បានដាក់ប្រកាសនៅ ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2010
Lundi Lay

បើយើងធ្វើដំណើរចេញពីក្រុង តាខ្មៅនៅលើកំណាត់ផ្លូវជាតិលេខ ២ ឆ្លងស្ពានព្រែកហូរ នោះ ហើយ ក្រឡេកមើលខាងស្តាំដៃនោះ យើងនឹងបានឃើញវត្តមួយនៅគល់ ស្ពានត្រើយខាង ត្បូងដែលមានឈ្មោះថា វត្តព្រះពុទ្ធអណ្តែត ។ វត្តនោះមានរបង និង ខ្លោងទ្វារ ទើបលាប ថ្នាំពណ៌មាសថ្មីៗទំនងដូចជាទើបកសាងថ្មី មិនខុសពីវត្តដទៃប៉ុន្មានឡើយ ។ បើយើងចូលទៅ ក្នុងខ្លោងទ្វារវត្តបន្តិចនោះ យើងនឹងបានឃើញប្រាសាទមួយយ៉ាងល្អអស្ចារ្យដូចវិមានសួគ៌ពិតៗ ដែលពីមុនមកយើងពុំបានឃើញវត្តណាសង់បែបនេះឡើយ ។
ប្រាសាទដែលគួរជាទីទាក់ទាញនោះមានឈ្មោះថា ប្រាសាទ ព្រះម៉ែធរណី ឬ ប្រាសាទព្រះមាតា ។ ប្រាសាទនេះ ត្រូវបានគេសង់ នៅកណ្តាលស្រះទឹកដ៏ធំមួយនៅខាងមុខព្រះវិហារ ដែលមានកំពូល មួយយ៉ាងខ្ពស់ឡើងទៅលើតួ ប្រាសាទលម្អទៅដោយក្បាច់រចនាល្អ អស្ចារ្យ និង រំលេចទៅដោយពន្លឺពណ៌មាស គួរជាទីទាក់ទាញក្រៃលែង ។ ប្រាសាទព្រះធរណី ត្រូវបានសង់ដោយមានទ្វារចូលចំនួន បួន ទីមួយ បែរមុខទៅទិសខាងកើត, ទីពីរ បែរមុខទៅទិសខាង លិច , ទីបី បែរមុខទៅទិសខាងត្បូង និង ទីបួន បែរមុខទៅទិសខាង ជើង ។ នៅក្នុងតួប្រាសាទពណ៌មាសនេះគេសង្កេតឃើញមានដាក់ តាំងតែរូបសំណាកនាងគង្ហីងព្រះធរណីពណ៌មាសតែមួយគត់ ដែល ម្ចាស់នៃការសាងសង់ប្រសិទ្ធនាមឱ្យថា “រូបព្រះម៉ែ” ព្រមទាំងមាន ការរៀបតុបតែងរចនាយ៉ាងល្អអស្ចារ្យទៀតផង ។
នៅខាងមុខប្រាសាទគ្រប់ទិសទាំង ៤ នៃទ្វារទាំងអស់សុទ្ធតែ មានសង់ស្ពានចូលកាត់ស្រះសំដៅទៅរកប្រាសាទដែលមានពណ៌ ប្រាក់ ដែលបង្កាន់ដៃផ្លូវចូលនីមួយៗរំលេចទៅដោយរូបចម្លាក់ផ្កាឈូក ព្រះបដិមាផ្សេងៗយ៉ាងរស់រវើក ។ នៅជុំវិញស្រះនោះមានសង់សួន ច្បារដែលមានផ្កាចម្រុះពណ៌ ព្រមទាំងមានរូបចម្លាក់ផ្សេងៗជាច្រើនទៀត ត្រូវបានគេ សង់ដើម្បីលម្អ ឬក៏សង់ឡើងក្នុងអត្ថន័យអ្វី មួយ ។ នៅខាងលិចស្រះមានសង់ជារូបសត្វ ទាំងដប់ពីរដែលតំណាងឱ្យឆ្នាំទាំងដប់ពីរយ៉ាង ស្រស់ស្អាត បែរមុខទៅរកទិសខាងកើត ។
នៅខាងត្បូងស្រះទឹកថ្លាឈ្វេងដែលរំលេចទៅដោយប្រាសាទពណ៌មាស និង ស្ពាន ចូលពណ៌ប្រាក់នោះមានសង់អាស្រមមួយតូចល្មម ដែលនៅក្នុងអាស្រមនោះមាន ដាក់តម្កល់រូបសំណាកព្រះអង្គចេកព្រះអង្គចម ដែលត្រូវបានគេចម្លងដូចគ្នានឹង ព្រះអង្គចេកព្រះអង្គចមនៅខេត្តសៀមរាបដែរ ។ ខាងមុខអាស្រមនោះមានសង់ រូបសំណាកនាគរាជមួយគូនៅអមសងខាងផ្លូវចូលហាក់បីដូចជានាគរាជទាំងពីរនោះ ជាអ្នកយាមផ្លូវការពារព្រះដូច្នេះដែរ ។
នៅក្នុងបរិវេណវត្តព្រះពុទ្ធអណ្តែត ក្រៅពីការសាងសង់សំណង់ថ្មីទាំង ពីរនេះ មានសំណង់ថ្មីៗជាច្រើនទៀតត្រូវបានគេកសាង និង ជួសជុលសារជាថ្មី ៕
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2010
Lundi Lay


ប្រាសាទព្រះពិធុរ ឬព្រះពិធូរ គឺជាក្រុមបា្រសាទ៥ខ្នង ដែលមានសភាពទ្រុឌទ្រោមខ្លាំងណាស់ ប៉ុន្តែរូបចម្លាក់ដេលលម្អប្រាសាទនៅមានសភាពល្អនៅឡើយ ទោះបីជាប្រាសាទនេះជាប្រាសាទនៅក្នុង ក្រុមព្រះនរគរហ្លួងស្ថិតនៅមាត់ផ្លូវក្នុងព្រៃព្រឹក្សាលតា ជាតិក៏ដោយក៏មិនសូវបានទទួលការចាប់អារម្មណ៍ពី អ្នកទេសចរឲ្យមកទស្សនា ប្រាសាទនេះប៉ុន្មានឡើយ ។ ប៉ុន្តែប្រសិនបើយើងមានពេលវេលាគួរតែមកទស្សនា គ្រាន់បានផ្លាស់ប្តូរបរិយាកាស ។
តើប្រាសាទព្រះពិធូរមានអ្វីទស្សនាខ្លះ ?
- សសរមូល ចម្លាក់នៃប្រាសាទខាងត្បូង
បា្រសាទទិសខាងត្បូងនៅទល់មុខនិងប្រាសាទទេពប្រណម្យ មានជណ្តើរនាគតភ្ជាប់ និងគោបុរៈ នៃកំពែងប្រាសាទយើងសង្កេតឃើញសសរមូលឆ្លាក់ជាក្បាច់ភ្ញី ទ្រទប់ ក្រោមជណ្តើរនាគ មានលក្ខណៈស្អាត ហើយស្រដៀងនិងជណ្តើរនាគនៃប្រាសាទ អង្គរវត្តដែរ ។ ខាងឆ្វេងនិងខាងស្តាំជាប់និងប្រឡាយទឹក ពេលដែលយើងដើរកាត់គោបុរៈខាងលិចនឹងបានឃើញបា្រសាទដែលតាំងនៅលើគ្រឹះកម្ពស់ ៦ម៉ែត្រ ចែកចេញជា៣ជាន់ ។
តួប្រាសាទមានលក្ខណៈជាបន្ទប់បួនជ្រុងការ៉េ ទំហំ៣ ម៉ែត្រ ផ្នែកខាងលើនៃប្រាសាទត្រូវបានបាក់ បែកខូចអស់នៅសល់តែជញ្ជាំង និងស៊ុមទ្វារ ទាំង៤ទិស ។ នៅលើជញ្ជាំងមានរូបទេវតានិងប្រភេទឈើ ។ នៅលើកម្រាលវិហារ មានបំណែកផ្តែរដែលឆ្លាក់ជារូបភាពកូរសមុទ្រទឹកដោះ ។ នៅចំកណ្តាលប្រាសាទ មានទម្រលិង្គព្រះឥសូរលើជើងគ្រឹះយោនី ។ ផ្នែកខាងក្រោយនៃប្រាសាទនេះមាន ប្រាសាទមួយខ្នង ទៀតនៅមានរូបព្រះសិវៈព្រះវិស្ណុ និងព្រះព្រហ្ម នៅលើរូបមុខអសុរៈ ។ ចំណែកឯផ្តែរខាងជើងមានរូប កូរសមុទ្រទឹកដោះ។ផ្នែកក្រោយបង្អស់នៃកំពែង ប្រាសាទខាងកើតជាប្រឡាយទឹក នៅរដូវប្រាំង យើងអាចដើរឆ្លងកាត់ទៅកាន់ ប្រាសាទដែលនៅទិសខាងកើតប្រហែលជា១០០ម៉ែត្រ ។ ប្រាសាទខាង កើតនេះមាន ទំហំធំជាងប្រាសាទពីរដំបូង បើទោះបីជាក្បាច់ផ្កាភ្ញីនៃប្រាសាទមិនទាន់ល្អប្រណីតក៏ ដោយ ប៉ុន្តែយើងអាចយល់បានថា ប្រាសាទនេះកសាងឡើងទៅតាមជំនឿសាសនា ព្រះពុទ្ធ ក្នុងពេលដែលប្រាសាទ៤ខ្នងទៀតជារបស់សាសនាហិណ្ឌូ ។ ខាងក្នុងមាន ចម្លាក់ព្រះពុទ្ធរូបជាជួរវែងនៅលើជញ្ជាំងពីលើទ្វារចូលប្រាសាទ និងមានផ្តែរតាមព្រះ ពុទ្ធប្បវត្តិ ។
នៅមានប្រាសាទដែលគួរឲ្យចាប់អារម្មណ៍មួយកន្លែងទៀតនៅទិសពាយព្យ ។ ប្រាសាទនេះមាន តួប្រាសាទដែលធំបំផុតក្នុងចំណោមក្រុមប្រាសាទព្រះពិធូរ ។ ប្រាសាទនេះមានរាង៤ជ្រុងការ៉េ ទំហំ៤ម៉ែត្រ នៅខាងក្នុងមានជើងទម្រលិង្គ ព្រះឥសូរ យ៉ាងធំ ប៉ុន្តែឆ្លាក់មិនទាន់រួចរាល់នៅឡើយឆ្ងាយពីប្រាសាទនេះ ទៅខាងជើងមិនឆ្ងាយប៉ុន្មាននៅមានបា្រសាទមួយទៀតដែលមើលទៅសាមញ្ញមិនមានរបៀង ប៉ុន្តែក៏មានចំណុចដែលគួរឲ្យចង់ទស្សនាដែរ គឺនៅត្រង់ ហោងជាងនិងផ្នែកចំហៀង ហោជាងមាន ចម្លាក់ពេលដែលព្រះក្រឹស្នាបង្រ្កាបព្រះចៅកុ្រងពាររូបបង្ហាញពីក្បាច់ គុននិងរូបពាលីប្រយុទ្ធជាមួយសុគ្រីព ៕
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010
Lundi Lay

- ប្រាសាទ ធម្មានន្ទ
ប្រាសាទធម្មានន្ទមានទីតាំងនៅគីឡូម៉ែត្រលេខពីរ ផ្លូវវង់តូច ដែលចេញតាមទ្វារជ័យ នគរធំ មានប្រាសាទពីរនៅទន្ទឹមៗគ្នា ។ បា្រសាទមួយស្ថិតនៅខាងជើងផ្លូវឈ្មោះថា ប្រាសាទធម្មានន្ទ ចំណែកឯប្រាសាទមួយទៀតដែលស្ថិតនៅខាងត្បូងផ្លូវឈ្មោះថា បា្រសាទចៅសាយ ។
ប្រាសាទធម្មានន្ទគឺជាប្រាសាទដែល មានខ្នាតតូចដែលព័ទ្ធជុំវិញដោយប្រឡាយទឹក ដែលជនជាតិខ្មែរយើងមានជំនឿថា ប្រឡាយទឹកនេះជាប្រឡាយទឹកដែលឡោមព័ទ្ធភ្នំ ព្រះសុមេរុ ។ ប្រាសាទនេះខុសពីប្រាសាទចៅសាយត្រង់ថា មានធម្មមន្ទីរមួយកន្លែង នៅខាងស្តាំដៃ ឬនៅទិសខាងត្បូងនៃប្រាសាទ ។ ចំណែកប្រឡាយទឹកសព្វថ្ងៃនេះរីង គោកអស់ទៅហើយ ។
តើប្រាសាទធម្មានន្ទមានអ្វីទស្សនាខ្លះ?
រូបចម្លាក់នៅសសរទ្វារខាងមុខ។មានរូបទេពអប្សរាដ៏មានសម្រស់ស្រស់ស្អាតដូចអប្សរានៅបា្រសាទអង្គរវត្តដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺមានរូបទេពអប្សរានៅជាមួយនិង រូបចម្លាក់ទ្វារបាល ។
ផ្តែរខាងក្នុងមានរូបចម្លាក់ព្រះនារាយណ៍ទ្រង់គ្រុឌ ព្រះនារាយណ៍កន្ធែកព្រះបាទនៅលើស្មាគ្រុឌ មានអាវុធគ្រប់ដៃ ។ ចំណែកឯគ្រុឌវិញបានយកក្បាលវែកត្រសុលនាគចេញមក ពាក់កណ្តាល ដូច្នេះហើយបានជាមានក្បាលនាគម្ខាងពីរ ។ គេអាចចាត់ទុកថាប្លែក ហើយទិដ្ឋភាពបែបនេះគឺមានតែនៅបា្រសាទធម្មានន្ទ រីឯប្រាសាទផ្សេងៗទៀតមិន មានឡើយ ។
តួប្រាង្គប្រាសាទ
ក្បូរក្បាច់រចនាមានទាំងរូបមនុស្ស និងសត្វ ប្រភេទផ្សេងៗជាច្រើនឆ្លាក់រូបចម្លាក់ផុស លម្អនៅតាមផ្នែកផ្សេងៗដូចជាជញ្ជាំងមុខប្រាសាទ និង ជើងគ្រឹះនៃប្រាសាទ ។
នៅតាមគោបុរៈ
នៅមុខប្រាសាទមានរូបចម្លាក់សត្វគ្រុឌឈរពត់ខ្លួននៅលើជ្រុងកែងដំបូលនៃគោបុរៈ យ៉ាងស្រស់សង្ហារ ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយមាន៖
១. ប្រាសាទ អង្គរវត្ត
២. ប្រាសាទបន្ទាយសំរ៉ែ
៣. ប្រាសាទចៅសាយ
៤. ប្រាសាទព្រះពិធូរ
៥. ប្រាសាទបេងមាលា
៦. ប្រាសាទភិម៉ៃ (ខេត្តនគររាជសីមា សព្វថ្ងៃជារបស់ថៃ )
៧. ប្រាសាទភ្នំរុង (ខេត្តបុរីរម្យ សព្វថ្ងៃជារបស់ថៃ)
៨. ប្រាសាទវត្តភូ (សព្វថ្ងៃនៅប្រទេស ឡាវ) ។
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010
Lundi Lay

- ប្រាសាទ ចៅសាយទេវព្តា
ប្រាសាទចៅសាយទេវព្តាមានទីតាំងស្តិតនៅម្ខាងផ្លូវនៃប្រាសាទធម្មានន្ទជាប្រាសាទខ្នាតជំទើរកសាង បែរមុខទៅទិសខាងកើតមានក្បូរក្បាច់រចនាល្អវិចិត្រមិនខុសពីប្រាសាទអង្គរវត្តប៉ុន្មានឡើយ ។ ប្រាសាទនេះជាប្រាសាទគូគ្នានឹងប្រាសាទធម្មានន្ទ ពីព្រោះនៅជិតគ្នា។ប្រាសាទចៅសាយនេះកសាង ដោយព្រះបាទសូរ្យវរ្មន ទី២ ហើយកសាងបន្ថែមដោយព្រះបាទយសោវរ្ម័ន ទី២ រហូតចប់សព្វគ្រប់ក្នុង សម័យព្រះបាទជ័យវរ័្មន ទី៧ ។
ផ្លូវដែលឆ្លងកាត់ប្រាសាទនេះនៅទិសខាងជើង ដូច្នេះហើយបានជាភ្ញៀវទេសចរច្រើនដើរចូលទៅ កាន់ប្រាសាទតាមផ្លូវទិសខាងជើង។ប៉ុន្តែផ្លូវចូលកាលពីសម័យមុនគឺនៅផ្លូវទិសខាងកើត។ប្រាសាទ ចៅសាយនេះមានការទ្រុឌទ្រោមខ្លាំងប៉ុន្តែបានធ្វើការ ជួសជុលជាបន្តបន្ទាប់ ។
តើប្រាសាទចៅសាយមានអ្វីទស្សនាខ្លះ?
ផ្លូវចូលប្រាសាទតាមទិសខាងកើតពីគោបុរៈមានស្ពានដែលមាន សរសរមូលៗទប់ទ្រជាហូរហែរយ៉ាងស្អាត។ក្នុងសម័យបូរាណប្រាសាទនេះមានការរៀបចំធ្វើពិធីសក្ការៈ លឹង្គព្រះឥសូរការលាងនិងធ្វើពិធីផ្សេងៗទៀតដោយសារតែនៅជិតស្ទឹងសៀមរាបដែលជាស្ទឹងស័ក្កិសិទ្ឋ ដូចទន្លេគង្កានៅប្រទេសឥណ្ឌា ងាយស្រួលក្នុងការធ្វើពិធី។
ប្រាសាទដែលកសាងនៅក្នុងសម័យតែមួយមានដូចជា៖
១. ប្រាសាទអង្គរវត្ត
២. ប្រាសាទបន្ទាយសំរ៉ែ
៣. ប្រាសាទ ធម្មានន្ទ
៤. ប្រាសាទបេងមាលា
៥. ប្រាសាទព្រះពិធូរ
៦. ប្រាសាទវត្តភូ (នៅក្នុងប្រទេសឡាវសព្វថ្ងៃ) ៕
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010
Lundi Lay

- ប្រាសាទភិមានអាកាស
ប្រាសាទភិមានអាកាសជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ ម៉ែត្រ មានសណ្ឋាន ជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួន ផ្នែក ។
ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះឡើងលើព្រះពន្លាខ្ពស់ ទៅតាមជណ្តើរគ្រុឌព្រោះព្រះ រាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថ សម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង ។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុង រជ្ជកាលព្រះបាទ ជ័យវរ្ម័នទី ៧ ដែលគេប្រើសម្រាប់រាជការត្រួតពលឬ ប្រារឰពិធីខាងសាសនាផ្សេងៗ។ បច្ចុប្បន្ននេះមិន នៅសេសសល់ស្លាកស្នាមទៀត ឡើយ ព្រោះសំណង់ទាំងនោះធ្វើអំពីឈើ ។
តើប្រាសាទភិមានអាកាសមានអ្វីទស្សនាខ្លះ ?
ប្រាសាទភិមានអាកាសតាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់បួនម៉ែត្រ ។ ជាន់ក្រោមបង្អស់មានទទឹង ២៨ ម៉ែត្រនៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយប្រវែង ៣៥ ម៉ែត្រ នៅជួរទិសខាងកើត-លិច។ ជើងគ្រឹះប្រាសាទទាំងបីជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបានដែលមានជណ្តើរនៅកណ្តាលជើងគ្រឹះទាំង ៤ ទិស។ប៉ុន្តែភាគច្រើនបាក់ស្ទើរ អស់ ហើយកន្លែងដែលនៅមានសភាព ល្អបំផុត គឺនៅផ្នែកទិស ខាងលិច។ផ្នែកទាំងពីរនៃជណ្តើរឡើងអមសងខាង ដោយបដិមាផុសរូបសិង្ហនិងរូបដំរីនៅមុខជើង គ្រឹះទាំងបីជាន់។តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោង ថែវ ធ្វើអំពីថ្មភក់ ផ្នែកក្នុងជា តួប្រាសាទសង់លើជើងគ្រឹះមានកម្ពស់ ២,៥ ម៉ែត្រ។
តាមអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ បានឱ្យដឹងថា នៅក្នុងប្រាសាទនេះស្តេចនឹងត្រូវយាងមកផ្តុំជាមួយនឹងនាងនាគក្បាល ៩ដែលប្រែក្រឡាជាស្រីស្អាត រាល់យប់តាមពង្សាវតាបានតំណាលតៗគ្នានៅក្នុងស្រទាប់មជ្ឈដ្ឋានជនជាតិចិន ដែលមករស់នៅក្នុងក្រុង ព្រះនគរសម័យ នោះ ។
ស្រះទឹកហ្លួង មានសណ្ឋានរាង ៤ ជ្រុងទ្រវែងមានទទឹង ៤៥ ម៉ែត្រ បណ្តោយ ១២៥ ម៉ែត្រ ។ គែមស្រះ ជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ ចោតចុះផ្នែកខាងក្រោម ។ គេជឿថា ស្រះនេះកសាងក្នុងរជ្ជកាលព្រះ បាទសុរិយវរ្ម័នទី ១ ហើយឆ្លាក់រូបបន្ថែមក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ។
នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែងវែងតទៅទិសខាងលិចបន្តិចគេសន្និដ្ឋានថា កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទ ភិមានអាកាសកុំឱ្យហូរចុះមកស្រះ។ចំណុច ដែលគួរឱ្យស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ ហើយមានរូបខ្លះស្រដៀង នឹងរូបចម្លាក់ នៅតាមជញ្ចាំងទីព្រះលាន ស្តេចគម្លង់ ។
ស្រះទឹកខាងកើត នៅទិសខាងកើតនៃគោបុរៈខាងជើង។មានទទឹង ២០ ម៉ែត្របណ្តោយ៤០ម៉ែត្រមានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ៤,៥ ម៉ែត្រ ។ គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាង ឡើងក្នុងបរិវេណនេះលើកដំបូង ។
របៀងនិងស្រះទឹកខាងលិចនៃស្រះទឹកហ្លួងនៅខាងលិចគោបុរៈខាងលិច។ខាងក្រៅជាកំពែងថ្ម បាយក្រៀមមានលក្ខណៈទ្រុឌទ្រោម ។
បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូចនិងរបៀងទាបៗហើយចំណុចដែលគួរឱ្យស្ងប់ស្ងែង មួយកន្លែងទៀតគឺរូបចម្លាក់នៅលើកំពែង ។
របៀងខាងកើតមានសណ្ឋានជារូបកាកបាទមានសសរមូលនៅខាងក្រោមប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់ ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច ៕
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា