ទំព័រដើម > ទេសចរណ៍, ប្រទេសខ្មែរ, ប្រាង្គប្រាសាទបុរាណ > ប្រាសាទព្រហ្មកិល ឬ​​​ ប្រាសាទតាព្រហ្មកិល

ប្រាសាទព្រហ្មកិល ឬ​​​ ប្រាសាទតាព្រហ្មកិល

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ប្រាសាទព្រហ្មកិល
ប្រាសាទព្រហ្មកិល

ប្រាសាទ​ព្រហ្មកិល ​ឬ​​​ ប្រាសា​ទតាព្រហ្មកិល គឺ​ជា​ប្រាសាទ​តូច​មួយ ស្ថិត​នៅ​ក្បែរ​ប្រាសាទ អង្គរវត្ត ដែល​អ្នក​ទេសចរ តែង​តែ ដើរ​ហួស ។ ប្រាសាទ​នេះ​សាង​ឡើង​ពី​ថ្ម​ភក់​ដើម្បី​ឧទ្ទិស ​ដល់​ព្រះពុទ្ធ​សាសនា មាន​ចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាង​លិច​ខ្លោង​ទ្វារ ប្រាសាទ​អង្គរវត្ត ។ បច្ចុប្បន្ន​ប្រាសាទ​ដ៏​តូច​នេះ​បាន​រង​នូវ​ការ​ទ្រុឌទ្រោម​អស់​ជា​ច្រើន​រហូត​ជាង ពាក់​កណ្តាល​ទៅ​ហើយ ​ហើយ​ខាង​អាជ្ញាធរ​អប្សរា​មិនទាន់​មាន​គម្រោង​ដើម្បី​ធ្វើ​ការ​ជួសជុល​នៅ​ឡើយ ដោយ​សារ​តែ ប្រាសាទ​នេះ​មិន​ស្ថិត​នៅ ក្នុង​អាទិភាព​នៃ​ការ​ជួសជុល​ដូច​បណ្តា​ប្រាសាទ​ធំ​ៗ​ផ្សេង​ទៀត ។

ប្រាសាទ​ព្រហ្មកិល ឬ ប្រាសាទ​តាព្រហ្មកិល ជា​ប្រាសាទ​មួយ​ដែល​មាន​រាង​តូច​ច្រឡឹង​ ហើយ​មាន​ចម្ងាយ​ពី​ផ្លូវ​មុខ អង្គរ​ប្រហែល​ជា ៥០ ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ឱ្យ​ឆៀង​ចូល​ទៅ​ទស្សនា​ពី​អ្នក​ទេសចរ​ជាតិ​-​អន្តរ​ជាតិ​ទេ ។
អ្នក​ទេសចរ​ស្ទើរ​តែ​ទាំង​អស់​តែង​តែ​ដើរ​រំលង ពោល​គឺ​ទៅ​ហួស​មក​ហួស​។ ពេល​បាន​ដើរ​ចូល ​ទៅ​ជិត​ប្រាសាទ​នេះ​អ្នក​ទស្សនា​នឹង​ឃើញ​ថា ប្រាសាទ​ព្រហ្មកិល ថ្វី​ដ្បិត​តែ​មាន​ទំហំ​តូច និង ​ទ្រុឌ​ទ្រោម​អស់​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​អ្វី ដែល​នៅ​សេស​សល់​គឺ​មាន​លក្ខណៈ​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់​អារម្មណ៍ ​និង កោត​សរសើរ​ពី​ស្នា​ដៃ​បុព្វ​បុរស​ខ្មែរ ។ ប្រាសាទ ព្រហ្មកិល​មាន​រូប​ចម្លាក់​មនុស្ស​ និង ក្បាច់​ឆ្លាក់​នៅ​ផ្ទាំង​ថ្ម​ប្រាសាទ​គួរ​ជា​ទី​ចាប់​ចិត្ត​ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​នូវ​អ្វី​ដែល បាន​ខូច​ខាត​ទ្រុឌ​ទ្រោម ​ហើយ​អាច​នឹង​ទ្រុឌ​ទ្រោម​ត​ទៅ​ទៀត ប្រសិន​បើ​មិន​អភិរក្ស​ឱ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ ។ ​គេ​សង្កេត​ឃើញ​ថា​ប្រាសាទ​ព្រហ្មកិល​បាន​រង​នូវ​ការ​ខូច​ខាត​ទ្រុឌ​ទ្រោម​អស់​ជាង​ពាក់​កណ្តាល​ទៅ​ហើយ ​ដោយ​តួ​ប្រាសាទ​ មួយ​ចំហៀង​ត្រូវ​បាន​រលុះ​ជ្រុះ​ថ្ម​ប្រាសាទ​នៅ​រាយ​ប៉ាយ​ក្បែរ​នោះ ​ហើយ​តួ​ប្រាសាទ​ដែល​នៅ​សល់​មួយ​ចំហៀង​គឺ​ថ្ម ប្រាសាទ​បាន​ប្រេះ​ហើប​ឃ្លាត​ចេញ​ពី​គ្នា ស្ទើរ​តែ​រំលំ​ទៀត​ទៅ​ហើយ ។ គេ​បាន​យក​ឈើ​ទៅ​ដាក់​ទល់​ប្រាសាទ​នេះ​កុំ​ឱ្យ​ ដួល​រលំ​ចំនួន​ពីរ​កន្លែង​ ។

អ្នក​មើល​ថែរក្សា​ប្រាសាទ​នេះបាន​ប្រាប់​ថា ប្រាសាទ​ព្រហ្មកិល​ជា​ប្រាសាទ​តូច​មួយ​ដែល​ស្ទើរ​តែ​គ្មាន​អ្នក​ទេសចរ ចូល​ទៅ​ទស្សនា បើ​ទោះ​បី​ជា​ប្រាសាទ​នេះ​នៅ​ក្បែរ​ចន្លោះ​ផ្លូវ​ពី​អង្គរវត្ត​ទៅ​អង្គរ​ធំ​ក៏​ដោយ ​គឺ​ម្តង​ម្កាល​មាន​តែ​អ្នក​ទេសចរ​ម្នាក់​ ឬ​ ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ឆៀង​ចូល​ទៅ​ទស្សនា ។
លោក សឹង គង់ អគ្គ​នាយក​រង​អាជ្ញា​ធរអប្សរា​មាន​រៀបរាប​ថា ប្រាសាទ​ព្រហ្មកិល​មាន​ការ​ទ្រុឌ​ទ្រោម​ដោយ​សារ ភាព​ចំណាស់​របស់​ប្រាសាទ​ ហើយ​នេះ​ជា​បញ្ហា​ទ្រុឌ​ទ្រោម​ជា​ទូទៅ​ដែល​ប្រាសាទ​ខ្លះ​ផ្អៀង​ ខ្លះ​ជ្រុះ​ថ្ម ជា​ដើម ។ ប្រាសាទ ​នេះ​ជា​ប្រាសាទ​តូច​តាច បើ​ប្រៀប​ធៀប​នឹង​ប្រាសាទ​ដទៃ ហើយ​ប្រាសាទ​ដទៃ​ទៀត​ក៏​មាន​ការ​ទ្រុឌ​ទ្រោម​ខ្លាំង​ដែរ ។ ការ​ជួស​ជុល​ប្រាសាទ​គឺ​ធ្វើ​ទៅ​តាម​អាទិភាព​ជា​បន្ត​បន្ទាប់ ហើយ​ជា​ទូទៅ​ឱ្យ​តែ​ប្រាសាទ ​បុរាណ​ជា​កេរ​ដំណែល​គឺ​គេ​មាន​គម្រោង​ធ្វើ​ការ​ជួស​ជុល​ឡើង​វិញ ប៉ុន្តែ​ទៅ​តាម​លំដាប់​លំដោយ ។ ប្រាសាទ​នេះ​តូច ​ហេតុ​ដូច្នេះ​ហើយ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទេសចរ​ប៉ុន្មាន​ទេ ។ ហើយ​ម៉្យាង​ទៀត​ប្រាសាទ នេះ​នៅ​ក្បែរ​ប្រាសាទ​អង្គរ​វត្ត​លេខ ១ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មើល​រំលង ។

យោង​តាម​សៀវភៅ​ដើម​កំណើត​អង្គ​របាន​សរសេរ​ថា ប្រាសាទ​តាព្រហ្មកិល​សាង​នៅ​ចុង​សតវត្សរ៍​ទី ១២ ដោយ​ស្នាម ព្រះហស្ត​ព្រះបាទជ័យវរ្ម័នទី ៧ បច្ឆមរណៈ​ព្រះនាម មហាបរមសំគតតបតៈ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​សាសនា ប្រាសាទ​នេះ បាន​ទទួល​ការ​ថែរក្សា​ដោយ​ក្រសួង​អភិរក្ស​អង្គរ​តាំង​ពី​ឆ្នាំ ១៩១៩ ។ ដោយ​សារ​ការ​រុករក​កាល​ពី​ឆ្នាំ ១៩២៨ គេ​បាន​រក​ឃើញ សិលា​ចារឹក​មួយ​ដែល​មាន​ចុះ​ព្រះរាជ​បញ្ជា​ផ្សេង​ៗ​នៃ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ៧ ដែល​ឆ្លាក់​ជាប់​នឹង​មន្ទីរ​ព្យាបាល​រោគ ។ តាម​សិលា​ចារឹក​នៅ​ប្រាសាទ​តាព្រហ្ម​ប្រាប់​ថា ប្រាសាទ​នេះ​ជា​ធម្ម​មន្ទីរ សម្រាប់​ស្វាធ្យាយន៍​ធម៌​ប៉ែក​ខាង​ព្រះ​ពុទ្ធ​សាសនា ។

បើ​តាម​រឿង​ព្រេង​វិញ លោក សេដែស បាន​និទាន​ថា ប្រាសាទ​តាព្រហ្មកិល​នេះ​មាន​ការ​ទាក់ទង​នឹង​រឿង​ពញ្ញា​ក្រែក ដែល​ជាជន​ពិការ​អវយវៈ ធ្វើ​ដំណើរ​ចេញ​ទៅ​ណា​មក​ណា​ពុំ​បាន លុះ​ត្រា​តែ​ព្រះ​ឥន្ទ្រ​ប្រទាន​សេះ​មួយ ព្រម​ទាំង​គ្រឿង អម្ពរណ៍ ។ លុះ​ដល់​ក្រោយ​មក ទើប ពញ្ញា​ក្រែក យក​គ្រឿង​អម្ពរណ៍​មក​ស្លៀក​ពាក់​ហើយ​ឡើង​ជិះ​សេះ​ហោះ​ចេញ​បាត់​ទៅ ។ ប្រាសាទ ​នេះ​គេ​ប្រទះ​ឃើញ​រូប​ព្រះ​ពោធិសាត់ អវណេកេស្វរៈ ដែល​ជា​អ្នក​ជួយ​ព្យាបាល​រោគ​សត្វ​លោក ។ ការ​ធ្វើ​ដំណើរ​ចូល ទៅ​ត្រូវ ដើរ​តាម​គោបុរៈ​មួយ​តូច​សាង​ពី​ថ្ម​ភក់ ទើប​ចូល​ដល់​តួ​ប្រាសាទ​ដែល​ប្រកប​ដោយ​ថ្នាក់​តូច​ៗ ៣ ទៀត រួច​ជាប់​គ្នា​តាម អំពូល​មុខ​ខាង​ជើង​និង ខាង​កើត ។ តួ​គុហា​បែរ​មុខ​ទៅ​ខាង​កើត​ប្រកប​ដោយ​ទ្វារ​បញ្ឆោត​បី និង បល្ល័ង្ក​មួយ​ដែល​មាន​ក្បាច់ ជា​ច្រើន ។ ការ​រចនា​ប្រាសាទ​នេះ​មិន​សូវ​មាន​ការ​ផ្ចិត​ផ្ចង់​ប៉ុន្មាន​ទេ ប៉ុន្តែ​មាន​ទ្រង់​ទ្រាយ​ដូច​ប្រាសាទ​បាយ័ន​ដែរ ព្រោះ​ក្បាច់​ចម្លាក់​មាន​ភាព​កោង​ៗ​និង មាន​ឆ្លាក់​រូប​ទេវតា​នៅ​តាម​សសរ​ជ្រុង​ប្រាសាទ ។ នៅ​សសរ​មាត់​ទ្វារ​ចូល មាន​ក្បាច់​រចនា​យ៉ាង​ល្អ​ឆើត​ហាក់​ដូច​ជា​កម្រាល​ព្រំ​ចៀម ដោយ​ក្បាច់​ចម្លាក់​នីមួយ​ៗ​មាន​ឆ្លាក់​ជា​រូប​មនុស្ស ម្នាក់​តាម​ទម្រង់​ធម្មតា ហាក់​ដូច​ជា​មាន​ជីវិត​រស់​រវើក​នៅ​ឡើយ ៕

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: