សិល្បៈ​សៀក​ខ្មែរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​កុម្ភៈ ឆ្នាំ 2010 បញ្ចេញមតិ Go to comments

កាល​ពី​ប៉ុន្មាន​សប្តាហ៍មុន​​នេះ​ខ្ញុំ​បាន​រៀប​ចំ​កន្លែង​ដាក់​សៀវ​ភៅ​ក៏​ បាន​ឃើញ​យក​សៀវ​ភៅ​ពុម្ព​ថ្នាក់​ទី​១២ ដែល​ខ្ញុំ​ឆ្លាប់​រៀន​កន្លង​ទៅ​មក​មើល​ស្រាប់​តែ​នឹក​ឃើញ​ ការ​សិក្សា​អំ​ពី​ អំណាន​ សិល្បៈ​សៀក​ខ្មែរ​ដែល​លោក​គ្រូ​របស់​ខ្ញុំ​គាត់​បាន​អោយ​ចុះ​ទៅ​ថត​រូប​តាម​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​បរិវាណ​អង្គរ​ធំ​ និង​ព្រលាន​ប្រជល់​ដំរី​ក្នុង​ក្រុង​អង្គរ (ខេត្ត​សៀមរាប​) ។ អត្តបទ​នេះ​ពិត​ជា​មាន​ប្រយោជន៍​ណាស់​ព្រោះ​កាល់​ពី​មុន​ខ្ញុំ​ស្មាន​ថា​​​ខ្មែរ​យើង​ទើប​តែ​មាន​សិល្បៈ​ប្រភេទ​ ​នេះ​ទេ តែ​ពេល​បាន​ចុះ​ស្រាវ​ជ្រាវ​និង សិក្សារ​តាម​អត្ត​បទ​អំណាន​ក្នុង​សៀវ​ភៅ​មក​ទើប​ខ្ញុំ​កាន់​តែ​យល់​ច្បាស់​អំពី​សិល្បៈ​នេះ​ទៀត​ថា​ខ្មែរ​មាន​​សិល្បៈ​សៀក​​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​មិនមែន យក​ពី​បរទេស​ឬ​ ក៏​ទើប​តែ​មាន​ក្នុង​សម័យ​ថ្មី​នេះ​​ដែរ​ ។

អត្ត​បទ​អំណាន​សិល្បៈ​សៀក​ខ្មែរ​មាន​ខ្លឹម​សារ​ដូច​តទៅ​៖

រហូត​ ដល់​បច្ចុប្បន្ន​នេះ​គេ​ពុំ​ទាន់​ដឹង​ទេ​ថា​បុព្វ​បុរស​ខ្មែរ​យើង​ក្នុង​សម័យ​អតីត​កាល បាន​ប្រើ​ពាក្យ​ហៅ សិល្បៈ​មួយ​ប្រភេទ ដែល​ប្រកប​ដោយ​​ភាព​ប៉ិន​ប្រសប់​ខុស​ពី​ធម្មតា​នោះ​ទេ ។
សិល្បៈ​សៀក​កើត​មក​ពី​ការ​ប៉ិន​ប្រសប់​របស់​មនុស្ស​ក្នុង​មុខ​របរ​រក​ស៊ី​នីមួយ​ៗ ​។ ដូច​ជា​អ្នក​ឡើង​ដើម ​ត្នោត​ដែល​ធ្លាប់​ឡើង​ដើម​ត្នោត​ដោយ​បង្អោង​ អាច​សួ​ឆ្លង​ទៅ​កាន់​ដើម​ត្នោត​មួយ​ទៀត​ដែល​នៅ ជិត​យ៉ាង​ប៉ិន​ប្រសប់​ដោយ​មិន​បាច់​ចុះ​ពី​ដើម​មួយ​ហើយ​ឡើង​ទៅ​ដើម​មួយ​ទៀត​នោះ​ទេ ។ ព្រាន​ប្រមាញ់​ក្លាហាន​ពេល​ជួប​ប្រទះ​សត្វ​អាច​ហ៊ាន​ប្រយុទ្ធ​កាច់​ចំបាប់​យ៉ាង​អង់​អាច​ជា​មួយ​សត្វ ​ព្រៃ​ដ៏​សាហាវ​អោយ​ចុះ​ចាញ់​បាន​ ។ មុខ​របរ​ម៉្យាង​ទៀត​ គឺ​ការ​ប៉ិន​ប្រសប់​របស់​កីឡា​ករ​ដ៏​ពូ​កែ​ល្បី​ៗ ដូច​ជា​កីឡាករ​ជិះសេះ​ រត់​ លោត​ ប្រដាល់​ ការ​ប្រយុទ្ធ​រវាង​មនុស្ស​និង​មនុស្ស ​ការ​ប្រយុទ្ធ​រវាង​មនុស្ស ​និង​សត្វ​យ៉ាង​ស្ទាត់​ជំនាញ់ ។
តាម​ការ​ស្រាវ​ជ្រាវ​ នៅ​តាម​តំបន់​ចុង​កាត់​មាត់​ញក​ ជា​ពិសេស​នៅ​តំបន់​ព្រៃ​ភ្នំ​ប្រហែល​ជា សិល្បៈ​ខាង​ លើ​នេះ​មាន​ឈ្មោះ​ថា ​“ល្បែង​ឆ្ពិន​ភ្នែក”
គួរ​រំលឹក​ឡើង​វិញ​ថា​ នៅ​ប្រទេស​អឺ​រ៉ុបកា​រ​បង្ហាញ​ភាព​ប៉ិន​ប្រសប់​របស់​មនុស្ស​ផ្ទាល់​ ឬ​ការ​ប៉ិន​ប្រសប់ របស់​មនុស្ស​ដែល​ផ្សាំង​បង្ហាត់​សត្វ​ ចេះ​តែ​ប្រដេញ​ទៅ​រក​ការ​រីក​ចំរើន​ជានិច្ច​ ។ កា​រក​កើត​នេះ​គឺ​មាន​តាំង​ ពី​សម័យ​មុន​គ្រិស្ត​រាជ​ម្ល៉េះ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ប៉ិន​ប្រសប់​ ។ ​វា​អាច​ក្លាយ​ជា​សិល្បៈ​បាន​លុះ ​ត្រា​វា​បូក​ផ្សំ​ជា​មួយ​និង​សោ​ភ័ណ​ភាព​ទៀត ។ តាម​រយៈ​នេះ​សិល្ប​ករ​គេ​ជា​មនុស្ស​ មាន​និស្ស័យ​ ខាង​រក​សិល្ប៍​វិធី​ ដើម្បី​អាច​ស្រូប​ឆក់​ទាញ​អារម្មណ៍​ទស្សនិក​ជន​មក​លើ​សិស្បៈ​នេះ​អោយ​ជក់​ចិត្ត​ ។
រី​ឯ​នៅ​ប្រទេស​កម្ពុជា​យើង​វិញ​ សិល្បៈ​ពិសេស​នេះ​ត្រូវ​គេ​ជួប​ប្រទៈ​តាម​រយៈ​រូប​ចំលាក់​បុរាណ​តាម ជញ្ជាំង​ប្រាសាទ​នានា​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ។
សូម​បញ្ជាក់​ថា​នៅ​ពាក់​កណ្តាល​សតវត្ស​ទី​១៨​លោក​ ហ្វី​លីព​អាស់​គ្លេយ (Philippe Astley) ជា​ជន ជា​អង់គ្លេស បាន​ប្រមូល​សិល្បៈ​ប្រភេទ​នេះ​មក​សំដែង​នៅ​រង្គ​មណ្ឌល (A mphithéàtre) ។ បន្ទាប់​មក នៅ​ចុង​សតវត្ស​ទី ១៨ លោក ហ្រ្វង់​កូនី (Franconi) សញ្ជាតិ​បារាំង​មាន​ដើម​កំណើត ​ជា​ជនជាតិ​អ៊ីតាលី​បាន​សង់​រោង​មួយ​រៀប​ឆាក​រាង​រង្វង់​មូល ទំ​ហំ​អង្គត់​ផ្ចិត ១៣​ម៉េត​សំរាប់​ សំដែង​ សិល្បៈ​នេះ ​ជូន​ទស្សនិក​ជន​ទស្សនា​ជុំវិញ ​។ ​ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ហៅ​សិស្បៈ​ប្រភេទ​នេះ​ថា “សៀក” (Cirque) ដែល​មាន​ដើម​កំណើត​តាំង​ពី​សម័យ​ក្រិច​បុរាណ​មក​ម្ល៉េះ​ហើយ​មាន​ន័យ​ថា “រង្វង់” ។ រី​ឯ​ពាក្យ​រង្វង់​មូល​ក្នុង​ភាសា​បារាំង​ថា “Cercle” ចំណែក​ភាសា​អង់​គ្លេស​ថា “Circle”
ចំពោះ​ប្រទេស​កម្ពុជា​ ដែល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ទេព​កោសល​សិស្បៈ​នោះ​ ក៏​សំបូរ​ទៅ​ដោយ ​សិស្បៈ​នេះ​គ្រប់​ប្រភេទ​ដែរ​ ។ ​រូប​ចំលាក់​នៅ​ប្រាសាទ​បាយ័ន​ ព្រ​លាន​ជល់​ដំរី​ និង​ព្រលាន​ស្តេច​គំលង់​ ជា​ភស្តុ​តាង​បញ្ជាក់​ថា​ខ្មែ​រយើង​មាន​សិស្បៈ​សៀក​នេះ​ជា​យូរ​យារ​ណាស់​មក​ហើយ​ ។

១. បច្ចេក​ទេស​ត្រែះ​កង់​រទេះ​ដោយ​ជើង បច្ចេក​ទេស​លំនឹង​(ចំលាក់​នៅ​ប្រាសាទ​បាយ័ន​ប៉ែក​ ខាង​ជើង)​ ។
២. បច្ចេក​ទេស​លំនឹ​ង អម​ដោយ​តន្ត្រីករ​កាន់​ស្គរ​ និង​ឈិង (ចំលាក់​នៅ​ប្រាសាទ​បាយ័ន​ប៉ែក​ខាង​កើត​) ​។

បច្ចេក​ទេស​លំនឹ​ង អម​ដោយ​តន្ត្រីករ​កាន់​ស្គរ​ និង​ឈិង

៣. បច្ចេក​ទេស​រហស្ស​កម្ម (ឆ្ពិន​ភ្នែក) អម​ដោយ​តន្ត្រី​ករ​កាន់​ឈិង និង​ស្គរ (ចំលាក់​នៅ​ប្រាសាទ​ព្រលាន​សេ្តច​គំលង់​) ។

៤. បច្ចេក​ទេស​លំនឹង​នៅ​ប្រាសាទ​បាយ័ន​តាម​ជើង​សសរ​ស្តម្ភ​ប៉ែក​ខាង​កើត ។

៥. បច្ចេក​ទេស​អាក្រូ​បាត នៅ​ព្រលាន​ប្រជល់​ដំរី ។

បច្ចេក​ទេស​អាក្រូ​បាត នៅ​ព្រលាន​ប្រជល់​ដំរី

៦. បច្ចេក​ទេស​បង្ហាត់​សត្វ នៅ​ប្រាសាទ​បាពូន ។

បច្ចេក​ទេស​បង្ហាត់​សត្វ នៅ​ប្រាសាទ​បាពូន

៧. បច្ចេក​ទេស​កាយ​សម្ព័ន្ធ នៅ​ព្រលាន​ប្រជល់​ដំរី ។

បច្ចេក​ទេស​កាយ​សម្ព័ន្ធ នៅ​ព្រលាន​ប្រជល់​ដំរី

៨. បច្ចេក​ទេស​លំ​នឹង (ការ​ជិះ​នៅ​លើ​រទេះ​សេះ​ហើយ​ឈរ​ជាន់​លើ​គ្នា​ដោយ​ទ្រ​ចាន​) នៅ​ព្រលាន​ប្រជល់​ដំរី ។

បច្ចេក​ទេស​លំ​នឹង (ការ​ជិះ​នៅ​លើ​រទេះ​សេះ​ហើយ​ឈរ​ជាន់​លើ​គ្នា​ដោយ​ទ្រ​ចាន​) នៅ​ព្រលាន​ប្រជល់​ដំរី

នៅ​សតវត្ស​ទី​២០ គេ​បាន​ចែក​សិស្បៈ​សៀក​ជា ៨ ឯក​ទេស​គឺ ឯក​ទេស​លំនឹង ​ត្រែះ​ អត្ត​ពល​កម្ម កាយ​សម្ព័ន្ធ​ ការ​បង្ហាត់​សត្វ​ កំប្លែង រហ​ស្ស​កម្ម និង​អាក្រូ​បាត (ការ​ដើរ​លើ​ចុង​ជើង​ហក់​ឡើង​ទៅ​លើ​)
ក្នុង​ចំណោម​ឯក​ទេស​ទាំង​អស់​ខាង​លើ​នេះ​ បាន​ស្ថិត​ស្ថេរ​ និង​រស់​នៅ​ជិត​ស្និត​នឹង​ប្រជា​រាស្រ្ត ខ្មែរ​ដូច​ជា​ពាក្យ​សាមញ្ញ​ថា “សិស្បៈ​ឆ្ពិន​ភ្នែក​ ប្រភេទ​នេះ​គេ​ចាត់​ចូល​ក្នុង​ឯក​ទេស​រហស្ស​កម្ម ។ ល្បែង​ត្រែះ​ជា​ល្បែង​មួយ​ប្រភេទ ដែល​កូន​ខ្មែរ​និយម​លេង​តាំង​ពី​នៅ​កុមារ​ភាព​ ។ ការ​បង្ហាត់​សត្វ​ស្វា ដំរី ការ​រត់​ប្រណាំង​ការ​ជិះ​សេះ​ ការ​លើក​ទំងន់​ ល្បែង​ចំ​បាប់ ចោល​ស្ន បាញ់​ព្រួញ​ សិល្បៈ​កំប្លុក​កំប្លែង​ គឺ​ជា​ប្រភព​នៃ​សិល្បៈ​សៀក​នេះ​ដែរ​ ។
ប៉ុន្តែ​ការ​កើត​មាន​នៅ​សម័យ​អង្គរ​ដ៏រុង​រឿង​នោះ មិន​បាន​ដំណើរ​ការ​ទៅ​រក​ការ​អភិវឌ្ឍន៍​ទៀត​ឡើយ ព្រោះ​ប្រទេស​បាន​ស្រុត​ធ្លាក់​ចុះ​ក្រោយ​សម័យ​អង្គរ​ ។ ដូច្នេះ​សិល្បៈ​នេះ​ក៏​ត្រូវ​ស្ទះ​គាំង​ដែរ​ព្រោះ​សិស្បៈ​អាច​ឈាន​ទៅ​រក​ភាព​ជឿន​លឿន​បាន ​គឺ​អាស្រ័យ​លើ​ពេល​វេលា​ក្នុង​ការ​ហាត់​សម ការ​ប្រើ​បច្ចេក​ទេស​វិទ្យា​សាស្រ្ត ការ​វិភាគ​សិក្សា​លើ​បច្ចេក​ទេស និង​ការ​ប្រើ​ថាមពល និង​កំលាំង​ចិត្ត ។
ការ​ខក​ខាន​អាច​បណ្តាល​អោយ​ថយ​ចុះ​ជា​បណ្តើរ​ៗ និង​ឈាន​ទៅ​រក​ការ​បាត់​បង់​ពេល​ណា​មួយ ដែល​យើង​ លែង​នឹក​នា​ដល់​ ។ ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​នេះ យើង​នៅ​មាន​សិស្បៈ​សៀក​ខ្លះ​ដែរ​នោះ ក៏​គេ​យល់​ថា​សិល្បៈ​សៀក​ជា​សិល្បៈ​ថ្មី​ ទើប​តែ​ឈាន​ចូល​ក្នុង​ស្រុក​ខ្មែរ​ដោយ​សារ​បរទេស ។ ជាក់​ស្តែង​ការ​សំដែង​ជា​សាធារណៈ​របស់​កុល​បុត្រ​កុល​ធីតា​ខ្មែរ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍ លើក​ទី​១ នៅ​ពហុ​កីឡា​ដ្ឋាន​ជាតិ​ឆ្នាំ​ ១៩៨១ មាន​ទស្សនិក​ជន​រាប់​ម៉ឺន​នាក់​មក​ចូល​ទស្សនា​យ៉ាង​គគ្រឹក​គគ្រេង ។ ថ្ងៃ​មុន​នៃ​អ្នក​ទស្សនា​សំដែង​ការ​រំភើប​ និង​កោត​សរសើរ​ចំពោះ​ក្មួយ​ៗ​ថា “កូន​ខ្មែរ​មិន​អន់​ទេ ហាត់​សិល្បៈ​របស់​គេ​ក៏​ទៅ​រួច​ខ្លាំង​ណាស់​ដែរ​” ។ ​ចាស់​ៗ​នៅ​តាម​ជន​បទ​មិន​ធ្លាប់​ដែល​បាន​ឃើញ ទាល់​តែ​សោះ​នូវ​ការ​សំដែង​បច្ចេក​ទេស​ដែល​ប្រើ​ដង​ខ្លួន​ហក់​លោត ប្រតេង​ប្រតោង​ពី​ទី​មួយ​ទៅ​ទី​មួយ​ក្នុង​លំហ​មាន​ការ​ភិត​ភ័យ​យ៉ាង​ខ្លាំង​ស្ទើរ​ផុត​ដង្ហើម​ គាត់​ពោល​ថា “​សិល្បៈ​នេះ​សាហាវ​ណាស់! មិន​ដូច​សិល្បៈ​ខ្មែរ​ទេ…” ។ គាត់​ភេ្លច​និង​គិតទៅ​ដល់​ភាព​ប៉ិន​ប្រសប់ ​របស់​អ្នក​ឡើង​ត្នោត អាច​សួ​ឆ្លង​ពី​ដើម​ត្នោត​មួយ​ទៅ​ដើម​ត្នោត​មួយ​ទៀត​ ដោយ​មិន​បាច់ ​ចុះ​ឡើង​ៗ​ឡើយ​ ។
នៅ​សម័យ​ឆ្នាំ​ ១៩៨០ ​កន្លង​មក​នេះ​ ការ​ប្រគំ​តន្រ្តី​កំដរ​សៀក​ គេ​និយម​យក​តន្ត្រី​បស្ចឹម​ប្រទេស​កំដរ ព្រោះ​គេ​យល់​ថា​ពណ៌​សប្បុរ​សិល្បៈ​នេះ​ វា​ត្រូវ​តែ​យក​តន្ត្រី​ប្រភេទ​នេះ​កំដរ​បាន​ស៊ី​ចង្វាក់​គ្នា ។ នៅ​សម័យ​អង្គរ​ គេ​ឃើញ​ថា​ ខ្មែរ​មាន​វង់​តន្រ្តី​សំរាប់​ប្រគំ​កំដរ​ក្នុង​ការ​សំដែង​សៀក​នេះ ។ យើង​មិន​ដែល​ជួប​ប្រទះ​នឹង​ឯក​សារ​ណា​មួយ​ អធិប្បាយ​ពី​បទ​ដែល​ត្រូវ​លេង​កំដរ​សិល្បៈ​សៀក​ក៏​ពិត​មែន​ តែ​រូប​ភាព​នៅ​តាម​ប្រាង្គ​ប្រាសាទ​នា​នា បាន​ពន្យល់​ប្រាប់​យើង​ថា​ខ្មែរ​យើង​មាន​តន្រ្តី​សំរាប់​សំដែង​សិល្បៈ​សៀក​ពិត​ប្រាក​ដ​មែន ​។

(ដក់​ស្រង់ និង​កែ​សំម្រួល​ចេញ​ពី តន្ត្រី និង​ជីវិត​ខ្មែរ ទំព័រ ២៣៧-២៣៨ ឆ្នាំ​១៩៩៥ របស់​អ្នក​ស្រី កែវ​ណា​រុំ)

ថត​រូប​​ដោយ៖ វីក

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​មេសា ឆ្នាំ 2012 ម៉ោង 5:15 នាទី (ល្ងាច)
  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 ម៉ោង 11:34 នាទី (ព្រឹក)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: