លួន​ពី​ជនបទ​ប្រមាណ​ជា​ពីរលាន​នាក់ ចេញ​ចោល​លំនៅដ្ឋាន​ទាំងហ្វូងៗ ដូច​ទឹកបាក់​ទំនប់ ទាំង​ច្របូកច្របល់​គ្នា មិនអាច​ពណ៌នា​បាន ម្នាក់ៗប្រយ័ត្នប្រយែង​ខ្លាច​បាត់​គ្នា ។ អ្នកក្រីក្រ​ទូល​បង្វិច​កំប៉ិកកំប៉ុក រីឯ​អ្នកមាន​ស្តុកស្តម្ភ គេ​ដាក់​ទ្រព្យ​ដ៏​មានតម្លៃ​ក្នុង​ឡាន ហើយ​រុញ​ឡាន​ចេញ​ទៅ ។ គេ​អៀវ​មនុស្ស​ចាស់ជរា ពិការ ឬ​អ្នក​ជម្ងឺធ្ងន់ៗ ។ បណ្តាជន​ដ៏​ច្រើន​អនេក​នេះ​មុខ​ក្រៀមក្រំ ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅ​យ៉ាងយឺតៗ ទាំងអស់​កម្លាំង ។ ក្នុង​រយៈពេល​ពីរ​ថ្ងៃ រាជធានី​ភ្នំពេញ​ក្លាយទៅជា​ក្រុង​ខ្មោច ដែល​គ្មាន​មនុស្ស​រស់នៅ ។

នៅ​គ្រប់​ជាយក្រុង​ទាំងអស់ ពួកគេ​ប្រកាស​តាម​ឧ​ឃោស​ន​ស័ព្ទ ឬ​គេ​សរសេរ​លើ​ក្តារខៀន​ពណ៌​ខ្មៅធំៗ សូម​អញ្ជើញ​នាយទាហាន និង​មន្ត្រីរាជការ​ជាន់ខ្ពស់​ត្រឡប់មក​ក្រុង​វិញ ដើម្បី ចាត់ចែង​ប្រទេស​ឡើងវិញ ឬ បង្កើត​កងទ័ព​ថ្មី ឬ ទៅ​រៀនសូត្រ ឬទៅ​ទទួល​សម្តេច​សីហនុ​យាង​មកវិញ ឬ​ដោយ​មូលហេតុផ្សេងៗទៀត ។ នាយទាហាន​ជាច្រើន​ចាញ់​ការ​បញ្ឆោត​នេះ ហើយ​ចេញ​យ៉ាង​សប្បាយ ទៅ​ទទួល​អនាគត​តាម​ពាក្យសន្យា ។ គ្រាន់តែ​ចេញ​ប្រមាណ​ពីរ​ឬ​បី គ.ម ទៅមុខ ខ្មែរក្រហម​រង់ចាំ​ទទួល និង​សម្លាប់​គេ​ចោល​គ្មាន​សល់​ម្នាក់ ។ ខ្មែរក្រហម​ក៏​ប្រហារជីវិត​នាយទាហានរង និង​ពលទាហាន​ជា​បន្តបន្ទាប់ តាម​វិធី​ដដែល​នេះ​ខ្លះ​ដែរ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​របប​លោក​ឧ​ត្ត​ម​សេនីយ៍​លន់ នល់ ទាំងអស់ មិនថាតែ​អ្នក​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ គឺ​គ្រប់​ក្រុង​និងភូមិធំៗនៅ​ទីជនបទ ក៏ត្រូវ​តែ​ចាក​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន​ចោល ដើរ​តាម​ថ្នល់ជាតិ​ទាំង​ឈឺចាប់​លំបាក​វេទនា​បំផុត ។ មនុស្ស​ចាស់ជរា អ្នក​ជម្ងឺ ស្ត្រី​ឆ្លងទន្លេ រាប់ពាន់នាក់​ប្រឈមមុខ​នឹង​សេចក្តីស្លាប់​ដោយ​ស្រេកឃ្លាន អស់សង្ឃឹម ក្រោម​កំដៅថ្ងៃ​នា​រដូវប្រាំង ។ រដ្ឋអំណាច​ថ្មី​គ្មាន​ចាត់ចែង​អ្វី​សម្រាប់​ទទួល​គេ​សោះ ។

ពួក​ប​ស្ចឹ​ម​ប្រទេស​មិនអាច​ឬ​មិន​ព្រម​ជឿថា ខ្មែរក្រហម​ប្រព្រឹត្ត​ដូច្នេះ​ទេ ក៏ប៉ុន្តែ​តាម​ប្រពៃណី​ខ្មែរ​ពី​ព្រេងនាយ ស្តេច​ដែល​ឈ្នះ​សង្គ្រាម​តែងតែ​ប្រព្រឹត្ត​បែបនេះ​ចំពោះ​សត្រូវ​ដែល​ចាញ់ គឺ​គេ​សម្លាប់​អ្នកមាន​បណ្តាស័ក្តិធំៗ ហើយ​តែង​កៀរ​ប្រជាជន មក​ធ្វើជា​ទាសករ​កសាង​សំណង់ធំៗ មាន​ប្រាសាទអង្គរវត្ត​ជាដើម ។ ប៉ុន្តែ គ្មាន​នរណាម្នាក់​អាច​ស្រមៃ​ឃើញថា នៅ​សតវត្ស​ទី ២០នេះ ក្រុម​ដែលមាន​ជ័យជំនះ​អាចអនុវត្ត​ដូច​សម័យ​ពី​ដើម​នោះបាន​ឡើយ ។ តាម​វិទ្យុ​ភ្នំពេញ គេ​ចាត់ទុក​ប្រជាជន​ខ្មែ​រដែល​ធ្លាប់​រស់នៅក្នុង​របប​លន់ នល់ ជា ឈ្លើយសង្គ្រាម ឬ​ជា ប្រជាជន​ថ្មី ឬក៏​ជា ប្រជាជន ១៧មេសា ផ្ទុយស្រឡះ​ពី ប្រជាជន​ចាស់ ឬ ប្រជាជន​មូលដ្ឋាន ដែល​រស់នៅ​តំបន់​កាន់កាប់​ដោយ​ខ្មែរក្រហម តាំងពី​ឆ្នាំ ១៩៧០ មក ។ គ្មាន​នរណា​ដឹង​ច្បាស់​ថា​នរណា​ដឹកនាំ​ប្រទេស​ដេ​ល​គេ​ហៅ​តាម​ឈ្មោះ​ថ្មី​ថា កម្ពុជា​ប្រជាធិបតេយ្យ នោះទេ ។ ខ្មែរក្រហម​ដឹកនាំ​ដោយ អង្គការ ដ៏​លាក់កំបាំង​មួ​យ ដែល​បញ្ជា​ដាច់ខាត​មិនអាច​តវ៉ា​បាន ។ អង្គការ​នេះ មាន​សិ​ទិ្ធ​ផ្តល់​ជីវិត​និង​សម្លាប់​មនុស្ស​បាន ។ នរណាម្នាក់​ដែល​គេ​បញ្ជូនទៅ អង្គការ​លើ មានន័យថា បញ្ជូន​ទៅឱ្យគេ​សម្លាប់ ។ កម្មាភិបាល​តូចតាច គឺ​មេដឹកនាំក្រោមៗ មិន​លាក់លៀម​ប្រើ​អំណាច​តាម​អំពើ​ចិត្ត​របស់ខ្លួន ក្រោម​ផ្លាក​អង្គការ​លាក់​មុខ​នេះ​ទេ ។

ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ឱ្យចេញ​ពី​ក្រុង​ដូច្នេះ មិន​ក្រាន់តែ​មកពី​គេ​វក់​នឹង​អំណាច ឬ​មកបី​មេដឹកនាំ​ឃោរ​ឃៅ​អមនុស្សធម៌​ប៉ុណ្ណោះ​ទេ ហើយក៏​មិនមែន​មកពី​អ្នក​រស់​តាម​ជនបទ​ចងគំនុំ​សងសឹក​នឹង​អ្នកក្រុង ដែល​កៀប​សង្កត់​​គេ​នោះដែរ ។ ខ្មែរក្រហម​ជម្លៀស​អ្នកក្រុង​ដូច្នេះ មកពី​មនោគមវិជ្ជា គឺ​មកពី​គេ​មានគំនិត​ចង់​ចាត់ចែង​រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​ទាំងស្រុង​សាជាថ្មី និង​ចាត់ចែង​ការអភិវឌ្ឍន៍​ប្រទេស​តាមរបៀប​ថ្មី​ដែរ ។

នៅ​ព្រឹក​ថ្ងៃ ១៧ មេសា ខ្មែរក្រហម​និយាយថា៖ ទីក្រុង​ខូច អាក្រក់​ណាស់​ព្រោះ​នៅ​ទីក្រុង​ប្រជាជន​ចាយប្រាក់ បណ្តាលឱ្យ​មនុស្ស​មាន​វណ្ណៈ មិន​ស្មើភាព​គ្នា នៅ​ទីក្រុង​មិត្ត​មិនដែល​បង្កើត​ភោគផល​បរិភោគ​ឡើយ ជនជាតិខ្មែរ​ត្រូវ​ដឹងថា​ខ្លួន​កើត​ពី​គ្រាប់ស្រូវ ។ ហេតុនេះហើយ បានជា​ប្រជាជន​កម្ពុជា​ត្រូវមាន​ជីវិត​ថ្មី​ដោយ​ធ្វើស្រែ​ចំការ​វិញ ។ ម្យ៉ាងទៀត អ្នកដឹកនាំ​ខ្មែរក្រហម​ដឹង​ច្បាស់​ថា ឯករាជ​ដ៏​ពិតប្រាកដ មកពី​ឯករាជ​សេដ្ឋកិច្ច, គេ​ដឹង​ទៀតថា ប្រទេសជាតិ​មានតែ​ធនធាន​ខាង​កសិកម្ម​ប៉ុណ្ណោះ ហេតុនេះហើយ បានជា​គេ​សម្រេច​បង្កើត​កសិកម្ម​ដ​ល់​កម្រិត​ខ្ពស់បំផុត ។ អង្ករ​ជា​ស្បៀងអាហា​ដ៏​សំខាន់​ជាងគេ ហើយក៏​ជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​ជាងគេ​ដែរ ។ តែ​អ្នក​​ស្រែ​បាន​ស្រូវ​លុះត្រាតែ​មានទឹក ដោយ​យោងតាម​ពាក្យបុរាណ​ថា ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ ។ ដូច្នេះហើយ គេ​បង្ខំ​ប្រជាជន​ទាំងមូល​ឱ្យ​សាងសង់​ប្រព័ន្ធ​ប្រឡាយ​បញ្ចូល​ទឹក ដើម្បី​បង្កបង្កើនផល ច្រូត​ពីរដង​ក្នុង​មួយឆ្នាំ។ ប្រទេស​កម្ពុជា​ទាំងមូល​ប្រែ​ក្លាយទៅជា​ក្រឡាចត្រង្គ ដោយសារ​បណ្តាញ​ទំនប់ និង​ប្រឡាយទឹក ។ គេ​ចង់​ធ្វើជា​ម្ចាស់ការ​លើទឹក​ទន្លេមេគង្គ ប្រើប្រាស់​តាម​សេចក្តីត្រូវការ គេ​ផ្ទុក​ទឹកភ្លៀង​ក្នុង​ទំនប់ធំៗ ។ ដូច្នេះ ប្រជាជន​ជា​ម្ចាស់​ប្រទេស ម្ចាស់​ទឹក ម្ចាស់​ដី ឈប់​ធ្វើស្រែ​ប្រវាស់​នឹង​មេឃ​តទៅទៀត ។

ហេតុនេះហើយ បានជា​គេ​ចាត់ចែង​ប្រជាជន​ទូទាំងប្រទេស​ឱ្យមាន​រចនា​សម្ព័ន្ធ​ដូច​កងទ័ព​នៅលើ​សមរ​ភូមិ ដើម្បី​ប្រយុទ្ធ​កសាង​ប្រទេសជាតិ ។ មនុស្សពេញវ័យ​ត្រូវ​ចែកជា​កម្លាំង​បី គឺ​កងកម្លាំង​ទី១ ហៅថា កម្លាំង​ស្រួច ដែលមាន​សុទ្ធតែ​យុវជន​យុវនារី​អាយុ ១២ឆ្នាំ​ឡើងលើ ។ គេ​ចាត់ចែង​តាម​ក្រុម ក្នុង​មួយក្រុម ១០នាក់​ដោយមាន​ប្រធាន អនុប្រធាន និង​លេខា ។ បី​ក្រុម​រួមជាមួយ​កង​តូច កង​តូច​បី​រួមគ្នា​ជា​កង​ធំ កង​ធំ​បី​កើតជា​កងអនុសេនាធំ បី​កងអនុសេនាធំ​ទៅជា​វរៈ​សេនា​តូច​មួយ បី​កងវរៈសេនាតូច​ទៅជា​វរៈ​សេនា​ធំ​មួយ បី​កងវរៈសេនាធំ​ទៅជា​កងពល ។ អង្គភាពនីមួយៗសុទ្ធ​តែមាន​គណកម្មាធិកា​រ​បី​រូប ដែល​គេ​ច្រើន​រើស​ចេញពី​ប្រជាជន​ចាស់​ឬ​ពី​បដិវត្តន៍ ។ កង​ស្រួច គឺ​ក្រុមយុវជន​ជា កងចល័ត ដែល​វាយ​សម្រុក​លើ​ការដ្ឋានធំៗ ដូចជា​លើក​ទំនប់ ជីក​ប្រឡាយ ។ ពួកគេ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ជា​បន្តបន្ទាប់ និង​រស់នៅ​រួមគ្នា​យ៉ាងយូរ​ខែ ដោយ​មិនបាន​ទៅសួរសុខទុក្ខ​ឪពុកម្តាយ​បងប្អូន​ឡើយ ។

កម្លាំង​ទី ២ គឺ​អ្នកមាន​គ្រួសារ​ហើយ ។ គេ​ចាត់ចែង​កម្លាំង​នេះ​ដូច​កម្លាំង​ទីមួយ​ដែរ ។ ក្រុម​បុរស​គឺចល័ត​ដូច​ក្រុមយុវជន​ដែរ ចេញទៅ​ធ្វើការ​នៅ​ការដ្ឋានឆ្ងាយៗរយៈពេល​ច្រើន​ខែ មិនអាច​ជួប​ប្រពន្ធ​របស់ខ្លួន​ឡើយ ។ ក្រុម​នេះ​ច្រើន​បង្កបង្កើនផល ។ រីឯ​ក្រុម​នារី ច្រើន​ធ្វើការក្បែរៗភូមិរៀងៗខ្លួន ។

កម្លាំង​ទី ៣ គឺ​អ្នកមាន​អាយុ​លើសពី ៥៥ឆ្នាំ ឡើងទៅ មនុស្ស​ចាស់​ដែល​វិទ្យុផ្សាយសម្លេង​កម្ពុជា​ហៅថា យុវ​ចាស់ គឺចាត់ចែង​ជា​ក្រុម ១០នាក់ ដូច​ក្រុមយុវជន​ដែរ​តែ​ធ្វើការស្រាលៗក្នុងភូមិ គឺ​ជួសជុល​ឬ​ផលិត​ឧបករណ៍​កសិកម្ម ត្បាញ​ក​ន្ទេ​ល វេញខ្សែ​ឬ​ធ្វើ​បង្គី ។ល។ យាយៗថែរក្សា​កូនក្មេង ដោយ​អប់រំ​បង្ហាត់បង្រៀនក្មេងៗទាំងអស់នោះ​ឱ្យមាន​ស្មារតី​បដិវត្តន៍ ដោយ​និទានរឿង​វីរៈជន​ឱ្យស្តាប់ ។ គេ​ក៏​ចាត់ចែង​កុមារ​និង​ក្មេង​ជំទង់​ពី ៦ឆ្នាំ​ដល់ ១២ឆ្នាំ ជា​ក្រុម​កុមា​រដែរ ។ កុមារ​ទាំងនោះ​រស់នៅក្នុង​ផ្ទះមួយ​ដាច់ដោយឡែក​ពី​មនុស្សពេញវ័យ ។ គេ​ទៅ​សាលារៀន​ក្រោម​ដើមឈើ ដោយមាន​គ្រូ​បដិវត្តន៍​អប់រំ​អំពី​ការងារ​បង្កបង្កើនផល និង​អំពី​នយោបាយ ។ ជួនកាល​កុមារ​ទាំងនោះ​រៀនអក្សរ ។ អ្នក​បដិវត្តន៍​តែងតែ​និយាយថា រៀនអក្សរ​គ្មាន​ប្រយោជន៍​អ្វី​ទេ ធ្វើ​ស្រែចំការ​មិនចាំបាច់​រៀនសូត្រ​ទេ ។ ចាប់តាំងពី​ពេលនោះ​មក ស្លាប​ប៉ា​ក្តា​គឺ​ចបកាប់ សកលវិទ្យា​ល័យ គឺ​ស្រែចំការ  ។ គេ​មិន​ត្រូវការ​សញ្ញាប័ត្រ​ធ្វើ​ពី​ក្រដាស​ទែ គឺ​ត្រូវការ សញ្ញា​ឃើញវិញ ។

ចាប់តាំងពី​ឆ្នាំ ១៩៧៧ មក អង្គការ​បង្កើត​សហករណ៍​កម្រិត​ខ្ពស់​ទូទាំងប្រទេស​សហករណ៍នីមួយៗមាន​ពី ១០០ ទៅ ១.០០០ គ្រួសារ​តាម​តំបន់ ។ ក្នុង​សហករណ៍​ទាំងនេះ អ្វីៗទាំងអស់​សុទ្ធតែ​រួមទាំង​អស់ មានតែ​កម្លាំងកាយ​ប៉ុណ្ណោះ​ជា​កម្ម​សិទ្ធ​ផ្ទាល់​តែ​ត្រូវយក​កម្លាំងកាយ​នេះ​ទៅ​សម្រាប់​បម្រើប្រជាជន​ទៀត ។ នៅ​ថ្ងៃទី ១៧ មេសា ១៩៧៥ គេ​បំបិទ​ការប្រើប្រាស់​ប្រាក់កាស នៅពេល​ក្រោយ ម្នាក់ៗគ្មាន​ទ្រព្យសម្បត្តិ​ឯកជន​ទេ សូម្បីតែ​កន្លែងតូចៗដាំ​ដំណាំ​ក្បែរ​ផ្ទះ​ក៏​គ្មាន​ដែរ ។ គេ​ក៏​មិនឱ្យ​ចិញ្ចឹម​មាន់​ទា ជ្រូក ដែលជា​តម្រូវការ​តាម​គ្រួសារ​ដែរ អ្វីៗទាំងអស់​ជា​របស់​សមូហភាព គឺជា​កម្ម​សិទ្ធ​សហករណ៍ ។ គេ​ហូបបាយ​រួម​ទាំងអស់គ្នា ដោយ​គេ​ចាត់​ក្រុម​មួយ​ឱ្យ​រៀបចំ​ម្ហូបអាហារ ។ កុមារា​កុមារី​ហូប​មុនគេ ព្រោះ កុមារ​ជា​អនាគត​ប្រជាជន គេ​គ្មាន​សតិអារម្មណ៍​ប្រឡាក់​ដូច​ឪពុកម្តាយ​ទេ ។ គេ​ប្រមូល​ឆ្នាំង ជើងក្រាន ហាម​ប្រើប្រាស់​នៅផ្ទះ ម្នាក់ៗមាន​ត្រឹមតែ​ចាន ១ និង​ស្លាបព្រា ១ ប៉ុណ្ណោះ ។ លើ​ល​ពីនេះ​ទៀត គេ​រុះផ្ទះ​ឈើធំៗជាច្រើន ហើយ​សង់ផ្ទះតូចៗប្រក់​ស្លឹក​វិញ ឬ​ផ្ទះ​ឈើ​ដដែលៗសម្រាប់​គ្រាន់តែ​សម្រាក​ពេលយប់​ប៉ុណ្ណោះ ។

ប្រជាជន​ចាត់តាំង​បែបនេះហើយ ធ្វើការ​ញាប់ដៃ​ញាប់ជើង​ដូច​ស្រមោច ទាំងយប់ ទាំង​ថ្ងៃ មិន​ថា​ក្តៅ​ឬ​ត្រជាក់ ហត់នឿយ ឬ​ក្នុង​ដី​ភក់​ល្បប់​យ៉ាងណាក៏ដោយ ។ នៅ​ម៉ោង ៤.៣០ ព្រឹក​ឮស្នូរ​ជួង កសិករ​ភ្ញាក់ឡើង​ស្រស់ស្រូប​អាហារ​បន្តិច រួច​មេក្រុម​ឬ​ប្រធាន​សហករណ៍ នាំ​កម្លាំង​ចេញទៅ​វាយ​សម្រុក​តាម​ទិស​ដែល​អង្គការ​បានកំណត់​ទុក ។ គេ​ហូបបាយ​ថ្ងៃត្រង់ និង​សម្រាក​បន្តិចបន្តួច ។ ជូន​កាល​គេ​សម្រាក់​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង រួច​គេ​ធ្វើការ​បន្តទៅទៀត​ដោយ​គ្មាន​សម្រាក់​មួយ​នាទី​ឡើយ ។ គេ​ធ្វើការ​អស់​រយៈពេល​ពី ១០ ទៅ ១៤ ម៉ោង​ក្នុង​មួយថ្ងៃ យោងទៅតាម​តំបន់ ឬ​តាម​រដូវ ។ គ្មាន​នរណាម្នាក់​មាន​សិទ្ធិ​និយាយថា ខ្លួន​ហត់នឿយ ឬ​លំបាក​ឡើយ គេ​អាច​សម្រាក​បាន លុះត្រាតែ​គេ​ដួល​នៅនឹងកន្លែង ធ្វើការ​លែងរួច ។ គេ​កំណត់​ផែន​ការឱ្យម្នាក់ៗធ្វើ ។ ឧទាហរណ៍៖ ក្នុង​មួយថ្ងៃ សមាជិក​នៃ​កងចល័តម្នាក់ៗត្រូវ​ជីក​និង​ជ​ញ្ជួ​ន​ដី​ចេញ​ឱ្យបាន ២,៥០ ម៉េ​ត្រ​គីប ។ អ្នក​ដែល​ធ្វើ​មិន​សម្រេច​តាម​ផែនការ​គឺជា​ខ្មាំង ត្រូវតែ​ធ្វើ​បង្ហើយ​នៅពេល​យប់ ឬ​គេ​បន្ថយ​របប​អាហារ ។

ដោយ​ប្រជាជន​ធ្វើការ​ក្តៅគគុក​បែបនេះ គេ​សម្រេច​តាម​ផែនការ​ដ៏​សម្បើម​ដូចជា​ទំនប់ ប្រឡាយ​រាប់ពាន់​គីឡូម៉ែត្រ ប្រឡាយ​កាត់​ភ្នំ កាត់​ព្រែក ជីក​ស្រះ​ផ្ទុក​ទឹក​ទំនប់ធំៗ (កំពីងពួយ ត្រពាំងថ្ម បុស​ស្បូវ ។ល) ប្រព័ន្ធ​ភ្លឺស្រែ​ពាសពេញ​លើ​ផ្ទៃ​ប្រទេស ។ តែ​ជួនកាល កិច្ចការ​ខ្លះ​គ្មាន​បាន​ផលប្រយោជន៍​អ្វី​ឡើយ ព្រោះ​គេ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ។ ទំនប់​ខ្លះ​ធ្វើ​ពី​ដី​ត្រូវ​ធ្លាយ ដោយ​ទឹក​ហូរ​ខ្លាំងពេក​នៅ​រដូវវស្សា នាំឱ្យ​បាក់​ខូច​អាសាបង់ ។

ប្រជាជន​ធ្វើការ​នឿយហត់​យ៉ាងខ្លាំង​បែបនេះ តែ​ត្រូវ​អត់​អាហារ​យ៉ាងខ្លាំង​វិញ ។ នៅ​ចុងឆ្នាំ ១៩៧៥ ប្រជាជន​អត់ឃ្លាន​យ៉ាងខ្លាំងបំផុត ។ ណាមួយ​សង្គ្រាម បាន​បំផ្លិចបំផ្លាញ​ស្រុក​ទេ ប្រជាជន មិនបាន​ភ្ជួរ​រាស់​នា​រដូវវស្សារ​ទេ ដោយ​អង្គការ​ចាត់តាំង​ឱ្យ​ផ្លាស់​ប្តុ​រ​ទីលំនៅ ។ កសិករ​ជាច្រើន​រស់នៅ​បាន​ដោយ​លួច​គាស់​មើមដំឡូង​ឬ​រើស​ក្តាម​ខ្យង​ដែល​គេ​រើស​នៅពេល​ធ្វើការ ។ ចាប់ពី​ចុងឆ្នាំ ១៩៧៧ ដំណាំ​បាន​ផល​ល្អ ដោយ​កម្លាំង​ធ្វើការ​ដ៏​ខ្លាំងក្លា​មហិមា​នេះ ស្រូវ​ក៏​បរិបូរណ៍​ដែរ តែ​អង្គការ​ចាប់ផ្តើម​ប្រមូល​ផលិតផល រីឯ​ជីវភាព​របស់​ប្រជាជន​កាន់តែ​តឹងរ៉ឹងឡើងៗ មានតែ​បបរ​រា​វក​ក្លូ​ក​ប៉ុណ្ណោះ ។ ប្រហែល​អង្គ​ការនាំ​ស្រូវ​ចេញទៅ​ប្រទេស​ចិន ដើម្បី​សងបំណុល ឬ​ទុក​ក្នុង

​ជ​ម្រុ​ក​ធំៗ ដោយ​រៀបចំ​ធ្វើសង្គ្រាម​ជាមួយ​វៀតណាម ។

មេដឹកនាំ​បដិវត្តន៍ គឺមានបំណង​ឱ្យ​ប្រជាជន​អស់កម្លាំង​ដែរ ដើម្បី​កុំឱ្យ​រើបំរះ​ពេញ​ពី​នឹម​របស់​អង្គការ ។ ដូច្នេះ កសិករម្នាក់ៗខិតខំ​ស្វែងរក​អាហារ​បន្ថែម​តាម​គ្រប់​មធ្យោបាយ​មាន យក​ទ្រព្យផ្សេងៗមក​ដូរ​ឱ្យបាន​អង្គរ ឬ​លួច​ប្លន់​ជាដើម ។ល។

ប្រជាជន​ស្លាប់​រង្គាល ដោយ​អង្គ​ការបង្ខំ​ឱ្យ​ធ្វើការ​ខ្លាំងពេក បង្អត់អាហារ និង​ដោយសារ​ជម្ងឺ​រោគា ។ ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រជាជន​ខ្មែរ​ប្រហែល ១/៤ ស្លាប់​យ៉ាង​សែន​អាណោច​អាធ​ម ។ ក្រៅពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជីវភាព​យ៉ាង​សែនពិបាក​នោះ អង្គការ​ក៏​សម្រិតសម្រាំង​ប្រជាជន គឺ​សម្លាប់ចោល​ដោយ​ចោទថា មាន​ជាប់ទាក់ទង​នឹង​ខ្មាំងសត្រូវ ។

អង្គការ​ចាត់ចែង​សម្រាំង​ប្រជាជន​តាម​ដំណាក់​កាលបី៖

–                    គឺ​ក្រោយ​ជ័យជំនះ​នៃ​បដិវត្តន៍​ជាតិ នៅ​ឆ្នាំ ១៩៧៥ អង្គការ​សម្លាប់​ពួក បរិវា​ចក្រពត្តិ​អាមេរិកាំង ពោលគឺ​នាយទាហាន មន្ត្រី​រដ្ឋការ​ជាន់ខ្ពស់​ដែលមាន​ទំនាក់ទំនង​ជាមួយ​ខ្មាំង​អាមេរិកាំង ។ ប៉ុន្មាន ខែក្រោយៗមកទៀត អង្គការ​ស្រាវជ្រាវ​រក និង​សម្លាប់​មន្ត្រី​រដ្ឋការ និង​នាយទាហាន​ដែល​នៅ​សេសសល់​ពី​ស្លាប់ ។ ជួនកាល សូម្បីតែ​ពលទាហាន​ក៏​មិនឱ្យ​រស់​ដែរ ។

–                    នៅ​ខែមករា ១៩៧៦ សម័យ​បដិវត្តន៍​ប្រជាធិបតេយ្យ ។ នៅ​ដំណាក់កាល​នេះ​អង្គការ​បំបាត់​ពួក​មូលធន ពោលគឺ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន ឬ​បញ្ញា​វ័​ន្ត​មាន​និស្សិត គ្រូបង្រៀន និង​សិស្ស​ខ្លះ​ជាដើម ។

–                    ឆ្នាំ ១៩៧៧ សម័យ​បដិវត្តន៍​សង្គមនិយម គឺ​នៅពេល​កើត​សហករណ៍​កម្រិត​ខ្ពស់​ទូទាំងប្រទេស គឺ​គេ​ដាក់អ្វីៗជា​សមូហភាព ។ ដំណាក់កាល​ទី​បី​នេះ អង្គការ​កំទេចចោល​អ​ស់​អ្នក​ដែល​មិនអាច​ចូលរួម​ក្នុង​វណ្ណៈ កសិករ​ថ្នាក់កណ្តាល​ថ្នាក់ក្រោម ឬ​សមាជិក​ស្រទាប់​ក្រោម ។ អង្គការ​លើ​បញ្ជា​ផ្ទាល់មាត់​ឯ​កម្មាភិបាល​នៅ​មូលដ្ឋាន​យ់​និង​អនុវត្ត​តាម​របៀប​ផ្សេង​ៗ តាម​តំបន់​និង​តាម​អារម្មណ៍​របស់គេ ។ ឧបមា​ថា នៅ​កន្លែង​ខ្លះ​គេ​យល់ថា សម្រិតសម្រាំង គឺ​ត្រូវតែ​សម្លាប់​អ្នក​ដែល​មិនមែនជា​វណ្ណៈ​កសិករ​ក្រ​ថ្នាក់កណ្តាល​ក្រោម​ទាំងអស់ ប៉ុន្តែ​នៅ​កន្លែង​ខ្លះទៀត​គេ​យល់ថា គ្រាន់​តែបង្ខំ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ឱ្យ​រស់នៅស្មើៗគ្នា ដូច​កសិករ​ថ្នាក់កណ្តាល ថ្នាក់ក្រោម​ដែរ

ដោយ​អង្គការ​មាន​គោលដៅ​ជម្រះ​ប្រជាជន ឱ្យទៅជា​អ្នក​បដិវត្តន៍​សុទ្ធសាធ​ទាំងអស់គ្នា​នោះ នាំ​ឱ្យគេ​នឹក​សង្ស័យថា បុរស​និង​ស្ត្រី​ទាំងអស់​សុទ្ធតែជា​ខ្មាំង​បង្កប់ខ្លួន​ក្នុង​ប្រជាជន ឬ​ដែល​មាន​និន្នាការ​នយោបាយ​ជាមួយ​ខ្មាំង ។ កម្មាភិបាល​តែងតែ​តាមដាន​ស៊ើបអង្កេត ពិនិត្យ ចង់​ស្គាល់​អត្តសញ្ញាណ​ដ៏​ពិត​ប្រា​ដក​របស់​ប្រជាជនម្នាក់ៗ ។ កម្មាភិបាល​គ្រប់​ជាន់ថ្នាក់ មាន កងឈ្លប ស៊ើបការណ៍​តាមដាន​ប្រជាជន​ជានិច្ច ។ កុមារា​កុមារី​ត្រូវ​មានគំនិត​បដិវត្តន៍ ដោយ​ប្រាប់​សេចក្តី​ពិត​អំពី​ឪពុកម្តាយ​របស់ខ្លួន​តាំងពី​អាជីវកម្ម ពាក្យសម្តី ឬ​ការប្រព្រឹត្ត ។ អ្នកជិតខាង ឬ​មិត្ត​ភ័ក្តិ​តែង​រាយការណ៍​អំពី​គ្នាឯង​ប្រាប់​អង្គការ ដោយ​សង្ឃឹមថា នឹង​បាន​ម្ហូបអាហារ ។ ដោយ​កងឈ្លប​ស៊ើប​តាមដាន​នេះ អង្គ​ការដឹងអ្វីៗទាំងអស់ គឺ​អង្គការ​មាន ភ្នែកម្នាស់ ។

បើ​កម្មាភិបាល​សង្ស័យ​នរណាម្នាក់​ថា ជា​អតីត​ទាហាន​លន់ នល់ ឬ​បាន​បម្រើ​របប​ចាស់​នោះ អ្នកនោះ​បាត់​ខ្លួន ដោយ​អង្គ​ការហៅ​នៅពេល​យប់ ឬ «ឱ្យទៅ​រៀន ឬ ទៅ​ការដ្ឋាន​ផ្សេងទៀត ។ ពីរ​បី​ថ្ងៃ​ក្រោយមក អ្នកស្រុក​ឃើញ​សប​របស់គេ​នៅក្នុង​ព្រៃ ឬ​ឃើញ​កម្មាភិបាល​ស្លៀកពាក់​សម្លៀកបំពាក់​រប​ស់​អ្នក​ដែល​អង្គ​ការហៅ​នោះ ។ យូរៗទៅ ប្រជាជន​ដឹង​គ្រប់គ្នា បណ្តាល​ឱ្យគេ​ទាំងអស់គ្នា​តប់ប្រមល់ ភ័យខ្លាច​ជានិច្ច ក្រែង​កម្មាភិបាល​ហៅ​គេ​នៅ​ពេលយប់ ។ បើ​កម្មាភិបាល​សង្ស័យ​នរណាម្នាក់ គេ​មិន​ស៊ើបអង្កេត​ទេ គឺ​គេ​យកទៅ​សម្លាប់​តែម្តង ព្រោះ​គេ​ចាត់ទុក​សន្តិសុខ​ក្នុងប្រទេស​សំខាន់​ជាងអ្វីៗទាំងអស់ ។ តាម​សេចក្តី​ដែល​វិទ្យុ​តែងតែ​ផ្សព្វផ្សាយ​ថា ស៊ូ​សម្លាប់​ខុស កុំ​ទុកឱ្យ​ខ្មាំង​រស់នៅ ។

ពួក​បដិវត្តន៍​វៀតណាម​និង​ចិន ធ្លាប់​អប់រំ​អ្នក​ប្រតិកិរិយា ដោយ​គេ​ចាត់ទុកជា​បងប្អូន​ដែល​វង្វេង។ រីឯ​ខ្មែរក្រហម​យល់ឃើញថា អប់រំ​មនុស្ស​ដែល​ជាប់​កម្អែល​ចាស់ មិនកើត​ទេ កែប្រែ​មិនបាន​ឡើយ ។ វិទ្យុ​តែងតែ​ផ្សព្វផ្សាយ​ថា អ្នក​ពុករលួយ​ត្រូវតែ​កំទេចចោល ដំបៅ​មាន​ខ្ទុះ ត្រូវតែ​វះកាត់ ជីក​ស្មៅ ជីក​ទាំង​ឫស កុំឱ្យ​ដុះ​វិញ ។ ទាំង​កម្មាភិបាល ទាំង​វិទ្យុ តែង​ប្រកាស​អំពី​នរណា​គ្មាន​គំនិត​ដូច​អង្គការ ទុក​ក៏​មិន​ចំណេញ​ដកចេញ​ក៏​មិន​ខាតទុក​យុវជន​ដាច់ខាត​មួយ​លាន​ឬ​ពីរលាន​នាក់ កសាង​ប្រទេសជាតិ​បាន​ហើយ ។

សាមគ្គីភាព​បដិវត្តន៍​ជាមួយនឹង​បដិវត្តន៍​វៀតណាម

តាំងពី​ឆ្នាំ ១៩៧៥ មក មាន​ប្រជាជន​ខ្លះ​មិន​ពេញចិត្ត​នឹង​របប​ថ្មី នាំគ្នា​បះបោរ​ប្រឆាំងនឹង​អង្គការ​មាននៅ​ស្រុក​ជីក្រែង (ខេត្តសៀមរាប) ជាដើម ។ មាន​កង​យោធា​ជា​ក្រុមតូចៗខ្លះ ក៏​ជំទាស់​ប្រឆាំងនឹង​មេបញ្ជាការ​របស់ខ្លួន​ដែរ ។ ប៉ុន្តែ អង្គការ​កាប់សម្លាប់​ពួក​អ្នកបះបោរ​ទាំងនោះ​យ៉ាង​រង្គាល និង​កម្ទេច​ទាំង​កូនចៅ ទាំង​អ្នកជិតខាង​ដោយ​គ្មាន​ត្រា​ប្រ​ណី ។ នៅ​ចុងឆ្នាំ ១៩៧៦ និង​នៅ​ដើមឆ្នាំ ១៩៧៧ រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ប្រឈមមុខ​នឹង​ការ​ឃុ​ប​​

ឃឹ​ត លប​ធ្វើ​រដ្ឋប្រហារ​យ៉ាងពិត​ប្រា​ដក ។ ហេតុនេះហើយ បានជា​នៅ​ឆ្នាំ ១៩៧៧ និង ១៩៧៨ អង្គការ​ខ្មែរក្រហម​រឹតតែ​គាបសង្កត់​ជិះជាន់ កាប់សម្លាប់​ប្រជាជន​បន្ថែមទៀត ។

ការបះបោរ​ទាំងនោះ​កើតឡើង មកពី​ប្រជាជន​នឹង​របប​ខ្មែរក្រហម​មិនបាន ព្រោះ​អង្គការ​ជិះជាន់​ធ្វើបាប​គេ​ខ្លាំងពេក ។ ការបះបោរ​ទាំងនោះ ក៏​ប្រហែល​បណ្តាលមកពី​មូលហេតុ​នយោបាយ​ផងដែរ គឺ​មកពី​ទស្សនៈ​របស់​មេដឹកនាំ​ខ្មែរក្រហម​ខ្លះ​លំអៀង​តាម​បដិវត្តន៍​វៀតណាម ។ បក្ស​កុម្មុយនីស្ត​វៀតណាម​និង​បក្ស​កុម្មុយនីស្ត​កម្ពុជា ប្រកាន់​មនោគមវិជ្ជា​ម៉ា​កឡេ​នី​ន​តែមួយ​ដូចគ្នា ប៉ុន្តែ​បក្ស​ទាំងពីរ​ក៏​ស្វែងរក​អត្ថប្រយោជន៍​ជាតិរៀងៗខ្លួន​ដែរ ។

ក្នុងអំឡុង​ឆ្នាំ​បន្ទាប់បី ១៩៦២ អ្នក​បដិវត្តន៍​វៀតណាម​តែងតែ​ទូន្មាន​អ្នក​បដិវត្តន៍​កម្ពុជា​ឱ្យមាន​ចិត្ត​អត់ធ្មត់ កុំអាល​ផ្តើម​វាយ​ប្រយុទ្ធ​ប្រឆាំងនឹង​របប​សក្តិ​ភូមិ​របស់​សម្តេច​សីហនុ​ឡើយ ទុក​ប្រទេស​ក​កម្ពុជា​ធ្វើជា​ជម្រក​របស់គេ ដើម្បី​ឱ្យគេ​អាច​វាយ​ប្រយុទ្ធ​នឹង​របប​វៀតណាម​ខាងត្បូង​ជាមុនសិន ។ ប្រទេស​ចិន​ក៏​គាំទ្រ​តាម​នយោបាយ​នេះដែរ ។ នៅ​ឆ្នាំ ១៩៦៥ លោក​ឡេ ដួង (Le Duân) ជា​លេខា​ធិ​ខា​ទូ​តៅ​នៃ​បក្ស​កុម្មុយនីស្ត​វៀតនាម ទូន្មាន​អ្នក​បដិវត្តន៍​កម្ពុជា​ថា៖ គួរឱ្យ​មិត្ត​កម្ពុជា​រង់ចាំ​វៀតណាម​បាន​ជ័យជំនះ​សិន ទើប​មក​រំដោះ​កម្ពុជា​តាម​ក្រោយ  ពេល​យើង​បាន​ជ័យជំនះ​លើ​ព្រៃនគរ យើង​នឹង​វាយ​សម្រុក​តែម្តង រំដោះ​ភ្នំពេញ​នៅពេល​ជាមួយគ្នា​ដែរ ។ តែ​ខ្មែរក្រហម​យល់ឃើញថា ពាក្យ​ទូន្មាន​ទាំងនោះ​បណ្តាលឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​ឯករាជ្យ​ជាតិ​នៅពេល​ក្រោយ ។ ហេតុនេះហើយ បានជា​គេ​ចាប់ផ្តើម​រំដោះប្រទេស​កម្ពុ​ជា​ជា​បន្ទាប់​សិន ដោយ​គ្មាន​នរណា​ជួយ​សោះ ។ នៅ​ចុងឆ្នាំ ១៩៧០ ខ្មែរក្រហម​ចាប់ផ្តើម​កម្ទេច​កម្មាភិបាល​ខ្មែរ​វៀតណាម​ទាំង​ប៉ុន្មាន ដែល​ត្រឡប់​មកពី​ហាណូយ ក្រោយ​រដ្ឋប្រហារ​នា​ថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ដើម្បី​មកជួយ​វាយ​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព​លោក​សេនាប្រមុខ​លន់ នល់ ។ បន្ទាប់មក គេ​រុញច្រាន​កងទ័ព​វៀតណាម​កុម្មុយនីស្ត​ទៅ​ព្រំប្រទល់​ខ្មែរ​វៀតណាម ។ ចាប់តាំងពី​ឆ្នាំ ១៩៧៣ មក​មានតែ​កងទ័ព​ខ្មែរក្រហម​ប៉ុណ្ណោះ ដែល​វាយ​កងពល​សាធារណរដ្ឋ​ខ្មែរ​របស់លោក​លន់ នល់ ។ នៅ​ឆ្នាំ ១៩៧៥ ខ្មែរក្រហម​ខិតខំ​ប្រឹងប្រែង​វាយ​សម្រុក​រំដោះ​ភ្នំពេញ​ឱ្យបាន មុន​កុម្មុយនីស្ត​វៀតណាម​រំដោះ​ក្រុង​ព្រៃនគរ ព្រោះ​ខ្មែរក្រហម​ខ្លាចក្រែង​កងទ័ព​ហាណូយ​មកជួយ​រំដោះ​ភ្នំពេញ បន្ទាប់ពី​បាន​រំដោះ​ព្រៃនគរ​នោះ ដែល​នឹង​ធ្វើឱ្យ​ខ្លួន​បាត់​ឯករាជ្យ ។

ចាប់តាំងពី​ថ្ងៃ ១៨ មេសា ឆ្នាំ ១៩៧៥ មក មេបញ្ជាការ​ខ្មែរក្រហម​បញ្ជា​ឱ្យ​យោធា​មួយចំនួនធំ​ទៅកាន់​ព្រំដែន​វៀតណាម ក្នុង​គោលបំណង​រំដោះ​ដែនដី​កម្ពុជា​ក្រោម ជា​កន្លែង​ប្រជាជន​កម្ពុជា​កើតមក តែ​អាណានិគម​បារាំង​ភ្ជាប់​ដែនដី​កម្ពុជា​ក្រោម​នោះ​ទៅ​វៀតណាម​នៅ​ឆ្នាំ ១៩៤៩ ។ នៅ​ខែឧសភា យោធា​ខ្មែរក្រហម​និង​យោធា​វៀតណាម​​ប៉ះទង្គិច​គ្នា​ជា​ញឹកញាប់​តាម​ព្រំប្រទល់ ។ ប៉ុល ពត សូមទោស​រដ្ឋាភិបាល​ហាណូយ ទាំង​ពោលថា យោធា​កម្ពុជា​យើង​មិន​ស្គាល់​ភូមិសាស្ត្រ​ទេ ។ យើង​បង្គាប់​ឱ្យគេ​ទៅ​ត្រឹម​ដើមត្នោត​ប៉ុណ្ណោះ ។ ដែនដី​ដែល​ខ្មែរ​រស់នៅ​កាលពីដើម សុទ្ធ​តែមាន​ដាំ​ដើមត្នោត ដូច្នេះ​ប៉ុល ពត​បាន​បញ្ជា​ឱ្យ​យោធា​ទៅដល់​ដែនដី​កម្ពុជា​ក្រោម​ពិតមែន​ហើយ ។ នៅ​ខែឧសភា ឆ្នាំ ១៩៧៦ ខ្មែរក្រហម​និង​វៀតណាម​ច​ចារ​គ្នា​យ៉ាង​តឹងតែង​បំផុត អំពី​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំងពីរ ។ ប៉ុន្តែ​ការចចារ​នោះ​បរាជ័យ​មិនបាន​លទ្ធផល​អ្វី​ឡើយ ។ នៅ​កណ្តាល​ឆ្នាំ ១៩៧៧ អង្គការ​ចាត់​កងពល​ធំ ឱ្យទៅ​វាយ​ព្រំដែន​វៀតណាម បំណង​ឆ្ពោះទៅ​ក្រុង​ព្រៃនគរ ដើម្បី​ដណ្តើមយក​ដែនដី​កម្ពុជា​ក្រោម​មកវិញ ។

ដូច្នេះ​កម្ពុជា​ប្រជាធិបតេយ្យ​និង​វៀតណាម ធ្វើ​សឹក​សង្គ្រាម​ទាស់​គ្នា​កាន់តែ​ចំហឡើងៗ ។ ចាប់​តាំងពី​ខែកុម្ភៈ ១៩៧៧ មក ប៉ុល ពត និង អៀង សារី ជា​មេដឹកនាំ​ដ៏​រ៉ឹង​ជាងគេ ចាប់ផ្តើម​ជម្រុះ​កម្ម​ភិ​បាល និង​អ្នក​ក្នុង​ជួរ​ដែល​កាន់​តាម​វៀតណាម​ដែលមាន ក្បាល​យួន ខ្លួន​ខ្មែរ ជាខ្មាំង​លាក់ខ្លួន​ជា​កម្មាភិបាល ។ ប៉ុល ពត ជា​មេបញ្ជាការ​ម​ជ្ឍិ​ម ព្រួត​ដៃ​ជាមួយ​តា​ម៉ុក អតីត​គ្រូ​ប​ង្រៀ​ន​នៅ​ខេត្តតាកែវ ឈ្មោះ​ដើម​ឈី​ត ជឿន ជា​មេបញ្ជាការ​ភូមិភាគ​និរតី រួមគ្នា​កម្ទេច​កម្មាភិបាល​ភូមិភាគឯទៀតៗ ដោយ​សង្ស័យថា មិន​ស្មោះត្រង់​នឹង​ខ្លួន ដោយ​ដាក់​កម្មា​ភិ​បាល​ថ្មី​ផ្សេងទៀត​មក​ជំនួស ដោយ​ប្រកាន់​តាម​គោលជំហរ​ដ៏​តឹងរ៉ឹង ។ ពេលនោះ នៅ​ភ្នំពេញ​គេ​បង្កើត​មន្ទីរ​សន្តិសុខ​ទួលស្លែង ជា​អតីត​វិទ្យាល័យ​ទួល​ស្វាយព្រៃ ឱ្យក្លាយ​ទៅជា​មណ្ឌល​ធ្វើ​ទារុណកម្ម​មួយ​យ៉ាង​ឃោរឃៅ​ជាទីបំផុត ។ តាម​ស្ថិតិ​បានឱ្យដឹងថា គេ​ធ្វើ​ទារុណកម្ម​កម្មាភិបាល ១៧.០០០ នាក់​ព្រមទាំង​អស់អ្នក​ដែល​គេ​ចោទថា ឃុ​ប​ឃឹ​ត​ជាមួយ​គេ​ដែរ ។ គេ​វាយ​សម្លាប់​ដោយ​មិន​សំចៃ ឬ​ត្រា​ប្រណី​សោះ សូម្បីតែ​មិត្តភក្តិ​ដំបូង​របស់​មេដឹកនាំ​អង្គការ ដូច​លោក​ហ៊ូ នឹម ជា​មន្ត្រី​ក្រសួង​ព័ត៌មាន​និង​ឃោសនាការ​ក៏​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ដែរ ។ គេ​តាមដាន​កម្មាភិបាល ប្រពន្ធ កូន មិត្តសម្លាញ់​និង​កសិករ​ដែល​ធ្វើការ​ក្រោម​បញ្ជា​របស់​កម្មាភិបាល​ទាំងនោះ ដោយ​ចាប់ចង​សម្លាប់ចោល​ទាំង​គ្មាន​មូលហេតុ ដោយ​គេ​ចោទថា​ជា ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង ប៉ុណ្ណោះ ។ នៅ​ទូទាំងប្រទេស អង្គការ​បើ​ម​ន្ទីរ​​សន្តិសុខ​ជាង ២៥០ កន្លែង ។ នៅ​មន្ទីរ​សន្តិសុខ​ទាំងនោះ គេ​ធ្វើ​ទារុណកម្ម​ប្រជាជន ដោយ​ចោទ​សួររក​បណ្តាញ​ឬ​ខ្សែរយៈ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវគេ​សម្លាប់ចោល ។ អ្នករងគ្រោះ​ឈឺចាប់​ខ្លាំងពេក ក៏​ចេះតែ​ប្រាប់​ឈ្មោះ​មិត្តភក្តិ ឬ​ញាត់​សណ្តាន​របស់ខ្លួន ដោយ​សង្ឃឹមថា នឹង​បាន​រួចខ្លួន ។ តែ​តាមពិត ទោះជា​ឆ្លើយ​ក្តី ឬ​មិន​ឆ្លើយ​ក្តី មាន​ផ្លូវ​តែមួយគត់​ប៉ុណ្ណោះ គឺ​សេចក្តីស្លាប់ ។ អង្គ​ការដក​អំណាច​លោក​សោ ភឹម (អ្នកតស៊ូ​ដើមដំបូង​ប្រឆាំងនឹង​កងទ័ព​បារាំង) ប្រធាន​ភូមិភាគ​បូព៌ា​ដែល​នៅក្បែរ​ព្រំដែន​វៀតណាម ឱ្យនៅ​ក្រោម​អំណាច​លោក​សុន សេន ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ។ កម្មាភិបាល​មួយចំនួន​ក្នុងភូមិ​ភាគ​នោះ​រត់​ប្រាស​អាយុ ភៀសខ្លួន​ទៅ​វៀតណាម មាន​លោក ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​ទី៤ និង​លោក ហ៊ុន សែន ជា​មេបញ្ជាការ​កងវរៈសេនាធំ ជាដើម ។

ដោយ មាន​ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង និង ខ្មាំង​យួន យាយី​ពី​ខាងក្រៅ ប៉ុល ពត សម្រេចចិត្ត​ធ្វើឱ្យ​មតិ​អន្តរជាតិ​ស្គាល់​មុខមាត់​ដ៏​ពិត​ប្រាកដ​របស់​កម្ពុជា​ប្រជា​ធិប​តេយ្យ​​ដោយ​ធ្វើដំណើរ​ទៅ​ទស្សនៈកិច្ច​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី ២៧ កញ្ញា ១៩៧៧ ហើយ​ប្រកាស​យ៉ាង​ឱឡារិក​ថា ប្រទេស​កម្ពុ​ជាមាន គណបក្ស​កុម្មុយនីស្ត​កម្ពុជា ដឹកនាំ​យ៉ាងពិត​ប្រាកដ​មែនហើយ ។ តាំងពី​ពេលនោះ​មក សហគមន៍​អន្តរជាតិ​ដឹង​ច្បាស់​ថា​អង្គការ​អនាមិក​ជា​នរណា ។

រីឯ​ប្រទេស​វៀតណាម​វិញ មិនដែល​លាក់​គម្រោងកា​រ​របស់ខ្លួន​ទេ​គឺថា ប្រមូល​ប្រទេស​ទាំងបី​នៃ​ជ្រោយ​ឥណ្ឌូចិន ឱ្យ​ស្ថិតនៅក្រោម​ការណែនាំ​រប​ស់​ក្រុង​ហាណូយ​តែមួយ ។ នៅ​ថ្ងៃទី ១៨ កក្កដា ១៩៧៧ វៀតណាម​និង​ឡាវ​ចុះ សន្ធិសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ​គ្នា សម្រាប់ ២៥ឆ្នាំ ដែល​អាច​បន្ត ១០ឆ្នាំម្តងៗ ប្រសិនបើ​គ្មាន​បញ្ជាក់ថា ផ្តាច់​សន្ធិសញ្ញា​ទេនោះ ។ ប្រទេស​ឡាវ​ចុះចូល​ក្រោម​អាណានិគម​របស់​វៀតណាម​ទាំងស្រុង ។ រីឯ​កម្ពុជា​ប្រជាធិបតេយ្យ​វិញ មិន​ព្រម​ចុះហត្ថលេខា​យល់ស្រប​នឹង​សន្ធិសញ្ញា​បែបនេះ​ទេ ។ ណាមួយ​អង្គការ​កម្ពុជា​ប្រជាធិបតេយ្យ​សម្លាប់​កម្មាភិបាល​ដែល​គាំទ្រ​វៀតណាម​ណា​មួ​យ​ទៀត កង​យោធា​តែងតែ​វាយ​សម្រុក​តាម​ព្រំប្រទល់​យ៉ាង​សាហាវ​ឃោ​ឃៅ​នោះ នាំឱ្យ​ប្រទេស​វៀតណាម​ខ្លាចក្រែង​ថា កម្ពុជា​នឹង​ក្លាយ​ក្លាយទៅជា​ទីតាំង​ចិន ដែល​អាច​វាយ​វៀតណាម​ពី​ខាងលិច​និង​ពី​ខាងជើង​ប្រទេស​គេ ។ ហេតុនេះហើយ បានជា​នៅ​ខែកក្កដា ឆ្នាំ ១៩៧៧ មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ស​វៀតណាម​សម្រេច​ថា កម្ទេច​ប៉ុល ពត និង​របប​នេះ​ចោល ។ ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​នើ​មក ផ្ទុះ​សង្គ្រាម​ដែល​គេ​មិនបាន​ប្រកាស រវាង​ប្រទេស​ទាំងពីរ ។

នៅ​ថ្ងៃទី ៣១ ធ្នូ ១៩៧៧ លោក ខៀវ សំផន គណៈ​ប្រធាន​រដ្ឋ​កម្ពុ​ជា​​ប្រជាធិបតេយ្យ ជូនដំណឹង​ដល់​សហគមន៍​អន្តរជាតិ​ថា កងទ័ព​វៀតណាម​លុកលុយ​ប្រទេស​កម្ពុជា តែ​គ្មាន​នរណា​ជឿ​ទេ ។ ថ្ងៃទី ៦ មករា ឆ្នាំ ១៩៧៨ កងទ័ព​វៀតណាម​ដកថយ​ក្រោយ​វិញ ដោយ​នាំ​ទាំង​ជនជាតិ​កម្ពុជា​ប្រមាណ ៣០០.០០០ នាក់ ទៅជា​មួយ​ដែរ ។ វៀតណាម​ប្រកាសថា ជន​ទាំងនោះ​រត់​មក​តាម​គេ រីឯ​អង្គការ​ខ្មែរក្រហម​ថា កងទ័ព​វៀតណាម​កៀរ​អ្នក​ទាំងនោះ​វិញ ។

ពេញ​មួយឆ្នាំ ១៩៧៨ ប្រទេស​ទាំងពីរ​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ជាមួយគ្នា ។ ខាង​កម្ពុជា​ប្រជាធិបតេយ្យ អង្គការ​នៅតែ​ជម្រុះ​ប្រជាជន​ឱ្យ​កាន់តែ​ជ្រះ​ស្រឡះ​ឡើងៗ គឺ​អង្គការ​កម្ទេច​អស់​មនុ​ស្សណា​ដែលមាន​សម្បុរ​មិន​ខ្មៅ​ដូច​ខ្មែរ​ស្រុក​ស្រែ​គេ​សម្លាប់​កូនកាត់​វៀតណាម និង​អាណិកជន​វៀតណាម​ដែល​នៅ​សេស​សល់​​នៅ​ប្រទេស​កម្ពុជា ។ ខ្មែរ​កម្ពុជា​ក្រោម​ក៏​ត្រូវគេ​សម្លាប់ចោល​ដែរ ។ អង្គការ​ក៏​ជម្លៀស​ប្រជាជន​ច្រើន​ដែល​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ គឺ​ខាង​ភូមិភាគ​បូព៌ា ឱ្យទៅ​នៅ​ខាងលិច​វិញ ដោយ​ខ្លាចក្រែង​គេ​នៅជាប់​ឥទ្ធិពល​វៀតណាម ។ គេ​ចាប់ផ្តើម​សម្លាប់​ជន​ជម្លៀស​ពី​ក្រុងភ្នំពេញ​ឱ្យអស់​ដែរ ។ ឆ្នាំ ១៩៧៨ ជា​ឆ្នាំ​ដែល​អង្គការ​សម្លាប់​មនុ​ស្ស​ច្រើនជាង​ឆ្នាំកន្លងមក គេ​សម្លាប់​ប្រហែល​ជាង ២០០.០០០ នាក់ នៅ​ទូទាំងប្រទេស ។ ពល់ ពត និង តា​ម៉ុក ជា​ឃាតករ​មានឈ្មោះ​ល្បី​ជាងគេ ។

ខាង​វៀតណាម​វិញ គេ​ក៏​រៀបចំខ្លួន​វាយ​សម្រុក​ដែរ ។ គេ​ពង្រឹង​វិន័យ​កងទ័ព​ឱ្យ​តឹងរ៉ឹង គេ​កែន​យុទ្ធជនថ្មីៗមួយចំនួនធំ គេ​ដឹកយក​គ្រឿង​សព្វាវុធ​និង​សម្ភារៈ​រឹក​ជាច្រើន​ឥត​គណនា​នាំចូល​មកពី​សហភាពសូវៀត ។ នៅ​ខែមិថុនា ប្រទេស​វៀតណាម​ចូលក្នុង​អង្ក​ការ​កុ​មេ​កុម (Comecom) ជា​ផ្សារ​រួម​សូ​វៀត រួច​ចុះសន្ធិសញ្ញា​សន្តិភាព​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហភាពសូវៀត​ថែម​ទៀតផង នេះ​មានន័យថា​ប្រសិនបើ​ខ្មាំង​វាយ​ប្រទេស​ដែល​ចុះហត្ថលេខា​នោះ ប្រទេស​មួយទៀត​ត្រូវតែ​មកជួយ ។ ដោយ​ចុះ​ហត្ថ​សន្ធិសញ្ញា​បែប​នោះ ប្រទេស​​វៀតណាម​ដូចជា​ទូន្មាន​ប្រទេស​ចិន​មិនឱ្យ​គាំទ្រ​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ ប្រយ័ត្ន​សហភាពសូវៀត​វាយតប​វិញ ។ វិទ្យុ​ហាណូយ​ចេះតែ​អំពាវនាវ​ប្រជាជន​កម្ពុជា ឱ្យ​បះបោរ​ប្រឆាំងនឹង​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ ។ មេដឹកនាំ​វៀតណាម​ផ្សព្វផ្សាយ​ពី​អំពើ​ឃាតកម្ម និង​អំពើអាក្រក់​ឃោរឃៅ​របស់​ប៉ុល ពត និង​បរិវារ​របស់​វា ហើយ​ផ្សាយ​សៀវភៅ កម្ពុជា​ឆ្នាំ​សូន្យ​ដែល​ប្រែ​មកជា​ភាសា​វៀតណាម តាម​រលកធាតុអាកាស​ទៀតផង ។ គណបក្ស​កុម្មុយនីស្ត​ទូទាំង​សាកលលោក ក៏​ជួយ​ផ្សាយពាក្យ​ចោទប្រកាន់​វៀតណាម​មកលើ​ប្រទេស​កម្ពុជា​នេះដែរ ។

ថ្ងៃទី ៣ ធ្នូ ១៩៧៨ វិទ្យុ​ហា​ណូយ​ផ្សព្វផ្សាយ​ដំណឹង​ថា មាន រណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា មួយ​កើតឡើង​ហើយ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ។ រណសិរ្ស​នេះ​ក៏ដូចជា​រណសិរ្ស​រួបរួម​ជាតិ​កម្ពុ​ជាំ​របស់​ទូ សាមុត ពី​ដើម​ដែរ គឺមាន​ទង់ជ័យ​ពណ៌​ក្រហម និង​រូប​ប្រាសាទ​អង្គរ​កំពូល ៥ ពណ៌​លឿង ។ ថ្ងៃទី២៥ ខែធ្នូ ១៩៧៨ កងទ័ព​វៀតណាម​សុទ្ធតែជា​អ្នក ស្ម័គ្រចិត្ត ១៧០.០០០ នាក់ លុកលុយ​ចូល​កម្ពុជា​ពី​តំបន់​ខ្ពង់រាប​នៅ​ប្រទេស​វៀតណាម​មក​ក្នុង​ខេត្ត​រតនគីរី ក្រចេះ ដោយមាន​រថក្រោះ​ជាច្រើន​គ្រឿង និង​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រឿង​ជួយ​គាំទ្រ​ផងដែរ ។ យោធា​ខ្មែរក្រហម​ដែល​ត្រៀមប្រយុទ្ធ​នឹង​កងទ័ព​វៀតណាម​នៅ​ខេត្តស្វាយរៀង មិនអាច​ទប់ទល់​បាន​នឹង​កងទ័ព​ដ៏​ច្រើន​អនេក​នោះ ក៏​ដកថយ​ក្រោយ ទាំង​សម្លាប់​អ្នកស្រុក​ដែល​មិន​ព្រម​មក​តាម​ខ្លួន​ផង ។

ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ កងទ័ព​វៀតណាម​ចូល​មកដល់​ភ្នំពេញ ។ នៅ​រដ្ឋធានី​គ្មាន​មនុស្ស​រស់នៅ​សោះ មន្ទីរ អង្គភាព គ្រប់​ក្រសួង បាន​រត់​ភៀសខ្លួន​ទៅ​ព្រៃភ្នំ​ទិ​ពាយ័ព្យ ។

ថ្ងៃទី ១១ មករា ឆ្នាំ ១៩៧៩ ប្រទេស​កម្ពុជា​ក្លាយ​ទៅជា សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែលមាន​លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ លោក ប៉ែន សុវណ្ណ អតីត​ខ្មែរវៀតមិញ ធ្វើជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី លោក ហ៊ុនសែន ជាម​ន្ត្រី​ក្រសួងការបរទេស ។ ថ្ងៃ​ទី ១៨ កុម្ភៈ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុ​ជា​នោះ ចុះហត្ថលេខា​ក្រោម​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​វៀតណាម ដូច​វៀតណាម​ចុះ​ជាមួយ​ប្រទេស​ឡាវ កាលពី​ឆ្នាំមុន​ដែរ ។

ថ្ងៃទី ៦ មករា ១៩៧៩ នៅ​ថ្ងៃមុន​កងទ័ព​វៀតណាម​ចូល​ក្រុងភ្នំពេញ រដ្ឋាភិបាល​ចិន​ចាត់​យន្ត​ហោះ​​ពិសេស​ទៅ​ភ្នំពេញ​មក​ទទួល​សម្តេច​សីហនុ កុំឱ្យ​កងទ័ព​វៀតណាម​ចាប់​ព្រះអង្គ​ទាន់ ។ ភ្លាមនោះ ព្រះអង្គ​យាង​ទៅ​អង្គការ​សហ​ប្រជាជាតិ​​ព្រះអង្គ​ធ្វើជា​មេធាវី​របស់​កម្ពុជា​ប្រជាធិបតេយ្យ ចោទ​វៀតណាម​ថា ចូល​ឈ្លានពាន​ប្រទេស​របស់​ព្រះអង្គ ៕

  1. ខ្ញុំចែករំលែក
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 12:28 នាទី (ព្រឹក)

    តើបង​ដក​ស្រង់មកពីណា?
    ខ្ញុំ​ពិត​ជា​មិន​គាំទ្រ​នូវ​អ្វីដែល​រដ្ឋាភិបាល​សាធារណរដ្ឋ​បាន​ធ្វើ​ក្នុង​ការ​សម្លាប់​ជនស៊ីវិលនោះទេ។ តែជនជាតិ​យួន​គួរ​តែ​រស់នៅដី​យួនទៅ កុំមក​នៅដីខ្មែរ។
    សូម​អរគុណ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: