ទំព័រដើម > សុខភាពនឹងជីវិត > ជំងឺ​ឆ្លាក់​ទឹក​ចិត្ត​

ជំងឺ​ឆ្លាក់​ទឹក​ចិត្ត​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មេសា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

និយម​ន័យ​ទូទៅ​នៃ​សុខ​ភាព​ផ្លូវ​ចិត្ត

ការ​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ គឺ​ជា​បំ​ណង​ប្រាថ្នា​ទូ​ទៅ​របស់​មនុស្ស​គ្រប់​រូប​។ សុខ​ភាព​ត្រូវ​បាន​កំណត់​ថា ជា​សភាព​មាន​សុខុមាល​ភាព​ពេញ​លេញ​ផ្នែក​កាយ​សម្បទា ផ្លូវ​ចិត្ត​ និង​ផ្នែក​សង្គម​ មិន​មែន​គ្រាន់​តែ​ជា​ភាព​គ្មាន​ជំងឺ​ ឬ​ពិការ​ភាព​ឡើយ (​WHO, 1978)​។

សុខ​ភាព​ផ្លូវ​ចិត្ត​ និង​សុខ​ភាព​ផ្លូវ​កាយ​ មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​។ បុគ្គល​ដែល​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​សុខ​ភាព​ផ្លូវ​កាយ​មាំ​មួន​ ពុំ​មាន​ជំងឺ​តម្កាត់​ប្រចាំ​កាយ​ រមែង​ញ៉ាំង​ឱ្យ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​សេចក្តី​សុខ​ និង​ភាព​ស្រស់​ថ្លា​ជា​ប្រចាំ​។

អ្នក​ឯក​ទេស​ខាង​សុខ​ភាព​ផ្លូវ​ចិត្ត​ បាន​ឯក​ភាព​គ្នា​ជា​ទូទៅ​ថា​ អ្នក​ដែល​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ​ គឺជា​បុគ្គល​ដែល​មាន​អារម្មណ៍​ជ្រះថ្លា​ មាន​អាកប្បកិរិយា​ និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជំវិញ​ខ្លួន មាន​សមត្ដភាព​អាច​ដោះ​ស្រាយ​បញ្ហា​ ឬ​វិបត្តិ​ផ្សេង​ៗ​ដោយ​អារម្មណ៍​វិជ្ជមាន​ និង​អាច​បំពេញ​ការងារ​ក្នុង​ជីវិត​រស់​នៅ​បាន​យ៉ាង​ល្អ​ប្រសើរ​។

ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ យុវជនគ្រប់​រូប​ត្រូវ​តែ​ចេះ​ថែ​ទាំ​សុខ​ភាព​របស់​ខ្លួន ទាំង​សុខ​ភាព​ផ្លូវ​កាយ​និង សុខភាព​ផ្លូវ​ចិត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​។ ការ​បង្កើន​ចំណេះ​ដឹង​អំពី​របៀប​ថែ​ទាំ​សុខភាព​ផ្លូវ​កាយ​ និង​សុខភាព​ផ្លូវ​ចិត្ត​គឺ​ជា​វិធី​មួយ​ចាំ​បាច់​បំផុត​សម្រាប់​យុវជន​គ្រប់​រូប​ក្នុងការ​ឈាន​ទៅ​ផ្លាស់​ប្តូរ​នូវ​អាកប្បកិរិយា​ និង​ឥរិយាបថ ព្រម​ទាំង​ទង្វើ​ផ្សេង​ៗ​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដើម្បី​ឱ្យក្លាយ​ទៅ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ថែ​ទាំ​សុខ​ភាព​បឋម​។

បញ្ហា​ផ្លូវ​ចិត្ត​ ជំងឺ​ផ្លូវ​ចិត្ត​ ​និង​ការ​ថែ​ទាំ

នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មនុស្ស​យើង​គ្រប់​ៗ​រូប​ តែង​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​មាន​ការ​រំខាន​ក្នុង​អារម្មណ៍ និង​បង្ក​ឱ្យ​យើង​មាន​ការ​តាន​តឹង​ចិត្ត​។ ជា​ទូទៅ​ បញ្ហា​ខ្លះ​យើង​អាច​ដោះ​ស្រាយ​បាន​ហើយ​ការ​តាន​តឹង​ចិត្ត​ក៏​រសាយ​អស់​។ ប៉ុន្តែ​បញ្ហា​ខ្លះ​ ស្មុគ​ស្មាញ​ពុំ​អាច​ដោះ​ស្រាយ​បាន​បណ្តាល​ឱ្យ​ការ​តាន​តឹង​ចិត្ត​កើន​ឡើង​កាន់​តែ​ខ្លាំង​។ ពេល​ដែល​បុគ្គល​ម្នាក់​មាន​ការ​តាន់​តឹង​ចិត្ត​ខ្លាំង​ និងរ៉ាំ​រ៉ៃ​ ធ្វើ​ឱ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​គេ​ធ្លាក់​ចុះ ហើយ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ក្នុង​កម្រិត​ស្រាល​ ឬ​ធ្ងន់​ខុស​ៗ​គ្នា​ ដូច​ជា​ជំងឺ​ថប់​អារម្មណ៍​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ជា​ដើម​។

អ្នក​ដែល​បាន​រស់​នៅ​ឆ្លង​កាត់​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​តក់​ស្លុត​ក្នុង​សម័យ​សង្រ្គាម​ ភាគ​ច្រើន​បាន​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​ជា​បុគ្គល​ និង​ជា​រួម​ធ្វើ​ឱ្យ​ស្ដាន​ភាព​ផ្លូវ​ចិត្ត​មាន​ភាព​អាប់​អួរ​ និង​តាន​តឹង​ជា​ប្រចាំ​​ក្រោយ​សង្រ្គាម​។

បញ្ហា​ផ្លូវ​ចិត្ត​ និង​ជំងឺ​ផ្លូវ​ចិត្ត​ អាច​កើត​មាន​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​ អាស្រ័យ​លើ​ស្ដាន​ភាព​ជាក់​ស្តែង​នៃ​បញ្ហា​ដែល​គេ​​ជួប​ប្រទះ​ក្នុង​ជីវិត​ និង​បរិយា​កាស​រស់​នៅ​ក្នុង​សង្គម​។ បញ្ហា​ផ្លូវ​ចិត្ត​បី​ប្រភេទ​ដែល​យុវជន​តែង​ជួប​ប្រទះ​ញឹក​ញាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គឺ ការ​តាន​តឹង​ចិត្ត​ ការ​ធ្លាក់​ទឹក​ចិត្ត​និង​បញ្ហា​ផ្លូវ​ចិត្ត​ដែល​បណ្តាល​មក​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​។

ការ​យល់​ដឹង​ពី​មូល​ហេតុ និង​ផល​វិបាក​នៃ​បញ្ហា​ និង​ជំងឺ​ផ្លូវ​ចិត្ត​ គឺ​ជា​ជំនួយ​យ៉ាង​សំខាន់​ធ្វើ​ឱ្យ​យុវជន​ចេះ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​ ដើម្បី​ញ៉ាំង​ឱ្យ​ស្ដាន​ភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​ និង​ជា​កត្តារួម​ចំណែក​ធ្វើ​ឱ្យ​ជីវិត​រស់​នៅ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេចក្តី​សុខ​ផ្នែក​អារម្មណ៍​។

ការ​តាន​តឹង​ចិត្ត

តើ​ការ​តាន​តឹង​ចិត្ត​គឺ​ជា​អ្វី?

ការ​តាន់​តឹង​ចិត្ត​ គឺ​ជា​ការ​ប្រែ​ប្រួល​ ឬ​ប្រតិកម្ម​នៃ​អារម្មណ៍​ដែល​កើត​មាន​នៅ​ពេល​បុគ្គល​ជួប​ប្រទះ​ហេតុ​ការណ៍​ ឬ​ក៏​បញ្ហា​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​រស់​នៅ​ដែល​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​។

បុព្វ​ហេតុ​នៃ​ការ​តាន​តឹង​ចិត្ត

ក្នុង​ការរស់​នៅ​ប្រចាំ​ថ្ងៃ​ ជា​ទូទៅ ​យើង​តែង​តែ​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ដែល​ជា​បុព្វ​ហេតុ​ធ្វើ​ឱ្យ​យើង​តានតឹង​ចិត្ត​ដូច​ជា​ ទំនាស់​ក្នុង​គ្រួសារ ជីវភាប​ក្រលំបាក បន្ទុក​ការងារ​ច្រើន​ហួស​ពេក​ ការ​មិន​យល់​ចិត្ត​គ្នា​ ការ​មិន​ចុះ​សម្រុង​ក្នុង​ការងារ​ ការ​បំពេញ​ការងារ​ពុំបាន​ជោគ​ជ័យ​ ការ​គិត​ព្រួយ​ចំពោះ​ហេតុការណ៍​ក្នុង​អនាគត​ និង​ជំងឺ​រ៉ាំ​រៃ​ប្រចាំ​កាយ​ជា​ដើម​។

ចំពោះ​យុវជន​ដែល​កំពុង​តែ​ឋិត​ក្នុង​វ័យ​សិក្សា​ ជា​ទូទៅ​ គេ​អាច​មាន​អារម្មណ៍​តាន​តឹង​នៅ​ពេល​ជិត​ប្រឡង​ កំពុង​ប្រឡង​ ដឹង​ថា​ប្រឡង​ធ្លាក់​ពេល​មិន​ចុះ​សម្រុង​ជា​មួយ​មិត្ត​ភ័ក្ត​ ជា​មួយ​សង្សារ ជា​មួយ​គ្រួសារ​ ពេល​ទទួល​ការ​ស្តី​បន្ទោស​ពី​អាណា​ព្យាបាល​ ឬ​ពី​គ្រូ​ប្រចាំ​ថ្នាក់​ ពេល​ឪពុក​ម្តាយ​ឬ​ បង​ប្អូន​ឈ្លោះ​ទាស់​ទែង​បែក​បាក់​គ្នា ពេល​ឪពុក​ម្តាយ​ អាណា​ព្យាបាល​ឬ​សមាជិក​ក្នុង​គ្រួសារ​សេព​គ្រឿង​ញៀន​រហូត​បាត់​បង់​ស្មារតី​ ហើយ​បង្ក​បញ្ហា​អវិជ្ជ​មាន​ផ្សែង​ៗ​ក្នុង​គ្រួសារ ពេល​ឋិត​នៅ​ក្នុង​ស្ដាន​ភាព​ទីទល់​ក្រ​ ខ្វះ​ខាត​ប្រាក់​កាស​ក្នុង​ការ​រៀន​សូត្រ​ ភាប​អត់ការ​ងារ​ធ្វើ​ រួម​នឹង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

អាការៈ​នៅ​ពេល​មាន​ការ​តាន​តឹង​ចិត្ត

-​ អាការៈ​ផ្នែក​អារម្មណ៍​ និង​ចិត្ត

នៅ​ក្នុង​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគស្មាញ​ដែល​បង្ក​ឱ្យ​មាន​ការ​តាន​តឹង​ចិត្ត​ អារម្មណ៍​របស់​យើង​មាន​ការ​ប្រែ​ប្រួល​ ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​យើង​មួម៉ៅ ឆេវ​ឆាវ ឆាប់​ខឹង​គិត​ព្រួយ​ច្រើន ពិបាក​ផ្ចង់​អារម្មណ៍​ក្នុង​ការ​បំពេញ​ការងារ ស្រងូត​ស្រងាត់​។ អាការៈ​ឆាប់​ខឹង​ច្រឡោត​ ជា​រឿយ​ៗ​ជំរុញ​ឱ្យ​អ្នក​តាន​តឹង​ចិត្ត​បង្កើត​អំពើ​ហឹង្សា​។

– អាការៈ​ផ្នែក​រាង​កាយ

ការ​តាន​តឹង​ចិត្ត​ធ្វើ​ឱ្យ​យើង​អស់​កម្លាំង​ ឈឺ​ក្បាល​ ចុក​រោយ​សាច់​ដុំ​ បរិភោគ​អាហារ​មិន​បាន ទទួល​ទាន​ដំណេក​មិន​លក់​ ណែន​ទ្រូង​ ដង្ហើម​ផុត​ៗ​ ឆ្អល់​ពោះ គ្មាន​អារម្មណ៍​ផ្នែក​ផ្លូវ​ភេទ ចំពោះ​ស្រ្តី​អាច​មាន​រដូវ​មិន​ទៀង​ទាត់​។

– អាការៈ​នៃ​អាកប្ប​កិរិយា

ការ​តាន​តឹង​ចិត្ត​ក៏​ជះ​ឥទ្ធិពល​ដល់​អាកប្បកិរិយា​ដែល​អាច​ធ្វើ​ឱ្យ​យើង​រសាប់​សល់ មិន​រួស​រាយ​រាក់​ទាក់​ អសកម្ម​ក្នុងការ​បំពេញ​ការងារ​ផ្សេង​ៗ​ងាយ​មាន​ទំនាស់​ជា​មួយ​គេ​ឯង​។ បុគ្គល​ខ្លះ​គិត​ខុស​ក៏​យក​បារី​ ស្រា​ គ្រឿង​ញៀ​ផ្សេង​ៗ​ធ្វើ​ជា​មធ្យោបាយ​បំបាត់​ភាព​តានតឹង​។

មធ្យោ​បាយ​បំបាត់​ការតាន​តឹង​ចិត្ត

នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​តាន​តឹង និង​ស្មុគ​ស្មាញ​ក្នុង​ចិត្ត​យើង​ត្រូវ​ខិត​ខំ​ពង្រឹង​ផ្លូវ​ចិត្ត​របស់​យើង​ឱ្យ​បាន​រឹង​មាំ​ជា​ប្រចាំ​ ហើយ​គប្បី​រក​វិធី​ដោះ​ស្រាយ​ ដើម្បិ​ឱ្យ​ការរស់​នៅ​របស់​យើង​ប្រកប​ដោយ​ស្ដាន​ភាព​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ​។ មធ្យោបាយ​បំបាត់​ការ​តាន​តឹង​ចិត្ត​មាន​ច្រើន​បែប​យ៉ាង​ ប៉ុន្តែ​យើង​អាច​អនុវត្ត​វិធីងាយ​ៗ​មួយ​ចំនួន​ដូច​ជា

  • រិះ​រក​វិធី​ដោះ​ស្រាយ​ល្អៗ​ បណ្តុះ​គំនិត​សុទិដ្ឋិ​និយម​ប្រកប​ដោយ​ទស្សន​វិជ្ជ​មាន ព្រម​ទាំង​មាន​ក្តី​សង្ឃឹម​ជា​និច្ច​ចំពោះ​អនាគត​។
  • ទទួល​ទាន​អាហារ​ឱ្យ​ទៀង​ទាត់​ពេល​វេលា សម្រាក​ឱ្យ​គ្រប់​គ្រាន់​និង ធ្វើ​កិច្ច​ការ​កម្សាន្ត​សប្បាយ​ផ្សេង​ៗ​ដែល​យើង​ចូល​ចិត្ត​ដូច​ជា​ ការ​ថែ​សួន​ថែ​ច្បារ​ដំណាំ​ ថែ​សត្វ​ចញ្ចឹម​ ឬ​ធ្វើ​កិច្ច​ការផ្ទះ​ផ្សេង​ៗ​ ។​ល​។
  • ជួប​សំណេះ​សំណាល​ជាមួយ​មិត្ត​ភក្តិ ឬ​អ្នក​ដែល​ជិត​ស្និទ្វ​បំផុត​ដើម្បី​និយាយ​ពី​អារម្មណ៍​មួហ្នង​ទាំង​អស់​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​។
  • ពី​គ្រោះ​បញ្ហា​ជាមួយ​អ្នក​ដែល​យើង​ទុក​ចិត្ត​ និង​រាប់​អាន​បំផុត​ដើម្បី​ឱ្យ​គេ​ជួយ​ផ្តល់​កំលាំង​ចិត្ត​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ដែល​យើង​ជួប​ប្រទះ​។
  • ស្តាប់​ឱ​វាទ​ចាស់​ព្រឹទ្វា​ចារ្យ​ ឬ​ព្រះសង្ឃ​ ។
  • លេង​កី​ឡា​ ស្តាប់​ភ្លេង​(បទ​ចំរៀង​) ទស្ស​នា​ភាព​យន្ត​ រឿង​កំប្លែង ការ​ប្រគំ​តន្រ្តី​ ដើរ​កម្សាន្ត​លំហែកាយ​ ឬ​ចូល​រួម​ការងារសង្គម​ផ្សេងៗ​។
  • សម្រាក​មួយ​រយៈ​ពីការសិក្សារ ឬការ​ងារ​ ហើយ​ចាប់​ផ្តើម​ឡើង​វិញ​។
  • ព្យាយាម​ធ្វើ​លំហាត់​សម្រាក​ចិត្ត​ – កាយ​និង​សមាធិ ដែល​ជា​មធ្យោបាយ​ហាត់​រៀន​គ្រប់​គ្រង​អារម្មណ៍​ និង​ហាត់​ពត់​ចិត្ត​ឱ្យ​មាន​ភាព​រឹង​មាំ
  • ប្រតិបត្តិ​តាម​ជំនឿ​សាសនា​ដូច​ជា​ ការ​បន់​ស្រន់​ សែន​ព្រេន​ជា​ដើម​ប្រសិន​បើ​យើង​មាន​ជំនឿ​។

ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​គឺ​ជា​អ្វី​?

ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ គឺ​ជា​ការធ្លាក់​ចុះ​នៃ​អារម្មណ៍​ដែល​នាំ​ឱ្យ​មាន​ភាព​ក្រៀម​ក្រំ បាត់​បង់​ភាព​សប្បាយ​រីករាយ និង​បាត់​បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ជុំ​វិញ​ខ្លួន​។

បុព្វ​ហេតុ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

មនុស្ស​យើង​អាច​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​ នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​បាត់​បង​ផ្សេង​ៗ​ ដូច​ជា​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​ បាត់​បង់​កិត្តិយស​ កេរ្តិ៍​ឈ្មោះ​​ បាត់​បង់​ការងារ​ ទ្រព្យ​សម្បត្តិ ឬ​ទទួល​បរាជ័យ​ក្នុង​ជីវិត…។ មូល​ហេតុ​ផ្សេង​ទៀត​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ អាច​បណ្តាល​មក​ពីបុគ្គល​នោះ​ ឆ្លង​កាត់​ព្រឹត្តិ​ការណ៍​គួរ​ឱ្យ​អាម៉ាស​ណា​មួយ​ដូច​ជា​ ការ​មាន​ផ្ទៃ​ពោះ​ខុស​ប្រពៃ​ណី ការ​បែក​បាក់​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​ ឬ​ត្រូវ​គេ​បណ្តេញ​ចេញ​ពីការ​ងារ ។ល។

ចំពោះ​យុវជន គេ​អាច​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឱ្យ​ធ្លាក់​ទឹកចិត្ត​ក្នុង​កម្រិត​ស្រាល​ ឬ​អាច​នឹង​ទទួល​រង​នូវ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​ជា ករណី​ធ្លាប់​រៀន​ពូកែ​ហើរ​បែរ​ជា​ចាញ់​គេ​ក្នុង​គ្រា​ណា​មួយ​ ពេល​ដឹង​ថា​ប្រឡង​ធ្លាក់​ ពុំ​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​វែង​ឆ្ងាយ​បាន អត់​ការងារ​ធ្វើ​ គូរ​ស្នេហ៍​បែក​ចិត្ត​ ជ្រុល​ជ្រួស​ក្នុង​រឿង​ស្នេហា​រហូត​មាន​ផ្ទៃ​ពោះ​ ពុំ​ទទួល​ការ​ស្រឡាញ់​ពី​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ ទទួល​សេចក្តី​ស្រលាញ់​ពុំ​ស្មើ​គ្នា​អំពី​អាណា​ព្យាបាល ឪពុក​ម្តាយ​បដិសេធ​ការ​រៀបការ​នឹង​គូរ​ស្នេហ៍​ដែល​ខ្លួន​ស្រឡាញ់​ទទួល​រង​ការ​ចាប់​រំលោភ​បំពាន​ផ្នែក​ផ្លូវ​ភេទ មាន​ជំងឺ​រ៉ាំ​រៃ​ពុំ​អាច​ព្យាបាល​បាន​ជាដើម​។

តាម​ធម្មតា​ ប្រតិកម្ម​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​អាច​កើត​មាន​ក្នុង​រយៈ​ពេល​ប៉ុន្តែ​ដោយ​សារការ​តាំង​ចិត្ត​ ​និង​ពេល​វេលា​ បុគ្គល​នឹង​មាន​អារម្មណ៍​ល្អ​ជា​ប្រក្រតី​ឡើង​វិញ ។ មនុស្ស​ខ្លះ​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​រយៈ​ពេល​វែង​ (ច្រើន​ជាង​២​សប្តាហ៍) ដែល​ជា​ហេតុនាំ​ឱ្យ​កើត​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។

ការ​ស្រាវ​ជ្រាវ​បង្ហាញ​ឱ្យដឹងថា ការធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​កើតមាន​ចំពោះ​ស្រ្តី​ច្រើន​ជាង​បុរស​ ដោយ​ហេតុ​ថា​ ស្រ្តី​ត្រូវ​ប្រឈម​នឹងការ​គ្រប់​គ្រង​កូន​ចៅ​ ផ្ទះ​សំបែង​ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ហើយ​មិន​មាន​ឱកាស​បញ្ចេញ​ការតាន​តឹង​ចិត្ត​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​មជ្ឈមដ្ឋាន​ដែល​ខ្លួន​រស់​នៅ​ ។

អាការៈ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

យើង​អាច​សម្កាល់​ឃើញថា​ អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​ ឬ​អ្នក​មាន​ជំងឹ​ធ្លាក់​ទឹក​ចិត្ត​ តាម​រយៈ​អាការៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

  • មាន​អារម្មណ៍​ស្រុត​ចុះ​ជា​មួយ​នឹង​ភាព​ក្រៀម​ក្រំ​ សោក​សៅ​ និង​បង្ហាញ​ភាព​អស់​សង្ឈឹម​ ដោយ​គិត​ថា​ជីវិត​គ្មាន​ន័យ​។
  • ពុំ​ចាប់​អារម្មណ៍​ ឬ​ពុំ​សប្បាយ​រីករាយ​នឹង​អ្វិ​ៗ​ដែល​ខ្លួន​ធ្លាប់​ចូល​ចិត្ត​ (​គ្មាន​ភាព​រីករាយ​ក្នុង​ជីវិត​) ។
  • ពុំ​សូវ​ចង​ចាំ​បាន​ល្អ ភ្លេច​ភ្លាំង​ច្រើន ។
  • ចូល​ចិត្ត​នៅ​ឯ​កា​ ជូន​កាល​ពុំ​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​ថែរ​ទាំ​ខ្លួន​ប្រាណ​។
  • ទទួល​ទាន​ដំណេក​ពុំ​សូវ​លក់ គ្មាន​កម្លាំង​កំហែង​ បរិភោគ​អាហារ​ពុំ​បាន​។

អសកម្ម​ក្នុង​ការ​សិក្សារ ឬ​ការងារ​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

* ករណី​ដែល​ធ្ងន់​ធ្ងរ​បំផុត​ ចំពោះ​អ្នក​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ គឺ​គេ​ច្រើន​មាន​អារម្មណ៍​ទុទ្ទិដ្ឋិ​ អស់​សង្ឃឹម​ក្នុង​ជីវិត ហើយ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​។

មធ្យោបាយ​ដោះ​ស្រាយ​ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត

អ្នក​ធ្លាក់​ទឹក​ចិត្ត​ ជា​ទូទៅ​តែង​តែ​មាន​គំនិត​ទុទ្ទិដ្ឋិ​និយម មើល​ទៅ​ជុំ​វិញ​ខ្លួន​ក្នុង​ទស្សន​អវិជ្ជ​មាន​ មើលស្រាល​ខ្លួន​ឯង​ថា ជា​ង្នក​ដែល​គ្មាន​សមត្ដភាព​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ និង​ងស់​សង្ឃឹម​ចំពោះ​អនាគត​។ ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ស្រាល​ គេ​អាច​មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​បាន​ ដោយ​ខិត​ខំ​កសាង​កម្លាំង​ចិត្ត​ឱ្យ​រឹង​មាំ​ប្រកប​ដោយ​ទស្សន​វិជ្ជ​មាន​ និង​គំនិត​សុទិដ្ឋិ​និយមក្នុង​អនា​គត​ រួម​នឹង​អនុវត្តន៍​វិធី​ផ្សេង​ឺ​ទៀត​ដែល​បាន​រៀប​ចំ​ក្នុងសៀវ​ភៅ​នេះ​។

ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ធ្ងន់​ធ្ងរ​ដែល​អាច​ឈាន​ទៅ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​កម្លាំង​ចិត្ត​ទន់​ខ្សោយ​ក្នុងការ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​ ។ ដូច្នេះ​ គេ​ត្រូវ​ការ​ឱ្យ​អ្នក​ទាំង​ឡាយ​នៅ​ជុំ​វិញ​ខ្លួន​គេ​យល់​ពី​អារម្មណ៍​ និង​បញ្ហា​ដែល​គេ​កំពុង​តែ​មាន​។

អ្នក​ធ្លាក់​ទឹក​ចិត្ត​ និង​អ្នក​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ត្រូវ​ការ​យ៉ាង​ខ្លាំង​បំផុត​នូវ​ការគាំ​ទ្រ​ផ្នែក​ផ្លូវ​ចិត្ត​ និង​ការ​លើក​ទឹក​ចិត្ត​ ឬ​ផ្តល់​កម្លាំង​ចិត្ត​អំពី​គ្រួសារ​និង​មិត្ត​ភកិ្ត​នៅ​ជុំ​វិញ​ខ្លួន​គេ​។

ខាង​ក្រោម​នេះ​ គឺ​ជា​មធ្យោបាយ​មួយ​ចំនួន​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​អ្នក​ធ្លាក់​ទឹក​ចិត្ត​ ឬ​អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

ü ការ​ផ្តល់​ប្រឹក្សាៈ អ្នក​ធ្លាក់​ទឹក​ចិត្ត​ ត្រូវ​ការពិគ្រោះ​ផ្តល់​យោ​បល់​លើ​បញ្ហា​ដែល​គេ​កំពុង​តែ​មាន​។ សមាជិក​គ្រួសារ​ ឪពុក​ម្តាយ​ បង​ប្អូន​ ឬ​មិត្ត​ភក្តិ គប្បីជួយ​ផ្តល់​ការ​គាំ​ទ្រ​​ផ្លូវ​ចិត្ត​ដោយ​ផ្តល់​គំនិត​យោ​បល់​ល្អៗ​ដល់​អ្នក​ជំងឺ​។ ក្រៅ​ពី​ការ​ផ្តល់​ប្រឹក្សារ​ក៏​អាច​ជួយ​លោក​ទឹក​ចិត្ត​អ្នក​ជំងឺ​ឱ្យ​ប្រសើរ​ឡើង​វិញ​ ព្រម​ទាំង​ជួយ​ធ្វើ​ឱ្យ​គេ​ផ្លាស់​ប្តូរ​គំនិត និង​អាកប្បកិរិយា​អវិ​ជ្ជមាន​ហើយ​គិត​ចាប់​ធ្វើ​អ្វី​ដែល​ល្អ​សាជា​ថ្មី​ និង​ជា​ក្តី​សង្ឃឹម​សម្រាប់​ជីវិត​របស់​គេ​ទៅ​ថ្ងៃ​មុខ

ü ការ​ព្យាបាលៈ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ជា​ជំងឺ​ដែល​អាច​ព្យា​បាល​បាន​ចំពោះ​ករណី​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​ គឺ​ត្រូវ​នាំ​អ្នក​ជំងឺ​ទៅ​ពិគ្រោះ និង​ទទួល​ការ​ពិនិត្យ​ព្យាបាល​ពី​សំណាក់​គ្រូ​ពេទ្យ​។ ក្រៅ​ពី​ការផ្តល់​ប្រឹក្សា​ គ្រូ​ពេទ្យ​អាច​ព្យាបាល​អ្នក​ជំងឺ​ដោយ​ឱសថ​កែ​រោគ​ធ្លាក់​ទឹក​ចិត្ត​។

ü ការ​គាំ​ទ្រ​ពី​សហគមន៍​ និង​គ្រួសារៈ ឪពុក​ម្តាយ​ បង​ប្អូន​ មិត្ត​ភ័ក្តិ​និង​ អ្នក​ស្រុក​ភូមិ គម្បី​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ដោយ​ផ្តល់​​ការ​គាំ​ទ្រ​ដល់​ពួក​គេ​ឱ្យ​បាន​សម​ស្រប​ និង​ទាន់​ពេល​វេលា​ ជៀស​វាង​ការ​ស្តី​បន្ទោស​ ឬ​ដាក់​ទណ្ឌ​កម្ម​ដល់​អ្នក​មាន​បញ្ហា​ ដោយ​យើង​គិត​ថា​គេ​បាន​ប្រព្រឹត្ត​កំហុស​ ឬ​ការ​ខុស​ឆ្គង​អ្វី​មួយ​​ ដែល​ជា​ភាព​អាម៉ាស​សម្រាប់​គ្រួសារ​និង សហគមន៍ ឬ​ជា​ការ​អាម៉ាស់​សម្រាប់​ខ្លួន​គេផ្ទាល់​។

ក្រុម​គ្រួសារ​គប្បី​ព្យាបាល និង​ឃ្លាំ​មើល​អ្នកជំងឺ​ជាប្រចាំ​ ព្រោះ​អ្នក​ជំងឺ​អាច​គិត​ខុស​ ហើយ​អាច​ធ្វើ​ទុក្ខ​ទោស​ចំពោះ​ខ្លួន​ឯង​បាន  (ធ្វើ​អត្ដ​ឃាត​) ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​។

ត្រូវ​យក​វត្ដុ​ ឬ​របស់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ចេញ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដូច​ជា​ខ្សែ​ កាំ​បិត​ កន្ត្រៃ​ ឬ​កាំ​ភ្លើង​ជា​ដើម ដើម្បី​បង្ការ​កុំ​អោយ​គេ​សម្លាប់​ខ្លួន​។

គប្បី​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់​នូវ​រឿង​រ៉ាវ​របស់​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​ឱ្យ​គេ​និយាយ​បាន​ហូរ​ហែ​អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​គេ​ធ្លាក់​ទឹក​ចិត្ត​។

លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ជំងឺ​បញ្ចេញ​អារម្មណ៍​សោក​សៅ​របស់​គេ​ ដូច​ជា​បើ​នៅ​ពេល​គេ​យំ​ ត្រូវ​ទុក​ឱ្យ​គេ​យំ​ឱ្យ​អស់​ចិត្ត​។

ត្រូវ​ពោល​ពាក្យ​លួង​លោម​ និង​លើក​ទឹក​ចិត្ត​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​ការ​គោរប​ជឿ​ជាក់​ចំពោះ​ខ្លួន​ឯង​ ដោយ​យល់​ថា ខ្លួន​ជា​មនុស្ស​មាន​តម្លៃ​។

Advertisements
ចំណាត់ក្រុម ៖សុខភាពនឹងជីវិត
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: