ការប្រជែងគ្នារបស់កម្លាំងអន្តរជាតិលើនយោបាយខ្មែរ
ព្រឹត្តិការណ៍ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ នៅប្រទេសកម្ពុជាត្រូវបានអ្នកវិភាគប្រវត្តិសាស្ត្រ និងនយោបាយធ្វើការបកស្រាយខុសៗពីគ្នា ។ ប៉ុន្តែអ្វីដែលគេពុំអាចប្រកែកបានគឺការវាយប្រហារយោធានៃប្រទេសវៀតណាមទៅលើប្រទេសកម្ពុជា ហើយដាក់របបនយោបាយមួយដែលរណបនិងកងទ័ពរបស់ខ្លួនជំនួសតែម្តង ។ គឺនៅក្នុងនេះហើយដែលនៅថ្ងៃ ១៣ មករា ឆ្នាំដដែលនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារឱ្យកងទ័ពបរទេសដែលចូលឈ្លានពានស្រុកខ្មែរដកទ័ពចេញជាបន្ទាន់ ហើយត្រូវបង្ខំចិត្តទទួលស្គាល់របបខ្មែរក្រហម ។
ចំពោះអ្នកទទួលរងគ្រោះដោយរបបខ្មែរក្រហម នេះជាបញ្ហាមួយដ៏ស្មុកស្មាញ ព្រោះបើរបបពល់ ពត មិនត្រូវរលំរលាយទេនោះប្រជាជនខ្មែរនឹងត្រូវរងគ្រោះនៅក្នុងរបបនេះបន្តទៅទៀត ។ ដោយយល់ច្បាស់អំពីលក្ខណៈខុសច្បាប់អំពីការឈ្លានពាននេះ កងទ័ពវៀតណាមក៏បានសាកល្បងរំដោះ សម្តេច នរោត្តម សីហនុ ដែរប៉ុន្តែទីក្រុងប៉េកាំងបានរំដោះព្រះអង្គយកទៅមុនបាត់ទៅហើយ ។ គេអាចសន្និដ្ឋានបានថា បើទីក្រុងហាណូយរំដោះអតីតប្រមុខរដ្ឋខ្មែរបាន នៅថ្ងៃ ៧មករា សភាពការណ៍នៅពេលនោះប្រហែលអាចជាមានលក្ខណៈផ្សេងទៀត ។ ព្រោះថាទោះជាឋិតនៅខាងបក្សសម្ព័ន្ធយោធាខាងណាក្តី សម្តេច នរោត្តម សីហនុ នៅតែជាអ្នកតំណាងនិត្យានុគ្គលភាពរដ្ឋខ្មែរដដែល ។ ប៉ុន្តែនេះក៏ជាចំណុចមួយដ៏ស្មុគស្មាញផងដែរ ព្រោះ សម្តេច នរោត្តម សីហនុ បានត្រូវរបប លន់ នល់ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ បានទម្លាក់ព្រះអង្គពីអំណាចតាំងពីថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០មកអីណោះ ។
តាមការពិតទៅគឺជាការប្រជែងកម្លាំងគ្នា របស់អន្តរជាតិតែប៉ុណ្ណោះ នៅចំពោះមុខការពង្រីកឥទ្ធិពលរបស់វៀតណាម និងសូវៀតនៅក្នុងតំបន់ ជាពិសេសនៅកម្ពុជាបស្ចឹមប្រទេសដែលពេលនោះជាសត្រូវនឹងសូវៀត គ្មានជម្រើសអ្វីក្រៅពីចង់សម្ព័ន្ធភាពជាមួយទីក្រុងប៉េកាំងនោះទេ ។ ទោះជាយ៉ាងនោះក្តីក៏ សម្តេច នរោត្តម សីហនុ បានសាកល្បងរកជំហរនយោបាយមួយថ្មីទៀតជាមួយអាមេរិកសិនដែរ ។ នៅថ្ងៃ ១៤ មករា គឺនៅពេលដែលព្រះអង្គយាងទៅធ្វើអត្តរាគមន៍នៅអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក សម្តេច នរោត្តម សីហនុ បានសាកល្បងរត់ចេញពីពួកខ្មែរក្រហម ប៉ុន្តែទោះបីព្រះអង្គបានគេចផុតពី ក្រញាំពួកនេះក្តីក៏សហរដ្ឋអាមេរិកមិនហ៊ានទទួលរក្សាទុកព្រះអង្គដែរ ដោយខ្លាចខូចសម្ព័ន្ធភាពជាមួយចិន ។ នៅចុងខែកុម្ភះឆ្នាំ ១៩៧៩ដដែល លោក តេង ឆាវពីន បានយាងសម្តេច នរោត្តម សីហនុ ឱ្យទៅគង់នៅទីក្រុងប៉េកាំងវិញ ។
បន្ទាប់ពីក្រុងហាណូយ បានវាយយកប្រទេសកម្ពុជាបាន នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទីក្រុងប៉េកាំងបានផ្តល់ជំនួយ មួយពាន់លានដុល្លារទៅឱ្យពួកខ្មែរក្រហមដើម្បីបន្តការតស៊ូដេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា ។ ព្រោះតែការប្រទាញប្រទង់គ្នារវាងចិន និងសហភាពសូវៀតនេះ អ្នកនយោបាយ និងបញ្ញាវ័ន្តខ្មែរ ត្រូវប្រឈមមុខដាក់គ្នារហូតគឺគ្មានអ្នកណាអាចឈរកណ្តាលបានទេ ជាពិសេសអ្នកដែលចង់បានអំណាច ឬមានតួនាទីនយោបាយអ្វីមួយ រីឯសមាសភាគនៃក្រុមបក្សពួកនីមួយៗ ក៏មានលក្ខណៈដ៏ចម្លែកទៀតផង ។ ម្ខាងមានចិន មានខ្មែរក្រហម មានអ្នកប្រជាធិបតេយ្យ ឬអ្នកបស្ចឹមប្រទេសលាយលំគ្នា និងម្ខាងទៀតមានសូវៀត មានវៀតណាម ហើយមានពួកខ្មែរក្រហមមួយផ្នែកផងដែរ ។ ក្រុមនីមួយៗអូសទាញប្រជាជន, បញ្ញាវ័ន្តខ្មែរឱ្យគាំទ្រគេរៀងៗខ្លួន ក្រុមទាំងពីរនេះជេរប្រទិចផ្តាសារគ្នា ហើយស្អប់ខ្ពើមគ្នារហូតមកទល់សព្វថ្ងៃនេះ ។ នេះជាទំព័រប្រវត្តិសាស្រ្តមួយដ៏ខ្មៅងងឹត និងប្រកបទៅដោយគ្រោះថ្នាក់បើខាងណាឈ្នះខាងនោះជាអ្នកត្រូវ ហើយអ្នកចាញ់ត្រូវគេយកទៅធ្វើបាប ធ្វើទារុណកម្ម ។ល។
តាមរយៈប្រវត្តិសាស្រ្តនេះគេអាចសន្និដ្ឋានបានថា ដ៏រាបណាអ្នកដឹកនាំខ្មែរនៅតែរណបខាងនេះ ឬខាងនោះ ពោលគឺគ្មានឯករាជ្យគ្រប់គ្រាន់ គ្មានការប្តូរគោលជំហររបស់ប្រទេសតាមរយៈការបោះឆ្នោតតាមបែបបទប្រជាធិបតេយ្យពិតប្រាកដនោះទេ ហើយជាពិសេសគ្មានអ្នកអព្យាក្រឹតនោះទេ ប្រជាជនខ្មែរពុំអាចចេញផុតពីសោកនាកម្មបានឡើយ ៕










ការបញ្ចេញមតិរបស់អ្នកទស្សនា